ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្សដល់ទៅ ៥៦០នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩ ហើយមនុស្ស ៩នាក់ទៀត ក៏បានស្លាប់ដោយសារជំងឺនេះផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា បានកើនឡើងដល់ ១៧៦នាក់ហើយ ក្នុងនោះរាប់បញ្ចូលទាំងអ្នកស្លាប់ថ្មី ៩នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
បើតាមក្រសួងសុខាភិបាល មនុស្សសរុបដល់ទៅ ២៥ ២០៥នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជាបានរកឃើញមនុស្ស ៥៦០នាក់បន្ថែមទៀតបានឆ្លងមេរោគកូវីដ-១៩នេះ។
ក្រសួងបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៥៤៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងថ្មី ១៥នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ១៧ ៧០១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះរាប់បញ្ចូលទាំងអ្នកជាសះស្បើយថ្មី ៥៣៧នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕