ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការរកឃើញមនុស្សរហូតដល់ទៅ ៨៨៣នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៦០៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៧៤៨នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ ហើយករណីឆ្លងថ្មី ១៣៥នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា មនុស្សចំនួន ១៦នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៥៥៦នាក់ហើយគិតចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសពីករណីស្លាប់ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។
បើតាមតួលេខរបស់ក្រសួងសុខាភិបាល មនុស្សដល់ទៅ ៤៨ ៥៣២នាក់ហើយត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ចាប់តាំងពីប្រទេសកម្ពុជាបានរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុនមក។
ប៉ុន្តែ ក្រសួងឱ្យដឹងថា អ្នកជំងឺកូវីដ-១៩សរុបដល់ទៅ ៤២ ៧៦៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៦០៧នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕