ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការប្រារព្ធពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីករណីឆ្លងមេរោគកូវីដ-១៩ ត្រូវបានរកឃើញផ្ទុះឡើងនៅតាមវត្តអារាមមួយចំនួននៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនៃពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនេះ។
ក្នុងសេចក្ដីចេញកាលពីយប់មិញនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការសម្រេចបែបនេះ កើតឡើងក្រោយពីបានពិនិត្យឃើញថា ការប្រមូលផ្ដុំមនុស្ស និងការជួបជុំប្រារព្ធពិធីកាន់បិណ្ឌរយៈពេល ២ថ្ងៃកន្លងមកនេះ មិនអាចធានាបាននូវការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលឱ្យបានត្រឹមត្រូវនោះឡើយ នៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បើទោះបីជាពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានផ្អាក ប៉ុន្តែ ការឈប់សម្រាករយៈពេល ៣ថ្ងៃសម្រាប់ពិធីបុណ្យមួយនេះ ត្រូវបានរក្សាទុកដដែល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែបនេះ បន្ទាប់ពីរកឃើញករណីឆ្លងជាច្រើនបានផ្ទុះឡើងនៅតាមវត្តអារាមមួយចំនួននៅរាជធានីភ្នំពេញនៅអំឡុងពេលប្រារព្ធពិធីកាន់បិណ្ឌរយៈពេល ២ថ្ងៃចុងក្រោយមកនេះ។
គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា កម្ពុជាបានរកឃើញមនុស្សរហូតដល់ ១០៦ ៦១៩នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះមនុស្ស ២ ១៧៦នាក់ បានស្លាប់ដោយសារជំងឺនេះ ខណៈអ្នកជំងឺចំនួន ៩៩ ១៣៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕