ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រេចបានជាង ២៣ភាគរយហើយនៅក្នុងរយៈពេលជាង ១០០ថ្ងៃមកនេះ។
ក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនចេញនៅល្ងាចថ្ងៃនេះ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ប្រជាពលរដ្ឋដល់ទៅជាង ២លាន ៣០ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងចន្លោះពីថ្ងៃទី១០ ខែកុម្ភៈរហូតមកដល់ថ្ងៃទី២៥ ខែឧសភានេះ។
របាយការណ៍ដដែលនេះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបាន ២៣.០៧ភាគរយហើយនៃគោលដៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ១០លាននាក់នៅត្រឹមឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋជាងជិត ១លាន ៧០ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់។
នៅក្នុងរយៈពេល ១០៥ថ្ងៃកន្លងមកនេះ យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានទទួលពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងដល់ទៅជាង ២លាន ៣៥ម៉ឺននាក់ ប៉ុន្តែ ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយដោយសារបញ្ហាសុខភាពរបស់ពួកគេ។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេសដើម្បីបង្ការជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ដោយដំណើរការបាន ១០៥ថ្ងៃរួចមកហើយ៕