ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាការជាតិមួយសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលគណៈកម្មការថ្មីនេះ មានសមាសចម្រុះមកពីស្ថាប័ននានា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះនៅក្នុងអនុក្រឹត្យមួយដែលទើបចេញនៅថ្ងៃនេះ។
ក្នុងអនុក្រឹត្យដដែលនេះ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងអមដោយអនុប្រធានចំនួន ៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី ៤រូប និងរដ្ឋមន្ត្រីមួយរូប។
គណៈកម្មការជាតិមួយនេះ ក៏មានផងដែរនូវសមាសភាពជាសមាជិក ដែលមានរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នចំនួន ១៣ រដ្ឋលេខាធិការនៃក្រសួងចំនួន ៦ អគ្គមេបញ្ជាការកងទ័ព អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលហៅកាត់ថា គ.ប.ក. នេះផងដែរ ដែលដឹកនាំដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រៅពីគណៈប្រចាំការ សម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចឱ្យមានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអមដោយអនុប្រធានចំនួន ១០រូប មកពីក្រសួង និងស្ថាប័នចម្រុះផងដែរ។
បើតាមអនុក្រឹត្យដដែលនេះ គ.ប.ក. ត្រូវបានបំពាក់នូវភារកិច្ច និងតួនាទី ឱ្យដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសុខាភិភាពសាារណៈ និងជំរុញការស្ដារវិស័យសង្គម-សេដ្ឋកិច្ចឡើងវិញ។
គ.ប.ក. ក៏ត្រូវបានបំពាក់ផងដែរនូវភារកិច្ចឱ្យគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ទៅលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម៕