អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតាម Online ដើម្បីពិភាក្សាពីវិធីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោកក៏បានអំពាវនាវផងដែរ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អន្តរជាតិ និងបានប្រកាសគោលដៅនៃការបំភាយឧស្ម័នថ្មី សម្រាប់ប្រទេសរបស់លោក។

លោក Biden បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ចេញវីធីសាស្ត្រមួយ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួនពាក់កណ្តាលនៅចុងទសវត្សនេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ប្រទេសនេះមានគោលបំណងកាត់បន្ថយកម្រិតបំភាយឧស្ម័នពី ៥០ ទៅ ៥២% នៅឆ្នាំ២០៣០ បើប្រៀបធៀបនឹងឆ្នាំ២០០៥ កន្លងទៅ។ នោះគឺជាមហិច្ឆតាធំជាងគោលដៅកាត់បន្ថយកន្លងទៅចន្លោះពី ២៦ ទៅ ២៨% នៅឆ្នាំ២០២៥។ តំណាងមកពី ៤០ប្រទេស និងអង្គការនានាកំពុងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ។ មេដឹកនាំទាំងនោះ រួមទាំងលោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide, ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ បណ្ដាមេដឹកនាំចូលរួមកំពុងគូសបញ្ជាក់ពីរបៀប ដែលប្រទេសរបស់ខ្លួននឹងដោះស្រាយការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ សុខមាន