ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចបើកឡើងវិញនូវការលក់ដូរអាជីវកម្មរម្ហូបអាហារនៅ«តំបន់លឿងទុំ» និង«តំបន់លឿង» ប៉ុន្តែ តម្រូវឱ្យអនុវត្តតាមវិធានការសុវត្ថិភាព«ជាចាំបាច់»។
ក្នុងសេចក្ដីណែនាំនៅយប់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យអាជីវករ និងប្រជាពលរដ្ឋទាំងអស់នៅតំបន់ទាំងពីរនេះ អាចបើកលក់ដូរឡើងវិញ និងអាចធ្វើដំណើរទៅទិញម្ហូបអាហារបានចន្លោះពីម៉ោង ៣ទៀបភ្លឺរហូតដល់មុនម៉ោង ៨យប់។
ប៉ុន្តែ សាលារាជធានីភ្នំពេញ តម្រូវឱ្យអាជីវករ និងពលរដ្ឋទាំងអស់នៅក្នុងតំបន់ទាំងពីរនេះ អនុវត្តតាមវិធានការសុវត្ថិភាពជាចាំបាច់ ដូចជា ពាក់ម៉ាស រក្សាគម្លាត និងលាងដៃជាប្រចាំ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្ដីណែនាំថា ការអនុញ្ញាតឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់លឿងទុំ និងតំបន់លឿង អាចលក់ដូរ និងទិញម្ហូបអាហារឡើងវិញនេះ បន្ទាប់ពីពិនិត្យឃើញតម្រូវការចាំបាច់៕