សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសប្រេស៊ីល អនុម័តពាណិជ្ជកម្មសេរីជាមួយអាជ្ញាធរប៉ាឡេស្ទីន ក្នុងការបង្ហាញពីការគាំទ្រ

2024/07/09 03:49:05 pm        151
ប្រទេសប្រេស៊ីល បានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាជ្ញាធរប៉ាឡេស្ទីនដែលកំពុងរង់ចាំការផ្តល់សច្ចាប័នអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នៅក្នុងការបង្ហាញពីការគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីន។ប្រធានាធិបតី លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) បានលើកឡើងពីកិច្ចព្រមព្រៀងនេះក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីនលើកទី៦៤ នៅប្រទេសប៉ារ៉ាហ្គាយកាលពីថ្ងៃចន្ទ។ មេដឹកនាំរូបនេះ បាននិយាយថា លោកសោកស្ដាយចំពោះកិច្ចព្រមព្រៀង ដែលបានកើតឡើងក្នុងពេលបរិបទនៃសង្គ្រាម។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសប្រេស៊ីល ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងបានអនុញ្ញាតឱ្យដាក់ស្ថានទូតប៉ាឡេស្ទីននៅក្នុងរដ្ឋធានីប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១០ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រ រវាងប្លុកសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីននៃប្រទេសអាមេរិកខាងត្បូង ជាមួយអាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១។វានៅមិនទាន់ច្បាស់នៅឡើយទេថាតើសមាជិកប្លុកសេដ្ឋកិច្ចប្រទេសអាមេរិកឡាទីនផ្សេងទៀត នឹងធ្វើតាមដែរឬយ៉ាងណា។ រដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសអាហ្សង់ទីនរបស់ប្រធានាធិបតី លោក ចាវីយ័រ មីឡេ(Javier Milei) មិនត្រូវបានគេរំពឹងថានឹងព្រមព្រៀងឡើយ។ ក្រសួងការបរទេសអ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងរុស្ស៊ី

2024/07/09 03:22:10 pm        184
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹងសំណួរអំពីជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភកាន់តែខ្លាំងចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី ស្របពេលការវាយលុករបស់ក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត ។ ឥណ្ឌាបានប្រឈមសម្ពាធពីលោកខាងលិចឲ្យឃ្លាតឆ្ងាយពីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន។ មកទល់ពេលនេះ ក្រុងញូវដែលីបានទប់ទល់នឹងសម្ពាធនោះ ដោយលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី និងតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។លោក Modi បានជួបលោក Putin នៅប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃលើកដំបូងរបស់នាយករដ្ឋមន្រ្តីចាប់តាំងពីប្រទេសរុស្ស៊ីបានវាយប្រហារចូលអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកនាយករដ្ឋមន្ត្រីបាននិយាយថាការពិភាក្សារបស់លោកជាមួយលោក Putin ប្រាកដជានឹងមានវិសាលភាពធំក្នុងការពង្រឹងចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានសម្លឹងមើលទៅទីក្រុង New Delhi ដោយមានក្រុមអ្នកវិភាគនយោបាយនិយាយថា សហរដ្ឋអាមេរិកមើលឃើញថាឥណ្ឌាជាអ្នកប្រឆាំងចិននៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕

ក្ដីបារម្ភពីវត្តមានរបស់លោក Trump កើនឡើងកាន់តែខ្លាំង ជុំវិញជំនួបកំពូលសម្ព័ន្ធយោធាណាតូ

2024/07/09 02:58:08 pm        242
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានស្វាគមន៍វត្តមានអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៃមេដឹកនាំពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។កិច្ចប្រជុំកំពូលដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ គឺជាខួបលើកទី ៧៥ឆ្នាំ របស់សម្ព័ន្ធភាពនៃយុគសម័យសង្រ្គាមត្រជាក់។ ជំនួបនេះក៏មានបំណងបង្ហាញពីការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបានប្រមូលផ្តុំសម្ព័ន្ធមិត្តណាតូដើម្បីបង្ហាញពីការរួបរួម និងគោលបំណងថ្មីចំពោះមុខនៃការឈ្លានពានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លើអ៊ុយក្រែន។លោក BIDEN និយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូ និងក្រុមចម្រុះជាង៥០ប្រទេស ដែលកំពុងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន នឹងមិនដើរចោលឡើយ។ ប៉ុន្តែការលេចចេញអំពីអ្វីដែលមានន័យថាជានិមិត្តរូបនៃការរួបរួមដឹកនាំដោយអាមេរិកគឺលទ្ធភាពនៃការវិលត្រឡប់របស់អតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលអាចកែប្រែគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តណាតូបានកើនឡើងចាប់តាំងពីលោក Biden ធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា ដោយបានរុញឱ្យលោក Trump កាន់តែមានប្រជាប្រិយភាពខ្លាំងមុនការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ៕

សម្តេចធិបតី៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក

2024/07/08 10:26:25 pm        183
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតនៅក្នុងពិភពលោក ដែលវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធបរទេស ១០០ ភាគរយ នៅក្នុងវិស័យភាគច្រើនដោយមិនមាន​លក្ខខណ្ឌ​តម្រូវឱ្យចូលរួមពីវិនិយោគិនក្នុងស្រុក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ​បានបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា តែងតែ​ប្រកាន់ភ្ជាប់នូវ​អភិក្រម​គាំទ្រធុរកិច្ច ​ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន​នូវគ្រប់ដំណាក់កាល​នៃ​ប្រតិបត្តិការ​អាជីវកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន​នឹងកំពុងអនុវត្តនូវគោលនយោបាយ​យុទ្ធសាស្រ្ដ​គ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋា​រចនាសម្ព័ន្ធគន្លឹះ ​លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ​ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបណីយកម្ម ​និងចីរភាពបរិស្ថានសម្រាប់វិស័យឯកជនផងដែរ។ សូមជម្រាបថា រាជជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ​នៃរដ្ឋសភា បាននិងកំពុងបន្តនូវការទាក់ទាញ​វិនិយោគិនបរទេសនិយាយជារួម ​និងវិនិយោគិនបារាំង ​និយាយដោយឡែក។ តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំង​ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចនិងសង្គម រ​វាងប្រទេសកម្ពុជា​ និងបារាំងតាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុន​បារាំង​ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះទំនាក់ទំនងដ៏រឹងមាំ ​និងយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយក្នុងអំឡុងពេលនោះ​សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយ​ជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ​ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និង​ភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍​សេដ្ឋកិច្ចនិយាយភាសាបារាំងផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគ

2024/07/08 10:15:17 pm        168
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់ថា ​ដើម្បីគិតគូរពីភាពងាយស្រួល និងសុខុមាលភាពរបស់វិនិយោគិន​ទាំងអស់ ជាពិសេស​វិនិយោគិនបរទេស រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរ ដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខ​របស់​វិនិយោគិនទាំងអស់ដោយយកចិត្តទុកដាក់ស្ដាប់ទាំងអស់រាល់បញ្ហាប្រឈម ដែលវិនិយោគិនលើក​ឡើង និងពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែល​កើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្ដល់​មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ជេញមតិ ​កង្វល់ និងសូមណូមពរ ក្នុងនោះយន្តការដែលលេចធ្លោជាងគេ គឺវេទិការរដ្ឋាភិបាលផ្នែកឯកជន ដែលសម្ដេចធិបតី​ផ្ទាល់តែង​តែអញ្ជើញ​ចូលរួម​ធ្វើជាធិបតីក្នុងវេទិការនេះ ដើម្បីស្ដាប់មតិយោបល់របស់វិនិយោគិន​ទាំងក្នុង និងក្រៅប្រទេសដែលមានកង្វល់ និងសូមណូមពរ។ សូមជម្រាបថា ដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពងាយស្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅ​ប្រទេស​រាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំ​អាជ្ញាបណ្ណ អនុលោមភាពការងារ និងអនុលោមភាពគណនេយ្យ និងសវនកម្មជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាដើម្បីដោះស្រាយកង្វល់​របស់វិស័យ​ឯកជនជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយ និងបំផ្លើសបំភ្លៃការពិត

2024/07/08 10:07:07 pm        187
ភ្នំពេញ៖ លោក ហេង សំណាង ដែលជាអតីតកូនសិស្ស និងលោក ធូវី សុវណ្ណដារ៉ា ត្រូវ​ក្មួយ​បង្កើត​​លោក​បណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការ​សង្គម​ស៊ីវិល​សាខា​ខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និងសារព័ត៌មានបរទេសជាខេមរៈភាសាមួយចំនួន បញ្ឈប់​យក​គ្រប់​រូបភា​ពរ​បស់​លោក​បណ្ឌិត កែម ឡី ដើម្បីកេងចំណេញ នយោបាយ និងប្រើប្រាស់រូបភាព​ដើម្បី​បំផ្លើស​បំភ្លៃ​ការ​ពិត។ ក្រុមយុវជនបានអំពាវនាវនេះស្របពេលដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈាន​ជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមាន​ក្រុម​ប្រឆាំង​ជ្រុលនិ​យមមួ​យ​ចំនួន​កំពុងយករូបភាពលោកបណ្ឌិត ដើម្បីកេញចំណេញនយោបាយរបស់ពួកគេ។លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តង​ហើយ​ម្តង​ទៀត​ដល់​ក្រុម​ប្រឆាំង​ជ្រុលនិយម​សុំកុំយ​ក​រូបភាពលោកពូរបស់ខ្លួន គឺលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់​លោក​ដើម្បី​យក​ទៅ​ធ្វើ​ជា​ឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនា​ខុសច្បាប់​បាន​យករូបភា​ព​លោក​បណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រ​ហារ​មក​លើ​រាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែ​យករូបភាព​លោក​បណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។លោក ធូវី សុវណ្ណដារ៉ា បានអះអាងថា៖«កន្លងមកលោកពូ កែម ឡី មិនដែលមាន​គំនិត​ទៅ​ប្រឆាំ​ង​ជាមួ​យរដ្ឋាភិបាលទេ ហើយក៏មិនដែលមានគំនិតផ្តួចផ្តើមក៏ដូចជាចង់ផ្តួលរំលំរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុម​គ្រួសារ​ដែល​តែង​តែ​ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ខ្ញុំបាទក្នុងការធ្វើបុណ្យរម្លឹកខួបលោកពូ កែម ឡី កន្លងមកជា​រឿយ​ៗ និងបានឧបត្ថម្ភថវិកាជាច្រើនដើម្បីកសាងចេតីយបង្ហើយជូនលោកបណ្ឌិត កែម ឡី»។លោក ហេង សំណាង ជាកូនសិស្ស និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវ​ទៅដ​ល់​គណបក្ស​នយោបាយក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល វិទ្យុអាស៊ីសេរី និងខេមបូឌា​ដេលី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីកេងចំណេញ​នយោបាយ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី មកផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។ឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយមលោក ហេង សំណាង បានអះអាងថា លោកគ្រូបណ្ឌិត កែម ឡី មិនដែលលម្អៀតទៅគណបក្សនយោបាយណាមួយទេ គឺគាត់នៅកណ្តាល គាត់វិភាគ​បើក​វាំង​នននៃសង្គម ហើយក៏មិនដែលមានគំនិតនៅក្នុងការផ្តួចផ្តើមផ្តួលរំលំរដ្ឋាភិបាលនោះទេ ដែលពួកក្រុមប្រឆាំងតែងតែលើកឡើងកន្លងមកនោះជាពាក្យចចាមអារាម។លោកបញ្ជាក់ថា៖«ពិសេសការដាក់ការសន្និដ្ឋាន យើងខ្លាំងបំផុតក្រុមជនទី៣ជ្រុលនិយម ដែលធ្វើ​នយោបាយ (ស្វាស៊ីបាយ លាបមាត់ពពែ) ព្រោះជនទីបីជ្រុលនិយម គឺតែងតែឆ្លៀតឱកាស វាយ​ប្រហារដើម្បីគេហចំណេញនយោបាយរបស់ពួកគេ»។សូមជម្រាប​ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅហាងស្តាម៉ាត​ក្នុង​ស្ថានីយ​ប្រេង ឥន្ធនៈកាល់តិច ជិតស្តុបបូកគោ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែក​ឃាតករ​ត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន។ ឃាតករត្រូវ​បាន​តុលាការផ្តន្តាទោសដាក់ពន្ធនាគារអស់មួយជីវិត៕ 

អ្នកនយោបាយ៖ ក្រុមសកម្មជនបរិស្ថានដែលត្រូវផ្តន្ទាទោស គឺជាឈ្នាន់របស់ជនក្បត់ជាតិ​នៅក្រៅស្រុក

2024/07/08 10:02:08 pm        110
អ្នកនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុក ការសម្រេចផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាន គឺជាការអនុវត្តផ្លូវច្បាប់ត្រឹមត្រូវដោយសារពួកគេនោះជាឈ្នាន់របស់ជនក្បត់ជាតិបង្កើតព្រឹត្តិការណ៍​វិទ្ធង្សនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្រប​ពេល​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍គាំទ្រ និងថ្កោលទោសលើ​អំពើ​របស់​ក្រុម​សកម្មភាព​បរិស្ថាន​ដែល​ត្រូវ​សាលា​ដំបូង​រាជ​ធានីភ្នំពេញសម្រេចផ្តន្ទាទោសកាលពីថ្មីៗនេះ លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ បានឱ្យដឹងថា ក្នុងនាមអ្នក​នយោបាយ​មួយ​រូប​ដែល​បាន​តាម​ដាន​ជុំវិញ​សំណុំ​រឿងនេះ បានចាត់ទុកសកម្មភាព​របស់​ក្រុម​សកម្មជន​បរិស្ថាន​ជា​ចេតនា​បង្កើត​ព្រឹត្តិការណ៍​វិទ្ធង្សនា ក្នុងការទាញយកមជ្ឈដ្ឋាន​ពី​បរទេស​ឱ្យ​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​របស់​តុលាការ​។ ប្រធានគណបក្ស​រូបនេះ បញ្ជាក់ថា ចេតនានៃការបង្កើតព្រឹត្តិការណ៍ទាំងអស់នេះ គឺសុទ្ធតែឈ្នាន់​របស់​ជន​ក្បត់ជាតិ៣ជំនាន់នៅពីក្រោយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ជាមួយគ្នា លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា តាមរយៈ​ការ​ផ្តន្ទា​ទោស​ក្រុម​សកម្មជនបរិស្ថាននេះកំពុងត្រូវបានអ្នក​នយោបាយ​ក្បត់​ជាតិ​យក​ធ្វើ​ជា​ចំណី​នយោបាយ​របស់​ខ្លួន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋលែងទុកចិត្តចំពោះអង្គព្រះមហាក្សត្រ និងផ្លូវច្បាប់​របស់​កម្ពុជា​។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាន​ប្រកាស​សាល​ក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ​៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និង​រួម​គំនិតក្បត់។ ការសម្រេចផ្តន្ទាទោសលើក្រុមសកម្មជនបរិស្ថាននេះ ដោយសារកាលពីឆ្នាំ២០២១ ក្រុម​សកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយ​ពី​បែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នានាពេលនោះ៕ អត្ថបទ សេក ឧត្តម 

សម្ដេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង

2024/07/08 10:00:53 pm        80
ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះ បានបង្ហាញឱ្យឃើញថា កម្ពុជា គឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះសេដ្ឋកិច្ចសាកល, ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានប្រមាណ អត្រាកំណើន ៥ភាគរយនៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំ ២០២៤នេះ។ សម្ដេច បញ្ជាក់ថា កន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញកម្ពុជាឱ្យក្លាយជាគោលដៅ​វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍នៅ​ក្នុងទសវត្សរ៍​ចុងក្រោយនេះកម្ពុជាតែងតែស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍​តិចតួច ដែលទទួល​បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។ សូមជម្រាបថា បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា​សម្រេច​បានសម្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងវិនិយោគសរុបចំនួន ១៩០ មានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងត្បូង នឹងពិភាក្សាពីការគំរាមកំហែងរបស់កូរ៉េខាងជើង ចំពោះអឺរ៉ុប នៅក្នុងកិច្ចប្រជុំ NATO

2024/07/08 08:51:33 pm        72
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល (Yoon Suk Yeol) បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា លោកនឹងពិភាក្សាជាមួយបណ្ដាមេដឹកនាំណាតូ (NATO) អំពីការគំរាមកំហែងដោយឡែកពីគ្នា ដែលកូរ៉េខាងជើងបង្កឡើងចំពោះអឺរ៉ុប ដោយការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដោយព្រមានថាទីក្រុងមូស្គូ ត្រូវតែធ្វើការជ្រើសរើសរវាងកូរ៉េទាំងពីរ ជាទីដែលផលប្រយោជន៍ពិតរបស់ខ្លួនស្ថិតនៅ។លោក Yoon បាននិយាយថា នោះ «ពឹងផ្អែកទាំងស្រុង» លើរុស្ស៊ី ដែលថាខ្លួនចង់មានទំនាក់ទំនងនាពេលអនាគតជាមួយកូរ៉េខាងត្បូងឬទេ ដោយបន្ថែមថា ទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្តលើការគាំទ្រអាវុធសម្រាប់អ៊ុយក្រែន ដោយផ្អែកលើមធ្យោបាយដែលកិច្ចព្រមព្រៀងយោធាថ្មីរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដំណើរការ។លោក Yoon បានប្រាប់រ៉យទ័រថា «កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់រ៉យទ័រ នៅមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ ដែលធ្វើឡើងនៅថ្ងៃទី០៩ ទី១០ និងទី១១ ខែកក្កដា។លោក Yoon ដែលបានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងឆ្នាំ២០២២ បានចាកចេញនៅថ្ងៃចន្ទ (០៨ កក្កដា) នេះសម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ដោយនោះជាលើកទីបីរបស់លោកដែលចូលរួមក្នុងកិច្ចប្រជុំបែបនេះ។ រុស្ស៊ី បានហៅកូរ៉េខាងត្បូង ថាជា «ប្រទេសគួរឱ្យរាប់អានបំផុត» ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា កូរ៉េខាងត្បូងនឹងធ្វើ «កំហុសដ៏ឆ្គងធំ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕

សម្ព័ន្ធមិត្តរបស់បារាំង ធូរចិត្តដែលក្រុមស្ដាំនិយមជ្រុលចាញ់ឆ្នោត ប៉ុន្តែបារម្ភពីភាពវឹកវរនយោបាយ

2024/07/08 08:05:05 pm        89
សម្ព័ន្ធមិត្តជាច្រើនរបស់ប្រទេសបារាំង សម្ដែងក្ដីត្រេកអរដែលរឿងអាក្រក់បំផុតត្រូវបានបញ្ចៀស នៅពេលដែលក្រុមស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បរាជ័យក្នុងការឈ្នះការបោះឆ្នោតសភាជុំទីពីរកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ប៉ុន្តែពួកគេបារម្ភថា សម្ព័ន្ធភាពដ៏រញ៉េរញ៉ៃនៅក្នុងសភាបារាំង អាចបង្ករឿងឈឺក្បាលសម្រាប់អឺរ៉ុប។គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ឡឺប៉ែន បានឈរនៅលេខរៀងទីមួយឈ្មោះបោះឆ្នោតជុំទីមួយ ដោយបង្កើនហានិភ័យថាអាចមានរដ្ឋាភិបាលស្តាំនិយមជ្រុលដំបូងរបស់បារាំង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការគម្រាមកំហែងលើគោលនយោបាយសេដ្ឋកិច្ច និងការបរទេសនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ។ជាពិសេស សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបារម្ភថា រដ្ឋាភិបាលដឹកនាំដោយលោកស្រី ឡឺប៉ែន អាចនឹងងាកលើខាងទីក្រុងមូស្គូ និងកាត់បន្ថយការផ្តល់ជំនួយផ្នែកយោធា ដែលទីក្រុងគីវ ពឹងផ្អែកចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ទោះបីជាបក្សលោកស្រី ឡឺប៉ែន បាននិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងក៏ដោយ។ ប្រតិកម្មដំបូងៗជាច្រើនពីក្រៅប្រទេសដូចជា ប៉ូឡូញ អាល្លឺម៉ង់ អេស្ប៉ាញ និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតជាច្រើនបានត្រេកអរ ដែលការគំរាមកំហែងភ្លាមៗរបស់រដ្ឋាភិបាលស្តាំនិយមជ្រុលត្រូវបានលុបបំបាត់។ ការបរាជ័យរបស់បក្ស រួបរួមកម្លាំងជាតិ បង្ហាញថាយ៉ាងហោចណាស់មានការរុញច្រានជាបណ្តោះអាសន្នប្រឆាំងនឹងកំណើនក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប ប៉ុន្តែក៏បង្ហាញពីរយៈពេលនៃអស្ថិរភាពជាមួយរដ្ឋាភិបាលថ្មីនៅក្នុង «ការរួមរស់ជាមួយគ្នា» ដែលមិនងាយស្រួល សម្រាប់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
09/29/2026 01:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
09/29/2026 01:09 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
09/29/2026 12:09 PM
តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ
09/29/2026 12:09 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន
09/29/2026 12:09 PM
ប្រធានាធិបតីទួរគី សន្យាបន្តស្វែងរកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនានានៅតំបន់ហ្កាហ្សា
09/29/2026 12:09 PM
បុគ្គលិកនៅទីក្រុង Caracas ចេញធ្វើបាតុកម្មទាមទារការបោះឆ្នោត និងដោះលែងអ្នកទោសនយោបាយ
09/29/2026 12:09 PM
Asian Games៖ កីឡាការិនីកាហ្សាក់ស្ថាន ត្រូវដកមេដាយមាស បន្ទាប់​ពី​ពាក់​ស្បែក​ជើង​មិន​ត្រូវ​តាម​បទប្បញ្ញត្តិ
09/29/2026 12:09 PM
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយអាជ្ញាធរកូរ៉េ និងស្នើឲ្យជំរុញវិស័យឯកជនទៅទស្សនកិច្ច និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា
09/29/2026 12:09 PM
ប្រ៊ីតថេន(UK) ដោះលែងជនសង្ស័យខណៈអ៊ីរ៉ង់ច្រានចោលការជាប់ពាក់ព័ន្ធក្នុងផែនការវាយប្រហារនៅមូលដ្ឋានដែលអាមេរិកប្រើប្រាស់
09/29/2026 12:09 PM