សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយ ក្រុមចលនាយុវជនខុសច្បាប់ មាតាធម្មជាតិ

2024/07/07 04:37:32 pm        4962
ភ្នំពេញ ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។លោក ហេង សំណាង បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យពួកលោកជាយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។លោកបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជន ធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ក្នុងសន្និសីទនេះដែរលោក ជុំ ហាក់ ប្រធានយុវជនពលរដ្ឋប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បកស្រាយអំពីសកម្មភាពចលនាយុវជនខុសច្បាប់ជ្រកក្រោមផ្លាកអង្គការខុសច្បាប់មាតាធម្មជាតិនៅក្រៅប្រទេស និងអំពាវនាវដល់ពលរដ្ឋ និងយុវជនឈប់ចាញ់កលការផ្សាយរបស់សារព័ត៌មាន និងវិទ្យុបរទេសជាខេមរៈភាសារ ដែលតែងតែផ្សាយនូវព័ត៌មានមិនពិតញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។ក្នុងឱកាសក្រុមយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនកម្ពុជា បញ្ជាក់ថា ពួកគេ មិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយ មកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

ប្រមុខការទូតកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឥណទានសម្បទានជិត៦០លានដុល្លារ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥

2024/07/07 04:31:19 pm        181
ប្រមុខការទូតកម្ពុជា និងប្រមុខការទូតជប៉ុន កាលពីម្សិលមិញនេះ បានអញ្ជើញចុះហត្ថលេខាលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធលើឥណទានសម្បទាន សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ស្មើនឹងថវិកាជិត៦០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស។នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអអន្តរជាតិ បានទទួលស្វាគមន៍ការអញ្ជើញ​របស់​លោកជំទាវ ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) ​រដ្ឋមន្ត្រីការបរទេសជប៉ុន​ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ​នៅទីស្តីការក្រសួងការបរទេស។ នាឱកាសនោះប្រមុខការទូតនៃប្រទេសទាំងពីរ ​បានឯកភាពគ្នាថាទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ​និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ជាមួយគ្នា ភាគីទាំងពីរ ​បានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត​ជា​ញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់​អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២គ្រោងរៀបចំ​ក្នុងឆ្នាំនេះនៅកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនា​ថ្នាក់ អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ កាលពីដើមខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាល​ជើងទឹក​កម្ពុជាជាមួយឆ្នាំសមុទ្រជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិ​កម្ពុជាផងដែរ។យ៉ាងណាមិញ ប្រមុខការទូតនៃប្រទេសទាំងពីរ​ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​សេដ្ឋកិច្ចដ៏រឹងមាំ​តាម​រយៈការ​វិនិយោគ​របស់ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ដោយលោកជំទាវ ប្រមុខការទូតជប៉ុនសន្យាថានឹងជួយជំរុញអ្នកវិនិ យោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ ​ប្រមុខការទូតនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ​លិខិត​ប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២,៧ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង ទី២ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ស្មើនឹងប្រមាណ ៥៩,៦ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ ទៅបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត៕

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2024/07/07 02:07:47 pm        262
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អង្គការ UNESCO (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៤)។តាមរយៈព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះ​រាជបន្ទូល​ថា នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរ គណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ព្រះអង្គបានមានព្រះបន្ទូលទៀតថា «ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវ​កតញ្ញូតាធម៌​ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ - ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាល​ក្នុងការថែរក្សាសម្បត្តិវប្បធម៌ ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពី សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិ​សាស្ត្រថ្មី​មួយទៀត ដែល ពិភពលោកព្រមទទួលស្គាល់នូវប្រាសាទ​ព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែលដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត»។ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមទៀតថា« ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណ​ដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការ​សម្របសម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ICC/PREAH VIHEAR - និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាង នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់»។នៅក្នុងព្រះរាជសារនេះព្រះអង្គក៏សូម​បួងសួង​ដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នឹងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី ផ្ញើសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2024/07/07 01:54:34 pm        180
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៤ បានផ្ញើសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៤ )។ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ - ៨៥០)២. ព្រះបាទយសោវរ្ម័នទី១​ (ឝ.ស. ៨៨៩ - ៩០០)៣. ព្រះបាទសូរ្យវរ្ម័នទី១ (ឝ.ស. ១០១០ - ១០៥០)៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឝ.ស.១០៥០ - ១០៦៦)៥. ព្រះបាទហស៌វរ្ម័នទី៣ (ឝ.ស. ១០៦៦ - ១០៧៩)៦. ព្រះបាទជ័យវរ្ម័នទី៦​ (ឝ.ស. ១០៨០ - ១១០៦)៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (ឝ.ស. ១១០៧ -​ ១១១២)៨. ព្រះបាទសូរ្យវរ័្មនទី២​ (ឝ.ស. ១១១៣-១១៥០)"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាព​ក្នុងតំបន់

2024/07/06 08:53:58 pm        221
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា​អនុញ្ញាតឲ្យលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុនចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែល​បានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពជម្រាប​ជូនសម្តេចធិបតីអំពី​ភាព​រីកចម្រើន នៃ​ទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់​តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជា​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជា​ការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បាន​ថ្លែង​អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន​ដែល​តែងតែ​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ចអ​ភិវ​ឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជា​ទំនាក់​ទំនង​ស្ថិត​ក្នុង​កម្រិ​តល្អប្រ​សើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​ក្នុង​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះដែរ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សា​គ្នាក្នុង​ការ​បន្ត​ជំរុញ​នូវ​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈកា​រ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការ​អភិវ​ឌ្ឍ​លើ​វិស័យ​ឌីជីថល និងសន្តិសុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយ​ជា​មជ្ឈ​មណ្ឌល​ឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ តាមរយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាល​ជើង​ទឹក​កម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដោយ​លោក​ជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពី​ការ​ហាម​ការ​ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំ នៃអនុសញ្ញា​អូតាវ៉ា​នេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់​កិច្ច​ដំណើរ​ការ​នៃ​ការ​រៀបចំ។បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។ សម្ដេច​ធិបតី​ និងលោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការដំឡើងកម្រិត នៃកិច្ច​សន្ទនារ​វាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិត​នៃ​ថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី និងលោក​ជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី​ដើម្បី​សន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ​សំដៅ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ទៅ​វិញដល់ប្រជាជន និងប្រទេសទាំងពីរ។ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យ​ក្នុង​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/05 10:15:01 pm        238
នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាតឲ្យលោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយ​ថែម​ទាំង​អាច​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​បុព្វហេតុសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជា​បាន​បញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩៥៧០ នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និង​កុងហ្គោ។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ (ស្ត្រី ១២៥ នាក់) នាក់ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។ កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង ២៥ ក្នុងចំណោមប្រទេសចំនួន ១២១ ដែល​រួម​ចំណែក​កង​ទ័ព​ក្នុង​ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ ៣ (បន្ទាប់​ពី​ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការ​រួម​ចំណែក​ដល់​កង​ទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់​ចំណាត់​ថ្នាក់​លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។

តើមេដឹកនាំបក្សការងារ លោក Keir Starmer ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជានរណា?

2024/07/05 08:44:02 pm        197
ចក្រភពអង់គ្លេស បានជ្រើសរើសនាយករដ្ឋមន្ត្រីមកពីគណបក្សការងារ កណ្តាលនិយមឆ្វេង ដំបូងគេក្នុងរយៈពេល ១៤ ឆ្នាំ ខណៈមេដឹកនាំបក្សនេះគឺលោក គា ស្តាមើ (Keir Starmer) ទទួលបានតំណែងកំពូលពីលោកនាយករដ្ឋមន្ត្រីផុតអាណត្តិ លោក រីស៊ី ស៊ូណាក់ (Rishi Sunak)។ លោក ស្តាមឺ វ័យ ៦១ ឆ្នាំ មានទទួលបានកេរ្ដិ៍ឈ្មោះក្នុងនយោបាយ បន្ទាប់ពីចូលរួមក្នុងសភា តិចជាងមួយទសវត្សរ៍មុន ប៉ុន្តែជនជាតិអង់គ្លេសជាច្រើននៅតែដឹងតិចតួចណាស់អំពីបុរសដែលបានតាំងខ្លួនថាជាបេក្ខជនផ្លាស់ប្តូរប្រទេស។លោក ស្តាមើ កើតនៅឆ្នាំ១៩៦២ នៅទីក្រុងឡុងដ៍្រ (London) ដែនដីអង់គ្លេស ដោយមានឪពុកជាអ្នកផលិតឧបករណ៍ប្រើប្រាស់ទូទៅ និងម្តាយការជាគិលានុបដ្ឋាយិកា។ បុរសវ័យ ៦១ ឆ្នាំរូបនេះជាញឹកញាប់បានលើកឡើងអំពីការចាប់ផ្តើមដ៏តូចទាបរបស់ខ្លួនថាជាចំណុចទាក់ទងនឹងអ្នកបោះឆ្នោតអង់គ្លេស។ បន្ទាប់ពីបញ្ចប់ការសិក្សាក្រោយថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ អកស្វតដ៍ (Oxford) លោក ស្តាមើ បានចាប់ផ្តើមធ្វើការជាមេធាវីក្នុងឆ្នាំ១៩៨៧ ដោយទទួលយកសំណុំរឿងល្បីៗជាច្រើន។ក្នុងឆ្នាំ២០០៨ មួយឆ្នាំបន្ទាប់ពីរៀបការជាមួយភរិយាខ្លួនឈ្មោះលោកស្រី វីកតូរៀ (Victoria) លោក ស្តាមើ បានក្លាយជាប្រធានព្រះរាជអាជ្ញាសាធារណៈ ដែលនោះធ្វើឱ្យលោកក្លាយជាប្រធានសេវាកាត់ទោសរាជវង្សរបស់ចក្រភពអង់គ្លេស។ នៅឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាមេដឹកនាំគណបក្សការងារ បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតមេដឹកនាំបក្ស លោក ជេរ៉េមី ខូប៊ីន (Jeremy Corbyn)។នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់ខ្លួន លោក ស្តាមើ បានបង្ហាញពី «ការបន្តរីកលូតលាស់របស់ជាតិរាប់ទសវត្សរ៍ទៅមុខ» សម្រាប់ប្រទេសនេះ បន្ទាប់ពីអ្វីដែលបក្សការងារ បានពិពណ៌នាថាជាការកាត់បន្ថយការចំណាយជាច្រើនឆ្នាំ និងការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅក្រោមការដឹកនាំរបស់ក្រុមអភិរក្សនិយម។ បក្សការងារបានគូសបញ្ជាក់ពីបេសកកម្មចំនួន ៥ ចំណុចដែលមានដូចជា៖ ជំរុញកំណើនសេដ្ឋកិច្ច វិនិយោគលើថាមពលបៃតង ជួសជុលប្រព័ន្ធថែទាំសុខភាព សុវត្ថិភាពផ្លូវថ្នល់ និងផ្តល់ «ឱកាសការងារ» តាមរយៈរបៀបវារៈជំនាញថ្មី។ ដើម្បីជួយដល់គោលដៅទាំងនេះ លោក ស្តាមើ កំពុងរៀបចំផែនការរុះរើក្រសួងរដ្ឋាភិបាល។ ទោះបីជាមានរបៀបវារៈនៃការផ្លាស់ប្តូរដ៏ធំរបស់លោកក៏ដោយ ក៏លោក ស្តាមើ ត្រូវបានមនុស្សជាច្រើនមើលឃើញថាជាបុគ្គលនយោបាយដ៏មានឥទ្ធិពល ដោយមានចរិតលក្ខណៈខុសប្លែកពីអ្នកនយោបាយដទៃ៕

លោក Putin នៅតែពេញចិត្តឱ្យលោក Biden ឈរជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក

2024/07/05 08:34:44 pm        126
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្សតិ៍ (០៤ កក្កដា) ថា លោកបានមើលឃើញកំហុសឆ្គងនៃការជជែកពិភាក្សាគ្នារវាងលោក ចូ បៃដិន (Joe Biden) និងលោក ដូណាល់ ត្រាំ (Donald Trump) ប៉ុន្តែការពេញចិត្តរបស់លោកចំពោះលោក បៃដិន ឱ្យកាន់តំណែងជាប្រធានាធិបតីអាមេរិកបន្ទាប់ នៅតែមិនផ្លាស់ប្តូរ។ដោយត្រូវបានសាកសួរដោយអ្នកយកព័ត៌មានទូរទស្សន៍រដ្ឋថា ប្រសិនបើការពេញចិត្តដែលបានលើកឡើងជាសាធារណៈចំពោះលោក បៃដិន ត្រូវបានផ្លាស់ប្តូរបន្ទាប់ពីការជជែកដេញដោល តើរវាងលោក បៃដិន ឬលោក ត្រាំ មួយណាជាបេក្ខភាពល្អជាង លោក ពូទីន បានឆ្លើយថា «គំនិតនោះគ្មានអ្វីផ្លាស់ប្តូរទេ»។លោក ពូទីន ធ្លាប់បាននិយាយជាច្រើនដងថា លោកមានអារម្មណ៍ថា លោក បៃដិន ស័ក្ដិសមក្នុងនាមជាប្រធានាធិបតីអាមេរិកនាពេលអនាគតជាងលោក ត្រាំ សូម្បីតែបន្ទាប់ពីលោក បៃដិន បានរិះគន់ខ្លាំងៗលើប្រធានវិមានក្រឹមឡាំងរូបនេះក៏ដោយ។ លោកប្រធានាធិបតី បៃដិន វ័យ ៨១ ឆ្នាំ ធ្វើមិនបានល្អនោះទេអំឡុងពេលការជជែកដេញដោល ដែលនាំមកនូវសំណួរអំពីអាយុ និងកាយសម្បទាផ្លូវចិត្តរបស់លោកក្នុងកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញរបស់លោក។លោក ពូទីន បាននិយាយថា លោកមិនសូវយកចិត្តទុកដាក់ទេចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអំពីការជជែកដេញដោលនេះ ប៉ុន្តែលោកមិនអាចព្រងើយកន្តើយពេកបានឡើយ ដោយសារសហរដ្ឋអាមេរិកនៅតែជាមហាអំណាច៕

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធាចិន ដោយអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង

2024/07/05 08:27:49 pm        104
កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (០៥ កក្កដា) នេះបានរាយការណ៍ជាថ្មីនូវសកម្មភាពយោធារបស់ចិន នៅក្បែរនោះជាមួយនឹង «ការល្បាតប្រយុទ្ធ» មួយផ្សេងទៀត ខណៈដែលរដ្ឋាភិបាលបានអំពាវនាវឱ្យទីក្រុងប៉េកាំង បន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការរឹបអូសទូកនេសាទតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ទាំងផ្នែកយោធា និងនយោបាយ។ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ មន្ត្រីចិនបានឃាត់ និងរឹបអូសទូកនេសាទតៃវ៉ាន់ ពីបទធ្វើប្រតិបត្តិការខុសច្បាប់ក្នុងដែនទឹកចិន ក្នុងអ្វីដែលមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ បាននិយាយថាអាចជាទង្វើនៃសង្គ្រាមចិត្តសាស្ត្រ។អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់ពីមុនម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។ កោះតៃវ៉ាន់ បានរកឃើញយន្តហោះយោធាចិនយ៉ាងហោចណាស់ ១២៧ គ្រឿង ដែលធ្វើការនៅក្បែរកោះនេះចាប់តាំងពីដើមខែនេះមក។ប្រទេសចិន និយាយថា មូលហេតុនៃបញ្ហារបស់ខ្លួនជាមួយតៃវ៉ាន់ គឺជាអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកជាទស្សនៈ «ផ្តាច់ខ្លួន» របស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។ ប្រទេសចិន បានរៀបចំហ្គេមសង្រ្គាមភ្លាមៗបន្ទាប់ពីលោក ឡៃ បានចូលកាន់តំណែងក្នុងខែឧសភា ហើយបានបដិសេធការអំពាវនាវចរចាម្តងហើយម្តងទៀតរបស់លោក៕

ប្រទេសវេណេស៊ុយអេឡា ចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី

2024/07/05 08:12:18 pm        108
ប្រធានាធិបតីកំពុងកាន់តំណែង លោក Nicolas Maduro និងគូប្រជែងសំខាន់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក អ៊ីដមុនដូ ហ្គុនហ្សាឡេស(Edmundo Gonzalez) បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការប្រមូលផ្តុំទ្រង់ទ្រាយធំ នៅទីក្រុងការ៉ាកាស។ លោក Edmundo និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ(Maria Corina Machado) បានធ្វើដំណើរទៅកាន់ភាគខាងកើតទីក្រុងការ៉ាកាស នៅលើរថយន្តមួយគ្រឿង ហើយត្រូវបានហ៊ុមព័ទ្ធដោយអ្នកគាំទ្ររាប់រយនាក់។ក្នុងរបៀបស្រដៀងគ្នានេះ លោក Maduro បានគ្រវីដៃទៅរកអ្នកគាំទ្រ នៅលើរថយន្តធុនធំ ទៅកាន់កណ្តាលទីក្រុង ដែលមានភ្លៀងធ្លាក់នៅពេលបញ្ចប់ការជួបជុំ។ នេះជាលើកទីមួយហើយ ដែលបេក្ខជនទាំងពីរ បានប្រជុំយុទ្ធនាការនៅក្នុងទីក្រុងតែមួយ។គណបក្សប្រឆាំង មានការនាំមុខច្រើនក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ទោះបីបន្ទាប់ពីតុលាការ បានហាមឃាត់មេដឹកនាំ លោកស្រី Maria Corina Machado មិនឲ្យឈរឈ្មោះជុំវិញការចោទប្រកាន់ពីការបំពានលួចបន្លំ។ មានចម្ងល់ជាច្រើនថាតើ ការបោះឆ្នោតនឹងអាចជឿទុកចិត្តបានដែរឬទេ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា បានបដិសេធការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប។យុទ្ធនាការបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា។ យ៉ាងហោចណាស់ប្រជាជនវេណេស៊ុយអេឡា២១លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងពេល និងក្រោយពេលទឹកជំនន់
09/29/2026 03:09 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក
09/29/2026 03:09 PM
ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
09/29/2026 02:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
09/29/2026 02:09 PM
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
09/29/2026 02:09 PM
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
09/29/2026 01:09 PM
កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី
09/29/2026 01:09 PM
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
09/29/2026 01:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
09/29/2026 01:09 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
09/29/2026 12:09 PM