សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ត្រូវបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើង បើងើបមួយបង្រ្កាបមួយ ដើម្បីសន្តិសុខសង្គម

2024/06/17 05:25:29 pm        222
ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំ ផុតដោយជំរុញឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យខាងតែបាន ដោយមិនត្រូវឲ្យពួកគេធ្វើអ្វីស្រេចតែចិត្តបន្តទៀតនោះទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺអាជ្ញាធរ បានធ្វើសកម្មភាពទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងយ៉ាងសកម្ម ប៉ុន្តែក្មេងខ្លះនៅតែបន្តផ្គើន ដូច្នេះត្រូវតែការបង្រ្កាបឲ្យអស់ បើងើបមួយក្រុម ចាត់វិធានការមួយក្រុមដោយគ្មានការលើកលែងនោះ ឡើយ។ សម្តេចធិបតី បានបន្ថែមថាត្រូវតែកំចាត់ឲ្យបាន ខណៈក្មេងទំនើងទាំងនោះបានបង្ករភាពមិន សប្បាយចិត្តដល់ប្រជាពលរដ្ឋ ហើយខ្លះទៀតរហូតដល់ប្រើសកម្មភាពសាហាវដោយមិន​អាចទទួលយក បាននោះឡើយ។សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងនូវទូទាំង​ប្រទេសបាន​រាប់រយនាក់ ហើយក្មេងមួយចំនួនបានបញ្ជូនទៅកាន់តុលាការ ខណៈក្មេងមួយចំនួនទៀត​បានធ្វើការណែនាំ៕អត្ថបទបាន ចក់

ជនជាតិឥណ្ឌា ដែលសង្ស័យក្នុងគម្រោងសម្លាប់អ្នកផ្ដាច់ខ្លួនសាសនាស៊ីក ត្រូវបានធ្វើបត្យាប័នទៅអាមេរិក

2024/06/17 05:11:49 pm        190
យោងតាមគេហទំព័ររបស់ការិយាល័យពន្ធនាគារសហព័ន្ធ និងប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ដែលត្រូវបានសង្ស័យដោយសហរដ្ឋអាមេរិក ថាមានជាប់ពាក់ព័ន្ធក្នុងផែនការមិនជោគជ័យក្នុងការសម្លាប់អ្នកផ្ដាច់ខ្លួនសាសនាស៊ីក (Sikh) នៅលើទឹកដីអាមេរិក ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ពីសាធារណរដ្ឋឆេក។បុរសឈ្មោះ នីកហ៊ីល គូបតា (Nikhil Gupta) វ័យ ៥២ ឆ្នាំ ត្រូវបានរដ្ឋអាជ្ញាសហព័ន្ធអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌាដើម្បីសម្លាប់លោក គូប៉ាវ៉ាន ស៊ីញប៉ាននុន (Gurpatwant Singh Pannun) ជាពលរដ្ឋអាមេរិក ដែលតស៊ូមតិដើម្បីអធិបតេយ្យភាពរដ្ឋសម្រាប់អ្នកកាន់សាសនាស៊ីក នៅភាគខាងជើងប្រទេសឥណ្ឌា។លោក គូបតា បានធ្វើដំណើរទៅកាន់ទីក្រុងប្រាក ពីប្រទេសឥណ្ឌា កាលពីខែមិថុនា ឆ្នាំមុន ហើយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឆេក។ កាលពីខែមុន តុលាការឆេក បានច្រានចោលញត្តិរបស់ជនសង្ស័យរូបនេះដើម្បីគេចពីការបញ្ជូនទៅសហរដ្ឋអាមេរិក ដោយបើកផ្លូវឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆេក ធ្វើបត្យាប័នបុរសរូបនេះ។ការទម្លាយផែនការធ្វើឃាតប្រឆាំងនឹងអ្នកផ្ដាច់ខ្លួនសាសនាស៊ីក នៅសហរដ្ឋអាមេរិក និងកាណាដា បានសាកល្បងទំនាក់ទំនងជាមួយឥណ្ឌា ដែលលោកខាងលិចមើលឃើញថាជាអ្នកប្រឆាំងទៅនឹងកំណើនឥទ្ធិពលពិភពលោករបស់ចិន។ រដ្ឋាភិបាលឥណ្ឌា បដិសេធការជាប់ពាក់ព័ន្ធនឹងការគម្រោងសម្លាប់ទាំងនោះ៕

រដ្ឋមន្ត្រីស្វីស៖ ជំនួបកំពូលអ៊ុយក្រែនមួយផ្សេងទៀត អាចកើតឡើងមុនការបោះឆ្នោតអាមេរិក

2024/06/17 05:08:39 pm        174
រដ្ឋមន្ត្រីក្រសួងការបរទេសស្វីស លោក អ៊ីកណាហ្ស៊ីញ៉ូ កាស៊ី(Ignazio Cassis) បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូលបន្តមួយផ្សេងទៀតបន្ទាប់ពីកិច្ចពិភក្សាកាលពីចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស នឹងមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន គឺអាចសម្រេចធ្វើទៅបាន នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។សម្រាប់ទីកន្លែងដែលសន្និសីទអ៊ុយក្រែនធ្វើបន្ទាប់ នៅមិនទាន់ច្បាស់លាស់នៅឡើយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោកនៅរមណីយដ្ឋាន ប៊ូអឺជេនស្តុក(Buergenstock) ក្នុងប្រទេសស្វីសភាគកណ្តាល។លោក បាននិយាយថា ករណីលើកលែង អាចត្រូវបានធ្វើឡើងសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការមកកាន់ប្រទេសស្វីស ទោះបីជាមានដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយ ព្រោះថា វាអាចធ្វើទៅបាន យោងទៅតាមច្បាប់របស់យើង ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូលនៅប្រទេសស្វីស កាលពីចុងសប្តាហ៍ បាននាំមកនូវសន្តិភាពកាន់តែខិតទៅជិតអ៊ុយក្រែន ប៉ុន្តែសន្តិភាពពិតប្រាកដ នៅមិនទាន់ទទួលបាននៅឡើយ ក្នុងជំហានដំបូងនេះ ហើយវាត្រូវការភាពអត់ធ្មត់ និងការប្តេជ្ញាចិត្ត ។លោកស្រី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពុំមានភាពហ្មត់ចត់ចំពោះការបញ្ចប់សង្រ្គាមនេះទេ ដោយបានធ្វើការទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដី ទោះបីជាមិនស្ថិតក្នុងដៃរុស្ស៊ីក៏ដោយ។ដោយផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា នឹងពុំមានសន្តិភាពយូរអង្វែង បើគ្មានបូរណភាពទឹកដីសម្រាប់ប្រទេសរបស់លោក ហើយការបន្តការងារដោយអ្នកចូលរួមកិច្ចប្រជុំកំពូល នឹងបើកផ្លូវទៅកាន់កិច្ចប្រជុំកំពូលលើកទីពីរ។

មេដឹកនាំស្តាំនិយមរបស់ស្វីស ហៅជំនួបកំពូលសន្តិភាពអ៊ុយក្រែន ថាជារឿងដ៏អាម៉ាស់

2024/06/17 04:55:24 pm        212
អ្នកនយោបាយជាតិនិយម-ស្តាំនិយមឈានមុខគេរបស់ប្រទេសស្វីស បានរិះគន់កិច្ចប្រជុំកំពូលដែលប្រទេសរបស់ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះក្នុងគោលបំណងដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមលើអ៊ុយក្រែន ថាជា «ភាពអាម៉ាស់» ដោយឆ្លុះបញ្ចាំងពីទស្សនៈដែលថាកិច្ចពិភាក្សានេះកំពុងធ្វើឱ្យខូចដល់អព្យាក្រឹតភាពប្រពៃណីរបស់ប្រទេសស្វីស។គណបក្សប្រជាជនស្វីស (SVP) ដែលជាបក្សស្តាំនិយម និងធំជាងគេនៅក្នុងសភាជាន់ទាប និយាយថា អព្យាក្រឹតភាពគឺជាផ្នែកសំខាន់មួយនៃភាពរុងរឿងរបស់ប្រទេសស្វីស ហើយបានចាប់ផ្តើមការបោះឆ្នោតប្រជាមតិដើម្បីដាក់បញ្ចូលគោលការណ៍នេះនៅក្នុងរដ្ឋធម្មនុញ្ញ។បណ្ដាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្ស SVP នេះបានលើកឡើងថា ប្រទេសស្វីសមិនគួរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកាលពីចុងសប្តាហ៍នេះដោយគ្មានវត្តមានប្រទេសរុស្ស៊ីទេ ហើយលោក នីលស៍ ហ្វេចធឺ (Nils Fiechter) ប្រធានក្រុមយុវជនរបស់គណបក្ស SVP បានរិះគន់ខ្លាំងៗលើកិច្ចពិភាក្សានេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ។កិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅរមណីយដ្ឋានដ៏ប្រណិតឈ្មោះ ប៊ឺហ្កិនស្តុក (Buergenstock) បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកលើថា តើប្រទេសស្វីស គួរតែបោះបង់ចោលអព្យាក្រឹតភាពរបស់ខ្លួន ដែលជាជំហរចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនស្វីស ឬយ៉ាងណា។ មហាអំណាចលោកខាងលិច និងប្រទេសផ្សេងទៀតនៅក្នុងសន្និសីទកាលពីថ្ងៃអាទិត្យ ស្វះស្វែងរកការឯកភាពគ្នាលើការថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងគូសបញ្ជាក់ពីតួលេខអ្នកស្លាប់ដ៏សម្បើមនៅក្នុងសង្គ្រាម៕

អ៊ុយក្រែន៖ លោក ពូទីន មិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពទេ និងអំពាវនាវឱ្យរុស្ស៊ីដកទ័ពទាំងស្រុង

2024/06/17 04:51:15 pm        110
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) ថា ប្រទេសរុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ «សន្តិភាព» នោះទេ ដោយទទូចថាទីក្រុងគីវ បើកចំហសម្រាប់កិច្ចពិភាក្សាភ្លាមៗ ប្រសិនបើទីក្រុងមូស្គូ ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។លោក ហ៊្សេឡិនស្គី បានលើកឡើងបែបនេះនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលការទូតដ៏ធំមួយនៅប្រទេសស្វីស ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ ហើយត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំការគាំទ្រចំពោះសំណើរបស់ទីក្រុងគីវ អំពីមធ្យោបាយដែលសង្រ្គាមគួរតែបញ្ចប់។លោក ហ៊្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំថា «នេះជាការពិតដែលថារុស្ស៊ី និងថ្នាក់ដឹកនាំរបស់ពួកគេមិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពដ៏ត្រឹមត្រូវនៅឡើយទេ»។ សេចក្តីថ្លែងការណ៍ចុងក្រោយដែលយល់ព្រមដោយរដ្ឋចំនួន ៨០ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះ «បូរណភាពទឹកដី» របស់អ៊ុយក្រែន ហើយបាននិយាយថាការសន្ទនារវាង «ភាគីទាំងអស់» នឹងត្រូវការជាចាំបាច់ដើម្បីបញ្ចប់ជម្លោះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីសប្ដាហ៍មុន បានទាមទារឱ្យអ៊ុយក្រែន ដកទ័ពរបស់ខ្លួនចេញពីភាគខាងត្បូង និងខាងកើតនៃប្រទេស ប្រសិនបើខ្លួនចង់ឱ្យសង្រ្គាមបញ្ចប់ ដោយនោះជាការលើកឡើងដែលអ៊ុយក្រែន បដិសេធ៕

ចិន៖ នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបុកនាវាចិននៅឯដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

2024/06/17 04:44:02 pm        152
ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅថ្ងៃចន្ទ (១៧ មិថុនា) នេះថា នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានបើកប្រកបដោយគ្រោះថ្នាក់ចូលទៅជិតនាវាចិន ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាបន្តិចបន្តួចបន្ទាប់ពីនាវាផ្គត់ផ្គង់នោះបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ក្នុងសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកជញ្ជូន និងបំពេញគ្រឿងផ្គត់ផ្គង់បន្ថែមរបស់ហ្វីលីពីន មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ចិន ដោយបន្ថែមថា នាវានោះមានចេតនា និងបើកយ៉ាងគ្រោះថ្នាក់ចូលទៅជិតនាវាចិនក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ ដែលបណ្តាលឱ្យមានការប៉ះទង្គិច។ សេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីរបួស ឬការខូចខាតដល់នាវាទាំងពីរនោះទេ។អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់ជុំវិញគ្នាទៅវិញទៅមកថាបានបើកនាវាពត់ពេនដ៏គ្រោះថ្នាក់ និងការប៉ះទង្គិចគ្នានៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលជាដែនទឹកជម្លោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន។ ឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេលដែលហ្វីលីពីន ដាក់ពង្រាយបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានហ្វីលីពីន ឈរជើងលើនាវាចម្បាំងដ៏ចំណាស់មួយគ្រឿងនៅទីនោះ ដែលមានចេតនាចតចោលដើម្បីការពារការទាមទារដែនសមុទ្ររបស់ទីក្រុងម៉ានីល។ប្រទេសចិន ធ្លាប់បានព្រមានហ្វីលីពីន អំពីការទន្រ្ទានចូលទៅក្នុងដែនទឹករបស់ខ្លួន ហើយប្រទេសនេះបានចេញច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនា ដែលនឹងអនុវត្តច្បាប់ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេររបស់ខ្លួនប្រើកម្លាំងដ៏ខ្លាំងក្លាប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនអះអាងសិទ្ធិ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២

2024/06/17 04:31:46 pm        219
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ានណែត បានលើកឡើងថា ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ ខេត្តកណ្តាលនេះ នឹងក្លាយទៅជាការដឹកជញ្ជូនឡូជីស្តីកមួយ ពីផ្លូវគោកទៅកាន់ផ្លូវអាកាស។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ នៅព្រឹកថ្ងៃថ្ងៃទី១៧ ខែមិថុនានេះកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈស្ពានអាកាសភ្លោះនេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅពេលដែលចំនួនប្រជាជនមានការកើនឡើងនៅក្នុងទីក្រុង គឺតម្រូវឱ្យមានការពង្រីកផ្លូវ ស្ពាន ស្ពានអាកាស រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កំណើនពលរដ្ឋ និងជីវភាពពលរដ្ឋកាន់តែប្រសើរ ធ្វើឱ្យភ្នំពេញ និងខេត្តជាច្រើន កំពុងប្រឈមនឹងកង្វះខាតកន្លែងចតយានយន្ត។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។ សម្ដេចធិបតីបញ្ជាក់ថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេច ថ្លែងថា មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការកំណត់លើអាយុកាលប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជាមិនទាន់ឈានដល់ការហាមឃាត់ផ្ទះមួយ ត្រូវមានរថយន្ត ឬម៉ូតូប៉ុន្មានគ្រឿងនៅឡើយនោះទេ។ រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាប្រ ឈមលើប្រព័ន្ធគមនាគមន៍សម្រាប់ធ្វើដំណើរឱ្យកាន់តែប្រសើរថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីទៀត ដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាត្រូវពង្រឹង និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចធិបតីបន្ថែមថា ត្រូវខិតខំបង្ខិតសេវាដឹកជញ្ជូនសាធារណៈជាពិសេសរថយន្តក្រុងឱ្យទៅដល់ក្បែរផ្ទះពលរដ្ឋរស់នៅតែម្ដង។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់វិស័យឯកជន គួរបោះទុនវិនិយោគលើការសាងសង់កន្លែងចតរថយន្ត ដែលកំពុងតែប្រឈមនឹងកង្វះខាតកន្លែងចតច្រើននៅក្នុងពេលបច្ចុ ប្បន្ននេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនខ្ពស់ឡើងវិញ ដោយសារកាលពីឆ្នាំ២០២៣ មានកំណើនប្រមាណ ៥ ភាគរយ, ឆ្នាំ២០២៤ រំពឹងកំណើនខ្ពស់ ហើយនៅឆ្នាំ២០២៥ ក៏កាន់តែមានកំណើនខ្ពស់ថែមទៀត។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយអំពីច្បាប់លើការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាពេលខាងមុខ ខណៈអគារខ្ពស់ៗ ជាច្រើនកំពុងតហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើឱ្យពិចារណា គិតគូរលើការសាងសង់ផ្លូវរថភ្លើងស្រាល ដោយបញ្ចៀសកុំឱ្យប៉ះពាល់លើការសាងសង់ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ជាពិ សេសបង្ការកុំឱ្យមានការស្ទះកកចរាចរណ៍។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផ្លូវដែលបានសាងសង់ហើយ មិនគួរដាក់ឱ្យមានគម្រោងសាងសង់ផ្លូវរថភ្លើងស្រាល ដែលនាំឱ្យផ្លូវរួមតូចនោះទេ ត្រូវគិតគូររៀបចំនៅកន្លែងសមស្រប និងមិនបង្កឱ្យកកស្ទះចរាចរណ៍។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់លាស់ចំពោះគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីជៀសវាងការសាងសង់ជាន់ពីលើផ្លូវដែលមានស្រាប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មោទនភាពរបស់យើង គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ធំៗកម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ សម្ដេចធិបតីបន្ថែមថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួង ស្ថាប័នជំនាញ និងអភិបាលរាជធានីភ្នំពេញបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋានារចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងប្រកបដោយស្ដង់ដា និងបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។

កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ត្រូវបានបរាជ័យ ដោយសារគ្មានវត្តមានរុស្ស៊ី

2024/06/17 02:54:09 pm        226
មហាអំណាចក្នុងតំបន់ រួមមានប្រេស៊ីល ឥណ្ឌា អាហ្រ្វិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត បានបរាជ័យក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញនៅចុងបញ្ចប់នៃសន្និសីទសន្តិភាពអ៊ុយក្រែន ដែលប្រទេស និងអង្គការអន្តរជាតិជាង ៨០ គាំទ្របូរណភាពទឹកដីរបស់ខ្លួន ប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ី។ ថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងប្រទេសស្វីសកាលពីថ្ងៃទី១៥ដល់១៦មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍ចំពោះជំហានដំបូងឆ្ពោះទៅរកសន្តិភាព ប៉ុន្តែបានទទួលស្គាល់ថា មិនមែនអ្នកចូលរួមទាំងអស់សុទ្ធតែបានគាំទ្រនោះទេ ។ លោកបាននិយាយថា គួរឲ្យស្ដាយ មានមនុស្សដែលនៅតែមានតុល្យភាព ដោយបន្ថែមថារុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់ពិភពលោក។ប្រទេសប្រហែល ១០០ បានចូលរួមក្នុងសន្និសិទនៅរមណីយដ្ឋាន ប៊រហ្គិនស្តុក(Bürgenstock) ប៉ុន្តែប្រទេសរុស្ស៊ីពុំត្រូវបានអញ្ជើញទេ ហើយប្រទេសចិនបានបដិសេធមិនចូលរួមព្រឹត្តិការណ៍នេះ។ អ្នកចូលរួមភាគច្រើនមកពីអឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ប៉ុន្តែរួមបញ្ចូលទាំងប្រទេសមកពីតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីផងដែរ។លោក Zelenskiy បាននិយាយថាភាគីនានាបានយល់ព្រមធ្វើការជាក្រុមពិសេសលើ "ផែនការសកម្មភាពដើម្បីសន្តិភាព" ដែលលោកបាននិយាយថានឹងបើកផ្លូវទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរ។អត្ថបទចុងក្រោយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ៨០ និងអង្គការអន្តរជាតិ រួមទាំងស្ថាប័នសំខាន់ៗចំនួនបីរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧។ អត្ថបទនេះ បាននិយាយថាធម្មនុញ្ញអង្គការសហប្រជាជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពនៃរដ្ឋទាំងអស់ "អាច នឹងបម្រើជាមូលដ្ឋានក្នុងការសម្រេចបាននូវសន្តិភាព យុត្តិធម៌ ដ៏ទូលំទូលាយនិងយូរអង្វែងនៅអ៊ុយក្រែន"៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ និងជូនពរដល់បងប្អូន​ម៉ូស្លីមទាំងអស់ ក្នុងឱកាស​បុណ្យរ៉ាយ៉ាហាជី

2024/06/17 02:36:56 pm        229
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និង​ជូនពរ​ដល់​បងប្អូន ម៉ូស្លីមកម្ពុជា ក៏ដូចជាបងប្អូនម៉ូស្លីមទាំងអស់នៅទូទាំងពិភពលោក​ក្នុង​ឱកាស​បុណ្យ​រ៉ាយ៉ាហាជី ខណៈ បុណ្យដ៏ធំមួយនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រទេស​អារ៉ាប៊ី​សាអូឌីត ដោយមានបងប្អូន ម៉ូស្លីមជាងពីរលាននាក់ចូលរួមនៅទួទាំងពិភពលោក ដោយ​ក្នុង​នោះ​ក៏​​មាន​ម៉ូស្លីមកម្ពុជាជិតមួយពាន់នាក់ដែរ។តាមរយៈឆាណែលតេលេក្រាមផ្ទាល់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនិងភរិយា សូម​អបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់​បង​ប្អូន​ម៉ូស្លីម​កម្ពុជា​ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយ​​រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំ​ម៉ា​ត់​សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២៤។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សម្តេច និងភរិយា សូម​អបអរ​សាទរ​ចំពោះ​បង​ប្អូន​ម៉ូស្លីមកម្ពុជា ចំនួន៩១០រូបដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជា​កាតព្វកិច្ច​សាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២​លាន​នាក់​នៅជុំវិញសកលលោក ។ តាមរយៈឆាណែលតេលេក្រាមនេះ សម្តេចធិបតី​បាន​បន្ថែម​ទៀត​ថា ​« ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាង​ជ្រាលជ្រៅបំ​ផុត​ចំពោះ​បង​ប្អូន​ម៉ូស្លីម​កម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបាន​ប្រកាន់​យក​សាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្មរស់នៅដោយសុខដុមរមនា ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។ ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូម​ទទួល​បាន​ជោគជ័យ ទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកាតព្វកិច្ចសាសនានេះ ហើយក៏​សូម​បួង​សួង​សុំ​ឱ្យ​បង​ប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកប​ដោយសុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ៖ បាន ចក់ 

ប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី មានការរង្គោះរង្គើ បន្ទាប់ពីអាមេរិក ដាក់ទណ្ឌកម្មថ្មី

2024/06/14 09:42:24 pm        95
ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ខំឲ្យកម្មវីធីជួញដូរហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងមូស្គូ បញ្ឈប់ប្រតិបត្តិការប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយបង្កើនតម្លៃនៃសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។ការកើនឡើងយ៉ាងខ្លាំងនៃការដាក់ទណ្ឌកម្មដោយក្រសួងរតនាគារ បានជំរុញឲ្យអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev ដែលបច្ចុប្បន្នជាមន្ត្រីសន្តិសុខជាន់ខ្ពស់ អំពាវនាវដល់ប្រជាជន «បង្កគ្រោះថ្នាក់ជាអតិបរមា»ទៅលើសង្គមលោកខាងលិច និងហេដ្ឋារចនាសម្ព័ន្ធ ជាការសងសឹក។ ទន្ទឹមនឹងនេះដែរ ធនាគារ និងឈ្មួញកណ្តាលឈានមុខគេជាច្រើនរបស់រុស្ស៊ី បានបិទការចូលដំណើរការទៅកាន់គណនីរូបិយប័ណ្ណ កាលពីថ្ងៃព្រហស្បតិ៍។ ទណ្ឌកម្មថ្មីដែលប្រកាសដោយក្រសួងរតនាគារកាលពីថ្ងៃពុធ បានធ្វើឲ្យប៉ះពាល់ផ្សារហ៊ុនទីក្រុងមូស្គូ ដែលជាទីផ្សារហិរញ្ញវត្ថុដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការជួយប្រជាជនរុស្ស៊ី រក«ប្រាក់ចំណេញពីយន្តការ សង្គ្រាមរបស់វិមានក្រឹមឡាំង» និងពង្រីកហានិភ័យនៃទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ស្ថាប័នហិរញ្ញវត្ថុបរទេស ដែលធ្វើអាជីវកម្ម ជាមួយនឹងសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី។ផ្សារហ៊ុនទីក្រុងមូស្គូ ប្រតិបត្តិការទីផ្សារជួញដូរក្នុងភាគហ៊ុន មូលបត្របំណុល ផលិតផល រូបិយប័ណ្ណ និងលោហៈដ៏មានតម្លៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រោងចក្រផលិតរថយន្ត Toyota និងការ​​ដឹកទំនិញរបស់ Thai Airways ប៉ះពាល់ដោយសារទឹកជំនន់ នៅថៃ
09/30/2026 03:09 PM
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ៖ សម្តេចធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោល
09/30/2026 02:09 PM
ប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ២០២៧កើនដល់ ២១២ដុល្លារ និងបន្តរក្សាប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​លើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ២,៥ដុល្លារ
09/30/2026 02:09 PM
រុស្ស៊ីបង្កើនវោហារសាស្ត្រជុំវិញតំបន់ Kaliningrad ដោយគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការ NATO
09/30/2026 01:09 PM
សម្ដេចធិបតី៖ ប្រាក់ឈ្នួលគោលរួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតឆ្នាំ២០២៧ កម្មករនិយោជិត ត្រូវ​ទទួលបានចន្លោះពី ២៣១,៥ដុល្លារ ដល់ ២៤២,៥ ដុល្លារក្នុងមួយខែ
09/30/2026 01:09 PM
មេដឹកនាំអ៊ុយក្រែន៖ ប្រទេសបែលហ្ស៊ិកនឹងផ្ទេរយន្តហោះF-16 បីគ្រឿងទៅឱ្យអ៊ុយក្រែននៅឆ្នាំនេះ
09/30/2026 01:09 PM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
09/30/2026 01:09 PM
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដាក់ដំណើរការផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០
09/30/2026 12:09 PM
គ.ជ.ប នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹក ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២៦
09/30/2026 12:09 PM
សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ
09/30/2026 12:09 PM