ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump រៀបរាប់ប្រាប់អ្នកគាំទ្រពីការរួចជីវិតយ៉ាងប្រកៀកប្រកិតពីការប៉ុនប៉ងធ្វើឃាត

2024/07/19 12:37:27 pm        122
លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) បានរៀបរាប់ពីទិដ្ឋភាពដែលលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយប្រាប់ទស្សនិកជនយ៉ាងរំជើបរំជួលនៅឯសន្និបាតជាតិបក្សសាធារណរដ្ឋនៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីការវាយប្រហារនេះថា លោកឈរនៅទីនេះបាន «ដោយសារព្រះបានជួយលោកឱ្យរួចជីវិត»។លោកបាននិយាយនៅក្នុងទីក្រុង មីលវ៉ូឃី (Milwaukee) ថា «ខ្ញុំបានលឺសំលេងញ័រខ្លាំង ហើយមានអារម្មណ៍ថាមានអ្វីមួយមកបុកប៉ះត្រចៀកខាងស្តាំរបស់ខ្ញុំ។ ខ្ញុំបាននិយាយដាក់ខ្លួនឯងថា នោះមានតែជាគ្រាប់កាំភ្លើងប៉ុណ្ណោះ»។ជាមួយនឹងរូបថតពោរពេញដោយឈាមនៅលើអេក្រង់នៅពីក្រោយនោះ លោក Trump បានលើកសរសើរភ្នាក់ងារសេវាសម្ងាត់ដែលបានប្រញាប់ប្រញាល់ទៅជួយលោក ហើយបានអធិស្ឋានដល់អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងការប៉ុនប៉ងធ្វើឃាតនោះ។គួររម្លឹកថា លោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ក្នុងអ្វីដែល FBI ហៅថាជាការប៉ុនប៉ងធ្វើឃាត ដែលធ្វើឱ្យលោកមានរបួសត្រង់ត្រចៀក ខណៈមូលហេតុពីក្រោយហេតុការណ៍នោះនៅតែជារឿងដ៏អាថ៌កំបាំង៕

លោក អូបាម៉ា ព្រួយបារម្ភចំពោះបំណងរបស់លោក Biden ខណៈប្រធានាធិបតីអាមេរិករូបនេះ ឆ្លងជំងឺ COVID-19

2024/07/19 12:26:04 pm        132
តាមសេចក្តីរាយការណ៍ លោក បារ៉ាក់ អូបាម៉ា បានប្រាប់សម្ព័ន្ធមិត្តថា លោក Joe Biden ត្រូវតែពិចារណាឡើងវិញថាតើត្រូវបន្តការប្រជែងសម្រាប់សេតវិមានដែរឬយ៉ាងណា ខណៈប្រធានាធិបតីអាមេរិករូបនេះ នៅតែបន្តស្នាក់នៅក្នុងលំនៅឋានរបស់លោក ដោយមានជំងឺ COVID-19 ។កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី លោកអូបាម៉ា ជឿជាក់ថា លោក Biden ដែលមានអាយុ៨១ឆ្នាំ និងអនុប្រធានាធិបតីរបស់លោក គួរតែ ពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃបេក្ខភាពរបស់ពួកគេ។បេក្ខភាពរបស់លោក Biden គឺស្ថិតនៅលើបញ្ហាមិនច្បាស់លាស់ដោយសារតែមានការទាមទារពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យកាន់តែកើនឡើង ដែលកំពុងអំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់លោក ដែលជំរុញឲ្យមានការព្រួយបារម្ភថា លោកនឹងត្រូវចាញ់ លោក Donald Trump យ៉ាងដាច់ខាត នៅក្នុងខែវិច្ឆិកា ខាងមុខ។វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក លោក Kevin O'Connor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Biden នៅតែមានរោគសញ្ញាកម្រិតស្រាលនៃជំងឺ COVID-19 ហើយកំពុងទទួលទានឱសថ Paxlovid ប៉ុន្តែសញ្ញាសំខាន់របស់លោកនៅតែធម្មតា។លោក O'Connor បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមានថា លោកBidenនឹងនៅតែបន្តការងារសម្រាប់ប្រជាជនអាមេរិក។

ក្រុមអ្នកវិភាគ៖ ជំហរប្រឆាំងចិន របស់អាមេរិក អាចកាន់តែតឹងរ៉ឹងបើលោក Trump ជាប់ឆ្នោត

2024/07/19 12:23:42 pm        158
ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថា ការជ្រើសរើសលោក ជេឌី វែនស៍ (JD Vance) ជាបេក្ខភាពអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់លោក Donald Trump អាចមានន័យថា ជំហររបស់អាមេរិក នឹងកាន់តែអាក្រក់ទៅៗលើប្រទេសចិន ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះជាប់ឆ្នោតជាថ្មី។លោក ថម ស្វីតហ្សឺ (Tom Switzer) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ (CIS) របស់អូស្ត្រាលីបាននិយាយថា «មានការយល់ស្របទ្វេបក្សពីការកើនឡើងនៃអំណាចនៅក្នុងប្រទេសចិន ហើយលោក Vance ចង់ប្រឆាំងនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន»។លោក Vance បានហៅចិន ថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយភ្លាមៗបន្ទាប់ពីការជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ (១៥ កក្កដា)។ ការលើកឡើងនេះស្របតាមជំនឿរបស់លោក Trump និងអ្នកប្រជាធិបតេយ្យជាច្រើន ដែលថាកំណើនឥទ្ធិពលរបស់ចិនជារោងចក្រដ៏ធំរបស់ពិភពលោក បានបំផ្លាញវិស័យផលិតកម្មរបស់អាមេរិក។លោក Switzer បានបញ្ជាក់ថា សមាជិកបក្សសាធារណរដ្ឋជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអឺរ៉ុប ទៅលើអាស៊ីបន្តិចម្តងៗ ហើយមានបំណងសម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកដែលប្រឆាំងនឹងមហិច្ឆតារបស់ចិន ដើម្បីក្រោកឈរឡើងជាសមូហភាពតទល់នឹងទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Vance ថា ខ្លួនតែងតែប្រឆាំងទៅនឹងអាមេរិក ដែលចាត់ទុកចិនជាបញ្ហានៅក្នុងការបោះឆ្នោតរបស់ខ្លួន៕

ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ៖ លោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើជាប់ឆ្នោត

2024/07/19 12:16:06 pm        103
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលធ្លាប់ជាបេក្ខភាពដៃគូរួមដំណែងរបស់លោក Donald Trump ក្នុងយុទ្ធនាការប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថា លោករំពឹងថាសហរដ្ឋអាមេរិក នឹងបន្តគាំទ្រកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក Trump ។លោក Trump បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះស្វ័យគ្រប់គ្រង ដែលចិនអះអាងសិទ្ធិមួយនេះ ជាមួយនឹងការលើកឡើងរបស់លោកនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៥ ខែមិថុនា ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកបាននិយាយថា កោះតៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាមេរិក សម្រាប់ការការពាររបស់ខ្លួន។ព្រឹទ្ធសមាជិករដ្ឋហ្វ្លរីដា (Florida) ដែលជាសំឡេងដ៏សំខាន់មួយលើគោលនយោបាយការបរទេសអាមេរិកក្នុងនាមជាសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា និងជាសមាជិកសភាជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភារូបនេះបាននិយាយថា លោករំពឹងថាលោក Trump នឹងបន្តគាំទ្រកោះតៃវ៉ាន់ ប្រសិនបើលោកឈ្នះតំណែងសេតវិមានម្ដងទៀត។ទោះបីជាមានតែទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះនេះ ក្នុងការប្រឈមមុខនឹងសម្ពាធយោធាកើនឡើងជាច្រើនឆ្នាំពីចិន ដែលមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ចាំបាច់សម្រាប់អ៊ីស្រាអែលដើម្បីរក្សាការគ្រប់គ្រងច្រកឆ្លងកាត់ទីក្រុង Rafah ជាមួយអេហ្ស៊ីប

2024/07/19 12:13:01 pm        38
នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ ថា វាចាំបាច់ណាស់ដែលកងទ័ពបន្តគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប និងច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ។ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកបានជួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ និងបានទៅពិនិត្យមើលទីតាំងសង្កេតការណ៍ដែលមើលឃើញច្រករបៀង Philadelpphi ។លោក Netanyahu និយាយថា សម្ពាធយោធាលើក្រុមហាម៉ាស ដោយកងកម្លាំងអ៊ីស្រាអែល កំពុងជួយពន្លឿនកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។នៅក្នុងទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅទៅភាគខាងលិចទីក្រុង ហើយបានចូលកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។ យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ជាច្រើនកន្លែង និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយមនុស្សធម៌ ២០៣លានដុល្លារបន្ថែមទៀត ដល់ប្រទេសស៊ូដង់

2024/07/19 12:09:56 pm        102
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបន្ថែមចំនួន ២០៣ លានដុល្លារ ដើម្បីជួយជនស៊ីវិលរាប់លាននាក់ដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅក្នុងប្រទេសស៊ូដង់។ លោកស្រី បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «នេះគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក»។មូលនិធិនេះ មានគោលបំណងជួយជនស៊ីវិលនៅប្រទេសស៊ូដង់ និងអ្នកទាំងឡាយ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)។ អង្គការសហប្រជាជាតិ និយាយថា មនុស្សជិត២៥លាននាក់ ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ត្រូវការជំនួយ ខណៈគ្រោះទុរភិក្សកំពុងកើតមាន ហើយមនុស្ស១០លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយមនុស្សជាង ២,២ លាននាក់ បានចាកចេញទៅកាន់ប្រទេសផ្សេងទៀត។លោកស្រី Thomas-Greenfield បាននិយាយថា «ទំហំនៃវិបត្តិនេះ គឺមានច្រើនលើសលប់។ យើងត្រូវតែបន្តការព្យាយាមដើម្បីជួយប្រជាជនស៊ូដង់។ «ប្រជាជនកំពុងទទួលទានអ្វីៗគ្រប់យ៉ាងដើម្បីរស់ ដោយពឹងផ្អែកលើស្លឹកឈើ សម្រាប់ជីវជាតិ»។ អង្គការឃ្លាំមើលពិភពលោក បាននិយាយកាលពីខែមុនថា នឹងកើតមានពិតប្រាកដនៃគ្រោះទុរភិក្សនៅក្នុងតំបន់ចំនួន១៤ នៅទូទាំងប្រទេសស៊ូដង់ ប្រសិនបើសង្គ្រាមកាន់តែរីកធំ។ សង្រ្គាម ដែលបង្កឡើងដោយផែនការដើម្បីធ្វើសមាហរណកម្មកងទ័ព និងកងកម្លាំងយោធាប៉ារ៉ា ក្នុងការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី បានបង្កើតឲ្យមានរលកនៃអំពើហឹង្សា ដែលត្រូវបានដាក់កំហុសយ៉ាងធំទៅលើកងកម្លាំងគាំទ្ររហ័ស(RSF) ។ ប៉ុន្តែកងកម្លាំងគាំទ្ររហ័ស (RSF) បានបដិសេធចំពោះការធ្វើបាបជនស៊ីវិល។

លោក Trump ទទួលយកការតែងតាំងពីគណបក្សសាធារណរដ្ឋជាផ្លូវការ ដោយអំពាវនាវឱ្យមានឯកភាព

2024/07/19 11:48:04 am        152
លោក Donald Trump បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋក្នុងអំឡុងពេលសុន្ទរកថាបិទសន្និបាតដែលគ្របដណ្តប់ដោយការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីចុងសប្តាហ៍មុន។ អតីតប្រធានាធិបតីរូបនេះបាន និយាយនៅពេលចាប់ផ្តើមសុន្ទរកថារយៈពេល៤ថ្ងៃរបស់លោកថា "ភាពមិនចុះសម្រុងនិងការបែកបាក់នៅក្នុងសង្គមរបស់យើងគួរតែត្រូវបានព្យាបាល" ។ លោកបានបន្ថែមថា “ខ្ញុំកំពុងឈរឈ្មោះធ្វើជាប្រធានាធិបតីសម្រាប់អាមេរិកទាំងមូល មិនមែនពាក់កណ្តាលរបស់អាមេរិកទេ ព្រោះរាល់ជ័យជម្នះគឺសម្រាប់សហរដ្ឋអាមេរិកទាំងមូល។ លោក Trump ក៏បានពិភាក្សាអំពីគោលនយោបាយការបរទេសផងដែរ ដោយប្តេជ្ញាថានឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្នបានបង្កើតឡើង ។ លោកបានអះអាងថា ប្រសិនបើលោកជាប្រធានាធិបតី សង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នឹងមិនកើតឡើងឡើយ ប៉ុន្តែលោកមិនបានលើកឡើងពីរបៀបដែលលោកនឹងបញ្ឈប់នោះទេ។ លោកបានអះអាងថា ខ្ញុំអាចបញ្ឈប់សង្គ្រាមបានដោយការហៅទូរស័ព្ទ៕

ចិន ជំទាស់ដាច់ខាតចំពោះការដាក់សំណើរបស់វៀតណាមទៅ UN ស្ដីពីតំបន់បាតសមុទ្រទឹករាក់ ក្នុងសមុទ្រចិនខាងត្បូង

2024/07/19 11:44:43 am        149
ប្រទេសចិនបានតវ៉ាប្រឆាំងនឹងការទាមទារចុងក្រោយរបស់វៀតណាមចំពោះតំបន់ខ្ពង់រាបសមុទ្រទឹករាក់ លាតសន្ធឹងក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីសំណើស្រដៀងគ្នានេះធ្វើឡើងដោយហ្វីលីពីនកាលពីខែមុន។យោងតាមក្រសួងការបរទេសរបស់ប្រទេសវៀតណាម ប្រទេសនេះបានដាក់បណ្ដឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់គណៈកម្មការនៃអង្គការសហប្រជាជាតិស្តីពីការកំណត់តំបន់បាតសមុទ្រទឹករ៉ាក់ ឬលំហរសមុទ្រទឹករាក់ (CLCS) ដើម្បីស្វែងរកសុពលភាពជាផ្លូវការនៃព្រំដែនខាងក្រៅនៃតំបន់បាត មុទ្រទឹករ៉ាក់ ស្របច្បាប់របស់ខ្លួនលើសពីដែនកំណត់ទំហំ៣៧០គីឡូម៉ែត្រ នៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានទទួលស្គាល់ ទីក្រុងហាណូយនឹងទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្មធនធានធម្មជាតិនៅលើតំបន់ទឹករ៉ាក់នេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ការដាក់បណ្ដឹងរបស់វៀតណាមបានធ្វើឡើងបន្ទាប់ពីហ្វីលីពីនបានដាក់សំណើស្រដៀងគ្នានេះកាលពីខែមិថុនា ដើម្បីស្វែងរកការបញ្ជាក់អំពីវិសាលភាពនៃតំបន់បាតសមុទ្រទឹករាក់របស់ខ្លួននៅភាគខាងលិចនៃខេត្ត ផាឡាវ៉ាន់ (Palawan)របស់ហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លី ជាន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការទាមទារជាឯកតោភាគី របស់វៀតណាមរួមមានតំបន់ដែនសមុទ្រ ដែលគ្របដណ្តប់ផ្នែកខ្លះនៃប្រជុំកោះស្ព្រាតលី (Spratly) រំលោភលើអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រ របស់ចិន៕

សហជីព-កម្មករជូនពរថ្នាក់ដឹកនាំ និងអ្នកបំពេញ​ការងារ​គម្រោងព្រែក​ជីកហ្វូនណនតេជោ​ឱ្យដំណើរការល្អប្រសើរ

2024/07/19 11:27:57 am        181
ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ការដ្ឋាន​ដើម្បី​សាងសង់ សហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែងការការអបអរសាទរ ជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជា​ក្រុម​ការងារ​ដែល​ត្រូវ​បំពេញ​បេសកម្ម​នេះ​ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។ជួបសម្ភាសន៍រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះលោក ផាត់ ហ៊ុន សហជីព​កម្ម​ករ​កម្ពុជា​ (CLUF) បាននិយាយថាដោយសារថ្ងៃប្រកាស​បើកការដ្ឋាន​ផ្លូវការ​ព្រែកជីក​ហ្វូណនតេជោ​ចំថ្ងៃ​កម្ម​ករនិយោជិតធ្វើការងារ ដោយខក​ខានមិនបានចូលរួមអបអរសាទរដោយផ្ទាល់ តាមរយៈ​ការ​ជួបជុំ​ធ្វើពិធីទូងស្គរ និងវាយជួងជាដើម ប៉ុន្តែរូបលោកក៏ដូចជាកម្មករ កម្មការិនី​ជា​ច្រើន​នាក់​ផ្សេងទៀ​ត​ពិតជាសប្បាយចិត្តនិងគាំទ្រ ១០០% ព្រោះបានបង្ហាញពីចលនាជាតិ និង​ការ​សាមគ្គី​ភាព​​របស់​ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។ទាក់ទិនគម្រោងព្រែកជីកនេះដែរ កម្មករ កម្មការនីរោងចក្រផលិតស្បែកជើង ស្ថិត​នៅស​ង្កាត់​កាកាប​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមគោលនិយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំ​ប្រទេស​រីកចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​ជាពិសេសទាក់ទាញអ្នកវិនិយោគកាន់​តែច្រើន​ឲ្យ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រថែម​ទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។ដើម្បីជាការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈ​ការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅ​វេលា​ម៉ោង ៩:០៩នាទីព្រឹក៕ អត្ថបទ ឈិត បូរ៉ាវី 

ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ដែកថែបកម្ពុជា-ចិន

2024/07/19 11:07:28 am        191
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធ​បង្គោលផ្លាក​ផ្លូវ​ក្រវាត់ក្រុងទី៣ ដោយ​ប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនង​មិត្តភាព​ដែក​ថែបកម្ពុជា-ចិន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅចំណុចរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ក្រវាត់​ក្រុងទី៣ ត្រូវ​បាន​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ភាព​ជា​ប្រធាន​ព្រឹទ្ធសភា និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើពិធីប្រកាសពីប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៣ ប្រសិទ្ធនាមឈ្មោះថា មហាវិថី ស៊ី ជីនពីង ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ និងដឹង​គុណពី​រាជ​រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន និង​ជំនួយ​ផ្សេង​ៗដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ​ដែល​ដាក់​ចេញ​ដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាការពិតណាស់ ការប្រសិទ្ធនាមមហាវិថី ស៊ី ជីនពីង​នេះ ស្របពេលខួប៦៦ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិន​បាន​ចាប់​ផ្ដើម​ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៨ ហើយទំនាក់ទំនង​នេះ​បន្ត​មាន​ភាពល្អ​ប្រសើ​រ​ឡើង​រហូត​ក្លាយ​ជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេល​ប្រមុខ​រដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បី​លើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។សូមជម្រាបថា មហាវិថី ស៊ី ជីនពីង ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ និងចំណាយ​ថវិ​កា​សាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក។ មហាវិថី ស៊ី ជិនពីន នេះជាការតភ្ជាប់ផ្ទៃក្នុង និង​សមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់​អភិវឌ្ឍ​ថែម​ទៀតផង​៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
11/26/2024 10:11 PM
មហាសេដ្ឋិនីដែលជាប់ទោសប្រហារជីវិត នៅវៀតណាម អង្វរតុលាការសុំរស់រាន
11/26/2024 09:11 PM
បុរស ៣នាក់ ស្លាប់ ក្រោយបើករថយន្តផុតស្ពានមិនទាន់សាងសង់ហើយ នៅឥណ្ឌា ដោយសារ Google Maps បង្ហាញផ្លូវខុស
11/26/2024 09:11 PM
ពលរដ្ឋហ្កាហ្សា និយាយពីការលំបាក ស្របពេលជួបកង្វះខាតស្បៀងអាហារ និងអាកាសធាតុត្រជាក់ខ្លាំង
11/26/2024 09:11 PM
ពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនព្រួយបារម្ភថាបទឈប់បាញ់ជាមួយក្រុមហេសបូឡា នឹងមិននាំសន្តិសុខយូរអង្វែងនោះទេ
11/26/2024 09:11 PM
ក្រិកអំពាវនាវឲ្យបង្កើនតួនាទីការពារជាតិ នៅ EU និងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ
11/26/2024 09:11 PM
កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០
11/26/2024 09:11 PM
កម្ពុជា​-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី
11/26/2024 08:11 PM
ប្រទេសតាជីគីស្ថានប្រកាសថានឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ
11/26/2024 08:11 PM
ប្រធានសិទ្ធិមនុស្ស UN បង្ហាញក្តីកង្វល់ខ្លាំងចំពោះការឡើងកម្តៅជម្លោះនៅក្នុងប្រទេសលីបង់
11/26/2024 07:11 PM