គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump និយាយថា លោកមិនទាន់សម្រេចជ្រើសរើសអនុប្រធានាធិបតីនៅឡើយទេ

2024/07/09 01:59:28 pm        82
លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយថាតើនរណាត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់លោក ប៉ុន្តែគ្រោងនឹងធ្វើការប្រកាសនៅក្នុងសប្តាហ៍ខាងមុខនេះ។លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) កាលពីយប់ថ្ងៃចន្ទ (០៨ កក្កដា) ថា «ការជ្រើសរើសនោះអាចធ្វើឡើងអំឡុងពេលមហាសន្និបាត» ដោយសំដៅទៅលើសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដា នៅទីក្រុង មីលវ៉ឃី (Milwaukee)។លោក Trump បាននិយាយថា មិត្តរួមប្រកួតតំណែងរបស់លោកនឹងជា «មនុស្សម្នាក់ដែលអាចធ្វើការងារធំដុំដូចជាប្រធានាធិបតីបាន» ហើយក៏ជា «មនុស្សម្នាក់ដែលជួយលោកឱ្យជាប់ឆ្នោត»។ នៅពេលត្រូវសាកសួរថាតើបេក្ខភាពណាខ្លះដែលអាចទទួលបានតំណែងនោះ លោក Trump បានបង្ហើបថាសមាជិកព្រឹទ្ធសភាដូចជា លោក ជេឌី វ៉ានស៍ (J.D. Vance), លោក ម៉ាខូ រូប៊ីអូ (Marco Rubio), លោក ធីម ស្កុត (Tim Scott) និងអភិបាលរដ្ឋ ណស ដេខូតា (North Dakota) លោក ដាក់ ប៊ឺហ្កាំ (Doug Burgum) កំពុងស្ថិតក្នុងការពិចារណា។អតីតប្រធានាធិបតីរូបនេះបានគូរបញ្ជាក់ម្តងហើយម្តងទៀតអំពីដំណើរការជ្រើសរើសអនុប្រធានាធិបតី ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈ និងការរំពឹងទុកជុំវិញការសម្រេចចិត្តនេះ។ កាលពីខែមិថុនា លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបានគិតរួចហើយថាអ្នកណានឹងក្លាយជាអនុប្រធានាធិបតីរបស់លោក ប៉ុន្តែមិនបានប្រាប់ថាអ្នកនយោបាយរូបណានោះទេ៕

តំបន់សេដ្ឋកិច្ចពិសេសទំហំ ១៤០ហិកតា ប្រើទុនវិនិយោគ៧០លានដុល្លារនឹងត្រូវបង្កើតឡើង​ក្នុងខេត្តពោធិ៍សាត់

2024/07/09 01:59:14 pm        121
ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាន​នឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដី​ទំហំ​១៤០​ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្បាល​ដី​លេខ​៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែ​កក្កដា បានដឹកនាំគណៈកម្មការ​អន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់ បាន​​ធ្វើ​ការចុះពិនិត្យទីតាំងនៃគម្រោងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ហើយ​ការ​ស្នើ​សុំ​បង្កើត​គម្រោង​វិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាព​ជោគជ័យ​ក្នុង​ការ​រីក​ចម្រើន​របស់​សង្គម​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជក់ឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់​គ្រាំទ្រ​ចំពោះ គម្រោងសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុក្រគរ និងចូលរួមសហការ សម្រប​សម្រួល លើការងារពាក់ព័ន្ធ ដើម្បពន្លឿនគម្រោងមួយនេះ ។ ឯកឧត្តម លឹម សុខតូ បាន​ឱ្យ​ដឹង​បន្ថែម​ដែរ នៅទីតាំងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរនេះ បច្ចុប្បន្ន​មាន​រោង​ចក្រ​​ធម​ៗ​ដែលកំពុងដំណើររួមមាន រោងចក្រដំឡើងរថយន្តFord , រោងចក្រផ្គុំ និង​ដំឡើង​បរិក្ខា​អគ្គិសនី, រោងចក្រដំឡើងត្រង់ហ្វូរ , និងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប ហើយក៏​មាន​រោង​ចក្រ​របស់​ក្រុមហ៊ុន មីនីបៀរ របស់ប្រទេសជប៉ុន គ្រោងបង្កើតថ្មី​លើ​ផ្ទៃ​ដី​៥០​ហិកតា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ និងរោងចក្រមួយ​ចំនួន​ទៀត​ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​បង្កើត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុកក្រគរនេះ ។ ហើយការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងតំប​ន់​សេដ្ឋកិច្ច​ពិសេស​ក្នុងខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានថាមពលស្អាត គឺទំនប់​វារី​អគ្គិសនី និងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា ព្រមទាំង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ធ័នកាន់តែល្អប្រសើរ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

អ៊ុយក្រែន រិះគន់ជំនួបលោក Modi និងលោក Putin ក្នុងថ្ងៃនៃការវាយប្រហារដ៏បង្ហូរឈាមរបស់រុស្ស៊ី

2024/07/09 01:48:24 pm        119
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទ (០៨ កក្កដា) បានរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា ទៅកាន់ទីក្រុងមូស្គូ ថាជា «រឿងខកចិត្តដ៏ធំ និងជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព» នៅថ្ងៃតែមួយដែលមីស៊ីលរបស់រុស្ស៊ី បានបាញ់ចូលមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវ។នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅឯនិវេសនដ្ឋានរបស់លោកក្នុងទីក្រុង ណូវ៉ូ-អូហ្កាយ៉ូវ៉ូ (Novo-Ogaryovo) ខាងក្រៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ខណៈដែលមីស៊ីលរបស់រុស្ស៊ី បានធ្លាក់នៅចម្ងាយ ៩០០ គីឡូម៉ែត្រ លើទីក្រុងនានារបស់អ៊ុយក្រែន ក្នុងការវាយលុកអំឡុងម៉ោងមមាញឹកពេលព្រឹក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់ និងបង្ករបួសជិត ២០០ នាក់។ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Modi គឺជាដំណើរលើកដំបូងរបស់លោកទៅកាន់រុស្ស៊ី ចាប់តាំងពីលោក Putin បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន កាលពីជិតពីរឆ្នាំកន្លះមុន ដោយរូបភាពនិងវីដេអូកាលពីថ្ងៃចន្ទ បង្ហាញពីមេដឹកនាំទាំងពីរឱបក្រសោបគ្នា ផឹកតែជជែកគ្នា ជិះរថយន្តអគ្គិសនី និងមើលការសម្ដែងជិះសេះយ៉ាងរីករាយ។ដំណើររបស់លោក Modi គឺជាសញ្ញាមួយបង្ហាញថា ក្រុងញូវដែលី និងទីក្រុងមូស្គូ នៅតែស្និទ្ធស្នាល បើទោះបីជារុស្ស៊ី ពឹងផ្អែកកាន់តែខ្លាំងលើចិន ហើយត្រូវបានគេមើលឃើញថា ជាការធ្លាក់ចុះចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំលោកខាងលិច ក្នុងការដាក់លោក Putin ឱ្យនៅឯកោ៕

ក្រុមហ៊ុន SpaceX បង្ហោះផ្កាយរណបទំនាក់ទំនងផលិតក្នុងស្រុកដំបូងរបស់ប្រទេសទួរគី

2024/07/09 11:48:17 am        46
យានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃចន្ទ បានបង្ហោះផ្កាយរណបទំនាក់ទំនងដែលផលិតក្នុងស្រុកដំបូងរបស់ប្រទេសទួរគី ដើម្បីធានាដល់ចរាចរណ៍យោធានៅព្រំដែនប្រទេសទួរគី ខណៈកំពុងផ្តល់សេវាកម្មពាណិជ្ជកម្មដែលត្រូវបានពង្រីកនៅទូទាំងប្រទេសឥណ្ឌា ថៃ ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ប្រធានាធិបតីទួរគី លោក Recep Tayyip Erdoğan បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «យើងទើបតែបានបង្ហោះផ្កាយរណបទំនាក់ទំនងក្នុងស្រុករបស់យើង Türksat 6A ចូលទៅកាន់ទីអវកាស។ យើងបានឃើញប្រភពនៃមោទនភាពមួយផ្សេងទៀតសម្រាប់ប្រទេសយើង។ជាង៨១ភាគរយនៃប្រព័ន្ធរណប ស្ថានីយ៍លើដីសម្រាប់ផ្កាយរណ និងSoftware ក្នុងគម្រោង 6A មានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ប្រទេសយើងក្នុងទីអវកាស ដែលត្រូវបានផលិតឡើងដោយប្រទេសទួរគី ជាមួយនឹងធនធានរបស់ប្រទេស។លោក អាប់ឌុលកាឌៀ អ៊ុយរ៉ាឡូគ្លូ(Abdulkadir Uraloglu) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រទេសទួរគី និយាយថា ប្រទេសទួរគី ចូលរួមជាមួយក្លឹបផ្តាច់មុខមួយ មានប្រទេសចំនួន១១ មានសមត្ថភាពបង្កើតផ្កាយរណបទំនាក់ទំនងបច្ចេកវិទ្យាខ្ពស់។ នៅមុនការបាញ់បង្ហោះ ដែលបានសរសេរបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោកបានសរសេរជាភាសាទួរគីថា «Türksat 6A នឹងក្លាយជានិមិត្តរូបនៃឯករាជ្យភាពរបស់យើងនៅក្នុងទីអវកាស និងសាមគ្គីភាពរបស់យើងនៅលើផែនដី និងនៅលើអវកាស។

អាមេរិក បញ្ជាឱ្យត្រួតពិនិត្យយន្តហោះ Boeing 737 ជាង ២.០០០គ្រឿង ជុំវិញបញ្ហាម៉ាស់អុកស៊ីហ្សែន

2024/07/09 11:44:44 am        50
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថាខ្លួនកំពុងទាមទារឱ្យមានការត្រួតពិនិត្យលើយន្តហោះ ប៊ូអ៊ីង ៧៣៧ (Boeing 737) ចំនួន ២.៦០០ គ្រឿង ដោយសារតែរបាំង (ម៉ាស់) អុកស៊ីហ្សែនសម្រាប់អ្នកដំណើរ អាចនឹងមិនដំណើរការក្នុងអំឡុងពេលមានអាសន្នដោយសារតែខ្សែរឹតម៉ាស់។ រដ្ឋបាល FAA បាននិយាយថា ខ្លួនកំពុងទាមទារឱ្យមានការត្រួតពិនិត្យយន្តហោះប្រភេទ 737 MAX និងប្រភេទ ជំនាន់ថ្មី (Next Generation) បន្ទាប់ពីរបាយការណ៍ជាច្រើននៃអង្គភាពផ្តល់សេវាដឹកអ្នកដំណើរថាទីតាំងរបាំងអុកស៊ីហ្សែនត្រូវបានផ្លាស់ប្តូរទ្រង់ទ្រាយ ដោយនោះជាបញ្ហាដែលអាចបណ្តាលឱ្យអសមត្ថភាពក្នុងការផ្តល់អុកស៊ីហ្សែនបន្ថែមដល់អ្នកដំណើរក្នុងអំឡុងពេលសម្ពាធខ្លាំងលើអាកាស។ក្រុមហ៊ុន Boeing ដែលកាលពីថ្ងៃទី១៧ ខែមិថុនា បានចេញព្រឹត្តិបត្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលអំពាវនាវឱ្យមានការត្រួតពិនិត្យ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើបច្ចុប្បន្នភាពផ្នែករងនៃខ្សែរឹតនៅលើម៉ាស់អុកស៊ីហ្សែន បន្ទាប់ពីជ័រកាវថ្មីដែលបានណែនាំឱ្យប្រើនៅលើខ្សែនៅក្នុងខែសីហា ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាធ្វើឱ្យម៉ាសផ្លាស់ប្តូរទ្រង់ទ្រាយ (ខ្សែរំកិលធ្លាក់ចេញពីម៉ាស់) រហូតដល់បីភាគបួនអ៊ីញ។រដ្ឋបាល FAA បាននិយាយថា ការណែនាំអំពីភាពស័ក្តិសមធ្វើដំណើរតាមអាកាសរបស់ខ្លួនសម្រាប់យន្តហោះមានប្រសិទ្ធភាពភ្លាមៗ ហើយទាមទារឱ្យមានការត្រួតពិនិត្យ និងវិធានការកែតម្រូវ ប្រសិនបើចាំបាច់ក្នុងរយៈពេល ១២០ ទៅ ១៥០ ថ្ងៃដោយផ្អែកលើគំរូយន្តហោះ 737 នីមួយៗ៕

លោក Trump រំពឹងទុកថាលោក Biden នឹងបន្តនៅក្នុងការប្រជែងតំណែងប្រធានាធិបតី

2024/07/09 11:42:04 am        59
បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោករំពឹងថាលោក ចូ បៃដិន (Joe Biden) នឹងនៅតែស្ថិតក្នុងការប្រជែងតំណែងសេតវិមាន បើទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងនៅក្នុងបក្សប្រជាធិបតេយ្យឱ្យលោកចុះចេញពីតំណែង ហើយទុកបេក្ខភាពឱ្យអ្នកនយោបាយវ័យក្មេងជំនួសវិញក៏ដោយ។លោក Trump វ័យ ៧៨ឆ្នាំបាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថាលោក Biden វ័យ ៨១ឆ្នាំ នឹងបដិសេធមិនចាកចេញពីយុទ្ធនាការនេះដោយសារតែភាពអត្មានិយមរបស់ខ្លួន ហើយសង្កត់ធ្ងន់ថាប្រធានាធិបតីរូបនេះមានការតែងតាំងពីគណបក្សប្រជាធិបតេយ្យដោយសារតែប្រតិភូសន្និបាតទាំងអស់ដែលលោកបានឈ្នះ ក្នុងអំឡុងការបោះឆ្នោតបឋម។ លោក Biden បានបញ្ជាក់ម្តងហើយម្តងទៀតថាលោកនឹងនៅបន្តនៅក្នុងការប្រជែងតំណែងនេះ។លោក Trump បានប្រាប់អ្នកសម្ភាសន៍នៅក្នុងការហៅទូរសព្ទដែលផ្សាយនៅលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) ថា «លោក Biden មានអំណាចច្រើនព្រោះលោកមានប្រតិភូគាំទ្រ។ លុះត្រាតែលោកនិយាយថា 'ខ្ញុំបោះបង់ហើយ' បើមិនដូច្នេះទេពួកគេមិនអាចបង្ខំឱ្យលោកលាលែងបានឡើយ ក្រៅតែពីការលើកយកវិសោធនកម្មទី២៥ មកប្រើ»។វិសោធនកម្មទី២៥ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក អាចឱ្យអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីប្រកាសថាប្រធានាធិបតីមិនអាចប្រើអំណាច និងធ្វើភារកិច្ចក្នុងមុខតំណែងបានទេ ដោយផ្ទេរការងារទៅឱ្យអនុប្រធានាធិបតីធ្វើជាប្រធានាធិបតីស្តីទី។ ប៉ុន្តែមិនមានការចង្អុលបង្ហាញថាលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស (Kamala Harris) ឬសមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់ជ្រើយយកជម្រើសនេះមកប្រើឡើយ៕

ប្រទេសចិន និងបេឡារុស ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនប៉ូឡូញ

2024/07/09 11:34:23 am        123
ក្រសួងការពារជាតិបេឡារុស និងចិន បាននិយាយថា ប្រទេសទាំងពីរបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃចន្ទ (០៨ កក្កដា) នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែននៃប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ហើយសមយុទ្ធនោះចាប់ផ្តើមនៅមុនកិច្ចប្រជុំកំពូលនៃសម្ព័ន្ធយោធាមួយនេះ។លោកឧត្តមសេនីយ វ៉ាឌីម ដេនីសិនកូ (Vadim Denisenko) ប្រធានបញ្ជាការប្រតិបត្តិការពិសេសរបស់បេឡារុស ត្រូវបានដកស្រង់សម្តីដោយក្រសួងការពារជាតិបេឡារុស នៅក្នុងបណ្ដាញតេលេក្រាមថា «ព្រឹត្តិការណ៍ដែលកើតឡើងនៅលើពិភពលោកគឺគួរឱ្យព្រួយបារម្ភណាស់ ហើយស្ថានភាពមិនសូវស្រួលនោះទេ ដូច្នេះយើងនឹងអនុវត្តទម្រង់ថ្មី និងវិធីសាស្រ្តក្នុងការអនុវត្តសមយុទ្ធតាកទិក»។ក្រសួងបាននិយាយថា សមយុទ្ធដែលមានឈ្មោះថា «សមយុទ្ធវាយប្រហារ» (Falcon Assault) នឹងដំណើរការរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់មួយនៅជិតទីក្រុង ប្រេស (Brest) នៅភាគនិរតីបេឡារុស ស្ថិតនៅជាប់ព្រំដែនជាមួយប៉ូឡូញ។ ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា បេឡារុសបានរៀបចំ «ពិធីស្វាគមន៍ដ៏ធំ» សម្រាប់កងទ័ពចិនដែលទៅដល់បេឡារុស កាលពីថ្ងៃទី០៦ ខែកក្កដា។ ក្រសួងបាននិយាយថា «ការហ្វឹកហ្វឺនរួមគ្នានេះមានគោលបំណងបង្កើនសមត្ថភាពសម្របសម្រួលនៃកងទ័ពដែលចូលរួម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ»៕

សិក្ខាកាមយោធាសម្រាំងកូរ៉េខាងជើង ធ្វើទស្សនកិច្ចនៅរុស្ស៊ី ខណៈទំនាក់ទំនងកាន់តែស៊ីជម្រៅ

2024/07/09 09:46:43 am        66
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (០៩ កក្កដា) នេះថា គណៈប្រតិភូសិក្ខាកាមយោធាសម្រាំងរបស់កូរ៉េខាងជើង បានចេញទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដែលជាការផ្លាស់ប្តូរយោធាលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីមេដឹកនាំរបស់ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធា គីម អ៊ីលស៊ុង (Kim Il Sung) គឺលោក គីម គឹមឆុល (Kim Geum Chol) ជាអ្នកដឹកនាំគណៈប្រតិភូមន្ត្រីយោធាកំពុងហ្វឹកហ្វឺនទាំងនោះ ហើយបានចេញដំណើរតាមយន្តហោះកាលពីថ្ងៃចន្ទ។ កូរ៉េខាងជើង មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត រួមទាំងគោលបំណងនៃដំណើរនោះ និងទីកន្លែងណានៅក្នុងប្រទេសរុស្ស៊ី ដែលពួកគេទៅទស្សនកិច្ចទេ។ដោយដាក់ឈ្មោះតាមស្ថាបនិករដ្ឋ សាកលវិទ្យាល័យនេះគឺជាទីលានបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាសម្រាំង ហើយមេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ុន (Kim Jong Un) ក៏បានចូលរួមនៅទីនោះ បន្ទាប់ពីសិក្សានៅស្វីស ខណៈពេលដែលត្រូវបានតែងតាំងជាមេដឹកនាំទីបីរបស់ប្រទេស។គណៈប្រតិភូសាកលវិទ្យាល័យយោធា គឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី ខណៈពួកគេបានផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងឆ្នាំមុន រួមទាំងដំណើររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ផងដែរ៕

ហ្វីលីពីន ច្រានចោលការចោទប្រកាន់របស់ចិន ពីការបំផ្លាញបរិស្ថាននៅសមុទ្រចិនខាងត្បូង

2024/07/09 09:42:18 am        97
ហ្វីលីពីន នៅថ្ងៃអង្គារ (០៩ កក្កដា) នេះបានច្រានចោលការចោទប្រកាន់របស់ចិន ដែលថានាវាចម្បាំងចតចោលរបស់ខ្លួនលើដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដ៏ប្រកួតប្រជែងនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹកនៅតំបន់នោះ ដោយទម្លាក់កំហុសចំពោះការបំផ្លាញបរិស្ថានសមុទ្រនេះលើទីក្រុងប៉េកាំង។ក្រុមការងារហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ក្នុងសេចក្តីថ្លែងការណ៍មួយបានអំពាវនាវឱ្យមានការវាយតម្លៃផ្នែកវិទ្យាសាស្ត្រសមុទ្រដោយឯករាជ្យ និងពីភាគីទីបី អំពីមូលហេតុនៃការខូចខាតនៃផ្កាថ្មរបស់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង។ក្រុមការងារនោះបាននិយាយថា «គឺប្រទេសចិនទេដែលបានធ្វើឱ្យមានការខូចខាតដែលមិនអាចជួសជុលបានចំពោះផ្កាថ្មទាំងនោះ។ គឺប្រទេសចិនទេដែលបានធ្វើឱ្យខូចខាតដល់បរិស្ថានសមុទ្រ និងបានធ្វើឱ្យប៉ះពាល់ដល់ជម្រកធម្មជាតិ រួមទាំងការចិញ្ចឹមជីវិតរបស់អ្នកនេសាទហ្វីលីពីនរាប់ពាន់នាក់»។គួររលឹកថា កាលពីថ្ងៃចន្ទ ក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន បាននិយាយនៅក្នុងរបាយការណ៍មួយថា នាវាចម្បាំងហ្វីលីពីនបាន «ចូលចតដោយខុសច្បាប់» ជុំវិញតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល នៅជិតកោះ ណានសា (Nansha) អស់រយៈពេលជាយូរមកហើយ «ហើយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាពចម្រុះ ស្ថិរភាព និងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ដែនទឹកនោះ»៕

លោក Xi អំពាវនាវឱ្យមហាអំណាចពិភពលោកជួយឱ្យរុស្ស៊ី និងអ៊ុយក្រែន បន្តកិច្ចសន្ទនាដោយផ្ទាល់

2024/07/09 09:09:10 am        81
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) កាលពីថ្ងៃចន្ទ (០៨ កក្កដា) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលហៅថា «បេសកកម្មសន្តិភាព» ដោយមេដឹកនាំអឺរ៉ុបរូបនេះថា បណ្ដាមហាអំណាចពិភពលោកគួរតែជួយឱ្យរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញ។ដំណើរទៅកាន់ប្រទេសចិន របស់លោក Orban ធ្វើឡើងមួយថ្ងៃមុនពេលសម្ព័ន្ធយោធា ណាតូ (NATO) រៀបចំកិច្ចប្រជុំកំពូលមួយដើម្បីប្រារព្ធខួបលើកទី៧៥ របស់ខ្លួន ដែលសង្រ្គាមអ៊ុយក្រែន នឹងក្លាយជាប្រធានបទសំខាន់ក្នុងការពិភាក្សា ហើយបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីសប្តាហ៍មុន។លោក Orban បាននិយាយមុននេះថា ដំណើរដែលមិនមានការប្រកាសជាមុនទៅទីក្រុងប៉េកាំងមួយនេះគឺជា «បេសកកម្មសន្តិភាព 3.0»។ ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Xi ដោយនិយាយថា «សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌ និងផ្តល់ជំនួយសម្រាប់ភាគីទាំងពីរដើម្បីបន្តការសន្ទនា និងការចរចាដោយផ្ទាល់ឡើងវិញ»។បន្ទាប់ពីកិច្ចពិភាក្សា លោក Orban បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រទេសចិនគឺជា «មហាអំណាចសំខាន់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព» នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក Orban បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃសុក្រសប្ដាហ៍មុន អំពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានរិះគន់ដោយទីក្រុងគីវ និងសហភាពអឺរ៉ុប។ លោក Putin បានប្រាប់លោក Orban ថាអ៊ុយក្រែនត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីតំបន់ដែលទីក្រុងមូស្គូបានដាក់បញ្ចូល ប្រសិនបើខ្លួនចង់បានសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនព្រមានអាមេរិកទល់នឹងការយកបញ្ហាសេដ្ឋកិច្ច និងការដំឡើងពន្ធរបស់លោក Trump ជាអាវុធ
11/28/2024 10:11 AM
FBI និយាយថា ការគំរាមបំផ្ទុះគ្រាប់បែក ដាក់គោលដៅលើអ្នកត្រូវជ្រើសតាំងដោយលោក Trump
11/28/2024 10:11 AM
ក្រុមហេសបូឡា ត្រូវការពេលវេលាយូរដើម្បីស្រោចស្រង់ ខណៈក្រុមនេះជឿថាអ្នកប្រយុទ្ធរាប់ពាន់នាក់ត្រូវបានសម្លាប់
11/28/2024 10:11 AM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម
11/28/2024 09:11 AM
ប្រភព៖ លោក Biden ត្រៀមកញ្ចប់ជំនួយសព្វាវុធ ៧២៥លានដុល្លារ រួចរាល់សម្រាប់អ៊ុយក្រែន
11/28/2024 09:11 AM
ចារកម្មអាមេរិក៖ ជម្លោះនុយក្លេអ៊ែរទំនងមិនកើតឡើងទេ ទោះមានការព្រមានពីលោក ពូទីន ក៏ដោយ
11/28/2024 09:11 AM
ប្រមុខUN មើលឃើញថា បទឈប់បាញ់នៅលីបង់ ជារស្មីដំបូងនៃក្តីសង្ឃឹម ក្នុងជម្លោះនៅមជ្ឈិមបូព៌ា
11/28/2024 09:11 AM
ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម
11/28/2024 09:11 AM
បាតុករប៉ាគីស្ថានជិត១.០០០នាក់ត្រូវបានចាប់ខ្លួន ក្នុងក្បួនតវ៉ាគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
11/28/2024 09:11 AM
ក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ ប្តេជ្ញាបន្តការតស៊ូ បន្ទាប់ពីបទឈប់បាញ់
11/28/2024 08:11 AM