សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីព្រមានថា ខ្លួនអាចកំណត់គោលដៅលើអឺរ៉ុប ប្រសិនបើអាមេរិក ដាក់ពង្រាយមីស៊ីល

2024/07/15 06:52:47 pm        138
វិមានក្រឹមឡាំង កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) បានព្រមានថា ការដាក់ពង្រាយមីស៊ីលរបស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ អាចធ្វើឱ្យបណ្ដារដ្ឋធានីអឺរ៉ុប ក្លាយជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្នុងការប្រឈមមុខគ្នាបែបសង្គ្រាមត្រជាក់ម្តងទៀត។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយអំពី «ភាពផ្ទុយគ្នា» ដែលក្នុងនោះ «អឺរ៉ុបគឺជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី ចំណែករុស្ស៊ី គឺជាគោលដៅសម្រាប់មីស៊ីលអាមេរិក នៅអឺរ៉ុប»។ លោកបាននិយាយទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីថា «យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់មីស៊ីលអាមេរិកទាំងនោះ ប៉ុន្តែអ្នករងគ្រោះបំផុតគឺជាបណ្ដារដ្ឋធានីនៃប្រទេសអឺរ៉ុប»។លោក Peskov ក៏បានលើកឡើងផងដែរថា ការប្រឈមមុខដាក់គ្នាបែបនេះអាចបំផ្លាញអឺរ៉ុបទាំងមូល តាមរបៀបដូចគ្នាដែលសង្រ្គាមត្រជាក់បានបញ្ចប់ក្រោយការដួលរលំនៃសហភាពសូវៀត។ សេតវិមាន បានប្រកាសកាលពីសប្ដាហ៍មុនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា ខ្លួននឹងដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយចាប់ពីឆ្នាំ២០២៦ នៅអាល្លឺម៉ង់ ដើម្បីជាការរារាំង។វិមានក្រឹមឡាំង បានរិះគន់សកម្មភាពនេះរួចទៅហើយ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបោះជំហានឆ្ពោះទៅរកសង្រ្គាមត្រជាក់ថ្មី និងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនៅអ៊ុយក្រែន៕

រដ្ឋអាជ្ញាតំបន់៖ វាជារឿងអាម៉ាស់សម្រាប់សហគមន៍ ជុំវិញការបាញ់ប្រហារលោក Trump

2024/07/15 06:18:08 pm        189
រដ្ឋអាជ្ញាក្នុងតំបន់នៅទីក្រុង បាត់ល័រ(Butler) រដ្ឋ Pennsylvania បានសម្តែងការអាម៉ាស់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។រដ្ឋអាជ្ញាលោក Richard Goldinger បាននិយាយថា វាគួរឱ្យអាម៉ាស់សម្រាប់សហគមន៍។ លោក និយាយថា លោកបានរស់នៅទីនេះពេញមួយជីវិតរបស់លោក ហើយមិននឹកស្មានថា មានរឿងបែបនេះកើតឡើងនៅស្រុកកំណើតនោះទេ។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកនៅក្នុងការប៉ុនប៉ងធ្វើឃាត ក្នុងអំឡុងពេលការជួបជុំសម្រាប់យុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ជាការវាយប្រហារដែលទំនងជាកំណត់ជាថ្មីសម្រាប់ការប្រកួតប្រជែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ ខណៈមានការលើកឡើងនូវសំណួរជាច្រើនអំពីសន្តិសុខ ដែលផ្តល់ដល់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ។ យុទ្ធនាការរបស់លោក Trump ក្រោយមក ត្រូវបានគេនិយាយថា លោក ធ្វើបានល្អ ហើយលោកទំនងជាពុំមានរបួសអ្វីធំដុំ ក្រៅពីរបួសនៅលើត្រចៀកខាងស្តាំរបស់លោកនោះទេ។កាលពីព្រឹកថ្ងៃអាទិត្យ FBI បានកំណត់អត្តសញ្ញាណ លោក ថូម៉ាស់ ម៉ាស៊ូ គ្រូក (Thomas Matthew Crooks) អាយុ២០ ឆ្នាំ នៅរដ្ឋ Pennsylvania ជា គោលដៅពាក់ព័ន្ធ ជាអ្វីដែលគេហៅថាការប៉ុនប៉ងធ្វើឃាត។ ទីភ្នាក់ងារ និយាយថា ជនសង្ស័យត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារអង្គភាពសេវាសម្ងាត់ បន្ទាប់ពីបុរសរូបនេះ បានបាញ់ប្រហារពីលើដំបូលអគារប្រហែល១៤០ម៉ែត្រពីវេទិកា ដែលលោក Trump កំពុងថ្លែង។

អតីតអនុប្រធានាធិបតីរបស់លោក Trump និយាយថា គ្មានកន្លែងណានៅអាមេរិក មានហិង្សានយោបាយទេ

2024/07/15 06:15:00 pm        201
អតីតអនុប្រធានាធិបតី លោក Mike Pence បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា ថា គ្មានកន្លែងណាមួយ នៅសហរដ្ឋអាមេរិក មានហិង្សានយោបាយប្រភេទដូចដែលបានដាក់គោលដៅទៅលើអតីតចៅហ្វាយនាយរបស់លោក គឺលោក Donald Trump នៅក្នុងការជួបជុំគណបក្សសាធារណរដ្ឋនោះទេ។ លោក Pence បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា អំពើហិង្សាបែបនេះ «ត្រូវតែបានថ្កោលទោសជាសកល»។ លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្តាំ អំឡុងពេលជួបប្រជុំអ្នកគាំទ្រនៅទីក្រុងបាត់ល័រ(Butler) រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍។ ការវាយប្រហារនេះ បានសម្លាប់មនុស្សម្នាក់ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ខណៈអ្នកបាញ់ប្រហារ ត្រូវបានសម្លាប់ដោយអ្នកបាញ់ស៊ីបរបស់អង្គភាពសេវាសម្ងាត់។លោក Trump អាយុ៧៨ឆ្នាំ មានឈាមហូរនៅលើផ្ទៃមុខរបស់លោក បានឆ្លើយតបដោយការក្តាប់កណ្តាប់ដៃរបស់លោកទៅកាន់ហ្វូងមនុស្សដែលមានការភ្ញាក់ផ្អើល មុនពេលភ្នាក់ងារសម្ងាត់បានប្រញាប់ប្រញាល់នាំលោកចេញពីកន្លែងកើតហេតុ។ លោក Pence បាននិយាយនៅលើបណ្តាញ X ថាលោក និងភរិយារបស់លោក លោកស្រី Karen កំពុងបួងសួងសូមឲ្យលោក Trump ឆាប់ជាសះស្បើយពេញលេញ និងបួងសួងសម្រាប់អ្នករងរបួស និងអ្នកបាត់បង់ជីវិតក្នុងការវាយប្រហារដ៏រន្ធត់នេះ។ អតីតអនុប្រធានាធិបតីរូបនេះ ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតរបស់លោក Trump រហូតដល់ត្រឹមព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលនៅពេលនោះមានការមានៈចំពោះចៅហ្វាយនាយរបស់លោក ដែលលោកបានបដិសេធមិនរារាំង ការអះអាងជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Joe Biden ហើយអ្នកគាំទ្រ របស់លោក Trump ដែលមានកំហឹង បានវាយលុកលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ក្រោយមក លោក Pence បានចោទប្រកាន់មហាសេដ្ឋីរូបនេះថា បង្កគ្រោះថ្នាក់ដល់ជីវិតរបស់លោក និងគ្រួសាររបស់លោក តាមរយៈវោហាសាស្ត្រដ៏ក្តៅគគុក មុនពេលមានការវាយលុកលើវិមាន Capitol។ អ្នកគាំទ្រអតីតប្រធានាធិបតី បច្ចុប្បន្ននេះបានចាត់ទុកលោក Pence ថាជាជនក្បត់ ហើយលោក Trump ដែលត្រូវបានគេរំពឹងថានឹងប្រកាសពីការជ្រើសរើសអ្នករួមការងាររបស់លោកក្នុងពេលឆាប់ៗនេះ បានច្រានចោលការរំពឹងទុកនៃការវិលត្រលប់មករកអតីតអភិបាលរដ្ឋ Indiana ជាថ្មីម្តងទៀត។

ក្រុមហាម៉ាសថា ខ្លួនមិនបានចេញពីកិច្ចចរចាបទឈប់បាញ់ទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2024/07/15 05:31:15 pm        161
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា ក្រុមអ៊ិស្លាមនិយមមួយនេះមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទេ បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមកាលពីចុងសប្តាហ៍នេះនៅតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បាននិយាយថាកំណត់គោលដៅលើមេដឹកនាំយោធារបស់ក្រុមនេះគឺលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif)។លោក អ៊ីសហ្សាត អែលរ៉េស៊ីក (Izzat El-Reshiq) សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធ។ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង ខាន់យូនីស (Khan Younis) នៃតំបន់ហ្កាហ្សា ដែលក្នុងនោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០ នាក់ត្រូវបានសម្លាប់ បានបង្កើនភាពសង្ស័យលើកិច្ចចរចាបទឈប់បាញ់។ មានសញ្ញាសង្ឃឹមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់ដើម្បីបញ្ឈប់ការប្រយុទ្ធ និងដោះលែងចំណាប់ថ្នូរ ប៉ុន្តែប្រភពពីអេហ្ស៊ីប បាននិយាយថាកិច្ចចរចានោះត្រូវបានផ្អាក។យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅលើប្រមុខយោធាក្រុមហាម៉ាស បានសម្លាប់លោក រ៉ាហ្វា សាឡាម៉ា (Rafa Salama) មេបញ្ជាការកងពលតូចនៅក្រុង ខាន់យូនីស របស់ហាម៉ាស ប៉ុន្តែមិនមានការបញ្ជាក់ថាលោក Deif ក៏ត្រូវបានសម្លាប់ដែរឬយ៉ាងណាទេ៕

ក្រុមអ្នកគាំទ្ររបស់លោក Trump ប្រមូលផ្ដុំគ្នាបួងសួងឱ្យលោក បន្ទាប់ពីការវាយប្រហារ

2024/07/15 05:21:14 pm        111
នៅក្នុងពិធីបួងសួងឱ្យលោក Donald Trump នៅជិតមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង មីលវ៉ឃី (Milwaukee) រដ្ឋ វីស្ខនស៊ិន (Wisconsin) កាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ក្រុមអ្នកគាំទ្របានសរសេរការអធិស្ឋាន ការបួងសួង និងជូនពរដល់លោក បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអតីតប្រធានាធិបតីរូបនេះ។ អ្នកក្រុង Milwaukee និងអ្នកគាំទ្រលោក បាននិយាយថា ការចូលរួមក្នុងពិធីនេះមានសារៈសំខាន់ណាស់ ពីព្រោះការរស់រានមានជីវិតពីការប៉ុនប៉ងធ្វើឃាតរបស់លោក Trump គឺជា «អព្ភូតហេតុ»។ អ្នកចូលរួមរូបនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា «ព្រះមិនទាន់អស់កិច្ចការជាមួយលោក Trump ទេ ហើយផែនការធំត្រូវបានរៀបចំទុកសម្រាប់លោក»។បណ្ដាសមាជិកសាធារណៈរដ្ឋបាននិយាយថា ពួកគេបានកត់សម្គាល់ឃើញពីអារម្មណ៍នៃការបង្រួបបង្រួមគ្នាកាន់តែខ្លាំងនៅក្នុងបក្សក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយសង្ឃឹមថាមនុស្សកាន់តែច្រើននឹងចេញទៅបោះឆ្នោត។ អ្នកចូលរួមម្នាក់ទៀតមាននិយាយថា «អ្នកបោះឆ្នោតជាច្រើនចេះតែទៅបោះឱ្យតែរួច ពួកគេមិនដឹងអ្វីសោះពីបេក្ខជនឡើយ។ ដូច្នេះហើយ យើងសង្ឃឹមថាប្រជាជននឹងដឹងពីអ្នកដែលគេគាំទ្រ ព្រោះនេះជាការបោះឆ្នោតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេស»។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នៅក្នុងការវាយប្រហារដែលត្រូវបានគេស៊ើបអង្កេតថាជាការប៉ុនប៉ងលួចធ្វើឃាត។ លោកបានទៅដល់ទីក្រុង មីលវ៉ឃី (Milwaukee) កាលពីថ្ងៃអាទិត្យ ជាទីដែលលោកនឹងទទួលបានការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅចុងសប្តាហ៍នេះ៕

បេឡារុស និងចិន ធ្វើសមយុទ្ធប្រឆាំងភេរវកម្ម នៅជិតព្រំដែនប្រទេសប៉ូឡូញ

2024/07/15 05:14:14 pm        160
វីដេអូ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញ អង្គភាពយោធារបស់ប្រទេសបេឡារុស និងប្រទេសចិន ធ្វើសមយុទ្ធប្រឆាំងភេរវកម្មរួមគ្នា នៅជិតព្រំដែនប្រទេសប៉ូឡូញ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបេឡារុស ជាទូរទស្សន៍របស់យោធា បានចេញផ្សាយវីដេអូ ស្តីពីទាហានកំពុងហ្វឹកហាត់រួមគ្នា ក្នុងការលោតឆ័ត្រយោង និងការប្រយុទ្ធនៅសមរភូមិ។យោងតាមក្រសួងការពារជាតិប្រទេសបេឡារុសបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសទាំងពីរគ្រោងនឹងហ្វឹកហាត់សមយុទ្ធយុទ្ធសាស្ត្រជាបន្តបន្ទាប់ រួមទាំងការចុះចតនៅពេលយប់ ជំនះឧបសគ្គនៅលើដែនទឹក និងធ្វើប្រតិបត្តិការនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។ក្រសួងការពារជាតិបេឡារុស បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា ហ្វលខុន អឹសល(Falcon Assault) នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់ក្បែរទីក្រុង Brest ។ទីក្រុង Brest ស្ថិតនៅភាគនិរតីប្រទេសបេឡារុស នៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។ប្រទេសបេឡារុស បានអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងមួយសម្រាប់ធ្វើប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ប្រឆាំងអ៊ុយក្រែននៅឆ្នាំ២០២២។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/15 04:02:05 pm        226
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅ​វិមានសន្តិភាព។ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

FBI និយាយថា ការបាញ់ប្រហារលើលោក Trump គឺជា «ការប៉ុនប៉ងលួចធ្វើឃាត»

2024/07/14 10:15:37 pm        297
អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលបានបញ្ចប់ត្រឹមពាក់កណ្តាលអធ្រាត (ម៉ោងសហរដ្ឋអាមេរិក) ឈានចូលថ្ងៃអាទិត្យ (១៤ កក្កដា) នេះថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងធ្វើការស៊ើបអង្កើតលើ «ការប៉ុនប៉ងលួចធ្វើឃាត» ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។លោក ខេវិន រ៉ូជេក (Kevin Rojek) ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅក្រុង ភីតស៍ប៊ឺក (Pittsburgh) បាននិយាយថា FBI បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះថាឈ្មោះ ថូម៉ាស ម៉ាធូ ឃ្រុកស៍ (Thomas Matthew Crooks) ភេទប្រុស វ័យ ២០ ឆ្នាំ ហើយថាហេតុផលនៅពីក្រោយការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសនោះ មិនទាន់ដឹងថាជាអ្វីនៅឡើយទេ។លោក Rojek បាននិយាយថា «ការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងអតីតប្រធានាធិបតីរបស់យើង គឺលោក Donald Trump បានកើតឡើង ហើយករណីនោះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»។ មន្ត្រី FBI បាននិយាយថា មិនមានការគំរាមកំហែងទៀតទេ បន្ទាប់ពីការបាញ់ប្រហារនោះ។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំក្នុងអំឡុងពេលការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។ លោក ចច ប៊ីវិនស៍ (George Bivens) ស្នងការរងនៃប្រតិបត្តិការនគរបាលរដ្ឋ Pennsylvania បាននិយាយថា អ្នកបាញ់ប្រហារបានស្លាប់ អ្នកចូលរួមម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស៕

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត

2024/07/14 10:09:48 pm        235
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញដែលធ្វើឱ្យសិស្សនិស្សិតអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ។ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាសហប្រធានជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នេះដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សិស្សនិស្សិតដែលចូលរួមការប្រកួតប្រជែងនេះ នឹងបានរៀន​សូត្រពី​ការធ្វើការ​ងារជាក្រុមព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះត្រូវការក្រុមពហុជំនាញ​ផ្សេងៗគ្នា​ដូចជាជំនាញកម្មវិធីកុំព្យូទ័រ ​ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញ​ជាក់​លាក់​ច្បាស់លាស់សម្រាប់ជីវិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដែលមានទិសដៅធ្វើឱ្យពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច។ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង៣ពាន់នាក់ ​ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមថា អ្នក​សិក្សាជំនាញបច្ចេកទេសទាំងអស់នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដែលមានដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ​និងមានក្រុមនិស្សិតចំនួន ៩ក្រុម ​ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានាចំនួន ៥ រួមមាន វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា(NPIC), វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), បណ្ឌិត្យសភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទការប្រមូលផល​ស្រូវ​ដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិត មកពីបណ្ដាលវិទ្យាស្ថាន និង​សកល​វិទ្យាល័យ​ផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និង​ផលិតឧបករណ៍បច្ចេកវិទ្យាជារ៉ូបូត​ដោយ​ផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯកសម្រាប់តំណាងកម្ពុជា​ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម ​នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

ការស៊ើបអង្កេតផ្ដោតលើបរាជ័យផ្នែកសន្តិសុខ បន្ទាប់ពីការបាញ់ប្រហារលើលោក Trump

2024/07/14 09:42:56 pm        288
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតយ៉ាងរហ័សទៅលើថាតើខ្មាន់កាំភ្លើងអាចគេចពីភ្នែកភ្នាក់ងារសម្ងាត់ ហើយឡើងទៅលើដំបូលអគារ ក្បែរកន្លែងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងថ្លែងនៅក្នុងការជួបជុំបោះឆ្នោត ហើយបាញ់ប្រហារជាច្រើនគ្រាប់មុនពេលត្រូវបានសម្លាប់នោះដោយរបៀបណា។លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បាននិយាយថា ក្រុមនៅក្នុងអង្គជំនុំជម្រះនឹងកោះហៅមន្ត្រីមកពីសេវាសម្ងាត់ នៅនាយកដ្ឋានសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេស FBI ចូលសវនាការក្នុងពេលឆាប់ៗនេះ។ គណៈកម្មការត្រួតពិនិត្យសភា បានកោះហៅប្រធានសេវាសម្ងាត់ លោកស្រី គីនប៊ឺលី ឆៀតថល (Kimberly Cheatle) ទៅផ្តល់សក្ខីកម្មនៅថ្ងៃទី២២ ខែកក្កដា។ខណៈពេលដែលព័ត៌មានអំពីឧបទ្ទវហេតុនេះនៅមានភាពស្រពិចស្រពិលនៅឡើយ របាយការណ៍ដំបូងពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកបាញ់ប្រហារនោះនៅខាងក្រៅបរិវេណសន្តិសុខនៃកន្លែងប្រមូលផ្តុំនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។ មនុស្សម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន BBC បាននិយាយថា គេបានឃើញបុរសនោះកាន់កាំភ្លើង ហើយព្យាយាមជូនដំណឹងដល់នគរបាល និងសេវាសម្ងាត់ តែមិនបានសម្រេច។អ្នកគាំទ្រលោក Trump បានរិះគន់សេវាកម្មសម្ងាត់ដែលទទួលខុសត្រូវក្នុងការការពារលោក Trump ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិក។ លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) បានអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះលាលែងពីតំណែង។ ភ្នាក់ងារពិសេសរបស់ FBI លោក ខេវិន រ៉ូជេក (Kevin Rojek) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយនិយាយថា «វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់» ដែលជននោះអាចបាញ់បានជាច្រើនគ្រាប់បែបនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM