អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០
កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម

សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ

2026/11/07 10:16:16 am        178
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និង​ម្រេច​ឆ្នាំ​២០២៦​ ​គឺ​ជាឱកាសសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​កសិកម្ម និងបង្កើតទីផ្សារប្រកប​ដោយស្ថិរភាពសម្រាប់កសិករ ហើយ កសិករ​អាច​មាន​ទីផ្សារ​ពីរ​ច្រក គឺទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។ លោក អាន តារា ប្រធានក្រុមប្រឹក្សាសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាន​សហការជាមួយទីភ្នាក់ងារសហប្រតិបត្ដិការ​អាល្លឺម៉ង់(GIZ)​ នឹងរៀបចំ​វេទិកា​ពាណិជ្ជ​កម្ម​ស្វាយ​ចន្ទី ​និងម្រេច ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ ​«ពីកម្ពុជាទៅកាន់ពិភពលោក» ដោយ​ផ្តោត​ពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ទីផ្សារ​អឺរ៉ុប​។ លោក​បានបញ្ជាក់ទៀតថា វេទិកាពាណិជ្ជកម្មនេះ មានការប្រមូលផ្តុំទៅដោយ កសិករ និង​សហគមន៍​ស្វាយ​ចន្ទី និងម្រេច, អ្នកបញ្ជាទិញ, វិនិយោគិន, និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បី​ឈ្វេង​យ​ល់ពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងជាការផ្គូរផ្គង់រវាងអ្នកផលិត អ្នកកែច្នៃ និង​អ្នក​នាំ​ចេញ​ ជាពិសេសពីតម្រូវការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោកអះអា​ងថា៖ «ការធានាស្ថិរភាពនៃការផ្គត់ផ្គង់គឺជាកត្តាសំខាន់សម្រាប់គាំទ្រដល់អ្នកកែច្នៃ និង​អ្នកនាំចេញ ដោយសារការមានវត្ថុធាតុដើមគ្រប់គ្រាន់ និងជាប្រចាំ អាច​ជួយ​ឱ្យ​រោង​ចក្រ​ដំណើរ​ការ​ផលិតកម្មបានជាប់លាប់, បង្កើនសមត្ថភាពកែច្នៃក្នុងស្រុក, និងធានាការ​បំពេញ​តម្រូវ​ការ​ទីផ្សារ​អន្តរជាតិបានទាន់ពេលវេលា»។ ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការ​រៀប​ចំ​វេទិកា​នេះ ដោយផ្តោតលើដំណាំអាទិភាព ដូចជា ស្វាយចន្ទី និងម្រេច គឺមានសារៈសំខាន់ណាស់ ដើម្បី​ទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ឱ្យចាប់អារម្មណ៍លើវិស័យទាំងនេះ និង​ជួយស្វែងរកទីផ្សារឱ្យកសិករ ពីព្រោះកសិករត្រូវការទីផ្សារពីរច្រក គឺទីផ្សារ​លក់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ និងទីផ្សារនាំចេញ។ ការមានទីផ្សារទាំងពីរនេះ នឹង​ជួយ​ឱ្យ​កសិករ​មាន​ជម្រើសទីផ្សារកាន់តែច្រើន និងមិនជាប់គាំងដោយ​សារ​ពឹង​ផ្អែក​លើ​ទីផ្សារ​តែមួយ​។អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «កសិករយើងតែងតែសង្ឃឹមថា មាន​រោង​ចក្រ​កែច្នៃ​ស្វាយចន្ទី និង​ម្រេចក្នុងស្រុកកាន់តែច្រើនដែលវាមិនខុសពីជ័រកៅស៊ូនោះទេ ដែលកន្លងមកកម្ពុជានាំចេញ ១០០% តែឥឡូវយើងមានរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា ដែល​នាំ​ឱ្យ​កសិករ​ដាំ​កៅស៊ូទាំ​ងអស់គឺមានក្ដីសង្ឃឹមថា មានទីផ្សារពីរច្រក គឺ ទីផ្សារនាំចេញជ័រកៅស៊ូ និង​ទីផ្សារ​លក់​ក្នុង​ស្រុក​ដែល​ផ្គត់ផ្គង់ដោយរោងចក្រផលិតសំបកកង់រថយន្តទាំងអស់នេះ។ ដូច្នេះ ស្វាយចន្ទី និង​ម្រេច​ដូចគ្នា យើងត្រូវការទីផ្សារទាំងពីរ ដែលយើងនឹង​មិន​អាច​ជាប់​គាំង​ដោយ​សារ​ទីផ្សារ​ណា​មួយ​ទេ។​ នេះជាចំណុចសំខាន់ណាស់»។ សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក និងសុន្ទរកថាគន្លឹះ ក្នុង​វេទិកាដ៏មានសារៈសំខាន់នេះ»៕

ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ

2026/11/07 09:37:43 am        160
ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ កំពុង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណ​ជន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអាជីវករ កសិករ និងសហគ្រិន​ក្នុង​ស្រុក​ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការគាំទ្រ និងងាក​មក​ប្រើ​ប្រាស់​ផលិត​ផល​ជាតិ​ឱ្យ​បាន​កាន់​តែខ្លាំងក្លា ដើម្បីចូលរួមចំណែកស្ដារ និងស្ទួយសេដ្ឋកិច្ចជាតិ។លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញានៃក្រុមហ៊ុន មីជាតិ បាននិយាយថា រាល់ការ​សម្រេច​ចិត្ត​ជ្រើស​រើសផលិតផលខ្មែររបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែជាការទិញទំនិញនោះទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្តល់​កម្លាំងិត្ត និងដង្ហើមសេដ្ឋកិច្ចដល់ការផលិតក្នុងស្រុក។ លោកបន្តថា កាលមាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ក្រុមហ៊ុនក្នុងស្រុក នឹងមានលទ្ធភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍគុណភាព ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម និងជាពិសេសគឺការបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។ ដោយឡែក អ្នកស្រី លីម សេងលាង ស្ថាបនិកសិប្បកម្មផលិតសសៃគុយទាវ ក៏បាន​បង្ហាញ​ពី​មោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍នេះដែរ។ អ្នកស្រី បានចែករំលែកទៀតថា រហូត​មក​ដល់​ពេលនេះសិប្បកម្មតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ​ជា​ចម្បង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ តាមរយៈ​ព្រឹត្តិការណ៍លើកទី២នេះ អ្នកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យ​បន្ត​ជឿ​ជា​ក់ និងជួយគាំទ្រផលិតផលដែលជារបស់កូនខ្មែរ ពីព្រោះថា ការរួមគ្នា​ចាយ​វាយ​លើ​ផលិត​ផល​ក្នុង​ស្រុក គឺជាកាតាលីករដ៏មានឥទ្ធិពល ដែលឱ្យសេដ្ឋកិច្ចរបស់ជាតិបង្វិលនៅក្នុងប្រទេស និង​ជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចរីកចម្រើនទៅមុខបានដោយចីរភាព។        នៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាកន្លងនេះ លោក​ជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺ​ជា​ការ​ចូល​រួម​ពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្ម​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើកា​រ​វេច​ខ្ចប់​ឱ្យ​មានភាពទាក់ទាញ ការបង្ហាញព័ត៌មានផលិតផលឱ្យបានច្បាស់លាស់ ការរក្សាគុណភាព និង​ការ​កំណត់តម្លៃសមរម្យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។អ្វីដែលពិសេសបំផុតនោះគឺ ស្មារតី​ស្នេហាជាតិអាចបើកទ្វារឱកាសឱ្យផលិតផលរបស់យើងបាន ក៏ប៉ុន្តែគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃសមរម្យ ទើបធ្វើ​ឱ្យ​ទ្វារ​ឱកាស​របស់​យើង​នេះ​បន្ត​រយៈ​ពេល​យូរ​អង្វែង​ទៅ​មុខ​បាន​។ សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផលក្នុងស្រុក» រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍​ផលិត​ផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំង​រួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

2026/11/07 09:09:06 am        200
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម។ ក្រោយបញ្ចប់ជំនួបកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញគោលជំហររួមគ្នាក្នុងការប្រែក្លាយទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេលដែលប្រទេសទាំងពីរត្រៀមរៀបចំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខនេះ។ ជំនួបសម្តែងការគួរសមរវាងថ្នាក់ដឹកនាំទាំងពីរខាងលើនេះ បានបង្ហាញសញ្ញាណវិជ្ជមានថ្មីមួយទៀតសម្រាប់ប្រជាកសិករ។ ការងាកមកគាំទ្រលើការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការធានាបាននូវនិរន្តរភាពសេដ្ឋកិច្ចបរិស្ថាន ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ ឈិត បូរ៉ាវី  

កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម

2026/11/03 02:50:00 pm        450
ភ្នំពេញ៖ ខេត្តកំពង់ធំមានសក្តានុពលខ្ពស់ក្នុងការដាំដុះស្វាយចន្ទី ដោយ​បច្ចុប្បន្ន​មាន​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ជិត ១៧ម៉ឺនហិកតា និងផ្តល់ទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ស្រប​ពេល​នេះ រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅរកកសិ-ឧស្សាហកម្ម តាម​រយៈការទាក់ទាញវិនិយោគិន និងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និងពង្រីកទីផ្សារនាំចេញ។ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ខេត្តនេះ ឱ្យប្រែក្លាយ​ពី​ខេត្ត​ដែល​ពឹងផ្អែក​ចម្បង​លើ​វិស័យ​កសិកម្ម ទៅជាខេត្តដែលពឹងផ្អែកបន្ថែមទៀតលើវិស័យ កសិ-ឧស្សាហកម្ម។ ជាក់ស្តែង គម្រោងសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុ​ង​ការ​ជំរុញ​គោលដៅអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យក្លាយជាការពិតជាក់ស្តែង។ ឯកឧត្តម​ថ្លែងដូចនេះ ធ្វើឡើងនៅពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការអគារសិក្សាថ្មី ៥​ខ្នង​(៥៥​បន្ទប់) នៅ​វិទ្យាល័យ​​ទ្រៀល ក្រោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម បន្តថា កំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួនជិត ១៧ម៉ឺនហិកតា (១៦៨,១៥២ហិកតា) ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួនជាង១៦ម៉ឺនហិកតា (១៦១,១៥៦ហិកតា) និងទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតា។ ខេត្តនេះ មាន រោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទី ១២ កន្លែង មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ។ ព្រមទាំង មានឃ្លាំងស្តុក ១១ ឃ្លាំង មានលទ្ធភាពស្តុកចំនួន ១៨,១៩៥ តោន/ឆ្នាំ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ផ្សារភ្ជាប់ទៅនឹងសក្តានុពលនៃវិស័យកសិកម្ម ខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រ ចំនួន ១៨១កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រខ្នាតធំមាន ៥កន្លែង ខ្នាតមធ្យម ១២៧កន្លែង និងខ្នាតតូច ៤៩កន្លែង សម្រាប់បម្រើឱ្យវិស័យកសិកម្ម»។​ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថាក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦ កម្ពុជានាំចញគ្រាប់ស្វាយចស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៦,៩៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ អត្ថបទ៖ ធូ វិរៈ 

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តពង្រឹងការផ្តល់ឥណទានឱ្យចំគោលដៅ ខណៈឥណទាន​មិន​ដំណើរការកើនឡើង

2026/11/02 03:27:50 pm        326
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងការផ្តល់ឥណទានឱ្យចំតម្រូវការជាក់ស្តែង និងមានការទទួលខុសត្រូវខ្ពស់ និងការធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត ខណៈអត្រាឥណទានមិនដំណើរការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកំពុងបន្តកើនឡើង។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការផ្តល់ឥណទាន (កម្ចី) ដើម្បីធានាថា ការផ្តល់ឥណទានឆ្លើយតបចំតម្រូវការពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ និងរក្សាបាននូវចីរភាពអាជីវកម្ម។ ការរឹងបណ្តឹងនេះមានគោលបំណងការពារអតិថិជនពីហានិភ័យនៃបំណុលវណ្ឌក (បំណុលលើសកម្រិតសមត្ថភាពសង) ខណៈពេលដែលអត្រាឥណទានមិនដំណើរការ (Non-Performing Loans) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបច្ចុប្បន្នកំពុងមានការកើនឡើង។ ជុំវិញការផ្តល់ឥណទាននេះ, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ឥណទានដែលមានមិនដំណើរការមានអត្រាកើនឡើងគួរកត់សម្ភាល់។ លោកបន្តថា បញ្ហានេះបើយោងតាមបទពិសោធន៍ និងការងារដែលអនុវត្តកន្លងមកឃើញថា មន្រ្តីឥណទាននៅតាមគ្រឹះធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីជំរុញការផ្តល់ឥណទានចំគោលដៅអភិវឌ្ឍន៍ ឬពង្រីកអាជីវកម្មពិតប្រាកដ ជួយបង្កើតប្រាក់ចំណូលមកវិញ ពោលគឺមានការទទួលខុសត្រូវខ្ពស់ និងធានាដល់ចីរភាពអាជីវកម្ម ជៀសវាងបញ្ហាហានិភ័យនៃបំណុលលើសកម្រិត។  ទាក់ទងការផ្តល់ឥណទាននេះដែរ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា ការផ្តល់ឥណទានរបស់គ្រឹះធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចដូចជា៖ ការផ្តល់ទៅលើវិស័យអចលនទ្រព្យមានជាង ២១ ភាគរយ, អាជីវកម្មលក់រាយជិត ១៧ ភាគរយ, សំណង់ជាង ១០ ភាគរយ, សកម្មភាពគ្រួសារជានិយោជក និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្មជិត ១១ ភាគរយ, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ៩ ភាគរយ, អាជីវកម្មលក់ដុំជាង ៨ ភាគរយ, កម្មន្តសាលជាង ៤ ភាគរយ, សេវាកម្មស្នាក់នៅនិងម្ហូបអាហារជាង ៤ ភាគរយ, ការដឹកជញ្ជូននិងស្តុកជិត ៣ ភាគរយ និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗមាន ១១ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី 

វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច

2026/10/29 12:52:49 pm        274
វីងសប និងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នៅទូទាំងប្រទេស។ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច (SAVIMEX Petroleum) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការផ្តាច់មុខក្នុងការបើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច, ដោយមានការចុះហត្ថលេខាពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងឱ្យវីងសប និងឧកញ៉ា សេង សាវី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច តំណាងឱ្យសាវីម៉ិច។ ពិធីនេះក៏មានការចូលរួមជាសាក្សីពីលោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មនៃហាងលក់ទំនិញ វីងសប និងឧកញ៉ា សុខ ហួត នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ផងដែរ។  លោក Stephane Pariente បានលើកឡើងថា កិច្ចសហការនេះមានសក្តានុពលក្នុងការពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច។ ភាពជាដៃគូនេះជាផ្នែកមួយនៃផែនការរបស់វីងសប ក្នុងការពង្រីកបណ្តាញហាងលក់ទំនិញទំនើប ដើម្បីនាំយកផលិតផល និងសេវាកម្មកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។ លោក បន្តថា វីងសបមាន មហិច្ឆតាច្បាស់លាស់ គឺកសាងបណ្តាញហាងលក់ទំនិញដ៏រឹងមាំ ទំនើប និងងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដោយនាំយកផលិត- ផលប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតសហគមន៍កម្ពុជា។ តាមរយៈកិច្ចសហការនេះ អតិថិជននឹងមានភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈនៅទីតាំងតែមួយ។ ហាងវីងសបដែលគ្រោងនឹងបើកនៅតាមស្ថានីយសាវីម៉ិច នឹងបម្រើទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ ដោយផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែប និងងាយស្រួលក្នុងការទិញ។លោក Stephane Pariente បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះជាការរួមគ្នារវាងក្រុមហ៊ុនកម្ពុជាពីរ ដែលមានគោលដៅរួមក្នុងការវិនិយោគ បង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍវិស័យលក់រាយទំនើបនៅកម្ពុជា។  ឧកញ៉ា សុខ ហួត បានលើកឡើងផងដែរថា ក្រុមហ៊ុនមានចក្ខុវិស័យអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងផ្តល់សេវាចម្រុះ ដែលបំពេញតម្រូវការប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកធ្វើដំណើរឆ្លងកាត់ និងសហគមន៍រស់នៅជុំវិញ។ ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន កិច្ចសហការនេះក៏បង្កើតឱកាសសម្រាប់ដៃគូស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ក្នុងការពង្រីកសេវាកម្ម និងបង្កើនប្រភពចំណូលតាមរយៈអាជីវកម្មលក់រាយ។ ការរួមបញ្ចូលបទពិសោធន៍ផ្នែកលក់រាយរបស់វីងសប ជាមួយបណ្តាញស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នឹងជួយអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងអាចបំពេញតម្រូវការចម្រុះរបស់អតិថិជន។ ឧកញ៉ា សុខ ហួត បានលើកឡើងបន្ថែមថា ការពង្រីកបណ្តាញហាងវីងសបក៏អាចបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរួមចំណែកបង្កើតការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាកម្មលក់រាយ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិស័យឯកជនបង្កើនការតភ្ជាប់ទីផ្សារ និងកិច្ចសន្យាជាមួយ​សហគមន៍កសិកម្មទំនើប

2026/10/26 11:01:59 am        199
ក្នុងពិធីបិទបញ្ចប់ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់វិស័យឯកជន ធុរកិច្ចជន និងវិនិយោគិនទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងពង្រីកការចុះកិច្ចសន្យាទិញ-លក់ ជាមួយសហគមន៍កសិកម្មទំនើប ដើម្បីធានាបាននូវការតភ្ជាប់ទីផ្សារប្រកបដោយស្ថិរភាព និងនិរន្តរភាព។ នៅក្នុងឱកាសបិទព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកម្មវិធី ដែលបានក្លាយជាស្ពានចម្លងបច្ចេកវិទ្យាដ៏សំខាន់ និងជាវេទិកាជួបជុំ រវាងវិស័យរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ កសិករផ្ទាល់។ ឯកឧត្តម បានបន្តថា ការចងក្រងកសិករជា សហគមន៍កសិកម្មទំនើប គឺជាយុទ្ធសាស្រ្តគន្លឹះរបស់ រាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយថ្លៃផលិត បង្កើនបរិមាណ ផ្គត់ផ្គង់ និងធានាបាននូវគុណភាពស្តង់ដារខ្ពស់ដែលអាច ប្រកួតប្រជែងបាន។ ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ឱ្យងាកមកវិនិយោគបន្ថែមលើខ្សែច្រវាក់តម្លៃកសិ-ស្បៀង រាប់ចាប់តាំងពីការកែច្នៃកសិផល ការបង្កើតប្រព័ន្ធភស្តុភារកម្ម ត្រជាក់ រហូតដល់ការតភ្ជាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ការធ្វើបែបនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាទីផ្សារជូន កសិករនោះទេ ប៉ុន្តែថែមទាំងជួយឱ្យវិស័យឯកជនមានប្រភពវត្ថធាតុដើមច្បាស់លាស់ គុណភាពល្អ និងចំណេញ សេដ្ឋកិច្ចខ្ពស់ តាមរយៈការធ្វើការងារផ្ទាល់ជាមួយសហគមន៍កសិកម្មទំនើបដែលមានការគ្រប់គ្រងច្បាស់លាស់។ សូមជំរាបជូនថា គិតក្នុង រយៈពេល ៣ថ្ងៃ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 បានទាក់ទាញអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥ ០០០នាក់ ច្រើនជាង CAFE25 ដែលមានអ្នកទស្សនាត្រឹមតែជាង ២៥ ០០០នាក់។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖លើកកម្ពស់ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ក្នុងវិស័យកសិកម្ម។ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា។ បង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗ លើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ។ ពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី  

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤៤លានដុល្លារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦

2026/10/23 03:57:00 pm        775
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានរកចំណូលបានជាង៤៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៦ កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែទន្លេអន្តរជាតិតែមួយគត់នៅកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម។ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័ត្នភ្នំពេញ រកចំណូលបានចំនួន ៤៤.៨០លានដុល្លារអាម៉េរិក (៤៤ ៨០០ ០៥៣) កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនជាង ៣៧,១០លានដុល្លារអាម៉េរិក។របាយការណ៍ពុំទាន់ធ្វើសវនកម្ម ក.ស.ភ. ផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជា។របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងនោះ ចំណូលពីប្រតិបត្តិការផែ (Port Operation) រកចំណូលបានចំនួនជាង ៣៨,២០លានដុល្លារអាម៉េរិក កើនឡើង ២៣ភាគរយ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំទៅ។ ចំណែក ប្រាក់ចំណូលពីអាជ្ញាធរផែ( Port Authority) រកចំណូលបានចំនួនជាង ៥,៨៥លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ខណៈចំណូលពីសេវាកម្មផ្សេងៗ (Other Services) រកចំណូលបានចំនួនជាង ៧សែន ៤ម៉ឺនដុល្លារអាម៉េរិក ថយចុះ ២៦ ភាគរយៈ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍បន្តថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ចំនួនជាង ៤.៣៩លានតោន និងមាននាវាចូលចតសរុបចំនួន ២ ៩៣០គ្រឿង។ ទន្ទឹមនឹងនេះ ក.ស.ភ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង ៥សែន ៤ម៉ឺន ៦ពាន់ ធីអ៊ីយូ និង បរិមាណនាវាដឹកអ្នកដំណើរសរុបចំនួន ២៩២គ្រឿង ជាមួយអ្នកដំណើរសរុបចំនួន ២ម៉ឺន ៨ពាន់នាក់។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបាន ៥០.៣១ លានដុល្លារអាម៉េរិក កើនឡើង ២១ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ចំណែក បរិមាណទំនិញឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ៥.៦០លានតោន និងមានកុងតឺន័រឆ្លងកាត់ជាង ៦០ម៉ឺនធីអ៊ីយូ ព្រមទាំង មាននាវាចូលចតចំនួន ៣ ៣៣៣ គ្រឿង៕ អត្ថបទ៖ ធូ វិរៈ

ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ

2026/10/21 11:37:40 am        199
ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញនូវមោនទភាព លើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាម​រយៈការបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងការជួយដល់កសិករជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ខណៈ​ផលិតផលរបស់ពួកគាត់កំពុងទទួលបានការគាំទ្រនៅលើទីផ្សារ។ ម្ចាស់​សិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផលិត ការវេចខ្ចប់ និងការលក់ ផលិតផលលើទីផ្សារ នេះថា ការបង្កើតនូវអាជីវកម្ម ផលិត និង​វេច​ខ្ចប់​ផលិត​ផល​ចាប់ពីមួយ ឬទៅច្រើនមុខ គឺជាដំណើរការមួយដែលទាមទារក្នុងការខិតខំប្រឹងប្រែង ផ្នែក​បច្ចេកទេសផ្ទៃក្នុង និងការគាំទ្រពីកត្តាខាងក្រៅ ដើម្បីធានាបាននូវនិរន្តរភាព ក្នុង​នោះ​ការ​គ្រប់​គ្រង​ខ្សែសង្វាក់ផលិតកម្ម និងថ្លៃដើម មានសារៈសំខាន់ណាស់ ដើម្បីជំរុញ​ការ​ផលិត​ឱ្យ​មាន​ផលិត​ភាព​ខ្ពស់ និងគណនាថ្លៃដើមឱ្យបានហ្មត់ចត់ ដើម្បីកំណត់តម្លៃលក់មួយដែលសមស្រប អាច​ប្រកួតប្រជែងបាន និងមានប្រាក់ចំណេញ។ ម្ចាស់សិប្បកម្មទាំងនេះលើកឡើងស្រដៀងគ្នាថា តាមរយៈនៃការខិតខំពង្រឹងសមត្ថភាព និង​ផលិត​ភាពនេះ ទើបធ្វើ​ឱ្យអាជីវកម្ម របស់ពួកគាត់បានដំណើរ នៅលើដំណើរការផលិត និង​វេច​ខ្ចប់ សម្រាប់លក់លើទីផ្សារប្រព្រឹត្តិទៅដោយរលូន ដែលតាមរយៈនេះ ទោះបី​អាជីវកម្ម​របស់​ពួក​គាត់​មិន​ទាន់​មានការរីកចម្រើនខ្លាំង ក៏ពួកគាត់បាន​កំពុង​ចូល​រួម​ចំណែក​ផ្គត់​ផ្គង់​ផលិត​ផល​លើ​ទីផ្សារ​ឱ្យ​កាន់តែសម្បូរបែប ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងការចូល​រួម​គាំទ្រ​ដល់​កសិករ​ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមមកឱ្យពួកគាត់ផងដែរ។ ទាក់ទិន SME នេះដែរ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថា នៅ​ពេលខាងមុខសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំង ខណៈ​រាជរដ្ឋាភិបាលបានកំពុងជួយជ្រោមជ្រែងដល់ SME ក្នុងស្រុក។ បញ្ហា នេះដែរ ឧកញ៉ា​បណ្ឌិត​ក៏បា​នអំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់ត្រូវពង្រឹងខ្លួនថែមទៀត ជា​ពិសេសចាប់យកប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាដំណោះស្រាយក្នុងអាជីវកម្មបន្ថែម។ សូមបញ្ជាក់ថា ជុំវិញ SME ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ​បង្កើត​ស្តីពី​ការ​បង្កើត​លេខា​ធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ផ្នែកតាមដាននិងត្រួតពិនិត្យ នៃ​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញផ្នែករដ្ឋបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញ​ការ​រីក​ចម្រើន​របស់​សហគ្រាស៕​ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស

2026/10/20 10:50:52 am        313
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស បានអញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី បានអញ្ជេីញទស្សនកិច្ចនូវស្តង់ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លេីកសិផលសក្តានុពលកម្ពុជាដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី បានបន្តទស្សនកិច្ចស្តង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានចំនួន ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករកម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង អឺរ៉ុប អាមេរិក និងទីផ្សារអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន និងបានជំរុញលេីកទឹកចិត្តក្នុងការបង្កេីនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលេីទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
11/07/2026 08:11 PM
សម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
11/07/2026 08:11 PM
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
11/07/2026 08:11 PM
កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group
11/07/2026 05:11 PM
វិមានក្រឹមឡាំង៖អ្នកការទូត និងមន្ត្រីយោធារុស្ស៊ី និងចូលរួមការចរចាជាមួយអាមេរិក និងអ៊ុយក្រែន
11/07/2026 05:11 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់លិចជំរំតង់ទូទាំងហ្កាហ្សា ធ្វើឱ្យការរស់នៅរបស់គ្រួសារភៀសខ្លួនកាន់តែលំបាក
11/07/2026 05:11 PM
ចិន ប្រឆាំងការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនចិនដោយសារកិច្ចសហប្រតិបត្តិការជាមួយគុយបា
11/07/2026 05:11 PM
ក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បើកប្រជុំលើកទី៤ បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
11/07/2026 05:11 PM
កាតា ជំរុញឲ្យអាមេរិក-អ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កុំបាច់រង់ចាំដល់មានឱកាសល្អអី
11/07/2026 04:11 PM
ផ្សែងអ័ព្ទពុលដ៏ក្រាស់គ្របដណ្ដប់រដ្ឋធានី New Delhi ខណៈគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ ឥណ្ឌាកាន់តែយ៉ាប់យ៉ឺន
11/07/2026 04:11 PM