រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

សេដ្ឋកិច្ច និង កសិកម្ម

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើមធ្យោបាយដឹកជញ្ជូនបានជាង ១០៥ លានដុល្លារ

2023/02/01 10:13:27 pm        294
ភ្នំពេញ៖ អគ្គនាយករដ្ឋាពន្ធដារ ប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់​ប្រភេទ ក្នុងឆ្នាំ ២០២២ បានចំនួនជាង ៨៨ម៉ឺនគ្រឿង​ សរុបជាថវិការមាន​ចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​គ្រប់គ្រង​ប្រមូលចំណូល​ពន្ធប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២២ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣ នេះថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ ​ដាក់ឲ្យអនុវត្តនៃការប្រើប្រាស់ App សម្រាប់ការបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ ឃើញថា មានលក្ខណៈងាយស្រួលដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមានបងប្អូនជាច្រើនបានបញ្ជរទិញ​តាមលកបត្រតាមប្រព័ន្ធអនឡាញនេះ។ ជាក់ស្តែងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រឆាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ អនុវត្ត​សម្រេច​បានលើការប្រមូលចំណូលពីយានយន្តគ្រប់ប្រភេទ ​មានចំនួនជាង ៨៨ ម៉ឺនគ្រឿង ក្នុងនោះ​មានយាន​យន្តថ្មីជាង ៨០ ពាន់គ្រឿង និងការបង់ពន្ធតាម App មានចំនួនជាង ១៦ ពាន់គ្រឿង ដោយ​ទទួលបានប្រាក់ចំណូលសរុបជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ ​លានដុល្លារ ស្មើជាង ​១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ក្នុងនោះបើធៀបនិងឆ្នាំ ​២០២១ កើនឡើងជាង ១២ ប៊ីលានរៀល ត្រូវប្រមាណជា ៣ លានដុល្លារអាមេរិក។ទាក់ទិននឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំ​ដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ បានចុះត្រួត​ពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ​ ២០២២ នៅ​តាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ដោយការងារនេះបានអនុវត្តចាប់​តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កន្លងមក៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើរអង្គភាពពន្ធដារបង្កើនប្រសិទ្ធភាពការប្រមូលចំណូលពន្ធតាមផែនការច្បាប់

2023/02/01 10:08:10 pm        315
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរដល់អគ្គនាយកដ្ឋានស្នូល ទទួលបន្ទុក​លើ​កិច្ចការ​គ្រប់គ្រងប្រមូលចំណូល បន្តការយកចិត្តទុកដាក់ និងបន្តរៀបចំគោលនយោបាយកៀរគរចំណូល ការពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមគោលដៅ​ ដែលបានដាក់ចេញក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២២ របស់អគ្គនាយករដ្ឋានពន្ធដារ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ នេះថា ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ។ តែទោះបីយ៉ាងណា សភាពការណ៍ថ្មីៗនៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានា បានអាចជះឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យមួយចំនួន​អាចនៅទ្រឹង និងបន្តថមថយ។ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថា នឹងមានកំណើន។ ជាទិសដៅក្នុងការអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣ អគ្គនាយករដ្ឋានពន្ធដារ ត្រូវបន្តរៀបចំគោល​នយោបាយ​កៀរគរចំណូល ​សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧, ព្រោះអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ជាអគ្គនាយកដ្ឋានស្នូល ទទួលបន្ទុកលើកិច្ចការ​គ្រប់គ្រងប្រមូលចំណូល។ ត្រូវរៀបចំឱ្យបានទាន់ពេលវេលានូវគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យអនុវត្តឱ្យបាន​មុនដំណាច់ឆ្នាំ ២០២៣ ដើម្បីអភិវឌ្ឍន៍​ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានកាន់តែរីកធំធាត់ ក្នុងក្របខ័ណ្ឌប្រព័ន្ធគ្រប់គ្រងមួយដែលមានប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។សូមបញ្ជាក់ថា សម្រាប់រយៈពេល ១២ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ​ មានចំនួន ១៣ ៩៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៤៥៥ លានដុល្លារ ស្មើជាង ១២២ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនជាង ២ ៧០២ ប៊ីលានរៀល ត្រូវជា ៦៦៧ លានដុល្លារ ជិតប្រមាណ ២៤ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

UN ប្រចាំកម្ពុជា នឹងរៀបចំវេទិការជាមួយរដ្ឋាភិបាល កំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

2023/01/31 09:11:24 pm        835
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិការពិភាក្សាប្រចាំឆ្នាំជាមួយរដ្ឋាភិបាល នៅខែមីនា ​ឆ្នាំ២០២៣ ខាងមុខនេះ ​ដើម្បីកំណត់យកវិស័យអាទិភាពដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យកាន់តែប្រសើរ។លោក ចូសែហ្វ សូយ័រ អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) លើកឡើង​ក្នុងជំនួបជាមួយ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ​ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣០ ខែមករា ​ឆ្នាំ២០២៣​ ក្នុងគោលជួបសម្តែងការគួរសម ​និងណែនាំខ្លួន ​ដោយ​មាន​ការអមដំណើរ​ដោយ​ទីភ្នាក់ងារ​របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ក្នុងជំនួបនេះលោក ចូសែហ្វ សូយ័រ បានលើកឡើងពីកិច្ចសហការល្អរវាង ​ធនាគារជាតិនៃកម្ពុជា និង​អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជាដូចជា UNCDF ​បានជួយពង្រឹងការងារទាក់ទងនឹងការធ្វើអង្កេតពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សាពីមូលបត្ររដ្ឋ សហការរៀបចំសន្និសិទ្ធម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ជួយសិក្សាស្រាវជ្រាវពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។ ចំណែកឯ UNESCAP បានជួយផ្តល់ការបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​ ដល់ប្រជាជនកម្ពុជា​ជាពិសេសសម្រាប់ស្រ្តី និងជួយលើកកម្ពស់​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ។ លោក ចូសែហ្វ សូយ័រ បានសម្តែងនូវការពេញចិត្តចំពោះកិច្ច​សហប្រតិបត្តិការដ៏ល្អ ដែលកំពុង​កើត​មាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្ត​បន្តរួមចំណែកអភិវឌ្ឍន៍​កម្ពុជាឱ្យបានកាន់​តែ​ល្អថែមទៀត។ ក្នុងជំនួបនោះដែរ ឯកឧត្តមទេសាភិបាល ​បានបង្ហាញការស្វាគមន៍ចំពោះវត្តមានជាលើកទីពីររបស់​លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោក​បានបំពេញតួនាទីជានាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ ​(UNDP) ប្រចាំ​កម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ និងបានវាយតម្លៃខ្ពស់ចំពោះការរួម​ចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។ ឯកឧត្តមទេសាភិបាល ក៏បានស្នើដល់​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា ​ឱ្យជួយការងារអាទិភាព​ក្នុងវិស័យហិរញ្ញវត្ថុបន្តទៀត ​ជាពិសេសការលើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ ​និងការសិក្សាស្រាវជ្រាវ៕

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីក្រុមហ៊ុន សហគ្រាសថ្មីជាង១ម៉ឺនក្រុមហ៊ុន ក្នុងឆ្នាំ២០២២

2023/01/31 08:10:52 pm        442
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនសហគ្រាសថ្មី ចំនួន ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍​ពី​ក្រសួងពាណិជ្ជកម្មបង្ហាញ នៅថ្ងៃទី៣០ ខែមករានេះ​។ក្នុងរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុប​ឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣​ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។​ ករណីស្នើសុំលិខិតអនុញ្ញា​ត ឬអាជ្ញាបណ្ណតាម​ប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣ ០០០ ក្រុមហ៊ុន។ថ្លែងក្នុងពិធីបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួង​ពាណិជ្ជកម្មបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្មលើការចុំបញ្ជីពាណិជ្ជកម្ម ដោយ​ការ​អភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត​ និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់​ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាល់បច្ចេកវិទ្យាដំណាក់កាលទី៣ ​និងកំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។ឯកឧត្តមបន្ថែមទៀតថា ក្នុងនោះ ក្រសួងក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ​សម្រាប់​កិច្ចការចុះបញ្ជីម៉ាក ​និងការបង់កម្រៃសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ​បានរៀបចំប្រព័ន្ធ Cloud សម្រាប់​គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាកផងដែរ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ​ការចុះបញ្ជីបង្កើតក្រុមហ៊ុន សហគ្រាសមានការកើនឡើង​ ជាសញ្ញាមួយល្អសម្រាប់សេដ្ឋកិច្ចជាតិ ដោយសារការចាក់វ៉ាកស៊ាំង​ប្រឆាំងកូវីដ១៩ ​បានជោគជ័យ ​នាំឱ្យបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ​ជាពិសេសកម្ពុជា បាន​អនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងRCEP ​ធ្វើឱ្យក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍មក​វិនិយោគ​នៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 

ខេត្តក្រចេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យកសិកម្ម

2023/01/31 04:55:06 pm        313
ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងបន្ថែមថា ខេត្តក្រចេះមានក្រុមហ៊ុនមកវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា។ ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតាស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ចំណែក ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងទៀតថា ក្នុងខេត្តក្រចេះ ដាំដុះដំណាំស្រូវប្រាំង និងស្រូវវស្សាក្នុងឆ្នាំ២០២២ អនុវត្តបានចំនួន ៥៤.៦៨២ ហិកតា ស្មើនឹង ១០១,២៦% នៃផែនការ ៥៤០០០ ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨ តោន ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ៥៧.៥៨០ តោន។ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦ ៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣,៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕

កសិករដាំម្រេច ខិតខំបង្កើនបច្ចេកទេសដាំដុះ ឆ្លើយតបតម្រូវការទីផ្សារនាំចេញទៅប្រទេសចិន

2023/01/30 11:08:34 pm        603
ភ្នំពេញ៖ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានលើកសំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបណ្ដុះបណ្ដាល ក៏ដូចជាបង្ហាញនូវបច្ចេកទេសនានាក្នុងការដាំដុះ និងថែទាំ​ម្រេចឲ្យបានត្រឹមត្រូវ ​ដើម្បីអាចពង្រីកទីផ្សារនាំចេញ ​ជាពិសេសទៅកាន់ប្រទេសចិន។ក្នុងឱកាសបានជួបសំណេះសំណាលជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាកសិករសមាគមអ្នកដាំម្រេចសរីរាង្គមក​ពីស្រុកផ្សេងៗគ្នា​ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើម្រេច អាចនាំចេញទៅចិនជាផ្លូវការ​នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ដែលជាការទទួលបានទីផ្សារថ្មីមួយ​ទៀត ក្រៅពីទីផ្សារដែលមានស្រាប់។លោក ទ្រីអូន តំណាងសហគមន៍កសិកម្មម្រេចសិរីរាង្គត្រមូង ស្រុកមេមត់ និងលោក ព្រំ ឆន ប្រធាន​សហគមន៍​ធម្មជាតិទ្រៀក មេមត់ បានដឹងថា ទីផ្សារម្រេចឆ្នាំ២០២២កន្លងទៅមិនសូវល្អនោះទេ ដោយ​សារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល​ ធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃក៏ធ្លាក់​ចុះត្រឹម ១ម៉ឺនរៀល​ ក្នុងមួយគីឡូ ខុសពីមុនវិបត្តិកូវីដមានតម្លៃរង្វង់ ​១៤ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូ។សូមបញ្ជាក់ថា ​ក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេចរបស់ក្រុមហ៊ុន​ Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​កាលពីរសៀលថ្ងៃទី២៧ ​ខែមករាកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើការ​ដាំ​ម្រេចតាមលក្ខណៈបច្ចេកទេស ​ដើម្បីទទួលគុណភាពស្តង់ដាល្អ ​ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។ ឯកឧត្តមក៏បានណែនាំកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍​ឲ្យត្រឹម​ត្រូវមុនធ្វើការនាំចេញផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ​មន្ទីរខេត្ត​ត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ​ដើម្បីឲ្យពួកគាត់អាច​ទទួល​បានវិញ្ញាបនបត្រការអនុវត្ត​កសិកម្មល្អ GAP នាពេលខាងមុខផងដែរ។បើតាមកញ្ញា ស៊ឹង សុផា តំណាងក្រុមហ៊ុននាំចេញម្រេចនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្រេច​ត្រូវបាន​ស្គាល់ជាផលិតផលម្រេចដែលមានគុណភាពល្អដាច់គេលើទីផ្សារពិភពលោក ហើយ​កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានចំណាត់ថ្នាក់ទី៥ ​លើពិភពលោក ដែលផលិតម្រេច​ចំនួន​ច្រើនរហូតដល់ ២៥ ០០០តោន ក្នុងមួយឆ្នាំ៕អត្ថបទ៖ឈិត បូរ៉ាវី 

កម្ពុជា រំពឹងទទួលបានលំហូរវិនិយោគពីប្រទេសចិនកាន់តែច្រើន ក្រោយចិនប្រកាសបើកប្រទេសឡើងវិញ

2023/01/30 10:45:45 pm        538
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកជំនាញសេដ្ឋកិច្ច មើលឃើញ កម្ពុជា​រំពឹងទទួលបានរំហូរវិនិយោគពីប្រទេសចិន ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងប្រកាស​បើក​ប្រទេសឡើងវិញ ដោយសារចិនជាប្រភពសំខាន់នៃវិនិយោគពីបរទេស (FDI)នៅកម្ពុជា។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ​ការទទួលបានឱកាសវិនិយោគចិន បន្ទាប់ពីចិនបើកប្រទេស​ឡើងវិញ​នាពេលកន្លងមកថា ដោយសារវិបត្តិផ្ទួនៗ ​នៃការរីករាលដាលជំងឺកូវីដ១៩ ផង និងបញ្ហា​សង្រ្គាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យសេដ្ឋកិច្ចសកលោកបានថមថយចុះ ជាពិសេស​ការអន្តាគមន៍វិស័យសេដ្ឋកិច្ចដូចជា សហគមន៍អឺរ៉ុប និងអាមេរិក លើការដំឡើងអត្រាការប្រាក់​ជាដើម បានធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ក្នុងឆ្នាំ ២០២២ ថមថយចុះនៅត្រឹម ២ ភាគរយ ខណៈនៅឆ្នាំ ២០២១ កំណើននេះឡើងខ្ពស់រហូតដល់ ៦,៥ ភាគរយ។ជុំវិញស្ថានភាពនេះ ឯកឧត្តម អាចវាយតម្លៃបានថា ស្របពេលដែលប្រទេសចិនមានកំណើន​ថមថយ ​អាចធ្វើឲ្យវិនិយោគិនចិនមានការរុញរា ឬនៅទ្រឹងមួយរយៈ ​ដូច្នេះនៅក្នុងឆ្នាំ២០២៣ នេះ លំហូរនៃវិនិយោគិនពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗ ​ជាពិសេសកម្ពុជា មិនទាន់មានចំនួន​ច្រើន​ជា​គំហុកខ្លាំងនោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ ​និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងអាចទទួល​បាន​លំហូរនៃវិនិយោគិនចិន ​ចូលមករកស៊ីបណ្តាក់ទុនច្រើនលើសការគ្រោងទុក។ចំណែក ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងថា​ ជុំវិញប្រទេសចិនលុបចោលសេរ៉ូកូវីដនេះ វាអាចជួយអូស​ទាញ​កំណើនសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងវិញ ជាពិសេសការអន្តរាគមន៍​អតិផរណា​ឲ្យស្ថិត​នៅក្នុងកម្រិតមួយទាប។ ចិនគឺជាប្រទេសមួយដែលមានរំហូរវិនិយោគពីក្រៅប្រទេសនៅកម្ពុជា ​តំណាងប្រមាណ ៤២ ភាគរយ ​នៃវិនិយោគទុនសរុបកាលពីឆ្នាំ២០២២កន្លងទៅ។​ ដូច្នេះជុំវិញការវិនិយោគនេះ ចិននៅ​តែដើរតួសំខាន់សម្រាប់កម្ពុជា ​ក្នុងនោះចំពោះចិនបើកប្រទេសឡើងវិញនេះ គឺជាឱកាសមួយ​នៃលំហូរទុនពីចិនមកកម្ពុជា ​ហើយវិនិយោគមួយចំនួន ដែលមានគោលដៅនាំចេញទៅទីផ្សារ​អន្តរជាតិ ​ក៏អាចផ្ទេរការវិនិយោគពីចិនមកកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំនេះកម្ពុជារំពឹងថា អ្នកធ្វើដំណើរចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា

2023/01/26 10:37:50 pm        832
ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជា បានរំពឹងថា នៅឆ្នាំ២០២៣នេះ ចំនួនអ្នកទេសចរណ៍នឹងមានចំនួនប្រមាណ ៤,៦លាននាក់ បើធៀបនឹងក្នុងឆ្នាំ២០២២កន្លងមក មានត្រឹមចំនួន២,២លាននាក់ ។នេះបើយោងតាមរយៈការព្យាករអ្នកដំណើរ របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ច​ប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យ​លើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។របាការណ៍ក្នុងប្រជុំ បានបន្ថែមថា ឆ្នាំ២០២២កន្លងមក គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទាន​ព្រលាន​យន្តហោះ SCA​ ក្នុងការវិនិយោគផ្សេងៗ ដើម្បីត្រៀមលក្ខណៈរួចរាល់​របស់​អាកាស​យានដ្ឋាន​ទាំងបី ​សំដៅធានាបាន​នូវ​សុវត្ថិភាព ​សន្តិសុខ​ និង​សេវា​កម្មប្រកបដោយផាសុខភាព​ក្នុងការ​បម្រើដល់អ្នកទេសចរ ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕ 

កម្ពុជាមានសុទិដ្ឋិនិយម សម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

2023/01/26 10:12:57 pm        834
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺនៅតែជាគោលដៅនៃការឈានឡើងរបស់កម្ពុជា ​ទោះបីស្ថានភាពទៅមុខពិបាក និង​មាន​បរិយាកាស​ស្មុគស្មាញ​ក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ ​និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ​ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ ​២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះថា ​កម្ពុជាកំពុងអនុវត្តក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ​ និងជំរុញកំណើនសេដ្ឋកិច្ច ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លង​ប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានសរសស្តម្ភចំនួន៣គឺ៖ ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់។ឯកឧត្តម បន្តថា ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ​គឺនៅតែជា​គោលដៅ​របស់​កម្ពុជា​ ដើម្បីក្លាយជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់ ​ដែល​បញ្ហានេះគឺជាការងារពិបាក ​បច្ចុប្បន្ន​កាន់តែមានភាព​ស្មុគស្មាញ​ថែមទៀត ​ក្នុង​បរិយាកាស​ជារួម ​ទាំងពិភពលោក ​ទាំងក្នុងប្រទេស ដោយចោទជាបញ្ហា​ប្រឈម​ច្រើន​ដែលកម្ពុជាត្រូវតែពុះពារ ។ចំណែកនៅឆ្នាំ ២០៥០​ ក៏នៅតែជាគោលដៅនៃការប្រែក្លាយកម្ពុជា​ ទៅ​ជាប្រទេសមានចំណូលខ្ពស់ នេះជា​មហិច្ឆតា​របស់​កម្ពុជា​ ដែលត្រូវការចូលរួមទាំងអស់គ្នា ​ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់​ពី​កម្ពុជាកាន់តែច្បាស់។ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា ជុំវិញការគិតគូរនេះ ​ជាក់ស្តែងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង​ថវិកាឆ្នាំ ២០២២ ត្រូវបានពុះច្រៀក ​គិតគូរគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយរាល់​កង្វល់​អាទិភាព ​ក៏ដូចជាបញ្ហាប្រឈមដែលជួបប្រទះឆ្នាំ​ ២០២៣ នេះ ​ក៏ដូចជា​ក្នុងពេលមធ្យមទៅពេល​ខាងមុខ ​ធ្វើយ៉ាងណាឲ្យថវិកា ​និងក្របខ័ណ្ឌគោលនយោបាយ​ ឆ្លើយតបទៅនិងគោលដៅរបស់​កម្ពុជា​ គឺការធានារបាននូវម៉ាក្រូសេដ្ឋកិច្ច​ កំណើន​ ការបែងចែកកំណើន ការទ្រទ្រង់​ជីវភាព​របស់​មនុស្ស ​និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ នេះ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាអឺរ៉ុប នៅបន្តកើនឡើង ទោះបីតំបន់ប្រទេសចាយលុយអឺរ៉ូមានកំណើនសេដ្ឋកិច្ចថមថយ

2023/01/26 08:59:05 pm        905
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា នាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​របស់កម្ពុជា ​ទៅកាន់ទីផ្សារអឺរ៉ុប ​នៅតែបន្តកើន ​ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថយថយកំណើនសេដ្ឋកិច្ចក៏ដោយ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ​ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង​ច្បាប់ថវិកាឆ្នាំ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ​គឺមានការប៉ះពាល់តិចទូច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជា​អាចធ្វើការ​នាំ​ចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អ​សម្រាប់​កម្ពុជា​ដែរ​ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ​ការនាំចេញផលិតផលកាត់ដេរ និង​សំលៀកបំពាក់​គឺមានការថមថយគ្រប់ទីកន្លែងទាំងអស់ ​សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។ឯកឧត្តម លើកឡើងថា ​ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជា​មានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ​ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹង​តម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព​ និងជំនាញរបស់កម្មករដើម្បី​ទទួល​បានប្រាក់ខែកាន់តែច្រើន ​ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេស​ការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។ទាក់ទងទីផ្សារផ្សេងៗវិញដូចជា ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង RCEP ជាដើម ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទីផ្សារទាំងនេះ​មិនមានការនាំចេញផលិតផលកាត់ដេរ ​និង​សំលៀកបំពាក់​នោះទេ ​ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារ​ទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ​ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជា​អាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM