កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ

សេដ្ឋកិច្ច និង កសិកម្ម

កសិករថាបន្លែនៅមណ្ឌលគិរីកំពុងត្រូវបានលួចបន្លំឈ្មោះ ខណៈរដូវវស្សាមិនមានបន្លែនាំចេញក្រៅខេត្ត

2022/05/16 10:42:56 am        1301
មណ្ឌលគិរី៖ ឈ្មួញខិលខូចកំពុងលួចបន្លំប្រភេទបន្លែនៅក្នុងខេត្តមណ្ឌលគិរី  ដោយ​យក​ឈ្មោះដាក់​លើ​បន្លែ​មកពីប្រភពផ្សេងៗ លក់នៅទូទាំងប្រទេស និង​គ្រប់រដូវកាល ខណៈ​កសិករ​ដាំ​បន្លែ​ក្នុង​ខេត្តមួយនេះ អះអាងថា នៅរដូវវស្សាបន្លែមណ្ឌលគិរី មិន​មាន​នាំចេញ​ទៅ​ក្រៅ​ខេត្ត​នោះ​ទេ​ ។ប្រជាកសិករនៅខេត្តមណ្ឌលគិរីបានប្រាប់ BTV ឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរី មិន​សូវ​មាន​ប្រជាពលរដ្ឋ​ប្រកបរបរដាំបន្លែនោះទេ ហើយប្រភេទបន្លែដែលកសិករដាំភាគច្រើន មានស្ពៃក្ដោប ស្ពៃ​បូកគោ ឆៃថាវ ការ៉ុត សណ្ដែកគូ ដើមខ្ពឹម ដំឡូជ្វាជាដើម ដែល​បន្លែដាំ​ក្នុង​ខេត្ត​មាន​រស់ជាតិ​ឆ្ងាញ់ និង​មានតម្លៃខ្ពស់ជាងបន្លែតាមបណ្ដាខេត្តដទៃ ប៉ុន្តែមិនអាចដាំបានគ្រប់ខែនោះទេ ដោយ​សារ​ខេត្ត​ភូមិភាគឦសាន្តមួយនេះ នៅ​រដូវវស្សាមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការដាំបន្លែ ហើយ​បើ​ដាំបាន ឲ្យផលតិចតួចប៉ុណ្ណោះ ។កសិករបន្តថា ពេលវេលាដាំបាន និងសម្បូរ គឺចាប់ពីខែ១១ ទៅដល់ខែ៣ ហើយពីខែ៤ទៅខែ៩ គ្មាន​បន្លែគ្រប់ប្រភេទសម្រាប់នាំចេញ ទៅក្រៅខេត្តនោះទេ ប៉ុន្តែបច្ចុប្បន្ន បែរ​ជា​មាន​ឈ្មួញ​មួយ​ចំនួន យកឈ្មោះបន្លែខេត្តមណ្ឌលគិរី ទៅលក់គ្រប់រដូវកាល។ ពួកគាត់ បានចាត់ទុកថា នេះ​ជា​ការ​លួចបន្លំ ដែលធ្វើឲ្យខូចឈ្មោះបន្លែខេត្តមណ្ឌលគិរី ហើយសូមអំពាវនាវដល់អ្នកទិញ មាន​ការ​ប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់នេះ ។ជាមួយគ្នានេះ កសិករបានបញ្ជាក់ថា ដើម្បីឲ្យខេត្តមណ្ឌលគិរី អាចដាំបន្លែគ្រប់រដូវកាលបាន គឺ​ដាំ​តាម​បច្ចេកទេស​ក្នុង​រោង​សំណាញ់ (សំណាញ់ UV) ដែលក្នុងខេត្តទើបមានតិចតួចនៅឡើយ ហើយ​ក៏​មិន​ទាន់អាចដាំផ្គត់ផ្គង់គ្រប់រដូវកាលនៅឡើយដែរ ដោយពួកគេបានស្នើរាជរដ្ឋាភិបាល អង្គការដៃគូ ឬអ្នកជំនាញកសិកម្មផ្សេងៗ ជួយឧបត្ថម្ភគាំទ្រសាងសង់រោងសំណាញ់ដល់ពួកគេ ដើម្បីមានលទ្ធភាពអាចដាំបន្លែគ្រប់រដូវកាល ដូចបណ្ដាខេត្តផ្សេងៗផងដែរ ។លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា ដើម្បីជួយទប់ស្កាត់ នូវការលួចបន្លំនេះ មន្ទីរ​បាន​ជួយ​ធ្វើ​ស្ទិកឃ័រ​បិទ​នៅ​លើ​បន្លែ​របស់​កសិករ​ក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំងកំពុងរៀបចំទីតាំងប្រមូលផ្ដុំ និងមានពិនិត្យគុណភាពបន្លែ មុន​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​ផងដែរ។ លោកបញ្ជាក់ថា នៅក្នុងរដូវវស្សានេះ ខេត្តមណ្ឌលគិរី ពិត​ជាពិបាក​ក្នុង​ការ​ដាំ​បន្លែ​មែន ហើយក្រសួង​កសិកម្ម​ក៏​ដូច​ជា​ដៃ​គូ​ផ្សេង​ៗ​កំពុង​ជួយ​កសិករ​ដាំ​បន្លែ​ឲ្យ​បាន​គ្រប់​រដូវកាល។បើតាមប្រភពពីមន្ត្រី នៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរីឲ្យបានដឹងថា សម្រាប់​ស្ទិកឃ័រ​ដែល​មន្ទីរ​ជួយបិទ​លើ​បន្លែ​របស់​កសិករនេះ បិទនៅពេលរដូវមានបន្លែនាំចេញប៉ុណ្ណោះ៕ អត្ថបទ៖ បាន សុខរិទ្ធ

រោងចក្រនានាបានផ្តល់ការងាររាប់លានកន្លែង គឺកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

2022/05/15 06:06:53 pm        532
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខេត្តពោធិ៍សាត់៖ រោងចក្រនានា ដែលបានផ្តល់ការងាររាប់លានកន្លែង ជូនប្រជាពលរដ្ឋខ្មែរ មិនមែនធ្លាក់មកពីលើមេឃនោះទេ គឺកើតចេញពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រទេសមានសន្តិភាព ស្ថេរភាព យក​ចិត្ត​ទុក​ដាក់​ធ្វើការដោះស្រាយការងារសេដ្ឋកិច្ចប្រទេសអោយមានភាពរីកចម្រើន និងជាពិសេស​បង្កើត​ការងារ​ដល់យុវជនជាបញ្ហាចំបង ដោយខិតខំធ្វើការទាក់ទាញ និងលើកទឹកចិត្ត​អោយ​អ្នក​វិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុន បង្កើតសិប្បកម្ម សហគ្រា រោងចក្រនៅកម្ពុជា។នេះ​ជាការលើកឡើងរបស់ លោក ស៊ុយ សែម ប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខ កម្មករកម្មការិនី ប្រមាណ ១០០០​នាក់​ដែល​កំពុងបម្រើការងារនៅរោងចក្រ លានហ្វាហេងយូ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ។ក្នុងនោះលោក បានក៏លើកឡើងបន្តថា រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​បានប្រឹងប្រែងធ្វើការដោះស្រាយវិបត្តការរីករាលនៃជំងឺកូវិដ១៩ រហូតទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរដោយ ៩៣ភាគរយ នៃប្រជាជនកម្ពុជា​សរុប​ទទួល​បាន​ការ​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ ហើយក្នុងរយៈពេល ៧​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​មិន​មាន​ករណី​ឆ្លង​កូវីដ១៩​នោះទេ ហើយកាតព្វកិច្ចពាក់ម៉ាសក៏ត្រូវបានលើកលែងផងដែរ ជាក់ស្តែង​ថ្ងៃនេះយើ​ងអា​ចជួ​ប​ជុំសំណេះសំណាល​គ្នា​បាន​ដោយ​សារ​ក្មួយ​ៗ​ទាំង​ ១០០០​នាក់​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ បានរួចរាល ហើយភាគច្រើនបានចាក់រហូតដល់ដូសទី៤ផងដែរ ការ​សង្គ្រោះ​អាយុជីវិ​ត​របស់ប្រជាជនអោយរួចផុតពីជំងឺកូវីដ១៩ ជាចំនុចសំខាន់ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ជាខ្លាំង ។លោក​ក៏បានផ្តាំផ្ញើរដល់ក្មួយៗត្រូវបំពេញកាត្តព្វកិច្ចជាពលរដ្ឋល្អទៅបោះឆ្នោតទាំងអស់គ្នា ហើយ​ត្រូវ​គិតពិចារណាអោយបានល្អិតល្អន សម្រាប់ការការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ បើ​ជ្រើសរើស​ខុសប្រទេសនឹងអន្តរាយ បើជ្រើសរើសត្រូវប្រទេសនឹងមានសន្តិភាព ហើយមាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសយើង​មាន​សន្តិភាព​ពេញលេញហើយ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្ត​ការ​អភិវឌ្ឍន៍​អោយ​ប្រទេស​កាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ ពៅ ភិរុណ

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/05/13 12:06:36 pm        710
ភ្នំពេញ៖ ក្នុងជំនួបការងារនៅទឹកដីសហរដ្ឋអាម៉េរិក ភាគីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្តេជ្ញារួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​ឯកឧត្តម ម៉ូហាម៉េត ឡូតហ្វី (Muhammad Lutfi) រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានជួបការងារគ្នា ដើម្បីពិភាក្សា និងផ្លាស់ប្តូរ​យោបល់​លើការងារដើម្បីត្រៀម​ចូលរួមកិច្ចប្រជុំពិសេស​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន ​ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ​ខែឧសភាខាងមុខ នៅទីក្រុងបាលី ប្រទេស​ឥណ្ឌូនេស៊ី។ប្រភពដដែល បានឲ្យដឹងទៀតថា ​តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ​និងផ្លាស់ប្តូរយោបល់​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទ​មួយ​ចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់លើ​មជ្ឈភាព​អាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ ​និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។ជាមួយគ្នានេះ ភាគីឥណ្ឌូនេស៊ី ក៏បានអញ្ជើញ ​ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋ​មន្រ្តី​សេដ្ឋកិច្ចអាស៊ាន​ ឆ្នាំ២០២២​ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ​ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន​ រួមមានកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគ​និងឧស្សាហកម្ម និង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ ​នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

ទំហំជួញដូរផ្សារហ៊ុនកម្ពុជា អាចនឹងកើនដល់មួយលានដុល្លារ ក្នុងមួយថ្ងៃ

2022/05/13 11:33:07 am        580
ភ្នំពេញ៖ ដោយសារភាពកើនឡើងនៃការជួញដូរហ៊ុនកាន់តែញឹកញាប់ជាងមុន ការជួញដូរហ៊ុន នឹងអាចកើនដល់ ១លានដុល្លារ ក្នុង១ថ្ងៃ ខណៈការជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ៣០ម៉ឺនដុល្លារ នៅក្នុង១ថ្ងៃ។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា ក្រោយចប់ពិធីប្រគល់​ទទួល​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យមូលបត្រ​ កាលពីរសៀលថ្ងៃទី១២​ ឧសភា ឆ្នាំ២០២២កន្លងទៅ មានប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី​ ស្រប​ពេលដែល​ទីផ្សារ​ហ៊ុន​បានកំពុងរីកចម្រើនពី​មួយឆ្នាំ​ទៅមួយឆ្នាំ ​ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវចំនួនវិនិយោគ ​និងទំហំជួញដូរ។ គិតមកទល់​បច្ចុប្បន្ន ​គណនី​ជួញដូរ​បានឡើងប្រមាណជាង​ ៣ម៉ឺនគណនី។ ​ក្រោពីនេះ ក៏នឹងមាន​ការចូលរួម​របស់តួអង្គថ្មីៗ​ជាច្រើនទៀត ​ដូចជាក្រុមហ៊ុន​មូលបត្រភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួន ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ល។រហូតមកដល់បច្ចុប្បន្ននេះ ​កម្ពុជាមានក្រុមហ៊ុនចំនួន៩ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជាដែលក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារគោលចំនួន៧ក្រុមហ៊ុន និង​ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារកំណើន​មានចំនួន២ក្រុមហ៊ុន។ ដោយឡែក ចំពោះទីផ្សារមូលបត្រ​បំណុល មានក្រុមហ៊ុនចំនួន៦ ចុះ​បញ្ជី​សញ្ញាប័ណ្ណ​ នៅ​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការក្នុងខេត្តកំពត ដើម្បីកាត់បន្ថយការនាំចូល

2022/05/12 05:18:09 pm        1028
កំពត៖ រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការនៅថ្ងៃនេះ នៅខេត្តកំពត ដើម្បីជួយបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងកាត់បន្ថយការនាំចូល។រោងចក្រផលិតចំណីអាហាស្តង់ដារដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅ​ក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានបើកដំណើរការនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ ជាមួយនឹង​ការ​ប្ដេជ្ញា​ថា​នឹង​ជួយ​ផ្គត់ផ្គង់​តម្រូវការចំណីអាហារនៅកម្ពុជា​ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បី​កាត់បន្ថយការនាំចូល។សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជា អធិបតីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានប្រសាសន៍ថា ប្រទេសកម្ពុជា ​ត្រូវការលើក​កម្ពស់​គុណភាពនៃការផលិតចំណីអាហារ ​ឲ្យមានដំណើរការល្អ ​ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការ​នាំ​ចូលពីប្រទេសជិតខាង ​ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាព​ជូនប្រជាជនកម្ពុជា ព្រោះ​កន្លងមក​ការ​ចិញ្ចឹម​ និង​ការផលិតចំណីអាហារ ​មិនទាន់អាចឆ្លើយតបទៅ​នឹងតម្រូវការនៅឡើយទេ។សម្ដេចក្រឡាហោម ​បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានការនាំចូលរាប់ពាន់តោន​នៃ​ចំណី​អាហារពី​ប្រទេសជិតខាង ​ដូច្នេះ​ទាមទារ​ជំរុញការផលិតបន្ថែម ។លោក វីតាយ៉ា គ្រាងគ្រីវីត (Wittaya Kreangkrivit) ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់ ​នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានឱ្យដឹងថា ក្រុមហ៊ុននេះ ​បានចំណាយទុន​៥លានដុល្លារ ក្នុងការវិនិយោគបង្កើត​រោងចក្រផលិតចំណីអាហារនេះ។ រោងចក្រនេះផ្ដល់ការងារ១០០កន្លែង ​និងក្នុងមួយថ្ងៃៗ ​ត្រូវធ្វើសត្វឃាត (ជ្រូក) ១០០០ក្បាល ស្មើ​នឹង៣០ភាគរយ ​នៃតម្រូវការប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុន មានគម្រោងពង្រីករោងចក្រ​ផលិតចំណីអាហារបន្ថែមបីទៀត ​ដើម្បីបំពេញតម្រូវការប្រើប្រាស់​របស់​ប្រជាពល រដ្ឋកម្ពុជា​ឲ្យ​បានគ្រប់គ្រាន់។ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ​គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ​និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបាន​សហការ​ជាមួយរដ្ឋាភិបាលថៃរហូតមក។ ​នៅថ្ងៃនេះ ​គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន ជា​ចំណែក​មួយនៃការជួយជ្រោមជ្រែងប្រទេសកម្ពុជា ​ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារ​ឧស្សាហកម្មផលិត​ចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហារ ​ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិ។ក្រុមហ៊ុន ស៊ី.ភី មានអាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្វ (Farm) និងអាជីវកម្មចំណីអាហារ (Food) ៕ អត្ថបទ៖ អន សារឹម

ក្រុមហ៊ុនពហុអាជីវកម្មជប៉ុន បន្តពង្រីកអាជីវកម្មរបស់ខ្លួនមកខេត្តព្រះសីហនុ

2022/05/11 04:23:58 pm        719
ព្រះសីហនុ៖ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងការស្វែងយល់ និងចាប់យកឱកាសវិនិយោគពហុអាជីវកម្ម នៅខេត្តព្រះសីហនុ។លោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅ ក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន បានលើកឡើងថា សក្ដានុពលរបស់ ខេត្ដព្រះសីហនុ ជាមួយនឹងភាពរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋ គាត់ពិត​ជា​មានភាពកក់ក្ដៅសប្បាយរីករាយ ក្នុងការធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុបន្ដបន្ទាប់ និងបាន ចូលរួម​សកម្មភាពសង្គមខ្លះ ​គឺកម្មវិធីរើសសំរាមសម្អាត​អនាម័យ បរិស្ថាននៅឆ្នេរអូរត្រេះ ក្រុង-ខេត្ដព្រះសីហនុ។ ដំណើរទស្សនកិច្ចថ្ងៃនេះ វាជាឱកាសដ៏ប្រសើរ ដែលលោក​ នឹងអញ្ជើញទៅបញ្ចុះបឋម​សីលាបុកគ្រឹះឃ្លាំង​អ៊ីអននៅថ្ងៃស្អែកនេះ។ជាមួយគ្នានោះលោក ម៉ាង ស៊ីណេត អភិបាលរង ​នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏​បាន​លើកឡើង​ដែរថា ខេត្តជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង​ ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ​ដឹកជញ្ជូន​ទេសចរណ៍។ល។ មានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក​ និងផ្លូវគោកជាដើម ។ល។ លោក ក៏បានស្នើសុំ លោក យូកុ កាន់ដា ឱ្យជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្ដព្រះសីហនុ ទៅ​អ្នកទេសចរ និងក្រុមហ៊ុនវិនិយោគជប៉ុនឱ្យចូល ​មកវិនិយោគនៅខេត្ដព្រះសីហនុ​ឱ្យកាន់​តែច្រើន​ឡើង​ថែមទៀត។សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ សក្ដានុពលធម្មជាតិសម្បូបបែប​ ដូចជាកសិកម្ម ​ឧស្សាហកម្ម ពាណិជ្ជកម្ម ​និងទេសចរណ៍ ​សំណង់ជាវិស័យគោលដៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចខេត្ត ហើយ​រាជ​រដ្ឋាភិបាលចាត់​ ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ​ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​តែមួយ​គត់នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា​ ឆ្នាំ២០១៥ -២០២៥៕

ក្រសួងសេដ្ឋកិច្ច អនុវត្តប្រព័ន្ធឯកសារឌីជីថល ដើម្បីពន្លឿនការប្រមូលចំណូល និងចំណាយថ្នាក់ក្រោមជាតិ

2022/05/11 02:33:54 pm        990
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ហៅកាត់ថា FMIS Portal លើរដ្ឋបាលស្រុក-ឃុំ ចំនួន២៦០ ដោយអនុវត្តសាកល្បង ជាមួយទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួល ក្នុងទិសដៅជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ ជា​ផ្លូវការដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំ​បង្កើត​ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ គឺមានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួលក្នុងការ​អនុវត្ត​ជាមួយទូរសព្ទឆ្លាតវៃតាមរយៈបណ្តាញអ៊ីនធើណេត ក្នុងទិសដៅដើម្បីជួយពន្លឿន​ដល់ការ​អនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បន្តថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបាន​ប្រែក្លាយវិបត្តិទៅ ជាកាលានុវត្តភាព ការកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ គ្មានការបង្អង់ និង​គ្មាន​ថយក្រោយនោះឡើយ ទោះបី ​កម្ពុជាឆ្លងកាត់ជម្ងឺកូវីដ ១៩ ជាពិសេសការកសាងចាប់​យក​ប្រព័ន្ធឌីជីថល ស្របតាមគន្លងថ្មីនៃសកលលោក ​នៅក្នុងយុគសម័យ​បដិវត្តន៍​ឧស្សាហកម្មជំនាន់ទី ៤។ ក្នុងស្មារតីនេះ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាចលករមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងនោះការកែលម្អ ធនធានហិរញ្ញវត្ថុសាធារណៈរបស់ជាតិ គឺមានដំណាក់កាលសំខាន់ៗជាច្រើន, ចំពោះការដាក់ឲ្យអនុវត្តប្រព័ន្ធ ឯកសារឌីជីថល នេះវិញ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលដាក់​ឲ្យអនុវត្តលើរដ្ឋបាលស្រុក-ឃុំ ចំនួន ២៦០ ​តាមទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាព​ងាយស្រួល ដោយមានទិសដៅដើម្បីជួយពន្លឿនដល់ ​ការអនុវត្តចំណូល ចំណាយថវិការបស់​រដ្ឋបាលស្រុក ​និងរដ្ឋបាលឃុំ ​ដោយបានផ្តល់ភាពងាយស្រួល​ ជូនដល់រដ្ឋបាលស្រុក-ឃុំទាំងនោះ។ សូមបញ្ជាក់ថា៖ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល​ ជំនាន់ទី១ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូនដល់រដ្ឋបាលថ្នាក់ស្រុក ​និងឃុំ នៅពេលនេះ គឺជាការផ្លាស់ប្តូរមកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន ​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ នេះវិញ ដោយក្នុង​នោះ​សម្រាប់​ជំហាន​ដំបូងនេះ បានអនុវត្តទៅលើខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​បានជ្រើសរើស​យករដ្ឋបាលស្រុកចំនួន ៧៥ ​និងរដ្ឋបាលឃុំចំនួន ១៨៥ ដើម្បីអនុវត្ត​សាកល្បង​នៃការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល នេះ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-វៀតណាម បង្កើនការតភ្ជាប់សហគ្រាសដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម

2022/05/11 02:20:55 pm        455
ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ការសម្របសម្រួល និងបែបបទនៃការនាំចេញ-នាំចូល ដើម្បីជួយដល់ការដឹកជញ្ជូននៃប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ថា កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំ លើកិច្ច​សហប្រតិបត្តិការ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាងប្រទេសទាំងពីរ​ ដែលកិច្ចការនេះ​មាន​សារៈសំខាន់ៗ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ នៃវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ថែម ការដោះស្រាយបញ្ហាកំពុងជួបប្រឈម ការសម្របសម្រួល និងបែបបទនីតិវិធីនៃការនាំចេញចូល និងការជម្រុញពាណិជ្ជកម្មជាដើម។លោកឧកញ៉ា បន្តថា ជុំវិញវិស័យដឹកជញ្ជូននេះ បច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុក កំពុងជួបបញ្ហាប្រឈម​ជាច្រើនដូចជាប្រេងឡើងថ្លៃ ជាពិសេសសេវាដឹកជញ្ជូនតាមផ្លូវទឹក បានកំពុងហក់ឡើងខ្ពស់​ហួស​ហេតុ។ ដូច្នេះកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ​រវាងកម្ពុជាវៀតណាម គឺការ​ជួយ​សម្រួលមួយផ្នែកនៃការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិត ជាពិសេសជាការ​ជួយសម្រួល​ដល់ការ​ដឹកជញ្ជូន​កសិកផលរបស់កម្ពុជា ខណៈមួយឆ្នាំៗកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេស​វៀតណាមជាច្រើន ដូចជាការនាំចេញស្រូវជាដើម។លោកឧកញ៉ា ស៊ិន ចន្ធី បន្តថា ទាក់ទងវិស័យដឹកជញ្ជូននេះ ភាគីនៃប្រទេសទាំងពីរ នឹងមាន​គម្រោង​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងដល់ការនាំចេញចូល ជា​ពិសេស​ការដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ទំាងផ្លូវទឹក និងផ្លូវគោក ដែលកន្លងមក​ការដឹកជញ្ជូន​ឆ្លងកាត់ប្រទេសនេះ ​មានការត្រួតពិនិត្យ​ស្មុគស្មាញ​ និងការចំណាយថ្លៃដើមបន្ថែមជាដើម ។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិនេះ នឹងជួយដោះស្រាយ​រាល់បញ្ហាបន្ថែម ដើម្បីជម្រុញ​ការ​ដឹក​ជញ្ជូនឆ្លងកាត់​ និងការធ្វើពាណិជកម្មប្រព្រឹត្តិទៅដោយរលូន។នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាម ​បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ នៃ​ការតភ្ជាប់វិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ ​ពិសេសការគិតគូរដល់ថ្លៃដើមនៃការដឹកជញ្ជូន ដែលបញ្ហានេះភាគីវៀតណាម ​នឹងលើកជូនទៅរដ្ឋាភិបាលរបស់ខ្លួន​ ដើម្បីដោះស្រាយ ដល់ដំណើរការនៃការដឹកជញ្ជូននៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា៖ នៅថ្ងៃទី ១០ ខែ ឧសភា កម្ពុជា-វៀតណាម បើកកិច្ចប្រជុំសម្រាប់កិច្ច​សហប្រតិបត្តិការ​ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាង​ប្រទេសទាំងពីរ ដែលក្នុងនោះ​ភាគីវៀតណាម បានការចូលរួមមាន៖ អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយកក្រុមហ៊ុន Bee Logistic ប្រទេសវៀតណាម, នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន Gemadept តំណាងសមាគមភ្នាក់ងារសមុទ្រ ឈ្មួញកណ្តាល និងសេវាកម្មវៀតណាម និងមានការជាង ៥០ ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី១១-២០ខែឧសភា ប្រេងសាំងធម្មតាឡើង ៣០០រៀល និងប្រេងម៉ាស៊ូតឡើង ២០០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/05/11 12:36:48 pm        373
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៥៥០រៀល/លីត្រ(ឡើង៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(ឡើង២០០រៀល)។

ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកប្រាក់ចំណេញបានជាង ១២លានដុល្លារ

2022/05/10 03:31:36 pm        1294
ភ្នំពេញ៖ ឆ្នាំ២០២១ កន្លងទៅកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្មរបស់ខ្លួន ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUs ដែលអនុវត្តបានលើសផែនការឆ្នាំ ២០២១ចំនួន១៣ភាគរយ។នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ថ្លែងក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិកលើកទី៧ នៅទីស្នាក់ការកណ្ដាល​កំពង់ផែ​ស្វយ័តភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ឧសភា។ឯកឧត្តម ហ៊ឺ បាវី បានថ្លែងថា សម្រាប់ឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផល​អាជីវកម្ម​ដោយ​ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៤៨.៨៩៨TEUsគឺលើសផែនការឆ្នាំ២០២១ចំនួន១៣% នឹងកើនលើស ២០% បើធៀប​នឹង​ការ​អនុវត្តឆ្នាំ២០២០ ​។ ចំណែកឯលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ​ទទួលបាននូវ​ប្រាក់​ចំណេញ​ចំនួន ១២លាន៧០៧ពាន់ ៨៣១ដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើង២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០ ​ហើយ​ឯកឧត្តម ក៏បានបង្ហាញនូវមោទនភាព ចំពោះស្នាដៃ​និងលទ្ធផលដែលសម្រេចបាន ​និងបានលើកឡើង​អំពីកិច្ចការជាច្រើនទៀត​ដែល​ជា​ផែនការសកម្មភាពរបស់កំពង់ផែស្វយ័តភ្នំពេញ។ឯកឧត្តម មានប្រសាសន៍ថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ​ក៏​នៅមានផែនការការងារជាអាទិភាពបន្តទៀត​សម្រាប់អនុវត្តឆ្នាំ ​២០២២ ក្នុងនោះរួមមាន​គម្រោង​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធចំណត​ផែកុងតឺន័រLM១៧ ជំហានទី៣ ​ដំណាក់កាលទី២(២០២២-២០២៣) ដើម្បីពង្រីក​សមត្ថភាពផ្ទុកកុងតឺន័រឲ្យបានដល់ចំនួន៥០ម៉ឺនTEU/ឆ្នាំ និង​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែរណប​តាមដងទន្លេនៅតាមទីតាំងមួយចំនួនទៀត រួមមាន៖ ចំណតផែរណបពហុបំណង​កោះរកា (LM២៦) ,ចំណតផែរណបពហុបំណងTS១១ ,ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ,ចំណតផែរណបពហុបំណងទន្លេបិទ(UM២) និងចំណតផែរណបពហុបំណងឆ្លូង(ក្រចេះ) កំពង់ឆ្នាំង ព្រែកក្តាម ដើម្បីបង្កើនសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ឲ្យដល់អតិថិជន៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ​និង​ការឯកភាពជាតិ​ពេញលេញ​នៅ​កម្ពុជា​ មិន​មែន​ទទួល​បាន​ដោយ​ចៃដន្យ​នោះ​ទេ គឺវាកើតចេញពីឥស្សរជនជាច្រើនបានយកជីវិតទៅធ្វើជាដើមទុន
05/18/2026 09:05 AM
អ៊ីរ៉ង់ បង្ហាញពី «ការត្រៀមខ្លួន ជាជាងការសម្របសម្រួល» ក្នុងពេលមានការគំរាមកំហែងរបស់អាមេរិក
05/18/2026 09:05 AM
អង្គការ WHO ប្រកាសពីការផ្ទុះឡើងជំងឺអេបូឡានៅកុងហ្គោ និងអ៊ុយហ្គង់ដា ជាគ្រាអាសន្ននៃការព្រួយបារម្ភអន្តរជាតិ
05/18/2026 09:05 AM
សេតវិមាន៖ ចិននឹងទិញផលិតផលកសិកម្មអាមេរិកយ៉ាងហោច១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្រោយ​ជំនួប​​​លោក​Trump -Xi ​
05/18/2026 08:05 AM
លោក Trump ចេញការព្រមាន​ធ្ងន់ៗដល់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព ​​
05/18/2026 08:05 AM
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភានេះ
05/18/2026 08:05 AM
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
05/18/2026 08:05 AM
សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM