ប្រទេសដៃគូធំរបស់កម្ពុជាធ្វើការផ្លាស់ប្ដូរលើកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា
ក្រសួងកសិកម្ម៖ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមមានតម្លៃល្អជាងឆ្នាំកន្លងទៅប្រមាណ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម
NBC និង UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត​ដំណាក់កាលទី២
កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ផលិតផលខ្មែរកាន់តែច្រើនទទួលបានការគាំទ្រនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

2024/12/17 04:49:46 pm        181
ក្រុមអាជីវករដែលចូលរួមតាំងបង្ហាញផលិតផលនានាក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៦ ឆ្នាំ២០២៤នេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និងឲ្យដឹងស្រដៀងគ្នាថា ឆ្នាំនេះ​ទទួល​បាន​លទ្ធផល​ជាទីគាប់ចិត្ត ដោយសារទទួលបាននូវការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្មថ្មីៗ​ថែម​ទៀតក្នុងកា​រព​ង្រីក​ទីផ្សារ​លក់​ទាំង​នៅក្នុ​ង​ស្រុក​ និង​សម្រាប់​នាំចេញ​។កញ្ញា ប៉ែត សុខណា ម្ចាស់ហាងស្រម៉ៃ មកពីខេត្តសៀមរាប នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កញ្ញាបានរៀបរាប់ថា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មរយៈពេល៤ថ្ងៃកន្លងមកនេះ គឺមាន​អ្នក​ចូល​ទស្សនា​យ៉ាងច្រើនកុះករ ថែមទាំងលក់ដាច់អស់ច្រើនសម្រាប់អតិថិជនចាស់និងថ្មី។ កញ្ញា​បាន​បន្ត​ថា តាមរយៈកម្មវិធីនេះដែរ កញ្ញាក៏ទទួលបាននូវទំនាក់ទំនងថ្មីៗបន្ថែមទៀតពីភ្ញៀវជាតិ និង​អន្តរជាតិ ដែលមានគោលបំណងចង់សហការជាដៃគូក្នុងការពង្រីកអាជីវកម្ម។ កញ្ញា វាសនា វេជ្ជរ៉ាវ៉ា ម្ចាស់អាជីវកម្មខាងផ្នែកអំបុក មកពីខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍នេះ ពិតជាទទួលផ្លែផ្កាល្អៗជាច្រើន ដូចជាជំនួប​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយដៃ​គូនានាទាំងជាតិ អន្តរជាតិ និងការបង្ហាញផ្លូវ​ក្នុងការ​ដាក់​តាំង​បង្ហាញ​លក់​ផលិត​ផល​ខ្មែរ​នៅ​បណ្តាផ្សារទំនើបថ្មីៗបន្ថែមទៀតផ្សេងទៀត។ កញ្ញា បានបន្តទៀតថា អ្វីដែលជា​ក្តីរំពឹង​ទុក​ក្រោយ​ចប់​កម្មវិធីនេះ គឺសង្ឃឹមថា គ្រប់ផលិតផលទាំងអស់ អាចនឹងដំណើរកា​រ​លក់​កាន់​តែ​ល្អ​ប្រសើរ​ទៅ​មុខ​បន្ថែមទៀត ទាំងការដាក់តាំងលក់នៅតាមទីផ្សារ និងការពង្រីកដៃ​គូ​អាជីវកម្ម​នៅ​ក្រៅ​ប្រ​ទេស ខណៈផលិតផលទាំងអស់របស់កញ្ញា មានការ​ទទួល​ស្គាល់​យ៉ាងត្រឹម​ត្រូវ​ពី​ក្រសួ​ង​ស្ថាប័ន​ពាក់ព័ន្ធ និងមានស្តង់ដារ ជាពិសេស​ទំនិញ​ប្រកប​ដោយ​គុណភាព និង​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ទៅ​កាន់​អតិថិជន។នៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បេសកកម្ម​ចម្បង​របស់​ពិព័រណ៍​នេះ គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស និង​ឱកាស​ធុរកិច្ច ព្រមទាំងជំរុញសកម្មភាពនាំចេញ នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការ​កសាងបណ្ដាញរវាងអ្នកចូលរួមតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រម​ទាំង​អ្នក​ចូល​រួម​ទស្សនា​ពិព័រណ៍ផងដែរ។សូមបញ្ជាក់ទៀតថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមមូលបទ “យុគ​សម័យ​ថ្មី​នៃពាណិជ្ជកម្ម”តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែល​បង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង។ ពាក្យ “យុគ សម័យថ្មី”ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកប​ដោ​យ​ថាមវន្ត​នៃ​បេសក​កម្ម​ពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុ​វិស័យ​ឆ្នាំ​២០៣០​៕ អត្ថបទ ឈិត បូរ៉ាវី

IFC កំពុងសហការជួយកម្ពុជាឈានទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2024/12/17 11:58:02 am        128
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា និង​បាន​បង្ហាញ​ពី​បំណង​ពង្រឹង និង​ពង្រីកបន្ថែម និងការស្វែងយល់បន្ថែមអំពីសក្តានុពល ពិសេសអំពី​គោល​នយោបាយ និង​វិស័យអាទិភាពសំខាន់ៗ ដើម្បីជួយកម្ពុជាឈានទៅសម្រេច គោលដៅរបស់​កម្ពុជា​ ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារពិភពលោក ប្រចាំ​តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ ម្សិលមិញនេះ លោកបាន​សម្ដែង​នូវ​សោមនស្ស​រីករាយ ដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សា ការ​ងារ​ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា។​ លោកបានជម្រាបជូន ថា IFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិង​កំពុង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពិនិត្យមើល និងផ្តល់ការប្រឹក្សាប្រតិបត្តិការវិនិយោគ លើគ្រប់ វិស័យនៅក្នុងតំបន់ និង​ជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។លោក Riccardo Puliti បានបន្ថែមថា IFC បាននិងកំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា ហើយ​បង្ហាញ​ពី​បំណងពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហការនេះ និងស្វែងយល់បន្ថែម​អំពី​សក្តា​នុពល​របស់​កម្ពុជា ពិសេសអំពីគោលនយោបាយ និងវិស័យ អាទិភាពសំខាន់ៗ​មួយ​ចំនួន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជា ជាប្រទេសដែលមានចំណូល ខ្ពស់​នៅ​ឆ្នាំ២០៥០ ពិសេស ថាតើ IFC អាចចូលសហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​ផ្នែក​អ្វី​ខ្លះ​?ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានជម្រាបថា ដើម្បីសម្រេច​ចក្ខុ​វិស័យ​ខាង​លើ រាជរដ្ឋាភិបាល កម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជាក្បាល​ម៉ាស៊ីន​សម្រាប់​ជំរុញកំ​ណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាសវិនិយោគឱ្យកាន់ តែល្អប្រសើរ ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្ទាល់ពីបរទេស។ ជាមួយនឹងការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ ២០២១ អ្នកវិនិយោគ​បរទេស អាចដាក់ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម ១០០% មិនមាន​ការ​រើស​អើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគកម្ពុជា បានផ្តល់អា​ទិភាព​លើ​វិស័យ​អាទិភាពមួយចំនួនដូចជា ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូ និច យានយន្ត កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និង ទេសចរណ៍ជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្ម ដែលជាវិស័យដ៏សំខាន់ ដើម្បីចូលរួម​ឈាន​ទៅ​សម្រេច​គោល​ដៅ​ខាងលើ ដោយរាជរដ្ឋាភិបាលបានអនុម័តនូវផែនការមេ គ្រប់ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូនអន្តរមធ្យោបាយ និងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមាន​គម្រោង​ចំនួន ១៧៤ ដែលត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ដែល​ក្នុង​នោះ​រួម​មាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស និង​មជ្ឈ​មណ្ឌល​ភស្តុភាកម្ម ផងដែរ ដែល IFC អាចចូលរួមជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយក គម្រោង​អាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម​ឧប​នាយករដ្ឋ​មន្រ្តី ក៏បានជម្រាបអំពីគម្រោង ព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្តនិងមានអត្ថប្រយោជន៍ខ្ពស់ ដោយជួយកាត់បន្ថយ ចំណាយដឹកជញ្ជូន ការ​ខូច​ផ្លូវ​ថ្នល់ និងស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាកើនឡើងប្រមាណជាង ៥០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤

2024/12/16 03:38:35 pm        147
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំវេទិកាស្តីពីការនាំចេញរបស់កម្ពុជា ក្នុង​គោលបំណង ជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម , ជួយបំពាក់បំប៉នដល់អ្នកនាំចេញ និង​ជំរុញ​ដល់​ការ​បង្កើត​ទំនាក់ទំនងនិងបង្ហាញអំពីចំណុចខ្លាំងនៃឧស្សាហកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា” នៅរាជធានីភ្នំពេញ។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកានេះ បានមាន​ប្រសាស​ន៍ថា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំមុន ពោលឆ្នាំ២០០២ និង២០០៣ កម្ពុជា​សម្រេច​បាន​ទំហំពាណិជ្ជកម្មសរុបចំនួនតែជាង ៣ពាន់លានដុល្លារទេ រហូតមកដល់ពេលបច្ចុប្បន្ន មាន​ការកើនឡើងរហូតចំនួនជាង ៥០ពាន់លានដុល្លារ។ លោកជំទាវបានបន្តថា សម្រាប់​ឆ្នាំ​២០២៤​នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានចំនួនកើនឡើងប្រមាណ ១៦% ក្នុងនោះ ទោះ​បី​ក្នុង​កំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ក៏ប៉ុន្តែការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​លំនឹង​បានល្អ។លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា បើគិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ការ​នាំ​ចេញ​របស់​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង ២៤ពាន់លានដុល្លារ កើន​ឡើង​១៤% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងនោះ​មុខ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ មានដូចជា សម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង ស្រូវ អង្ករ កង់ គ្រឿងបង្គុំ និង​គ្រឿងអេឡិចត្រូនិចជាដើម។ទាក់ទិនស្ថានភាពទីផ្សារនាំចេញរបស់កម្ពុជា លោក ប៊ុន ណារិន ប្រធានសមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិ​សាស្រ្តទំនិញអំបិលកំពត កែប បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា និយាយដោយ​ឡែក​សម្រាប់​វិស័យអំបិល គិតចាប់តាំងពីដើមមកទីផ្សារអំបិល ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក គឺមិនដែល​ធ្លាប់​មាន​ការនាំចេញទៅលក់នៅក្រៅស្រុកនោះទេ ប៉ុន្តែឥឡូវនេះ​អំបិល​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពីទីផ្សារអន្តរជាតិ នេះគឺជាជោគជ័យមួយនិងល្អបំផុតសម្រាប់វិស័យអំបិល ជា​ពិសេស​ដោយ​សារ​ការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ គឺបានខិតខំ​ទាក់​ទាញ និងធ្វើការទំនាក់ទំនងផ្សេងៗជាដើមជាមួយបណ្តាប្រទេសជាដៃគូ។ លោកបន្ថែមថា និយាយ​ជារួម មិនមែនតែវិស័យអំបិលនោះទេដែលមានទីផ្សារច្រើន ពោលគឺគ្រប់​ផលិត​ផល​ខ្មែរ​ទាំង​អស់​គឺមានលើគ្រប់ទីផ្សារអន្តរជាតិ ខណៈពីមុនមិនដែលមានទាល់តែសោះ ជាក់ស្តែងដូចជា​នៅ​ខាង​ប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន ចិន សិង្ហបុរី និងកូរ៉េជាដើម។សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅ​រយៈ​ពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណង​តាំង​បង្ហាញ​ផលិត​ផល​មា​នគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា​កម្ម​ដែល​មាន​លក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែល​មាន​ពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំង​បង្ហាញ​នូវ​ផលិត​​ផល​ចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមាន​គុណភាព​ខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី 

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញពីឱកាសសក្តានុពលដល់ក្រុមហ៊ុនចំនួន៤ ដើម្បីសិក្សា​បណ្តាក់ទុន​លើវិស័យថាមពលនៅកម្ពុជា

2024/12/11 02:31:34 pm        147
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ គណៈប្រភូវិនិយោគិនអញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd.។តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមាន​ឱកាស​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​បរិយាកាស​វិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យ​ដែល​ក្រុម​ហ៊ុន​កំពុងមា​ន​ចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនោះ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកប​ដោយ​ថាមវ័ន្ត​ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃ​រដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់​ទុក​ផ្នែក​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​យ៉ាង​សំខាន់​សម្រាប់​ជំរុញ​កំណើត​សេដ្ឋកិច្ចជាតិ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាជាង ៧,២លានដុល្លារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/12/10 04:08:39 pm        257
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន ស្មើនឹងប្រមាណ ៧,២ លានដុល្លារ អាមេរិក។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ក្រុមហ៊ុនខ្មែរ-អាមេរិក ចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់ទៅទីផ្សារអាមេរិក

2024/12/10 01:12:19 pm        144
ដំណើរទស្សនកិច្ចក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជា បាន​បង្ហាញ​អំពី​ការ​បោះ​ជំហាន​ថ្មី​យ៉ាង​មោះមុត លើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គ របស់ប្រទេសកម្ពុជា ឱ្យ​ស្រប​តាម​ស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ដើម្បីនាំចូលទៅកាន់ ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៩ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២ ដែលធ្វើ​ការ​វិនិយោគ​រួមគ្នា​​លើ​ការ​កែ​ច្នៃ​នាំ​ចេញ​កន្ទក់​របស់​កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិករួមមាន៖ ក្រុមហ៊ុន Amru Rice ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយ លោក​ប្រធានក្រុមហ៊ុន Michael A. Tarrasch ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបសម្ដែងការគួរសម និងពិភាក្សា ការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC ដែលបាន ចុះ​អនុស្សារណៈ នៃ​ការយោ​គ​យល់​គ្នា​កាល​ពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុង ដំណើរ​ទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​កិច្ច​សម្រួល​វិនិយោគ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​គាំទ្រ​ធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានា ចំពោះកិច្ច វិនិយោគ។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគ​ជោគជ័យ​ក្នុង​កិច្ចការ​វិនិយោគ​របស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា និងបានរំលេចផងដែរ អំពីបច្ចុប្បន្នភាព​ស្ថានភា​ព​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារផងដែរ ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ភាព​រីករាយដែលក្រុមហ៊ុន មីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់ សេដ្ឋ​កិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងកិច្ច​ការងារ​វិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា នេះបង្ហាញ​ឱ្យ​ឃើញ​តាមរយៈ​ការ​ពង្រីក​ផលិតកម្ម​ដោយ​បន្ថែមទុនវិនិយោគមកកម្ពុជា។ ក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំការ​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​ភាព​ជោគ​ជ័យ​របស់​​ក្រុម​ហ៊ុនទៅកាន់ បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុន​ផ្សេង​ៗ​ទៀត អាចប្រើប្រាស់ឧករណ៍នេះ បានជាមូលដ្ឋានសម្រាប់ ពិនិត្យលទ្ធភាព​ស្វែង​រក​ការ​បណ្ដាក់​ទុន​វិនិយោគនៅកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមី គឺជាក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ សៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែល​មានរោងចក្រនៅក្នុងបណ្តាប្រទេស ជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារADB បាននិងកំពុងជំរុញវិស័យ MSMEs ឱ្យរីកចម្រើន​តាមរយៈការផ្តល់​ប្រាក់កម្ចី​ទៅ​ឱ្យដៃគូ​សហការ

2024/12/10 12:50:34 pm        173
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និងកំពុងជំរុញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជាឱ្យមានភាពរីកចម្រើន តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១០​លាន​ដុល្លារ​ទៅ​ឱ្យ​ធនាគារ​ប្រៃសណីយ៍កម្ពុជា។បន្ទាប់មកធនាគារប្រៃសណីយ៍កម្ពុជា បន្តផ្តល់ប្រាក់កម្ចី​ទៅ​ឱ្យ​អតិថិជន​ដែលយកទៅប្រើប្រាស់ក្នុងវិស័យ MSMEs និងជាពិសេសសហគ្រិនជាស្រ្តី។លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុម​អ្នក​សារ​ព័ត៌មានចុះទស្សនកិច្ចនៅអាជីវកម្មធ្វើស្រែអំបិលរបស់អ្នកស្រី ហុង ស្រីមុំ ដែលទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារប្រៃសណីយ៍កម្ពុជា។នៅក្នុងឱកាសនោះ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានប្រសាសន៍ថា ក្នុង​នាម​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រីពិតជា​មាន​ក្តីរំភើប​រីក​ណាស់​នៅ​ពេល​អ្នក​ទទួល​ផល​ពី​គម្រោង ដូចជាអ្នកហុង ស្រីមុំ ខ្ចីលុយពីធនាគារយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។ លោក​ស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានសុទិដ្ឋិនិយមថា គម្រោងរបស់ADB អាច​ពង្រីក​ភាព​ជា​សហគ្រិនស្រ្តីក្នុងចំណោមស្រី្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលការងារនេះស្រប​គ្នា​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់សហគ្រិនស្រ្តីក្នុងវិស័យ MSMEs។អ្នកស្រី ហុង ស្រីមុំ ម្ចាស់អាជីវកម្មធ្វើស្រែអំបិល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានលើក​ឡើង​ដែ​រ​ថា កម្ចីដែលទទួលពីធនាគារប្រៃសណីយ៍កម្ពុជា អ្នកស្រីយកទៅពង្រីកអាជីវកម្មធ្វើស្រែអំបិល និង​រៀប​ចំ​ឃ្លាំងសម្រាប់ទុកដាក់អំបិល។ លើសពីនេះ អ្នកស្រីបាន​ជំរុញ​ដល់​សហគ្រិន​ជា​ស្រ្តី​គួរ​ហ៊ាន​ខ្ចី​លុយ​ពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។កាលពី​អំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់ ១0 លានដុល្លារ ដើម្បីគាំទ្រ​ដល់​ការ​ស្ដារ​ឡើង វិញនូវស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ពី​ផល​ប៉ះ​ពាល់​កន្លងមកដោយជំងឺកូវីដ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាង​ហោច​ណាស់ ​៥0% នៃប្រាក់កម្ចីនេះត្រូវ​បាន​បម្រុង​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ដល់​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។បន្ថែមលើនេះ ធនាគារ ADB ក៏ជួយធនាគារ CP Bank ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និង​ការ​ពង្រឹង​សិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការ​បង្កើត​ផែន​ការ​សកម្ម​ភា​ពយេនឌ័រ និងការតែងតាំងជនបង្គោលផ្នែកយេនឌ័រក្នុងចំណោមបុគ្គលិក៕ អត្ថបទ៖ទូច សោភ័ណ 

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែ ផ្លែឈើ របស់កសិករ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និងនាំចេញ

2024/12/09 04:26:53 pm        131
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុន បាន​អញ្ជើញ​ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលការប្រមូលផលបន្លែ ផ្លែឈើ ដូចជា ផ្លែ​មៀន​ប៉ៃលិន ផ្លែស្វាយកែវល្មៀត និងបន្លែរបស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលឆ្នាំនេះ ទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ ។លោកជំទាវ បានមានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះ​បណ្តាល ដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យ​ការ​ដាំដុះរ​បស់​ប្រជា​កសិករ​ទទួល​បាន​ទិន្នផល​ច្រើនចំណាយដើមផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូច​ជា​អ្នក​ដាំ​ផ្ទាល់​ ជាពិសេសផលិតកសិផលទៅតាម តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។លោកជំទាវ បានឱ្យដឹងថា នៅខេត្តប៉ៃលិន ក្រសួងពាណិជ្ជកម្ម តាមរយៈ​គម្រោង​ជំរុ​ញ​ទី​ផ្សារ​សម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាម​បែប​ធម្មជាតិ​ ដើម្បីជំរុញ ឱ្យប្រជាកសិករបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់​ផ្គង់​ឱ្យ​បាន​ទាន់​ពេលវេលា និងតាម តម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ចៀសវាងការ​ផលិត​ដែល​គ្មាន​គុណ​ភាព និងមិនមានទីផ្សារ ហើយ ជាក់ស្តែង បច្ចុប្បន្ននេះ ខេត្តប៉ៃលិន កំពុងមាន​ក្រុម​ហ៊ុន​ទទួល​ទិញ​ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ដើម្បីធ្វើការ វេចខ្ចប់ និងសម្ងួត នាំចេញយកទៅ​លក់​នៅ​ក្រៅ​ប្រ​ទេសផងដែរ ។នៅក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន ក៏បានជួយទិញបន្លែផ្លែឈើរបស់ប្រជាកសិករ ព្រមទាំងជំរុ​ញ​ឱ្យ​ពួកគេ​បង្កើន​ការ​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​សរីរាង្គឱ្យ បានច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ទីផ្សារ ទាំងក្នុងខេត្ត និង​ក្រៅខេត្ត ជាពិសេសការនាំចេញទៅក្រៅប្រទេស ៕

ក្រសួងពាណិជ្ជកម្មត្រៀមរួចរាល់ក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» រយៈពេល៤ថ្ងៃ នៅភ្នំពេញ

2024/12/09 04:09:17 pm        154
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រសួងត្រៀម​រួចជាស្រេច​ក្នុង​ការ​រៀប​ចំ​ពិព័រណ៍​​ពាណិជ្ជកម្ម​កម្ពុជា(CTE) ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជ​ធានី​ភ្នំពេញ ក្នុងគោលបំណងដើម្បីតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំ​ចូល​សំខាន់​ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទនៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅ​រសៀល​ថ្ងៃ​ទី៩ ខែធ្នូនេះ បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានាពេលខាងមុខនេះ គឺ​ជា​ព្រឹត្តិការណ៍​ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះ ដើមឡើយមានឈ្មោះថា «ពិព័រណ៍​ផលិត​ផល​ខ្មែរ ​និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀប​ចំ​ឡើង​ទទួល​បាន​ជោគ​ជ័យចំនួន១៦លើកមកហើយ។ ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរឈ្មោះពិព័រណ៍នេះ ដើម្បី​ឱ្យ​កាន់​តែមាន​ភាព​សាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកប​ដោយ​ភាព​ទាក់​ទាញ​ក្នុង​ទីផ្សារ​សម័យ​ថ្មី​។ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដែលគ្រោងរៀបចំនាពេលខាងមុខនេះ នឹងដាក់បង្ហាញផលិតផលជាច្រើន មាន​ដូច​ជា ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផល​កសិកម្ម និងសេវាកម្ម។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកា​ពាណិជ្ជកម្ម​ឌីជីថល​លើកទី១ និងពិព័រណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធី​ជំនួប​ពាណិជ្ជក​ម្ម​ស្ដីពី​ការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។ ក្នុងនោះ ក្រុម​ហ៊ុន​ អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យឯកជន ដែលនឹងត្រូវចូលរួមតាំងបង្ហាញផលិតផល និង​សេវា​កម្ម​នានា​ចំនួន ២៤៦ស្ដង់៕ អត្ថបទ ឈិត បូរ៉ាវី

រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យវារីវប្បកម្មលើកស្ទួយកំណើនប្រាក់ចំណូលដល់ពលរដ្ឋ

2024/12/09 11:41:22 am        113
ភ្នំពេញ៖ មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាសេនាធិការ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បី​ចូល​រួម​ធានាសន្តិសុខស្បៀងប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​សប្តាហ៍​កន្លង​ទៅ បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ គឺ៖ការលើកស្ទួយផលិតកម្មកសិកម្ម រក​ទី​ផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន,ការដាក់ពង្រាយមន្ត្រីឃុំ សង្កាត់​, ការ​អភិវឌ្ឍសហគមន៍កសិកម្មទំនើប។ឯកឧត្តម បានបន្តថា ផ្អែកតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ក្រសួង​កសិកម្ម​មាន​ចក្ខុ​វិស័យ ​កសិកម្មគឺបន្តធានាសន្តិសុខស្បៀងកម្ពុជា ភាពប្រកួតប្រជែងប្រកបដោយនិរន្តរភាព ហើយ​វិស័យ​កសិកម្មនៅតែ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ គោលនយោបាយ​កសិកម្ម​គឺ​៖ ទី១.កសិករមានហូប ទី២.មានប្រើ ទី៣.មានបាន និងទី៤.មានរហូត។ ជុំវិញការលើកខាងលើនេះ លោក កូយ ចន្ឌី សព្វថ្ងៃជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យជលផល និង​វារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈ​ការ​រៀប​ចំ​ពិព័រណ៍​វារីវប្បកម្មកម្ពុជាលើកទី១ កន្លងទៅថ្មីៗនេះដែលផ្តួចផ្តើមឡើងរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ពិតជាមានសារៈសំខាន់ណាស់ និងបានចូ​ល​រួម​ចំណែក​ជា​ច្រើន​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង បច្ចេកទេស ដូចជាការចិញ្ចឹម ការគ្រប់គ្រង និងបង្កើតទំនាក់​ទំនង​ជា​ដើម​ទៅដ​ល់​អ្នក​កំពុង​ប្រកប អាជីវកម្មក្នុងវិស័យនេះឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតក្នុងវិស័យទាំងនេះ។លោក រី វុទ្ធី វារីវប្បករមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានលើកឡើងស្រដៀងដែរថា ទៅ​ថ្ងៃ​ខាង​មុខ​ចង់ឲ្យក្រសួងកសិកម្ម រៀបចំកម្មវិធីបែបនេះបន្តទៀតដើម្បីជំរុញការធ្វើទំនាក់ទំនង ចែក​រំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្ម។ ជាពិសេស​បង្កើន​ការ​យល់​ដឹង​ឲ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា។នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀប​ចំ​ពិព័រណ៍​វារីវប្បកម្មកម្ពុជាលើកទី១ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង​ដើម្បី​ផ្សព្វ​ផ្សាយ​គុណ​ភាព និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ បង្កើនការយល់ដឹងជាសាធារណៈ អំពី​គុណ​ភាព​ត្រី​ចិញ្ចឹម​របស់​កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់បច្ចេក​វិទ្យាថ្មីៗ​ដែល​ប្រើ​ប្រាស់​ក្នុង​វារីវប្បកម្ម ជំរុញការទំនាក់ទំនងកិច្ចសហការ រវាងភាគីពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​វារី​វប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀន​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបម្រើឱ្យនយោបាយទេ គឺដើម្បីបង្កើតក្ដីសប្បាយរីករាយជូនពលរដ្ឋ និងទាក់ទាញទេសចរ
03/11/2025 02:03 PM
សម្ដេចធិបតី សរសើរក្រសួងអប់រំផ្គួចផ្ដើមរៀបចំ «ទិវាអំណាន» ឡើងដើម្បីជំរុញការអានដល់សិស្ស
03/11/2025 02:03 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
03/11/2025 01:03 PM
សម្ដេចធិបតី៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
03/11/2025 01:03 PM
សម្ដេចធិបតី៖ គ្រឹះស្ថានឧត្តមសិក្សាឯកជនដើរតួនាទីសំខាន់ ចូលរួមចំណែកអភិវឌ្ឍន៍​ធនធាន​មនុស្សកម្ពុជា
03/11/2025 01:03 PM
សម្តេចធិបតី ណែនាំអាជ្ញាធររាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងអានសៀវភៅនៅតំបន់ Walk Street មុខព្រះបរមរាជវាំង
03/11/2025 01:03 PM
សម្តេចធិបតី ណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យាដែលមានគុណវុឌ្ឍិ សម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន
03/11/2025 12:03 PM
ទីក្រុងដាម៉ាសនិងហ្គាមីសលី នៅស៊ីរី អបអរ បន្ទាប់ពីកងកម្លាំងSDF ព្រមធ្វើសមាហរណកម្មជាមួយស្ថាប័នរដ្ឋ
03/11/2025 12:03 PM
អ្នកការទូតជាន់ខ្ពស់និយាយថា រដ្ឋបាលរបស់លោកTrump លុបចោលកម្មវិធីរបស់ USAID ជាង៨០%
03/11/2025 12:03 PM
នាយកប្រតិបត្តិក្រុមហ៊ុន Metinvest៖ ការកសាងសមត្ថភាពដែកអ៊ុយក្រែនឡើងវិញ ពឹងផ្អែកលើការធានាសន្តិសុខ
03/11/2025 12:03 PM