ប្រទេសដៃគូធំរបស់កម្ពុជាធ្វើការផ្លាស់ប្ដូរលើកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា
ក្រសួងកសិកម្ម៖ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមមានតម្លៃល្អជាងឆ្នាំកន្លងទៅប្រមាណ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម
NBC និង UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត​ដំណាក់កាលទី២
កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

គម្រោងវិនិយោគចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧ លានដុល្លារ​ក្នុង​ខេត្តព្រះសីហនុ​ទទួល​បានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

2024/12/04 11:17:36 am        87
នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេច​ធិបតី​នាយករដ្ឋ​មន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការ​សម្រួល​នីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង​ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការ​ពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក ជាអាទិ៍ គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោង​រោង​ចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោង​បង្កើត​សហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ជាមួយគ្នានេះ ក្រុមការងារ​បាន​សម្រប​សម្រួល​ដោះស្រា​យ​វិវាទ​ពាក់​ព័ន្ធ​អគារ​ជាប់​គាំង​ដែល​អូស​បន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦ គម្រោង ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​គម្រោង​អាច​ប្រើ​ប្រាស់​អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច ។សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុម​ការ​ងារ​បាន​សម្រេច​ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិត​ត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មាន​ចំនួន១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោង​មាន​ស្រាប់​ មានចំនួន ៤ ។គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោង​ផលិត​​ផ្ទាំង​​សូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោង​សួន​កសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លាន​​ដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង ។ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការ​ចូលរួម​, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការ​រួម​ចំណែក​​​លើក​កម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាត​ឱ្យ​​គោល​​ការណ៍​លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

រដ្ឋមន្រ្តីកសិកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារ​ដែលគ្រោងរៀបចំ​ឡើងនាពេលខាងមុខ

2024/12/04 10:26:44 am        133
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបាន ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជា ការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កើតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខនិងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារ ឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិក ម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណើនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនើប ទូទាំងប្រទេស៕

ឯកឧត្តម ឌិត ទីណា បើកកិច្ចប្រជុំពិភាក្សាជាមួយ UNIDO លើគម្រោងរៀបចំមន្ទីរពិសោធន៍ជាតិ​កសិកម្មស្តង់ដារ ISO

2024/12/03 01:33:16 pm        108
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ច​ប្រជុំពិភាក្សា​ជាមួយក្រុមការងារយូនីដូ (UNIDO) លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បាន​សម្តែង​ក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យ​លទ្ធភាព​រៀបចំ​មន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៉ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍​នេះឱ្យ​មានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ លើសពីនេះ ឯកឧត្តម បានផ្តល់​អនុសាសន៍​ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំ​ឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕

ក្រសួងកសិកម្ម រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជា» លើកដំបូងនៅសប្តាហ៍នេះ

2024/12/03 12:50:22 pm        139
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍​វារី​វប្បកម្ម​កម្ពុជា​លើកទី១” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅផ្សារតំបន់បឹងកក់ រាជធានីភ្នំពេញ។ប្រ​ភព​ក្រសួងកសិកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងមុខនេះ ធ្វើឡើងដើម្បី​បង្កើន​ការ​យល់​ដឹ​ង​ជា​សាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការ​ផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ច​សហការ​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទ​ពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ និងដោយសេរី។

ក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើវិនិយោគថាមពលស្អាតនៅកម្ពុជា

2024/12/03 11:10:09 am        180
ប្រធានផ្នែកក្រុមហ៊ុនក្រៅស្រុកមួយ បានជួបពិគ្រោះយោបល់ជាមួយកម្ពុជា នៃ​កាលា​នុវត្តភាព​វិនិយោគ​លើ​គម្រោង​ថាមពលអគ្គិសនី កកើតឡើងវិញ និងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុង​ឱកាស​បណ្តាក់ទុនវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូល- ដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង​ជំនួប​ជាមួយ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នៅថ្ងៃទី២ ម្សិល​មិញនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលក្រុមការងារ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានទទួលជួបប្រឹក្សាយោបល់នាឱកាសដ៏ប្រពៃនេះ។ បន្ថែមពីនេះ លោកបាន​សម្តែង​នូវ​ការ​កត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុង ការពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​មិត្ត​ភាព​ដែក​ថែប រវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្រោម គំនិ​ត​ផ្តួច​ផ្តើម​ផ្លូវ​ និងខ្សែក្រវាត់, លោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះ​ផល​វិជ្ជមាន​ លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រប្រាកដ។ នៅក្នុងជំនួបនេះ, លោក Liuhao Ran ក៏បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែល​នឹង​អាច​មាន​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើវិស័យថាមពលស្អាតនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍន៍​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន។ជាការឆ្លើយតប, ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បាន​ថ្លែង​អំណរ​គុណជូនចំពោះ គណៈប្រតិភូ ដែលបានអញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដោយ​ផ្ទាល់ ក្នុងគោលដៅសិក្សាស្វែងយល់ពីសក្តានុពល និង បរិយាកាស​វិនិយោគ​កម្ពុជា​ឱ្យ​បាន​ជាក់​ច្បាស់​។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេច អំពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ កំពូល​នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជាដៃ​គូយុ​ទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកាន់ តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញ​ការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួម​ចំណែក​នៃ​រំហូរ​វិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់​ក្នុង​ការ​ដុស​ខាត់​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ ឱ្យកាន់ តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្តឱ្យសមភាគី បន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និង​ថាមពល នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និង​ទទួល​បាន​គោល​ការណ៍​ជា​លក្ខណៈ​បច្ចេកទេសពីក្រសួងជំនាញ ហើយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារ​ចំហ​ស្វាគមន៍​ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និង​ប្បញ្ញត្តិជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

សហគមន៍កសិកម្មទំនើបស្រូវនាងអំ គ្រោងដាក់លក់រាយអង្ករនាងអំជាផ្លូវការ នៅដើមឆ្នាំ២០២៥ខាងមុខ

2024/12/03 10:07:46 am        139
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាងអំ នឹងមានផលិតជា​អង្ករ​លក់​រាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​ទិញ​យក​ទៅ​បរិភោគ​ក្នុង​ពេល​ឆាប់​ៗនេះ​ ខណៈក្រសួង កំពុងរៀបចំជាប្រញាប់ក្នុងការបញ្ចប់ផែនការផ្នែកលក់ និងទីផ្សារ​ជូន​សហគមន៍​។នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេល​នេះក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាង នៃផែនការផ្នែកលក់ និង​ទីផ្សារ​ជូន​សហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិត​មាតិកា​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ជា​ដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact ។ ឯកឧត្តម បានលើកឡើងបន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែល​កសិករ​ភាគ​ច្រើន​បាន​ត្រឹម​តែ​លក់​ជាស្រូវសើម​ទៅ​តាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ ឥឡូវនេះ សហគមន៍​អាចមានទុនបង្វិលគ្រប់គ្រាន់ ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និង​ទទួល​បាន​តម្លៃ​បន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេស​អ្នក​ដែល​ចូល​ចិត្ត​ប្រភេទ​ស្រូវ​ចម្ការ​អង្ករ​រឹង​ល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃកសិករសហគមន៍ កុំ​ភ្លេច​ចាំ​ជួយ​គាំទ្រ និងសាកល្បងទិញយកទៅហូបទាំងអស់គ្នា នៅដើមឆ្នាំ២០២៥ខាងមុខនេះហើយ។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ កាលពីពេលកន្លងទៅ បានចាប់​ផ្តើម​ប្រមូល​ផល​ជា​លើក​ដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត ៦០០ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥​តោន ទៅ ៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០រៀល ក្នុង​មួយ​គីឡូក្រាម៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគវិស័យអគ្គិសនីនៅកម្ពុជា

2024/12/02 11:27:51 am        163
កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុង​ការធ្វើឱ្យប្រសើរឡើងនូវការ ផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ដោយ​ធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ គណៈ ប្រតិភូចិន មកពីខេត្ត Zhejiang ដឹកនាំដោយលោក Yang Yaming ប្រធាន​សារមន្ទីរសិល្បៈសេរ៉ាមិចទំនើប ខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. នៅចុងសប្តាហ៍កន្លងនេះ, ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ យ៉ាង​កក់​ក្តៅ ជូនចំពោះគណៈប្រតិភូចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សន​កិច្ច​សិក្សា​ដោយ​ផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពល​វិនិយោគ​របស់​កម្ពុជា។ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូន​ពីកាលា​នុវត្ត​ភាព​វិនិយោគ​ក្នុង​វិស័យ​អាទិភាព​មួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗដូ​ចជា៖ ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូប​ដោយ​ពន្លឺ​ព្រះអាទិត្យ, លើសពីនេះទៀត ឯកឧត្តមបានជំរុញលើកទឹកចិត្តក្រុមហ៊ុន ឱ្យធ្វើការពិភាក្សា​ជាមួយ​តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរក​ការគាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស។មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Yang Yaming ក៏បានធ្វើបទឧទ្ទេសនាមខ្លី អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន និងបាន ចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យនេះ នៅកម្ពុជាផងដែរ។ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវក្តីសោនស្សរីករាយដោយបាន ជំរុញ​លើក​ទឹកចិត្តឱ្យក្រុមហ៊ុនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និង​បាន​ស្នើ​ឱ្យគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅ​វិនិយោគិន​ចិន​បន្ត​បន្ទាប់​ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តវិស័យឯកជនបន្តសហការជាមួយរដ្ឋ ដើម្បីពង្រីក​សក្តានុពល​ទីផ្សារនាំចេញ

2024/12/02 11:05:39 am        78
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើក​ទឹកចិត្ត​ឱ្យ​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំ​រុញ​ការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ពិសាភោជនាហារ​សាមគ្គី​ប្រចាំ​ឆ្នាំ​របស់​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ និងស្បែកនៅកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោកជំទាវរដ្ឋមន្រ្តី បានមាន​ប្រសាស​ន៍ថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជ​រដ្ឋាភិបាល​ក​ម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទី​ក្នុង​ការ​អភិវ​ឌ្ឍ​វិស័យ​នេះ​ទៅ​ជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោត​លើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។ លោកជំទាវរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារសមាគម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាល​ចូលរួម​យ៉ាង​សកម្ម​ជាមួយក្រ​សួង​ពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខា​សាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុង​ការ​អភិវឌ្ឍ​ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា - Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានប្រសាសន៍​ឲ្យ​ដឹង​ថា ទិសដៅការងារសម្រាប់ឆ្នាំខាងមុខនេះ សមាគមនឹងពង្រឹងក្រុមការងារវិនិយោគ ដោយ​បង្កើន​ទស្សនកិច្ចទៅកាន់តំបន់គោលដៅ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ក្នុង​គោលបំណងទាក់ទាញការបណ្តាក់ទុនថ្មីៗបន្តទៀតនៅកម្ពុជា និង​ពង្រឹង​យន្តការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពិត ព័ត៌មានវិជ្ជមានស្តីអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិនិយោគ ដល់​វិនិយោគិន​ឲ្យ​កាន់​តែ​ទូលំទូលាយនិងខ្លាំងក្លា។ បន្ថែមពីនេះ នឹងបន្តការធ្វើសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បី​ពញ្រ្ជាប​ព័ត៌មាន ច្បាប់វិធានថ្មីៗបំផុតដល់សមាជិក និងអ្នកវិនិយោគជាដើម។ ជាមួយ​គ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា សង្ឃឹមថា សម្រាប់​ការ​នាំ​ចេញ​ការ​វិស័យកាត់ដេរខាងផ្នែកផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ​២០២៥​ខាង​មុខ នឹងមានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូចជា​នយោបាយ​កម្ពុជា​រក្សាបាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញ​ក៏​ដូច​ជា​រោង​ចក្រ​ពី​បរទេស​ មានទំនុកចិត្តខ្ពស់មកកាន់កម្ពុជា ខណៈគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជា​សម្រេច​ការ​នាំចេញបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។សូមបញ្ជាក់ជូនថា នៅក្នុងកម្មវិធី ពិសា​ភោជនាហារ​សាមគ្គី​ប្រចាំ​ឆ្នាំ​របស់​សមាគម​ផលិត​ផល​ធ្វើ​ដំណើរ ​និងស្បែកនៅកម្ពុជានេះដែរ ក៏មានការផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​របស់​សមាគម ដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ក៏ដូចជាការ​នាំចេញ​ឱ្យ​កាន់​តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួត​ប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​៕ អត្ថបទ ឈិត បូរ៉ាវី

ទីផ្សារអឺរ៉ុបកំពុងបន្តគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ដោយមាននិន្នាការកើនឡើង​ល្អប្រសើរ

2024/12/02 10:47:53 am        203
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មាន​ទំហំ​ទឹក​ប្រាក់ប្រមាណជិត ៣ ៦០០ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀប​រយៈពេល​ដូច​គ្នាឆ្នាំ២០២៣, បច្ចុប្បន្នការនាំចេញនេះកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវរបាយការណ៍នាំចេញ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, ក្នុង​នោះ​ស​ម្រាប់ការធ្វើពាណិជ្ជកម្មរបស់ កម្ពុជា ជាមួយប្រទេសនៅក្នុងសហភាពអឺរ៉ុប កំពុង​មាន​និន្នាការ​កើន​ឡើងគួរកត់សម្គាល់ ជាក់ស្តែងនៅក្នុងរយៈពេលនេះ ការធ្វើពាណិជ្ជកម្ម ជាមួយ​ប្រទេស​ទាំង៥ នៅក្នុងទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ៤០០ លានដុល្លារ​អាមេរិក​ ខណៈនៅក្នុងឆ្នាំ ២០២៣ នៅក្នុងរយៈពេលដូចគ្នា ការធ្វើពាណិជ្ជកម្មនេះ មានទំហំ​ទឹក​ប្រាក់​ត្រឹមជាង ៣ ៨០០ លានដុល្លារប៉ុណ្ណោះ។ចំណែកទាក់ទិនការនាំចេញវិញ, នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មានទំហំទឹកប្រាក់ ជាង ៣ ០០០ លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញ​នៅ​ក្នុង​រយៈ​ពេល១០ នៅក្នុងឆ្នាំ២០២៤, មានទំហំទឹកប្រាក់ជាង ៣ ៦០០ លានដុល្លារ ការនាំចេញ​នេះ​បាន​បង្ហាញ​នូវ​និន្នាការកើនឡើង ដែលជាផ្នែកមួយ​ជួយ​ជ្រោមជ្រែង​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​។ជុំវិញទីផ្សារអឺរ៉ុបនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើង ថា ទីផ្សារអឺរ៉ុបគឺជាទីផ្សារដ៏សំខាន់របស់កម្ពុជា ជាក់​ស្តែងនាពេលកន្លងមកទីផ្សារនោះ បានស្រូបយកទំនិញរបស់កម្ពុជាដូចជា៖ សម្លៀកបំពាក់ ស្បែក​ជើង និងសម្ភារៈធ្វើដំណើរជាដើម ព្រមទាំងបានស្រូបយកកសិផលរបស់កម្ពុជាផងដែររួមមាន៖ អង្ករ, ម្រេច, ចេកអំបូង និងថ្មីៗនេះ កម្ពុជា​ក៏គ្រោង​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​នោះ​បន្ថែម​ទៀត​។លោកបណ្ឌិត បន្ថែមថា ដើម្បីជំរុញការនាំចេញទំនិញកម្ពុជាឱ្យបានកាន់តែច្រើន កម្ពុជាត្រូវ​តែ​សិក្សា​ ស្វែងយល់នៅលើទីផ្សារទាំងនោះ ឱ្យបានច្រើន អំពីតម្រូវបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែង ដើម្បី​ជំរុញការនាំចេញឱ្យចំគោលដៅ និងធានាដល់កំណើននៃការនាំពេញរបស់កម្ពុជា ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា

2024/11/29 03:12:09 pm        234
សភាពាណិជ្ជកម្មកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្តមកពីខេត្តក្វាងទុង ប្រទេសចិន ខណៈគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យាន​យន្ត​នៅ​កម្ពុជា ដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន សម្រាប់​កម្ពុជា និងលោកស្រី យាន ហ្វេយ (Yan Fei) ប្រធាន​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង នៅទីក្រុងភ្នំពេញ។ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ឲ្យដឹងថា ក្នុងអង្គប្រជុំនេះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានជម្រាប​ជូន​ភ្ញៀវ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជា​វិស័យ​សក្តានុពល សម្រាប់​កិច្ច​សហ​ប្រតិបត្តិការរួមគ្នា ថែមទាំងបានលើកឡើងនូវទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជានិងចិន និង​ការ​ប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ​ក្នុង​ការ​ជំរុញទំនាក់ទំនង​សេដ្ឋកិច្ច​ដោយ​អនុលោម​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ ក្នុងអង្គប្រជុំខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់​បច្ចេក​វិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេស​មាន​ស្ថិរភាព​នយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និង​មានបរិយកាសធុរកិច្ចល្អប្រសើរ។ជាមួយនេះ លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ច​សមាគម​អ្នក​ចែក​ចាយ​យាន​យន្ត​ខេត្ត​ក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សា​ស្វែងយ​ល់​ប​​ន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវ​ការ​គ្រឿង​បន្លាស់​យាន​យន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់​ផង​ដែរ​អំពី​ច្បាប់​បទ​ប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជាស្ថានភាព នៃ​ការ​ផ្តល់ក​ម្ចី​ទិញ​លក់​យានយន្តនៅកម្ពុជា។ បើតាម ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរ​ទស្សន​កិច្ច​របស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការ​នា​ពេល​អនាគត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិភាគតិចអាឡាវីតស៊ីរីរាប់ពាន់នាក់ ស្វែងរកការជ្រកកោន នៅក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ី
03/12/2025 04:03 PM
សំណើរបស់ EU នឹងបញ្ជូនជនអន្តោប្រវេសន៍មិនទទួលបានសិទ្ធិជ្រកកោនទៅមជ្ឈមណ្ឌលខាងក្រៅប្លុក
03/12/2025 03:03 PM
ប៉ូឡូញចង់ឲ្យអ្នកស្ម័គ្រចិត្តចំនួន ១០ម៉ឺននាក់ ចូលរួមក្នុងការហ្វឹកហ្វឺនយោធា នៅឆ្នាំ ២០២៧
03/12/2025 03:03 PM
អ្នកការទូតជាន់ខ្ពស់អាមេរិក ស្វាគមន៍កិច្ចព្រមព្រៀងរបស់ស៊ីរីជាមួយកងកម្លាំងឃឺដ
03/12/2025 03:03 PM
គុនល្បុក្កតោ ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍អង្គរសង្រាន្ត រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ថែរ​ក្សា​អត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ល្បីល្បាញ​ទៅ​កាន់​សាធារណ​ជន
03/12/2025 03:03 PM
លោក Macron ជំរុញឲ្យសម្ព័ន្ធមិត្តរៀបចំផែនការ «ការធានាសុវត្ថិភាពគួរឲ្យទុកចិត្ត» សម្រាប់អ៊ុយក្រែន
03/12/2025 03:03 PM
មន្ត្រី៖ ជនជាតិប៉ាឡេស្ទីន ១៣៧នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ហ្កាហ្សា ចូលជាធរមាន
03/12/2025 03:03 PM
អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ប្រាប់ថា ការដោះស្រាយវិបត្តិ នៅហៃទី «អាចសម្រេចបាន»
03/12/2025 03:03 PM
ចំណាប់ខ្មាំងមួយចំនួន ពីការវាយប្រហាររថភ្លើង នៅប៉ាគីស្ថាន ទៅដល់ទីក្រុង Quetta តែនៅបាត់ខ្លួនច្រើននាក់ទៀត
03/12/2025 03:03 PM
ប្រជាជនអ៊ុយក្រែនពាក់កណ្ដាល ប្រាប់ថា សម្បទាន ដើម្បីបញ្ចប់សង្រ្គាម «មិនអាចទទួលយកបានជាដាច់ខាត»
03/12/2025 03:03 PM