រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣
ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍
ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ
សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើសុំឲ្យម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត

2024/09/16 01:13:12 pm        142
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលកសិករ​នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ ជាដើម។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត។ ជាមួយគ្នានេះ ក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមមាន៖ ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ,ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ និងទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។ដោយឡែកនារសៀលថ្ងៃទី១៥ ខែកញ្ញាដដែលនោះឯកឧត្តមបណ្ឌិត កៅ ថាច និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីន និងការប្រមូលទិញស្រូវទី៤ ឈ្មោះ ភួកុកគី ដែលស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ភួកុកគី ត្រូវធ្វើយ៉ាងណា នាពេលប្រមូលផលស្រូវត្រូវបង្កើតការទិញស្រូវពីកសិករ​ឲ្យបាន​ច្រើនថែមទៀត ​ដើម្បីជួយរក្សាស្ថេរភាពតម្លៃដល់កសិករ៕

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្តរក្សាស្ថិរភាពល្អ គាំទ្រដោយប្រាក់បញ្ញើ សម្រាប់ជាទុនចាក់ចូលទីផ្សារ

2024/09/13 02:02:10 pm        182
អ្នកជំនាញហិរញ្ញវត្ថុ ថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តរក្សាស្ថិរភាពល្អប្រសើរ ទោះ​បច្ចុប្បន្នអត្រានៃការផ្តល់ឥណ ទានបានថមថយក៏ដោយ តែប្រាក់បញ្ញើនិងសេវាប្រាក់សន្សំ មាន​ការកើនឡើងគួរកត់សម្គាល់ ដែលអាចមានដើមទុនច្រើន សម្រាប់ចាក់សាច់​ប្រាក់​ចូល​ទៅ​ក្នុង​ទីផ្សារ។លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នេះ​ថា ជុំវិញសកម្មភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន គ្រប់គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ បាន​យកចិត្តទុកដាក់យ៉ាងខ្លាំងអំពីអតិថិជនរបស់ខ្លួន ព្រោះការបាត់បង់អតិថិជន វាអាចធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រតិបត្តិការអាជីវកម្មផងដែរ ជាក់ស្តែងនៅក្នុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុបានចូលរួមដោះស្រាយតាមគោល ការណ៍របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ដើម្បី​គាំទ្រដល់អតិថិជនរបស់ខ្លួនលើគ្រប់វិស័យផងដែរ។លោក បន្តឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានមានការធ្លាក់ចុះតិចតួច បញ្ហា​នេះ, នៅក្នុងស្ថានភាព បច្ចុប្បន្ន មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ជាក់ស្តែង​នៅ​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់លាស់នេះ ប្រជាពលរដ្ឋក៏មានការប្រុងប្រយ័ត្ននៅក្នុងការ កម្ចីផងដែរ, ក្នុង​នោះ​គ្រឹះ​មួយ​ចំនួន ក៏មានការរឹងបណ្តឹងផងដែរក្នុងការបញ្ចេញឥណទាន ដោយមាន​ការ​វាយ​តម្លៃ​ឱ្យ​បាន​សុក្រិត្យ​ជាងមុន ដើម្បីធានាបានថា ការផ្តល់ឥណទាននោះវាជួយដល់ប្រជាពលរដ្ឋ ឬអាជីវកម្ម​ពិត​ប្រាកដ ជាជាងការបញ្ចេញឥណទានទៅហើយ បែរទៅជាដាក់​សម្ពោធ​ដល់​ម្ចាស់​អាជីវកម្ម​ទៅ​វិញ​។ លោកបន្ថែមថា បច្ចុប្បន្នទោះបីឥណទានមានការថមថមចុះបន្តិចបន្ទួចក៏ពិតមែន ប៉ុន្តែ​សេវា​ប្រាក់​បញ្ញើ និងប្រាក់សន្សំមានការកើនឡើងទៅវិញ ដែលមីក្រូហិរញ្ញវត្ថុ​អាច​មាន​ដើម​ទុន​ច្រើន សម្រាប់ប្រតិបត្តិការសាច់ប្រាក់ នៅក្នុងអាជីវកម្ម។សូមបញ្ជាក់ថា បើតាមរយបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា, ទ្រព្យ​សកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ មានចំនួន ២៥ ទ្រីលានរៀល ត្រូវប្រមាណ ៦,២ ប៊ី​លាន​ដុល្លារ​អាមេរិក ដែលក្នុងនោះឥណទានអតិថិជនជិត ២១ ទ្រីលានរៀល ត្រូវ ៥,២ ប៊ីលាន​ដុល្លារ​អាមេរិក ថយចុះ -៤៨ ភាគរយ បើធៀបនឹងឆ្នាំមុនមានជាង ១២ ភាគរយ។ ចំណែក​ប្រាក់​បញ្ញើ​វិញ, នៅក្នុង រយៈពេលនេះដែរ បានទទួលប្រាក់បញ្ញើប្រមាណ ៨,៨ ទ្រីលានរៀល ត្រូវ ២,២ ប៊ីលានដុល្លារអាមេរិក ស្មើប្រមាណ ២ លានគណនី៕ អត្ថបទ៖ សុន រ៉ាឌី 

ថៃកំពុងជំរុញពាណិជ្ជកម្មនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំងពីរ

2024/09/13 01:45:32 pm        157
ថៃកំពុងជំរុញការធ្វើពាណិជ្ជកម្មលើទីផ្សារកម្ពុជា ដោយផ្តោតលើការពង្រីកទីផ្សារផលិតផល និង​សេវាកម្ម​ដែលមានគុណភាព ដើម្បីរួមចំណែកលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជាការពង្រឹងនូវវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើន។ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើកឡើង​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ (Mini Thailand Week 2024) នៅខេត្តបាត់ដំបង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ​២០២៤ នេះថា ព្រឹត្តិការណ៍តាំងពិរណ៍នេះ នឹងមានផលិតផល គ្រប់សព្វបែបយ៉ាងរបស់ថៃ ជា​ផលិត​ផល​ដែល​មានគុណភាព រៀបចំដោយការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ក​បរិយាកាស​ជូន​ដល់​ប្រជាជន​ក្នុង​ខេត្ត​បាត់ដំបង និងខេត្តដែលនៅក្បែរ។ ជុំវិញបញ្ហានេះ ស្ថានទូតថៃប្រចាំកម្ពុជា ផ្តោតលើការ​ពង្រីក​ទីផ្សារ​ផលិតផល និងសេវាកម្មដែលមានគុណភាពរបស់ថៃ ចូលក្នុង ទីផ្សារកម្ពុជា ដើម្បី​ជា​ចំណែក​មួយ​នៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា ហើយអ្វីដែល​សំខាន់​ជាង​នេះ គឺការពង្រឹង នូវនិមិត្តសញ្ញា និងបង្កើនភាពជឿជាក់ចំពោះផលិតផល រវាងកម្ពុជា​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង និងក៏ជាការពង្រឹងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍​ក្នុង​ស្រុក​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែមទៀតផងដែរ។ ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លើកឡើងថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃនេះ ពិតជាមានអត្ថន័យដ៏ធំធេង និងជាសក្ខីភាពឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្តិការ បង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្តាខេត្ត ជាប់ព្រំដែនយ៉ាងល្អប្រសើរ លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​ពលរដ្ឋ ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម និងផលប្រយោជន៍នៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ជា​ក់​ស្តែងខេត្តបាត់ដំបង និងបណ្តា ខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ បាន​បង្ហាញ និង​ផ្សព្វ​ផ្សាយ​នូវ​ផលិតផល ព្រមទាំងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្ដូរផ្នែកធុរកិច្ច វិនិយោគ និងពាណិជ្ជ​កម្ម​នា​ពេលអនាគត ដោយផ្អែកលើសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ជាដើម។ឯកឧត្តមអភិបាល ក៏បានលើកទឹកចិត្ត និង​សូម​ឱ្យ​បន្ត​ការ​រៀប​ចំ​ការ​តាំង​ពិព័រណ៍​នេះ​ឱ្យ​បាន​ញឹក​ញាប់ ឬជារដូវកាលនៃ ផលិតផល ជាទំនិញដែលសមភាគីពាណិជ្ជករ ឬអ្នកផលិត​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខេត្តបាត់ដំបង បានតាំងបង្ហាញ និងអាចដោះ ដូរផលិតផល ឬទំនិញជាមួយ​ភាគី​ពាណិជ្ជ​ករ​ប្រទេសថៃ ឬប្រជាជនថៃដែលនៅជាប់ព្រំដែនខេត្តជាដើម។ ជុំវិញព្រឹត្តិការណ៍តាំងពិព័រណ៍នេះ លោក នីរ៉ាវ៉ាត់ រង្ស៊ីកាន់ចាណា អគ្គទីប្រឹក្សា​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និងជានាយក ការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​ថា ការរៀបចំតាំងពិព័រណ៍នេះ មានចំនួន៥០ស្តង់ ក្នុងនោះមាន ពាណិជ្ជករថៃចូលរួមចំនួន ៤០ ក្រុម​ហ៊ុន ក្នុងនោះផលិតផលដែលដាក់តាំងបង្ហាញរួមមាន៖ ទំនិញបរិភោគឧបភោគ, ម្ហូបអាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, គ្រឿងសំអាង, សម្រាស់និងធម្មជាតិ, សម្ភារៈតុបតែងផ្ទះ, សម្ភារៈ​ប្រើ​ប្រាស់​ផ្ទះ​បាយ និងផលិតផលផ្សេងៗ ជាច្រើនទៀត ដែលជាប្រភេទំនិញដែលមានគុណភាព និង​មាន​តម្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ប្រទេសទាំងពីរ

2024/09/13 01:04:40 pm        137
នៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៥ឆ្នាំ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០២៤នេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ពាណិជ្ជកម្មទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ឬហៅថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី រយៈ​ពេល​២​ថ្ងៃ ដើម្បីបង្កើកិច្ចសហប្រតិបត្តិការ និងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេស​ទាំង​ពីរ​មានកំណើនថែមទៀត។ក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថ្លែងថា ពិព័រណ៍សួស្តីឥណ្ឌូនេស៊ី គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុន សហគ្រាស​ផ្នែក​ឯកជន កម្ពុជា ឥណ្ឌូនេស៊ី ស្វែងរកសក្តានុពល និងឱកាសក្នុងកិច្ចសហការ បង្កើត​ភាព​ជាដៃគូ​ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែច្រើនថែមទៀត។លោកជំទាវ ចម និម្មល ថ្លែងថា បច្ចុប្បន្នទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី គឺជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសពីរ កើនលើស១ពាន់លានដុល្លអាមេរិច ពោល​គឺកើន ១៥% ប្រៀបនឹងឆ្នាំ២០២២។ ឯកឧត្តម Santo Darmossumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បញ្ជាក់បន្ថែមថា ទំនាក់​ទំនាក់ពាណិជ្ជកម្ពុជា ឥណ្ឌូនេស៊ី ក្នុងរយពេល៦ខែក្នុងឆ្នាំ២០២៤នេះ ធ្វើបាន​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៥៥០លានដុល្លាអាមេរិច ហើយតាមរយៈការតាំងពិព័រណ៌សួស្តីឥណ្ឌូនេស៊ី និង​ការ​ប្តេជ្ញា​ចិត្ត​រវាងប្រទេសទាំងពីរ នឹងជំរុញទំហំពាណិជ្ជកម្មកើនលើសឆ្នាំកន្លងមកបន្ថែមទៀត។បណ្តា​ក្រុមហ៊ុន នៅកម្ពុជា និងមកពីឥណ្ឌូនេស៊ី ថ្លែងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះ គឺ​បាន​ធ្វើឲ្យក្រុមហ៊ុន បង្កើតបាននូវដៃគូថ្មីជាច្រើន ដើម្បីជំរុញបង្កើនការនាំចេញ នាំចូល ផលិតផល ទេសចរណ៍ កម្ពុជា ឥណ្ឌូនេស៊ី កាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩។សូម​​បញ្ជាក់ថា ពិព័រណ៌សួស្តីឥណ្ឌូនេស៊ីដែលប្រារព្វនៅកោះពេជ្ររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ គឺមានស្តង់ពិព័រណ៌បង្ហាញទំនិញ និងសេវាកម្ម នៃក្រុមហ៊ុនកម្ពុជា ឥណ្ឌូនេស៊ីចំនួន១១០ស្តង់៕ អត្ថបទ ស៊ុម សុខជា 

ខេត្តចំនួន៤ នៅតំបន់CLV នឹងអាចក្លាយជាទីផ្សារថ្មី គាំទ្រដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យ

2024/09/11 01:46:43 pm        712
អ្នកជំនាញក្នុងវិស័យអនលទ្រព្យ មើលឃើញខេត្តចំនួន ៤ របស់កម្ពុជា ដែលនៅក្នុងតំបន់ CLV នឹង​អាច​ក្លាយជាទីផ្សារថ្មីមួយ ទៀត គាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កំពុង​គិតគូរ និងជំរុញអភិឌ្ឍន៍តំបន់ទំាងនោះបម្រើដល់ សេដ្ឋកិច្ច-សង្គម។លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍន៍​វិស័យ​អចលន​ទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន និងនៅក្នុងខេត្តចំនួន ៤ របស់កម្ពុជាក្នុងតំបន់ CLV នេះថា ជុំវិញការអភិវឌ្ឍន៍​វិស័យ​ចលនទព្យ​នេះ ឃើញថា នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ នៅពេលដែល​មាន​ការ​រីក​លូតលាស់នូវហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏​មាន​ការ​រីក​ចម្រើនស្របតាមការរីកលូតលាស់ នោះផងដែរ ហើយនៅតាមតំបន់ផ្សេងៗទៀតដូចជា នៅ​ប៉ោយប៉ែត និងនៅបាវិតជាដើម ក៏រីកចម្រើនស្របតាមតំបន់នោះផងដែរ។ចំណែក​នៅ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងនោះសម្រាប់​ខេត្ត​ចំនួន៤ របស់កម្ពុជា ដែល ស្ថិតនៅក្នុងតំបន់ត្រីកោណនេះ ឃើញថា បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ជា​បណ្តើរៗ​ ហើយរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបន្ថែម ក្នុងនោះប្រសិន​បើ​មាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប​ដណ្តប់​កាន់តែប្រសើរ តំបន់ទាំងនោះនឹងទទួលបានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច បន្ថែម, នៅពេលដែលរីកចម្រើនៃសេដ្ឋកិច្ច ច្បាស់ណាស់តំបន់​ទាំង​នោះ​នឹង​មាន​តម្រូវ​ការ​តែ​ច្រើន​ដូចការអភិវឌ្ឍន៍វិស័យសំណង់ បម្រើដល់វិស័យទេសចរ, សំណង់បម្រើឧស្សាហកម្ម និងកសិកម្ម​ជា​ដើម ការអភិវឌ្ឍន៍លំនៅឋាន ពោលគឺការស្រូបយកនៃការ អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ជា​ពិសេស​អចលនទ្រព្យបែបពាណិជ្ជកម្មជាដើម។សូមបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្នុងនោះ​សម្រាប់​វិស័យ​ដែល​គ្របដណ្តប់រួមមាន៖ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, សុខាភិបាល, ថាមពល, ធនធាន​មនុស្ស, បរិស្ថាន, និងវប្បធម៌ជាដើម ។ ចំណែកសមិទ្ធផល ខេត្តទាំង៤​របស់​កម្ពុជា​ដែល​សម្រេច​បាន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធបានកំពុងវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផ្លូវ​ទៅ​កាន់ ខេត្តទាំង៤ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ, វិស័យកសិកម្មកំពុងរីកចម្រើន, មានវារី​អគ្គិសនី​, និងការស្រូបយកភ្ញៀវទេសចរ។ ចំណែក ការវិនិយោគវិញ បើគិតត្រឹមខែ មិថុនា ឆ្នាំ ២០២៤ មានចំនួន ១០៤ គម្រោង ក្នុងទំហំទុនប្រមាណជាង ៣ ៧០០ ដុល្លារអាមេរិក, ក្នុងនោះ​ចំពោះ​ការ​ធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជាវិញឃើញថា, ក្នុងរយៈពេល ៧ ខែនេះ, ការធ្វើ​ពាណិជ្ជក​ម្ម​កម្ពុជា-ឡាវ កើន ២៧២ ភាគរយ, កម្ពុជា-វៀតណាម កើន ២៣ ភាគរយ, និង​វៀត​ណាម​-ឡាវ កើនជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៣ មានទុនសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក

2024/09/10 11:16:38 am        113
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និង​គម្រោង​ពង្រីក​ផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិន​វិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈ​ការ​វិនិយោគ​ក្នុង​ស្រុក​គ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុង​នោះ​បា​ន​អនុម័តគម្រោងថ្មី ចំនួន ៤៦ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧ គម្រោង ដែល​មានទុនវិនិយោគសរុបប្រមាណ ជាង ១,២ ពាន់លានដុល្លារ អាម៉េរិក ដោយអាច​បង្កើត​ការងារ​បាន​ប្រមាណ ៣៣ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោង​វិនិយោគ​ដែល​មាន​ ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣១ គម្រោង និងគម្រោង​វិនិយោគ​ដែល​មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស មានចំនួន ២២ គម្រោង។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែ សីហា នេះ នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស​រួមមាន៖ គម្រោង ពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតសណ្ឋាគារ​ផ្កាយ ៥ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគបន្ថែម ៨០ លាន​ដុល្លារ​អាម៉េរិក, គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និង​កែ​ច្នៃ​ស្បែកសត្វ ស្ថិត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩ លាន​ដុល្លារអាម៉េរិក, គម្រោងពង្រីកបន្ថែមមុខសញ្ញា ផលិតកម្ម កែច្នៃផលិត​ផល​ពាក់​កណ្ដាល​សម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្ន របស់ក្រុមហ៊ុន ទៅជាផលិតផល សម្រេច​ជាច្រើនផ្សេងទៀតស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨ លានដុល្លារ​អាម៉េរិក, គម្រោងវិនិយោគ បង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទ​ផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ មានទីតាំង ស្ថិតនៅ​ស្រុក​ដំណាក់បង្អើរ ខេត្តកែប មានទុនវិនិយោគជាង ២៥ លានដុល្លារអាម៉េរិកផងដែរ។ដោយឡែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្រែ​អំបិល មានទីតាំងស្ថិត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំង​ស្ថិតនៅ​ក្នុ​ងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០ លានដុល្លារអាម៉េរិក,3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ជាង ២៥៦ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគ​បង្កើត​រោង​ចក្រ​ផលិតភេសជ្ជៈគ្រប់ប្រភេទ គ្មានជាតិអាល់កុល ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស​សុវណ្ណ​ភូមិ ក្នុងទុនវិនិយោគជាង ៤០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង ២៧លានដុល្លារអាម៉េរិក ក្នុងរយៈពេល៨ខែនេះ

2024/09/10 10:56:52 am        128
កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ នេះ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានចំនួនសរុបប្រមាណ ជាង ២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាទៅនិងឆ្នាំមុន។តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញឱ្យដឹងថា សម្រាប់ការ​ប្រមូល​ចំណូល​ប្រចាំខែសីហា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍​ការ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយ បើធៀបរយៈ​ពេល​ដូចគ្នា​ទៅ​និង​ឆ្នាំ​មុន ​ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួន ៣,៨ លានដុល្លារអាម៉េរិក, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ពាន់ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ ៤៣ម៉ឺនដុល្លារ។ចំណែកការប្រមូលចំណូលនៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៤ នេះវិញ, ឃើញថា ការ​ប្រមូល​ចំណូល​ដោយ​មិន​ទាន់ធ្វើសវនកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុបជាង ២៧ លានដុល្លារ​អាម៉េរិក​ កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅ និងឆ្នាំមុន ក្នុងនោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៣ លាន​ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជិត ១០ ពាន់ដុល្លារ។សូមបញ្ជក់ថា នៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៣ កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តន៍​ការ​ប្រមូល​ចំណូល​សរុបបានជាង ២៣ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ខណៈរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​នេះ ការប្រមូលចំណូលបានបង្ហាញនូវនិន្នាការកើនឡើង ដោយសរបញ្ជាក់ ឱ្យឃើញថា សកម្មភាព​នៃ​ការដឹកជញ្ជូនតាមផ្លូវទឹក បានកម្រើកឡើងវិញជាបណ្តើរៗ៕ អត្ថបទ៖ សុន រ៉ាឌី

ស្ថាប័នរដ្ឋចំនួនពីរសហការគ្នាក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការវិនិយោគ

2024/09/10 10:36:35 am        100
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការ ក្នុងក្រប​ខណ្ឌ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បី ជំរុញការវិនិយោគ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ។ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានបង្ហាញការស្វាគមន៍យ៉ាង កក់ក្ដៅដល់ប្រតិភូ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ (OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្របគ្នា​នឹង​ឱកាស​នេះ ឯកឧត្តមបានរំលេចជូនអំពីវឌ្ឍនភាព ថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើ​កិច្ច​ការ​ងារ​ពាក់​ព័ន្ធបច្ចេកវិទ្យា រួមមានការដាក់ចេញឱ្យប្រើប្រាស់ សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់ គ្រង​គម្រោង​វិនិយោគកម្ពុជា (CDC Investment Project Management) ឬប្រព័ន្ធ cdcIPM ដែល​កិច្ចការងារនេះ បានអនុវត្ត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែល​បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ ជាបញ្ចកោណទី៥ ដើម្បីការ​អភិវឌ្ឍ​ សេដ្ឋកិច្ច និងសង្គមឌីជីថល។ទាក់ទិនបញ្ហានេះដែរ, មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ក៏បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះ​ក្បាយ​ជូន​ដល់​អង្គប្រជុំ អំពី ព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ ដែលបានចូលរួមបម្រើប្រយោជន៍ និង​ការតភ្ជាប់ លើវិស័យហិរញ្ញវត្ថុ និងធនាគារជួយសម្រួល ដល់កិច្ចការងារផ្ទេរ-និង​ទូទា​ត់​សាច់​ប្រាក់​បាន​យ៉ាងល្អប្រសើរ។ ជុំវិញកិច្ចសហការលើច្ចេកវិទ្យាឌីជីថលនេះ, អង្គប្រជុំបានពិភាក្សា ផ្លាស់​ប្ដូរយោបល់យ៉ាងផុសផុល ដោយក្នុងនោះភាគីទាំងពីរបានឯកភាព នឹងបន្តកិច្ច​សហការ​ជិត​ស្និទ្ធ និងពិនិត្យលទ្ធភាពក្នុងការ ប្រើប្រាស់ ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានា ដើម្បីបម្រើប្រយោជន៍ សា​ធារណៈ។សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទូទាត់ដែលអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា មានជា​ច្រើន​ប្រព័ន្ធ​ ក្នុងនោះប្រព័ន្ធធនាគារអេឡិច ត្រូនិច OBS បានកំពុងដាក់ឱ្យដំណើរការ ដោយមាន​សមាជិក​ចំនួន ៨១រួមមនា៖ ធនាគារពាណិជ្ជ ៦៥, ធនាគារឯកទេស ២, គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៤, គ្រឹះស្ថានមិនមែនទទួលប្រាក់បញ្ញើ ១, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ១៧ និងស្ថាប័ន រដ្ឋចំនួន ១ ផងដែរ។ ចំណែកប្រព័ន្ធទូទាត់បាគង បានកំពុង​ជំរុ​ញ​ប្រើ​ប្រាស់​សេវា​ទូទាត់​សង​ប្រាក់ និងជំរុញឱ្យសាធារណជន និង សហគ្រាសធ្វើប្រតិបត្តិការហិរញ្ញវត្ថុឌីជីថល បាន​កាន់តែប្រសើរជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ចិន ជំរុញការអភិវឌ្ឍន៍លើគម្រោងសំខាន់ៗឱ្យសម្រេចតាមផែនការ ដើម្បីប្រយោជន៍​ដល់កម្ពុជា

2024/09/10 10:02:08 am        132
កម្ពុជា-ចិន បាននិងកំពុងពិនិត្យវឌ្ឍនភាព ដើម្បីពន្លឿនដល់វិនិយោគិនចិន ដែលអភិវឌ្ឍន៍​គម្រោង​វិនិយោគសំខាន់ៗនៅកម្ពុជា ជំរុញអនុវត្តឱ្យសម្រេចតាមផែនការសកម្មភាពរបស់ខ្លួន ឬ​បានឆាប់រហ័សជាងនេះ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនៃកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​ទទួល​ទាន​អាហារជាមួយ ឯកឧត្តម Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃ​គណៈ​កម្មាធិការ​ជាតិ​អភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) និងឯកឧត្តម Wu Hao អគ្គលេខាធិការ នៃ NDRC នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ បាន​ពិភាក្សា​លើ​ការងារ​អភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចការងារ​អភិវឌ្ឍន៍​គម្រោងវិនិយោគមួយចំនួន ដែល វិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បី​ធានាថា គម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការ ជំរុញ​ពន្លឿន​នីតិវិធីការងារ រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោង​ទាំង​នោះ​សម្រេច​បាន​ឆាប់​រហ័ស ដើម្បីបម្រើ ប្រយោជន៍ជាតិកម្ពុជា។ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និង​កំណែ​ទ​ម្រង់ចិន បានបង្ហាញការ ប្តេជ្ញាចិត្ត នឹងជួយជំរុញ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ដែល​វិនិយោគ​ក្នុង​គម្រោង​នេះ អនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុន កាលកំណត់ ដែល​បានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ ២០២៨។សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិ​ន​បាន​ជួយ​វិនិយោគលើការសាងសង់ហេដ្ឋា- រចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានចំនួន ១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេ បាសាក់ និងទន្លេ​ដទៃ​ទៀត​ត្រូវ​បានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានត​ភ្ជាប់​សហគមន៍​សម្រួល- ពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ដោយបាន​កំពុង​លើក​កម្ពស់​ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ បើកសម្ពោធ​ជាផ្លូវការ​នូវទីតាំងអគារតាំងបង្ហាញថ្មីរួមគ្នា

2024/09/09 12:14:30 pm        187
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ សម្ពោធ​ទីតាំង​បង្ហាញ​គ្រឿង​យន្តកសិកម្ម ចនឌារ និងផ្នែកគ្រឿងចក្រធុនធ្ងន់ ដែលមានគ្រឿងចក្រ ជេស៊ីប៊ី រថយន្ត​ដឹក​ទំនិញ ហ៊្វុយសូ និងគ្រឿងចក្រផលិតបេតុងអាចាក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែងនិងមហាវិថី ឈ្នះ ឈ្នះ។ក្នុងពិធីសម្ពោធអគារតាំងបង្ហាញថ្មីរួមគ្នា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា ក្រុមហ៊ុន អ អិម អេ បាននាំយក​ផលិតផល​មកកាន់ទីផ្សារប្រទេសកម្ពុជា មិនមែនយកផលិតផលមកលក់ ដើម្បីតែថវិកានោះទេ។ ប៉ុន្តែក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីក ពង្រឹងផលិតផលទាំងអស់នោះ ក្នុងទីផ្សារ​កម្ពុជាឲ្យដំណើរការហើយគោលដៅរបស់ក្រុមហ៊ុន គឺចង់បានលេខ០១ ក្នុងទីផ្សារតែម្តង។ ដូច្នេះ​ថ្ងៃ​នេះ​ទើប​ក្រុមហ៊ុន ត្រូវការសម្ពោធ និងពង្រីកទីតាំងថ្មី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦អា កែង​ និងមហាវិថី ឈ្នះ ឈ្នះ។គួរបញ្ជាក់ថា ក្រុមហ៊ុន បានផ្លាស់ប្តូរពីទីតាំង តាំងបង្ហាញគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿង​ចក្រ​ធុនធ្ងន់​ចាស់​ដែលស្ថិតនៅតាមបណ្តោយផ្លូវ 2004 ដោយមានការគាំទ្រ​ជា​ខ្លាំង​ពី​សំណាស់​អតិថិជន​ក្នុង​ការប្រើប្រាស់។ ដូច្នេះយើងបានប្តូរមកទីតាំងថ្មីនេះ ដែលមានទំហំដី 13,500 ម៉ែត្រ​ការ៉េ​សម្រាប់ធ្វើការតាំងបង្ហាញ ជួសជុល អោយមានវិសាលភាពធំទូលំទូលាយ។ សម្រាប់​ផ្នែក​គ្រឿង​យន្ត​កសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវ ត្រាក់ទ័រចនឌារ (Jonh Deere) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក ដែលមាន ប្រភេទត្រាក់ទ័រកម្លាំង 28សេះ រហូតដល់ 410សេះ។ សម្រាប់ផ្នែកគ្រឿងចក្រធុនធ្ងន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវគ្រឿងចក្រ ជេស៊ីប៊ី (JCB) ជាគ្រឿង​ចក្រ​ម៉ាក​ល្បី​លំដាប់​ថ្នាក់​ពិភព​លោក​ដែល​ជា​ផលិត​ផល​លេខមួយ របស់ចក្រភពអង់គ្លេសដែលរួមមានផលិតផលជាច្រើនដូចជា អេស្កាវ៉ាទ័រ គ្រឿង​ចក្របក្សី រ៉ូឡូ សាស័រគ្រឿងចក្រស្ទូចលើកដាក់ទំនិញ។ ផ្នែកគ្រឿងចក្រធុនធ្ងន់ក៏មាន រថយន្ត​ដឹកទំនិញ ហ៊្វុយសូ (FUSO) ដែលជាផលិតលេខមួយរបស់ជប៉ុនដែលមានទម្ងន់ចាប់ពី 1.5 រហូតដល់ 25 តោន។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងចក្រផលិតបេតុងអាចាក (AJAX) ជាគ្រឿង​ចក្រ​ម៉ាក​ល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ប្រទេសឥណ្ឌា ដែលមាន​នូវ​រថយន្តផលិត និងក្រឡុកបេតុងចល័ត ម៉ាស៊ីនបាញ់បេតុងចល័ត និងសាយឡូផលិតបេតុង ក៏​ជា​ម៉ាកផលិតផលមួយក្នុងចំណោមបីនៃផ្នែកគ្រឿងចក្រធុនធ្ងន់ផងដែរ។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់មានទីតាំង អគារតាំងបង្ហាញ ចំនួន ៧ ដែលមានទីតាំងកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតដូចជា៖ ខេត្តកំពង់ស្ពឺ កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង កន្លងមកនេះ ក្រុមហ៊ុន​បាន​ចូល​រួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារា​សាស្រ្ត សំណង់ធំៗ កសិកម្ម និងការដឹកជញ្ជូន​អោយ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​តាមរយៈ​ផលិតផល​ទាំងអស់ខាងលើ។ វាក៏ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា ខ្លាំង រហ័ស ស៊ីប្រេងតិច ធុន រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើប ដែលអតិថិជន​មាន​ការ​ពេញ​និយម​ប្រើប្រា​ស់ក្នុងពេលសព្វថ្ងៃនេះ។ ជាពិសេសគឺសេវាកម្មថែទាំអតិថិជន ក្រោយពេលទិញ មិន​បារម្មណ៍អំពីហានិភ័យ ផ្សេងៗលើការ​ជួស​ជុល​ដោយ​យថាហេតុ​ណាមួយ និង​ចំណាយ​ច្រើន​លើកា​រ​ជួសជុល ព្រោះមានការធានាច្បាស់លាស់ពីក្រុមហ៊ុន RMA និងពីរោងចក្រផលិតផ្ទាល់ ដែល​ផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជនក្នុងការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់។ បន្ថែម​ពីនេះទៅទៀត យើងក៏មានសេវាកម្មចែកចាយ ថែទាំ និងជួសជុល ២៤ម៉ោង និង២៥ រាជ​ធានីខេត្ត ក្រៅពីទីតាំងបង្ហាញផងដែរ ដែល​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អោយ​វិស័យ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ កសិកម្ម និងការ​ដឹក​ជញ្ជូន​កាន់​តែមានភាពរីកចម្រើន៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីម៉ែល៖ មន្ត្រីអាមេរិកបានស្វែងរកការបញ្ចប់ជំនួយ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
03/15/2025 04:03 PM
អ្នកវិភាគ៖ ការសម្របសម្រួលអ៊ីរ៉ង់-ចិន-រុស្ស៊ី មានសារៈសំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា
03/15/2025 04:03 PM
យោធាអាមេរិកបានបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារតាមអាកាសសម្លាប់មេដឹកនាំ ISIS នៅអ៊ីរ៉ាក់
03/15/2025 04:03 PM
លោក Trump បញ្ជាឲ្យរុះរើភ្នាក់ងារសហព័ន្ធចំនួន ៧ រួមទាំងស្ថាប័នមេរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរ
03/15/2025 04:03 PM
សារព័ត៌មាន KCNA៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង
03/15/2025 04:03 PM
កម្ពុជា-ថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង លើវិស័យ​ទេសចរណ៍ សាសនា និងការបណ្តុះបណ្តាលធនធានមនុស្ស
03/15/2025 04:03 PM
អនុស្សរណៈ៖ រដ្ឋបាលលោក Trump ថ្លឹងថ្លែងហាមឃាត់ការធ្វើដំណើរពីរាប់សិបប្រទេស
03/15/2025 03:03 PM
ឯកឧត្តម ហ៊ុល សំអុន ចុះសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាការពារ និងពលរដ្ឋជិត ៣រយនាក់​នៅ​ស្រុកត្រាំកក់
03/15/2025 03:03 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ជាសមាជិក​គណបក្ស​ប្រជាជនកម្ពុជា ជាង៣ពាន់នាក់
03/15/2025 03:03 PM
ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ CPP ជាគណបក្សតែមួយគត់ ដែលខិតខំកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាព
03/15/2025 03:03 PM