ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទៅ​កាន់ក្រុមហ៊ុន​វិនិយោគ​ឆ្នើមៗនៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ច​ស្តីពីកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន
ក្រសួងពាណិជ្ជកម្ម៖ គ្រាប់ស្វាយចន្ទីររបស់កម្ពុជាកំពុងមានទីផ្សារនៅប្រទេសជប៉ុន
វិនិយោគិនបរទេសនឹងមកវិនិយោគកាន់តែច្រើនក្រោមបរិយាកាសអំណោយផលនៅកម្ពុជា
កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍​ដល់ធុរកិច្ច​ក្នុង​ខេត្តហ៊ឺណាន

សេដ្ឋកិច្ច និង កសិកម្ម

ចិនជំរុញឱ្យក្រុមប្រទេស G7 បញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា

2023/11/10 11:54:55 am        78
ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ (G7) ហើយបានជំរុញឱ្យប្លុកនេះបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា នេះបើយោងតាមស្ថានទូតចិននៅក្នុងប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា)។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ បានបញ្ចប់កាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ហើយភាគច្រើនបានអំពាវនាវឱ្យមានការផ្អាកសង្រ្គាមសម្រាប់បុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងជួយដោះលែងចំណាប់ថ្នូរ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមប្រទេស G7 ក៏បានជំរុញឱ្យចិន ដោះស្រាយគោលនយោបាយមិនទីផ្សាររបស់ខ្លួន មិនឲ្យជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន រក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងអនុញ្ញាតឱ្យមានស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង។ប្រទេសលោកខាងលិចមួយចំនួនក៏បានក្រើនរំលឹកជាប្រចាំដល់ទីក្រុងប៉េកាំង ឱ្យការពារគោលការណ៍ប្រជាធិបតេយ្យ សេរីភាព និងស្វ័យភាពរបស់ទីក្រុងហុងកុង ឱ្យកាន់តែប្រសើរឡើង ដែលពួកគេនិយាយថាស្វ័យភាពរបស់ទីក្រុងនេះបានចុះខ្សោយបន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិននៅឆ្នាំ២០២០ មក៕

ក្រុមហ៊ុន SpaceX បង្ហោះយានផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

2023/11/10 11:05:39 am        107
ក្រុមហ៊ុន SpaceX បានបង្ហោះយានអវកាស Dragon ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ អាហារ បរិក្ខារ និងផ្នែកនៃប្រព័ន្ធបញ្ជូនបន្ត ទំនាក់ទំនងឡាស៊ែរ។អង្គភាពបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្មលើកទី ២៩ របស់ក្រុមហ៊ុន បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ Florida ។យោងតាមអង្គការ NASA បានឲ្យដឹងថា បេសកកម្មនេះ នឹងផ្តល់ការពិសោធន៍រលកបរិយាកាស ដើម្បីសិក្សារលកទំនាញបរិយាកាស និងការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែររួមបញ្ចូលគ្នារបស់អង្គការ NASA មានម៉ូដឹមអ្នកប្រើប្រាស់គន្លងផែនដីទាប និងស្ថានីយឧបករណ៍បន្ថែមកម្លាំង ក្នុងគោលបំណងសាកល្បងទំនាក់ទំនងឡាស៊ែរអត្រាទិន្នន័យខ្ពស់ពីស្ថានីយអវកាស មកផែនដី។ប្រព័ន្ធនេះ រួមជាមួយការបង្ហាញការបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ ត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធបញ្ជូនបន្តទំនាក់ទំនងឡាស៊ែរ មានពីររបៀបដំបូងរបស់អង្គការ NASA ។នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា បេសកកម្ម SpaceX CRS-29 ត្រូវបានគេរំពឹងថានឹងចូលចតនៅស្ថានីយអវកាសអន្តរជាតិ។

ពូជសូ្រវស្បៃមង្គល នឹងបង្កើតទីផ្សារថ្មីមួយទៀត ដល់ការនាំចេញអង្ករកម្ពុជា

2023/11/09 02:43:09 pm        224
ភ្នំពេញ៖ ពូជសូ្រវស្បៃមង្គលដែលជាប្រភេទស្រូវដំណើប ​នឹងបង្កើតទីផ្សារថ្មីមួយទៀត ដល់ការនាំចេញអង្កររបស់កម្ពុជា សម្រាប់ការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងសហគមន៍អឺរ៉ុប ខណៈទីផ្សារទាំងនោះកំពុងមានតម្រូវការប្រភេទអង្ករនេះ។ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើង​ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារអ្នកយក ​ព័ត៌មាន BTV ស្តីពីទីផ្សារនាំចេញអង្ករដំណើបទៅកាន់​ទីផ្សារចិន និងសហគមន៍អឺរ៉ុបថា ជុំវិញវិស័យស្រូវ-អង្ករកម្ពុជា, នៅក្នុងរយៈ ពេលប៉ុន្មាន​ខែចុងក្រោយ ឆ្នាំ ២០២៣នេះ ការនាំចេញស្រូវអង្ករកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ បច្ចុប្បន្នកម្ពុនូវតែត្រូវការបង្កើត ទីផ្សារថ្មីៗបន្ថែមទៀត ​ដើម្បីជំរុញការនាំចេញស្រូវ-អង្ករ ជាពិសេសការធ្វើពាណិជ្ជកម្មនាំចេញអង្ករឲ្យបានច្រើន ។ឧកញ៉ា បន្តថា ជុំវិញទីផ្សារនាំចេញអង្ករ ​ក្នុងនោះប្រភេទអង្ករដំណើប បច្ចុប្បន្នកំពុងមានតម្រូវការ​នៅលើទីផ្សារផងដែរដូចជា សហគមន៍អឺរ៉ុប ជាពិសេសទីផ្សារចិន ស្របពេលដែលកម្ពុជា​បានផលិត​នូវពូជស្រូវថ្មីមួយទៀតឈ្មោះថា ពូជសូ្រវស្បៃមង្គល ​ដែលជា ​ប្រភេទអង្ករដំណើប បច្ចុប្បន្នពូជនេះ​បានកំពុងដាំដុះនៅក្នុងស្រុក, ចំពោះបញ្ហានេះសូមឲ្យកសិករជំរុញដាំដុះពូជស្បៃមង្គលឲ្យបាន ច្រើន ដើម្បីផលិតជំរុញការនាំចេញ ​ខណៈដែលទីផ្សារចិន​ និងសហគមន៍អឺរ៉ុបកំពុងមានតម្រូវការ ។ ឧកញ៉ា បន្តទៀតថា ប្រសិន ​កសិករផលិតបានច្រើន វានឹងជួយជំរុញដល់ការនាំចេញកាន់តែច្រើន និងជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់យ៉ាងខ្លាំង​នៅលើវិស័យនេះ។ពាក់ព័ន្ធពូជស្រូវ, ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ជាយន្តការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតពូជស្រូវរួមមាន៖ ពូជស្រូវផ្ការំដួល ជាពូជស្រូវប្រកាន់ រដូវ, ស្រូវសែនក្រអូប, IR ៦៦, ខា ១៥, បច្ចុប្បន្នបានបញ្ជូលប្រភេទពូជ OM ជាពូជមានតម្រូវការខ្ពស់ ​និងពូជទើបបញ្ចេញថ្មីមួយ ទៀត គឺពូជស្រូវកង្រីផងដែរ​ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ដើម្បីដោះស្រាយបញ្ហា​កង្វះស្បៀង និងជំរុញការនាំចេញ ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

សិប្បកម្មវេចខ្ចប់ និងកែច្នៃចំណីអាហារកំពុងបង្កើនការផលិតរុញចូលទីផ្សារ

2023/11/08 05:31:31 pm        23
ភ្នំពេញ៖ ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក កំពុងបង្កើនការផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារសម្រាប់រុញចូលទីផ្សារ ដោយគិតគូរដល់បញ្ហាសុវត្ថិភាព និងស្តង់ដារអនាម័យជាចម្បងដើម្បីធានាដល់ការហូបចុករបស់ប្រជាពលរដ្ឋ និងដើម្បីប្រកួតប្រជែង ផលិតផលលើទីផ្សារ។សិប្បករដែលជាអ្នកផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក បានលើកឡើងក្នុងកិច្ច​សម្ភាសន៍ក្នុងពិរព័ណ៍​ផលិតផល នៃសិក្ខាសាលាផ្សព្វផ្សាយ ​និងការចងក្រងសមាជិកចលនា ភូមិ១ផលិតផល១ ​នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ​ជុំវិញការកែច្នៃ និងវេចខ្ចប់នេះ បច្ចុប្បន្នសហគ្រាស និងសិប្បកម្មជាច្រើន បានកំពុងយកចិត្តទុកដាក់ក្នុងវេចខ្ចប់ ជាពិសេសការ​បង្កើនខ្សែច្រវ៉ាក់ផលិត ​កម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការទីផ្សារ ​ខណៈដែលពួកគាត់ឃើញថា ប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុក។សិប្បករទាំងនោះលើកឡើងស្រដៀងគ្នាថា ពួកគាត់បានគិតគូរ និងយកចិត្តទុកដាក់យ៉ាង ខ្លាំង លើ​បញ្ហាសុវត្ថិភាពចំណីអាហារ ​និងស្តង់ដារគុណភាពអនាម័យ ជាពិសេស គឺផលិតផលចំណី​អាហារនេះឯង ​ដើម្បីធានាដល់អ្នកហូបចុករបស់ប្រជាពលរដ្ឋ, និងជាកត្តាចាំបាច់សម្រាប់ការ​ធ្វើអាជីវកម្ម ​ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងថា ​បច្ចុប្បន្នគណៈកម្មាធិការជាតិបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយ​លើកកម្ពស់តាមរយៈការធ្វើពិរព័ណផលិតផលជាបន្តបន្ទាប់ ​និងការចង់ក្រងរវាងអ្នកលក់ និង​អ្នកទិញ ដើម្បីផ្តល់នូវការទំនាក់ទំនងជំរុញការធ្វើពាណិជ្ជកម្មឲ្យកាន់តែងាយស្រួល។ សូមបញ្ជាក់ថា កម្ពុជាបានអនុម័តយកស្តង់ដារ មានចំនួនជាង ​១ ពាន់ស្តង់ដាររួចហើយ បច្ចុប្បន្ន​ក្រុមប្រឹក្សាស្តង់ដារជាតិ បានកំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗ​បន្ថែមទៀត សម្រាប់​ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស​ ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងក្នុងនោះ​ស្តង់ដារ​ផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារ​វេចខ្ចប់​ជាមុនចំនួនជាប់ ៤០០ ស្តង់ដារបានកំពុងដាក់​ឲ្យប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន WeWork របស់អាមេរិក ដាក់ពាក្យបណ្តឹងក្ស័យធន

2023/11/07 02:26:21 pm        233
ក្រុមហ៊ុន WeWork ដែលជាក្រុមហ៊ុនចាប់ផ្តើមការងាររួមគ្នា បានដាក់ពាក្យសុំការការពារការក្ស័យធននៅក្នុងតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក។ សេចក្តីប្រកាសអំពីការក្ស័យធនជំពូកទី១១ បង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ការបណ្តាក់ទុនដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិទ្យា SoftBank ដែលធ្លាប់បានទទួលជោគជ័យខ្ពស់ ដោយមានតម្លៃឯកជនប្រហែល ៤១ពាន់លានដុល្លារ នៅកម្រិតដ៏ខ្ពស់បំផុតរបស់ខ្លួន។លោក David Tolley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន WeWork បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើងដើម្បីគិតគូរពីអនាគតដោយដោះស្រាយយ៉ាងហ្មត់ចត់ចំពោះការជួលទ្រព្យសម្បត្តិ និងធ្វើឱ្យតារាងតុល្យការប្រសើរឡើង។ យើងនៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើផលិតផល សេវាកម្ម និងក្រុមបុគ្គលិកលំដាប់ពិភពលោក ដើម្បីគាំទ្រសហគមន៍របស់យើង»។ភាគហ៊ុនរបស់ក្រុមហ៊ុន WeWork បានធ្លាក់ចុះប្រហែល ៩៨% ក្នុងឆ្នាំ២០២៣ នេះ។ កាលពីខែឧសភា ក្រុមហ៊ុន WeWork បានប្រកាសពីការរង្គោះរង្គើភាពជាអ្នកដឹកនាំជាមួយនឹងការចាកចេញរបស់ប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ កាលពីខែសីហា ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមាន «ការសង្ស័យច្រើន» អំពីសមត្ថភាពរបស់ខ្លួនក្នុងការបន្តអាជីវកម្មក្នុងឆ្នាំបន្ទាប់ ខណៈការខាតបង់ និងបំណុលនៅតែបន្តកើនឡើង៕

ក្រុមហ៊ុនផលិតសព្វាវុធបារាំង ចុះកិច្ចព្រមព្រៀងតម្លៃ ៣៨លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន

2023/11/07 01:59:59 pm        142
ក្រុមហ៊ុនមេរបស់ខ្លួនគឺ CYBERGUN Group បានប្រកាសកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ក្រុមហ៊ុនផលិតសព្វាវុធដ៏ចំណាស់ចាស់បំផុតរបស់បារាំង Verney-Carron (វែកណេការ៉ុង) បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៣៦ លានអឺរ៉ូ (៣៨,៦ លានដុល្លារ) ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន។ក្រុមហ៊ុន Verney-Carron នឹងផ្គត់ផ្គង់កាំភ្លើងវាយប្រហារចំនួន ១០.០០០ដើម កាំភ្លើងបាញ់ស៊ីបចំនួន ២.០០០ដើម និងកំាភ្លើងផ្លោងចំនួន៤០០ដើម។សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺ»ត្រូវផ្តល់ហិរញ្ញប្បទានចាំបាច់ដែលត្រូវបានដាក់ឲ្យដំណើរការ ដែលអាចត្រូវបានផ្តល់ដោយមូលនិធិអ៊ុយក្រែន និងបារាំង»។ក្រុមហ៊ុន ក៏ត្រូវទទួលបានការអនុញ្ញាតនាំចូល-នាំចេញ ពីអាជ្ញាធរបារាំងនិងអ៊ុយក្រែនរៀងៗខ្លួនផងដែរ។ដំណើរការដឹកជញ្ជូន នឹងត្រូវបានប្រើរយៈពេលជាង១០ខែ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនកែសម្រួលដំណើរការផលិតរបស់ខ្លួន ដើម្បីផលិតបរិមាណ តាមការបញ្ជាទិញ។

វិនិយោគិនចិន បានថ្លែងនៅចំពោះមុខអ្នកជំនួញចិន និងមន្ត្រីនានាថា ខេត្តព្រះសីហនុ មានសុវត្ថិភាពល្អ

2023/11/07 12:57:15 pm        108
ព្រះសីហនុ៖ ថ្លែងក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង​ពី​ការបញ្ជាក់របស់ក្រុមវិនិយោគិនចិន​ ដែលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ ​ហើយ ​បានឡើងថ្លែង​បញ្ជាក់​នៅចំពោះមុខ អ្នកជំនួញធំៗរបស់ចិន និងមន្ត្រីចិននានា ក្នុងអំឡុងពេលដែល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន កាលពីពេល ថ្មីៗកន្លងមកនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ក្រុមអ្នកជំនួញចិន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា បានបញ្ជាក់នៅចំពោះមុខវិនិយោគិនចិន និងមន្ត្រីចិនជាច្រើនច្បាស់ៗថា​ ខេត្តព្រះសីហនុរបស់​កម្ពុជា មាន​សុខសុវត្ថិភាពល្អ មិនដូចភាពយន្តដែលគេបាននិពន្ធ ​ដើម្បីឱ្យល្អមើលនោះទេ។អំឡុងពេលជួបសំណេះសំណាលនៅថ្ងៃនេះដែរ ​សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ដល់ពលរដ្ឋទាំងអស់ ​សូមបន្តរួមគ្នា​ការពារឆ្នាំងបាយពលរដ្ឋ​ និងរួមគ្នាការពារការរីកចម្រើន​នៅ​កម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា។កត្តាចម្បងពីរដែលធ្វើឱ្យវិនិយោគិនបរទេសនានា ចង់ទៅបណ្ដាក់ទុន និងបង្កើនការវិនិយោគ​នៅប្រទេសមួយនោះគឺ ​សុខសន្តិភាព​ ស្ថិរភាពនយោបាយ ​និងគោលនយោបាយអភិវឌ្ឍន៍​ត្រឹមត្រូវល្អ៕ដោយ៖ គង់ ឌិន

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រែក្លាយកំពង់ផែព្រះសីហនុជាកន្លែងផ្ទេរទំនិញ

2023/11/07 12:32:37 pm        123
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញរបស់កម្ពុជា ខណៈកំពង់ផែទឹកជ្រៅជំហាន១ នឹងចាប់ផ្ដើមបុកគ្រឹះសាងសង់​នាមុនបំណាច់ឆ្នាំ ២០២៣នេះ ដើម្បីពង្រីកសមត្ថភាពទទួល កប៉ាល់ដឹក ទំនិញ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះ ដោយបានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ សម្តេចថ្លែងថា រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។សម្តេចនាយករដ្ឋមន្រ្ដីក៏ប្រកាសប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍផែនៅខេត្តជាប់សមុទ្រផងដែរ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនការយុទ្ធសាស្រ្ដប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលសេដ្ឋកិច្ចដែលមានសក្តានុពលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារខេត្តនេះមានកំពង់ផែសមុទ្រទឹកជ្រៅអាកាសយានដ្ឋានអន្តរជាតិ ស្ថានីយរាជាយស្ម័យយាន តំបន់សេដ្ឋកិច្ចពិសេស ​និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។ ​ជាក់ស្ដែងបរិមាណទំនិញឆ្លងកាត់នៅឆ្នាំ ២០២២ មានចំនួនប្រមាណ ៧ លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ ប៊ីលានរៀល (ប្រមាណ ៨៤ លានដុល្លារ អាមេរិក) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១។ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានកំណើនបរិមាណកុងតឺន័រឆ្លងកាត់ជាមធ្យម ១០,៥៥% ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ (២០១៨-២០២២) ជាពិសេសនៅឆ្នាំ ២០២១ បរិមាណកុងតឺន័រកើន ១៤,១១%៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក ឱ្យអាចបើកក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

2023/11/07 11:39:29 am        280
ព្រះសីហនុ៖ ថ្លែងក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសា សន៍ ដោយស្នើឱ្យមានការសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដើម្បីមានសមត្ថភាពបើកបរឱ្យបានលឿន ជាងសព្វថ្ងៃ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ល្បឿនរថភ្លើងដឹកទំនិញនៅកម្ពុជាបច្ចុប្បន្ន បើកក្នុងល្បឿនរង្វង់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺមិនអាចបំពេញតម្រូវការក្នុងការដឹកជញ្ជូនប្រចាំថ្ងៃបាននោះទេ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមាន តម្រូវការកាន់តែច្រើនលើការដឹកជញ្ជូនទំនិញ កត្តានេះក៏បានធ្វើឱ្យមានការកកស្ទះផងដែរ។ក្រៅពីការជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បាន បង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននានា​ទៅកាន់តំបន់ផ្សេងៗ​ឱ្យបានខ្វែងខ្វាត់ នៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកាន់តែប្រសើរផងដែរ៕ដោយ៖ គង់ ឌិន

សង្គ្រាមជាមួយក្រុមហាម៉ាស នឹងធ្វើឲ្យអ៊ីស្រាអែលចំណាយជាង ៥០ពាន់លានដុល្លារ

2023/11/06 02:01:39 pm        121
ជម្លោះជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា នឹងធ្វើឲ្យអ៊ីស្រាអែលចំណាយប្រាក់ប្រមាណ ៥១ ពាន់លានដុល្លារ។របាយការណ៍ បានបញ្ជាក់ថា ការប៉ាន់ប្រមាណនេះ ធ្វើឡើងតាមការសន្មតថា សង្រ្គាមនឹងមានរយៈពេលពី ៨ ទៅ ១២ ខែ ហើយនឹងត្រូវបានកំណត់ត្រឹមតំបន់ហ្កាហ្សា ដោយគ្មានការចូលរួមពេញលេញពីក្រុមហេសបូឡា លីបង់ អ៊ីរ៉ង់ ឬយ៉េម៉ែន ហើយថា ជនជាតិអ៊ីស្រាអែលប្រហែល ៣៥0.០០០ នាក់ ដែលត្រូវបានត្រៀមឲ្យចូលទៅក្នុងទាហានបម្រុង នឹងបន្តការងាររបស់ពួកគេ នាពេលឆាប់ៗនេះ។ក្រសួងបានចាត់ទុកការប៉ាន់ប្រមាណនៃប្រាក់សាកែលអ៊ីស្រាអែល(ILS) ចំនួន២០០ពាន់លាន (៥១ ពាន់លានដុល្លារ) ឬប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែលថា ជា សុទិដ្ឋិនិយម។ការចំណាយពាក់កណ្តាល បានធ្លាក់ទៅផ្នែកការការពារ ដែលមានប្រាក់ ILS ចំនួនប្រហែលមួយពាន់លាន (ប្រហែល ២៥២,២ លានដុល្លារអាមេរិក) ប្រចាំថ្ងៃ។ ប្រាក់ ILS ៤០-៦០ពាន់លាន (១០,0៩-១៥,១៣ ពាន់លានដុល្លារ) ផ្សេងទៀត នឹងត្រូវគណនាដោយការបាត់បង់ប្រាក់ចំណូល ILS ចំណូល ១៧ -២០ ពាន់លាន(៤,២៨-៥,០៤ពាន់លាន) សម្រាប់សំណងដល់អាជីវកម្ម និង ប្រាក់ILS ចំនួន ១០-២០ ពាន់លាន (ប្រហែល ២,៥២-៥,០៤ពាន់លានដុល្លារ)សម្រាប់ការស្តារនីតិសម្បទា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកឆ្លូង ខេត្តក្រចេះ
03/19/2025 09:03 PM
ជំរំជនភៀសខ្លួនមីយ៉ាន់ម៉ាទទួលបានជំនួយចុងក្រោយរបស់កម្មវិធីស្បៀងអាហារពិភពលោក
03/19/2025 08:03 PM
កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍសួនឧស្សាហកម្មបៃតង ដើម្បីការប្រកួតប្រជែង
03/19/2025 08:03 PM
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម
03/19/2025 07:03 PM
អ៊ីស្រាអែលបន្តវាយប្រហារតាមច្រកអាកាសលើតំបន់ហ្កាហ្សា ដោយសម្លាប់ជនប៉ាឡេស្ទីន ១៥នាក់បន្ថែមទៀត
03/19/2025 07:03 PM
​ វិមានក្រឹមឡាំង៖ រុស្ស៊ីផ្អាកការវាយប្រហារយានដ្រូនលើអ៊ុយក្រែន ក្រោយជំនួបតាមទូរស័ព្ទរវាងលោក Putin និងលោក Trump
03/19/2025 07:03 PM
វិមានក្រឹមឡាំង៖ លោក Putin និងលោក Trump យល់ និងទុកចិត្តគ្នាទៅវិញទៅមក
03/19/2025 07:03 PM
លោក Trump នឹងធ្វើម្ចាស់ផ្ទះទទួលនាយកប្រតិបត្តិប្រេងធំៗរបស់អាមេរិក ខណៈសង្រ្គាមពាណិជ្ជកម្មជិតកើតមាន
03/19/2025 07:03 PM
សាកសពជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅហុងឌូរ៉ាស់ត្រូវបានស្រង់ចេញពីសមុទ្រ
03/19/2025 07:03 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ានៅទីក្រុងប៉ារីស ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីនជាង ៤០០នាក់
03/19/2025 07:03 PM