រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឯកអគ្គរាជទូតជប៉ុន អញ្ជើញចូលរួមភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា
កម្ពុជាពិនិត្យពិភាក្សានៃវឌ្ឍនភាព លើការតភ្ជាប់ប្រព័ន្ធ cdcIPM ទៅថ្នាក់ក្រោមជាតិ
កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ លើការទាក់ទាញវិនិយោគិនពីទីក្រុងសៀងហៃមកធ្វើការវិនិយោគ
កម្ពុជា-ជប៉ុនទស្សនកិច្ចស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ

សេដ្ឋកិច្ច និង កសិកម្ម

អ្នកឈ្នះឆ្នោតរបស់ប៉ូឡូញ នឹងប្រឈមមុខជាមួយអតិផរណា និងហានិភ័យថវិការដ្ឋ

2023/09/26 12:36:19 pm        207
នៅមុនការបោះឆ្នោតរបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច និងគូប្រជែងរបស់ខ្លួន កំពុងប្រជែងគ្នាដើម្បីយកឈ្នះគ្នាទៅវិញទៅមក ជាមួយនឹងការសន្យានៃការចំណាយដ៏សប្បុរស។ ប៉ុន្តែអ្នកណាក៏ដោយដែលឈ្នះការបោះឆ្នោតនោះ នឹងត្រូវជ្រើសរើសគោលនយោបាយ ដែលប្រថុយប្រថាននឹងអតិផរណាក្នុងប្រទេស និងធ្វើឱ្យថវិការដ្ឋមានភាពតានតឹងផងដែរ។សេដ្ឋកិច្ចរបស់ប្រទេសប៉ូឡូញ ដែលជាប្រទេសធំជាងគេក្នុងចំណោមអតីតកុម្មុយនិស្ត ដែលបានចូលរួមជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មក មានការកើនឡើងរយៈពេលពីរឆ្នាំនៃការវិនិយោគបរទេស ដោយសារក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មជំនាញ ប៉ុន្តែនៅតែមានតម្លៃថោក។ ទោះជាយ៉ាងនេះក្ដី ទីភ្នាក់ងារវាយតម្លៃឥណទាន និងក្រុមអ្នកវិភាគជឿថា ការសន្យានៃការចំណាយសង្គមខ្ពស់ នឹងពិបាកនឹងត្រលប់មកវិញណាស់ ដោយបង្កើនសំណួរកាន់តែស៊ីជម្រៅអំពីវិបត្តិហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមួយនេះបន្ថែមទៀត។ហើយការប្រញាប់ប្រញាល់របស់ធនាគារជាតិនៃប្រទេសប៉ូឡូញ ក្នុងការកាត់បន្ថយអត្រាការប្រាក់ចម្បងរបស់ខ្លួន ចំនួន០,៧៥ភាគរយ ច្រើនជាងការរំពឹងទុកមុនការបោះឆ្នោត បានធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារផ្តោតសំខាន់លើកំណើនសេដ្ឋកិច្ច ជាជាងសម្ពាធអតិផរណានៅក្នុងប្រទេស៕

ទំនិញម៉ិកស៊ិកដែលមានតម្លៃ១ពាន់លានដុល្លារ ជាប់នៅព្រំដែនអាមេរិក ចំពេលមានការត្រួតពិនិត្យអន្តោប្រវេសន៍

2023/09/26 11:41:28 am        212
ពាណិជ្ជកម្មឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះក្នុងសប្តាហ៍មុន ខណៈដែលអាជ្ញាធរអាមេរិកបានបិទច្រកឆ្លងកាត់និងដាក់ការត្រួតពិនិត្យសន្តិសុខបន្ថែម ចំពេលមានការកើនឡើងនៃជនអន្តោប្រវេសន៍ ដែលបង្កឲ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសម៉ិកស៊ិក។លោកម៉ានូអែល សូតេឡូ (Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូន Ciudad Juarez ដែលជាមជ្ឈមណ្ឌលផលិតកម្មធំមួយ នៅទូទាំងទីក្រុងអែលប៉ាសូ (El Paso) រដ្ឋតិចសាស បាននិយាយថារថយន្តសណ្តោងប្រហែល ៨.000 គ្រឿងដែលផ្ទុកទំនិញមានតម្លៃប្រហែល មួយពាន់លានដុល្លារ ត្រូវជាប់គាំង នៅខាងប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុន។លោកសូតេឡូ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនមួយចំនួន កំពុងបញ្ជូនទំនិញតាមច្រកចូលក្នុងរដ្ឋញូវម៉ិកស៊ីកូ ( New Mexico) និងរដ្ឋអារីហ្សូណា (Arizona) ដើម្បីជៀសវាងការរង់ចាំយូរនៅព្រំដែនរដ្ឋតិចសាស។ការពន្យារពេលនេះ បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជិះលើទឹកកក និងរថយន្តសម្រាប់ជិះឡើងភ្នំរបស់កាណាដា ផ្អាកការផលិត នៅថ្ងៃចន្ទ និងថ្ងៃអង្គារ នៅរោងចក្រចំនួនបីនៅទីក្រុង Ciudad Juarez ដែលមានបុគ្គលិកប្រហែល ៩.០០០នាក់។

ប្រធានាធិបតីបារាំងលោក Macron ចង់ឲ្យឧស្សាហកម្មប្រេងឥន្ធនៈលក់ក្នុងតម្លៃទីផ្សារ

2023/09/25 02:35:53 pm        132
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកនឹងស្នើសុំឧស្សាហកម្មប្រេងឥន្ធនៈលក់ក្នុងតម្លៃលក់តាមទីផ្សារ ហើយនិងផ្តល់ជំនួយ១០០អឺរ៉ូដល់កម្មករក្រីក្របំផុត ដែលត្រូវបើកបរទៅធ្វើការ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាលើគ្រួសារ ។ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 និង France 2 លោក Macron បាននិយាយថា នៅសប្តាហ៍នេះនាយករដ្ឋមន្រ្តីនឹងជួបជុំគ្នាជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យប្រេង ហើយពួកយើងនឹងស្នើសុំពួកគេឲ្យធ្វើបែបនេះ ក្នុងតម្លៃលក់ ។ កាលពីដំបូងឡើយរដ្ឋាភិបាលរបស់លោក Macron មានគម្រោងជំរុញអ្នកលក់រាយលក់ប្រេងក្នុងតម្លៃក្រោមទីផ្សារ តាមរយៈការដកចេញបំរាមបណ្តោះអាសន្នលើការធ្វើបែបនេះ ដែលឧស្សាហកម្មប្រេងឥន្ធនៈ បានច្រានចោលទាំងស្រុងថាពួកគេពុំអាចធ្វើបាននោះទេ ។ ដោយឡែក ពាក់ព័ន្ធនឹងតម្លៃទំនិញ លោក Macron និយាយថា រដ្ឋាភិបាលរបស់លោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីសម្រាលបន្ទុក ដោយលោកបានចោទប្រកាន់ក្រុមហ៊ុនភាគច្រើននៅតែរក្សាតម្លៃខ្ពស់ បើទោះបីជាមានការធ្លាក់ចុះអតិផរណាក៏ដោយ ។ លោកថា សំណើរនឹងដាក់ជូនក្នុងសប្តាហ៍នេះ ៕

កម្ពុជា-អូស្ត្រាលីដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារ

2023/09/25 11:15:26 am        79
ភ្នំពេញ៖កម្ពុជា និងអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យ​កែច្នៃ​ចំណីអាហារ​ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ​ទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារ ​និងពង្រីកទីផ្សារ ដែលមានគោលដៅគាំទ្រដល់ ​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា។សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ភាពជាដៃគូនេះ ត្រូវបានដាក់ឱ្យដាក់អនុវត្ត ដោយលោក ឈៀង វណ្ណមុនិណ្ឌ ​នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ជាមួយលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលី​ប្រចាំកម្ពុជា ​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។គំនិតផ្តួចផ្តើមនេះ ​ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង ​និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ភាពជាដៃគូនេះ ផ្តោតលើ មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់​សហគ្រាស​ធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ​ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្ដង់ដា​សុវត្ថិភាព​ចំណីអាហារ​ និង វិស័យសេវាកម្មកែច្នៃចំណីអាហារ ​គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួល ​បានសេវាម្ហូបអាហារ ​និងបច្ចេកវិទ្យា ​ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ​ម៉ាកយីហោ និងការវេចខ្ចប់។ ភាពជាដៃគូនេះ ក៏នឹងគាំទ្រដល់កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំ​សហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ ​និងអ្នកពាក់ព័ន្ធផ្សេងទៀត ​ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។ លោក ចាស្ទីន វ៉ាយអេត បានអះអាងថា អូស្ត្រាលី ប្តេជ្ញាគាំទ្រ​ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណី​អាហារឱ្យមានភាព​រស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ច​ប្រកបដោយ​ភាពធន់ បរិយាប័ន្ន ​និងនិរន្តរភាពនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា​ ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនេះ ស្របតាម​ចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់​សហគ្រាសធុនតូច និងមធ្យម ​ទាំងក្នុងស្រុក និងក្រៅស្រុក។ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ​ បញ្ជាក់ថា​ មូលនិធិខាងលើនេះ នឹងជួយលើកកម្ពស់​សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជា រួមទាំងផ្តល់ឱ្យពួកគេនូវ​ធនធាន ដែលពួកគេត្រូវការ​ដើម្បីទទួលបានជោគជ័យ៕អត្ថបទ៖ វណ្ណៈ

កម្ពុជាកំពុងទាក់ទាញឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច

2023/09/25 11:01:45 am        291
ភ្នំពេញ៖ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់វិស័យឧស្សាហកម្ម ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង ជាពិសេសការស្រូបយកឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ជាបណ្តើរៗ សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើង​ក្នុងកិច្ច​សម្ភាស​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ​ស្តីពីការវិនិយោគ ​និងការ​ផ្លាស់ប្តូរ​វិស័យ​ឧស្សាហកម្ម​សម្រាប់​កំណើនសេដ្ឋកិច្ចនេះថា សេដ្ឋកិច្ច​កម្ពុជា​បាន​រំពឹង​លើក​ឧស្សាហកម្មកាត់ដេរ និង​ឧស្សាហកម្ម​កម្មាន្តសាល​មិនមែនកាត់ដេរ តែមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូរជាបណ្តើរៗ នៃ​ការចាប់យកវិស័យឧស្សាហកម្មធុនមធ្យម ​និងធុនធ្ងន់ ​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជំនួសដល់​វិស័យ​មួយចំនួនដែលមានកំណើនទាប។អ្នកឧកញ៉ា បន្តថា ​ជុំវិញការផ្លាស់ប្តូររបត់ទៅរកការ​រីកចម្រើន​នេះ កម្ពុជាបានកំពុងធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងការប្រកួតប្រជែងជាបន្តបន្ទាប់ ជាក់ស្តែង​មកដល់ពេលនេះ ឧស្សហកម្ម​ធុនមធ្យម ​និងធុនធ្ងន់​មួយចំនួន បានកំពុងដំណើរការមានដូចជា ឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតសំបកកង់រថយន្ត, រោងចក្រផលិតដែក, និងរោងចក្រ​ផលិតគ្រឿង​បរិក្ខាអគ្គិសនី​ជាដើម ហើយចាប់ពីពេលនេះតទៅ កម្ពុជា​និងស្រូបយកឧស្សាហកម្មមធ្យម និងធុនធ្ងន់បានកាន់​តែច្រើនថែមទៀត​ សម្រាប់​បង្កើន​មូលដ្ឋានគ្រឹះដល់​សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការចុះបញ្ជីលើគម្រោង​វិនិយោគ​ជាច្រើន ជាក់ស្តែងថ្មីនេះ, CDC ទទួល​បានគម្រោងបង្កើត​រោងចក្រផលិតដែកគ្រប់ប្រភេទ វិនិយោគ​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ​កំពង់ផែក្រុងព្រះសីហនុ ​មានទុនវិនិយោគចំនួន ៤០លានដុល្លារ​អាម៉េរិក, រោងចក្រផលិតអំពូលភ្លើង, ខ្សែកាប, គ្រឿងបង្គុំ ​អេឡិកត្រូនិកធ្វើពីប្លាស្ទិក និងរោងចក្រ​ផលិតសំបកកង់រថយន្តជាដើម។ ទាក់ទងឿស្សាហកម្មនេះធុនធ្ងន់នេះ, ហ៊ុន RMA (Cambodia) ថ្មីៗនេះ ​ក៏បានប្រកាសពីការផ្គុំ ​ដំឡើងរថយន្ត ​ទៅផលិតរថយន្តផងដែរ។សូមបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី​ ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា​ ក្នុងបញ្ចាកោណទី២ រាជរដ្ឋាភិបាលនិងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាព​ប្រកួតប្រជែង ព្រោះកិច្ចការនេះ​ សម្រាប់ជាមូលដ្ឋាន​គាំទ្រ​កំណើន ​ប្រកបដោយចីរភាព និងភាពធន់​ក្នុងរយៈពេលវែង និងខ្លី តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម, បង្កើនតម្លៃបន្ថែម, ការតភ្ជាប់ច្រវាក់​ផលិតកម្ម និងផ្គត់ផ្គង់សកល, ព្រមទាំងការទាក់ទាញ និងជំរុញការវិនិយោគលើឧស្សហកម្មថ្មីៗ ដែលកំពុងលេចធ្លោ៕អត្ថបទ៖ សុន រ៉ាឌី

តំណាងសហគ្រាសជាង១០០នាក់ ស្វែងយល់អំពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម

2023/09/22 01:53:10 pm        201
ភ្នំពេញ៖ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាមិនមែនធនាគារ បានធ្វើការផ្សព្វផ្សាយ​ស្តីពី កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញតត្តិពាក់ព័ន្ធ ដល់សមាជិករបស់​សមាគម​ផលិតផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ​និងសមាជិករបស់សមាគមស្បែកជើងកម្ពុជា ដែលមាន​សិក្ខាកាមចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណជាង ១៦០នាក់។នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ​កាលពីរសៀលថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សេង តុលា អគ្គនាយករង ​នៃនិយ័តករគណនេយ្យ ​និងសវនកម្ម ​បានមានប្រសាសន៍ថា វិស័យ​គណនេយ្យនិងសវនកម្ម ​គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់​ ការពារ គាំពារ និងលើកស្ទួយការវិនិយោគធុរកិច្ច ​តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធ​គណនេយ្យ​មួយដែលរឹងមាំ និងអាចជឿទុកចិត្តបាន ដែលផ្តោតចេញពីការកសាងមូលដ្ឋាន​គ្រឹះ​សម្រាប់ការចុះបញ្ជីការគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារ​គណនេយ្យជាធរមាន​ និងការដាក់របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យរងសវនកម្មឯករាជ្យតាម​លក្ខខណ្ឌ​កំណត់ដោយច្បាប់។ លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ឆ្នាំក្រោយនេះ និយ័តករគណនេយ្យនិងសវនកម្ម បានចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ដើម្បីពង្រឹង​អនុលោមភាពនៃច្បាប់ ដោយផ្តើមចេញពីការអនុវត្ត​អនុលោមភាពគិត្តយុត្តិ និងពុំទាន់បានគិតទៅដល់អនុលោមភាព​ផ្នែកបច្ចេកទេសស៊ី​ជម្រៅ​នៅឡើយទេ។ លទ្ធផលបានបង្ហាញថា មានសមាជិកសមាគមស្បែកជើងមួយចំនួនបានចូលរួម​អនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងមានសមាជិកសមាគមមួយចំនួនទៀត បានទទួល​រងពិន័យរួចហើយដែរ។ទាក់ទិនសិក្ខាសាលានេះ លោកឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក​នៅកម្ពុជា បានលើកឡើងរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យសមាជិកសមាគម​បានសិក្សា​ស្វែងយល់បន្ថែមអំពីខ្លឹមសារនៃបទប្បញត្តិ និងស្តង់ដារបច្ចេកទេសសម្រាប់ជាមូលដ្ឋាន​ក្នុងការ​អនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មជាធរមាន។សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ​កាតព្វកិច្ចជាសារវត្តមានចំនួន៣ ត្រូវបានបង្កើតឡើង​សម្រាប់សហគ្រាស មានដូចជា៖ ​កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ច​រៀបចំ​របាយការណ៍ហិរញ្ញវត្ថុ​ស្របតាមស្តង់ដា​ជាធរមាន ​និង​កាតព្វកិច្ច​ដាក់របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យរងសវនកម្មឯករាជ្យ ​ស្របតាមលក្ខខណ្ឌកំណត់៕

ក្រុមហ៊ុនចម្រាញ់រ៉ែមាស រឺនីសង់ បង់ពន្ធសួយសារ និងពន្ធអាករផ្សេងៗជាង ៣៥ លានដុល្លារ

2023/09/20 05:00:45 pm        216
ភ្នំពេញ៖ ក្រុមហ៊ុនរ៉ែមាសចម្រាញ់ រឺនីសង់ មីណ័ររ៉ល (Renaissance Minerals) មកពីប្រទេសអូស្ត្រាលី បានបង់ពន្ធសួយសារ និងអាករជូនរដ្ឋលើស ​៣៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ និងផ្តល់ការងារ​ប្រមាណ ៦០០ កន្លែងដល់ប្រជាជនកម្ពុជា ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការ​ងារជាមួយ ឯកឧត្តម ឆើតគៀត អាត់ថាកន (Cherdkait Atthakor) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន រឺនីសង់ មីណ័ររ៉ល (Renaissance Minerals) ​ជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញា​បណ្ណរុករករ៉ែមាស​ពីក្រសួងរ៉ែ និងថាមពល, បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងអនុវត្តទៅ​តាមគម្រោងផែនការ​ និងប្រព្រឹត្តទៅដោយលូន នៅក្នុងអាជីវកម្មរបស់ខ្លួន ។ជុំវិញសាវតានៃក្រុមហ៊ុមួយននេះ, ក្រុមហ៊ុន រឺនីសង់ មីណ័ររ៉ល​ Renaissance Minerals ទទួលបាន​អាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ ​និងថាមពល ​ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី ​និងជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលបានចាប់ផ្ដើមបើកសម្ពោធដាក់​ឲ្យដំណើរការ​ជាផ្លូវការ ​លើប្រតិបត្តិការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២១ ​និងជាក្រុមហ៊ុនផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជាផងដែរ។សូមបញ្ជាក់ថា ​ជុំវិញការធ្វើអាជីវកម្មរ៉ែមាសនេះ ​បើតាមរបាយការណ៍របស់ក្រសួងរ៉ែ​ និងថាមពល គិតត្រឹមឆ្នាំ ​២០២២ កម្ពុជាមានក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង​ ៤ រួមមាន៖ Renaissance Minerals មានទីតាំងធ្វើអាជីវកម្មនិងចម្រាញ់មាស ​ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ​ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង​ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak ​នៅតំបន់អូរខ្លិកខ្លក់ ​ស្រុកសំបូរ ខេត្តក្រចេះ, និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ៕អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជាចុះហត្ថលេខា នាំផ្លែដូងស្រស់ទៅចិន ខណៈកម្ពុជា មានផ្ទៃដីដាំដុះដំណាំដូងប្រមាណ១ម៉ឺន៧ពាន់ហិកតា

2023/09/20 11:10:43 am        272
ភ្នំពេញ៖ ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ​ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន ​កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។ លោកជំទាវបន្តថា នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករ​ធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ​ស្របទៅតាមស្តង់ដាអនាម័យ ​និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។លោកជំទាវថ្លែងថា ទន្ទឹមគ្នានេះដែរ ​អគ្គនាយកដ្ឋានកសិកម្ម​ នៃក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ​បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង​ សហគមន៍​កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណង​ផលិត​និងកែច្នៃ​វេចខ្ចប់ផ្លែដូង​ស្រស់​ទៅកាន់ទីផ្សារប្រទេសចិន ​សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ​ និង​រោងចក្រ​កែច្នៃ​និង​វេចខ្ចប់​ផ្លែដូងស្រស់សម្រាប់នាំចេញ​ទៅកាន់ប្រទេសចិន។លោកជំទាវ បញ្ជាក់ថា ​អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយ​តម្លៃស្របតាមនីតិវិធី​បច្ចេកទេស​ដូចមាន​ចែងនៅក្នុងពិធីសារ​ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ ​និងរោងចក្រកែច្នៃវេចខ្ចប់​ផ្លែដូងស្រស់ទៅកាន់ភាគីចិន ​នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ​ដើម្បីភាគីចិនពិនិត្យ និង​វាយតម្លៃ​បញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ ​នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា​ ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន​ ១ម៉ឺន៤ពាន់ហិកតា។ ចំណែក​ទិន្នផលសរុប​នៅក្នុងឆ្នាំ២០២២ ​នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕

រាជរដ្ឋាភិបាលដោះស្រាយកង្វល់វិស័យឯកជនសំដៅលើកកម្ពស់ការធ្វើធុរកិច្ច និងប្រកួតប្រជែងស្មើភាពគ្នា

2023/09/19 03:39:29 pm        107
ភ្នំពេញ៖ កិច្ចប្រជុំការងារក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ​បានដោះស្រាយ​សំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យ​ឯកជនជួបប្រទះ និងការស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ​ពន្ធដារ ​និងអភិបាលកិច្ច “ក្រុម ឃ” (តំណាងរាជរដ្ឋាភិបាល) ​និងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៨ ខែកញ្ញា នេះបានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ​និងស្តាប់សំណូមពរ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យ​បាន​សមស្របជូនវិស័យឯកជន ​វិនិយោគិន ​និងធុរជននៅក្នុងប្រទេសកម្ពុជា ។ ជុំវិញកិច្ចប្រជុំនេះដែរ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត​ឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន ​និងរាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ ​និងសំណូមពររបស់វិស័យឯកជន, ​ហើយកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលើ​របៀបវារៈមួយ​ចំនួនរួមមាន៖ ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើផលិតផលបារីនាំចូល, ​ពាណិជ្ជកម្មខុសច្បាប់, សិទ្ធិផ្តាច់មុខ ​និងការនាំចូលរថយន្តម៉ូដែលចុងក្រោយស្ថិតក្រោមសិទ្ធិផ្តាច់មុខ, ការធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អ្នកជាប់ពន្ធតូច ​ឬសហគ្រាស​ដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ, និងការបញ្ចូល​ភាគហ៊ុននិកបន្ថែមរបស់​អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ និង​សហគ្រាសឯកបុគ្គល ។ កិច្ចប្រជុំក៏បានពិភាក្សាលើការស្នើសុំរៀបចំ “សៀវភៅ ស” ដែលជាការ​ចងក្រងនូវកំណត់ហេតុបូកសរុប និងការសម្រេចរបស់អង្គប្រជុំមុនៗផងដែរ ។ជាលទ្ធផល, អង្គប្រជុំបានដោះស្រាយសំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យឯកជន​បានលើកឡើង ​និងបានស្នើឲ្យក្រ សួង-ស្ថាប័នពាក់ព័ន្ធ រៀបចំដាក់ចេញនូវវិធានការ​យន្តការ​សមស្រប សម្រាប់ដោះស្រាយតាមសមត្ថកិច្ច ​និងភារកិច្ចរៀងខ្លួនៗ ដើម្បីស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា​ តម្លាភាព ​ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ ​និងបទប្បញ្ញាត្តិ ដែលមានជាធរមាន​៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័ន្ធគិតគូរលើការនាំចេញផលិតផលកសិកម្ម

2023/09/19 01:39:43 pm        108
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងភាគីពាក់ព័ន្ធត្រូវគិតគូរអំពីក្របខណ្ឌ ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុងមានទីផ្សារនាំចេញច្រើន​ទៅកាន់ប្រទេសនានា ប៉ុន្ដែអ្វីដែលត្រូវពង្រឹង​បន្ថែមគឺផលិផលសម្រាប់នាំចេញ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករ ​និយោជិត តាមរោងចក្រ ​សហគ្រាសជិត ២ ម៉ឺននាក់ មកពីរោងចក្រ​ សហគ្រាសចំនួន ១៨ ​ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី​ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុរួចហើយ ក្នុងការ​គិតគូរ​អំពីក្របខណ្ឌការជំរុញការនាំចេញ​ផលិតផលកសិកម្មរបស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ​នានានេះ។ ក្នុងនោះ សម្ដេចនាយករដ្ឋមន្រ្ដីបានដាក់ទិសដៅឱ្យធ្វើការសាកល្បងដំបូង​លើ​ផលលិផល​ស្រូវអង្កររបស់កម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវគោលការណ៍ឱ្យមានការប្រជុំជាបន្ទាន់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយនឹងវិស័យឯកជនត្រូវសហការគ្នារកវិធី​សាស្រ្ដឱ្យមានប្រសិទ្ធភាព ជា​សំឡេងមួយ ជាយុទ្ធសាស្រ្ដមួយ​ជាផែនការ​សកម្មភាពមួយលើការនាំចេញផលិតផល​កសិកម្មរបស់​កម្ពុជានេះ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឯកអគ្គរាជទូតជប៉ុន អញ្ជើញចូលរួមភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា
03/21/2025 08:03 PM
រុស្ស៊ីការពារសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការបន្តកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី នៅមុនមានការចរចា រវាងអាមេរិក និងអ៊ីស្រាអែល
03/21/2025 08:03 PM
អ៊ីស្រាអែលគំរាមដាក់បញ្ចូលតំបន់ហ្កាហ្សាស្រ្ទីបជាឧបសម្ព័ន្ធរបស់ខ្លួន ក្រោយការវាយប្រហារថ្មី
03/21/2025 08:03 PM
ការស៊ើបអង្កេត កំពុងដំណើរការ ដើម្បីរកមូលហេតុនៃអគ្គិភ័យ រហូតបិទអាកាសយានដ្ឋាន Heathrow
03/21/2025 08:03 PM
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តក្រចេះ
03/21/2025 08:03 PM
ជនមូស្លីមរាប់ម៉ឺននាក់នៅបង់ក្លាដែសនាំគ្នាតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា
03/21/2025 07:03 PM
បន្ទុះភ្នំភ្លើង Lewotobi Laki-laki របស់ឥណ្ឌូនេស៊ី បណ្តាលឲ្យភូមិក្បែរៗគ្របដណ្តប់ដោយគំនរភក់
03/21/2025 07:03 PM
កងទ័ពស៊ូដង់និយាយថា ពួកកេគ្រប់គ្រងបានទាំងស្រុងវិមានប្រធានាធិបតីនៅទីក្រុង Khartoum
03/21/2025 07:03 PM
រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែលបង្កើនការវាយប្រហារ ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ
03/21/2025 07:03 PM
កម្ពុជាពិនិត្យពិភាក្សានៃវឌ្ឍនភាព លើការតភ្ជាប់ប្រព័ន្ធ cdcIPM ទៅថ្នាក់ក្រោមជាតិ
03/21/2025 07:03 PM