សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ

2026/06/10 02:32:43 am        99
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្តថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្ដិភាព ភាពបើកជំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើៗ លើជណ្ដើនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានបន្តថា ការពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនអាចបំភ្លេចបាននូវសារៈសំខាន់នៃការការពារសមិទ្ធផលដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។ សម្ដេចធិបតី បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ថា ក្នុងន័យនេះ អាស៊ានត្រូវតែ បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកជំហរ បរិយាបន្ន ផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព បន្តធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងវិនិយោគលើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

2026/06/10 02:23:26 am        172
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃគឺដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ សន្ដិភាព និងស្ថិរភាពក្នុងតំបន់

2026/06/10 02:17:18 am        134
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្គួចផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំលើច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខណ្ឌ UNCLUS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្ដិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្ដិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនោះ សម្ដេចធីបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំ ការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយដោយសន្ដិវិធី រវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ សម្ដេចធិបតីបន្តថា កម្ពុជាទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់៕

ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ

2026/06/10 02:06:09 am        147
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ ហើយកម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ឈរលើការវាយតម្លៃស្រដៀងគ្នា ដែលបានលើកឡើងក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣នេះ សម្ដេចបានឆ្លុះថា សន្ដិភាព៖ ក្នុងពេលអតីតកាល អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលពោពេញទៅដោយជម្លោះការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្ដិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ សម្ដេចបានបន្តថា តំបន់អាស៊ានបានផ្លាស់ប្ដូរបន្ដិចម្ដងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និង ជវភាពបំផុត នៅលើពិភពលោក។ សម្ដេចធិបតី បានបន្តថា ការផ្លាស់ប្ដូរនេះ មិនមែនចៃដន្យនោះទេ ប៉ុន្ដែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំ និងប្រជាជននៅក្នុងតំបន់ទាំងមូល ពោលគឺ៖ ការជ្រើសរើសយកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, កិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់ និងវឌ្ឍនភាពរួម ជាជាងការប្រកួតប្រជែង។ សម្ដេចធិបតីបន្តថាទោះជាយ៉ាងណាក្ដី ក្នុងពេលបច្ចុប្បន្ន សន្ដិភាពមិនមែនជាអ្វីដែលយើងត្រូវមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ នៅទូទាំងពិភពលោកយើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នកម្រមានជម្លោះណា មិនរីកសាយភាយចេញពីតំបន់ដែលជម្លោះបានចាប់ផ្ដើមពីដំបូងណាស់។ សម្ដេចលើកឡើងថា ជម្លោះសម័យទំនើបនេះ ក៏មានលក្ខណៈពហុវិមាត្រផងដែរ។ សម្ដេចធិបតីថ្លែងថា ភាពតានតឹងដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ជាក់ស្ដែង ក្រៅពីការបំផ្លាញសន្ដិភាព និងស្ថិរភាពនៅទូទាំងតំបន់ ភាពតានតឹងនេះ ក៏បានរំខានដល់ការដឹកជញ្ជូនធនធានសំខាន់ៗ ជាពិសេសប្រេង និងឧស្ម័ន និងបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពល ថ្លៃស្បៀងអាហារ សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកល។ សម្ដេចធិបតីបានបន្តថា ទោះបីជាកម្មវិបាកមិនទាន់បានលេចចេញទាំងស្រុងនៅឡើយ តថភាពដ៏ច្បាស់លាស់មួយនោះគឺ៖ អស្ថិរភាពនៅកន្លែងមួយ ជះឥទ្ធិពលកាន់តែខ្លាំងឡើងៗដល់វិបុលភាពនៅគ្រប់ទីកន្លែងទាំងអស់។សម្ដេចធិបតីបានបញ្ជាក់ថា បើក្រឡេកមកតំបន់អាស៊ានវិញ, បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ, កម្ពុជានៅតែមានក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្ដែង នៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្ដេចបន្តថា ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)។ សម្ដេចបន្តថា ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយដោយសន្ដិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្ដិភាពអចិន្រ្តៃយ។ សម្ដេចបន្តថា ជាក់ស្ដែងភាគីទាំងពីរបន្តបង្ហាញការការប្រកាន់ខ្ពាប់នូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជានៅតែបន្តផ្ដល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។ សម្ដេចធិបតី បានថ្លែងថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព (Good Faith) និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្ដិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូ ព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ

2026/06/09 11:39:52 pm        25
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ

2026/06/09 04:12:08 pm        307
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣៣១៨​គ្រួសារ។យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់​ពី​បទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បាន​វិល​ត្រឡប់​ទៅ​មូលដ្ឋានរបស់ខ្លួនវិញ។ រីឯប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះ មានភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិត​ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និង​ភូមិ​ផ្លូវ​បំបែក ​ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហាន​ថៃ​ដាក់​កុងតឺ​ន័រ​ រាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចវិលត្រឡប់ ចូល​ទៅ​រស់នៅវិញបាន។ ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន ត្រូវ​បាន​គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្រុម​ការ​ងារថ្នា​ក់ជាតិ ខេត្ត ក្រុង ស្រុក ធ្វើការដោះស្រាយជូនក្នុងជំហានទី១ ដោយឱ្យពួក​គាត់​រស់​នៅ​ក្នុង​តង់​ធម្មតា បន្ទាប់មកមានការផ្តល់តង់ដោយរាជរដ្ឋាភិបាល និងតង់ដែលផ្តល់​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងតង់ដែលជាជំនួយរបស់ប្រទេសចិន ដោយបានរៀបចំ​ជូន​ឱ្យ​ពួក​គាត់ស្នា​ក់ក្នុងវត្តចំនួនពីរកន្លែងគឺ វត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ សម្រាប់ពលរដ្ឋ​ភូមិ​ជោគជ័យ និងភូមិព្រៃចាន់ និងវត្តកណ្ដោល ស្រុកថ្មពួក សម្រាប់ពលរដ្ឋតំបន់បឹងត្រកួនមាន៖ ភូមិ​បន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក។ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលគឺ សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូន ក្រុម​ការ​ងារ​ចំ​ពោះកិច្ច ធ្វើការ រៀបចំដី ដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុន នៅ​ក្នុង​មណ្ឌលសមាគមអតីតយុទ្ធជនភូមិ-ឃុំ ស្លក្រាម ស្រុកស្វាយចេក។ មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើ​នឹងចំនួន១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ៣.៨៣៩នាក់ ក្នុងចំណោម ប្រជា​ពលរដ្ឋ​៣.៣១៨គ្រួសារ ក្នុងនោះ មានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយ​ផ្តល់ដី ទំហំ ២០មx៣០ម ក្នុង១គ្រួសារ ទំហំផ្ទះ៥ម៉ែត្រx៧ម៉ែត្រ លើផ្ទៃដីចំនួន៤០០ហ.ត ដោយ​ដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន១១៣ហិកតា (ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បាន​ឧបត្ថម្ភជូនរាជរដ្ឋាភិបាល)។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា គិត​ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការ​សាង​សង់​ផ្ទះដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន២.៨០៥ខ្នង ចំពោះ​ទីតាំងនេះដែរយើងបាន រៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និង​ដី​សម្រាប់​ធ្វើកសិកម្មដែលទទួលខុសត្រូវដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជា​មួយ​គ្នា​នេះ ក្រសួងក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ មាន​ការ​សាង​សង់​ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ៧ម៉ែត្រចំនួន ២០​ខ្សែ សំរួលដីសាងសង់សាលារៀន (ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ) សាងសង់​មណ្ឌល​សុខភាពដោយកងវិស្វកម្មសម្តេចតេជោសៀមរាប ដឹកនាំដោយឯ​កឧត្តម​នាយ​ឧត្តម​សេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និង ភ្ជាប់ទឹកតាមផ្ទះ ទទួល​ខុស​ត្រូវ​ដោយ​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទន្ទឹមនោះ ក្រសួងក៏បានផ្តល់ពាងទឹក ធំក្នុង១​គ្រួសារ​ទទួល​បាន​ពាង១ចំណុះ៥គីប ស្មើនឹង២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវ ដោយ​ក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេស រាជ​រដ្ឋាភិបាល បានជួយឧបត្ថម្ភ ថវិកាក្នុង១គ្រួសារចំនួន១០ម៉ឺនរៀល ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​ក្នុង​ម្នាក់ៗចំនួន២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើ ប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹកប្រចាំខែ២ម៉ឺនរៀលក្នុង១គ្រួសារ ហើយបងប្អូនជនភៀសសឹក ក៏ទទួលបានថវិកាជំនួយសង្គមពិសេស ក្នុង១គ្រួសារទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើ ប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។នៅទីនេះ ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បានផ្តល់គោលការណ៍ឱ្យបងប្អូនពលរដ្ឋ រៀបចំការប្រឡងប្រណាំងផ្ទះស្អាត(៣ខែម្តង) យក៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះលេខ១ទទួលបាន=៣.០០០$ លេខ២=២.០០០$ លេខ៣=១.០០០$ ភូមិស្អាតនឹងមានការឧបត្ថម្ភផងដែរ។ ក្រៅពីនេះ ក៏មានដៃគូផ្សេងៗដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្លោះ ចំនួន២ទីតាំង ព្រមទាំង ឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈពិភពលោក ជួយលើការងារអប់រំ អង្គការ IOM ជួយ លើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តីសង្ឃឹមកម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភ ថវិកាដល់គ្រួសារជនភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀងដល់ជន ភៀសសឹកផងដែរ។សម្តេចតេជោ លើកឡើងថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេមានព្រះទ័យយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជនភៀសសឹក ចាំតាំងពីពេលសង្គ្រាមបានចាប់ផ្តើម រហូតដល់ពេលនេះ នេះបង្ហាញពីព្រះទ័យយកចិត្តទុកដាក់ចំពោះសុខទុក្ខ កងកម្លាំងនៅសមរភូមិ និងពលរដ្ឋភៀសសឹកតាមព្រំដែន។សម្តេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំចាត់ចែងការងារនេះយ៉ាងរហ័ស សម្តេចភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័ស បង្ហាញអោយឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកណ្តើយចំពោះសុខទុក្ខពលរដ្ឋទេ បានយកចិត្តទុកដាក់ និងធ្វើសកម្មភាព។សម្តេចតេជោប្រសិទ្ធនាមឈ្មោះអោយមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកនេអ ថា «ភូមិរង់ចាំ»។សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ។ ដីត្រូវតែទាមទារត្រឡប់មកវិញ។ សូមបញ្ជាក់ថា នាឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ក៏បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹក មករស់នៅសម្រកបណ្តោះអាសន្ននៅថ្ងៃនេះ សម្តេចបានអញ្ជើញចូលសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះមួយចំនួនផងដែរ៕

​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ

2026/06/09 02:13:52 am        131
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យ​ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តសម្រេចបាននូវលទ្ធផលជោគជ័យ និងការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រដល់ការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំងសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម, ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ ២០៣០ និង ឆ្នាំ២០៤៥។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត​ និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ន​នីតិប្បញ្ញាតិ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលការណ៍នេះ​ បានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្តេច​ធិបតី​ និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ៕

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

2026/06/09 12:35:53 am        132
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum - AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍ និងសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ សម្តេច​ធិបតី​ បាន​គូស​បញ្ជាក់អំពី​សារៈសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ,​ ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ សម្តេច​ធិបតី​ បាន​ស្នេីដល់ការកែសម្រួលនីតិវិធី​សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។ មុននឹងបញ្ចប់ ប្រមុខរដ្ឋាភិបាលទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ៕

ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី

2026/06/09 12:22:28 am        127
តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមាន ជំនួបទ្វេភាគី និងពិភាក្សាការងារ ផងដែរ។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) បានធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារ៖ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ ២០២៦-២០៣០ រវាង ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញ ចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានអញ្ជើញជួបជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។គួរបញ្ជាក់ថា សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕ ដោយ ៖ វីរះ

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន

2026/06/06 07:29:22 pm        184
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន ដូច្ចេះហើយទង្វើនេះត្រូវផ្លាស់ប្តូរ មិនអោយឈរឈ្មោះតទៅទៀតទេ ចំពោះសមាជិកាព្រឹទ្ធសភាណាដែលមិនចុះទៅមូលដ្ឋានជួបជាមួយប្រជាជន ដែលមិនឆ្លើយតបការខិតខំនៅមូលដ្ឋាន។ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកក៏ ត្រូវធ្វើការជាមួយ អង្គបោះឆ្នោតគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អោយបានច្រើនដែរ។ ចំពោះខេត្តកណ្តាលជាខេត្តមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានស្ថានភាពមិនខុសពីរាជធានីភ្នំពេញទេ ទាំងកត្តាសន្តិសុខ នយោបាយ សេដ្ឋកិច្ច គឺជះឥទ្ធិពលគ្នាទៅវិញទៅមក សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំដល់មូលដ្ឋានចូលរួមរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងនោះបញ្ហាបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវតែបន្ត ដែលអាចមានការបែកសំបុក ពង្រាយទៅតូចៗនៅតាមមូលដ្ឋាន។សម្តេចតេជោណែនាំនៅតាមមូលដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ និងចូលរួមខិតខំសន្សំសំចៃក្នុងដំណាក់កាលនេះ។ ទន្ទឹមនឹងនឹងនេះដើម្បីគាំទ្រដល់ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវចូលរួមគាំទ្រលើការប្រមូលចំណូលគយនិងពន្ធដារ និងខិតខំប្រមូលចំណូលចូលរដ្ឋអោយអស់ពីលទ្ធភាព។ សម្តេចបន្តថា ការគាំទ្ររបស់មូលដ្ឋានចំពោះការប្រមូលចំណូលជារឿងសំខាន់។ ចំពោះនៅតាមមូលដ្ឋាន សម្តេចតេជោ ណែនាំដល់ខេត្តកណ្តាលបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជននៅក្នុងមូលដ្ឋាន។ សម្តេចណែនាំឲ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លី តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចំពោះខេត្តកណ្តាលក៏មានបញ្ហាជម្លោះដីធ្លីរវាងប្រជាជននិងប្រជាជន និងរវាងប្រជាជនជាមួយក្រុមហ៊ុនក៏មានខ្លះ ខិតខំរកដោះស្រាយសម្របសម្រួល និងជំរុញការផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជន។សម្តេចតេជោអំពាវនាវអោយយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងកម្មករតាមរោងចក្រសហគ្រាស ខណៈដែលនៅខេត្តកណ្តាលកម្មករមានរហូតដល់ទៅជាង២៥ម៉ឺននាក់ រោងចក្រសហគ្រាសគ្រឹះស្ថាននៅក្នុងខេត្ត២១០៩, វិនិយោគិនបរទេសដែលវិនិយោគ ៦៦២មូលដ្ឋាន ដែលផ្តល់ការងារ២៥ម៉ឺន១១០៧នាក់។ សម្តេចតេជោបន្តថា យើងមានបទពិសោធន៍លើការគ្រប់គ្រងហើយ បន្តជំរុញបទពិសោធន៍ដ៏ល្អនេះទៅមុខទៀត គ្រប់គ្រងកម្មករអោយបានល្អ ដោះស្រាយវិវាទការងារអោយបានឆាប់បំផុត និងចូលរួមដោះស្រាយការងារដល់ប្រជាជនធ្វើ និងតាមមើលអោយជាប់ជាប្រចាំ។លើការងារនៅមូលដ្ឋាន សម្តេចតេជោជំរុញអោយ ខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់។ សម្តេចតេជោអំពាវនាវអោយមន្ត្រីទាំងអស់ធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីសេចក្តីសុខរបស់ប្រជាជន ខិតខំលុបបំបាត់ឬបន្ថយការថ្នាំងថ្នាក់របស់ប្រជាជនចំពោះទង្វើខ្វះខាតដែលកើតចេញពីមន្ត្រី ប្រជាជនមិនអាចទទួលយកបានទេ ដែលធ្វើសកម្មភាពណាមួយដែលផ្ទុយផលប្រយោជន៍របស់ពួកគាត់។ សម្រាប់មន្ត្រីឃុំសង្កាត់ ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ហើយមន្ត្រីថ្នាក់ឃុំ មានស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំជាដើម ខិតខំដោះស្រាយសេវាចាំបាច់ និងសេវាតម្រូវការជូនប្រជាពលរដ្ឋត្រូវចាំថា «មន្ត្រីជាខ្ញុំបម្រើប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ។ »ចំពោះស្មៀនឃុំ សម្តេចតេជោជំរុញចលនាស្ត្រីដែលមានសមត្ថភាព អោយដាក់ពាក្យច្រើនចូលប្រឡង ខណៈសម្តេចតេជោ ចង់បានមានស្ត្រីមានចំណែក៥០ភាគរយនៃស្មៀនឃុំសង្កាត់ នេះមិនមែនទាត់ចោលបុរសទេតែយើងនិយាយពីសមភាពយេនឌ័រ ការវិនិយោគអោយស្ត្រី ដូច្ចេះស្ត្រីត្រូវប្រឹងប្រែងដោយខ្លួនឯង និងលើកទឹកចិត្តស្ត្រីចូលរួមបំពេញការងារនិងមានសមត្ថភាព។ចំពោះខេត្តកណ្តាលក៏មានជាប់ព្រំដែនជាមួយប្រទេសវៀតណាម សម្តេចតេជោណែនាំដល់អាជ្ញាធរខេត្តកណ្តាលបន្តសហការអោយបានល្អជាមួយប្រទេសជិតខាងដែលមានព្រំដែនជាមួយគ្នា ខណៈបច្ចុប្បន្នកម្ពុជានិងវៀតណាមមានសេដ្ឋកិច្ចតភ្ជាប់គ្នាល្អ។សូមបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តកណ្តាល មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ ខណៈដែលខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបសំណេះសំណាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM