ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

ឯកឧត្តម Wang Wentian បង្ហាញមោទនភាពបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា

2024/05/27 09:59:19 pm        37
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយឯកឧត្តមចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត៦ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ដែលសម្តេចបានធ្វើការយ៉ាងស្អិតរមួតជាមួយគ្នាក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។ឯកឧត្តម Wang Wentian បានលើកឡើងថា ឯកឧត្តមពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេចនិងសូមថ្លែងអំណរគុណដែលសម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ឯកឧត្តមសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ ឯកឧត្តម មានកិត្តិយសបំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់ឱកាសឱ្យចូលរួមលើកកម្ពស់ទំនាក់ទំនង ចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ឯកឧត្តមមានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា។ ឯកឧត្តម បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡាដ្ឋានមរតតេជោ ... ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។ ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕ដោយ ៖ ដារ៉ា

សភាតំណាងប្រជាជនចិន៖ភាគីចិនប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ

2024/05/23 11:48:42 pm        127
ភ្នំពេញ ៖ ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានបញ្ជាក់ថា ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ​ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានបញ្ជាក់បែបនេះក្នុងឱកាសជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ ជាការឆ្លើយតបឯកឧត្តម សូរ៉ាត ហ្សាគៀរ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តមសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តមបន្តថាភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕ ដោយ ៖ ដារ៉ា

សភាតំណាងប្រជាជនចិន នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃនេះ

2024/05/21 06:54:02 pm        203
មន្រ្តីជាន់ខ្ពស់នៃសភាតំណាងប្រជាជនចិន នឹងដឹកនាំ​គណៈប្រតិភូ​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជានៅថ្ងៃនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា (Shohrat Zakir) អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភាតំណាងប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូស​ភាតំណាង​ប្រជាជន​ចិន​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ។ក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា នឹងចូលជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។ទន្ទឹមនឹងនេះ ឯកឧត្តម ហ្សូរ៉ាត់ ហ្សាគា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។នៅក្នុង​ដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃសភាតំណាងប្រជាជនចិន នឹងអញ្ជើញ​ជួប​ពិភាក្សា ការងារជាមួយអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងទស្សនា​ប្រាសាទ​បុរាណ​នានា ក្នុងខេត្តសៀមរាបផងដែរ៕ អត្ថបទ សេក ឧត្តម 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គលេខាធិការរង UN ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:35:32 pm        194
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ (Alice Wairimu Ndeeritu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថាលោកស្រី លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ អញ្ជើញមកកម្ពុជា គឺដើម្បីចូលរួមសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើរប្រល័យពូជសាសន៍ នៅកម្ពុជាផងដែរ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គនាយិការងទីភ្នាក់ងារ AFD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:29:09 pm        174
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱលោកស្រី ម៉ារី អេឡែន លូអាហ្សង់ (Marie-Hélène LOISON) អគ្គនាយិការង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ​១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោត​សកម្មភាព​របស់​ខ្លួន​តែលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្ដែចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរាគមន៍របស់ AFD នៅ​ក​ម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បាន​សហការ ជាមួយអាជ្ញាធរ​កម្ពុជា​ដើម្បី​ទ្រទ្រង់​ដល់​ផ្នែក​ផលិតកម្ម​តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​គ្មាន​ការ​ធានា​ពីរដ្ឋមានន័យថា ប្រាក់កម្ចីដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬ​សាធារណៈដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។ជាង​នេះ​ទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួល​បាន​កម្ចី​សម្បទាន​ពី AFD បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះ​លទ្ធភាព​ក្នុង​ការសងបំណុលរបស់ប្រទេសនេះ។បច្ចុប្បន្នវិស័យ​អាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន៖ កសិកម្ម និងកសិ​ឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។ ចាប់​តាំងពីឆ្នាំ១៩៩៣ មក ក្រុម AFD បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជាដោយផ្តល់ទឹកប្រាក់ជាង ២៧០ លានអឺរ៉ូ៕

បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា

2024/05/18 04:10:31 am        93
ភ្នំពេញ ÷ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធនេះបាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។មុននឹងបញ្ចប់ សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ បន្តសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ​ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ ៕

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យ លោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/05/18 03:55:03 am        84
ភ្នំពេញ ÷ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួបនេះ​ លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកអនុប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់នូវវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារសម្រាប់វិស័យកងទ័ពផងដែរ។ តាមរយៈជំនួបពិភាក្សានាឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន មានសង្ឃឹមថានឹងអាចស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក CHO Hyungsang និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ហើយសម្ដេចធិបតីក៏បានបង្ហាញការពេញចិត្តចំពោះការភ្ជាប់នូវទំនាក់ទំនងនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកូរ៉េ ជាមួយនឹងក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី សង្ឃឹមថាក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាសនៅក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកអនុប្រធានក្រុមហ៊ុនផងដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើមនូវគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រដល់ក្រុមហ៊ុនវិនិយោគរបស់កូរ៉េនៅកម្ពុជា ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក និងការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិន និងធុរជន និងបានដាក់ឱ្យអនុវត្តនូវច្បាប់ថ្មីស្ដីពីវិនិយោគ ដើម្បីផ្ដល់នូវការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគនៅកម្ពុជាផងដែរ។ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) ដើម្បីទាក់ទាញការវិនិយោគ និងជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្រៅប្រទេស។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការប្រើប្រាស់នូវថាមពលស្អាត ជាដើម។ មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា

2024/05/18 03:47:09 am        96
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យសំណង់ដែលរួមមាន៖ ការកសាងនូវតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។ ក្នុងជំនួបនេះ ក្រុមហ៊ុនមានបំណងទទួលបានទស្សនៈបន្ថែមពីសម្ដេចធិបតី អំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានក្រុមហ៊ុន និងសហការី និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចមានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុពលច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នជំនាញក្នុងការស្វែងរកឱកាសវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន

2024/05/18 03:38:08 am        71
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា​ ឆ្នាំ២០២៤។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀតនឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា​​​ និងបន្តវិនិយោគ​ក៏ដូចជាពង្រីកវិនិយោគបន្ថែម​នៅព្រះរាជាណាចក្រកម្ពុជា។​ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងអរគុណចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ​និងផ្គត់ផ្គង់ផលិតផល​ នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀតផងដែរ៕

ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា

2024/05/18 03:31:07 am        78
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​​ ពីថ្ងៃទី១៥-១៨​​​ ខែឧសភា​​ ឆ្នាំ២០២៤។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអរគុណចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ ឆ្នាំនៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលប្រមាណ​ ១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ​​ និងធុរកិច្ច​ នៅព្រះរាជាណាចក្រកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
07/30/2026 11:07 AM
ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
07/30/2026 11:07 AM
ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
07/30/2026 11:07 AM
កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់
07/30/2026 11:07 AM
[UPDATE] រញ្ជួយដីនៅប្រទេសជប៉ុនធ្វើឱ្យសហគមន៍នានាខ្វះខាតទឹក ខណៈអ្នកស្លាប់ឡើងដល់ជិត៣០នាក់
07/30/2026 11:07 AM
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
07/30/2026 11:07 AM
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
07/30/2026 10:07 AM
លោក Trump ដាក់ការទាមទារថ្មីឲ្យធ្វើសេចក្ដីស្នើច្បាប់សម្រាប់ដាក់ទណ្ឌកម្មរុស្ស៊ី និងអ៊ីរ៉ង់
07/30/2026 10:07 AM
សង្គ្រាមស៊ូដង់ដែលត្រូវបានបំភ្លេចចោលធ្វើឱ្យមនុស្សរាប់លាននាក់អត់ឃ្លាន ខណៈពិភពលោក ចាប់អារម្មណ៍តែសង្គ្រាមអ៊ីរ៉ង់ និងអ៊ុយក្រែន
07/30/2026 10:07 AM
ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/30/2026 10:07 AM