លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា

2024/01/24 10:31:45 pm        143
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល រវាង ក្រសួង នគរបាលវៀតណាម និង ក្រសួង មហាផ្ទៃកម្ពុជា តាម រយៈ ការ ចែករំលែក ព័ត៌មាន  និង ផ្លាស់ ប្តូរ បទ ពិសោធន៍ លើវិ័ស័យឌីជីថលនេះ ដោយសារ វៀតណាម ក៏បាន និងកំពុង មាន កិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថលនេះ ជាមួយ នឹង សិង្ហបុរី និង ម៉ាឡេស៊ីផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។មុននឹងបញ្ចប់ សម្តេចធិបតី និង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:៕ ដោយ ៖ ដារា

សម្ដេចតេជោ ចាត់ទុកទស្សនកិច្ចប្រតិភូ​ក្រសួងនគរបាលវៀតណាម​បានរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ

2024/01/23 06:57:50 pm        152
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ អនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹម​បក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និង​បាន​វា​យតម្លៃខ្ព​ស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុក ទស្សន​កិច្ច​របស់​ប្រតិភូ​ក្រសួង​នគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុង​ការ​ពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យ​កាន់​តែ​រឹ​​ងមាំថែមទៀត។ សម្ដេចប្រធានគណបក្សបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម តូ លឹម ដែលទទួលបានគ្រឿងឥស្សរយស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ជា​កិច្ចឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អនុញ្ញាត​ឲ្យ​ប្រតិភូ បានចូលជួបសម្ដែងការគួរសម ។ ឯកឧត្តម​បាន​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំប្រពៃណីវៀតណាម ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានអបអរសាទរ និងវាយតម្លៃ​ខ្ពស់ចំពោះ​ជោគជ័យ​ដ៏​ធំធេង​របស់ក​ម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣ កន្លងមក ក្រោម​ការ​ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គុទេស និង​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​បន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម​បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និង​សន្តិភាព​។ ឯកឧត្តម តូ ឡឹម បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែល​បាន​រៀបចំ​មហា​សន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និង​បាន​បោះឆ្នោត​បំពេញ​បន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និង​អនុ​ប្រធាន​គណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ឯកឧត្តម តូ ឡឹម បាន​បញ្ជាក់​ជូន​សម្ដេច​តេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ា​ងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​មាន​សម្ដេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែល​មាន​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបានជូនពរចំពោះគណបក្ស​ប្រជាជនកម្ពុជា ឱ្យទទួល​បាន​ជោគ​ជ័យ​ចំ​ពោះ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​គណបក្សទាំងពីរនាពេលកន្លងមក ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់​ទំនង​រវាង​វិស័យ​សន្តិសុខ​នៃ​ប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់​តែ​រីក​ចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃរបស់ឯកឧត្តម តូ ឡឹម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និង​ផ្ញើ​នូវ​ការ​សាក​សួរសុខទុក្ខរបស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា ឯកឧត្ត ង្វៀន ហ្វូចុង, ឯកឧត្តម វ៉ូ វ៉ាន់ធឿង, ឯកឧត្តម ផាម មីងជីញ នៅក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បាន​ឯកភាព​អំពី​ការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែរឹងមាំ​ និង​រីក​ចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។ នៅ​ក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំង​នឹង​ប្រទេស​កម្ពុជានោះឡើយ៕

ប្រធានបក្សរុស្ស៊ីរួបរួម កោតសរសើរការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន

2024/01/23 04:27:44 pm        322
ប្រធានគណបក្សរុស្ស៊ីរួបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) បាន​ថ្លែង​កោត​សរសើរ​ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បាន​ប្រកាស​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​តែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។យោងតាមលទ្ធផល នៃកិច្ចសន្ទនាតាមរយៈវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​ លោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរូបរួម នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​នេះ មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យ​ក្មេង​ជំនាន់​ក្រោយ ​ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយ​បាន​អបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជា​ការ​ត្រៀម​រៀបចំ​អ្នក​បន្ត​វេន​ដ៏​សម​ស្រប​មួយ។នៅក្នុងកិច្ចសន្ទនានេះ លោក ឌីម៉េទ្រី បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់​សម្ដេច​តេជោ​ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែល​បាន​ជ្រើស​រើសអ្នកបន្តវេនជាយុវជន ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​យូរ​អង្វែង​ត​ទៅ​ទៀត​។នៅក្នុងកិច្ចសន្ទនានេះថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរបានពិភាក្សាជាច្រើន ដោយ​ក្នុង​នោះ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និង​បាន​សួរ​សុខ​ទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ចាំ​បាច់​នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ។ថ្នាក់​ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការ​គោរព​គ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈ​ចាំ​បាច់​ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅ​តា​​មពេលវេលាសមស្របទាំងទៅរស្ស៊ី និងមកកម្ពុជាផងដែរ។ជាមួយ​គ្នា​នេះភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ក្រប​ខណ្ឌ​វេទិកា​ទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅ​ក្នុង​ការ​រួប​រួម​គ្នា​ដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជា​ពិសេស​ពង្រឹង​ពហុ​ភាគី​និយម​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​តំបន់ និងនៅក្នុងពិភពលោក។ កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​និយម​ នឹងបង្កើតបរិយាកាសឲ្យបក្សទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅ​តាម​ភាព​ចាំបាច់ ស្របតាមច្បាប់ ដែលភាគីទាំងពីរ​បាន​គោរព​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​នោះ​។នៅ​ក្នុងកិច្ចសន្ទនាប្រមាណ២០នាទីនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកឌីម៉េទ្រី ម៉េដវេដេវក៏​បាន​មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺ​ជា​ចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បី​ធ្វើ​យ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយ​ជួយ​មើល​គ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់ដែលអាចធ្វើទៅបាន។បើ​តាម​ផេកហ្វេសបុកសម្តេច បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនា​នោះ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ ក៏បានយល់គ្នាផងដែរថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អទាំ​ងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែ​មាន​កិច្ច​សហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ី និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរព​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ជំនាន់ផងដែរ។ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅ​ក្នុងសហគមន៍(BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏​ជា​ចំណុច​ដែល​ភាគី​ទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្ដែងផងដែរ៕ អត្ថបទ៖ បាន ចក់

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា

2024/01/22 09:40:02 pm        431
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាស នៃដំណើរបំពេញទស្សនកិច្ចមក​ព្រះរាជាណាចក្រ​កម្ពុជា។ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​អនុញ្ញាត​ឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី​ដោយ​សង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជា​សំខាន់​ការកិច្ច​ការមនុស្សធម៌ ការចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​វិស័យ​សាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន​។ ក្នុងឱកាសនៃជំនួបនេះដែរ​ លោក Elder Dale G. Renlund ក៏បានគោរព​ជម្រាបជូន​សម្ដេចធិបតី​អំពី​គម្រោង​កសាង​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និង​លើក​​កម្ពស់សុខមាភាពប្រជាជនកម្ពជា​ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និង​លើ​ការ​បណ្ដុះ​បណ្ដាល​កសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម​សហគមន៍​ នៅតាមមូលដ្ឋានផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល​ដែលសម្រេចបាន​របស់ Church of Jesus Christ​ ក្នុងការគាំទ្រលើគម្រោងជាច្រើន​ ដែលបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតី​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ធានា​ឱ្យមា​នសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្ម​ខាង​សាសនា​នៅ​ក្នុង​សង្គម​កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេស​ដែល​ធ្លាប់បាន​ឆ្លង​កាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈ​បទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជា​រាជ​រដ្ឋាភិបាល នីតិកាល​ទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែល​ជា​មូល​ដ្ឋាន​ដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព​ និងស្ថិរភាពពេញលេញនៅកម្ពុជា៕

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

2024/01/22 08:51:03 pm        384
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សា​បាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និង​ជា​លេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការី​ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP។ ឆ្លៀតក្នុង​ឱកាស​នេះ​ដែរ​ លោកជំទាវបណ្ឌិត ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី​ដោយ​សង្ខេប​នូវ​វិស័យ​អាទិភាព​ចំនួន​ ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការ​ផ្ដល់​កិច្ច​គាំពារ​ដល់​ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារ​បរិស្ថាន​ដោយ​ផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្រប​សម្រួលនៅ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការ​តភ្ជាប់​នៃ​វិស័យ​ពាណិជ្ជ​កម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក នៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់​ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​រួម​ចំណែក​សម្រេច​នូវ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព (SDGs) ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា និងបាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះ​ការ​ចូល​រួម​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេច​ធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្ត​កិច្ច​សហ​ប្រតិបត្តិការ​របស់​អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាព​ប្រទាក់​ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់​កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាម​រយៈ​ការ​កសាង​ភាព​ធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បី​ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមវិធានការ​ទប់ស្កាត់​មហិច្ឆតា​របស់ជនក្បត់ជាតិ

2024/01/22 04:54:35 pm        439
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹក និងប្រាប់​ដល់កងទ័ព​នៃ​កងយោធពលខេមរភូមិន្ទទាំងអស់ គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង​ត្រៀមរាល់​វិធានការ​ទប់ស្កាត់​មហិច្ឆតារបស់ ជនក្បត់ជាតិ និងបញ្ហាសកលដូចការបញ្ហាអំពើរភេរវកម្មជាដើម។តាមរយៈសារលិខិតជូនពរ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើទោះជាបច្ចុប្បន្ន យើងកំពុងមានមោទនភាព​ ចំពោះស្នាដៃ និង​សមិទ្ធ​ផល​ជាច្រើន ដែលសម្រេចបានមកហើយ យ៉ាងណាក្តី ប៉ុន្តែយើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ជ្រួត​ជ្រាប​ថា ឆ្នាំ២០២៤នេះ បើទោះបីកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ​ដោយ​ប្រយោល​ពី​ស្ថានការណ៍​អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើរភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ នៅជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំ​នឹង​ការ​ផុយ​ស្រួយ​ដែល​បង្ក​ឡើង​ដោយ​ការ​វិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែកផ្នែកភូមិសាស្រ្ត នយោបាយ និង​សេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ ពណ៌ ព្រម​ទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ ជន​ក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់​ទាមទារ​ឲ្យ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែង កោតសរសើរ ដល់កងទ័ព ទាំង​អស់ ជាពិសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបាន​ធ្វើ​ពលិកម្ម​យ៉ាង​ធំ​ធេង ​ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​កំពុងប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើភេរវកម្ម និងព្រឹត្តិការណ៍​អន្តិសុខ​ផ្សេង​ៗ​ទៀតជាដើម។សម្តេចបានបន្ថែមទៀតថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោក សម្រេច បាន​នា​ពេលកន្លង​មកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមាន​ការ​ចូលរួម​ចំណែក​ពី​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប ក្នុងការបំពេញភារកិច្ច ប្រកប​ដោយ​ភាព​អង់​អាច​ក្លាហាន ​មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់​ស្ថាន​ភាព​នោះ​៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់​ចំពោះជីវភាពដល់កងទ័ព​ស្របតាមស្ថានភាព នៃសេដ្ឋកិច្ចជាតិ

2024/01/22 04:36:16 pm        325
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់កងទ័ពគ្រប់រូប ស្របតាម​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ជាតិ និងថ្លែងអំណរគុណចំពោះកងយោធពលខេរភូមិន្ទ ដែលជានិច្ចកាល​បាន​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ សាមគ្គីភាព និងសហការគ្នាបានយ៉ាងល្អ​ ក្នុងកិច្ចការពារនូវបូរណភាពទឹក អធិបតេយ្យភាព និងសន្តិសុខជូនជាតិ និង ប្រជាជនទាំងមូលនោះ។តាមរយៈសារលិខិតជូនពរ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារដោះស្រាយ ជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់សម្ភារៈ​ស្រប​តាម​ស្ថានភាព​នៃ​សេដ្ឋកិច្ចជាតិ ព្រមទាំងការ ផ្តល់នូវកិត្តិយស និងការគោរពដោយ​សេចក្តីថ្លៃថ្នូរ​ចំពោះ​កង​យោពលខេមរភូមិន្ទ ក្នុងនៃការតបស្នងដល់គំ រូវីរភាព និងគុណូបការៈ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​កង​យោធ​ពលខេមរភូមិន្ទនៃយើង»។តាមរយៈសារលិខិតជូនពរនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានផ្ញើនូវសេចក្តីនឹករលឹក និង សេចក្តីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះនាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់នៃកងទ័ពជើងគោក ហើយជាមួយគ្នានោះសម្តេចក៏បានថ្លែងកោតសរសើរ និង​លើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាល​តែងតែ​បាន​ខិត​ខំ​ព្យាយាម​ជម្នះ​ឧបសគ្គតូចធំ ប្រ កៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជា​មួយបណ្តាគ្រប់កងឯកភាពទូ ទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយ​ក៏​បានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និង​រួម​ចំណែក​ដល់​ដំណើរ​ការ​អភិវឌ្ឍជាតិនាពេលកន្លងមក ដែលពលិ កម្មយ៉ាងធំធេង ដើម្បីជាតិមាតុភូមិ និ​ង​ភាព​សុខសាន្ត​របស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំ នួនក្នុងពិភពលោក កំពុងប្រឈម និង​រងគ្រោះដោយសារសង្រ្គាម អំពើរភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខ​ផ្សេងៗ​ទៀត​ជា​ដើម​នោះ​។​នៅក្នុងសារលិខិតនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់គោល ដៅដ៏​សំខាន់ចំនួន២ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន សុខសន្តិភាព ស្ថេរភាពយូរអង្វែង និងការកសាង​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ចេរភាព​។ សុខសន្តិភាពស្ថិរភាពនយោបាយនិងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​មាន​ពេល​បច្ចុប្បន្ននេះ ជាពិសេស គឺយុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១ ដែល​រាជ​រដ្ឋាភិបាល អាណត្តិទី៧ បានដាក់ ចេញនេះក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និង​អភិវឌ្ឍ​សមត្ថភាពកងយោធពលខេមរភូមិន្ទ ផងដែរ។ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ចំពោះកងទ័ពជើងគោក នៃកង យោធពលខេមរភូមិន្ទ ក៏ដូចជា​គ្រប់​បណ្តា​កង​ឯកភាព​ទូទាំង​កង​យោធ​ពល​ខេមរភូមិន្ទ​ត្រូវ​តែ​បន្ត​ជំរុ​ញ​យកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និង​ធ្វើ​យ៉ាង​ណា​កសាង ពង្រឹងអង្គភាពឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជា​មូលដ្ឋាន​ដ៏​ចាំ​បាច់​ធានា​ឲ្យ​ការ​ដឹកនាំ​បញ្ជាការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំនោះ៕ អត្ថទប៖ បាន ចក់ 

កម្ពុជា-បារាំង បង្កើតសករាជថ្មីដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការទ្វេភាគី​ដែលមិនធ្លាប់មាន​ក្នុងរយៈពេល៣០ចុងក្រោយ

2024/01/21 01:17:35 am        629
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសបារាំង គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និង​បារាំង ដែលមិនធ្លាប់មាននោះឡើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្តនេះ គឺភាគី​ទាំង​ពីរ​បាន​ឯកភាព​រួមគ្នា​ជា​ច្រើន​ដើម្បី​ផល​ប្រយោជន៍​រួម​រវាង​ប្រជាជន និងប្រទេសទាំងពីរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និង​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា និង​បារាំង​នឹង​បើក​សករាជថ្មីមួយ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែមទៀត ទាំងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយជា​មួយ​គ្នា​នោះ​ប្រធានា​ធិបតីបារាំង ឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ក៏បានស្នើឲ្យកម្ពុជា​ចូល​រួម​នូវ​យុទ្ធនាការ​ជា​មួយ​ខ្លួន​ផងដែរក្នុងការទប់ស្កាត់ការកើនកម្តៅលើភពផែនដី និងការកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភព​លោក​ជាដើម។ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​នៅ​ក្នុង​កិច្ចជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ថ្នាក់​ដឹកនាំទាំងពីរ បានប្រកាសគោលជំហររួមគ្នាចំពោះមុខផងដែរទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ី ជំហរ​រួមគ្នានៅចំពោះមុខនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជំហររួម​គ្នាលើ​កិច្ច​សហប្រតបិត្តិការ​ជា​ច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ​(កម្ពុជា-បារាំង)​៕ អត្ថបទ៖ បាន ចក់

ជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

2024/01/21 12:22:35 am        440
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសស្ដពីភាពជោគជ័យ​ដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល

2024/01/20 11:11:15 pm        237
នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជ​ធានី​ភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹក​រលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបាន​កើត​ឡើងក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេស​ក្នុង​អាណត្តិទី៦ និង បន្តក្នុងអាណត្តិទី៧នេះ  គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងនូវជំងឺ​កូវីដ-១៩ បាន​យ៉ាង​ល្អ​ តាមរ​យៈ​ការបន្សាំ​សហគមន៍ដោយ​ប្រើអភិក្រម​ផ្ការីក​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​ចូល​ទៅស​ហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និងការធានាបាននូវកំណើនសេដ្ឋកិច្ចជាលំដាប់ លើសពីនេះ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការរាលដាលជំងឺ​កូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​សាច់​ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។ ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្ស បានផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះ​បង់​ក្នុ​ង​តម្លៃ​ណា​ក៏​ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សា​ស្ថិរភាព​នយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំ​អោយ​សមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្ត​អោយបាន​ល្អ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ​ក្នុង​អាណត្តិទី៧​នេះផងដែរ ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែល​កំពុង​មាន​តួនាទី​បំពេញ​ភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ យក​ចិត្ត​ទុក​ដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួម​មាន​សេវា​តម្រូវ​ការ​ចាំ​បាច់​ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមាន​ប្រសិទ្ធិ​ភាព​ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ << រោងចក្រ១ សហគមន៍សុខសាន១ >> ដែល​ជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ។ មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏​បាន​ថ្លែងអំណរគុណដល់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​របស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ និ​ង​អាណត្តិមុនៗ ព្រមទាំងជូនពរ សមាជិក សមាជិកា ទាំងអស់អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM