សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

រដ្ឋាភិបាល​ជប៉ុន​រំពឹងថា​ មនុស្ស​ ៤.៣០០​នាក់​នឹងចូលរួម​ពិធី​បុណ្យសព​រដ្ឋ​របស់​លោក​ Abe

2022/09/23 09:57:15 pm        610
​​ជប៉ុន​៖ រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា មនុស្ស​ប្រហែល ៤,៣០០​នាក់​មកពី​ក្នុង និង​ក្រៅ​ប្រទេស​ជប៉ុន​នឹង​ចូលរួម​ពិធី​បុណ្យ​សព​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Shinzo Abe នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​រដ្ឋមន្ត្រី​ខុទ្ទកាល័យលោក Matsuno Hirokazu បាន​និយាយ​ថា មនុស្ស​ប្រមាណ ៣,៦០០​នាក់​មកពី​ក្នុងប្រទេស និង​ប្រមាណ ៧០០​នាក់​ទៀត​មកពី​ក្រៅប្រទេស ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​នេះ​។ អ្នក​នៅក្នុង​ប្រទេស​រួមមាន​ប្រធានសភា​ជាន់​ទាប ​និង​សភា​ជាន់ខ្ពស់ ព្រមទាំង​សមាជិកសភា​បច្ចុប្បន្ន ​និង​អតីត​សមាជិកសភាជាង ៧០០នាក់ និង​អភិបាលខេត្ត​ចំនួន ៤៤​នាក់​។​​រដ្ឋាភិបាល​ក៏​រំពឹងថា​នឹងមាន​មនុស្ស​ជាង ១,០០០​នាក់​មកពី​ក្រុម​ពាណិជ្ជករ និង​មជ្ឈដ្ឋាន​ផ្សេងទៀត​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​បុណ្យសព​។ ទាក់ទង​នឹង​ការចូលរួម​មកពី​ក្រៅប្រទេស រដ្ឋាភិបាល​រំពឹងថា​នឹង​ទទួល​ថ្នាក់ដឹកនាំ​កំពូលៗ​ចំនួន ៣៥​រូប និង​គណៈប្រតិភូ​បរទេស​ចំនួន ២១៨​រូប​។​ លោក Matsuno បាន​និយាយថា រដ្ឋាភិបាល​ជប៉ុន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​ជាច្រើន ដែល​នឹងចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe៕អត្ថបទ៖ ប៊ុនថន

លោក Blinken និយាយថា ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ​ អ៊ុយ​ក្រែ​ន​នឹង​ចប់​

2022/09/23 09:30:33 pm        629
​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន និង​ពង្រឹង​សមត្ថភាព​ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ផ្នែក​ការទូត​ដោយ​យុត្តិធម៌​នៅ​តុ​ចរចា​។ លោក Blinken និយាយថា មនុស្ស​ម្នាក់​ជ្រើសរើស​សង្គ្រាម​នេះ មនុស្ស​ម្នាក់​នោះ​អាច​បញ្ចប់​វា​បាន ព្រោះ​ប្រសិន​បើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់​។ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ អ៊ុយ​ក្រែ​ន​នឹង​ចប់​។ លោក Blinken បាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ដោយ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃោរឃៅ​ផ្សេងទៀត​។​ លោក Blinken បាន​និយាយ​លម្អិត​អំពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់ ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ទាហាន​រុស្ស៊ី​ ដោយ​លោក​និយាយ​ថា​ បុរស​នោះ​ត្រូវ​បាន​គេ​វាយ​រហូតដល់​គាត់​លែង​ដឹង​អ្វី​ទាំងអស់​។​លោក Blinken បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក Biden ជឿថា ​ជា​ករណី​ដ៏​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​ដែល​សង្គ្រាម​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ដ៏​ធំ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​វិបត្តិ​សកលលោក​ជាច្រើន​ទៀត រួម​ទាំង​ទុរ្ភិក្ស​ដែល​អាច​កើតមាន និង​កង្វះ​ថាមពល ព្រមទាំង​ការ​រំខាន​ដល់​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​អន្តរជាតិ រួមមាន​បញ្ហា​សុខភាព ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ៕អត្ថបទ៖ ប៊ុនថន

ប្រធាន​អង្គការ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​ខ្វះ​ខាត​ស្បៀងអាហារ​ថា ​នរក​នៅ​លើ​ផែនដី

2022/09/23 09:14:52 pm        476
UN៖ ​លោក David Beley នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ជំងឺ​រាតត្បាត ការ​កើន​ឡើង​អតិផរណា និង​បម្រែ​បម្រួល​អាកាសធាតុ បណ្ដាល​ឲ្យ​ប្រជាជន​ជាង ៣០០​លាន​នាក់​កំពុង​រស់នៅក្នុង​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​។ ​ខណៈ​ជី​កាន់តែ​ពិបាក​ក្នុង​ការផលិត​ និង​នាំចេញ បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ និង​អាស៊ីពុំ​អាច​ប្រមូល​ផល​ក្នុង​បរិមាណ​ស្បៀងអាហារ​តាម​ធម្មតា​បាន​នោះទេ​។ លោក Beasley និយាយថា ​ពិភព​លោក​ផលិត​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​មនុស្ស​គ្នា​នៅលើ​ភពផែនដី​បាន​ជាង ៧,៧​ពាន់​លាន​នាក់​។ ៥០% នៃ​ស្បៀងអាហារ​នេះ​គឺ​ដោយសារ​តែមាន​ជី ដូច្នេះ​ប្រសិនបើ​អ្នក​ពុំមាន​ជី អ្នក​មិនអាច​ប្រមូល​ផល​ក្នុង​ទិន្នផល​ដែល​អ្នកត្រូវការ​នោះទេ​។​ ​បម្រែបម្រួល​អាកាសធាតុ​គឺជា​កត្តា​ផ្សំ​មួយ ​ដែល​រួមចំណែក​ដល់​គ្រោះរាំងស្ងួត​ និង​ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​ជាច្រើន​។យើង​កំពុង​មើលឃើញ​ការ​ការធ្លាក់ចុះ​ការផលិត​ស្បៀងអាហារ ​ដែលមាន​តម្លៃរ​ហូត​ដល់​ ១១​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​អាហ្វ្រិក​។ នៅ​ប្រទេស​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង​ក៏​ជួប​បញ្ហា​ដូចគ្នា​ចំពោះ​គ្រោះរាំងស្ងួត​។ ​ប្រទេស​ឥណ្ឌា​ក៏​រង​ការបំផ្លាញ​ដោយ​រលក​កម្តៅ ​និង​គ្រោះរាំងស្ងួត​។ លោក Beasley បាន​និយាយ​លើកឡើង​ដូច្នេះ នៅ​សួន​ច្បារផ្កា​កុលាប​នៅ​អង្គការសហប្រជាជាតិ​ ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក ​ក្នុងអំឡុង​មហាសន្និបាត​លើក​ទី៧៧៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៩​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​អ៊ីរ៉ង់

2022/09/23 07:13:09 pm        563
​អ៊ីរ៉ង់៖ យោង​តាម​សារព័ត៌មាន ​AP កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ និង​ក្រុម​បាតុករ​ពោរពេញ​ដោយ​កំហឹងជុំវិញ​ការ​ស្លាប់​ស្ត្រី​វ័យ​ ២២​ឆ្នាំ​ក្នុង​ការ​ឃុំខ្លួន​របស់​នគរបាល​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៩​នាក់​ស្លាប់​ចាប់​តាំងពី​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​កាលពី​ចុង​សប្ដាហ៍​មុន។ ​វិសាលភាព​នៃ​ភាព​រំជើបរំជួល​នៅតែ​បន្ត​របស់​អ៊ីរ៉ង់ ដែល​ជា​ហេតុការណ៍​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅតែ​មិនទាន់​ច្បាស់ ខណៈ​ក្រុម​អ្នក​តវ៉ា​ជាង​ ១០​ទីក្រុង​កំពុង​ផ្ទុះ​កំហឹង​ខ្លាំង​ដោយ​សារ​ការ​បង្ក្រាប​នៅ​លើ​បណ្ដាញ​សង្គម និង​វិបត្តិ​នានា​ដែល​ចេះតែ​កើន​ឡើង​ក្នុង​ប្រទេស​នេះ នៅតែ​បន្ត​ក្រោក​ប្រឆាំង​កងកម្លាំង​សន្តិសុខ និង​ប៉ា​រ៉ា​។ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​កុំ​ឲ្យ​រីក​ធំ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​បំផុត​របស់​អ៊ីរ៉ង់​បាន​បិទ​អ៊ីនធឺណិត​ចល័ត​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​នោះ Netblocks ដែល​ជា​ក្រុម​តាមដាន​បណ្ដាញ​អ៊ីនធឺណិត បាន​ហៅ​ការ​រឹតត្បិត​ទាំងនោះ​ថា​ ជា​ចំណាត់​ការ​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០១៩​។​ ​អ្នកអាន​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​តវ៉ា​ធំ​ៗ​អាច​កើន​ឡើង​ដល់​ ១៧នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិនបាន​និយាយ​ថា ​លោក​បាន​ដឹង​ដំណឹង​នេះ​តាម​មធ្យោបាយ​ណា៕អត្ថបទ៖ សុខមាន

ចិន​អំពាវនាវ​ឲ្យ​មាន​ការចរចា​សន្តិភាព​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/23 06:37:27 pm        526
​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្ដីពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow និង​ទីក្រុង Kiev គួរតែ​បន្ត​ការចរចា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ឬ​ផ្ដោត​លើ​លទ្ធផល​។​ ​ស្របតាម​គោលជំហរ​អព្យាក្រឹត ជាប់​លាប់ និង​ច្បាស់លាស់​របស់​ចិន​លើ​ជម្លោះ​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រី​រូប​នេះ​បាន​រំលឹក​ជាថ្មី​ថា អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ទាំងអស់​គួរតែ​ត្រូវបាន​គោរព ហើយ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​របស់​ភាគី​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​។​ លោក Wang បាន​និយាយ​ថា ច្រក​តែមួយគត់​ដែល​អាច​គេច​ចេញពី​ជម្លោះ​គឺ​តាមរយៈ​ការសន្ទនា​ និង​ការចរចា​។​លោក​និយាយ​ថា អាទិភាព​ចម្បង​សម្រាប់​ភាគី​ទាំងអស់​គឺត្រូវ​បន្ត​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុង​ជម្លោះ​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់។ លោក​បាន​បន្ថែម​ថា ចិន​ត្រូវ​បាន​ត្រៀមខ្លួន​គាំទ្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ ដែល​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង​ ៣០​នាក់​ស្លាប់​បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍​ក្រឡាប់​លិច​ជិត​ឆ្នេរសមុទ្រ​ប្រទេស​ស៊ី​រី

2022/09/23 06:16:04 pm        420
​ស៊ី​រី៖ យោង​តាម​រដ្ឋាភិបាល​ស៊ី​រី មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់បន្ទាប់ពី​ទូក​ដឹក​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួនមកពី​ប្រទេស​លី​បង់បាន​ក្រឡាប់​លិច​ជិត​ឆ្នេរសមុទ្រ​ប្រទេស​ស៊ី​រី។ ក្រសួង​សុខាភិបាល​ស៊ី​រីបាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ចំនួន​មនុស្ស​ស្លាប់​ត្រូវបាន​រកឃើញ​កើន​ឡើង​ដល់​ ៣៤​នាក់ ដោយ​បន្ថែម​ថា អ្នក​នៅ​មាន​ជីវិត ​២០​នាក់​កំពុង​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ Basel ក្នុង​ទីក្រុង Tartous របស់​ប្រទេស​ស៊ី​រី។ ​ត្រូវ​បាន​ស្រង់​សម្ដី​ពី​ក្រុម​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដោយ​ក្រសួង​ដឹកជញ្ជូន​ស៊ី​រី ទូក​នេះ​បាន​ចាក​ចេញពី​តំបន់ Minyeh ​ភាគ​លិច​ប្រទេស​លី​បង់​កាលពី​ថ្ងៃ​អង្គារដោយ​ដឹក​មនុស្ស​ចន្លោះ​ពី​ ១២០ ទៅ ​១៥០​នាក់។​ ​លោក Samer Qubrusli នាយក​កំពង់ផែ​បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​ស្វែងរក​កំពុង​ប្រព្រឹត្តិ​ទៅ​ក្នុង​ស្ថានភាព​លំបាក​ ដោយ​សារ​ទឹក​រលក​ធំៗ​ និង​ខ្យល់​ខ្លាំង​។ ​នេះ​គឺជា​ឧបទ្ទវហេតុ​មួយ​ក្នុង​ចំណោម​ឧបទ្ទវហេតុ​ធំៗ​បំផុត​ជាច្រើន ចាប់​តាំង​ការ​កើន​ឡើង​ខ្ពស់​នៃ​ចំនួន​ជនជាតិ​លី​បង់ ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន​បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​លី​បង់ ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​តាម​សមុទ្រ​ទៅ​កាន់​អឺរ៉ុប​។ ​ត្រឹមតែ​ប្រទេស​លី​បង់​មួយមាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ ហើយ​លុយ​ផោន​លី​បង់​បាន​ធ្លាក់​ថ្លៃ​ជាង ​៩០% ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់​គ្រួសារ​គ្មាន​លទ្ធភាព​ទិញ​ថាមពល ដោយសារតែ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​៕អត្ថបទ៖ សុខមាន

លោក Sergei Lavrov ការពារ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ពោរពេញ​ដោយ​កំហឹង​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/09/23 05:50:32 pm        511
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​លោក Sergei Lavrov បាន​ការពារ​សង្គ្រាម​របស់​ទីក្រុង Moscow ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​​កញ្ញា ខណៈ​ដែល​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ទីក្រុង Moscow ទល់នឹង​ការ​ដាក់​បញ្ចូល​តំបន់​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ ហើយ​បណ្ដា​រដ្ឋមន្ត្រីការបរទេស​លោក​ខាង​លិច​អំពាវនាវ​ឲ្យ​ទទួលខុសត្រូវ ​ចំពោះ​អំពើ​សាហាវ​ឃោរឃៅ​។​ ​លោក Lavrov គឺជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​ក្នុង​បន្ទប់​ក្រុមប្រឹក្សា​នេះ ដែល​ត្រូវ​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​ដែល​មាន ​១៥​ប្រទេសដែល​ត្រូវ​បាន​ចូល​ដោយ​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken និង​ប្រមុខ​ការទូត​ចិន​លោក Wang Yi។ លោក Lavrov ពុំបាន​ស្ដាប់​អ្នកណាម្នាក់​ឡើយ​។​ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​លើ​ទំនួល​ខុសត្រូវ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ថ្ងៃ​នេះ​ថា មាន​ក្រុម​អ្នក​ការទូត​រុស្ស៊ី​បាន​រត់​ភៀសខ្លួន​ភ្លាមៗ​ដូចជា​កងកម្លាំង​រុស្ស៊ី​ដែរ។​លោក Lavrov បាន​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​គំរាម​ដល់​សន្តិសុខ​រុស្ស៊ី និង​ជាន់​ឈ្លី​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​រុស្ស៊ី និង​អ្នក​និយាយ​ភាសា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​បន្ថែម​ថា ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការសម្រេចចិត្ត​ក្នុង​ការ​បើក​ប្រតិបត្តិការ​សឹក​ពិសេស​នេះ គឺជា​រឿង​ចាំបាច់​ជៀស​មិន​រួច​៕អត្ថបទ៖ សុខមាន

ក្រុម​ទាហាន​បម្រុង​រុស្ស៊ី​គេច​ចេញ​ពី​ប្រទេស ខណៈ​ក្រុង Moscow ចាប់ផ្ដើម​កែ​ណ្ឌ​ទ័ព​សម្រាប់​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

2022/09/23 05:39:09 pm        285
​រុស្ស៊ី៖ ទីក្រុង Moscow ចាប់ផ្ដើម​កោះ​ហៅ​ឲ្យ​ចូល​បម្រើកងទ័ព​ជា​ចាំបាច់​របស់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២​ កញ្ញា ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ក្រុម​អាជ្ញាធរ​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត ខណៈ​ដែល​បុរស​ជន​ជាតិ​រុស្ស៊ី​ជាច្រើនបាន​រត់​ចេញពី​ប្រ​ទស ​ដើម្បី​គេច​ចេញពី​ការ​បង្ខិតបង្ខំ​ឲ្យ​ចូល​ច្បាំង​។ ​រូបភាព​វីដេអូដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Vladimir Putin បាន​បញ្ជា​ឲ្យ​កែ​ណ្ឌ​កម្លាំង​បម្រុង​កាលពី​ថ្ងៃ​ពុធ ទំនងជា​បង្ហាញ​ពី​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស ​កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​កោះហៅ​ឲ្យ​ចូល​បម្រើកងទ័ព​។​ ការ​កោះ​ហៅ​នេះ​មាន​ឡើង ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​ទីក្រុង Moscow ត្រៀម​បោះឆ្នោត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ីក្នុង​ការ​ធ្វើ​ប្រជាមតិ ដែល​ត្រូវ​បាន​ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ហៅថា​ ជា​ការ​ដណ្ដើមយក​ទឹកដី​ដោយ​ខុសច្បាប់​។​​ទីក្រុង Moscow បាន​ឈាន​ដល់​ដំណាក់កាល​ទាំងនេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើម​យក​បាន​វិញ​ភាគច្រើន​នៃ​ភាគ​ឦសាន​តំបន់ Kharkiv ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​ចំណុច​ប្រែប្រួល​អាច​កើតឡើង​ក្នុង​សង្គ្រាម​រយៈពេល ​៧​ខែ​ដែល​នៅតែ​អូស​បន្លាយ​គ្មាន​សញ្ញា​បញ្ចប់​។ យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​យ៉ាងហោចណាស់ ១ម៉ឺន​នាក់​បាន​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ក្នុង​ពេល ​២៤​ម៉ោង​ចាប់​តាំង​ពី​ការ​ចេញ​បញ្ជា ប៉ុន្តែ​ក្រុម​បុរស​ៗ​ជាច្រើន​ក៏បាន​ប្រញាប់​ប្រញាល់​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ផង​ដែរ​ មុន​ពេល​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​បម្រើកងទ័ព​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

2022/09/23 03:03:54 pm        761
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖ ១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ ២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

2022/09/23 03:00:22 pm        491
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកឯកឧត្តមធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ឯកឧត្តមបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។ សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ ១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ ឯកឧត្តមក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ ឯកឧត្តមបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះផងដែរ ឯកឧត្តមក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានដាក់ពង្រាយនៅទីក្រុងតៃប៉ិ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ
08/06/2026 05:08 PM
មនុស្សយ៉ាងហោច៦នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលផ្ទះនៅភាគខាងជើងប្រទេសឥណ្ឌា
08/06/2026 05:08 PM
យោធាកូរ៉េខាងត្បូង បញ្ជាក់​ថា កូរ៉េខាងជើង បាញ់គ្រាប់រ៉ូកែតមិនស្គាល់ប្រភេទ​
08/06/2026 05:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបាញ់មីស៊ីលវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតនៅឈូងសមុទ្រ Aden
08/06/2026 05:08 PM
លោក Min Aung Hlaing៖ មីយ៉ាន់ម៉ាស្ថិតលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ
08/06/2026 05:08 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជា​ជំហានថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជា និងស្រីលង្កា
08/06/2026 05:08 PM
ក្រសួងអប់រំ ព្រមានបញ្ចប់ក្របខណ្ឌបុគ្គលដែលធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបមុនការប្រកាសលទ្ធផល
08/06/2026 05:08 PM
ជំនួយស្បៀងអាហាររបស់លោកជំទាវ សុខា គងពិសី គីម រិទ្ធី ត្រូវបានជូនដល់ដៃវីរកងទ័ពសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ
08/06/2026 05:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ «ACCSM មិនត្រឹមតែពង្រឹងកិច្ចសហការវិជ្ជាជីវៈប៉ុណ្ណោះទេ តែជាបេះដូង​នៃ​សាមគ្គីភាពរបស់សហគមន៍អាស៊ាន»
08/06/2026 05:08 PM
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យ​ជាក់​ស្តែង​នៅ​ដែន​ជម្រក​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុងខេត្តក្រចេះ
08/06/2026 05:08 PM