សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ

2025/09/09 03:56:18 am        227
នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ វត្តមានរបស់ ឯកឧត្តមប្រធានាធិបតីហ្វីលីពីននាពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន។ ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ក្នុងពិធីនេះដែរសម្ដេចតេជោក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង​ ក្នុងការរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះឯកឧត្តមប្រធា​នា​​ធិបតី និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្ដេចបានអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនដែលសម្រេចបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កម្ពុជាវាយតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅជាមួយហ្វីលីពីន។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ យើងពេញចិត្តចំពោះការរីកចម្រើននៃភាពជាដៃគូដ៏រឹងមាំ ដែលបានកសាងឡើងផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្ដេចបានបន្តថា ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅហ្វីលីពីនកាលពីខែកុម្ភៈកន្លងទៅនេះ និងជំនួបរបស់សម្តេចធិបតីជាមួយឯកឧត្តមប្រធានាធិបតីផ្ទាល់នាពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនាពេលនេះ ជាសក្ខីភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរ។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ គឺជាសសរស្តម្ភដ៏សំខាន់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរឹងមាំយូរអង្វែង និងមានភាពធន់ ហើយធ្វើឱ្យយើងយល់គ្នាកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។ នេះជាកំលាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការឱ្យរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោពិតជាមាន សេចក្តីរីករាយ ដែលបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ជាមួយ ឯកឧត្តម លើកិច្ចការដែលជាការយកចិត្តទុកដាក់រួមដូចជា ការបំពេញបន្ថែមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានា​ ការផ្លាស់ប្តូរគ្រប់កម្រិត និងគ្រប់វិស័យក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដល់កម្រិតថ្មីមួយទៀត។ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន និងមានប្រជាជន ជាស្នូល។ ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ។ ឯកឧត្តមប្រធានាធិបតី Marcos Jr. ក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ឯកឧត្តមបន្តថា ជំនួបដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងគណៈប្រតិភូយើងទាំងពីរ គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើការជាមួយដៃគូដែលមានទស្សនវិស័យដូចគ្នា ដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ឯកឧត្តម ជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានដឹកនាំដោយបំណងប្រាថ្នារួមរបស់យើង៖ ពោលគឺ ការការពារតំបន់របស់យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន។ គោលការណ៍ណែនាំទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅនៃចំណងការទូតរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពរបស់ប្រជាជនយើង និងចំពោះសន្តិសុខនិងវិបុលភាពនៃតំបន់របស់យើង។ ពិធីលៀងសាយភោជន៍នេះ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អសម្រាប់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ នេះបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលនឹងបន្តរីកចម្រើននាពេលអនាគត៕

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

2025/09/09 01:31:19 am        113
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។ ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និង សម្តេចបវរធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ ឯកឧត្តមប្រធានាធិបតីបានឯកភាពចំពោះការលើកឡើងរបស់សម្តេចបវរធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង។ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។ ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។ជាមួយគ្នានោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតីដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។បន្ទាប់ពីកិច្ចពិភាក្សាគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា, ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង ៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

មេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាមួយគ្នាលើវិស័យជាច្រើន

2025/09/08 11:39:03 pm        179
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីន នាឱកាសនេះ ព្រមទាំងទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសហ្វីលីពីនកាលពីដើមឆ្នាំ២០២៥កន្លងមក បានឆ្លុះបញ្ចាំងពីមិត្តភាពរឹងមាំ និងការប្តេជ្ញាចិត្តមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ហ្វីលីពីនឱ្យកាន់តែខ្ពស់ថែមទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមធ្វើសន្និសីទសារព័ត៌មានរួម ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា តាមរយៈជំនួបពិភាក្សារវាងសម្ដេច និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពី «សេវាអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ» រួមទាំងលិខិតប្តូរសារស្ដីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា វិស័យពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, កម្ពុជា-ហ្វីលីពីនបានពិភាក្សាអំពីគំនិតផ្តួចផ្តើម និងយន្តការជាក់ស្តែង ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន។ កម្ពុជាត្រៀមខ្លួនធ្វើជាដៃគូគួរឱ្យទុកចិត្ត ក្នុងការចូលរួមចំណែកដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន។ កម្ពុជាសូមអរគុណសហគមន៍ហ្វីលីពីននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេស ទាំងពីរ។ កម្ពុជាសូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម និងរីករាយចំពោះកំណើន នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ដោយឡែកការអភិវឌ្ឍសង្គម និងមូលធនមនុស្ស កម្ពុជា-ហ្វីលីពីន បានកំណត់អំពីកាលានុវត្តភាពនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សុខុមាលភាពរបស់ពលករ និងការថែទាំសុខភាព។ វិស័យទាំងនេះជួយធ្វើឱ្យប្រសើរឡើងដោយផ្ទាល់នូវគុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថាពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ យើងនឹងបន្តពង្រឹងកិច្ចសហការបន្ថែមទៀត តាមរយៈការកសាងសមត្ថភាពការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្ដូរនាយទាហាន។ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគី (JCBC) លើកទី៥ នៅឆ្នាំ២០២៦។ JCBC ជាយន្តការទ្វេភាគីសម្រាប់ការត្រួតពិនិត្យអំពីវឌ្ឍនភាព និងដាក់ចេញនូវទិសដៅបន្ត នៃភាពជាដៃគូរបស់យើង»។ក្នុងក្របខ័ណ្ឌតំបន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងទទួលតួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន។សម្រាប់ទិសដៅបន្ត លោកប្រធានាធិបតីហ្វីលីពីន ម៉ាកូស ជូនៀ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវកំណើន, សុខុមាលភាព និង វិបុលភាពរួម ជូនប្រជាជនកម្ពុជា និងហ្វីលីពីន។ ហើយសម្ដេច បានអរគុណ លោកប្រធានាធិបតី ម៉ាកូស ជូនៀ ដែលបានដឹកនាំគណៈប្រតិភូធុរជនហ្វីលីពីន មកចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិស័យឯកជននៃប្រទេសទាំងពីរ តភ្ជាប់គ្នា និងកសាងភាពជាដៃគូសម្រាប់កំណើន និងនវានុវត្តន៍៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតីហ្វីលីពីន

2025/09/08 05:50:54 pm        316
ភ្នំពេញ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ឯកឧត្តម ម៉ាកុស ជេអ និងជំទាវទី១ ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន

2025/09/08 05:40:50 pm        286
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

2025/09/08 05:34:27 pm        263
ភ្នំពេញ៖ ក្នុងឱកាស ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍បែបនេះ តាមរយៈសារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។ សម្ដេចបានថ្លែងថា ក្រសួងអប់រំ បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ ការសិក្សា មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្សរ៍ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សា ពេញមួយជីវិត។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បណ្តាញសាកលវិទ្យាល័យសាយប័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសាកលវិទ្យាល័យ សាលាឌីជីថល ថ្នាលអប់រំ សម្រាប់គាំទ្រដល់ការបង្រៀន និងរៀន និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយចំនួនសម្រាប់ការងារគ្រប់គ្រង។ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្ដេចនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និង ប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិង ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែផុលផុស និងមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្ដេចធិបតី អំពាវនាវ និងដាក់ចេញនូវអនុសាសន៍ចំនួន ៧ ចំណុចក្នុងឱកាស ទិវាអក្ខរកម្មអន្តរជាតិនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងនោះមាន៖ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បី ក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យាព្រមទាំងចូលរួម យ៉ាងសកម្មក្នុងសង្គមឌីជីថល។ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាពលើផ្នែកឌីជីថល សម្រាប់ប្រជាជន កម្ពុជាគ្រប់វ័យ ក្នុងគោលបំណងជួយដល់ពួកគាត់ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ ឌីជីថល សម្រាប់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មានពិការភាព ឬជនមានតម្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមធម៌និងបរិយាបន្ន។ទី៤- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើក ថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយនូវការប្រើប្រាស់បច្ចេកវិទ្យា គួបផ្សំជាមួយនឹងការបណ្តុះបណ្តាលមុខជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍របស់ពួកគាត់ ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។ទី៥- វត្តអារាម និងវិហារសាសនា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិតសាសនា ចូលរួមជំរុញ និងលើកកម្ពស់កម្មវិធី អក្ខរកម្មវិជ្ជាជីវៈ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការផ្សព្វផ្សាយអប់រំ អំពីសារប្រយោជន៍នៃការប្រើប្រាស់ឌីជីថល ដែលបម្រើដល់ការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងលើកកម្ពស់ការរស់នៅជាពលរដ្ឋឌីជីថលក្នុងសង្គម។ទី៦- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មាន តាមអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែកព័ត៌មានប្រកបដោយក្រមសីលធម៌ និង សុក្រឹតភាព។ទី៧- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាននិងចែករំលែកបទពិសោធ ក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ជាថ្មីម្តងទៀត សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការងារអក្ខរកម្មនាពេលកន្លងមក និង សូមបន្តជួយឧបត្ថម្ភគាំទ្រផ្តល់កិច្ចសហការល្អបន្តទៀត ដើម្បីបុព្វហេតុអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលមូលធនមនុស្ស និងការអភិវឌ្ឍសង្គមពុទ្ធិនៅកម្ពុជា៕

សម្ដេចធិបតី សរសើរហ្វេសប៊ុកផេកឈ្មោះ "មេទ័ព លីពូ" សរសេរបកស្រាយសាបៗតែងាយយល់ និងមុតស្រួចពាក់ព័ន្ធនឹងរឿងកងទ័ពជួរមុខ

2025/09/06 09:24:00 pm        408
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែកញ្ញានេះ បានសរសើរហ្វេសប៊ុកផេកឈ្មោះ "មេទ័ព លីពូ" ដែលបាបសរសេរបកស្រាយ បែបសាបៗ តែងាយយល់ និងមុតស្រួច ពាក់ព័ន្ធនឹងរឿងកងទ័ពជួរមុខ។សម្ដេចធិបតី បានសរសេរថា ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ "មេទ័ព លីពូ" ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។ សម្ដេចធិបតីបានថ្លែងថា អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។ សម្ដេចធិបតីបានបន្តថា ថ្ងៃនេះសូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍ ៕

សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ

2025/09/05 07:28:33 pm        1011
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាន បញ្ជាក់ទៅ លោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាថា កម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលត្រលប់ប្រក្រតីភាពឡើងវិញ។សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ នៅវិមានព្រឹទ្ធសភា។ក្នុងឱកាសនោះសម្ដេចតេជោបានពន្យល់ទៅកាន់លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទាក់ទងទៅនឹងសារបាននៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលកើតមានកន្លងមក ក៏ដូចជាស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃនៅក្រោយបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលទទួលបានកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ សម្ដេចតេជោបាននិយាយដោយចំៗនៅចំពោះមុខលោកជំទាវភារធារីស្ដីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ គឺមិនអាចមានបានឡើងប្រសិនបើឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ មិនបានចូលរួមចំណែកឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ។ សម្ដេចតេជោបន្តថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ គឺមានសារៈសំខាន់ណាស់ដែលអាចឱ្យភាគីទាំងពីរឈានទៅរកបទឈប់បាញ់ជាមួយគ្នា។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការអរគុណយ៉ាងក្រៃលែងការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលរបស់ឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការបរទេសអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងាករតាមដាន ក៏ដូចជាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយបទឈប់បាញ់ដែលបានកើតមានឡើងតាមរយៈគំនិតផ្គួចផ្ដើមរបស់ឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសជួយកុំឱ្យមានទាហាន និងពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធរវាងភាគីទាំងពីរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសពីភាគីថៃ ដែលចំណុចសម្ដេចតេជោ បារម្ភ និងចង់ឱ្យសហរដ្ឋអាមេរិកបន្តតួនាទី តាមដាន និងយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើងនេះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់បានពេញលេញ។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកជំទាវថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានានូវការគោរពនូវបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ សម្ដេចតេជោបញ្ជាក់ថា ជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពនៃបញ្ហាជម្លោះព្រំដែន កម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រលប់ប្រក្រតីភាពឡើងវិញដូចកាលពីពេលមុនមានវិវាទជាមួយគ្នា។ ក្នុងឱកាសនោះ លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានអរគុណចំពោះការពន្យល់យ៉ាងក្បោះក្បាយ របស់សម្ដេចតេជោ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការទេសអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តក៏ដូចជាបញ្ហាប្រឈមចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះខ្លាំងណាស់ដោយលោកទាំងពីរបានបន្តកិច្ចការងារតាមដានដោយកៀកបំផុតលើបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ហើយជាជំហររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង លោកជំទាវបានបញ្ជាក់ថា អាមេរិកចង់ឃើញនូវការវិវត្តនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃវិលទៅរកប្រក្រតីភាព និងល្អប្រសើរ គឺសហរដ្ឋអាមេរិកចង់ឃើញសន្ដិភាព កើតមានឡើងរវាងកម្ពុជា និងថៃ។ ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា គឺចង់ឱ្យមានអ្នកសង្កេតការណ៍បន្ថែមទៀតដើម្បីយកចិត្តទុកដាក់ទៅលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។ជាការឆ្លើយតបលោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានបញ្ជាក់បន្ថែមថា ជំហររបស់អាមេរិក គឺចង់ភាគីទាំងពីរបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ានដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅ។ លោកជំទាវបន្ថែមថា លោកជំទាវនឹងជំរុញដើម្បីធ្វើយ៉ាងណាឱ្យអ្នកសង្កេតការណ៍អាស៊ានចេញជារូបរាងឡើងតាមការឯកភាពគ្នារបស់ភាគីទាំងពីរ។ សម្ដេចតេជោ ក៏បានអរគុណដល់សហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋភៀសសឹក ដោយសម្ដេចតេជោបង្ហាញនូវការអរគុណចំពោះកាយវិការមនុស្សធម៌របស់សហរដ្ឋអាមេរិក៕

អាមេរិកបន្តយកចិត្តទុកដាក់បំផុតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញ​ឱ្យមាន​អ្នក​សង្កេត​ការណ៍​អាស៊ាន

2025/09/05 07:21:33 pm        598
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​ជំទា​​វ​ស្រី ​ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និង​សហការី​សាជា​ថ្មី ​ហើយសម្ដេចត្រៀមក្នុងការជជែកជាមួយលោកជំទាវអំពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និង​​សហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយនៃបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃ ដែល​សហរដ្ឋ​អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃនា​ពេល​ប​ច្ចុប្បន្ន​។ក្នុងឱកាសនោះលោកជំទាវ ភារធារីស្ដីទីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារនៅថ្ងៃនេះជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ដែល​លោក​ជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និង​សហ​រដ្ឋ​អាមេរិក​មាន​ភាពល្អប្រសើរ ហើយនាពេលនេះ​ស្ថាន​ទូត​អាមេរិក​កំពុង​ប្រារ​ព្ធនូវ​ការ​អបអរ​សាទរ​ខួប​៧​៥​ឆ្នាំនៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកជំទាវបន្តថា លោកជំទាវ​នឹង​ជជែក​បន្ថែម​ជាមួយសម្ដេចអំពីបញ្ហាចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែល​លោក​ប្រធានាធិបតី អាមេរិក ដូណាល់ ជេ ត្រឹម បានយកចិត្តទុកដាក់លើបញ្ហានេះ។ ក្នុង​ឱកាសនោះសម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក​ប្រចាំ​កម្ពុជា​ ទាក់ទងទៅនឹងសារបាននៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលកើតមានកន្លងមក ក៏ដូច​ជា​ស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃ​នៅ​ក្រោយ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ ដែលទទួលបានកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​កន្លង​ទៅ​។ សម្ដេចតេជោបាននិយាយដោយចំៗនៅចំពោះមុខលោកជំទាវភារធារីស្ដីទីថា បទ​ឈប់​បាញ់​ដែល​កម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ គឺមិន​អាច​មាន​បាន​ឡើង​ប្រសិនបើឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ មិនបានចូលរួមចំណែក​ឬ​ចាត់​វិធានការ​ជួយ​ដោះ​ស្រាយឱ្យបានទាន់ពេលវេលានោះទេ។ សម្ដេចតេជោបន្តថា វត្តមានរបស់ឯកឧត្តម​ប្រធា​នាធិ​បតី ដូណាល់ត្រាំ គឺមានសារៈ​សំខាន់​ណាស់​ដែល​អាច​ឱ្យ​ភាគី​ទាំង​ពីរ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ជាមួយគ្នា។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការអរគុណ​យ៉ាងក្រៃលែង​ការ​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​របស់រដ្ឋបាលរបស់ឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការបរទេសអាមេរិក ដែល​បាន​យក​ចិត្ត​ទុកដាក់ក្នុងាករតាមដាន ក៏ដូចជាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើ​យ​បទឈប់បាញ់ដែលបានកើតមានឡើងតាមរយៈគំនិតផ្គួចផ្ដើមរបស់ឯកឧត្តម ដូណាល់ត្រាំ គឺ​បាន​ជួយ​ដល់ប្រទេសទាំងសងខាង ជាពិសេសជួយកុំឱ្យមានទាហាន និងពលរដ្ឋ​ស្លាប់​ក្នុង​ការ​ផ្ទុះ​អាវុធ​រវាង​ភាគីទាំងពីរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសពីភាគីថៃ ដែលចំណុចសម្ដេចតេជោ បារម្ភ និង​ចង់​ឱ្យសហរដ្ឋអាមេរិកបន្តតួនាទី តាមដាន និងយកចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​នេះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់បានពេញលេញ។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកជំទាវថា កម្ពុជាបានអត់​ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​នូវ​ការ​គោរព​នូវបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ សម្ដេច​តេជោបញ្ជាក់ថា ជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពនៃបញ្ហាជម្លោះព្រំដែន កម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់​ប្រក្រតីភា​ព​ឡើង​វិញ​ដូច​កាល​ពី​ពេល​មុ​ន​មាន​វិវាទ​ជាមួយគ្នា។ ក្នុងឱកាសនោះ លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានអរគុណចំពោះកា​រព​ន្យល់​យ៉ាង​ក្បោះ​ក្បាយ របស់សម្ដេចតេជោ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់​ថា ​សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការទេសអាមេរិក គឺបាន​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ចំពោះ​ដំណើរកា​រ​វិវត្ត​ក៏​ដូច​ជា​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃនេះខ្លាំងណាស់ដោយលោកទាំងពីរ​បានបន្ត​កិច្ច​ការងារ​តាម​ដាន​ដោយ​កៀក​បំផុត​លើ​បញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ហើយជាជំហររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង លោក​ជំទាវបានបញ្ជាក់ថា អាមេរិកចង់ឃើញនូវការវិវត្តនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ​វិលទៅ​រកប្រក្រតីភាព និងល្អប្រសើរ គឺសហរដ្ឋអាមេរិកចង់ឃើញសន្ដិភាព កើតមាន​ឡើង​រវាង​កម្ពុជា និងថៃ។ ក្នុងឱកាស​នោះសម្ដេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា គឺចង់ឱ្យមានអ្នកសង្កេត​ការណ៍​បន្ថែម​ទៀតដើម្បីយកចិត្តទុកដាក់ទៅលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។ជាការឆ្លើយតបលោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានបញ្ជាក់បន្ថែមថា ជំហរ​របស់​អាមេរិក គឺចង់ភាគីទាំង​ពីរ​បង្កើត​ឱ្យមា​ន​អ្នក​សង្កេត​ការណ៍​អាស៊ាន​ដូច​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នាពេលកន្លងទៅ។ លោកជំទាវបន្ថែមថា លោកជំទាវនឹ​ង​ជំរុ​ញ​ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​អ្នក​សង្កេតការណ៍អាស៊ានចេញជារូបរាងឡើងតាមការឯកភាពគ្នារបស់ភាគីទាំងពីរ។ ក្នុង​ឱកាសនោះ សម្ដេចតេជោ ក៏បាន​អរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាពលរដ្ឋភៀសសឹក ដោយសម្ដេចតេជោបង្ហា​​ញនូ​វ​ការ​អរគុណ​ចំពោះកាយ​វិការ​មនុស្ស​ធម៌​របស់សហរដ្ឋអាមេរិក៕

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា៖នាយករដ្ឋមន្ត្រីវៀតណាមប្ដេជ្ញាចិត្តចូលរួមធ្វើការជាមួយម៉ាឡេស៊ីជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

2025/09/03 01:16:00 am        325
ភ្នំពេញ ៖ ក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃព្រះរាជានាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅប្រទេសវៀតណាម, ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្ដេជ្ញាចិត្តចូលរួមធ្វើការជាមួយឯកឧត្តម អ៊ីនវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃអាចអនុវត្តទៅដោយប្រសិទ្ធភាព និងពេញលេញ។  ​នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីសម្ដេចតេជោ ហ៊ុន សែន និវត្តមកដល់កម្ពុជាវិញបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ បាថ្លែងថាក្នុងឱកាសជំនួបជាមួយមេដឹកនាំកំពូលប្រទេសវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេលពីរនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់មេដឹកនាំកំពូលវៀតណាម អំពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ហើយកម្ពុជាប្រកាន់ជំហរចង់បានអ្នកសង្កេតការណ៍កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីធ្វើយ៉ាងណាឱ្យមានការអនុវត្តបានពេញលេញ និងមានប្រសិទ្ធភាព ធ្វើឱ្យព្រំដែនកម្ពុជា និងថៃអាចវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ លើកទី៣ហើយក្នុងឆ្នាំ២០២៥ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម, ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាងនៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM