គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​៣​គ្រាប់ ខណៈ​បញ្ជាក់​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ COVID-19

2022/05/13 06:32:40 pm        1108
​កូរ៉េខាងជើង​៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ៣​គ្រាប់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ការ​សាកល្បង​ជា​បន្តបន្ទាប់​ចុងក្រោយ​បំផុត​នៃ​ការ​សំញែង​អាវុធ​នៅ​ឆ្នាំនេះ ដែល​បាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​លើកដំបូង​នៃ​វីរុស​កូ​រ៉ូ​ណា​ ចាប់តាំងពីជំងឺ​រាតត្បាត​សកល​នេះ​បាន​ផ្ទុះឡើង​។ ​ការ​បាញ់​នេះ​អាច​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ ដើម្បី​បន្ត​ដាក់​សម្ពាធជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​ពង្រីក​ឃ្លាំង​អាវុធ​របស់ខ្លួន បើទោះបីជា​មានការ​ផ្ទុះឡើង​នៃ​វីរុស​ ដើម្បី​ប្រមូលផ្តុំ​ការគាំទ្រ​នៅ​ពីក្រោយ​មេដឹកនាំ Kim Jong Un និង​រក្សា​សម្ពាធ​លើ​គូប្រជែង​របស់ខ្លួន​ ស្រប​ពេល​មាន​ការទូត​នុយក្លេអ៊ែរ​បាន​ស្ងប់ស្ងាត់​ជា​យូរ​មក​ហើយ​។ ​កូរ៉េខាងជើង​បាន​និយាយ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ស្រប​ពេល​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​គ្រុនក្ដៅ មួយថ្ងៃ​បន្ទាប់ពី​ទទួល​ស្គាល់​ថា​មានការ​ផ្ទុះ​រាលដាល​នៃ​វីរុស COVID-19។​​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ចំនួន ១៨៧,០០០​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​និង​ព្យាបាល​អាការៈ​ក្ដៅខ្លួន​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង​បាន​និយាយ​ថា ជំងឺ​គ្រុនក្ដៅ​ដែល​មិនទាន់​អាច​កំណត់​ពី​មូលហេតុ​ដឹង​នៅឡើយ បាន​ឆ្លង​រាលដាល​ទូទាំង​ប្រទេស​ចាប់ពី​ចុងខែ​មេសា​មក​។ ​ប្រភព​ដដែល​នេះ​បាន​បង្ហាញ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រភេទ BA.2៕អត្ថបទ៖ សុខមាន

ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក Putin ប្រាប់​សម្ព័ន្ធ​ណា​តូ​ឲ្យ​ដកខ្លួន បើ​មិន​ចង់​ជួបប្រទះ​សង្គ្រាម​នុយក្លេអ៊ែរ​ពេញបន្ទុក​

2022/05/13 06:05:42 pm        3503
​រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី និង​ជាទី​ប្រឹក្សា​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​ព្រមាន​អំពី "​សង្គ្រាម​នុយក្លេអ៊ែរ​ពេញបន្ទុក​" ប្រសិនបើ​សម្ព័ន្ធ​ណា​តូប​ន្តសម្រុក​បញ្ជូន​អាវុធ​ចូល​អ៊ុយ​ក្រែ​ន​។ ​លោក Dmitry Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​បាន​គំរាម​ភ្លាមៗ ​បន្ទាប់ពី​ហ្វាំ​ង​ឡង់​បាន​បោះជំហាន​មួយទៀត​ខិត​ទៅ​កាន់តែ​ជិត ​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​លោកខាងលិច​។ អតីត​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សារ Telegram ថា “​បណ្តា​ប្រទេស​ជា​សមាជិក​ណា​តូ​ដែល​សម្រុក​ដឹក​អាវុធ​ចូល​អ៊ុយ​ក្រែ​ន ការបណ្ដុះបណ្ដាល​កងទ័ព​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​របស់លោក​ខាងលិច ការបញ្ជូន​ទាហាន​ស៊ីឈ្នួល និង​សមយុទ្ធ​នៃ​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​ជិត​ព្រំដែន​របស់​យើង បង្កើន​លទ្ធភាព​នៃ​ជម្លោះ​ដោយផ្ទាល់ និង​បើកចំហ​រវាង​ណា​តូ និងប្រទេសរុស្ស៊ី​។​ លោក Medvedev បាន​បន្ថែមថា ជម្លោះ​បែបនេះ​តែងតែមាន​ហានិភ័យ​នៃ​ការ​ប្រែ​ក្លាយទៅជា​សង្គ្រាម​នុយក្លេអ៊ែ​រ​ពេញបន្ទុក​។ ភាព​តានតឹង​នេះ​នឹង​ជា​សេណា​រី​យ៉ូ​ដ៏​មហន្តរាយ​សម្រាប់​មនុស្ស​គ្រប់គ្នា​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​ចាត់វិធានការ​សងសឹក​តាម​ដំណាក់កាល បើ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​ណា​តូ

2022/05/13 05:37:49 pm        1704
​រុស្ស៊ី៖ រុស្ស៊ី​បាន​រិះគន់​ផែនការ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ ក្នុង​ការ​ចូល​ជា​សមាជិកភាព​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ដោយ​អះអាង​ថា ​ខ្លួន​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាត់វិធានការ​សងសឹក ប្រសិនបើ​ប្រទេស​អព្យាក្រឹត្យ​ជា​យូរ​មកហើយ​មួយ​នេះ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​។ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ជាមួយ​សម្ព័ន្ធ​ណា​តូ​ គឺជា​ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស​ក្នុង​គោល​នយោបាយ​ការបរទេស​ របស់​ប្រទេស​នេះ​។​ រុស្ស៊ី​នឹងត្រូវ​បង្ខំ​ចាត់វិធានការ​សងសឹក​ជា​ដំណាក់កាល​ ទាំង​បច្ចេកទេស​យោធា ​និង​សកម្មភាព​ផ្សេងទៀត​ ដើម្បី​បញ្ឈប់​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​ដែល​ចេះតែ​កើនឡើង​។ សេចក្ដីថ្លែងការណ៍​នេះ​មាន​ឡើង​ភ្លាមៗបន្ទាប់ពី​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinisto និង​លោកស្រី​នាយករដ្ឋមន្ត្រី Sanna Marin បាន​និយាយថា ប្រទេស​នេះមិនគួរ​ពន្យារពេល​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ចូល​ ជា​សមាជិក​របស់​សម្ព័ន្ធ​ណា​តូទៀតឡើយ​។ ​ចំណែក​សេត​វិមាន​វិញនិយាយថា ក្រុង ​Washington នឹង​គាំទ្រ​រាល់​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​ចង់​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ​វិមាន​ក្រឹម​ឡាំងពុំបាន​បញ្ជាក់​ច្បាស់​ទេ​ថា ​វិធានការ​ជាក់លាក់​អ្វីដែល​ខ្លួន​កំពុង​ពិចារណា ទោះជា​ក្រុមមន្ត្រី​ធ្លាប់​លើកឡើងថា ​ក្រុង Moscow នឹងពង្រឹង​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក រួមទាំង​ត្រៀម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​។ ប្រទេស​ហ្វាំ​ង​ឡង់ដែល​កំណត់ព្រំដែន​ប្រវែង ១,៣៤០គីឡូម៉ែត្រ​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី មិន​ព្រម​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​ជា​យូរ​មកហើយ ហើយ​បាន​រក្សា​ជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ​យោធា​របស់ខ្លួន​ចាប់តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ ប៉ុន្តែក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយ​ក្រែ​នកាលពីខែកុម្ភៈ ការគាំទ្រសម្រាប់សមាជិកភាពណា​តូក្នុងប្រទេសហ្វាំ​ង​ឡង់ ក៏ដូចជានៅស៊ុយអែតបានកើនឡើងយ៉ាងខ្លាំង​៕អត្ថបទ៖ សុខមាន

ក្រសួងការបរទេសកម្ពុជា-អាមេរិក ឯកភាពរក្សាឱ្យមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ

2022/05/13 05:11:43 pm        699
ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេស នៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមាន ទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្ម​ គឺជាគំរូដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្ត្រីដ៏ច្រើនលើសលុប នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។  វិស័យសំខាន់ៗផ្សេងទៀតរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩, ការស្វែងរក អដ្ឋិធាតុទាហានអាមេរិក, ការប្រឆាំងភេរវកម្ម, ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ , ប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម ។លោកជំទាវអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការសហប្រជាជាតិ។ លោកជំទាវ បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធាន អាស៊ាន របស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ លោកជំទាវ ក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាព លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក  កម្ពុជាតែងតែ ប្រកាន់យកនូវវិធីសាស្រ្តប្រកប ដោយសង្គតិភាព ក្នុងការ ការពារសន្តិភាព  និង គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។ចំពោះ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាង សាជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបាន ធ្វើឡើង ក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសា រ គឺជាកាយវិការ ដែល មិនធ្លាប់មានសម្រាប់ ប្រទេសនានា បើពិនិត្យ មើល ពី ទិដ្ឋភាព ក្នុង វិស័យយោធា។អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិប-តេយ្យ នៅកម្ពុជាមាន ភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំ ការ បោះឆ្នោតយ៉ាង ទៀងទាត់ចាប់ តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មាន ភាព សេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេច នៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹង ផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មាន ក្នុងទម្រង់ បោះពុម្ព និងឌីជីថល មានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមាន សហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាព ជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាង ណា ក៏ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើក ឡើង ថា សិទ្ធិ និង សេរីភាព មិន មែនជាការគេចវេសពី កាតព្វកិច្ច គោរព ច្បាប់ នោះ ទេ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិត ពិសេសស្តីពី បញ្ហា មីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី  និង លោក អតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញ វឌ្ឍនភាពនៃ អាទិភាពក្នុង ការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន ។ កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរ មួយជំហានម្តងៗ និងការ ផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការ កសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕

ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​ UN និយាយ​ថា ជនភៀសខ្លួន​ជាង​ ៦លាន​នាក់​បាន​រត់​ចេញពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/05/13 04:54:57 pm        652
​​អ៊ុយ​ក្រែ​ន៖ យោង​តាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​ របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​ជាង​ ៦​លាន​នាក់​បាន​រត់គេច​ចេញពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន គិត​ចាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​សរុប​ចំនួន ៦​,០២៩,៧០៥នាក់​បាន​រត់គេច​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃ​ទី​១១ ​ខែឧសភា​សប្ដាហ៍​នេះ​។ ​យោងតាម​គេហទំព័រ​របស់​ទីភ្នាក់ងារ​ទទួលបន្ទុក​ជន​ភៀសខ្លួន​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន មុន​ពេល​បន្តដំណើរ​ទៅមុខ ខណៈ​ប្រទេស​ប៉ូឡូញ​កំពុង​ទទួល​ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ច្រើន​ជាង​គេ​បំផុត​។​​ស្ត្រី និង​កុមារ​មាន​ប្រមាណ ​90% នៃ​ជនភៀសខ្លួន​ទាំងអស់ដោយសារ​បុរស​អ៊ុយ​ក្រែ​ន​មាន​អាយុ​ចន្លោះ​ពី ១៨​ ​ដល់ ៦០​​ឆ្នាំ​មិន​អាច​ឲ្យ​ចាក​ចេញពី​ប្រទេស​បាន ព្រោះតែ​ត្រូវ​ចូល​បម្រើកងទ័ព​។ ​នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​មីនា ជន​ជាតិ​អ៊ុយ​ក្រែ​ន​ជិត ៣​.៤លាន​នាក់​បាន​រត់​ចេញពី​ប្រទេស​នេះ។ ទិន្ន​ន័យ​នោះ​បាន​ធ្លាក់​ចុះ​ប្រមាណ ១​.៥លាន​នាក់​កាល​ពី​ខែ​មេសា​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតីអាមេរិក និងឥស្សរជនជាន់ខ្ពស់អាស៊ាន-អាមេរិក សុទ្ធតែសម្តែងសមាណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/13 04:39:21 pm        1047
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម Facebookផ្លូវការសម្តេចនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា ប្រធានាធិបតីអាមេរិក ចូ បៃដិន និងឥស្សរជនជាន់ខ្ពស់អន្តរជាតិអាស៊ាន-អាមេរិក បានសម្តែងសមាណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។យោងតាមខ្លឹមសារទាំងស្រុងសម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា៖ បងប្រុសបន្ទាប់ពីបងចែកឋានដោយមិនបានលា ឬផ្តាំផ្ញើប្រពន្ធកូន ចៅ និងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រ​ និងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ព្រះសង្ឃ និងប្រជាជន ក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។ពេលប្អូនមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក អ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ លើសពីនេះ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហអាមេរិកចូ បៃដិន(Joe Biden)តែម្តង ដែលនិយាយមកកាន់ខ្ញុំថា (សូមចូលរួមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។នេះជាពាក្សដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីឥណ្ឌូនេសុីអានសុន្ទរកថា ក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោពេញដោយមនោសញ្ចេតនា គួរឱ្យគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធ និងបងប្អូនដែរ ។ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ សូមវិញាណក្ខន្ធបងប្រុសទៅឱ្យបានស្ងប់ចុះ៕

សម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំប្រទេសអាស៊ាន ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីលោក Joh Biden

2022/05/13 03:10:54 pm        1646
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រួមនឹងប្រមុខដឹកនាំអាស៊ាន ទាំងអស់ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក ប្រធានាធិបតីសហរដ្ឋអាមេរិក Joh Biden នៅសេតវិមាន(White House) នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១២ ឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុនទំនាក់ទំនងសាធារណៈអាមេរិក សន្យាជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា

2022/05/13 03:07:01 pm        748
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុន ទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។ នៅក្នុងជំនួបនេះ ប្រធានក្រុមហ៊ុនទំនាក់ទំនងរបស់អាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ ភាពរីកចម្រើននេះ ក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ។ លោកបានលើកឡើងថា កម្ពុជា គួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត នូវការរីកចម្រើនរបស់កម្ពុជា។ លោកក៏ចង់ឃើញកម្ពុជា បង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ លោក មីសែល ភីទ្រុសហ្សិលឡូ ថា កម្ពុជានាពេលបច្ចុប្បន្ន មានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍។ សម្តេចតេជោ បានបញ្ជាក់ថា ជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចតេជោ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា។ ពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកនាំពាក្យវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាកពីសភាពពិតនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជាទៅកាន់ពិភពលោក។ពាក់ព័ន្ធការផ្សព្វផ្សាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។តបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ លោក មីសែល ភីទ្រុសហ្សិលឡូ បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា។លោក បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមការងារលោកនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជាពិតជាមានសន្តិភាព ហើយមានការរីកចម្រើន។ ចំណុចល្អទាំងនេះ ចាំបាច់ត្រូវឱ្យពិភពលោកបានដឹង។ក្នុងជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក មីសែល ភីទ្រុសហ្សិលឡូ ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ពាក់ព័ន្ធដំណើរការប្រជាធិបតេយ្យ និងការងារបោះឆ្នោតនៅកម្ពុជា, គោលជំហរពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដូចជាជំហរក្នុងការធ្វើជាប្រធានអាស៊ាន និងការប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់

2022/05/13 02:56:31 pm        662
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ។ នៅក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោកបានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នៅស្ថាប័នសភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។ លោក ស្កុត បានឲ្យដឹងទៀតថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចជាកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលជំហរនយោបាយការបរទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។ សម្តេចតេជោ បានលើកឡើងដែរថា សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៩ជាដើម៕

ការ​តវ៉ា និង​ប្រតិកម្ម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ការ​ស្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​នៅតំបន់ West Bank

2022/05/12 07:15:32 pm        1140
​អ៊ីស្រាអែល៖ មនុស្ស​រាប់​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ីស្រាអែល​ ដើម្បី​តវ៉ា​ការ​ស្លាប់​អ្នក​រាយការណ៍​ព័ត៌មាន Al Jazeera​។ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​ប្រជាជន​អ៊ីស្រាអែល​អារ៉ាប់​បាន​តវ៉ាចំពោះ​ការ​ស្លាប់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh កាលពី​ថ្ងៃ​ពុធ ដែល​ការ​ប្រមូល​ផ្តុំ​គ្នា​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​, Haifa និង Nazareth រួម​ទាំង​ការ​តវ៉ា​មួយ​ដែល​បាន​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​។ នៅក្នុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត អ្នក​កាន់ទុក្ខបាន​ប្រមូល​ផ្តុំគ្នា​នៅ​លំនៅឋាន​លោកស្រី Abu Akleh ដើម្បី​បង្ហាញ​សេចក្តី​គោរព​។ នគរបាល​អ៊ីស្រាអែលបាន​មកដល់​កន្លែងកើតហេតុ​ ក្នុងការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នៃ​ការបង្ក ហេតុ ដែល​ទំនងជា​យោង​ទៅរក​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ក្រវី​ដោយ​អ្នក​កាន់ទុក្ខ និង​ពាក្យ​ផ្សេងៗ​ដែលស្រែក​ដោយ​ហ្វូងមនុស្ស​។​ ​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​នលោក Mohammad Shtayyeh បាន​និយាយថា​ លោក​ឲ្យ​ប្រទេសអ៊ីស្រាអែលទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្លាប់​អ្នកសារព័ត៌មាន Al Jazeera ជើងចាស់​ម្នាក់លោកស្រី Shireen Abu Akleh ដែល​ត្រូវបាន​បាញ់សម្លាប់​ ខណៈ​កំពុង​ធ្វើ​សេចក្តីរាយការណ៍លើ​ការ​វាយឆ្មក់​ របស់​យោធា​អ៊ីស្រាអែល​នៅក្នុង​ក្រុង​Jenin តំបន់ West Bank កាលពី​ថ្ងៃ​ពុធ​។ លោក Shtayyeh បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍​ប៉ា​ឡេ​ស្ទី​ន​ថា អ៊ីស្រាអែលមានបំណង​បិទ​សេរីភាព​នៃ​ការនិយាយស្តី​ និង​ចង់​បិទ​សំឡេង​សារព័ត៌មាន​។ កងទ័ព​អ៊ីស្រាអែលដំបូង​បានលើកឡើង​ពី​លទ្ធភាព​ថា ​លោកស្រី Abu Akleh ទំនងជា​ត្រូវបានសម្លាប់​ដោយ​ការបាញ់ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ដោយ​និយាយថា ​ក្រុម​សកម្មប្រយុទ្ធ​ក៏មាន​វត្ត​មាននៅក្នុង​តំបន់​នេះដែរ​។ ទោះជា​យ៉ាងណា មេបញ្ជាកា​យោធាឧ​ត្ត​ម​សេនីយ៍​ឯក Aviv Kochavi ក្រោយមកបាន​ដកខ្លួន​ចេញពី​ការអះអាង​នេះ​។​​លោកស្រី Abu Akleh អាយុ ៥១ឆ្នាំមាន​ទឹកមុខ​រាក់ទាក់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​ត្រូវបាន​គេស្គាល់​ដោយសារ​ការរាយការណ៍​របស់លោក​ស្រី​អំពី​ការពិត​ដ៏​អាក្រក់ ​នៃ​ការកាន់កាប់​របស់​យោធា​អ៊ីស្រាអែល​អស់​រយៈពេល ៣​ទសវត្សរ៍កន្លងទៅនេះ​។ ការស្លាប់​របស់លោក​ស្រី​បានធ្វើ​ឲ្យ​រំជើបរំជួល​ពាសពេញ​តំបន់​ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​។ លោកស្រី​បាន​រាយការណ៍​ឲ្យ​ប៉ុស្តិ៍ទូរទស្សន៍ ​Al Jazeera ជា​ភាសា​អារ៉ាប់​ហើយក៏​ជា​ពលរដ្ឋ​អាមេរិក​។ ក្រសួងការបរទេស​បាន​ចាត់ទុក​ការស្លាប់​របស់លោក​ស្រី​ថា​ ជាការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន​។ លោកស្រី​ត្រូវបាន​គេ​បាញ់​ចំក្បាល​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ នៅក្បែរ​ជំរំ​ជនភៀសខ្លួន Jenin នៅ​ភាគ​ខាងជើង​តំបន់ West Bank​។ ផលិតករ​របស់​នាង​គឺជា​អ្នកសារព័ត៌មានជនជាតិ​ប៉ា​ឡេ​ស្ទី​ន លោក Ali Samoudi ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​មាន​ស្ថិរភាព ​បន្ទាប់ពី​ត្រូវបាន​បាញ់​ចំ​ខ្នង​។ សារព័ត៌មាន Al Jazeera បាន​ចោទប្រកាន់​អ៊ីស្រា​អែល​​ថា ​មាន​ចេតនា​កំណត់​គោលដៅ​ និង​សម្លាប់​សហសេវិក​របស់យើង​។ យោធា​អ៊ីស្រាអែល​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​រង​ការវាយប្រហារ​ដោយការបាញ់កាំភ្លើង​ និង​គ្រឿងផ្ទុះ​យ៉ាង​សន្ធឹកសន្ធាប់​ ខណៈ​ធ្វើ​ប្រតិបត្តិការនៅ​ក្រុង ​Jenin ហើយ​ពួកគេ​បាន​បាញ់តបវិញ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM
មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
08/09/2026 12:08 PM