សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ

2025/06/14 05:14:40 am        351
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារអំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសម្ដេចមើលឃើញថា វិវាទនៅចំណុច តំបន់មុំបី, ប្រាសាទតាមាន់ធំ, តាមាន់តូច និងប្រាសាទតាក្របី បើមិនដោះស្រាយតាមផ្លូវតុលាការអន្តរជាតិទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។សម្ដេចតេជោ បានសរសេរថា មកដល់ពេលនេះ បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។សម្ដេចបានថ្លែងថា៖«ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទៀតហើយ។ ពេលនេះភាពគឃ្លើញមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង»។ សម្ដេចតេជោ បានបន្តថា កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ ៤ ចំណុច៖ទី១ តំបន់មុំបីនៃព្រំដែន កម្ពុជា-ឡាវ-ថៃទី២ ប្រាសាទតាមាន់ធំទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។សម្ដេចតេជោថ្លែងថា កម្ពុជាមិនស្នើ សុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជា និងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែន កម្ពុជា-ថៃ មានប្រវែងជាង ៨០០ គីឡូម៉ែត្រ កម្ពុជាលើកតែ ៤ ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ សម្ដេចតេជោបានបញ្ជាក់ថា៖«៤ ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះទើបអាចដោះស្រាយបាន»។សម្ដេចតេជោ បានបន្តថា ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។ ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី, សឹង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។សម្ដេចតេជោបានបញ្ជាក់ថា ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ

2025/06/13 08:06:56 pm        584
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបិទច្រកអន្តរជាតិដូង នៅខេត្តបាត់ដំបង ខណៈថៃបានប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង»។សម្ដេចតេជោ បានបញ្ជាក់ថា ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះ កកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ក្នុងឱកាសនេះ សម្ដេចតេជោ បានណែនាំដល់ បងប្អូនកសិករថៃ ដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ។សម្ដេចតេជោបានបញ្ជាក់ថា៖«យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះ គឺទី១ឈប់ទិញអ៊ិនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា»៕

TOP STORY សម្តេចតេជោ ហ៊ុន សែន៖រាជរដ្ឋាភិបាលកម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ

2025/06/13 05:19:13 am        1730
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបុរសខ្លាំងរបស់កម្ពុជា បានណែនាំ និងផ្តល់យោ បលឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ ហើយកុំខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញឲ្យសោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធើណែតអី បើកម្ពុជាមានអ៊ីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា»៕អត្ថបទ ៖​បាន ចក់

​​TOP STORY ​ចាប់ពីម៉ោង១២យប់ថ្ងៃនេះកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត និងអគ្គិសនីពីប្រទេសថៃហើយ

2025/06/13 04:39:59 am        1529
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីម៉ោង១២យប់ថ្ងៃទី១២ ខែមថុនា ឆ្នាំ២០២៥ កម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិត (INTERNET BANDWIDTH) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងហើយ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់នេះ សម្តេចធិបតី បានបញ្ជាក់ថា«  ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង»។  សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា«ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (INTERNET BANDWIDTH) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង»។ ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។ បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

2025/06/11 06:50:00 pm        221
នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

កម្ពុជា-កូតឌីវ័រ ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

2025/06/11 04:06:15 am        94
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ, សម្ដេចបវរធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័របានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ, ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។ ឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និង ឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

2025/06/11 02:33:34 am        155
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានរួមចំណែកគាំទ្រ ការបោសសម្អាតមីន វិស័យអប់រំ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រសួងយុត្តិធម៌ទាំងពីរ ជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់៕

សម្ដេចធិបតីសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ ICJ ករណីវិវាទព្រំដែនជាមួយថៃ

2025/06/11 01:29:01 am        155
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមាន ឯកឧត្តម ឧបនាយក ប្រាក់ សុខុន រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះមានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹង សមាជិកដែលមានមន្រ្ដីរាជការមកពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ សូមជម្រាបថា ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ មិនបានដកថយនោះឡើយ។ ជាក់ស្ដែងនៅពេលនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការយកវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ទាំង៤ខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចប់វិវាទព្រំដែលរវាងប្រទេសទាំងពីរដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា តុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងណា ក៏កម្ពុជាទទួលយកផងដែរ។សូមបញ្ជាក់ថា កម្ពុជាធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ លើកទី១នៅឆ្នាំ១៩៦២ ហើយលើកទី២នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕អត្ថបទ៖ វ៉ន ដារ៉

TOP STORY | សម្តេចធិបតី ចំអកឲ្យជនមួយក្តាប់តូចដែល​ស្រែកក្តែងៗ​ថាស្នេហាជាតិ​ដល់​ពេល​ប្រទេស​ជាតិ​មាន​​គេគំរាមកំហែងបែរជាខិតខំជួយគេទៅវិញ

2025/06/10 09:45:29 pm        307
ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានចំអកឲ្យ​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​រត់​ចោល​ស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែ​ដល់​ប្រទេស​ជាតិ​កំពុង​ប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និង​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។តាមរយៈបណ្តាញសង្គម​សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​សង្កត់​ធ្ងន់​ថា​សូម​បង​ប្អូន​ជន​រួម​ជាតិ​ជួយ​គិត​ «​មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសជាតិ​យើង​ប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររ​ជា​អ្នក​នយោបាយ​ទាំង​នោះ​ខិត​ខំ​ពុះពា​រ​ និង​ស្ម័គ្រ​ចិត្ត​ធ្វើជាភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​ផ្សេង​នោះ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ជាតិ​ខ្លួន​ឯង​ទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មាន​បំប៉ោង​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អ្នក​ផ្សេង​នោះ​ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះ​ជា​ទង្វើ​របស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាម​កេង​ចំណេញ​នយោបាយ​ដោយ​ងងឹត​ងងុល ​មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?»តាមរយៈសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានឲ្យបងប្អូនជនរួមជាតិ ធ្វើការគិតពិចារ ណា​ផងដែរ ដោយសម្តេចបានបញ្ជាក់ថា«សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»។​ក្រោយពីកម្ពុជា និងថៃមានការប្រឈមមុខដាក់គ្នា រយៈពេលប៉ុន្មានថ្ងៃមកនេះ គេ​សង្កេត​ឃើញ​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ​បំភ្លើស ក្នុងគោលបំណងគេងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយ​មិន​គិតអំពីផលប៉ះពាល់ដល់ប្រទេសជាតិខ្លួននោះឡើយ ជាក់ស្តែងនាពេលថ្មីៗនេះ មាន​បុគ្គល​ខ្លះ​ពាក់​សណ្ឋាន​ជា​ទាហាន​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​កង​ទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជើងនៅព្រំដែន។ តែយ៉ាងណាក៏ដោយបុគ្គលរូបនោះ និ​ង​បក្ស​ពួក​ត្រូវ​បាន​អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់ខ្លួន។ទាក់ទងនឹងបុគ្គលដែលស្លៀកពាក់ឯកសណ្ឋានយោធា ហើយបាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​នឹង​កងទ័ពនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា«ជាអំពើក្បត់ជាតិ»។ តាម​រយៈ​បណ្តាញសង្គមផងដែរ​នោះ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​សង្កត់​ធ្ងន់​ថា​ «អំពើក្បត់ជាតិគឺបែរបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេស​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ឈ្លាន​ពាន​របស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ»។ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ទៀត​ថា​ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​ឃុប​ឃិត​ជា​មួយជ​ន​នេះ​ទេ​គួរ​តែ​ក្លាហាន​ចាប់​ជន​នេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ បាន ចក់

TOP STORY | សម្ដេចតេជោ៖ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាសកម្មជនគណបក្សប្រឆាំងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរដោយបង្កើតព័ត៌មានប្រឌិត

2025/06/10 07:55:21 pm        433
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក ដែលមេ និងកូនចៅរបស់គេគឺមានចរិតក្បត់ជាតិដូចគ្នា ខណៈប្រទេសកំពុងប្រឈមការឈ្លានពានពីបរទេស បែរជាក្រុមជ្រុលនិយមនាំគ្នាទៅបង្កើតព័ត៌មានប្រឌិត ពាក់ឯកសណ្ឋានយោធា មានបំណងប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ បានសរសេរថា៖« អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹង ជុំវិញគណនី Tik Tok ឈ្មោះ Amy Richard310” និងហ្វេសប៊ុកឈ្មោះ Piseth P G EM ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ " Amy Richard310" និង ហ្វេសប៊ុក ឈ្មោះ " Piseth PGEM បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។សូមប្រជាពលរដ្ឋទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM