ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានការបន្ថែមពេលបទឈប់បាញ់ក៏ដោយ

2026/04/25 10:16:22 am        47
​អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួនទៅលើភាគខាងត្បូងប្រទេសលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានបន្ថែមពេលបីសប្តាហ៍ទៀត។យោធាប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបាន «កម្ចាត់» អ្នកប្រយុទ្ធក្រុមហេសបូឡាចំនួន៦នាក់នៅក្នុងការបាញ់តគ្នានៅក្នុងតំបន់ Bint Jbeil ភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់ ក៏បានរាយការណ៍ផងដែរថា មនុស្សពីរនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ Touline ភាគខាងត្បូង។ការវាយប្រហារទាំងនេះ បង្ហាញពីការបំពានចុងក្រោយនៃបទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី១៦ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធនៅប្រទេសលីបង់។កងកម្លាំងអ៊ីស្រាអែល ក៏នៅតែឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីបានបង្កើតអ្វីដែលគេហៅថា «ខ្សែបន្ទាត់លឿង» នៅក្នុងតំបន់ ស្រដៀងគ្នាទៅនឹងវិធានការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ។ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីការប្រយុទ្ធគ្នារវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងនៅថ្ងៃទី២ ខែមីនា បានកើនឡើងដល់ ២.៤៩១ នាក់ និង ៧.៧១៩ នាក់បានរងរបួស។

ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth និយាយថា អ៊ីរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ»

2026/04/25 10:00:58 am        90
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ កំពុងរាលដាលនៅទូទាំងពិភពលោក ដោយនិយាយបន្ថែមថា ទីក្រុងតេអេរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ» ជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Hegseth បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ការបិទផ្លូវរបស់យើង កំពុងកើនឡើង ហើយកំពុងរាលដាលនៅទូទាំងពិភពលោក»។លោកនិយាយថា «គ្មាននរណាម្នាក់បើកនាវាពីច្រកសមុទ្រ Hormuz ទៅកាន់កន្លែងណាមួយក្នុងពិភពលោក ដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះទេ»។ប្រភពព័ត៌មានពីប្រទេសប៉ាគីស្ថានចំនួនបី បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា កិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសប៉ាគីស្ថាន។ដោយឈរនៅក្បែរឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក លោក Dan Caine លោកHegseth បាននិយាយថា សហរដ្ឋអាមេរិក «មិនអន្ទះសារនោះទេ» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបាននិយាយម្តងទៀតអំពីការលើកឡើងកាលពីពេលមុនរបស់លោក Trump ថា «មានពេលវេលាច្រើនដែលយើងមិនចាំបាច់ប្រញាប់ទេ»។ លោកនិយាយថា «អ៊ីរ៉ង់ ដឹងថាពួកគេនៅតែមានបង្អួចបើកចំហដើម្បីជ្រើសរើសដោយភាពឈ្លាសវៃនៅតុចរចា។ អ្វីដែលពួកគេត្រូវធ្វើ គឺបោះបង់ចោលអាវុធនុយក្លេអ៊ែរតាមរបៀបដែលមានន័យ និងអាចបង្ហាញឲ្យឃើញពីការពិត»។ លោក Caine និយាយថា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនៅតែបន្តរក្សាការបិទផ្លូវយ៉ាងតឹងរ៉ឹងនៅកំពង់ផែទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ ខណៈនាវាចំនួន ៣៤ គ្រឿងត្រូវបានបង្វែរទិសដៅគិតត្រឹមថ្ងៃសុក្រ។ លោក Caine បាននិយាយបន្ថែមថា យោធាសហរដ្ឋអាមេរិកនឹងបន្តរារាំងនាវាអ៊ីរ៉ង់នៅមហាសមុទ្រប៉ាស៊ីហ្វិក និងនៅមហាសមុទ្រឥណ្ឌា។

សហរដ្ឋអាមេរិក បន្ថែមពេលការលើកលែងការដឹកជញ្ជូនដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពល

2026/04/25 09:50:04 am        80
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ថា លោកបានចេញការបន្ថែមពេល៩០ថ្ងៃចំពោះការលើកលែងការដឹកជញ្ជូន ដែលនឹងជួយដល់ការផ្គត់ផ្គង់ប្រេង និងជី នៅជុំវិញសហរដ្ឋអាមេរិក ក្នុងពេលមានការរំខានដល់ការផ្គត់ផ្គង់បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។ការលើកលែងមានស្រាប់ ដែលអនុញ្ញាតឱ្យនាវាបំពាក់ទង់ជាតិបរទេសដឹកជញ្ជូនទំនិញរវាងកំពង់ផែអាមេរិកជាបណ្តោះអាសន្ន នឹងត្រូវផុតកំណត់នៅថ្ងៃទី១៧ ខែឧសភា។ ចំណាត់ការចុងក្រោយនេះ នាំឲ្យកាលបរិច្ឆេទបញ្ចប់មានរហូតដល់ពាក់កណ្តាលខែសីហា។លោកស្រី Taylor Rogers អ្នកនាំពាក្យសេតវិមានបាននិយាយថា «ទិន្នន័យថ្មី ដែលចងក្រងចាប់តាំងពីការលើកលែងដំបូងត្រូវបានចេញបានបង្ហាញថា ការផ្គត់ផ្គង់កាន់តែច្រើន អាចទៅដល់កំពង់ផែសហរដ្ឋអាមេរិកបានលឿនជាងមុន»។ លោកស្រី បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការបន្ថែមពេលនេះ នឹងជួយធានាបានថា ផលិតផលថាមពលសំខាន់ៗ សម្ភារៈឧស្សាហកម្ម និងតម្រូវការកសិកម្មនៅតែមាន»។ លោកស្រីនិយាយថា លោក Trump បានចេញការបន្ថែមពេល៩០ថ្ងៃ។ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងសង្គ្រាម ហើយបានបង្កឱ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព។បញ្ហានេះ បានបណ្តាលឱ្យមានវិបត្តិផ្គត់ផ្គង់ថាមពល ដោយសារតែផ្លូវទឹកនេះជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ធ្វើឱ្យតម្លៃហក់ឡើងយ៉ាងខ្លាំង។ តម្លៃប្រេងសាំងរបស់សហរដ្ឋអាមេរិក ក៏កើនឡើងខ្លាំងផងដែរ ដែលបង្កើនសម្ពាធលើថវិកាគ្រួសារនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថាន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក

2026/04/25 09:46:23 am        83
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដើម្បីពិភាក្សាអំពីសំណើសម្រាប់ការចាប់ផ្តើមជាថ្មីការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ក្នុងពេលមានសញ្ញាមិនចុះសម្រុងគ្នាអំពីថាតើលោកនឹងជួបជាមួយអ្នកចរចាអាមេរិក នៅទីនោះ ឬយ៉ាងណា។ ប្រភពព័ត៌មានពីប្រទេសប៉ាគីស្ថានបាននិយាយថា លោក Araqchi ពុំមានគោលដៅជួបជាមួយអ្នកចរចាអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដទេ ខណៈអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា បេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner នឹងចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានបញ្ជាក់ពីការទៅដល់របស់គណៈប្រតិភូអ៊ីរ៉ង់ ដោយនិយាយថា លោក Araqchi នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព។ លោក Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា បានពិភាក្សាអំពីការវិវឌ្ឍនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាតា កាលពីយប់ថ្ងៃសុក្រ។ មេដឹកនាំប្រទេសកាតារូបនេះ និយាយថា ប្រទេសរបស់លោកនឹងបន្តសម្របសម្រួលជាមួយដៃគូនានាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដឹកនាំដោយប្រទេសប៉ាគីស្ថាន។ លោកស្រី Leavitt និយាយថា សហរដ្ឋអាមេរិក បានឃើញវឌ្ឍនភាពមួយចំនួនពីភាគីអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយសង្ឃឹមថានឹងមានក្តីសង្ឃឹមច្រើនទៀតនៅចុងសប្តាហ៍នេះ។ លោកស្រី បាននិយាយបន្ថែមថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលបានដឹកនាំកិច្ចចរចាជុំទីមួយមិនទទួលបានលទ្ធផលជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន បានត្រៀមជាស្រេចដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានចូលរួមក្នុងការចរចា។

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ

2026/04/24 09:32:49 pm        24
 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃសុក្រនេះថា លោកបានទទួលការព្យាយបាលដោយជោគជ័យសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ដោយរូបលោកពុំបានបញ្ជាក់ពីពេលដែលការព្យាបាលបានធ្វើឡើងនោះទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញព័ត៌មានសង្គម ខណៈដែលរបាយការណ៍វេជ្ជសាស្រ្តប្រចាំឆ្នាំរបស់លោកត្រូវបានបញ្ចេញ លោក Netanyahu វ័យ ៧៦ឆ្នាំ និយាយថា ដុំសាច់ដំណាក់កាលដំបូង ត្រូវបានរកឃើញ អំឡុងពេលពិនិត្យសុខភាព ។ លោកថា ការព្យាបាលសម្រេចគោលដៅ បានយកចេញបញ្ហា ហើយនិងមិនបន្សល់ទុកស្លាកស្នាមអ្វីនោះទេ ។ យោងតាមរបាយការណ៍វេជ្ជសាស្រ្តដែលនិយាយថា លោកនាយករដ្ឋមន្រ្តីមានសុខភាពល្អ លោក Netanyahu ត្រូវបានព្យាបាលដោយវិធីសាស្រ្តវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ។ នាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេបំផុតរបស់អីស្រាអែលរូបនេះ និយាយថា លោកបានពន្យាពេលចេញរបាយការណ៍វេជ្ជសាស្រ្តរយៈពេល ២ខែ ដើម្បីការពារអ៊ីរ៉ង់ពីការផ្សព្វផ្សាយការឃោសនាមិនពិតប្រឆាំងនឹងអ៊ីស្រាអែល ។ កាលពីខែមីនា អំឡុងពេលប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ពាក្យចចាមអារ៉ាមបានសាយភាយនៅលើបណ្តាញព័ត៌មានសង្គម និងនៅលើសារព័ត៌មានរដ្ឋអ៊ីរ៉ង់អះអាងថា លោក Netanyahu បានស្លាប់បាត់ហើយ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថតជាវីដេអូឃើញ ឃើញរូបលោកធ្វើដំណើរទៅកាន់ហាងកាហ្វេនៅទីក្រុងហ្សេរុយសាឡឹម កាលពីខែមីនា ដើម្បីបដិសេធន៍ការអះអាងបែបនេះ ៕

លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ

2026/04/24 08:34:04 pm        18
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ទីក្រុង Jeddah នៅលើដំណើរទស្សនកិច្ចលើកទី ២របស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងរយៈពេល ១ខែ ស្របពេលដែលទីក្រុងគីវ ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងផ្សព្វផ្សាយបច្ចេកវិទ្យាធ្វើតេស្តសង្រ្គាមរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈសង្រ្គាមអ៊ីរ៉ង់ ។លោក Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម X ពេលទៅដល់អារ៉ាប៊ីសាអ៊ូឌីតថា កាលពីថ្ងៃម្សិលមិញនៅជំនួបជាមួយក្រុមមេដឹកនាំអឺរ៉ុប ពួកយើងទទួលបានការធានាហិរញ្ញវត្ថុសម្រាប់ការតស៊ូរបស់ពួកយើង ។ ថ្ងៃនេះ ពួកយើងនឹងជំរុញកិច្ចព្រមព្រៀងរបស់ពួកយើងជាមួយអារ៉ាប៊ីសាអ៊ូឌីតនៅលើវិស័យសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ។លោកបន្តថា លោកគ្រោងនឹងមានជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ។លោក Zelenskiy ពុំបានអះអាងពីទីក្រុងនោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត រាយការណ៍ថា លោកបានធ្វើដំណើរទៅដល់ទីក្រុង Jeddah ។អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអ៊ូឌីតកាលពីចុងខែឧសភា ទីក្រុងគីវ និងទីក្រុង Riyadh បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការពារជាតិដែលលោក Zelenskiy ចាត់ទុកថា ជាការចាក់គ្រឹះដ៏រឹងមាំមួយ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត ៕

មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់

2026/04/24 08:19:09 pm        46
យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានឲ្យជម្លៀសចេញជាបន្ទាន់ សម្រាប់ប្រជាជននៅក្នុងភូមិមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលជាការព្រមានលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្តបទឈប់បាញ់រយៈពេល ៣សប្តាហ៍។អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នេះគឺជាការព្រមានជាបន្ទាន់ដល់ប្រជាជន នៅក្នុងតំបន់ Deir Aames។ ដោយសារតែសកម្មភាពភេរវកម្មរបស់ក្រុមហេសបូឡា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការកំណត់គោលដៅនៅក្នុងតំបន់នោះ«។ លោកបានបន្ថែមថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា យើងសូមអំពាវនាវឲ្យអ្នកជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកចេញជាបន្ទាន់ ហើយបម្លាស់ទីយ៉ាងហោចណាស់ ១.០០០ម៉ែត្រ ខាងក្រៅតំបន់នោះ»។តំបន់ Deir Aames មានទីតាំងស្ថិតនៅភាគខាងជើងនៃអ្វីដែលហៅថា «ខ្សែបន្ទាត់ព្រំដែនពណ៌លឿង» នៅក្នុងប្រទេសលីបង់ ដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ជាមួយគ្នានេះ ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២នាក់ នៅក្នុងតំបន់តែមួយ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារនេះ គឺស្ថិតនៅក្នុងតំបន់ Touline៕

សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល

2026/04/24 08:16:45 pm        52
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយថា បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល គឺគ្មានន័យអ្វីឡើយ ដែលការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានពង្រីករយៈពេល ៣សប្តាហ៍ទៀត ដោយចង្អុលបង្ហាញពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ និងបញ្ជាក់ថា ក្រុមនេះមានសិទ្ធិឆ្លើយតប។ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្ថែមរយៈពេល ៣សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) បន្ទាប់ពីបានរៀបចំធ្វើជាម្ចាស់ផ្ទះទទួលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ នៅសេតវិមាន។ កិច្ចព្រមព្រៀងឈប់បាញ់ដើម រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ត្រូវគ្រោងនឹងផុតកំណត់នៅថ្ងៃទី២៦ ខែមេសា។នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការពន្យាររយៈពេលបន្ថែមនេះ សមាជិកសភាក្រុមហេសបូឡា លោក Ali Fayyad បាននិយាយថា វាគឺជារឿង «ចាំបាច់ណាស់ ដែលត្រូវចង្អុលបង្ហាញថា បទឈប់បាញ់នេះគ្មានន័យអ្វីឡើយ ដោយសារតែសកម្មភាពអរិភាពឥតដាច់របស់អ៊ីស្រាអែល ក្នុងនោះរួមទាំងការធ្វើឃាត ការបាញ់ផ្លោង និងការបាញ់កាំភ្លើង» ក៏ដូចជាការបំផ្លាញភូមិ និងទីប្រជុំជន នៅភាគខាងត្បូង។អរិភាព រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមនេះ បានបើកការបាញ់ប្រហារ ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាមក្នុងតំបន់។ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ បានលេចចេញជារូបរាងដាច់ដោយឡែកពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះរបស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់ តែអ៊ីរ៉ង់បានអំពាវនាវឲ្យលីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់ដ៏ទូលំទូលាយណាមួយ៕

កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់

2026/04/24 07:54:21 pm        107
បេសកកម្ម នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNFIL) បានបាត់បង់ជីវិតដោយសាររបួសដែលមានអំឡុងការផ្ទុះ នៅឯមូលដ្ឋានមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់។UNIFIL បានឲ្យដឹងថា ពលបាលទោ លោក Rico Pramudia អាយុ ៣១ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលមាន «ការផ្ទុះគ្រាប់ផ្លោង» នៅឯមូលដ្ឋានមួយ ក្នុងតំបន់ Adchit al-Qusayr នាយប់ថ្ងៃទី២៩ ខែមីនា ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងបេរូត។ បេសកកម្មនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «UNIFIL សូមសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ពលបាលទោ លោក Rico Pramudia»។ដោយមិនបញ្ចេញឈ្មោះអ្នកពាក់ព័ន្ធណាមួយ កងកម្លាំងនេះបានអំពាវនាវឲ្យអង្គភាពទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទីតាំងរបស់អង្គការសហប្រជាជាតិ (UN)។សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារដោយចេតនាលើកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ហើយអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។ការស្លាប់របស់នាយទាហានរូបនេះ បានធ្វើឲ្យចំនួនសរុបនៃកងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានបាត់បង់ជីវិត នៅភាគខាងត្បូងនៃប្រទេសលីបង់ កើនឡើងដល់ ៤នាក់ហើយ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា គិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា៕

ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន

2026/04/24 07:44:18 pm        56
 ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា នាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនោះ មានអំណោយពីចិន ។ចិនបានបដិសេធន៍ចោលសេចក្តីអត្ថាធិប្បាយបែបនេះ ដោយពួកគេបញ្ជាក់ថា ចិនជំទាស់រាល់ការចោទប្រកាន់ណាដែលខ្វះមូលដ្ឋានជាក់ស្តែង ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិធម្មតារវាងប្រទេស មិនគួរក្លាយជាកម្មវត្ថុនៃជ្រៀតជ្រែក និងការបង្អាក់នោះឡើយ ។គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ CNBC កាលពីព្រឹកថ្ងៃអង្គារថា នាវាមានអ្វីមួយនៅលើវា ដែលមិនល្អទាល់តែសោះ ។ ប្រហែលអំណោយពីចិន លោកមិនដឹងទេ ។សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលព្យាយាមឈ្លានពានការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក ។ យោធាអ៊ីរ៉ង់និយាយថា នាវាមួយគ្រឿងនេះ ធ្វើដំណើរពីចិន ហើយនិងសន្យាសងសឹកប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការប្លន់ប្រដាប់អាវុធដោយយោធាសហរដ្ឋអាមេរិក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM