មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
ភាគហ៊ុនអាស៊ីជួបប្រទះលំហូរចេញនៃទុនបរទេសប្រចាំខែជាលើកទី១ រយៈពេល ៤ខែ ក្នុងខែសីហា
ហូឡង់គ្រោងនឹងហាមឃាត់ការនាំចូលពីតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វអ៊ីស្រាអែល

ព័ត៌មានអន្តរជាតិ

ប្រមុខសិទ្ធិមនុស្សរបស់ UN ជំរុញឲ្យភាគីជម្លោះនៅស៊ូដង់ខាងត្បូង «បញ្ចៀសមហន្តរាយ»

2025/05/23 06:57:26 pm        77
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានជំរុញឲ្យភាគីជម្លោះនៅប្រទេសស៊ូដង់ខាងត្បូង ធ្វើយ៉ាងណាបញ្ចៀសស្ថានការណ៍មហន្តរាយ ដោយព្រមានថា សិទ្ធិមនុស្សប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ឡើងៗបន្ថែមទៀត ខណៈដែលការប្រយុទ្ធកើនឡើងខ្លាំងទៅៗ។ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា៖ «អរិភាពឡើងកម្ដៅកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង មានន័យថា ហានិភ័យមានយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងមនុស្សធម៌ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងររួចហើយនោះ កាន់តែអាក្រក់ទៅៗ ហើយប៉ះពាល់ដល់ដំណើរការសន្តិភាពដ៏ផុយស្រួយរបស់ប្រទេសនេះ»។ លោកបានបន្ថែមថា៖ «ភាគីទាំងអស់ត្រូវតែបញ្ចៀសស្ថានការណ៍មហន្តរាយជាបន្ទាន់»។គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភាមក ការប្រយុទ្ធគ្នាមានកាន់តែខ្លាំងឡើងៗ ដោយ OHCHR (ការិយាល័យនៃឧត្តមស្នងការរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស) លើកឡើងពីរបាយការណ៍នៃការទម្លាក់គ្រាប់បែកពីអាកាស និងការវាយលុកតាមដងទន្លេ និងផ្លូវគោក ពីសំណាក់កងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) លើទីតាំងកងទ័ពរំដោះប្រជាជនស៊ូដង់ (SPLA-IO) នៅក្នុងតំបន់ Fangak ក្នុងរដ្ឋ Jonglei និងនៅតំបន់ Tonga County ក្នុងរដ្ឋ Upper Nile។ទីភ្នាក់ងារនេះបានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ ត្រូវបានសម្លាប់ ហើយ ៧៨នាក់ផ្សេងទៀត បានរងរបួសដោយការប្រយុទ្ធគ្នា ដែលបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចន្លោះពីថ្ងៃទី ៣-២០ ខែឧសភា។ ទីភ្នាក់ងារបានបន្ថែមថា តំបន់ដែលមានប្រជាជនរស់នៅជាជនស៊ីវិល ត្រូវបានគេកំណត់គោលដៅ ក្នុងនោះរួមទាំងកន្លែងព្យាបាលដែលដំណើរការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ផងដែរ៕

ប៉ាគីស្ថាននឹងស្នើផ្ដល់សម្បទានដល់ក្រុមហ៊ុនអាមេរិក លើការវិនិយោគរ៉ែ អំឡុងពេលចរចាពន្ធគយ

2025/05/23 06:32:56 pm        92
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសប៉ាគីស្ថានគ្រោងនឹងស្នើផ្តល់សម្បទានដល់ក្រុមហ៊ុនអាមេរិក ដើម្បីឲ្យធ្វើការវិនិយោគ ក្នុងវិស័យរុករករ៉ែរបស់ខ្លួន ដែលជាផ្នែកមួយនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាពន្ធគយ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដព្យាយាមទាញយកប្រយោជន៍ពីការចាប់អារម្មណ៍របស់រដ្ឋបាលលោក Donald Trump ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសតំបន់អាស៊ីខាងត្បូង។គួរបញ្ជាក់ថា ប៉ាគីស្ថានប្រឈមនឹងលទ្ធភាពនៃការយកពន្ធ ២៩ភាគរយ លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែអតិរេកពាណិជ្ជកម្មតម្លៃ ៣ពាន់លានដុល្លារជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេរបស់ពិភពលោក ក្រោមវិធានការពន្ធដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន លើប្រទេសជុំវិញពិភពលោក។ អត្រាពន្ធនោះត្រូវបានផ្អាកជាបន្តបន្ទាប់រយៈពេល ៩០ថ្ងៃ ដើម្បីឲ្យការចរចាអាចប្រព្រឹត្តទៅបាន។រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន លោក Jam Kamal បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកវិនិយោគលើគម្រោងរុករករ៉ែ ជាចម្បង នៅក្នុងខេត្ត Balochistan របស់ប៉ាគីស្ថាន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដោយផ្តល់ជូននូវសម្បទាននានា ដូចជាការជួលជាដើម។លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រឹងប្រែងនឹងមានបន្ថែមទៀត ដើម្បីបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ជាពិសេសកប្បាស និងប្រេងអាចបរិភោគបាន ដែលបច្ចុប្បន្នកំពុងខ្វះខាត នៅក្នុងប្រទេសប៉ាគីស្ថាន។ប៉ាគីស្ថាននឹងដាក់សំណើសម្បទានរបស់ខ្លួន សម្រាប់ការវិនិយោគរុករករ៉ែដល់មន្ត្រីអាមេរិក អំឡុងពេលពិភាក្សា អំពីពន្ធគយ នៅក្នុងសប្តាហ៍ខាងមុខនេះ។ តែយ៉ាងណាក្ដី លោក Kamal មិនបានផ្តល់ព័ត៌មានបន្ថែម អំពីដំណើរការដេញថ្លៃនៃអណ្តូងរ៉ែទាំងនេះ ឬព័ត៌មានលម្អិតផ្សេងទៀតនោះទេ៕

លោក Trump៖ កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំ បានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន

2025/05/23 05:50:43 pm        69
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) បាននិយាយថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ វានឹងចូលជាធរមាន ក្នុងពេលឆាប់ៗនេះ។ សូមអបអរសាទរ ចំពោះភាគីទាំង២ ជុំវិញការចរចានេះ។ តើនេះអាចនាំឲ្យកើតមានអ្វីធំៗទេ???។បើតាមមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) ថា អ៊ុយក្រែនបានបញ្ជូនបញ្ជីឈ្មោះអ្នកទោសសង្គ្រាមចំនួន ១.០០០នាក់ទៅឲ្យរុស្ស៊ី ដើម្បីត្រៀមសម្រាប់ការដោះដូរដ៏ធំ នាពេលខាងមុខ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ដើម្បីឲ្យមានការដោះដូរបែបនេះ ត្រូវបានសម្រេចឡើង កាលដើមខែនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អំឡុងកិច្ចចរចាដោយផ្ទាល់ជាលើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលជាង ៣ឆ្នាំ៕

នាយករដ្ឋមន្ត្រីប៉ូឡូញ៖ សមុទ្របាល់ទិក អាចក្លាយជាកន្លែងនៃការប្រឈមមុខគ្នាជាអចិន្ត្រៃយ៍ រវាងរុស្ស៊ីនិងលោកខាងលិច

2025/05/23 05:48:44 pm        49
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមានក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹក នៅទីក្រុងGdynia ថា សមុទ្របាល់ទិក ប្រឈមនឹងការក្លាយទីកន្លែងនៃជម្លោះរវាងប្រទេសរុស្ស៊ី និងលោកខាងលិច។ លោក Tusk បាននិយាយនៅក្នុងសុន្ទរកថា ដែលផ្សាយដោយសារព័ត៌មាន TVP Infoថា៖«សមុទ្របាល់ទិក បានត្រៀមខ្លួនក្លាយជាតំបន់នៃការប្រឈមមុខគ្នា ដែលកំពុងបន្ត»។ លោកបានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុគួរឲ្យសង្ស័យនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់នេះ ទំនងជាកើនឡើងជាញឹកញាប់។កាលពីថ្ងៃពុធ លោក Tusk បានគូសបញ្ជាក់ពី «សកម្មភាពគួរឲ្យសង្ស័យ» ដែលពាក់ព័ន្ធនឹងនាវាដែលត្រូវបានដាក់ទណ្ឌកម្ម នៅជិតខ្សែកាប្លិ៍ក្រោមទឹក ដែលតភ្ជាប់ប្រទេសប៉ូឡូញ និងស៊ុយអែត។ យោងតាមក្រសួងការពារជាតិប៉ូឡូញ នាវានេះកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ហើយត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរទិសដៅរបស់ខ្លួន ក្រោមការដឹកនាំរបស់យន្តហោះប៉ូឡូញ។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខ្សែកាប្លិ៍ក្រោមសមុទ្រជាច្រើនខ្សែ នៅសមុទ្របាល់ទិក ត្រូវបានខូចខាតក្រោមកាលៈទេសៈគួរឲ្យសង្ស័យ។ ប្រទេសជាច្រើនដែលបានរងផលប៉ះពាល់ បានចាប់ផ្តើមចោទប្រកាន់  រុស្សីពីការពាក់ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែត Wall Street Journal ដែលបានដកស្រង់ប្រភពបានរាយការណ៍ថា ការស៊ើបអង្កេតលើការខូចខាតខ្សែថាមពល រហូតមកដល់ពេលនេះ រកមិនឃើញភ័ស្តុតាងជាក់ស្តែងណាមួយ ដែលភ្ជាប់ប្រទេសរុស្ស៊ីទៅនឹងឧប្បត្តិហេតុនេះទេ។ចាប់តាំងពីខែមករា ឆ្នាំ ២០២៥ អង្គការណាតូបាននិងកំពុងធ្វើការល្បាត Baltic Sentry ដែលជាប្រតិបត្តិការឃ្លាំមើលដែនសមុទ្រជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រកាសថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យសមុទ្របាល់ទិក ក្លាយជា    «បឹងរបស់អង្គការណាតូឡើយ។

សហជីពរ៉ែរបស់អាហ្វ្រិកខាងត្បូង៖ មានសេចក្ដីរាយការណ៍ពីមនុស្សជិត ៣០០នាក់ជាប់ក្នុងអណ្តូងរ៉ែ

2025/05/23 05:46:46 pm        42
សហជីពកម្មករអណ្តូងរ៉ែជាតិ (NUM) របស់ប្រទេសអាហ្រ្វិកខាងត្បូង នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានឲ្យដឹងថា ខ្លួនបានទទួលសេចក្ដីរាយការណ៍ អំពីកម្មករជិត ៣០០នាក់ ដែលជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែមួយ ក្បែរទីក្រុង Johannesburg។អ្នកនាំពាក្យរបស់ NUM បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមាននូវរបាយការណ៍ ដែលថា កម្មករប្រមាណជាជិត ៣០០នាក់ កំពុងជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែ Kloof លេខ៧។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០យប់ (ម៉ោងក្នុងស្រុក) ម្សិលមិញ»។ក្រុមហ៊ុនរុករករ៉ែ Sibanye Stillwater របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់នៅថ្ងៃសុក្រនេះថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការទៅ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sibanye បាននិយាយថា៖ «យើងអាចបញ្ជាក់បានថា យើងមានឧប្បត្តិហេតុមួយ នៅឯអណ្ដូង Kloof លេខ៧ ហើយយើងកំពុងធ្វើការយ៉ាងមមាញឹកដើម្បីផ្ដល់សុវត្ថិភាព និងតាមនីតិវិធីរបស់អណ្ដូងរ៉ែ ដែលបន្ទាប់មកយើងនឹងនាំបុគ្គលិកទាំងនោះមកខាងលើ»។អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្មករទាំងអស់មានសុវត្ថិភាព និងត្រូវបានទាក់ទងជាប់ជានិច្ច ហើយក្រុមហ៊ុនកំពុងផ្តល់អាហារដល់ពួកគេ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងរំពឹងថា ស្ថានការណ៍នឹងត្រូវបានដោះស្រាយបាននៅថ្ងៃនេះ»៕

រដ្ឋមន្ត្រីបង់ក្លាដែស និយាយថា លោក Yunus «នឹងមិនចុះចេញពីតំណែងឡើយ»

2025/05/23 05:44:44 pm        47
សមាជិកគណៈរដ្ឋមន្ត្រីប្រទេសបង់ក្លាដែស និងជាទីប្រឹក្សាពិសេសរបស់លោក Yunus បាននិយាយនៅ ថ្ងៃសុក្រនេះថា លោក Muhammad Yunus «ត្រូវតែបន្តកាន់តំណែង ជាមេដឹកនាំបណ្ដោះអាសន្ន ដើម្បីធានាដល់ការផ្ទេរអំណាចដោយសន្តិវិធី។សម្ព័ន្ធមិត្តនយោបាយនិងប្រភពនៅក្នុងការិយាល័យរបស់លោក បាននិយាយថា លោក Yunus ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព អាយុ ៨៤ឆ្នាំ ដែលបានចូលកាន់តំណែង បន្ទាប់ពីការបះបោរដ៏ធំមួយកាលពីឆ្នាំមុន បានគំរាមលាលែងពីការងារនេះ ប្រសិនបើភាគីនានា មិនផ្តល់ការគាំទ្រដល់លោក។  ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនប្រហែល ១៧០លាននាក់ បានស្ថិតក្នុងភាពចលាចលនយោបាយ ចាប់តាំងពីការបះបោរដឹកនាំដោយនិស្សិត ដែលបានផ្តួលរំលំនាយករដ្ឋមន្ត្រីលោក ស្រី Sheikh Hasina ក្នុងខែសីហា ឆ្នាំ ២០២៤ ដោយភាគីនានាបានធ្វើការតវ៉ានៅតាមផ្លូវ ដើម្បីប្រឆាំងលោកស្រី។ លោក Faiz Ahmad Taiyeb ជំនួយការពិសេសរបស់លោក Yunus និងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា បាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា៖«ដើម្បីជាប្រយោជន៍ដល់ប្រទេសបង់ក្លាដែស និងការផ្លាស់ប្តូរប្រជាធិបតេយ្យដោយសន្តិវិធី លោកសាស្រ្តាចារ្យ Yunus ត្រូវតែបន្តកាន់តំណែងតទៅទៀត»។

រញ្ជួយដី នៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី បំផ្លាញផ្ទះជាង ១០០ខ្នង

2025/05/23 04:52:22 pm        48
រញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានកើតឡើងនៅជិតកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) ដោយបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង តែមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះឡើយ។យោងតាម USGS (ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក) បានឲ្យដឹងថា ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២:៥២នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ៦៨គីឡូម៉ែត្រ ដោយចំណុចកណ្តាល នៅឆ្នេរក្បែរខេត្ត Bengkulu។ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូនេស៊ី បានផ្តល់កម្រិតខ្លាំងជាង ៦,០រ៉ិចទ័រ ដោយចំណុចកណ្តាលនៅជម្រៅ ៨៤គីឡូម៉ែត្រ ដោយបានបញ្ជាក់បន្ថែមថា លទ្ធភាពនៃការកើតរលកយក្សស៊ូណាមិមិនមានទេ។អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ ឬ BNPB លោក Abdul Muhari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៣ ខែឧសភានេះថា ការរញ្ជួយនេះបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង និងទីតាំងសាធារណៈយ៉ាងហោចណាស់ចំនួន ៦កន្លែង នៅក្នុងទីក្រុងរបស់ខេត្ត Bengkulu។លោក Abdul បានប្រាប់ថា៖ «នៅក្នុងទីក្រុង Bengkulu ផ្ទះសម្បែងចំនួន ១៤០ខ្នង ត្រូវបានរងផលប៉ះពាល់ (ដោយការរញ្ជួយដី) ដោយ ៨ខ្នងបានបាក់រលំ ដែលមានន័យថា (ផ្ទះសម្បែងទាំងនោះ) មិនអាចជួសជុលឡើងវិញបានឡើយ»។តែយ៉ាងណាក្ដី លោក Abdul បានបញ្ជាក់ថា គ្មានអ្នកស្លាប់ដោយសាររញ្ជួយដីនេះ ត្រូវបានរាយការណ៍នោះឡើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ៕

ជនភៀសខ្លួនស៊ូដង់ខាងត្បូង នៅប្រទេសអេត្យូពី ប្រឈមនឹង «មហន្តរាយសុខភាព»ដែលជិតកើតឡើង

2025/05/23 04:49:25 pm        46
វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បាននិយាយនៅថ្ងៃសុក្រនេះថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង នៅក្នុងប្រទេសអេត្យូពី ប្រឈមនឹង «មហន្តរាយសុខភាព» ដែលជិតមកដល់នេះ ដោយលើកឡើងពីការរីករាលដាលនៃជំងឺអាសន្នរោគ និងករណីនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសក្មេងជាងគេលើពិភពលោក បន្ទាប់ពីទទួលបានឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ ២០១១ ត្រូវបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏ហិង្សាចន្លោះ ឆ្នាំ ២០១៣ និង ២០១៨ ដែលបានឆក់យកជីវិតមនុស្សប្រហែល ៤០០.000នាក់។កិច្ចព្រមព្រៀងចែករំលែកអំណាចរវាងភាគីសង្រ្គាម បានផ្តល់ភាពស្ងប់ស្ងាត់ដ៏ផុយស្រួយ ប៉ុន្តែវាបានដួលរលំទាំងស្រុង ខណៈដែលការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងកងកម្លាំងសម្ព័ន្ធមិត្តជាមួយលោក ប្រធានាធិបតី Salva Kiir និងគូប្រជែងដ៏យូររបស់ខ្លួន គឺអនុប្រធានាធិបទី ១ លោក Riek Machar ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះ កាលពីខែមីនា។យោងតាមអង្គការ MSFបានឲ្យដឹងថា ជនភៀសខ្លួនស៊ូដង់ខាងត្បូងពី ៣៥.000នាក់ ទៅ ៨៥.000 នាក់ បានភៀសខ្លួនទៅកាន់ទីក្រុង Mattar ដែលជាទីក្រុងអេត្យូពី នៅជិតព្រំដែនជាមួយប្រទេសស៊ូដង់ខាង   ត្បូង។អង្គការក្រៅរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ត្រូវបានលាតសន្ធឹងហួសពីសមត្ថភាព» ដោយបន្ថែមថា «ជាមួយនឹងការកើតឡើងវិញនៃជំងឺដែលឆ្លងតាមទឹក ដូចជាជំងឺអាសន្នរោគ និងជំងឺរាគរូសអស់ជាតិទឹកយ៉ាងធ្ងន់ធ្ងរ ហានិភ័យនៃគ្រោះមហន្តរាយសុខភាព គឺជិតមកដល់ហើយ»។

រដ្ឋមន្ត្រី៖ អ៊ីរ៉ង់អនុញ្ញាតឲ្យមានការតាមដានសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើទណ្ឌកម្ម ត្រូវបានដកចេញ

2025/05/23 04:13:05 pm        82
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ អាចនឹងអនុញ្ញាតឲ្យ មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងលក្ខខណ្ឌ ដែលទណ្ឌកម្មត្រូវបានដកចេញនោះ។លោកបានប្រាប់ទូរទស្សន៍ SNN ថា៖«យើងនឹងមិនបោះបង់សិទ្ធិរបស់យើងទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បី [ពង្រឹង]តម្លាភាពលើលក្ខខណ្ឌដែលទណ្ឌកម្ម ត្រូវបានដកចេញ» ។ក្នុងពេលជាមួយគ្នានេះ លោក Araghchi បាននិយាយថា វា «លឿនពេកក្នុងការនិយាយអំពីលទ្ធផលនៃការចរចា» ជាមួយសហរដ្ឋអាមេរិក ពីព្រោះបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ នៅតែ «មិនទាន់ដោះស្រាយបាន»។ នៅក្នុងលើកឡើងរបស់លោក ការចរចានឹងបន្ត «រហូតដល់សហរដ្ឋអាមេរិក ផ្តល់ព្រម»។បើមិនដូច្នេះទេ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តទទូចលើការបញ្ឈប់ទាំងស្រុងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម «គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានសម្រេចឡើយ»។លោក Araghchi បានបន្តទៀតថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនអាចស្តារឡើងវិញបានទេ ហើយគួរតែទុកវាចោលទៅ។លោកបានប្រាប់ទូរទស្សន៍ SNN ថា៖« ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)មិនទាន់ស្លាប់នៅឡើយទេ ប៉ុន្តែវាមិនអាចស្តារឡើងបានទេ ដូច្នេះទុកវាឲ្យបែបនេះចុះ។

មេដឹកនាំអឺរ៉ុបស្នើឲ្យ EU សម្រួលដល់វិធានការបណ្តេញឧក្រិដ្ឋជនបរទេស

2025/05/23 04:11:06 pm        57
បើយោងតាមលិខិតដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ប្រទេសអឺរ៉ុបចំនួន ៩ ដឹកនាំដោយអ៊ីតាលី និងដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) នឹងស្នើឲ្យសហភាពអឺរ៉ុប (EU) សម្រួលឲ្យកាន់តែងាយស្រួល សម្រាប់រដ្ឋជាសមាជិក ក្នុងដំណើរការបណ្តេញឧក្រិដ្ឋជនបរទេស។រដ្ឋាភិបាលអឺរ៉ុបបានសម្តែងការខកចិត្ត ចំពោះរបៀបដែលតុលាការសិទ្ធិមនុស្សអឺរ៉ុបប្រើប្រាស់អនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស ដើម្បីរារាំងការនិរទេស ហើយពួកគេចង់ឃើញច្បាប់នោះត្រូវបានកែសម្រួលឡើងវិញ។លិខិតដែលត្រូវបានរៀបចំនៅមុនកិច្ចប្រជុំមួយ នាថ្ងៃព្រហស្បតិ៍ រវាងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងលោកស្រី Mette Frederiksen របស់ប្រទេសដាណឺម៉ាក ជំរុញឲ្យ EU ពិនិត្យឡើងវិញពីរបៀបដែលតុលាការបកស្រាយអនុសញ្ញានេះ។លិខិតនោះបានរៀបរាប់ថា៖ «យើងបានឃើញករណីទាក់ទងនឹងការបណ្តេញឧក្រិដ្ឋកម្មជនបរទេស ដែលការបកស្រាយនៃអនុសញ្ញានេះ បានបណ្តាលឲ្យមានការការពារមនុស្សខុស និងបានដាក់កម្រិតច្រើនពេកលើសមត្ថភាពរបស់រដ្ឋ ក្នុងការសម្រេចថា តើអ្នកណាត្រូវបណ្តេញចេញពីទឹកដីរបស់ពួកគេ«។រដ្ឋជាសមាជិកគួរតែមានសិទ្ធិទូលំទូលាយបន្ថែមទៀត ដើម្បីសម្រេចថា តើពេលណាត្រូវបណ្ដេញជនបរទេសដែលប្រព្រឹត្តបទឧក្រិដ្ឋចេញពីប្រទេស។លិខិតនោះត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសដាណឺម៉ាក អ៊ីតាលី អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM
ភាគហ៊ុនអាស៊ីជួបប្រទះលំហូរចេញនៃទុនបរទេសប្រចាំខែជាលើកទី១ រយៈពេល ៤ខែ ក្នុងខែសីហា
09/11/2025 07:09 PM
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ជួបពិភាក្សាលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
09/11/2025 07:09 PM
ហូឡង់គ្រោងនឹងហាមឃាត់ការនាំចូលពីតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វអ៊ីស្រាអែល
09/11/2025 07:09 PM
ក្រុមហ៊ុនអចលនទ្រព្យហុងកុង សន្យាពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត នៅកម្ពុជា
09/11/2025 07:09 PM
​​ វិមានក្រឹមឡាំង៖ សមយុទ្ធយោធារុស្ស៊ី-បេឡារុស គ្មានបំណងប្រឆាំងប្រទេសដទៃណាមួយនោះទេ
09/11/2025 07:09 PM
ជនប៉ាឡេស្ទីនមួយចំនួន រត់ភៀសខ្លនចេញពីទីក្រុងហ្កាហ្សា ខណៈពលរដ្ឋខ្លះទៀតកាន់ទុក្ខមនុស្សជាទីស្រលាញ់
09/11/2025 07:09 PM
កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
09/11/2025 06:09 PM