ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
កម្ពុជា និងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

ព័ត៌មានជាតិ

សម្ដេចធិបតីលើកទឹកចិត្តយុវជនមកពីគ្រួសារជួបការលំបាកកុំអស់សង្ឃឹម ប៉ុន្ដែត្រូវខិតខំរៀនសូត្រដើម្បីកែប្រែអនាគត

2026/07/02 09:04:47 pm        335
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ជាពិសេសយុវជនក្នុងគ្រួសារក្រីក្រលំបាក ឱ្យខិតខំសិក្សារៀនសូត្រឱ្យចេះពិតប្រាកដ ដើម្បីកែប្រែអនាគត កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី០២ ខែកក្កដា នេះ បានប្រសាសន៍មានលើកទឹកចិត្តយុវជនដែលមកពីគ្រួសារក្រីក្រជួបការលំបាកថា ការបិទភ្ជិតគម្លាតនៃជីវភាព គឺអាចធ្វើទៅបានតាមរយៈការតស៊ូសិក្សារៀនសូត្រឱ្យមានសមត្ថភាព និងសក្ដានុពលដែលគេត្រូវការប៉ុណ្ណោះ។ នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យុវជនជាសសរទ្រូងសម្រាប់ជាតិ តែជាតិត្រូវការយុវជនប្រកបដោយសក្ដានុពល មានចំណេះជំនាញច្បាស់លាស់។ សម្ដេចបានបន្តថា នៅពេលមានឱកាសបានចូលកន្លែងណាមួយ ត្រូវតែប្រឹងស្រវាស្រទេញចាប់យកចំណេះដឹងនានាមកអភិវឌ្ឍខ្លួនឯង។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា មិនមែនគ្រប់មន្ត្រីដែលបម្រើការនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំនោះទេ។ មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះ ឡើងបន្តជារដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់វណ្ណៈទោះជួបឧបសគ្គកម្រិតណាក៏ដោយ ក៏ត្រូវតែតស៊ូបោះជំហានទៅមុនជានិច្ច មិនត្រូវបោះបង់ចោលនោះទេ។ សម្ដេចធិបតីបានថ្លែងថា៖«គេថាឱ្យមានក្ដីស្រមៃ និងក្ដីសង្ឃឹម (Dream and Hope)។ ក្ដីស្រមៃ មានន័យថាយើងដាក់ទិសដៅដែលយើងចង់ទៅ ឯក្ដីសង្ឃឹមជាអ្វីដែលជំរុញទឹកចិត្តយើងឱ្យសម្រេចនូវក្ដីស្រមៃរបស់យើង។... គ្មាននរណាមកបិទក្ដីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងនោះទេ»។ សម្ដេចធិបតីបញ្ជាក់ថា ការរៀនសូត្រនៅក្នុងសាលាជារៀនសំខាន់ហើយ តែលើសពីនេះក៏ត្រូវរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែងបន្ថែមទៀត ព្រោះបើយើងកាន់តែរៀន យើងនឹងដឹងខ្លួនឯងថាយើងកាន់តែមិនចេះ។ ត្រង់ចំណុចនេះមានន័យថា ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ អ្នកកាន់តែរៀនអ្នកកាន់តែឃើញអ្វីថ្មីៗបន្ថែមទៀត ដូច្នេះត្រូវតែបន្តរៀនសូត្រ និងត្រូវចេះម្ចាស់ការលើដំណើរជីវិតរបស់ខ្លួន។ ទន្ទឹមនឹងការលើកទឹកចិត្តយុវជន ពិសេសយុវជនគោលដៅ ១,៥លាននាក់ ខិតខំសិក្សារៀនសូត្រ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ក្រៅតែពីយុវជនផ្ទាល់ សាលារៀន គ្រួសារ និងសហគមន៍ គឺមានសារសំខាន់ណាស់ក្នុងការជួយជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានស្មារតីខិតខំសិក្សារៀនសូត្ររហូតបានសម្រេចគោលដៅរបស់ខ្លួន៕

រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូដ៏ល្អ ពុំដែលបិទសិទ្ធិសេរីភាពនោះទេ ខណៈបច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលជិត៤ពាន់អង្គភាព

2026/07/02 08:54:42 pm        152
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការសង្គមស៊ីវិលទាំងអស់ដែលបានជួយកម្ពុជាពិតប្រាកដ ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល និងពុំដែលត្រូវបានបិទសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញមានតែជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ខណៈមកទល់បច្ចុប្បន្ននេះនៅកម្ពុជាមានអង្គការសមាគម សង្គមស៊ីវិលសរុបជិត ៤ពាន់អង្គភាពដែលកំពុងប្រតិបត្តិការ និងទទួលបានការសហការ និងគាំទ្រពីរាជរដ្ឋាភិបាល ។ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងការធ្វើជាដៃគូដ៏ល្អ និងពិតប្រាកដ ខណៈបណ្តាអង្គការទាំងនេះ ក៏ដូចជាអង្គការដើម្បីញញឹមនៃកុមារ (PSE) នេះជាដើម បានជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើនឱ្យទទួលបានសិទ្ធិអប់រំ សិទ្ធិថែទាំងសុខភាព និងសិទ្ធិសេរីភាពជាច្រើនទៀត ដែលនេះគឺជាសិទ្ធិសេរីភាពពិតប្រាកដ។ក្នុងឱកាសនោះ សម្ដេចធិបតី បានច្រានចោលនូវការលើកឡើងមួយចំនួន ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបិទសិទ្ធិ ឬរឹតត្បិតសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ នៅក្នុងការច្រានចោលការចោទប្រកាន់មកលើរដ្ឋាភិបាលបែបនេះ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាលតែងតែបើកទូលាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការសង្គមស៊ីវិលណា ដែលពិតជាបានបំពេញការងាររបស់ខ្លួនប្រកបដោយតម្លាភាព ស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ តួយ៉ាងដូចជាអង្គការ PSE បានទទួលការគាំទ្រពីរដ្ឋាភិកបាលយ៉ាងខ្លាំង ព្រោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ កុមារក្រីក្រ និងផ្ដល់ឱកាសអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការងារសមរម្យដល់យុវជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «មានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួន ចោទថារដ្ឋាភិបាលមិនលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិល បិទសេរីភាព បិទស្អីៗមិនឲ្យគេធ្វើការ។ អត់ទេ! រឿងអង្គមួយក្ដាប់តូច រឿងបញ្ចេញមតិ រឿងអីណា ជារឿងមួយ ធ្វើសកម្មភាពនៅក្នុងច្បាប់ ប៉ុន្តែយើងមាន៣,០០០សមាគមន៍ ៣,៥០០ NGO ៦,០០០ជាងដែលធ្វើការនៅទូទាំងប្រទេសដែលបានចុះឈ្មោះ មួយចំនួនបានបិទហើយរាប់ពាន់ NGO សង្គមស៊ីវិល ដែលជាដៃគូរដ៏ល្អរបស់រដ្ឋាភិបាល។ ដៃគូបែបនេះ រដ្ឋាភិបាលមានទៅបិទសិទ្ធិអី? មានតែសូមជួយឲ្យថែមទៀត ជួយឲ្យរីកចម្រើនថែមទៀត ព្រោះធ្វើពិតប្រាកដ»។ជាមួយគ្នានេះសម្ដេចបានចោទជាសំណួរថា៖ «តើអង្គការ PSE ដែលធ្វើការអប់រំបណ្ដុះបណ្ដាល អត់មានតម្លៃស្មើនឹងអង្គការមួយ ដែលជ្រកក្រោមស្លាក ហើយទៅស្រែករឿងនេះរឿងនោះទេ? អត់ទេ។ អង្គការសង្គមស៊ីវិល ដែលធ្វើការពិតប្រាកដ ផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋពិប្រាកដ។ តើសិទ្ធិសេរីភាពយើងចង់និយាយពីអ្វី? មិនមែនសិទ្ធិ សម្រាប់ឡើងជេ ឡើងបាតុកម្មទេ តែសិទ្ធិដើម្បីទទួលបានការអប់រំ អាហ្នឹងជាសិទ្ធិរបស់មនុស្ស។ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិរបស់មនុស្ស សិទ្ធិទទួលបានការថែទាំសុខមាលភាពផ្សេងៗ អានេះជាសិទ្ធិមនុស្ស។ សិទ្ធិមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវ។ នេះហើយជាអង្គការផ្ដល់សិទ្ធិមូលដ្ឋាន បណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសិទ្ធិសេរីភាព មានចំណេះដឹង គឺមានសេរីភាព»។ សម្រាប់សម្ដេចធិបតីថ្លែងថា ការអប់រំបណ្ដុះបណ្ដាល គឺជាការផ្ដល់នូវសិទ្ធិមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋមានចំណេះដឹង ប្រជាពលរដ្ឋនឹងមានសមត្ថភាពក្នុងការគិត ការប្រកបរបរចិញ្ចឹមជីវិតបានដោយឯករាជ្យ និងអាចរៀបចំផែនការអនាគតរបស់ខ្លួនបាន មិនមែនគ្រាន់តែជាសិទ្ធិដែលនិយាយកាន់ក្បាលមេក្រូរឿងផ្សេងៗនោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសស្វាគមន៍រាល់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើការពិតប្រាកដ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចជាអង្គការ PSE នេះជាដើម។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានអំពាវនាវដល់អង្គការសង្គមស៊ីវិលទាំងអស់ ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងស្ថាបនាពីគ្រប់ភាគីទាំងអស់ ដើម្បីកសាងសង្គមកម្ពុជាមួយដែលកាន់តែប្រសើរឡើង៕

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មក ប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា

2026/07/02 08:38:31 pm        308
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភា មកពិចារណា ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យសិក្សា។ សេចក្ដីព្រាងច្បាប់ទាំង៤ រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់ ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់សេចក្ដីព្រាងច្បាប់ទាំង៤ខាងលើ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សម្ដេចធិបតី អរគុណអង្គការ PSE ជាងបីទសវត្សរ៍ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាជាង ៨ពាន់នាក់

2026/07/02 08:25:47 pm        137
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដេងនូវការអរគុណយ៉ាងខ្លាំងដល់ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ បានជួយមើលថែ និងបណ្ដុះបណ្ដាលកុមារកម្ពុជាដែលមានជីវភាពក្រីក្រជាង ៨ពាន់នាក់ឱ្យបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ ក្នុងនោះសិស្សបញ្ចប់ការសិក្សាជាង ៩៥ភាគរយទទួលបានការងារធ្វើច្បាស់លាស់អាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤។ ក្នុងឱកាសនោះសម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធលោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះឡើងចេញពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ។ សម្ដេចធិបតីបានថ្លែងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព។ បានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។សូមបញ្ជាក់ថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ អង្គការ PSE ជាអង្គការ មិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណង ជួយដល់កុមារក្រីក្របំផុត ដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះ ចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ៕  

សម្ដេច​ធិបតី៖ ពលរដ្ឋកម្ពុជាដាច់ខាត​មិនអាច​ស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ ប៉ុន្ដែត្រូវ​ខិ​តខំខ្លួនឯ​ង

2026/07/02 08:15:18 pm        145
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់​ឆ្នាំសិក្សា២០២១-២០២៤, សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជនកម្ពុជា ដាច់ខាត​មិនត្រូវ​​ស្ថិតនៅក្នុងផ្នត់គំនិតរង់ចាំគេផ្ដល់ឱ្យនោះទេ ប៉ុន្ដែត្រូវ​ខិ​តខំខ្លួនឯ​ងលើការ​អនុវត្តការងារ​ផ្សេងៗ និងការ​សិក្សា ព្រោះមានតែយើងមានសមត្ថភាពប៉ុណ្ណោះទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ក្នុងឱកាសនោះសម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងអំពី ទ្រឹស្ដី «ឱ្យសន្ទូច» ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យចេះរស់នៅដោយខ្លួនឯង ចេះច្នៃប្រឌិត និងមិនរង់ចាំការផ្ដល់ឱ្យពីអ្នកដទៃ។ សម្តេចធិបតី បានបញ្ជាក់ថា ពាក្យមួយដែលថា យើងឱ្យសន្ទួចហើយរៀនចាប់ត្រីដោយខ្លួនឯង ពាក្យនេះសំខាន់ណាស់ ចាប់ផ្តើមឡើងពីការឱ្យត្រី ដែលមនុស្សកំពុងតែលំបាកឱ្យអាហារហូបសិន ហើយយើងឱ្យរៀនដើម្បីមានសមត្ថភាពចិញ្ចឹមខ្លួនឯង នេះគឺជាក្ខុវិស័យដ៏ត្រឹមត្រូវ ដើម្បីចីរភាព និងនិរន្តរភាព។ សម្តេចធិបតីបានបន្ថែមថា យើងមិនអាចត្រឹមតែឱ្យអាហារតែប៉ុណ្ណោះទេ ប៉ុន្តែការកសាងធន់ធានមនុស្សដែលមានសមត្ថភាព និងភាពម្ចាស់ការ, ការឱ្យសន្ទូចមិនមែនត្រឹមតែមានលទ្ធភាពរស់បានដោយខ្លួនឯងទេ ប៉ុន្តែអ្វីដែលសំខាន់គឺផ្នត់គំនិត «បើឱ្យត្រីអត់ខំប្រឹងទេ ដឹងតែដល់ពេលបានគេយកមកឱ្យប៉ុណ្ណឹងមិនដឹងធ្វើអីទៀត» ប៉ុន្តែបើឱ្យសន្ទួច គឺបណ្តុះផ្នត់គំនិតម្ចាស់ការខ្លួនឯង រៀនច្នៃប្រឌិតខ្លួនឯង កុំរង់ចាំគេផ្តល់ឱ្យ កុំរង់ចាំដល់គេប្រាប់ថាធ្វើអី? បើយើងមានមូលដ្ឋានខ្លួនឯង មានសមត្ថភាពហើយ ត្រូវចេះបំប្លែង និងច្នៃប្រឌិតសមត្ថភាពខ្លួនឯង និងចេះរកអ្វីដែលថ្មីៗ ទើបយើងអាចទទួលបានជោគជ័យ។សូមជម្រាបថាគោលនយោបាយបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ ត្រូវបានដាក់ចេញយ៉ាងម៉ឺងម៉ាត់ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយចាត់ទុកមូលធនមនុស្សជា «ដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ កម្មវិធីនេះផ្ដោតលើការកសាងសមត្ថភាព ជំនាញបច្ចេកទេស និងក្រមសីលធម៌ ដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព។ គោលនយោបាយ និងសមិទ្ធផលសំខាន់ៗ រួមមាន៖ ទី១. កម្មវិធីជាតិបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់, ទី២. យុទ្ធសាស្ត្របញ្ចកោណ និងវិស័យអប់រំ-ការងារ និងទី៣ ការកែទម្រង់ និងអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ៕  

សម្ដេចធិបតី ណែនាំក្រសួងការងារ បន្តធ្វើការជាមួយអង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស

2026/07/02 08:05:04 pm        120
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តសហការ និងគាំទ្រដល់អង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជួយដល់សង្គមជាតិ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលគាំទ្រ និងសហការល្អជាមួយ PSE និងបានជំរុញដល់ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានីភ្នំពេញបានជួយគាំទ្របន្ថែមទៀតដើម្បីជួយដល់កុមារកម្ពុជាដែលមានជីវភាពក្រីក្រ និងខ្វះខាត។ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឲ្យចូលក្នុងអង្គការ PSEផងដែរ។ សម្ដេច ក៏បានថ្លែងអំណរគុណដៃគូ ដែលឧបត្ថម្ភគាំទ្រដល់អង្គការ PSE និងសូមបន្ដគាំទ្របន្ថែមទៀត។ សម្ដេចធិបតីបានថ្លែងថា៖«ចំណែកក្រសួង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមធ្វើការជាមួយអង្គការ PSE ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ជំនាញវិជ្ជាជីវៈដល់ដល់សិស្សនៅអង្គការ PSE នេះបន្តទៀត»។ បើតាមលោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានឱ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។ ក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំនេះ លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានបង្ហាញះនូវចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តកាន់តែរឹងមាំលើការដឹកនាំអង្គការ PSE ជាមួយនឹងអាទិភាពសំខាន់ៗមួយចំនួនដូចជា៖ អាទិភាពទីមួយ៖ គឺការជួយកុមារ យុវជន និងគ្រួសាររបស់ពួកគេ ឱ្យឈានទៅរកឯករាជ្យភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ យើងជឿជាក់ថា ការអភិវឌ្ឍប្រកបដោយចីរភាព គឺផ្អែកលើការពង្រឹងសមត្ថភាពរបស់គ្រួសារឱ្យអាចឈរជើងដោយខ្លួនឯងបាន។ ដូច្នេះ យើងចង់ «ធ្វើការរួមគ្នាជាមួយគ្រួសារ» មិនមែន «ធ្វើជំនួសគ្រួសារ» នោះឡើយ។ អាទិភាពទីពីរ៖ គឺការបន្តលើកកម្ពស់គុណភាពនៃកម្មវិធីអប់រំរបស់យើងឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងសាលាពន្លឿន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាទិភាពទីបី៖ គឺការធានាថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់យើងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងអាទិភាពទីបួន និងជាអាទិភាពចម្បងចុងក្រោយ គឺការបន្តពង្រឹងនិរន្តរភាព នៃគំរូប្រតិបត្តិការរបស់អង្គការ។ ក្នុងន័យនេះ យើងមានកិត្តិយស សូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ស្ថាប័នរដ្ឋ និងដៃគូឯកជនជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិភាក្សាការងារជាមួយគណៈប្រតិភូ ICRC បន្តពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌

2026/07/02 07:50:56 pm        168
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម (ICRC) ដឹកនាំដោយលោក យឺគ ម៉ុងតានី ប្រធានប្រតិភូ ICRC ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា។​ក្នុងជំនួបនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរបស់កម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មក៖ កិច្ចសហប្រតិបត្តិការកន្លងមក៖ ICRC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកគ្រួសារដែលបែកគ្នា ការផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ និងការសម្របសម្រួលជួយដោះលែងយុទ្ធជនកម្ពុជាដែលត្រូវបានឃុំខ្លួនក្នុងសម័យជម្លោះប្រដាប់អាវុធកន្លងទៅ។សម្ដេចបានស្នើឱ្យ ICRC បន្តជួយគាំទ្រលើផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាលធនធានមនុស្ស និងថវិកា ដើម្បីពង្រឹងសមត្ថភាពដល់ កាកបាទក្រហមកម្ពុជាបន្ថែមទៀត។នៅក្នុងឱកាសនេះលោក យឺគ ម៉ុងតានី បានសន្យាបន្តជួយឧបត្ថម្ភគ្រប់រូបភាពទាំងធនធាន និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជា។ លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ដែលបានចុះអប់រំសហគមន៍តាមបណ្តោយព្រំដែន អំពីហានិភ័យនៃគ្រាប់មីនបានយ៉ាងសកម្ម។សូមជម្រាបថាឆ្នាំឆ្នាំ២០២៦នេះ ICRC គ្រោងនឹងបញ្ជូនគណៈប្រតិភូមកបំពេញការងារនៅកម្ពុជាចំនួន ៦ ទៅ ៨សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ និងជម្លោះប្រដាប់អាវុធ ព្រមទាំងរៀបចំសិក្ខាសាលាអន្តរក្រសួងស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ៕ 

កិច្ចព្រមព្រៀងបើកចំហជើងមេឃកម្ពុជា-អាមេរិក រំពឹងជំរុញការដឹកជញ្ជូនតាមផ្លូវអាកាស និងពង្រីកការនាំចេញ

2026/07/02 06:33:30 pm        331
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងដឹកជញ្ជូនតាមផ្លូវអាកាស បានវាយតម្លៃថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក នឹងបង្កើតឱកាសថ្មីសម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងជួយលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក គ្រីស្តូហ្វើរ ឡានដូ (Cristopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ជុំវិញកិច្ចព្រមព្រៀងនេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និង​សហរដ្ឋអាមេរិក​ គឺជាវឌ្ឍនភាពមួយ​សម្រាបវិស័យអាកាសចរណ៍កម្ពុជា​ ដែលនេះអាចឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ​ ហើយ តាមរយៈកិច្ចព្រមព្រៀងនេះ នឹង​ជំរុញឱ្យមាន​ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលអនាគត។ លោក​ រំពឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ​ នឹងជួយឱ្យតម្លៃដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស​រវាងប្រទេសទាំងពីរកាន់តែមានភាពប្រកួតប្រជែងជាងមុន​។​សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលឈរនៅលំដាប់ទី២ នៃតារាងស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គ្រាន់តែក្នុង រយៈពេល ៥ខែដើមឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់សរុប ៥,៩៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ក្នុងនោះ ទំនិញកម្ពុជា បាននាំទៅអាមេរិកមានទឹកប្រាក់​ ៥,៧៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១,៥% ខណៈដែល អាមេរិកនាំមកកម្ពុជាវិញមានចំនួនជាង ២៣១ លានដុល្លារអាមេរិក កើនឡើង ៩២,៥%។ ទោះបីយ៉ាងណា ក្នុង​រយៈពេល ៥ខែនៃឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជនជាតិអាមេរិកចំនួន ៩១ ០២០នាក់ បានធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ថយចុះ ១១,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍៕ អត្ថបទ៖ ធូ វិរៈ  

“សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា” ប្រកាសទទួលស្គាល់ជាផ្លូវការដើម្បីផ្តល់ទំនុកចិត្តដល់សហគមន៍កសិកម្ម

2026/07/02 06:14:44 pm        241
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយ ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើបទូទាំងប្រទេស។ផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងកម្មវិធីនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។ នៅមុនបញ្ចប់កម្មវិធី ឯកឧត្តម ឌិត ទីណា បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន៣២។ ជាមួយនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម ដើម្បីទទួលបានផលចំណេញរួមគ្នា ដោយឈរលើគោលការណ៍ស្មោះត្រង់ បង្កើនទំនុកចិត្ត អភិបាលកិច្ចល្អ និងការជឿជាក់គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕អត្ថបទ៖ ឈិត បូរ៉ាវី  

សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

2026/07/02 05:22:16 pm        487
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​បន្ត​លើក​ឡើងអំ​ពីស្ថានភាពការលេងកីឡាបាល់ទាត់ពិភពលោកបន្តទៀត ក្នុងនោះ​សម្ដេច​បាន​មើល​ឃើញ​ថា បើយោង​តាម​ការ​ប្រែប្រួល​នៃ​ភូមិ​សាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយ​ប្រទេស​ក្រីក្រ​ប្រជាជនតិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ សម្ដេចតេជោបានថ្លែងថា ថ្ងៃមុនសម្ដេចបាននិយាយពី (បាល់មូល) ក្រោយ​ការ​ប្រកួត​កន្លង​មក​និង​យប់​កន្លង​ទៅ​នេះ​យើង​គួរ​តែ​ចាប់​ផ្តើម​និយាយ​ពី​(ភូមិសាស្ត្រ​បាល់​ទាត់)​ដែល​វា​ខុស​ពី​ភូមិ​សាស្ត្រ​នយោបាយ​ទាំង​ស្រុង។ ពេលមុនខ្ញុំតែងនិយាយថា​លើ​ពិភព​លោក​ស្តង់​ដា​អន្តរជាតិ​មាន​តែ​ក្នុងវិស័យ​កីឡា​មួយ​ប៉ុណ្ណោះ។​សម្ដេចតេជោមានប្រសាសន៍ថា «ឆ្លងកាត់ការ​ប្រកួតបាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​នេះ​ខ្ញុំ​សង្កេត​ឃើញថា​ភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡា​មក​ពី​ប្រទេស​ដែល​មាន​ប្រជាជនតិច និង​ជាប្រទេសកំពុងអភិវឌ្ឍ។» សម្ដេចតេជោបញ្ជាក់ថា «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និង​ចំនួន​ប្រជាជន​តិច​បាន​បង្ហាញ​ថា​បាល់​ទាត់មិន​រើសអើងប្រទេសមាន ឬក្រ​ ប្រទេសមានប្រជាជនច្រើន ឬតិច​នោះ​ទេ​ដែល​នេះ​វា​ជា​(ភូមិសាស្ត្រ​បាល់​ទាត់) ដែល​នេះ​វា​ខុស​គ្នាទាំង​ស្រុង​ជាមួ​យ​ភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិភព​លោក​កំពុង​ជ្រួល​ច្របល់​បាត់​សណ្តាប់ធ្នាប់»។សម្ដេចតេជោបញ្ជាក់ថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពី ប្រទេស​អ្នក​មានត្រឡប់​ទៅ​ប្រទេសវិញ​តាំង​ពី​ប្រកួត​សន្សំ​ពិន្ទុ​រហូត​ដល់​ការ​ប្រកួត​៣២​ក្រុម​ និង​ប្រសិន​មិន​អាច​យក​ឈ្នះក៏​ធ្វើ​ឲ្យ​ប្រទេស​អ្នក​មាន​មាន​ការ​ព្រួយ​បារម្មណ៍​ពេល​ក្រុម​បាល់​ទាត់​មក​ពី​ក្រីក្រ​ទាត់​បញ្ចូល​ទីឡើងប៉ោងសំណាញ់។សម្ដេចតេជោសង្គត់ធ្ងន់ថា «យោងតាមការប្រែប្រួល​នៃ​ភូមិសាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយប្រទេសក្រីក្រប្រជាជន​តិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»។សម្ដេចតេជោលើកឡើងថា សម្ដេចមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិ​សាស្ត្រ​បាល់​ទាត់​) ហើយឬនៅទេ ប៉ុន្តែសម្រាប់សម្ដេចឱកាសត្បូង ត្បូង​បាន​និង​កំពុង​មក​ដល់​ហើយ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM