អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ

2026/07/05 10:56:24 pm        208
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ជាមួយគ្នានេះ លោកជំទាវ បានណែនាំអាជ្ញាធរជាតិព្រះវិហារឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូ អន្តរជាតិដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុង តំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អង្គការយូណេស្កូ និងដៃគូអន្តរជាតិនានាដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ ហើយអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអនុវត្តបេសកកម្ម នេះឱ្យបានជោគជ័យ។អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក Flavio BONETTI ប្រធានការិយាល័យអង្គការ យូណេស្កូប្រចាំកម្ពុជា តំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុង សហគមន៍មូលដ្ឋានសរុបប្រមាណ៥០០នាក់។អង្គពិធីក៏បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការ អភិរក្សនិងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់បានខិតខំប្រឹងប្រែងសម្រេចបានក្នុង រយៈពេល១៨ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពី ឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន៥៦២កន្លែង បានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។ អង្គពិធីក៏បានស្តាប់របាយការណ៍របស់ ឯកឧត្តម អភិបាលខេត្ត ដែលបានបញ្ជាក់ឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ និង ទទួលខុសត្រូវចំពោះការរៀបចំមណ្ឌលសុវត្ថិភាព និងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋភៀសសឹក ហើយបាន រៀបចំលំនៅឋានស្នាក់នៅរយៈពេលយូរជូនប្រជាពលរដ្ឋដែលមិនទាន់អាចវិលទៅកាន់ភូមិរបស់ខ្លួនបាន។អាជ្ញាធរជាតិព្រះវិហារក៏បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាម អនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear រួមមាន៖ (១)ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម (២)ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត (៣)ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល (៤) ការថតឯកសារ 3D ប្រាសាទ ទាំងមូល និង(៥)ការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។ កិច្ចការទាំងអស់បានទទួលការចូលរួមថវិកាពីរាជរដ្ឋាភិបាល អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិព្រះវិហារ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារ ព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស។អង្គពិធីទាំងមូលក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងវីរយុទ្ធជនគ្រប់ជំនាន់ ដែលបានដឹកនាំ ការពារ ថែរក្សា បូរណភាពទឹកដី និងសម្បត្តិបេតិកភណ្ឌវប្បធម៌នានារួមទាំងប្រាសាទព្រះវិហារ។ពិធីអបអរសាទរនេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងមោទនភាពជាតិខ្ពស់ ឆ្លុះបញ្ចាំងពី ស្មារតីសាមគ្គីភាព និងការស្រឡាញ់ថែរក្សាវប្បធម៌ជាតិដ៏ជ្រាលជ្រៅ៕ អត្ថបទ : វង្ស សុភាព

សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់

2026/07/05 10:39:33 pm        317
សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងខេត្ត គណៈបញ្ជាការខេត្តបន្ទាយមានជ័យ អមដោយគណៈបញ្ជការក្រុង អាជ្ញាធរមូលដ្ឋាន។មន្ត្រីនិងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលនិងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង និងទីតាំងសង្ស័យ ០២ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍មួយចំនួន។មន្ត្រីអាជ្ញាធរ សមត្ថកិច្ចបានចុះឆែកឆេរ និងបង្ក្រាបបិទទីតាំងចំនួន ០៣កន្លែង និងទីតាំងសង្ស័យចំនួន ០២ទីតាំង ៖១- ឃ្លាំងមួយទីតាំងនៅភូមិចកសង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាង១០០នាក់ ។២- ផ្ទះ២ល្វែងនៅបុរីចិនខ្មៅ(សារឿន) ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។ ៣- នៅអគារភោជនីយដ្ឋាន-ហាងស៊ុបស្មងគោ ភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនជនបរទេសបានជាងម្ភៃនាក់។៤- ផ្ទះជួលក្បែរបរិវេណខារ៉ាអូខេហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា និង៥- ផ្ទះមួយកន្លែង នៅជាប់មាត់ស្ទឹងស្ថិតនៅ ភូមិ៣ សង្កាត់ព្រះពន្លា ។កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធនិងអនុវត្តនីតិវិធី លើទីតាំងទី៤និងទី៥ នេះ ប៉ុន្តែថា មិនមានឃាត់ខ្លួនបានជនបរទេសទេ ។មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចបាននឹងបន្តនិតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ : វង្ស សុភាព

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន

2026/07/05 08:04:11 pm        236
កំពង់ចាម៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ តាមរយៈការប្រើច្បាស់អន្តរជាតិ ខណៈអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក៏បានគាំទ្រកម្ពុជា ដែលបានជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយរឿងនេះ ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិខ្ទឹង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា ការជ្រើសយកយន្តការច្បាប់អន្តរជាតិ មកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជារឿងត្រឹមត្រូវ ព្រោះកាលណាជ្រើសយកការប្រយុទ្ធគ្នា ឬសង្គ្រាម នឹងបន្តឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងមហន្តរាយផ្សេងៗ ហើយមានតែការខាតបង់ គ្មានចំណេញអ្វីទាំងអស់ ។ ឯកឧត្តម បានបន្តថា យ៉ាងណាក៏ដោយ ទោះបីជាប្រជាពលរដ្ឋដ៏ច្រើនលើសលុប បានគាំទ្ររាជរដ្ឋាភិបាល ក្នុងការយកច្បាប់អន្តរជាតិមកដោះស្រាយនូវបញ្ហាព្រំដែន ប៉ុន្តែក្រុមអគិតប្រឆាំង ដែលមានចេតនាអាក្រក់ចង់ឲ្យខ្មែរបែកបាក់ជាតិនោះ តែងតែញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ។ ជាមួយនេះ ប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច បានជំរុញដល់ប្រជាពលរដ្ឋបន្តខិតខំប្រកបរបរទទួលទាន យកការឈឺចាប់ពីអំពើឈ្លានពានរបស់ប្រទេសថៃ ពង្រឹងសេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រទេសយើងកាន់តែរឹងមាំ ខណៈឯកឧត្តម និងក្រុមការងារ ក៏បានប្ដេជ្ញាបន្តជួយអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយដល់ពលរដ្ឋ ដែលគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណបណ្ណហួសកាលបរិច្ឆេទ ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណបណ្ណ រួមជាមួយនឹងការចុះឈ្មោះបោះឆ្នោត ឲ្យបានទាន់ពេលវេលា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស និងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតនោះ ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ក៏បានថ្លែងឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ សម្រាប់កសាងឈាបនដ្ឋាន (ទីបច្ឆាបូជាសព) និងដងទង់ចំនួន២ដើម នៅក្នុងវត្តទង់ត្រឡាច។ ចំពោះគ្រឿងឧបភោគបរិភោគ ដែលឯកឧត្តម និងក្រុមការងារនាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋ រួមមានថ្នាំពេទ្យ ម្សៅទឹកដោះគោ និងថវិកាចំនួន ៨លានរៀលជាដើម ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ក៏បានប្រគេនព្រះសង្ឃនូវស៊ីម៉ង់ចំនួន ៥តោន ដើម្បីរៀបចំលម្អស្រះទឹក នៅក្នុងវត្តខ្ទឹង ឲ្យកាន់តែមានសោភ័ណភាពស្អាតផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាថ្មីចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងទឹកដីកម្ពុជា

2026/07/05 06:38:30 pm        728
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន​។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បញ្ជាក់ជាថ្មីជូនជនរួមជាតិ អំពីស្ថានការណ៍​វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ នៅថ្ងៃទី៥ ខែកក្កកដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន​។ ការតវ៉ានេះ​ធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000)។រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានលើកឡើងខាងលើនោះទេ ប៉ុន្តែ ថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ២០២៥មក។ កម្ពុជាសូមបញ្ជាក់ថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែងនៃជម្លោះព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការ​នូវគ្រប់ចំណុចទាំងអស់​ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យ​ភាព បូរណភាពទឹកដី​កម្ពុជាពីសំណាក់កងកម្លាំងថៃ​។ ការតវ៉ានេះមានសារសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាត​នូវ​ការរំលោភឈ្លានពាន។ ឯកសារតវ៉ាជាផ្លូវការនេះ​ក៏មានតម្លៃគតិយុត្តមិនអាចខ្វះបាន​ដើម្បីដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ​ និងជួយរក្សាអាជ្ញាយុកាល​នៃវិវាទឱ្យស្ថិតនៅជាធរមាន​រហូតទាល់តែមានដំណោះ​ស្រាយជាស្ថាពរ។ទន្ទឹមនឹងការតវ៉ានេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក៏បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជូនប្រធាន និងតំណាងប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន៤២រូប។ បទបង្ហាញនេះធ្វើឡើងក្នុងគោលបំណងបង្ហាញព័ត៌មាន​ពិតជូនដល់អ្នកការទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា​ឱ្យបានជ្រាបដោយផ្ទាល់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជាថៃ។ក្រៅពីធ្វើបទបង្ហាញជាញឹកញាប់នៅឯទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែ​សម្របសម្រួលឱ្យ​អង្គទូត និងតំណាងអង្គការអន្តរជាតិ​ទាំងនោះទៅទស្សនកិច្ច​ដោយផ្ទាល់នៅទីតាំងដែលកងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជាថៃជាញឹកញាប់ដែរ។ ពួកគេគែជាសាក្សីផ្ទាល់ភ្នែក​ដ៏សំខាន់ចំពោះអ្វីដែលបានកើតឡើង។ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនសាធារណជនជ្រាបជាថ្មីម្តងទៀតអំពីជំហរ​ម៉ឺងម៉ាត់ និងឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនថា៖ ក្នុងនាម​ប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្ត​យ៉ាងម៉ឺងម៉ាត់នូវ​បទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់​នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជាថៃ។កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

គ្រួសារកងទ័ព៥០គ្រួសារនៅស្រុកវ៉ារិនទទួលបានអំណោយស្បៀង និងថវិកាពីតំណាងរាស្ត្រសៀមរាប

2026/07/05 06:23:16 pm        144
នៅថ្ងៃទី​៤​ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​រួម និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកា​ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន៥០គ្រួសារដែលរស់នៅក្នុងឃុំស្វាយសស្រុកវ៉ារិន ខេត្តសៀមរាប​ ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខព្រំដែនកម្ពុជា ថៃ។ឯកឧត្តម ប៊ុន ថាឫទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានមានប្រសាសន៍ថាដើម្បីធានាថាគ្រួសារកងទ័ពនៅសមរភូមិក្រោយមិនមានការខ្វះខាត និងដើម្បីបញ្ជាក់ថាកងទ័ពនៅជួរមុខមិននៅឯកោឡើយ ដោយមានការគាំទ្រជានិច្ចពីថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ហើយក្នុងនាមតំណាងរាស្រ្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីសុខទុក្ខ ការលំបាក និងសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយក៍ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដែលតែងតែធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិផងដែរ ។ឯកឧត្តម ប៊ុន ថាឫទ្ធិ​បន្តថា យើងអាចដេកលក់ស្រួល ប្អូនៗក្មួយៗអាចទៅសាលារៀនដោយរីករាយ ហើយប្រទេសជាតិអាចអភិវឌ្ឍទៅមុខបាន ក៏ដោយសារតែមានការលះបង់ដ៏ធំធេងពីសំណាក់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែន ។ឯកឧត្តមក៏បានថ្លែងបញ្ជាក់ថា បងប្អូនជាភរិយា ជាមាតាបិតា ឬជាកូនៗរបស់យុទ្ធជនយើង ត្រូវរស់នៅឆ្ងាយពីស្វាមី ពីកូន ឬពីឪពុក ដែលពួកគាត់កំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ ហើយ ការលះបង់របស់បងប្អូននៅទីនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះបងប្អូនគឺជា "បង្អែកដ៏រឹងមាំផ្នែកខាងក្រោយ" ដែលធ្វើឱ្យយុទ្ធជនយើងនៅជួរមុខ មានទឹកចិត្តប្រយុទ្ធ និងបំពេញភារកិច្ចដោយគ្មានការបារម្ភ​ហើយបើសិនបងប្អូនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិ ឃុំ ដើម្បីរួមដោះស្រាយការងារ និងកង្វល់ជូន និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យដែលកន្លងមកយើងធ្វើការងារការទូតច្បាប់ផងដែរ។ក្នុងនាមអ្នកតំណាងរាស្ត្រ ឯកឧត្តម ប៊ុន ថាឫទ្ធិ​ ​ក៍បានមានប្រសាសន៍ថានឹងបន្តគាំទ្រ និងជំរុញរាល់គោលនយោបាយទាំងឡាយណាដែលលើកកម្ពស់ជីវភាព និងគាំពារដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពឱ្យកាន់តែប្រសើរឡើង ហើយកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។ឯកឧត្តម អ្នកតំណាងរាស្ត្របន្ថែមថាថ្ងៃនេះក្រុមការងារចុះជួយឃុំស្វាយស បាននាំយកមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាបន្តិចបន្តួច ដែលជាទឹកចិត្តសប្បុរសធម៌ ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនមួយគ្រា។ អំណោយទាំងនេះ ទោះបីជាមិនបានបំពេញរាល់តម្រូវការរបស់បងប្អូនទាំងអស់ក៏ពិតមែន ប៉ុន្តែវាជា "ទឹកចិត្ត គិតគូរ និងការដឹងគុណ" យ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងរបស់យើងខ្ញុំទាំងអស់គ្នា ចំពោះវីរភាពរបស់គ្រួសារកងទ័ពផងដែរ៕

ពលរដ្ឋខេត្តកំពង់ចាមទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃពីគ្រូពេទ្យនៃវិទ្យាស្ថានភ្នែកនេប៉ាល់

2026/07/05 06:15:55 pm        145
ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ បានទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃជូនពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពភ្នែក ថ្នាំបន្តក់ និងផ្តល់វ៉ែនតាឱ្យដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទីលុម្ពីនី ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយ សភាពាណិជ្ជកម្ម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ០៤ខែ កក្កដាឆ្នាំ២០២៦នៅមន្ទីរពេទ្យបងឯកខេត្តកំពង់ចាម។នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការរៀបចំពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយថវិការបស់បងប្អូនបានមួយកម្រិតធំ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ ព្រមទាំងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា នាំយកនូវសេវាសុខាភិបាលដ៏មានសារៈសំខាន់នេះមកជូនប្រជាពលរដ្ឋខេត្តកំពង់ចាម។ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកលំដាប់ខ្ពស់ពីរប្រទេសនេប៉ាល់មកកាន់ខេត្តកំពង់ចាមនាពេលនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ (នេប៉ាល់-កម្ពុជា) ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ៕

អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបន្តឆ្លើយតបសេវាតាមតម្រូវការពលរដ្ឋ

2026/07/05 06:06:03 pm        144
ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប បានស្នើនិងជំរុញដល់មន្ត្រីបក្សគ្រប់ឋានុក្រម ត្រូវ ចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ដោយទទួលយកសំណូមពរ និងឆ្លើយតបសេវាជូនពលរដ្ឋតាមតម្រូវការដែលពួកគាត់ បានស្នើសុំអន្តរាគមន៏ពីមន្ត្រីបក្សរបស់យើង ។ ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ក្នុងឪកាសឯកឧត្តមអញ្ជើញផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី២ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមកាងារ ចុះជួយស្រុក/ឃុំ គោលដៅ និងលោក លោកស្រីថ្នាក់ដឹកនាំបក្សនៅទូទាំងស្រុកប្រមាណជាង២០០នាក់ផងដែរ ។ ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម សៅ សុខា នូវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ និងថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន ដែលកន្លងមកបានរួមសម្រេច កិច្ចការបំរើគណបក្សទទួលបានលទ្ធផលល្អនូវលើគ្រប់វិសយ័ ធ្វើអោយសង្គមជាតិទទួលបានសន្តិសុខល្អ បង្កអោយក្រុមវិនិយោគចូលមកបង្កើតទីផ្សាការងាជូនពលរដ្ឋបានរាប់ម៉ឺនកន្លែងថែមទៀត ។ ដើម្បីច្បាមយកជំនឿ និងសមាចិត្តពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំមន្ត្រីបក្ស ត្រូវធ្វើផែនការ និងប្រក្រតីទិនការងារចុះមូលដ្ឋាន អោយបានច្បាស់លាស់ ដើម្បីស្វែងយល់ ពីជីវភាព និងការប្របកការងាររបស់ សមាជិកបក្ស ណែនាំសមាជិកបក្ស អោយពួកគេទៅធ្វើអត្តសញ្ញាណបណ្ណ័ក្នុងករណី បណ្ណ័សមាជិកបក្សហួសសុពលភាពប្រើប្រាស់ និងមធ្យោបាយផ្សេងៗទៀតអោយបានគ្រប់គ្រាន់ ដើម្បីបំរើការបោះឆ្នោត ពិសេស បន្តដឹកនាំប្រជាការពារការពារមូលដ្ឋាន បញ្ជៀសហឹង្សា គ្រួសារ និងសង្គមជាតិ បញ្ជៀសគ្រឿងញៀន ណែនាំពលរដ្ឋអោយគោរពច្បាប់ សំដៅបង្កើនស្ថេរភាព សន្តិសុខល្អ នៅក្នុងភូមិ ឃុំរបស់យើង។  

ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

2026/07/05 05:49:51 pm        220
យ៉ាងហោចណាស់ជនជាតិចំនួន១៧០នាក់ និងជនជាតិវៀតណាមចំនួន៤៥នាក់ទៀតត្រូវបានអាជ្ញាធរ កម្ពុជាធ្វើការបណ្តេញចេញពីកម្ពុជា ដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញថាពួកគេទាំងនោះជាប់ពាក់ ព័ន្ធនិងករណី Online Scams ករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀនជាដើម។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧០នាក់ ស្រី០៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណីលួចស្នាក់នៅដោយខុសច្បាប់ ហើយពួកគេទាំងនោះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ។ ដោយឡែកជនជាតិវៀតណាមចំនួន៤៥នាក់ ក៏ត្រូវបានបណ្ដេញចេញនៅថ្ងៃជាមួយគ្នានេះដែរ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោយរកឃើញថាពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅដោយខុសច្បាប់ជាដើមនោះ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនបរទេសរាប់ម៉ឺននាក់ និងរាប់សែននាក់ផ្សេងទៀតបានចាកចេញដោយស្ម័គ្រចិត្ត បន្ទាប់ពីរកឃើញថាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬហៅថា Cyber Scams, ការរស់នៅ និងធ្វើការដោយខុសច្បាប់ ការឆ្លងដែនខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗជាដើម។ការបណ្ដេញជនបរទេសជាច្រើននាក់ចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់នេះដោយសាររាជរដ្ឋាភិបាល បានកំពុងនិងបង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញ Online Scams យ៉ាងសកម្មដូចជាភ្លៀងរលឹម ហើយយុទ្ធនាការបង្ក្រាបOnline Scamsនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសចាត់ទុកជាការងារអាទិភាព ដោយសម្តេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងកងកម្លាំងទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការ «ទប់ស្កាត់» ទៅជាការ «លុបបំបាត់» ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យអស់ទាំងស្រុងពីកម្ពុជា ដោយ គ្មានការយោគយល់ ហើយចំពោះជនល្មើសណាក៏ដោយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយ៕

កម្ពុជារំលេច​អំពីតួនាទីសំខាន់របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងការជំរុញរបៀបវារៈ២០៣០

2026/07/05 05:29:18 pm        128
ញូវយ៉ក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានគោលដៅច្បាស់ នៅក្នុង​កិច្ចសន្ទនាគោលនយោបាយរវាងក្រុមមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងក្រុមការងារអ.ស.ប. ស្តីពីការប្រើប្រាស់ភាពជាដៃគូឆ្ពោះទៅរកការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដែលត្រូវបានរៀបចំដោយស្ថានបេសកកម្មអចិន្រ្តៃយ៍ចិន នៅទីស្នាក់ការអ.ស.ប. ។ដោយគូសបញ្ជាក់ពីការកើនឡើងនៃសារៈសំខាន់របស់ GDI ក្នុង​ខួបទី៥ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើមនេះ, ឯកឧត្តមបានផ្តល់តម្លៃខ្ពស់ចំពោះ GDI ដែលមានគោលការណ៍ណែនាំដូចជាការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍, បរិយាបន្ន និងអភិក្រមផ្តោតលើប្រជាពលរដ្ឋ ហើយបាន​កត់សម្គាល់ថាគោលការណ៍ទាំងនេះស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម​ក៏បានលើកពីវិស័យអាទិភាពមួយចំនួនដែលកម្ពុជាមើលឃើញនូវសក្តានុពលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងការអភិវឌ្ឍជនបទ ការអភិវឌ្ឍជំនាញនៅក្នុងវិស័យបៃតងដែលកំពុងមានការកើនឡើង បរិវត្តកម្មឌីជីផល និងភាពធន់អាកាសធាតុផងដែរ។ឯកឧត្តមបានបញ្ចប់សុន្ទរកថាជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយគ្រប់ដៃគូដើម្បីជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ចែកជូនគ្រួសារអតីតយុទ្ធជន ២៥គ្រួសារ នៅខេត្តស្វាយរៀង

2026/07/05 05:18:51 pm        119
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ២៥គ្រួសារ ដែលរស់នៅក្នុងខេត្តស្វាយរៀង ដែលពិធីនេះបានរៀបចំឡើងនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង។ថ្លែងក្នុងឱកាសសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងបារម្ភពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយអត់ឃ្លាន ហើយគ្មានការជួយឧបត្ថម្ភដោះស្រាយនោះឡើយ។សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា បងប្អូនអតីតយុទ្ធជន គឺជារូបវន្តបុគ្គលដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។ បងប្អូនជានិមិត្តរូបនៃការលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូរំដោះជាតិ និងចូលរួមអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ ជូនដល់ប្រជាជាតិកម្ពុជារហូតដល់សព្វថ្ងៃ។ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ មកប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនទាំង ២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១បេ, មីយើង ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, សារុង ១, ក្រមា ១, អំពូលសូឡា ២, ថ្នាំពេទ្យ ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល។ជាការឆ្លើយតបនឹងកាយវិការសប្បុរសធម៌នេះ ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនដែលបោះបង់បងប្អូនអតីតយុទ្ធជនចោលក្នុងគ្រាលំបាកនោះឡើយ ព្រមទាំងបានជូនពរដល់សម្តេច និងថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំ និងជាម្លប់ដល់បងប្អូនអតីតយុទ្ធជនតទៅមុខទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតអ៊ីរ៉ង់ជំរុញសមភាគីអឺរ៉ុបជុំវិញការប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រតិបត្តិការរបស់អាមេរិក
07/31/2026 10:07 AM
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ជាថ្មីពីការផ្ដល់ការជួយគាំទ្រដល់តំបន់រងគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង៣០នាក់
07/31/2026 10:07 AM
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី
07/31/2026 10:07 AM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
07/31/2026 09:07 AM
អ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា ការចរចាអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការ ខណៈគូជម្លោះបន្តវាយប្រហារដាក់គ្នា
07/31/2026 09:07 AM
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
07/31/2026 09:07 AM
លោក Trump និយាយថាក្រុមប្រឹក្សាសន្តិភាពឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធតំបន់ហ្កាហ្សា
07/31/2026 08:07 AM
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM