អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

2026/07/04 10:37:38 pm        446
ផលិតផលក្នុងស្រុកប្រមាណ ៧០០ មុខ ត្រូវបានយកទៅប្រមូលផ្តុំដាក់លក់នៅក្នុង​“ផ្សារខ្មែរ MSME HUB(ទួលពង្រ)” ដែលវានឹងក្លាយជាមជ្ឈមណ្ឌល​តភ្ជាប់យ៉ាងសំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​។ ​ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបាន​លើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ បន្ត​ចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC)បាន​ថ្លែងថា ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានបង្កើតឡើងក្រោមផ្តួចផ្តើមបង្កើតសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស។បច្ចុប្បន្ន ផ្សារនេះ ដមានផលិតផលក្នុងស្រុកចម្លោះពី៦០០ ដល់ ៧០០ មុខ ត្រូវបានដាក់លក់ដុំនិងរាយ ហើយ​ CPMEC នៅតែបន្តទទួលយកផលិតផលក្នុងស្រុកមកតាំងលក់បន្ថែម​ទៀត​។ចំណែក តំណាងឱ្យសហគ្រាសផលិតផលក្នុងស្រុក​បាន​បង្ហាញក្តីរីករាយ ដែលមានឱកាសនាំយកផលិតរបស់ខ្លួនមកលក់នៅ“ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ដោយ​ពួកគេរំពឹងថា ផលិតផលរបស់ពួកគេកាន់តែមានទីផ្សារទូលំទូលាយជាងមុន និងទទួលបានសន្ទុះគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ។​ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” នឹងបន្តដំណើរតាំងពិព័រណ៌ផលិតផលខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការប្រគុំតន្រ្តីសម័យ និង​មានការសម្តែងសិល្បៈបុរាណខ្មែរ។ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” មានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ

ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ

2026/07/04 10:17:16 pm        237
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិង​កំពុង​បើក​ដំណើរ​ការ​នៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរ​កម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេស​មាន​ស្ថាន​ទូត​តាម​ប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​ផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្តោតការយកចិត្តទុកដាក់ សម្របសម្រួលឲ្យស្ថានទូតតាមប្រទេសនានា រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយបុណ្យជាតិ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បណ្តាប្រទេស នៅតាមផ្លូវថ្មើជើងចតុមុខនោះ ដែលការងារនេះ គឺបានរួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងធ្វើឲ្យទេសចរអន្តរជាតិតាមប្រទេសនានានោះ ស្គាល់កម្ពុជា និងនាំគ្នាមកទស្សនាកម្ពុជាកាន់តែច្រើន។លោក បន្តថា ក្នុងឆ្នាំ២០២៦នេះ សំគាល់ឃើញថា មានស្ថានទូតបណ្តាប្រទេសជាច្រើនប្រចាំនៅកម្ពុជា រួមមាន៖ ស្ថានទូតឥណ្ឌា ស្ថានទូតចិន ស្ថានទូតឥណ្ឌូនេស៊ី ហើយនៅល្ងាចថ្ងៃសៅរ៍ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នះទៀត គឺមានស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ក៏នឹងរៀបចំ ព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងផលិតផលអាមេរិច នៅផ្លូវថ្មើជើងចតុមុខនេះដែរ ដោយមានរៀបចំដង្ហែរក្បួនស៊ីក្លូ របស់ក្រុមដន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិច U.S Air force Pacific Brass Band ផងដែរ។លោក អាន សីហា បន្តថា មកដល់បច្ចុប្បន្ន ផ្លូវថ្មើជើងចតុមុខ បាននិងកំពុងរក្សាកំណើនទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលដើរកម្សាន្តប្រមាណពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ នៅថ្ងៃចុងសប្តាហ៍ ដែលស្ថានភាពនេះបង្ហាញថា ពលរដ្ឋម្នាក់ៗ មានចំណូលល្អប្រសើរ នាំគ្នាចេញដើរកម្សាន្តចំនួនច្រើនដង ច្រើនសារ ក្នុងមួយខែៗ និងរួមចំណែកធ្វើឲ្យគោលដៅទេសចរណ៍រាជធានីភ្នំពេញ ទទួលបានកំណើនទេសចរជាតិ អន្តរជាតិ កើនឡើងជាលំដាប់ពីមួយខែ ទៅមួយខែ៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង

2026/07/04 10:00:48 pm        131
ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ​តែ​បន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានា​យុត្តិធម៌​សម្រាប់​យុវជន​ដែល​ខិត​ខំ​សិក្សា ​និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួង​អប់រំ នៅតែប្រកាន់គោលការណ៍គ្រឹះ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួល​យក​បាន ឬអ្នកចេះគឺជាប់។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ការបន្តអនុវត្តគោលការណ៍គ្រឹះទាំង ៤ ដោយ​ម៉ឺងម៉ាត់ គឺដើម្បីលើកតម្កើងទាំងគុណភាពក្នុងការសិក្សា យុត្តិធម៌នៅក្នុងសង្គម សុច្ចរិតភាព ជំរុញ​នូវការខិតខំប្រឹងប្រែងក្នុងកសាងធនធានមនុស្ស ដែលមានសមត្ថភាព រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ៖«សរុបសេចក្ដីមក ការអនុវត្ត​គោលការណ៍ ​“អ្នកចេះគឺជាប់” នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ​មិន​មែន​គ្រាន់​តែ​ជាគោលការណ៍សម្រាប់តែការប្រឡងប៉ុណ្ណោះទេ។ ក៏ប៉ុន្ដែជាវប្បធម៌អប់រំ ដែល​ចូល​រួម​នៅ​ក្នុង​ការលើកតម្កើង ទាំងគុណភាពនៅក្នុងការសិក្សា យុត្តិធម៌ នៅក្នុងសង្គម សុច្ចរិតភាព ក៏​ដូច​ជា​ការ​ជំរុញនូវការខិតខំប្រឹងប្រែង ក្នុងការកសាងធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ សម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យស្របទៅតា​ម​គោល​ការណ៍​ក៏​ដូច​ជា​ទិស​ដៅ​របស់​រាជ​រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឱ្យជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ»។ចំណែក​សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ត​កណ្ដាល បានប្រាប់ BTV ថា ពួកគេពេញចិត្តចំពោះគោលការណ៍គ្រឹះ របស់ក្រសួងអប់រំ “អ្នក​ចេះ​គឺ​ជាប់” ពីព្រោះនេះ គឺជាការលើកទឹកចិត្តដ៏ធំសម្រាប់ពួកគេ។ ក្រុមសិស្សានុសិស្ស ដែល​បាន​ដាក់​គោល​ដៅ​ប្រឡងយកនិទ្ទេសល្អ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស អះអាងថា ក្រោម​ប្រឡង​ដ៏​តឹងរ៉ឹង លទ្ធផលដែលទទួលបានពីការប្រឹងប្រែង គឺជាមោទនភាព សម្រាប់គ្រួសារ និង​សង្គម​ជាតិ​។សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ អ្នកចេះគឺជាប់។ ខណៈនៅបាំងតែ ៥សប្ដាហ៍ទៀត ការ​ប្រឡងនឹងចូលមកដល់ ក្រសួងអប់រំ លើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្ស ស្វែង​យល់​ឱ្យ​បាន​ច្បាស់ពី លក្ខន្តិកៈ នៃដំណើរការប្រឡង ត្រូវបន្តការខិតខំសិក្សា និងថែរក្សាសុខភាព ដើម្បី​ត្រៀម​ការ​ប្រឡងដែលចូលមកដល់នៅខែសីហាខាងមុខនេះ៕ អត្ថបទ៖ លៀ ស៊ីណា

ក្រុមស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណរាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម

2026/07/04 09:16:33 pm        587
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង​សម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនសរុបប្រមាណជាង ៤៦ម៉ឺនលាន រៀល (៤៦៩ ០០៥លានរៀល) ។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តីមានកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងគ្នាថា តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន មិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ ហើយក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយសារមានកាតសមាជិក ប័ណ្ណ ប.ស.ស ។ បន្ថែមពីនេះ ក៏ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។ក្រុមស្រ្តីទាំងនេះ បាននិយាយឱ្យដឹងទៀតថា ការទទួលបានខាងលើនេះ ស្រ្តីទាំងអស់ដែលមានប័ណ្ណ ប.ស.ស. មិនថាធ្វើការងារតូចឬធំ ឬជាកម្មការិនីរោងចក្រ គឺទទួលបានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ ទាំងក្នុងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ ក្នុងអំឡុងពេលនេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។យោងតាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ (ពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងកូន) សរុបចំនួន ៧៨ម៉ឺន ៦ពាន់ ៥០០ នាក់ ដែលមានចំនួនកូនសរុប ៨៧ម៉ឺន ៩ពាន់ ៤៨៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល

2026/07/04 08:54:55 pm        272
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា ជុំវិញ ចបផ នេះ, ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញជាវិធានការ លើការងារកំណែទម្រង់នីតិវិធីមួយចំនួន ពាក់ព័ន្ធលើការងារចុះបញ្ជីផលិតផល (ចបផ) និងការរៀបទម្រង់ការចុះបញ្ជីយតាមអន- ឡាញ ដើម្បីផ្តល់លទ្ធភាពដល់វិស័យឯកជន ក្នុងការទទួលបានសេវាអាជ្ញាប័ណ្ណចុះបញ្ជីកាន់តែប្រសើរ។ តាមរយៈនេះដែរ ក្រសួង សង្កេតឃើញថា បច្ចុប្បន្នមានសហគ្រាស និងសិប្បកម្មមួយចំនួន ក៏បានយកស្លាកសញ្ញា (Logo) ក្រសួងទៅដាក់លើសំបកវេចខ្ចប់, បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមឱ្យផលិតករ និងសិប្បករដែលប្រើប្រាស់ សូមកុំយក Logo របស់ក្រសួងទៅដាក់លើផលិតផល ព្រោះក្រសួងមិនមែនជាសហគ្រាសសាធារណៈ ឬជាអ្នកវេចខ្ចប់នោះឡើយ។ចំណែក ចបផ, ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្នឃើញមានសហគ្រាស និងសិប្បកម្មមួយចំនួនបានអនុវត្តបានត្រឹមត្រូវ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផ្សេងទៀត បានដាក់ ចបផ នៅលើសំបកវេចខ្ចប់លើផលិតផលរបស់ខ្លួនដោយគ្មានការ អនុញ្ញាត្ត។ ឯកឧត្តម បន្តថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យបាត់ទំនុកចិត្តទីផ្សារខ្លួនឯង ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការធ្វើឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ (អ្នកដែលទិញយកទៅពិសារ)។ បញ្ហានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់ប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ទប់ស្កាត់ និងបំបាត់រាល់ផលិតផលក្លែងក្លាយនានា ដើម្បីសុខុមាលភាព និងសុវត្ថិភាពសង្គម។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញការចុះបញ្ជីផលិតផល (ចបផ) នព ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះការ ចុះបញ្ជីបានត្រឹមត្រូវ គឺបានបង្ហាញថា ផលិតផលទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន គុណភាព សុវត្ថិភាពជាប្រចាំ និងត្រូវបានធ្វើអត្តសញ្ញាណកម្មចេញពីប្រភពដែលផលិត និងនាំចូលជាក់ល័ក្ខ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេល មានបញ្ហាអ្វីមួយកើតឡើង។ បញ្ហានៃការចុះបញ្ជីផលិតផលនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ចបផ ដោយមានការបញ្ចុះថ្លៃជូន ចំពោះការស្នើសុំតាមការកំណត់នៃផលិតផល៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា

2026/07/04 08:16:44 pm        386
កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពទាំងនេះវាបានផ្ទុយនឹងវិធាន ការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅហើយក៏បានរំលោភបំពានលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(២០០០)ផងដែរ។ តាមរយៈលិខិតតវ៉ានេះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមកផងដែរ។ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែង នៃជម្លោះ ព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយភាគីថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងនោះឡើយ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងខណ្ឌមានជ័យ

2026/07/04 08:12:12 pm        363
ប្រជាពលរដ្ឋជាង១ពាន់នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ មកពីសង្កាត់ចំនួន០២ គឺសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ។ ពិធីនេះ ធ្វើឡើងក៏ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌមានជ័យ និងអស់លោកលោកស្រីសមាជិសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានឲ្យដឹងថា ៖ កិច្ចការងារគិតគូរជាសុខមាលភាពរបស់ពលរដ្ឋនេះ គឺជាការងារអាទិភាពសំខាន់ណាស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងមកដល់រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទុកវិស័យ០២ជាអាទិភាពគោលចម្បង គឺវិស័យអប់រំ និងសុខាភិបាល ។ ពលរដ្ឋ ក៏សម្តែងការថ្លែងអំណរគុណ ចំពោះប្រមុខរដ្ឋាភិបាល ដែលតែងតែនៅគៀកគិត និងគិតគូរពីសុខភាពរបស់ប្រជាជនគ្រប់ៗរូប ពិសេសតាមរយៈការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃនេះ ក៏ជាផ្នែកដ៏សំខាន់ ជួយសម្រាលបន្ទុក នៃការចំណាយរបស់ពលរដ្ឋ លើសេវាថែទាំសុខភាពងដែរ ។ សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនេះ រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ វាស់សម្ពាធឈាម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង វាស់ភ្នែក ចែកវ៉ែនតា និងព្យាបាលរបួស៕ អត្ថបទ៖ លីហេង 

គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ

2026/07/04 06:26:37 pm        631
គ្រូ​បង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាម​សាលា​ដែល​ខ្វះ​គ្រូ​បង្រៀន​ បានរយៈពេលជិត ១ឆ្នាំហើយ​។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម​។វត្តមាន​គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញ​បង្រៀន​ភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ ជួយ​បង្រៀន​សិស្ស​តាម​សាលាបឋមសិក្សាខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ បង្រៀន​ចាប់​ផ្ដើម​តាំង​ពីការចាប់ផ្ដើមនៃបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សាត្រពាំងក្រូច ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន​មាន​គ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ១០នាក់ ជួយលើការបង្រៀនសិស្ស។ សាលា​រៀន​មួយនេះ ជួបបញ្ហាខ្វះគ្រូបង្រៀនរយៈពេលជាង ១០ឆ្នាំមកហើយ ដោយកន្លងទៅ សាលា​ត្រូវ​បង្រៀន​ផ្គួប​ថ្នាក់ សិស្សលើសចំនួនកំណត់ គ្រូត្រូវបង្រៀនពីរវេន ត្រូវស្នើសុំគ្រូមក​ពី​សាលា​ផ្សេង​ដើម្បី​ជួយ​បង្រៀន ហើយនាយក នាយករង ក៏ត្រូវបង្រៀនសិស្សដោយផ្ទាល់ផងដែរ។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានជួយ​លើ​ការ​ងារ​បង្រៀន​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ ​បង្ហាញ​នូវក្ដីពេញ សប្បាយចិត្ត ពោពេញដោយក្ដីមោទនភាព ដែលខ្លួន បានរួម​ចំណែក​ចូល​រួម​លើ​ការ​ងារបណ្ដុះធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ ពួកគេបំពេញការងារ ចេញ​ពី​បេះដូ​ង ​ដោយមានគោលបំណងរួមសំខាន់មួយគឺ កសាងធនធានមនុស្សដែលមានសមត្ថភាព មាន​ចំណេះដឹង សម្រាប់ការរីកចម្រើនរបស់ជាតិ។លោកគ្រូ បៀន ហុល នាយកសាលាបឋមសិក្សា ត្រពាំងក្រូច បានលើកឡើងដែរថា វត្តមានគ្រូបង្រៀន​ផ្អែក​លើកិច្ចព្រមព្រៀងការងារទាំង ១០រូប ពិតជាបានរួមចំណែកជួយសម្រួល​ដល់​ដំណើរ​ការ​សិក្សា​នៅសាលារបស់លោក។ គ្រូបង្រៀនមិនចាំបាច់បង្រៀនពីរវេនដូចមុន សិស្ស​មួយ​ថ្នាក់​ក៏មានចំនួនដល់ ៦០ទៅ ៧០នាក់ដូចមុន ហើយសាលា​ក៏​មិន​បាន​ស្នើ​សុំ​គ្រូ​មក​ពី​សាលា​រៀន​ដទៃ​ទៀតដែរ។ ក្នុងនាម ជាគណៈគ្រប់គ្រងសាលា លោកគ្រូ ពិតជាសប្បាយចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាននេះ។ពាក់ព័ន្ធនឹង​បញ្ហាខ្វះគ្រូបង្រៀននេះដែរ ក្នុងឆ្នាំ ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងនាពេលថ្មីៗនេះដែរថា នឹង​មាន​ការ​ប្រឡង​ជ្រើស​រើសគ្រូបង្រៀនជាង ៥ពាន់កន្លែង៕ អត្ថបទ៖ គឹម ហុក  

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ

2026/07/04 06:12:43 pm        302
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូ​ពេទ្យ​ទាំង​អស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយ​នឹង​ការ​សង្គ្រោះអ្ន​ក​ជំងឺ​ដោយ​ក្តី​មេត្តា ​និងការទំនុកចិត្ត ។ ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេក​ទេសទន្ត​សាស្ត្រ​ឈាន​មុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវ​ខិតខំអភិវឌ្ឍន៍សមត្ថភាព ស្របពេលមានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យាសកលលោក ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយសិក្សាមានចំណេះដឹងឲ្យពិតប្រាកដ ច្បាស់​លាស់​ទាំង​ការ​ព្យាបាល ការបកស្រាយពន្យល់ទៅដល់អ្នកជំងឺ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវ​ចាំ​ថា​រាល់​អ្នក​ជំងឺ​មករកសេវាសុខាភិបាលពីខ្លួន ដោយសារមានទុកចិត្ត ហើយគ្រូពេទ្យត្រូវ​តែ​មាន​ជំនាញ​អាច​ស្ដាប់ អាចពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺ ដែលហេតុផល​ទាំង​អស់​នេះ ជាតម្លៃដែលក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតគ្រប់រូបត្រូវរក្សាឲ្យបាន ទោះ បីជា​បច្ចេក​វិទ្យា​មាន​រីក​ចម្រើនដល់កម្រិតណាក៏ដោយ។ជាមួយនេះ លោកជំទាវបណ្ឌិត បានចែករំលែកជាគោលគំនិត សម្រាប់ក្រុម​គ្រូពេទ្យ​ចំនួន​៥​ចំណុច​សំខាន់​ៗ គឺទី១. ត្រូវចាត់ទុកសន្និសីទនេះ សម្រាប់ជាវេទិកាសិក្សារៀនសូត្រពិតប្រាកដ គឺ​អ្នកចូលរួមត្រូវកត់ត្រាចំណុចសំខាន់ៗ ចេះសួរនាំ និងជជែកពិភាក្សា, ទី២. បន្តចែក​រំលែក​បទ​ពិសោធន៍ និងចំណេះដឹង, ទី៣. ត្រូវអភិវឌ្ឍន៍ជំនាញ ឲ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែកុំឲ្យ​បាត់​បង់​សីលធម៌ និងក្រមវិជ្ជាជីវៈ, ទី៤. ត្រូវតម្កល់អ្នកជំងឺនៅចំណុចកណ្ដាលនៃវិជ្ជាជីវៈ គឺព្យាបាល​ដោយ​សុវត្ថិភាព ការពន្យល់មានភាពច្បាស់លាស់ ការគោរចំពោះអ្នកជំងឺ ការតាមដានលទ្ធផល និង​ទទួលខុសត្រូវខ្ពស់ និងទី៥. TYDA បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងមនុស្សធម៌របស់សមាគម ដែល​មានស្មារតីជួយគ្នា ស្មារតីបម្រើប្រជាពលរដ្ឋ និងស្មារតីមិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ នៅ​ពេល​ជួប​ការពិបាក ។ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDA បានឲ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះ សមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រទូ​ទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុ​ង​នោះអ្ន​កជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និង​ជា​មួយ​ដៃ​គូ​សហការ​នានា ដែលក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការ​ចំណាយ​ទាំង​អស់​ជា​បន្ទុករបស់សមាគម ។ ជាមួយនោះ TYDA ក៏បានចូលរួមក្នុង​ការងារ​មនុស្ស​ធម៌​សង្គ្រោះ​អ្នក​ជំងឺ​ជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ពលរដ្ឋ​ភៀសសឹក ក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ។ គួរបញ្ជាក់ថា សន្និសីទនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើ​ង​ក្នុង​គោលបំណងចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ចែករំលែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រថ្មីៗ និងការរី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា ក្នុងវិស័យសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព

2026/07/04 03:59:37 pm        560
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជា​ពិសេស​សាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយ​បាន​បង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាម​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទី​តាំង​ស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រី​ជំនាញ​បានចុះ​ត្រួត​ពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បាន​រកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដានោះទេ។ ក្នុងនោះរួមមាន៖ ១. «បាក់តេរីសរុប (Total Plate Count) គឺជាលក្ខណៈវិនិច្ឆ័យអនាម័យផលិត ២. «បាក់តេរីស្តាហ្វីឡូកូស៊ីដែលមានកូអាហ្គូឡាសវិជ្ជមាន (Coagulase-Positive Staphylococci) គឺជា លក្ខណៈវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារ ដោយសារ​បាក់​តេរី​ប្រភេទ​នេះ​បង្ក​ជា​ជំងឺ​ពុលអាហារ។កត្តា​ដែល​នាំឱ្យបាក់តេរីទាំងនេះមានវត្តមានច្រើនលើសពីកម្រិតអនុញ្ញាត អាចបណ្តាលមកពី មាន​វត្តមានបាក់តេរីក្នុងវត្ថុធាតុដើមតាំងពីដំបូងទី និង/ឬការ​រៀបចំ​កែ​ច្នៃ​ម្ហូប​អាហារ​ពុំ​មាន​អនាម័យ​ល្អ ​រួមមានការចម្លងពីមនុស្ស និងបរិស្ថាន និង/ឬ សីតុណ្ហភាពមិនមានស្ថេរភាពត្រឹមត្រូវ ក្នុង​ពេលផលិត និងពេលរក្សាទុកផលិតផល សម្រេច។ ចំពោះទីតាំង​សំណាក់ដែលបានវិភាគឃើញ ឬរកឃើញបញ្ហាទាំងនេះគឺមាន​មក​ពីបណ្តា​រាជ​ធានី​ខេត្ត​មួយ​ចំនួន ក្នុងនោះ រួមមាន៖សំណាកចំនួន ០៩ គំរូ គឺបានមកទីតាំងសិប្បកម្មប្រហិតសាចគោ គុយ ស្រ៊ុយ CSPB (CAMBODIA) សង្កាត់ដង្កោ រាជធានីភ្នំពេញ។សំណាកចំនួន ១៦ គំរូ បានមកពីទីតាំងឃ្លាំងស្តុកទុកលក់ចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co. Ltd នៅសង្កាត់ស្ទឹងមានជ័យ៣។សំណាកចំនួន ២២ គំរូ គឺបានមកទីតាំងឃុំឫស្សីជ្រោយ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ និងមួយសំណាកទៀត បានវិភាគឃើញមកពីទីតាំង ផ្សារធំថ្មីខេត្តពោធិសាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM
អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
07/31/2026 12:07 PM
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
07/31/2026 12:07 PM
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី
07/31/2026 12:07 PM
មន្រ្តីជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញទីតាំងស្ល និងកែច្នៃលោហៈមួយក្នុងខេត្តកំពង់ស្ពឺ មាន​កម្រិត​សារធាតុ​បំពុល​ខ្យល់​ខ្ពស់​ប៉ះពាល់ដល់សុខភាពពលរដ្ឋ
07/31/2026 12:07 PM