មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សន្តិសុខ និង សង្គម

ជនសង្ស័យទី៨ ពាក់ព័ន្ធការវាយប្រហារនៅសាលប្រគំតន្ត្រីក្រុងមូស្គូ ឡើងតុលាការ ខណៈមានការព្រមានការធ្វើទារុណ្ឌកម្ម

2024/03/27 01:24:20 pm        193
ប្រទេសរុស្ស៊ី បានឃុំខ្លួនបុរសជនសង្ស័យមានដើមកំណើតកៀហ្ស៊ិស្ថានក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃអង្គារ ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារសម្លាប់មនុស្សដ៍រង្គាលកាលពីថ្ងៃសុក្រ ទី២២ខែមីនា សប្ដាហ៍មុន នៅឯសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូ ហើយបានបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ប្រទេសតាហ្ស៊ីគីស្ថានដើម្បីសាកសួរក្រុមគ្រួសាររបស់បុរសបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទ វាយប្រហារនេះ។ ឥឡូវនេះ ជនសង្ស័យចំនួនប្រាំបីនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីខ្មាន់កាំភ្លើងបានបាញ់រះលើអ្នកចូលទស្សនាការប្រគំតន្ត្រីក្នុងការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putinបានឈ្នះការបោះឆ្នោតក្ដាប់អាចអាណត្តិទី៥បន្ត ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថាខ្លួនជាអ្នកវាយប្រហារ និងបានបញ្ចេញវីដេអូពីការវាយប្រហារទៀតផង។ សហរដ្ឋអាមេរិក និងបារាំងនិយាយថា ការស៊ើបអង្កេតបង្ហាញថាក្រុមនេះពិតជានៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៩ នាក់ និង ១៨២ នាក់រងរបួសពិតមែន ។ ក្រុមសកម្មប្រយុទ្ធពុំបានកំណត់អត្តសញ្ញាណខ្មាន់វាយប្រហារណាម្នាក់ឡើយ។រុស្ស៊ី លើកឡើងថា ខ្មាន់កាំភ្លើងដែលជាប់សង្ស័យទាំង៤នាក់បានសារភាព ប៉ុន្តែគេបានមើលឃើញស្នាមរបួសនៅលើខ្លួនពួកគេ នៅពេលបង្ហាញខ្លួននៅក្នុងតុលាការ ដោយបង្កើនការព្រួយបារម្ភថាពួកគេត្រូវបានគេធ្វើទារុណកម្ម។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បាននិយាយថា ការឃុំខ្លួនជនសង្ស័យគួរតែត្រូវបានអនុវត្តទៅតាមច្បាប់ បន្ទាប់ពីវីដេអូដែលត្រូវបានផ្សព្វផ្សាយបានបង្ហាញពីការសួរចម្លើយជនសង្ស័យ។ ស្លឹកត្រចៀករបស់ជនសង្ស័យម្នាក់ត្រូវដាច់រហែក អំឡុងពេលសួរចម្លើយ៕

មនុស្សជាង៦៣.០០០នាក់បានស្លាប់ ឬបាត់ខ្លួន ខណៈកំពុងធ្វើអន្តោប្រវេសន៍ កាលពីទសវត្សរ៍មុន

2024/03/27 01:03:21 pm        74
ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៦៣.២៨៥នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោករវាងឆ្នាំ២០១៤ និង២០២៣ ដែលភាគច្រើនស្លាប់ដោយសារលង់ទឹក។ របាយការណ៍ដែលចេញផ្សាយដោយអង្គកាទេសន្តរប្រវេសន៍រអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍លើកម្មវិធីការព្យាករណ៍អ្នកបាត់ខ្លួនរបស់ខ្លួន(Missing Migrants Project) បានបង្ហាញថាភាគច្រើននៃការស្លាប់ និងការបាត់ខ្លួនប្រមាណ ២៨.៨៥៤ នាក់ បានកើតឡើងនៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់មកគឺអាហ្វ្រិក និងអាស៊ី។ ជិត៦០%នៃការស្លាប់ ត្រូវបានចងក្រងជាឯកសារជាប់ពាក់ព័ន្ធទៅនឹងការលង់ទឹក ហើយច្រើនជាងមួយភាគបីនៃអ្នកដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺមកពីប្រទេសមានជម្លោះ រួមមានអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ស៊ីរី និងអេត្យូពី។ ទិន្នន័យរបស់អង្គកាទេសន្តរប្រវេសន៍រអន្តរជាតិ (IOM)បានបង្ហាញថា ឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុតក្នុងទសវត្សរ៍ចុងក្រោយគឺឆ្នាំ២០២៣ នៅពេលស្ថាប័ននេះ បានកត់ត្រាការស្លាប់ចំនួន ៨.៥៤១នាក់ ជាផ្នែកធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរតាមផ្លូវទឹកនៅសមុទ្រមេឌីទែរ៉ាណេ។ របាយការណ៍ដដែលបាននិយាយថា កំណើនការស្លាប់ទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃការចាកចេញពីប្រទេសរបស់ពួកគេ ការលិចទូកនៅឆ្នេរសមុទ្រទុយនីស៊ី ដោយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៧២៩ នាក់បានស្លាប់នៅឆ្នេរសមុទ្រទុយនីស៊ីកាលពីឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួន ៤៦២នាក់ ។ កាលពីឆ្នាំមុនៗ ការស្លាប់ភាគច្រើននៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកត់ត្រា នៅក្បែរឆ្នេរសមុទ្រលីប៊ី៕

អាជ្ញាធរ៖ ការទម្លាក់ជំនួយពីយន្តហោះចូលមកតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់

2024/03/27 12:58:25 pm        87
ទិដ្ឋភាពនៃក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡេស្ទីន ខណៈមានជំនួយត្រូវបានទម្លាក់តាមយន្តហោះក្នុងពេលមានការកើនឡើងនូវភាពភ័យខ្លាចនៃគ្រោះទុរ្ភិក្សជិតរយៈពេល៦ខែ នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ប៉ុន្តែការទម្លាក់ជំនួយនេះ បានបង្កើតគ្រោះថ្នាក់ថ្មី។ អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារទី ២៦ ខែមីនាថា មនុស្ស ១២នាក់ បានស្លាប់ដោយការប៉ុនប៉ងដើម្បីទទួលបានការផ្គត់ផ្គង់សំខាន់ៗ។ នៅក្នុងវីដេអូ ដែលទទួលបានដោយសារព័ត៌មាន Reuters ប្រជាជននៅក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សា អាចត្រូវបានគេមើលឃើញចុះក្នុងទឹកជម្រៅរហូតដល់ត្រឹម ក របស់ពួកគេ ដោយព្យាយាមស្រង់យកប្រអប់ជំនួយ។សេចក្តីត្រូវការខ្លាំងប្រែទៅជាអស់សង្ឃឹម ខណៈសាកសព ត្រូវបានគេឃើញទាញមកដាក់លើដីខ្សាច់។ វាគឺជាឧប្បត្តិហេតុចុងក្រោយដែលពាក់ព័ន្ធនឹងការស្លាប់ក្នុងអំឡុងពេលផ្តល់ជំនួយនៅក្នុងតំបន់ហ៊ុមព័ទ្ធតូចចង្អៀត មានពលរដ្ឋប៉ាឡេស្ទីនរស់នៅច្រើន។ មនុស្សមួយចំនួនកំពុងដើរស្វែងរកស្លឹកឈើដើម្បីទទួលទាន ឬដុតនំដែលស្ទើរតែមិនអាចទទួលទានបាន ធ្វើពីចំណីសត្វ។អាជ្ញាធរនិយាយថា បើនិយាយពីជំនួយ កំហុសធំបំផុតមួយគឺគេបោះចូលទៅកន្លែងដ៏គ្រោះថ្នាក់ ដូចជាក្នុងសមុទ្រ ព្រោះវានាំឲ្យលង់ទឹកសម្រាប់អ្នកទៅទទួលជំនួយ។ ពួកគេក៏អាចទម្លាក់ជំនួយពីយន្តហោះនៅតាមតំបន់ធំទូលាយ ហើយអនុញ្ញាតឱ្យនគរបាលគ្រប់គ្រងជំនួយ និងបញ្ជូនវាទៅប្រជាជន។ទីភ្នាក់ងារជំនួយនិយាយថា ការផ្គត់ផ្គង់ដែលត្រូវការចំនួនមួយភាគប្រាំ កំពុងចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលវាយលុកដោយការវាយប្រហារតាមអាកាស និងជើងគោក ។ពួកគេនិយាយថា ការដឹកជញ្ជូនតាមអាកាស ឬផ្លូវសមុទ្រដោយផ្ទាល់ទៅកាន់ឆ្នេររបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា គឺមិនអាចជំនួសបានឡើយសម្រាប់ការកើនឡើងនៃការផ្គត់ផ្គង់ដែលចូលមកតាមផ្លូវគោក តាមរយៈប្រទេសអ៊ីស្រាអែល ឬប្រទេសអេហ្ស៊ីប។ បុរសប៉ាឡេស្ទីនម្នាក់ និយាយថា ជំនួយធ្លាក់ចូលទៅក្នុងសមុទ្រគឺជាការអាម៉ាស់ ហើយពុំមែនជាវិធីត្រឹមត្រូវក្នុងដំណើរការនោះទេ។ លោកនិយាយថា លោកចង់បានជំនួយចំនួនតិចតួចជាង ចំនួនដែលបានមកពីការព្យាយាមយកវាពីក្នុងទឹក។

អ្នកជំនាញស្ពាន មិនមានការភ្ញាក់ផ្អើលចំពោះការបាក់ស្ពាន បាល់ទីម័រ របស់អាមេរិក ទេ

2024/03/27 11:45:02 am        288
ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) របស់ទីក្រុង បាល់ទីម័រ (Baltimore) សហរដ្ឋអាមេរិក បានដួលរលំកាលពីព្រឹកថ្ងៃអង្គារ (២៦ មីនា) បន្ទាប់ពីកប៉ាល់ដឹកទូកុងតឺន័របានបុកបង្គោលទ្រស្ពាន និងធ្វើឱ្យយានជំនិះ និងមនុស្សជាច្រើននាក់ធ្លាក់ចូលទៅក្នុងទឹក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេស ប៉ុន្តែអ្នកជំនាញស្ពានបានប្រតិកម្មខុសពីនោះ។សាស្ត្រាចារ្យរងផ្នែកវិស្វកម្មរចនាសម្ព័ន្ធ លោកស្រី រ៉ាឆែល សាងហ្គ្រី (Rachel Sangree) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) ក្នុងរដ្ឋ ម៉ារីលែន (Maryland) បាននិយាយថា ការរចនាគ្រោងឆ្អឹងនៃស្ពាននេះ ប្រហែលជាបានរួមចំណែកដល់ការដួលរលំទាំងស្រុងរបស់វា នៅពេលដែលបានបុកដោយកប៉ាល់។ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី បានបើកដំណើរការក្នុងឆ្នាំ ១៩៧៧ ឆ្លងកាត់ទន្លេ ផាថាបស្កូ (Patapsco) នៅជិតកំពង់ផែ បាល់ទីម័រ ដ៏មមាញឹក ជាទីដែលសកម្មភាពផ្សេងៗត្រូវបានបញ្ឈប់។លោកស្រី សាងហ្គ្រី បាននិយាយថាឧបទ្ទវហេតុកាលពីថ្ងៃអង្គារ បានធ្វើឱ្យមានការចងចាំពីការដួលរលំស្រដៀងគ្នានៃស្ពានមួយខ្សែ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយកប៉ាល់នៅទីក្រុង ថេមផា (Tampa) រដ្ឋហ្វ្លរីដា (Florida) ក្នុងឆ្នាំ ១៩៨០ ។ លោកស្រីបាននិយាយថាព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងការរចនាស្ពានដើម្បីផ្តោតលើការការពារបង្គោលទ្រ នៅក្នុងទីតាំងដែលមានចរាចរណ៍កប៉ាល់ច្រើន។គេមិនច្បាស់ភ្លាមៗទេថា តើស្ពាន ឃី ប្រ៊ីជ នេះអាចត្រូវបានកែលម្អឡើងវិញដើម្បីបំពេញតាមគោលការណ៍ណែនាំថ្មី ឬយ៉ាងណានោះ៕

ទាហានអ៊ីស្រាអែល សម្ដែងការខឹងសម្បារ ខណៈអ្នកនយោបាយមិនចុះសម្រុងនឹងគ្នា

2024/03/27 11:37:58 am        242
ដោយឈរនៅពីមុខរថក្រោះមួយនៅជាយតំបន់ហ្កាហ្សាស្ទ្រីប ឧត្តមសេនីយ៍អ៊ីស្រាអែលម្នាក់បានរំខានសុន្ទរកថារបស់ខ្លួនស្ដីពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីថ្លែងការស្តីបន្ទោសដ៏ខឹងសម្បារតាមកញ្ចក់ទូរទស្សន៍ទៅដល់បណ្ដាមេដឹកនាំនយោបាយរបស់អ៊ីស្រាអែល។ឧត្តមសេនីយឯក ដាន ហ្គូលហ្វើស (Dan Goldfus) បានជំរុញឱ្យអ្នកនយោបាយ «នៅគ្រប់ភាគី» បដិសេធភាពជ្រុលនិយម និងបង្រួបបង្រួមគ្នា ដោយជៀសវាងការវិលត្រឡប់ទៅកាន់ស្ថានភាពដដែល មុនពេលការផ្ទុះឡើងនៃជម្លោះក្នុងខែតុលា នៅពេលដែលការបែកបាក់ផ្នែកនយោបាយ និងការតវ៉ាជាច្រើនខែ បានធ្វើឱ្យអ៊ីស្រាអែលមានភាពតានតឹងយ៉ាងជ្រៅ។កងកំលាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា លោក ហ្គូលហ្វើស ត្រូវបានស្តីបន្ទោសដោយអគ្គសេនាធិការ លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) រយៈពេលពីរថ្ងៃក្រោយមក ប៉ុន្តែសម្ដីរបស់លោក បានបង្ហាញការពិតក្នុងចំណោមទាហានអ៊ីស្រាអែលមួយចំនួន ដែលត្រលប់មកពីសមរភូមិមុខ ហើយបានសម្ដែងការមិនពេញចិត្តដូចគ្នានេះចំពោះថ្នាក់ដឹកនាំ។មនុស្សជាច្រើនមកពីភាគីទាំងសងខាងនៃវិសាលគមនយោបាយ បានសម្តែងការខឹងសម្បារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានខកខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាកំណែទម្រង់នៃយោធាកាតព្វកិច្ច និងការលំបាកផ្នែកសេដ្ឋកិច្ច ដែលទាហានបម្រុងជួបប្រឈមក្រោយត្រលប់មកពីសមរភូមិវិញ៕

បុគ្គលិកបោះឆ្នោតចំនួន ១៨១ នាក់បានស្លាប់ក្នុងការបោះឆ្នោតសកលរបស់ឥណ្ឌូនេស៊ី

2024/03/27 11:34:50 am        196
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា ចំនួនបុគ្គលិកបោះឆ្នោត ដែលបានស្លាប់នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៨១ នាក់។លោក អាស៊ីអារី បាននិយាយថា «មានមនុស្សចំនួន ១៨១ នាក់បានស្លាប់ដែលជាសមាជិកនៃរដ្ឋបាលការស្ទង់មតិថ្នាក់ស្រុក (PPK) រដ្ឋបាលការស្ទង់មតិអនុស្រុក (PPS) និងរដ្ឋបាលការស្ទង់មតិមូលដ្ឋាន (KPPS)។ លើសពីនេះ បុគ្គលិកបោះឆ្នោតចំនួន ៤.៧៧០ នាក់បានជួបគ្រោះថ្នាក់ ឬមានជំងឺនៅពេលបំពេញភារកិច្ច»។បុគ្គលិកបោះឆ្នោត ដែលមានជំងឺសរុបចំនួន ៣៧៤ នាក់ និងចំនួន ១១៤ គ្រួសារនៃអ្នកធ្វើការបោះឆ្នោតដែលបានស្លាប់ បានទទួលប្រាក់សំណងគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ។ ប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតសកលដ៏ធំតែមួយថ្ងៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលមានការចូលរួមពីបុគ្គលិកបោះឆ្នោតចំនួន ៦,៨ លាននាក់។ កាលពីឆ្នាំ ២០១៩ អ្នកបោះឆ្នោតដែលបានស្លាប់ មានចំនួនរហូតដល់ទៅ ៨៩៤ នាក់៕

អាមេរិក កំពុងសម្លឹងមើលឱកាសសម្រាប់ការចរចាសន្តិភាពស៊ូដង់ឡើងវិញនៅខែមេសា

2024/03/27 11:29:23 am        180
ប្រេសិតពិសេសអាមេរិក ប្រចាំប្រទេសស៊ូដង់ លោក ថម ភើរៀលឡូ (Tom Perriello) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា សហរដ្ឋអាមេរិក កំពុងសម្លឹងមើលថ្ងៃទី១៨ ខែមេសា សម្រាប់លទ្ធភាពនៃការបន្តកិច្ចចរចាសន្តិភាពស៊ូដង់ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលទីក្រុង វ៉ាស៊ីនតោន ស្វះស្វែងរកដំណោះស្រាយចំពោះជម្លោះដែលបានជម្លៀសមនុស្សរាប់លាននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។លោក ភើរៀលឡូ បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុង វ៉ាស៊ីនតោន បានប្រាស្រ័យទាក់ទងយ៉ាងច្បាស់ថា ការចរចាសន្តិភាពជាមួយភាគីសង្រ្គាមនៅអារ៉ាប៊ីសាអ៊ូឌីត ចាំបាច់ត្រូវមានភាពរួមបញ្ចូល ដោយរួមទាំងប្រទេសអារ៉ាប់រួម អេហ្ស៊ីប ប្លុកអាហ្វ្រិកខាងកើតក្នុងតំបន់ IGAD និងសហភាពអាហ្វ្រិក។ខណៈពេលដែលការចរចា អាច ឬមិនអាចចាប់ផ្តើមនៅថ្ងៃទី១៨ ខែមេសា ខាងមុខនេះ ហើយគេមិនច្បាស់ទេថាតើភាគីជម្លោះនឹងយល់ព្រម ឬយ៉ាងណានោះ លោក ភើរៀលឡូ បាននិយាយថា វានឹងក្លាយជាពេលវេលាល្អដើម្បីបន្តកិច្ចពិភាក្សា បន្ទាប់ពីខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន ក៏ដូចជាបន្ទាប់ពីសន្និសីទម្ចាស់ជំនួយនៅទីក្រុងប៉ារីស ដែលគ្រោងសម្រាប់ថ្ងៃទី១៥ ខែមេសា។កងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានចាប់ផ្តើមប្រយុទ្ធគ្នាទៅវិញទៅមកនៅពាក់កណ្តាលខែមេសា ឆ្នាំមុន ខណៈដែលភាពតានតឹងដ៏យូរអង្វែងបានផ្ទុះឡើងដល់ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានដឹកនាំកិច្ចចរចា ដែលមិនជោគជ័យជាច្រើននៅទីក្រុង ចេតដា (Jeddah) កាលពីឆ្នាំមុន ដើម្បីព្យាយាមឈានដល់បទឈប់បាញ់៕

អ៊ីស្រាអែល បញ្ជាក់ថា មេបញ្ជាការរងយោធារបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហារ

2024/03/27 11:07:43 am        168
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការរងយោធាក្រុមហាម៉ាស ឈ្មោះ ម៉ាវ៉ាន អ៊ីសា (Marwan Issa) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងខែនេះ ដោយបញ្ជាក់របាយការណ៍នៅដើមខែនេះ។ឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា «យើងបានត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់ទាំងអស់ ហើយ ម៉ាវ៉ាន អ៊ីសា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលយើងបានធ្វើប្រហែលពីរសប្តាហ៍មុន»។ ក្រុមហាម៉ាសមិនមានការអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់អ៊ីស្រាអែលនោះទេ។លោក អ៊ីសា ស្ថិតនៅខាងលើបង្អស់នៃបញ្ជីឧក្រិដ្ឋជនដែលកំពុងតាមចាប់ខ្លួនរបស់អ៊ីស្រាអែល រួមជាមួយលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) ដែលជាប្រធានស្លាបយោធារបស់ក្រុមហាម៉ាស ក្រុមកងពលតូច អ៊ីស អែលឌីន អាល់កាសាម (Izz el-Deen al-Qassam) និងមេដឹកនាំក្រុមហាម៉ាស នៅហ្កាហ្សា លោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានគេជឿថាជាមេក្លោងពីក្រោយការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមនេះលើប្រទេសអ៊ីស្រាអែល ភាគខាងត្បូង ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅហ្កាហ្សា៕

អ្នកជំនាញ UN និយាយថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

2024/03/27 11:00:53 am        271
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ស្ថាប័នពិភពលោកមួយនេះ កាលពីថ្ងៃអង្គារ (២៦ មីនា) ថា ខ្លួនជឿជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក គឺជាការប្រល័យពូជសាសន៍ ហើយបានអំពាវនាវឱ្យប្រទេសនានាដាក់ទណ្ឌកម្មជាបន្ទាន់ និងការហាមឃាត់អាវុធ។ អ៊ីស្រាអែល ដែលមិនបានចូលរួមក្នុងសម័យប្រជុំនោះ បានច្រានចោលការរកឃើញរបស់អ្នកជំនាញ UN រូបនេះ។លោកស្រី ហ្រ្វេនឆេសស្កា អាលបាលនីស (Francesca Albanese) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងតំបន់កាន់កាប់ បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា «យើងរកឃើញថាមានហេតុផលសមស្របក្នុងការជឿថា មានកម្រិតដែលបង្ហាញពីការប្រព្រឹត្តិកម្មឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនជាក្រុមនៅក្នុងតំបន់ហ្កាហ្សា»។ លោកស្រីបានបង្ហាញរបាយការណ៍មួយឈ្មោះថា «កាយវិភាគសាស្ត្រនៃការប្រល័យពូជសាសន៍» ដោយលើកឡើងពីជនជាតិប៉ាឡេស្ទីនជាង ៣០.០០០ នាក់ដែលត្រូវបានសម្លាប់ក្នុងចំណោមអំពើឃោរឃៅផ្សេងទៀត។អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលបានអនុម័តបន្ទាប់ពីមានការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅក្នុងរបបផ្តាច់ការ ណាហ្ស៊ី កំណត់ការប្រល័យពូជសាសន៍ថាជា «អំពើដែលបានប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែក លើក្រុមសញ្ជាតិ ជនជាតិ ពូជសាសន៍ ឬសាសនា»។បេសកកម្មការទូតរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បាននិយាយថា ការប្រើពាក្យប្រល័យពូជសាសន៍គឺ «ជារឿងគួរឱ្យខឹងសម្បារ» ហើយបាននិយាយថា សង្រ្គាមនេះគឺប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាសប៉ុណ្ណោះ មិនមែនជនស៊ីវិលប៉ាឡេស្ទីនទេ៕

គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលតវ៉ានៅក្រុង Tel Aviv ទាមទារកិច្ចព្រមព្រៀង

2024/03/27 10:20:25 am        304
នៅក្នុងទីក្រុង Tel Aviv ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីបញ្ជាការក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងដើម្បីដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សមួយចំនួន បានចាក់សោខ្លួនឯងនៅក្នុងទ្រុង ដើម្បីតវ៉ា អ្នកខ្លះទៀតកាន់រូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលអំពាវនាវឱ្យមានការតវ៉ា ក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកគាំទ្រ បានស្តីបន្ទោសនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចំពោះការរឹតត្បិតទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងធ្វើឱ្យកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងប្រទេសនេះស្ថិតក្នុងហានិភ័យ។ រឿងនេះ បានកើតឡើងបន្ទាប់ពី លោក Netanyahu បានហៅត្រឡប់មកវិញអ្នកចរចា ពីទីក្រុង Doha ហើយបាននិយាយថា លោកនឹងមិនបញ្ជូនគណៈប្រតិភូ ដូចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក មិនប្រើសិទ្ធវ៉េតូចំពោះសំណើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យ លោក Netanyahu បាននិយាយថា ការបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងសំណើនេះគឺជា «ការដកថយយ៉ាងច្បាស់» ពីជំហរកាលពីពេលមុនរបស់ខ្លួន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១៣០ នាក់ដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា។ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបោះឆ្នោតអនុបវាទចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយ លោក Netanyahu ដែលកំពុងប្រឈមមុខទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងលើក្រុមចម្រុះដែលបែងចែកគ្នា ដោយសារតែការមិនចុះសម្រុងគ្នាជុំវិញសេចក្តីពង្រាងច្បាប់សម្រាប់ជនជាតិជ្វីហ្វអូថូដុកជ្រុលនិយម ឲ្យចូលជាយោធា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​ជួយ​ដល់​ពលករ​ខ្មែរ
03/21/2026 03:03 PM
របាយការណ៍៖ អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានរួមអាមេរិក និងអង់គ្លេស នៅមហាសមុទ្រឥណ្ឌា
03/21/2026 02:03 PM
Politico៖ ប្រមុខ UN ប្រាប់ថា លោកកំពុងសហការជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ស្តីពីហ្កាហ្សា
03/21/2026 02:03 PM
មនុស្សប្រហែល ៥.៥០០នាក់ត្រូវបានឲ្យជម្លៀសចេញពីទឹកជំនន់ នៅរដ្ឋហាវ៉ៃ ខណៈទំនប់អាយុ ១២០ឆ្នាំ អាចនឹងបាក់
03/21/2026 02:03 PM
រុស្ស៊ីកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ដើម្បីតវ៉ា ចំពោះការវាយប្រហារលើអ្នកសារព័ត៌មាន RT
03/21/2026 02:03 PM
អ៊ីស្រាអែលវាយប្រហារក្រុងតេអេរ៉ង់ និងបេរូត ខណៈអាមេរិកបញ្ជូនកងម៉ារីនទៅមជ្ឈិមបូព៌ា
03/21/2026 02:03 PM
អគ្គិភ័យឆេះរោងចក្រគ្រឿងបន្លាស់រថយន្ត នៅកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្ស ១០នាក់សា្លប់ និង ៥៩នាក់របួស
03/21/2026 02:03 PM
គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី១១ ដើម្បីពិភាក្សា​អំពី​វិធានការ​សង្រ្គោះបន្ទាន់នៅប្រាសាទព្រះវិហារ និងការអភិរក្ស អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ
03/21/2026 02:03 PM
ធនាគារជាតិផ្តល់សន្ទនីយភាពចាំបាច់ សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ
03/21/2026 02:03 PM
រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដែល​រង​គ្រោះ​ដោយ​ជម្លោះ​ប្រដាប់​អាវុធកាលពីឆ្នាំ២០២៥
03/21/2026 01:03 PM