មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សន្តិសុខ និង សង្គម

មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤

2024/03/07 02:17:42 pm        92
មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ុយក្រែន នឹងធ្វើឲ្យស្ថានការណ៍សមរភូមិ មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយមានបំណងបង្កើតអង្គភាពសម្រាប់សកម្មភាពវាយបក នៅចុងឆ្នាំនេះ។កងកម្លាំងអ៊ុយក្រែន បានធ្វើការដកថយ បន្ទាប់ពីការប្រយុទ្ធរយៈពេល៩ខែនៅជួរមុខដែលមានស្ថិរភាពភាគច្រើន នៅពេលដែលទីក្រុងភាគខាងកើត Avdiivka បានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី កាលពីដើមខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញជាច្រើនខែមកនោះ។កងទ័ពអ៊ុយក្រែន ត្រូវបានបង្ខំឲ្យចាកចេញពីការតាំងទីលំនៅជាច្រើន ដែលនៅជិតទីក្រុងនេះ ដោយសារតែការបន្តវាយលុករបស់រុស្ស៊ី ចំពេលដែលការស្តុកអាវុធរបស់ខ្លួន កំពុងធ្លាក់ចុះ។ កញ្ចប់ជំនួយដ៏សំខាន់ពីសហរដ្ឋអាមេរិក ត្រូវបានជាប់គាំង ដោយសារមានការជំទាស់ពីគណបក្សសាធារណរដ្ឋនៅក្នុងសភា។លោក Oleksandr Pavliuk ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងអំឡុងពេលនៃការរុះរើយោធាជាន់ខ្ពស់នាពេលថ្មីៗនេះ បានថ្លែងនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា៖«យើងនឹងធ្វើឲ្យ ស្ថានការណ៍មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីរៀបចំកងទ័ពសម្រាប់សកម្មភាពសកម្មបន្ថែមទៀត និងចាប់យកគំនិតផ្តួចផ្តើមនេះ។លោកបានបញ្ជាក់ថា ការងារបច្ចុប្បន្ន គឺមានគោលបំណងដកអង្គភាពយោធាដែលបាត់បង់សក្តានុពលរបស់ពួកគេ និងពង្រឹងពួកគេឡើងវិញ ដើម្បីបង្កើតជាកងកម្លាំងសម្រាប់សកម្មភាពវាយបក នៅឆ្នាំនេះ។លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីខែមុនថា រុស្ស៊ីនឹងព្យាយាមវាយលុកថ្មីនៅនិទាឃរដូវ ឬរដូវក្តៅនេះ ប៉ុន្តែទីក្រុងគីវ មានផែនការនៅសមរភូមិរបស់ខ្លួន។

ក្រុមហ៊ុនកាហ្វេ Starbucks មជ្ឈិមបូព៌ា បញ្ឈប់បុគ្គលិកពីរពាន់នាក់ពីការងារ ជុំវិញពហិការសង្គ្រាមហ្កាហ្សា

2024/03/07 02:02:36 pm        144
ម្ចាស់សិទ្ធិផ្តាច់មុខនៅមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្លួនបានចាប់ផ្តើមបណ្តេញបុគ្គលិកប្រហែល ២.០០០ នាក់នៅក្នុងហាងកាហ្វេរបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីម៉ាកយីហោនេះបានរកឃើញថាខ្លួនជាគោលដៅរបស់សកម្មជនក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ខ្លួន ដោយសារសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។សម្ព័ន្ធ អាល់ស្ហាយ៉ា គ្រុប (Alshaya Group) ដែលមានមូលដ្ឋាននៅប្រទេសគុយវ៉ែត និងជាក្រុមហ៊ុនឯកជនបែបគ្រួសារមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ការបញ្ឃប់បុគ្គលិកចំនួន ២.០០០ នាក់នេះនៅទីតាំងហាងរបស់ខ្លួនក្នុងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី០៧ ខែតុលាមក ក្រុមហ៊ុន ស្តារបាក់ស៍ បានរកឃើញថាខ្លួនរួមទាំងម៉ាកយីហោរបស់លោកខាងលិចផ្សេងទៀត ត្រូវបានកំណត់គោលដៅដោយសកម្មជនគាំទ្រប៉ាឡេស្ទីនជុំវិញសង្រ្គាមហ្កាហ្សា ដោយការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាម។ ក្រុមហ៊ុននេះបាននឹងកំពុងព្យាយាមប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជា «ព័ត៌មានមិនពិត និងបំភាន់ដែលត្រូវបានចែករំលែកអំពី ស្តារបាក់ស៍» កំពុងត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត

2024/03/07 01:59:30 pm        70
ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៦ មីនា) ថាយ៉ាងហោចណាស់មនុស្ស ៨.៥៦៥ នាក់បានស្លាប់នៅតាមខ្សែផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោកកាលពីឆ្នាំមុន ដែលធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់ជនអន្តោប្រវេសន៍។អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) បាននិយាយថា ចំនួនការស្លាប់របស់ជនអន្តោប្រវេសន៍ដែលបានកត់ត្រាកាលពីឆ្នាំមុន លើសពីចំនួនអ្នកស្លាប់ និងបាត់ខ្លួនទូទាំងពិភពលោក នៅក្នុងកំណត់ត្រាខ្ពស់បំផុតឆ្នាំ២០១៦ នៅពេលដែលមនុស្សចំនួន ៨.០៨៤ នាក់បានស្លាប់ ខណៈចំនួនអ្នកស្លាប់កាលពីឆ្នាំ២០២២ ក៏កើនឡើង ២០ ភាគរយផងដែរ។អគ្គនាយករងអង្គការ IOM លោកស្រី អ៊ូហ្គូឈី ដានីញ៉ែលស៍ (Ugochi Daniels) បាននិយាយថា «តួលេខដ៏គួរឱ្យរន្ធត់ ដែលប្រមូលបានដោយគម្រោង ជនអន្តោប្រវេសន៍បាត់ខ្លួន (MMP) ទាំងនេះ ក៏ជាការដាស់តឿនមួយថា យើងត្រូវតែប្តេជ្ញាចិត្តឡើងវិញចំពោះសកម្មភាពធំជាងនេះ ដែលអាចធានាបាននូវការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាព»។គម្រោងជនអន្តោប្រវេសន៍បាត់ខ្លួន MMP ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ IOM កត់ត្រាការស្លាប់ និងការបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍តាំងពីឆ្នាំ២០១៤ នេះ បានរកឃើញថាផ្លូវឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ នៅតែបន្តជាផ្លូវដ៏គ្រោះថ្នាក់បំផុតសម្រាប់ជនអន្តោប្រវេសន៍ ដោយមានការស្លាប់ និងការបាត់ខ្លួនយ៉ាងហោចណាស់ ៣.១២៩ នាក់កាលពីឆ្នាំមុន៕

មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះធុនតូចនៅទីក្រុង Nashville អាមេរិក

2024/03/07 01:56:52 pm        96
នាយកដ្ឋាននគរបាលរបស់ទីក្រុង ណាសវីល (Nashville) បាននិយាយកាលពីព្រឹកថ្ងៃអង្គារ (០៥ មីនា) ថាមនុស្ស ៥ នាក់បានស្លាប់បន្ទាប់ពីយន្តហោះម៉ាស៊ីនមួយ មួយគ្រឿង បានធ្លាក់នៅក្បែរផ្លូវហាយវេក្នុងទីក្រុង ណាសវីល របស់សហរដ្ឋអាមេរិក។នគរបាលបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាយន្តហោះនោះបានធ្លាក់ពីខ្សែផ្លូវឆ្ពោះទៅភាគខាងកើតឆ្លងកាត់ច្រកចេញ ឆាលុត ផែក (Charlotte Pike) បន្ទាប់ពីមានរបាយការណ៍មួយនិយាយថា យន្តហោះនេះកំពុងមានបញ្ហាម៉ាស៊ីន និងថាមពល ហើយត្រូវការការអនុញ្ញាតឱ្យចុះចតជាបន្ទាន់។ នគរបាលបន្ថែមថា ក្រុមការងារកំពុងធ្វើការដើម្បីកំណត់ប្រភពដើមរបស់យន្តហោះ។អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ណាសវីល បានប្រាប់បណ្តាញទូរទស្សន៍ថា យន្តហោះនោះបានធ្លាក់ដោយសារផលប៉ះពាល់បច្ចេកទេស ហើយមិនមានអ្នកនៅរស់រានមានជីវិតទេ»។ជនរងគ្រោះទាំងនោះ គឺជាគ្រួសារជនជាតិកាណាដាដែលមានគ្នា ៥ នាក់ ហើយត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកបើកយន្តហោះឈ្មោះ វីកទ័រ ដូតសេនថូ (Victor Dotsenko) អាយុ ៤៣ ឆ្នាំ ប្រពន្ធរបស់បុរសនេះ ឈ្មោះ រីមម៉ា ដូតសេនថូ (Rimma Dotsenko) អាយុ ៣៩ ឆ្នាំ និងកូនបីនាក់របស់ពួកគេ៕

អ្នកវិទ្យាសាស្ត្រ៖ បុរសម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ ២១៧ ដង រាយការណ៍ថាមិនមានផលប៉ះពាល់ទេ

2024/03/07 01:53:51 pm        121
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ដែលមានចេតនាចាក់វ៉ាក់សាំងកូវីដ១៩ (COVID-19) ចំនួនដល់ទៅ ២១៧ ដងមិនបានរាយការណ៍ពីផលប៉ះពាល់ណាមួយពីវ៉ាក់សាំងនោះទេ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ ដែលបុរសនោះអាចជា «អ្នកចាក់វ៉ាក់សាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»។ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងទិនានុប្បវត្តិជំងឺឆ្លង LID ថា ប្រព័ន្ធការពាររបស់បុរសវ័យ ៦២ ឆ្នាំមកពីទីក្រុង ម៉េកដឺប៊ឺក (Magdeburg) ភាគកណ្តាលនៃប្រទេសអាឡឺម៉ង់ ដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ នៅតែដំណើរការបានល្អដោយមិនមានបញ្ហាអ្វីឡើយ។ពួកគេបាននិយាយថា បុរសនោះស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងជាច្រើនដង ប្រឆាំងនឹងការណែនាំផ្នែកវេជ្ជសាស្រ្ត។ បុរសនោះទទួលបានចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវដែលដឹកនាំដោយអាល្លឺម៉ង់ជាលើកដំបូង ដោយសាររបាយការណ៍ព័ត៌មានក្នុងឆ្នាំ២០២២ ដែលកាលនោះលោកបានទទួលវ៉ាក់សាំងនេះចំនួន ៩០ ដង។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះបាននិយាយថា បុរសនោះត្រូវបានគេសង្ស័យថាទទួលចាក់វ៉ាក់សាំងច្រើនដងនេះ ដើម្បីប្រមូលសន្លឹកប័ណ្ណថ្នាំបង្ការ បន្ទាប់មកអាចត្រូវបានក្លែងបន្លំ និងលក់ទៅឱ្យមនុស្សដែលមិនចង់ចាក់វ៉ាក់សាំង៕

យើងមិនអាចបំភ្លេចពួកគេបានទេ៖ ការឈឺចាប់ពីការបាត់បង់បានបន្លាចក្រុមគ្រួសារនៃអ្នកដំណើរMH370ដែលបាត់ខ្លួន

2024/03/07 01:21:40 pm        96
លោក V P R Nathan បានធ្វើការនៅទីក្រុងប៉េកាំងមិនដល់មួយឆ្នាំផង នៅពេលប្រពន្ធរបស់គាត់ មានគម្រោងទៅលេងគាត់នោះ។លោក V P R Nathan ដែលជាអ្នកគ្រប់គ្រង និងជាគ្រូបង្រៀនចរាចរណ៍ផ្លូវអាកាសម៉ាឡេស៊ី ស្ថិតនៅលំដាប់ទីពីរនៃការិយាល័យរងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិក្នុងរដ្ឋធានីប្រទេសចិន ហើយលោកមិនបានជួបប្រពន្ធរបស់ខ្លួនឈ្មោះ Anne Daisy មានវ័យ៥៦ ឆ្នាំអស់រយៈពេលពីរខែ។បុរសមានវ័យ ៦៧ឆ្នាំរូបនេះ បានរៀបរាប់ថា៖«ខ្ញុំនឹងត្រឡប់មកវិញដើម្បីចូលរួមពីធីបុណ្យណូអែល»។ «បន្ទាប់មកប្រពន្ធចង់មកដែរ ហើយចំណាយពេលមួយសប្តាហ៍នៅទីក្រុងប៉េកាំង ដើម្បីនៅជាមួយខ្ញុំ»។គាត់(ប្រពន្ធ ) បានកក់កៅអីនៅលើជើងហោះហើរ MH370 សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។លោក Nathan បានរំលឹកថា៖«ខ្ញុំបាទទួលសារតាម WhatsApp ពីប្រពន្ធរបស់ខ្ញុំ មុនពេលគាត់ចាកចេញ។ គាត់បានផ្ញើសារទៅអាកាសយានដ្ឋានរួចហើយ»។ ដោយសារតែវាជាជើងហោះហើរម៉ោង ១ ព្រឹក ខ្ញុំគិតថាខ្ញុំគេង មុនពេលយន្តហោះចេញដំណើរ។លោកបានភ្ញាក់ពីព្រលឹម ហើយធ្វើដំណើរទៅព្រលានយន្តហោះ។ នៅពេលលោកមកដល់ ព័ត៌មានជើងហោះហើររបស់ប្រពន្ធគាត់ មិនត្រូវបានបង្ហាញឲ្យឃើញទេ។ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅទីនោះ«មិនមានព័ត៌មានណាមួយ…ថាតើជើងហោះហើរនោះ នឹងមកដល់ម៉ោងប៉ុន្មាន?»។លោកបាននិយាយថា៖«ខ្ញុំមានអារម្មណ៍ភ័យព្រួយបន្តិចរួចទៅហើយដែលមានអ្វីខុសប្រក្រតី។ បន្ទាប់មកខ្ញុំបានអង្គុយនៅទីនោះ ដែលពេលនោះ ខ្ញុំរំជួលចិត្តខ្លាំងណាស់»។ ឥឡូវនេះ មានរយៈពេល១០ឆ្នាំហើយ ចាប់តាំងពី MH370 បានបាត់ខ្លួនឈឹងនោះ។ វានៅតែជាអាថ៍កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយរបស់ពិភពលោក បន្ទាប់ពីការស្វែងរកដ៏ធំបំផុត និងថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍។នៅលើយន្តហោះនោះ មានអ្នកដំណើរចំនួន ២២៧ នាក់ និងសមាជិកនាវិក ១២ នាក់មកពី១៤ ប្រទេស។ សម្រាប់សមាជិកគ្រួសាររបស់ពួកគេ ការឈឺចាប់នៃការបាត់បង់នោះ នៅតែបន្តឥតល្ហែរ។

សារព័ត៌មាន CBC ៖ កាណាដា គ្រោងនឹងបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេ ស្ទីនរបស់UN

2024/03/07 01:13:33 pm        85
សារព័ត៌មានCBC បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសកាណាដា គ្រោងនឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន ( UNRWA) ជាច្រើនសប្តាហ៍ បន្ទាប់ពីការផ្អាកការបរិច្ចាគជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិកចំនួន១២នាក់ របស់ទីភ្នាក់ងារនេះ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ សារព័ត៌មាន CBC បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះម្នាក់ថា រដ្ឋាភិបាលសហព័ន្ធ គ្រោងនឹងបន្តការបង់ប្រាក់២៥លានដុល្លារកាណាដា (១៨,៥លានដុល្លារ) ដែលបានគ្រោងទុក នៅក្នុងខែមេសា និងប្រកាសការផ្តល់មូលនិធិថ្មី។អ្នកនាំពាក្យក្នុងក្រសួងការបរទេស និងក្នុងក្រសួងអភិវឌ្ឍន៍អន្តរជាតិដែលគ្រប់គ្រងជំនួយកាណាដា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មានCBCទេ។ប្រសិនបើមានការបញ្ជាក់ កាណាដាអាចស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលមិនបង្កកមូលនិធិសម្រាប់ទីភ្នាក់ងារដែលជួលមនុស្ស ១៣.000នាក់ នៅតំបន់ហ្កាហ្សា ដើម្បីដំណើរការសាលារៀន គ្លីនិកថែទាំសុខភាព និងសេវាសង្គមផ្សេងទៀត និងចែកចាយជំនួយមនុស្សធម៌។ប្រធានផ្នែកទំនាក់ទំនងរបស់ UNRWA លោកស្រី Juliette Touma បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា គ្មានប្រទេសណាមួយក្នុងចំណោមប្រទេសចំនួន១៦ ដែលបានផ្អាកការផ្តល់មូលនិធិសរុបចំនួន៤៥០លានដុល្លារដល់ UNRWA បានបដិសេធការសម្រេចចិត្តរបស់ពួកគេនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជាច្រើននៃ បណ្តាប្រទេសទាំងនោះ ទំនងជាមានគំនិតទីពីរ ហើយការទូទាត់ប្រាក់ជំនួយ អាចចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។

នគរបាលឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធដកហូតថ្នាំញៀនជាង ២គីឡូក្រាម

2024/03/07 12:16:15 pm        416
សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននឝរបាលជាតិ ក្រសួងមហាផ្ទៃ ដោយ​មាន​ការ​សម្រប​សម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់​ខ្លួន​អ្នក​ដំណើរ​ជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ករណីប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើង​យន្ត​ហោះពី​កម្ពុជា​ទៅ​កាន់​ប្រទេសកូរ៉េខាងត្បូង។សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននឝរបាលជាតិ ក្រសួង​មហាផ្ទៃប្រាប់ឲ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ជនល្មើស ទាំង ២នាក់ ១, ឈ្មោះ Kim jangeun ភេទប្រុស ជនជាតិ កូរ៉េ (ប្ដី) និង ២, ឈ្មោះ Lee hyeran ភេទស្រី ជនជាតិ កូរ៉េ (ប្រពន្ធ)។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ជាង ២គីឡូក្រាម ។ ចំពោះជនសង្ស័យ និងវត្ថុតាង ជំនាញ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។សមត្ថកិច្ចបញ្ជាក់ថា ទិសដៅនៃការដឹកជញ្ជូន គឺជនសង្ស័យ​ដឹកជញ្ជូន​សារ​ធាតុ​ញៀន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមរយៈជើងហោះហើរ ក្រុមហ៊ុន (SKY ANGKOR AIRLINE) ZA215 /04MAR24 ៕ តារាវុទ្ធី

ហ្វីលីពីននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យចិនដកប៉ុស្តិ៍យោធាហ្វីលីពីនចេញពីដែនទឹកមានជម្លោះឡើយ

2024/03/07 11:53:56 am        234
មន្ត្រីកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីទាហានជើងទឹកហ្វីលីពីន ៤ នាក់បានរងរបួសនៅក្នុងការប្រឈមដាក់គ្នារវាងនាវាចិន និងហ្វីលីពីនថា ហ្វីលីពីននឹងមិនអនុញ្ញាតឱ្យចិនដកចេញប៉ុស្តិ៍យោធាហ្វីលីពីននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះយ៉ាងខ្លាំងក្លានោះទេ។ មន្ត្រីហ្វីលីពីនបានកោះហៅអ្នកការទូតចិនប្រចាំទីក្រុងម៉ានីល ដើម្បីបង្ហាញពីការតវ៉ាដ៏ម៉ឺងម៉ាត់ជុំវិញការប្រឈមដាក់គ្នាកាលពីថ្ងៃអង្គារ នៅឯតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal ។ កងនាវាចរហ្វីលីពីនតូចមួយបានឈរជើងនៅលើនាវាចម្បាំងដែលតាំងនៅជាយូរមកហើយ ត្រូវបានបម្រើការជាបន្ទាយយោធានៅក្នុងសមុទ្រចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ទីក្រុងវ៉ាស៊ីនតោនបានចេញការព្រមានបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារថា ខ្លួនមានកាតព្វកិច្ចការពារហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេនៅអាស៊ី ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះរបស់ហ្វីលីពីន រងការវាយប្រហារដោយប្រដាប់អាវុធគ្រប់ទីកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន លោក ខូមម៉ូដូរ៉េ រ៉យ ទ្រីណាដាដ (Commodore Roy Trinidad) ក៏បាននិយាយផងដែរថា កងកម្លាំងហ្វីលីពីន នឹងមិនអនុញ្ញាតឱ្យសាងសង់រចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែងដ៏ក្តៅគគុកមួយទៀតគឺ ស្កាបូរ៉ូស៊ូល (Scarborough Shoal)ឡើយ។ ប្រទេសចិនបានឡោមព័ទ្ធដែននេសាទដ៏ធំល្វឹងល្វើយនៅភាគពាយព្យនៃប្រទេសហ្វីលីពីន ដោយមានឆ្មាំល្បាតឆ្នេរ និងនាវាដែលគេសង្ស័យជារបស់កងជីវពលក្នុងឆ្នាំ ២០១២ ក្រោយមានការប្រឈមដាក់គ្នាយ៉ាងតានតឹងរវាងនាវាចិន និងហ្វីលីពីន។នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងម៉ានីល ថាតើសកម្មភាពរបស់ចិននឹងមិនអាចទទួលយកបានសម្រាប់ហ្វីលីពីននៅក្នុងដែនទឹកដែលមានជម្លោះឬយ៉ាងណា លោក Trinidad បាននិយាយ ថា ទាំងនេះគឺជាបន្ទាត់ក្រហមសម្រាប់ហ្វីលីពីន ចំពោះកងកម្លាំងប្រដាប់អាវុធ។ ការផ្ទុះឡើងភាពតានតឹងចុងក្រោយបំផុតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ បានចាប់ផ្តើមនៅពេលដែលឆ្មាំឆ្នេរសមុទ្រចិន និងនាវា ដែលសង្ស័យថាជាកងជីវពលបានដេញតាម ឡោមព័ទ្ធ និងរារាំងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនចំនួនពីរគ្រឿង ដែលកំពុងអមដំណើរដោយទូកជនស៊ីលតូចៗ២គ្រឿង គ្រប់គ្រងដោយទាហានជើងទឹកហ្វីលីពីន៕

មនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាក្នុងប្រទេសកូឡុំប៊ីប្រឆាំងនឹងកំណែទម្រង់របស់ប្រធានាធិបតី

2024/03/07 11:50:52 am        62
មនុស្សរាប់ពាន់នាក់បានដើរក្បួនក្នុងទីក្រុងធំជាងគេរបស់ប្រទេសកូឡុំប៊ីកាលពីថ្ងៃពុធ ៦ មីនា ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមដែលគាំទ្រដោយប្រធានាធិបតីហ្គាស្តាវ៉ូផេត្រូ(Gustavo Petro) ព្រមទាំងទាមទារឱ្យចាត់វិធានការប្រឆាំងនឹងសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន។ លោកPetro អ្នកឆ្វេងនិយម ត្រូវបានជាប់ឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០២២ ដែលបានសន្យាប្រកបដោយមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព និងបញ្ចប់ជម្លោះផ្ទៃក្នុងរយៈពេល៦ទសវត្សរ៍របស់ប្រទេសកូឡុំប៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៥០.០០០នាក់។សំណើដ៏ធំបំផុតរបស់រដ្ឋាភិបាល កំណែទម្រង់ដែលផ្តោតលើផ្នែកសុខាភិបាល ប្រាក់សោធននិវត្តន៍ ប្រព័ន្ធការងារ និងការអប់រំ បានប្រឈមការប្រឆាំងយ៉ាងខ្លាំងក្លានៅក្នុងសភា និងពីក្រុមប្រឆាំង។ក្រុមបាតុករនៅរដ្ឋធានី បូកូតា (Bogota) បានស្រែកថា "គ្មានវត្តមានលោកPetroទៀតទេ !" និង "លោកPetro ចុះចេញទៅ!"ខណៈកំពុងហែក្បួនអមដោយទង់ជាតិ និងបដា ដែលសរសេរពាក្យស្លោករិះគន់ប្រធានាធិបតី។ លោក Petro បានការពារកំណែទម្រង់ដោយលើកហេតុផលថាពួកគេនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្រីក្របំផុតរបស់ប្រទេសនេះ។ស្របពេលសំណើកំណែទម្រង់កំពុងដំណើរការតាមរយៈសភា លោក Petro ខ្វះសំឡេងភាគច្រើនក្នុងចំណោមសមាជិកសភា បន្ទាប់ពីក្រុមចម្រុះមួយបានបែកបាក់គ្នាកាលពីខែមេសាឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ជួបសម្តែងការគួសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
03/22/2026 05:03 PM
អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំកិច្ចការ ការពារធនធានធម្មជាតិព្រៃលិចទឹក
03/22/2026 05:03 PM
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្តល់ជូនជនភៀសសឹក
03/22/2026 04:03 PM
ប្រទេសចិន ប្ដេជ្ញាថានឹងបើកសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែទូលាយសម្រាប់ក្រុមហ៊ុនបរទេស
03/22/2026 04:03 PM
មន្ត្រីអ៊ីរ៉ង់៖ ទីតាំងស៊ីវិលជាង ៨ម៉ឺនកន្លែង រងការវាយប្រហារពីអាមេរិក-អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមចាប់ផ្តើម
03/22/2026 04:03 PM
ក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ប្រឆាំងនឹងសង្រ្គាមអ៊ីរ៉ង់
03/22/2026 04:03 PM
អ៊ីរ៉ង់៖ ច្រកហ័រមូស បើកចំហចំពោះនាវាទាំងអស់ លើកលែងតែនាវាដែលមាន «ទំនាក់ទំនងជាមួយសត្រូវ»
03/22/2026 04:03 PM
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍
03/22/2026 04:03 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោប្រាប់ឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពយុវជន
03/22/2026 04:03 PM
ក្រុមបាតុកររាប់សែននាក់នៅប្រទេសឆេក បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថ្មី
03/22/2026 03:03 PM