នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៣នាក់ពាក់ព័ន្ធ ៧ករណី
ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនពលរដ្ឋ
តុលាការសម្រេចឃុំខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ

សន្តិសុខ និង សង្គម

អគ្គិភ័យឆេះអគារលំនៅឋានថែទាំមនុស្សចាស់នៅអ៊ុយរ៉ាហ្គាយ បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

2024/07/08 01:36:15 pm        37
នាយកដ្ឋានពន្លត់អគ្គិភ័យជាតិ បានរាយការណ៍ថា អគ្គិភ័យដែលបានកើតឡើងនៅក្នុងអគារលំនៅឋានថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង ត្រេនតាត្រេស(Treinta y Tres) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់។សេចក្តីថ្លែងការណ៍ផ្លូវការ បាននិយាយថា ជនរងគ្រោះរួមមានស្ត្រី៨នាក់ និងបុរស២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ៦:00នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងអគារលំនៅឋាន Adulto Mayor នៅក្នុងទីក្រុង។ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជំនាញ មកពីនាយកដ្ឋានស៊ើបអង្កេតឧបទ្ទវហេតុ នៅទីក្រុង Montevideo ត្រូវបានបញ្ជូនទៅដើម្បីជួយ និងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះឡើងអគ្គិភ័យនេះ។ចាប់តាំងពីសប្តាហ៍មុន ប្រទេសអ៊ុយរ៉ាហ្គាយ បានជួបប្រទះរលកត្រជាក់ ដោយសីតុណ្ហភាពនៅពេលព្រឹកព្រលឹម ក្រោមសូន្យអង្សាសេ ហើយសីតុណ្ហភាពនៅពេលថ្ងៃ មិនលើសពី១០អង្សារសេនោះទេ។ទីក្រុង ត្រេនតាត្រេស(Treinta y Tres) ជារដ្ឋធានី នៅភាគខាងកើតប្រទេសអ៊ុយរ៉ាហ្គាយ ជាទីក្រុងដែលមានប្រជាជនចំនួន ២៥.០០០នាក់ ស្ថិតនៅចម្ងាយ២៨៨គីឡូម៉ែត្រ ភាគឦសានទីក្រុង Montevideo ។

ជនជាតិបូលីវី២៤នាក់ ប្រឈមការជាប់ពន្ធនាគារ២៥ឆ្នាំ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារមិនបានសម្រេច

2024/07/08 01:32:44 pm        88
រដ្ឋអាជ្ញា លោក សេសា អាដាលីត ស៊ីល បាហ្សាន(Cesar Adalid Siles Bazan) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសបូលីវី កំពុងកាត់ទោសជនសង្ស័យចំនួន២៤នាក់ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែមិថុនា ដែលអាចជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។លោក Siles Bazan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bolivia Tvថា ការស៊ើបអង្កេតត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល១១ថ្ងៃមកនេះ បទចោទប្រកាន់ជាផ្លូវការចំនួន៦ ករណី ត្រូវបានកំណត់ ដែលការិយាល័យរដ្ឋអាជ្ញា បានបង្ហាញភស្តុតាងគ្រប់គ្រាន់នៃការទទួលខុសត្រូវព្រហ្មទណ្ឌលើមនុស្ស២៤នាក់។ លោកបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង២៤នាក់ ដែលត្រូវបានចោទប្រកាន់នេះ មាន៣នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈអ្នកនៅសល់ កំពុងស្ថិតក្នុងការឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារប្រទេសបូលីវី។ដោយកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់ព្រហ្មទណ្ឌនេះ រដ្ឋអាជ្ញានិយាយថា ការចោទប្រកាន់ពីបទភេរវកកម្មតែមួយ អាចកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ដែលនៅ​ពេលបូកបញ្ចូលរួមជាមួយបទព្រហ្មទណ្ឌផ្សេងៗទៀត អាចនាំឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមយោធា ដឹកនាំដោយមេបញ្ជាការកងទ័ពដែលបច្ចុប្បន្នត្រូវបាន​បណ្តេញចេញ លោក ជូអាន ចូសេ ហ្ស៊ូនីហ្គា(Juan Jose Zuniga) បានប្រើប្រាស់រថក្រោះមួយគ្រឿង​សម្រុកចូលទៅវិមានរដ្ឋាភិបាល ដែលមានទីតាំងនៅទីលាន Murillo ក្នុងទីក្រុង La Paz ។ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទបះបោរប្រដាប់អាវុធ អំពើភេរវកម្ម ការគំរាមកំហែង​ដល់សន្តិសុខរបស់ប្រធានាធិបតី និងមន្ត្រីដទៃទៀត បំផ្លាញឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការប្រើប្រាស់សេវាកម្មសាធារណៈមិនត្រឹមត្រូវ។ អាជ្ញាធរ បានធ្វើការវាយឆ្មក់ចូលទៅក្នុងលំនៅឋាន បរិវេណយោធា និងការិយាល័យជាច្រើនកន្លែង ជាផ្នែកមួយនៃការស៊ើបអង្កេត។

បំណាក់ដីសម្លាប់មនុស្ស ១២ នាក់ និង១៨នាក់បាត់ខ្លួន នៅលើកោះ ស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី

2024/07/08 11:31:22 am        120
មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង ១៨ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានបំណាក់ដីនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់កាលពីចុងសប្តាហ៍នៅកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ី។ លោក ហេរីយ៉ាន់តូ (Heriyanto) ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាសាណាស់ (Basarnas) បាននិយាយថា បំណាក់ដីកាលពីព្រឹកថ្ងៃអាទិត្យ នៅស្រុកស៊ូម៉ាវ៉ា (Sumawa) ខេត្ត ហ្គ័ររ៉ុនតាឡូ (Gorontalo) បានសម្លាប់កម្មករអណ្តូងរ៉ែ និងអ្នកស្រុកដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ។លោកបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៥នាក់ត្រូវបានជម្លៀសចេញ ដោយលោកបានបន្ថែមថា ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១៨ នាក់នៅថ្ងៃចន្ទនេះ។លោក បាននិយាយថា ទីភ្នាក់ងារនេះ បានបញ្ជូនបុគ្គលិកចំនួន១៦៤នាក់ រួមមានក្រុមសង្គ្រោះជាតិ នគរបាល និងទាហាន ដើម្បីស្វែងរកអ្នកបាត់ខ្លួន ។ ប្រធានទីភ្នាក់ងាររូបនេះ បាននិយាយថា ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល ២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងបំណាក់ដី ហើយត្រូវបានរារាំងដោយល្បាប់ក្រាស់ពេញផ្លូវ និងភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះ៕

ប្រទេសប៉ាណាម៉ា បិទព្រំដែនឆ្លងកាត់ដោយបន្លាលួស បង្កឲ្យមានភាពចម្រូងចម្រាស់ក្នុងតំបន់

2024/07/08 10:31:01 am        88
របងលួសបន្លា ដែលត្រូវបានដំឡើងដោយរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ដើម្បីរារាំងលំហូរជនអន្តោប្រវេសន៍ឆ្លងកាត់តាមព្រៃ Darien ដែលភ្ជាប់ពីអាមេរិកកណ្តាលទៅកាន់ប្រទេសកូឡុំប៊ី បានបង្កឱ្យមានការប្រឆាំងពីអ្នកស្រុក និងប្រទេសជិតខាង។អង្គភាពសេវាព្រំដែនជាតិរបស់ប្រទេសប៉ាណាម៉ា បាននិយាយថា ការឆ្លងកាត់ព្រំដែនដែលគ្មានការអនុញ្ញាត នៅព្រៃនេះបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។អាជ្ញាធរប្រទេសប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ជាង ១៩៥.០០០នាក់ បានឆ្លងកាត់ច្រកព្រំដែនទាំងនេះមិនទៀងទាត់ក្នុងឆ្នាំ២០២៤នេះ ។ការសម្រេចចិត្ត បានធ្វើឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងប្រទេសជិតខាង ដោយលើកហេតុផលថា របាំងលួសបន្លា ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលជនអន្តោប្រវេសន៍ត្រូវប្រឈមមុខ ដោយបង្ខំឱ្យពួកគេធ្វើដំណើរទៅតាមផ្លូវដ៏គ្រោះថ្នាក់។ការិយាល័យរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី បានសម្តែងការព្រួយបារម្ភរបស់ខ្លួន និងបានស្នើសុំឱ្យរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ធានានូវសិទ្ធិជ្រកកោននិងសិទ្ធមនុស្ស របស់ជនអន្តោប្រវេសន៍។កំណត់ត្រាខ្ពស់នៃជនអន្តោប្រវេសន៍ចំនួន ៥២០.០០០នាក់ បានឆ្លងកាត់ព្រៃ Darien កាលពីឆ្នាំមុន ភាគច្រើនជាកុមារ និងភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា អេក្វាឌ័រ និងប្រទេសហៃទី។ ប្រធានាធិបតីថ្មីរបស់ប្រទេសប៉ាណាម៉ា លោក ចូសេ រ៉ូល មូលីណូ(Jose Raul Mulino) បានចូលកាន់តំណែងកាលពីសប្តាហ៍មុន និងបានប្តេជ្ញាថានឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។រដ្ឋាភិបាលរបស់លោក ភ្លាមៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឆ្លងកាត់ព្រៃ Darien ដ៏គ្រោះថ្នាក់។

បន្ទាប់ពីសង្គ្រាម៩ខែ ប្រជាជនអ៊ីស្រាអែល តវ៉ាប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យដោះលែងចំណាប់ថ្នូរ

2024/07/08 10:23:55 am        82
ក្រុមអ្នកតវ៉ាអ៊ីស្រាអែលរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង និងទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃប្រារព្ធខួប ៩ ខែ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា។ការតវ៉ាមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅលើផ្លូវធំក្នុងទីក្រុង Tel Aviv ដែលការតវ៉ាមានបំណងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដែលបាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេស ដោយក្រុមបាតុករបានបិទផ្លូវ និងតវ៉ានៅតាមលំនៅឋានរបស់រដ្ឋមន្ត្រីរដ្ឋាភិបាល។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោង ៦:២៩នាទី ព្រឹក ដែលត្រូវនឹងម៉ោងនៃការវាយលុកកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេលប្រាំបួនខែ ទទួលបានសន្ទុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយក្រុមមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម ប៉ុន្តែបាននិយាយថា គម្លាតនៅតែមានរវាងភាគីទាំងពីរ។

បាតុករប្រឆាំងក្រុមស្ដាំនិយមជ្រុលនៅបារាំង ប៉ះទង្គិចជាមួយនគរបាល ក្រោយចេញលទ្ធផល​បោះឆ្នោតសភា

2024/07/08 10:18:33 am        116
ក្រុមបាតុករបារាំង បានប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មនៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអាទិត្យ (៧ កក្កដា) បន្ទាប់ពីលទ្ធផលដែលបានព្យាករជាលើកដំបូងពីការបោះឆ្នោតសភាជុំទីពីររបស់ប្រទេសបារាំង ត្រូវបានប្រកាស ដែលក្នុងនោះសម្ព័ន្ធភាពឆ្វេងនិយម គណបក្សរណសិរ្សប្រជាប្រិយថ្មី (NFP) ឈរនៅលេខរៀងទី១ ដ៏ភ្ញាក់ផ្អើល នៅពីមុខក្រុមកណ្តាលនិយម ដែលស្ថិតក្នុងលេខរៀងទី២ និងក្រុមស្តាំនិយមជ្រុល ដែលទទួលបានលំដាប់ទី៣។ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ដោយគ្រវីទង់ជាតិបារាំង និងកាន់បដាដែលមានពាក្យសរសេរថា «រណសិរ្សប្រជាប្រិយថ្មីរបស់យើងគឺប្រឆាំងអាណានិគម និងប្រឆាំងការរើសអើងជាតិសាសន៍! តាមគ្រប់មធ្យោបាយចាំបាច់ ហើយអនុញ្ញាតឱ្យយើងបញ្ឈប់ការងើបឡើងនៃពួកហ្វាស៊ីសនិយម (ក្រុមផ្ដាច់ការ) មិនឱ្យកាន់អំណាច»។ ជាមួយនេះគ្នា ក្រុមអ្នកគាំទ្របក្ស NFP បានអបអរសាទរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភាជុំទីពីរត្រូវបានប្រកាស ដោយផ្ដល់នូវជ័យជម្នះសម្រាប់សម្ព័ន្ធភាពឆ្វេងនិយម ដែលប្រមូលផ្តុំដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង (The hard left) ក្រុមសង្គមនិយម (The Socialists) និងក្រុមគណបក្សបៃតង (Greens)។មេដឹកនាំបក្សបៃតងបារាំង លោកស្រី ម៉ារីន តុងដឺលែរ (Marine Tondelier) កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថានឹងនាំមកនូវ «ការផ្សះផ្សារ យុត្តិធម៌សង្គម និងបរិស្ថាន» នៅក្នុងប្រទេសបារាំង ហើយខណៈពេលដែលនាងអបអរជ័យជម្នះរបស់បក្ស NFP លោកស្រី តុងដឺលែរ ក៏បានព្រមានអំពីអ្វីដែលលោកស្រីនិយាយថា អាចជាយប់មួយដែលពោរពេញដោយអំពើហិង្សាពីពួកស្ដាំនិយមជ្រុល៕

[UPDATE] ចំនួនអ្នកស្លាប់ ក្នុងទឹកជំនន់នៅរដ្ឋអាសាមរបស់ឥណ្ឌាកើនឡើងដល់៦៦នាក់ ក្រោយមានអ្នកស្លាប់៨នាក់បន្ថែម

2024/07/08 09:52:20 am        116
ស្ថានភាពនៅក្នុងរដ្ឋ អាសាម(Assam) របស់ឥណ្ឌាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ ក្រោយលង់ទឹកក្នុងទឹកជំនន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះបានកើនឡើងដល់ ៦៦ នាក់។របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។ ស្រុកមួយចំនួននៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។ មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕

[UPDATE] មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់៦៧នាក់ ខណៈភ្លៀងនៅតែបន្ត

2024/07/08 09:37:27 am        245
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕

មនុស្សស្លាប់៦នាក់ទៀតក្នុងគ្រោះទឹកជំនន់នៅរដ្ឋអាសាម ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់ ៥៨នាក់

2024/07/07 02:32:10 pm        128
ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។ ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។ លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕

វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀននៅហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់

2024/07/07 01:27:49 pm        102
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ១៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយនៅតំបន់ហ្កាហ្សាស្ទ្រីប។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុម ហាម៉ាស អគារនេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់នៅជំរំជនភៀសខ្លួន នូសេរ៉ាត់(Nuseirat) នៅកណ្តាលតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការនៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។ សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។ ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាជម្រក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ»
04/21/2025 09:04 PM
យោធាស៊ូដង់ខាងត្បូងដណ្តើមកាន់កាប់បានវិញនូវទីក្រុងសំខាន់ពីកងជីវពល White Army
04/21/2025 08:04 PM
នាយករដ្ឋមន្ត្រីអ៊ីតាលី ប្រាប់ថា សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ជាទីពឹងក្នុងគ្រាលំបាក
04/21/2025 08:04 PM
នាយករដ្ឋមន្ត្រីន័រវេស នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍
04/21/2025 07:04 PM
មន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌូនេស៊ី សាងទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធ
04/21/2025 07:04 PM
នាយអគ្គសេនាធិការកងទ័ពអ៊ីស្រាអែល ធ្វើទស្សនកិច្ចនៅតំបន់គ្រប់គ្រងដោយប្រទេសនេះ ក្នុងប្រទេសស៊ីរី
04/21/2025 07:04 PM
​ វិមានក្រឹមឡាំង៖ ជំហរបដិសេធរបស់អាមេរិកមិនឲ្យអ៊ុយក្រែនចូលណាតូ ផ្តល់នូវការពេញចិត្ត
04/21/2025 07:04 PM
ក្រសួងការបរទេស៖អាមេរិក នៅតែប្តេជ្ញាចំពោះបទឈប់បាញ់ពេញលេញ នៅអ៊ុយក្រែន
04/21/2025 07:04 PM
ប្រធានគណៈកម្មការសហភាពអឺរ៉ុប ជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គោរពតាមច្បាប់ឌីជីថលរបស់សហភាពអឺរ៉ុប
04/21/2025 06:04 PM
អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅចិន នាថ្ងៃអង្គារ
04/21/2025 06:04 PM