សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ការបាញ់ប្រហារនៅរដ្ឋ Minnesota បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់

2024/01/09 12:56:04 pm        119
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា វីដេអូសាក្សី កាលពីថ្ងៃចន្ទ បានបង្ហាញឲ្យឃើញអាជ្ញាធរ បានមកប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុនៃការបាញ់ប្រហារ នៅក្នុងរដ្ឋ Minnesota ជាកន្លែងដែលមនុស្ស៤នាក់ រួមទាំងខ្មាន់កាំភ្លើង ត្រូវបានរកឃើញស្លាប់។ ការបាញ់ប្រហារ បានកើតឡើង នៅផ្លូវ Big Lake និងតំបន់ Highway 33 ទីក្រុង Cloquet ជាកន្លែងដែលនគរបាល បាននិយាយថាពួកគេបានដកចេញបទបញ្ជាការពារនៅនឹងកន្លែង បន្ទាប់ពីមានការបញ្ជាក់ថា ពុំមានការគំរាមកំហែងដ៏សកម្មចំពោះតំបន់នេះឡើយ។ វាពុំត្រូវបានដឹងនៅឡើយថាតើ មានអ្នករងរបួសបន្ថែមទៀត ឬយ៉ាងណា។ព័ត៌មានបន្ថែម ពុំទាន់ត្រូវបានចេញផ្សាយនៅឡើយ លើមូលហេតុអ្វីដែលបណ្តាលឲ្យមានការបាញ់ប្រហារនេះ។ បន្ទាប់ពីការបាញ់ប្រហារ នគរបាលបានជំរុញឲ្យប្រជាជន១២.០០០នាក់ ស្នាក់នៅក្នុងលំនៅឋាន ប៉ុន្តែមួយម៉ោងក្រោយមក នគរបាលបានដកបទបញ្ជាចេញវិញ។

ជម្លោះឥណ្ឌានិងម៉ាល់ឌីវ រីកកាន់តែធំ ខណៈទីភ្នាក់ងារផ្អាកការកក់សំបុត្រជើងហោះហើរទៅកាន់កោះនេះ

2024/01/09 12:53:29 pm        111
វេទិកាធ្វើដំណើរធំបំផុតមួយរបស់ប្រទេសឥណ្ឌា បានផ្អាកការកក់សំបុត្រជើងហោះហើរ ទៅកាន់ប្រទេសកោះម៉ាល់ឌីវ ដែលពឹងផ្អែកលើវិស័យទេសចរណ៍កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការរិះគន់លើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមកលើនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលធ្វើឱ្យទំនាក់ទំនងមានភាពសៅហ្មងរវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ ប្រទេសឥណ្ឌា និងរុស្សី បានបញ្ជូនចំនួនអ្នកទេសចរច្រើនបំផុតទៅកាន់ប្រទេសកោះម៉ាល់ឌីវ ជាខ្សែសង្វាក់នៃប្រជុំកោះដែលមានពន្លឺព្រះអាទិត្យនៅក្នុងមហាសមុទ្រឥណ្ឌា ជាទីតាំងរមណីយដ្ឋានល្អប្រណីតជាច្រើន។ សហស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន អ៊ីសមីទ្រីប (EaseMyTrip) លោក Prashant Pitti បាននិយាយថា ការកក់សំបុត្រទៅកាន់កោះម៉ាល់ឌីវ ត្រូវបានផ្អាកដោយគ្មានកំណត់។លោក Pitti បាននិយាយថាក្រុមហ៊ុនទេសចរណ៍ EaseMyTrip មានវេទិកាកក់សំបុត្រធ្វើដំណើរតាមប្រព័ន្ធអ៊ីនធឺណិតធំបំផុតទី ២ នៅក្នុងប្រទេសឥណ្ឌា ដោយមានចំណែកទីផ្សារ ២២ភាគរយ ហើយក្រុមហ៊ុន របស់លោកផ្សព្វផ្សាយទីក្រុង Lakshadweep លើទីតាំងបរទេសណាមួយ ទោះបីជាពួកគេអាចឃើញការធ្លាក់ចុះជាបណ្តោះអាសន្នសម្រាប់ទេសចរណ៍អន្តរជាតិ ក៏ដោយ។ប្រជាជនឥណ្ឌាភាគច្រើន រួមមានទាំងអ្នកល្បីល្បាញមួយចំនួន បានចែករំលែកការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលផ្សព្វផ្សាយពីគោលដៅក្នុងស្រុកនៅលើកោះម៉ាល់ឌីវ។ប្រភពដែលដឹងអំពីបញ្ហាបាននិយាយថា ទីក្រុងញូវឌេលី បានកោះហៅបេសកជនពិសេសរបស់ប្រទេសកោះម៉ាល់ឌីវ លោក Ibrahim Shaheeb កាលពីថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីបេសកកម្មរបស់ប្រទេសឥណ្ឌានៅទីក្រុងម៉ាឡេ(Male) បានលើកឡើងនិងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយក្រសួងការបរទេសម៉ាល់ឌីវ។

ក្រុមបាតុករ គាំទ្រប៉ាឡេស្ទីន បិទស្ពានច្រើនកន្លែងនៅទីក្រុងញូវយ៉ក និងផ្លូវក្រោមដី

2024/01/09 12:49:19 pm        86
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានបិទស្ពានជាច្រើនកន្លែងនៅក្នុងទីក្រុងញូវយ៉ក និងផ្លូវក្រោមដីមួយកន្លែងកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលមានរយៈពេលបីខែមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បាតុកររាប់សិបនាក់ បានអង្គុយនៅតាមដងផ្លូវ ហើយបានស្រែកពាក្យផ្សេងៗ ខណៈកំពុងផ្អាកចរាចរណ៍នៅលើស្ពាន ទីក្រុង Brooklyn, Manhattan និងស្ពានទីក្រុង Williamsburg ឆ្លងកាត់ទន្លេ East River ព្រមទាំងនៅផ្លូវ ក្រោមដី Holland ដែលតភ្ជាប់ទីក្រុង New York ជាមួយទីក្រុង New Jersey ឆ្លងកាត់ទីក្រុង Hudson ។ អាជ្ញាធរកំពង់ផែទីក្រុងញូវយ៉ក និងទីរដ្ឋ New Jersey ដែលធ្វើប្រតិបត្តិការផ្លូវរូងក្រោមដី Holland បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ផ្លូវទៅកាន់រដ្ឋ New Jersey ត្រូវបានបិទ ដោយសារតែសកម្មភាពរបស់នគរបាល។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញបាតុកររាប់សិបនាក់ ភាគច្រើនពាក់អាវកាក់ពណ៌លឿង ឬពណ៌លឿងទុំ អង្គុយនៅលើដីក្បែរផ្លូវក្រោមដី។ ពួកគេបាននិយាយនៅលើបណ្តាញ X ដែលពីមុនហៅថា Twitter ថា ការតវ៉ាត្រូវបានរៀបចំឡើងដោយអង្គការសំឡេងដើម្បីសន្តិភាពរបស់ជនជាតិជ្វីហ្វ ជាចលនាយុវជនប៉ាឡេស្ទីន និងក្រុមទីក្រុងញូវយ៉កនៃសង្គមនិយមលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ក្នុងចំណោមក្រុមផ្សេងទៀត។ អ្នកតវ៉ាម្នាក់ នៅលើស្ពាន Brooklyn និយាយថា យើងសង្ឃឹមថា ជាមួយនឹងសកម្មភាពនេះ យើងអាចជម្រុញអ្នកដទៃឱ្យបន្តការតវ៉ាប្រឆាំង បន្តធ្វើឲ្យរីកកាន់តែធំ និងបន្តរំខាន រហូតទាល់តែយើងត្រូវបានបង្ហាញឱ្យឃើញ បើពុំនោះយើងនឹងមិនបញ្ឈប់រហូតដល់សហរដ្ឋអាមេរិកគាំទ្របទឈប់បាញ់ជាអចិន្ត្រៃយ៍។ បាតុកម្មស្រដៀងគ្នានេះ បានកើតឡើងនៅសហភាពអឺរ៉ុប និងអាមេរិកខាងជើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។

ក្បួនធ្វើដំណើរថ្មី បង្កើតនៅម៉ិកស៊ិក ខណៈជនអន្តោប្រវេសន៍ខកចិត្ត ត្អូញត្អែរអំពីការពន្យារពេលទិដ្ឋាការ

2024/01/09 12:41:18 pm        86
ក្បួនធ្វើដំណើរថ្មីរបស់ជនអន្តោប្រវេសន៍ប្រហែល ២.០០០នាក់ បានបង្កើតឡើងនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃច័ន្ទ ភាគច្រើនបង្កើតឡើងពីអ្នកដែលកំពុងធ្វើដំណើរតាំងពីថ្ងៃបុណ្យណូអែល ដែលបាននិយាយថា ការសន្យារបស់រដ្ឋាភិបាលម៉ិកស៊ិកចំពោះទិដ្ឋាការឆ្លងកាត់កាលពីសប្តាហ៍មុន មិន បានលេចចេញជារូបរាង។ជនអន្តោប្រវេសន៍ រួមទាំងអ្នកមួយចំនួននាំមកជាមួយកុមារតូចៗ កំពុងដើរទៅកាន់ទីក្រុង Oaxaca ភាគខាងត្បូងទីក្រុង Tapanatepec ចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Mexico City នៅតាមផ្លូវ។ ពួកគេសង្ឃឹមថានឹងទៅដល់ទីក្រុង Tapanatepec នៅពេលយប់។អ្នកដឹកនាំក្បួនដំណើរក្រុមជនអន្តោប្រវេសន៍ លោក Luis Villagran និយាយថា ក្រុមនេះភាគច្រើនមកពីអាមេរិកកណ្តាល និងតំបន់ការ៉ាអ៊ីប ត្រូវធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ក្រុមនេះបានបំបែកគ្នា បន្ទាប់មកឡើងជិះលើរថយន្តក្រុង ទៅកាន់មជ្ឈមណ្ឌលដំណើរការច្រើនកន្លែងក្នុងក្តីសង្ឃឹមថា នឹងទទួលបានអនុញ្ញាតធ្វើដំណើរ ដែលនឹងអនុញ្ញាតឱ្យពួកគេ និងក្រុមគ្រួសារឆ្លងកាត់ដោយដោយសេរីតាមប្រទេសម៉ិកស៊ិក។ ទោះជាយ៉ាងណា លោក Villagran និយាយថា ជនអន្តោប្រវេសន៍ភាគច្រើន ពុំដែលទទួលបានការអនុញ្ញាតនេះទេ។ កាលពីឆ្នាំមុន ចំនួនជនអន្តោប្រវេសន៍ច្រើនបំផុត បានប៉ុនប៉ងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ដែលសម្រាប់ជនអន្តោប្រវេសន៍ភាគច្រើន មកដល់តែត្រឹមនេះនៃការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ទ្វីប។

ពលរដ្ឋហ្កាហ្សាមួយភាគរយ ត្រូវបានសម្លាប់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

2024/01/09 12:38:09 pm        76
យោងតាមទិន្នន័យផ្លូវការចុងក្រោយ មនុស្សប្រហែលមួយភាគរយនៃចំនួនប្រជាជនសរុប នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប បានស្លាប់ ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បាននិយាយនៅក្នុងបច្ចប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទ ថា ចំនួនពលរដ្ឋប៉ាឡេស្ទីន ស្លាប់ដោយសារអំពើហិង្សានេះ បានកើនឡើងដល់ ២៣.០៨៤ នាក់ និងមនុស្សចំនួន៥៨.៩២៦នាក់ រងរបួស នៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ យោងតាមការិយាល័យស្ថិតិកណ្ដាលរបស់ប៉ាឡេស្ទីន តំបន់ហ្កាហ្សា គឺជាជម្រកសម្រាប់ពលរដ្ឋជាង២លាន ២សែននាក់ ដែលមានន័យថា មនុស្សប្រហែលម្នាក់ក្នុងចំណោម១០០នាក់ នៅតំបន់នេះ ត្រូវបានសម្លាប់ក្នុងជម្លោះជុំថ្មីបំផុតនេះ។ក្រសួងខាងលើបាននិយាយថា ចំនួនអ្នកស្លាប់ ក៏បានរួមបញ្ចូលទាំងកុមារជាង៩ពាន់នាក់ និងស្រ្តីជាង៥.៣០០នាក់ ផងដែរ៕

ការបំផ្ទុះគ្រាប់បែកនៅប្រទេសប៉ាគីស្ថាន សម្លាប់នគរបាល ៥នាក់

2024/01/09 12:20:36 pm        106
ការបំផ្ទុះគ្រាប់បែកនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់នគរបាល ៥នាក់ក្នុងកាតព្វកិច្ចយាមកន្លែងចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង និងបង្ករបួសដល់មនុស្សជាង ២០នាក់កាលពីថ្ងៃចន្ទ (០៨ មករា) ដែលជាការវាយប្រហារចុងក្រោយបង្អស់ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅមុនការបោះឆ្នោតជាតិថ្ងៃទី០៨ ខែកុម្ភៈ។ក្រុមឧទ្ទាមតាលីបង់ជនជាតិប៉ាគីស្ថាន ដែលជាក្រុមឆ័ត្រត្រូវគេស្គាល់ថាក្រុម តេរេក តាលីបង់ប៉ាគីស្ថាន (TTP) បានអះអាងទទួលខុសត្រូវលើការបំផ្ទុះនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មានរ៉យទ័រ។ មន្ត្រីនគរបាលលោក ខាស៊ីហ្វ ហ្ស៊ូលហ្វីខា (Kashif Zulfikar) បាននិយាយថា ការបំផ្ទុះនេះបានត្រូវចំរថយន្តដឹកទំនិញពេញទៅដោយនគរបាលដែលកំពុងធ្វើដំណើរទៅយាមកន្លែងចាក់ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងស្រុក បាជួរ (Bajur)។ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅក្នុងប្រទេសប៉ាគីស្ថាន តែងតែកំណត់គោលដៅលើក្រុមចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង ដោយជឿថាកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ គឺជាឧបករណ៍របស់លោកខាងលិច ដើម្បីឈ្លបយកការណ៍លើពួកគេ និងធ្វើឱ្យជនជាតិមូស្លីមគ្មានកូនចៅ។ ក្រុម តេរេក តាលីបង់ប៉ាគីស្ថាន TTP បានធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋអស់ជាច្រើនឆ្នាំមកហើយ ដោយចង់ផ្ដួលរំលំរដ្ឋាភិបាល ហើយជំនួសដោយការគ្រប់គ្រងរបស់អ៊ីស្លាម៕

ឥណ្ឌូណេស៊ី ផ្អាកប្រើប្រាស់បណ្ដោះអាសន្ននូវយន្តហោះ Boeing 737 Max 9 ចំនួនបីគ្រឿង បន្ទាប់ពីឧបទ្ទវហេតុក្រុមហ៊ុនអាកាសចរណ៍Alaska Airlines

2024/01/09 12:17:14 pm        52
ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី ៨ ខែមករាថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្ន នូវយន្តហោះ Boeing 737 Max 9 ចំនួនបីគ្រឿង ដែលធ្វើប្រតិបត្តិការការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air កាលពីថ្ងៃទី ៦ ខែមករា ទោះបីជាមានការកំណត់រចនាសម្ព័ន្ធខុសគ្នាពីយន្តហោះដែលត្រូវចុះចតជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យផ្អាកបណ្ដោះអាសន្ន នូវយន្តហោះ Boeing ចំនួន ១៧១គ្រឿងដែលបានបំពាក់ផ្ទាំងដូចគ្នា និងផ្ទាំងដែលបានរបេះ ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) រយៈពេល ៨សប្តាហ៍កាលពីថ្ងៃទី៥ខែមករា ដែលបង្ខំឱ្យចុះចតបន្ទាន់ដោយសារតែផ្នែកមួយនៃតួយន្តហោះរបើកចេញ។ គន្លឹះទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ។ លោកស្រី អា ឌីតា អ៊ីរ៉ាវ៉ាទី (Adita Irawati) អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបាននិយាយថា យន្តហោះ ប្រភេទ Boeing 737 Max 9 ចំនួនបីគ្រឿង ដែលជាយន្តហោះតែមួយគត់របស់ឥណ្ឌូនេស៊ី ត្រូវបានផ្អាកដំណើរការចាប់ពីថ្ងៃទី៦ ខែមករា រហូតដល់មានការជូនដំណឹងបន្ថែម។ អ្នកស្រី Adita បាននិយាយថា យន្តហោះLion Air មាន ទ្វារច្រកចេញបន្ទាន់ប្រភេទ II នៅចំកណ្ដាលបន្ទប់អ្នកបើកយន្តហោះ ចំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មានទ្វារច្រកចេញនៅចំកណ្តាលតួយន្តហោះ។ទ្វារយន្តហោះដែលរបេះធ្លាក់នោះ ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ទី៧មករា ដោយគ្រូបង្រៀនម្នាក់នៅទីក្រុង ផតលែន នៅក្នុងបរិវេណផ្ទះរបស់លោក៕

ក្រុមហ៊ុនអាកាសចរណ៍ United របស់អាមេរិក រកឃើញដុំខ្ចៅរលុងនៅលើយន្តហោះប៊ូអ៊ីង 737 MAX ជាច្រើនគ្រឿង

2024/01/09 12:10:16 pm        97
វិបត្តិយន្តហោះប៊ូអ៊ីងប្រភេទ ៧៣៧ មែក (737 MAX) ចុងក្រោយបង្អស់កាន់តែជ្រៅឡើងកាលពីថ្ងៃចន្ទ (០៨ មករា) បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) បាននិយាយថា ខ្លួនបានរកឃើញដុំខ្ចៅរលុងនៅលើយន្តហោះប្រភេទ មែក ណាញ (MAX 9) ដែលមិនហោះហើរជាច្រើនគ្រឿង ដោយបង្កើនការព្រួយបារម្ភថ្មីក្នុងចំណោមក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះអំពីមធ្យោបាយដែលប្រភេទយន្តហោះដែលលក់ដាច់បំផុតរបស់ខ្លួនត្រូវបានផលិត។និយតកររបស់សហរដ្ឋអាមេរិកបានបញ្ឈប់យន្តហោះប្រភេទ មែក ណាញ ចំនួន១៧១គ្រឿងមិនឲ្យហោះហើរ បន្ទាប់ពីបន្ទះមួយបានដាច់ចេញពីជើងហោះហើរដែលដំណើរការដោយក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) មិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ផងលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) កាលពីថ្ងៃសុក្រ ដោយបង្ខំអ្នកបើកយន្តហោះឱ្យព្យាយាមចុះចតដោយសុវត្ថិភាព។ក្រុមហ៊ុន យូណាយធីត ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកទាំងពីរដែលហោះហើរម៉ូដែលប៊ូអ៊ីងនេះជាមួយនឹងបន្ទះប្រភេទនោះ បាននិយាយថា ការត្រួតពិនិត្យបឋមរបស់ខ្លួនបានរកឃើញថាមានដុំខ្ចៅដែលរលុងនិងត្រូវការរឹតបន្តឹងលើបន្ទះយន្តហោះជាច្រើន។ ការរកឃើញនោះបានបង្កើនការព្រួយបារម្ភអំពីដំណើរការផលិតយន្តហោះប្រភេទ មែក ណាញ ដែលត្រូវបានផ្អាកដំណើរការ។ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា រហូតមកដល់ពេលនេះក្រុមហ៊ុន យូណាយធីត បានរកឃើញយន្តហោះជិត ១០គ្រឿង ដែលមានដុំខ្ចៅរលុងក្នុងអំឡុងពេលត្រួតពិនិត្យបឋម ដែលកើនឡើងពីចំនួន ៥គ្រឿងដំបូងដែលត្រូវបានរាយការណ៍ដោយការបោះពុម្ពផ្សាយឧស្សាហកម្ម ដឹអ៊ែរខឺរិន (The Air Current) ហើយតួលេខនេះអាចនឹងកើនឡើងទៀត៕

រថយន្តមួយគ្រឿងបុកចូលច្រកទ្វារនៅសេតវិមាន

2024/01/09 11:07:28 am        124
អង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាននិយាយថា រថយន្តមួយគ្រឿង បានបុកចូលច្រកទ្វារខាងក្រៅបរិវេណអគារសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅមុនម៉ោង៦ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ។ប្រធានផ្នែកទំនាក់ទំនងនៃអង្គភាពស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្គូលីលមី (Anthony Guglielmi) បាននិយាយថា អ្នកបើកបររថយន្តម្នាក់ត្រូវបាននាំទីកាន់មន្ទីរឃុំឃាំង ខណៈមូលហេតុ និងលក្ខណៈនៃឧប្បត្តិហេតុ កំពុងត្រូវបានស៊ើបអង្កេត។ សេតវិមាន ពុំបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។បុរសម្នាក់នៅទីក្រុង Delaware ត្រូវបានចោទប្រកាន់កាលពីខែមុនពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីលោក បានបើករថយន្តបុកចូលក្នុងក្បួនរថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដោយចៃដន្យ។ អង្គភាពសេវាសម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានហេតុផលការពារ ដែលទាក់ទងនឹងហេតុការណ៍នេះទេ។

អ៊ីស្រាអែលបែរទៅវាយប្រហារយ៉ាងសាហាវទៅលើគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅស៊ីរី

2024/01/09 11:00:16 am        146
ប្រភពចំនួន៦ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែល កំពុងធ្វើការវាយប្រហារដ៏សាហាវដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសស៊ីរី សំដៅលើរថយន្តដឹកទំនិញ ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលជាប់ពាក់ព័ន្ធក្នុងបញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅកាន់ក្រុមអ្នកតំណាងរបស់ខ្លួន នៅក្នុងតំបន់នេះ។ប្រភពទាំងនោះ រួមទាំងមន្ត្រីចារកម្មយោធាស៊ីរី និងមេបញ្ជាការម្នាក់ក្នុងសម្ព័ន្ធភាពក្នុងតំបន់ដែលគាំទ្រទីក្រុងដាម៉ាស បាននិយាយថា អ៊ីស្រាអែល បានផ្លាស់ប្តូរយុទ្ធសាស្រ្ត បន្ទាប់ពីការវាយលុកកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមយុទ្ធជនហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងយុទ្ធនាវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់ នៅក្នុងតំបន់ហ្កាហ្សា និងលីបង់។ប្រភពបាននិយាយថា ទោះបីជាអ៊ីស្រាអែល បានវាយលុកគោលដៅដែលជាប់ទាក់ទងជាមួយអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងតំបន់ដែលក្រុមប្រដាប់អាវុធលីបង់ហេសបូឡា (Hezbollah) មានសកម្មភាពក៏ដោយ ឥឡូវនេះវាបានធ្វើឲ្យមានការស្លាប់កាន់តែធ្ងន់ធ្ងរ ការវាយឆ្មក់តាមអាកាសញឹកញាប់ជាងមុនប្រឆាំងនឹងការបញ្ជូនអាវុធរបស់អ៊ីរ៉ង់ និងប្រព័ន្ធការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី។មេបញ្ជាការក្នុងសម្ព័ន្ធភាពក្នុងតំបន់ និងប្រភពពីរបន្ថែមទៀតដែលបានដឹងពីគំនិតគិតរបស់ក្រុមហេសបូឡា បាននិយាយថា អ៊ីស្រាអែល បានបោះបង់ចោល «ច្បាប់នៃល្បែងសង្គ្រាម» ដែលពីមុនបានកំណត់លក្ខណៈនៃការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ហើយហាក់ដូចជា «លែងមានការប្រុងប្រយ័ត្ន» អំពីការធ្វើឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរលើក្រុមហេសបូឡា នៅទីនោះ។មេបញ្ជាការរូបនោះ បាននិយាយដោយពណ៌នាអំពីការវាយឆ្មក់របស់អ៊ីស្រាអែលលើការបញ្ជូនអាវុធដែលគ្រប់គ្រងដោយហេសបូឡា នៅមុនថ្ងៃទី៧ ខែតុលាថា៖«ពួកគេធ្លាប់បាញ់ព្រមាន ពួកគេបានវាយប្រហារនៅជិតរថយន្តដឹកទំនិញ កងកម្លាំងរបស់យើង បានចេញពីរថយន្តនោះ ហើយបន្ទាប់មកពួកគេ បានវាយប្រហារទៅលើរថយន្តនោះតែម្តង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា០១ខ្នង ដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយលោកតា ចាស់ជរានៅខេត្តពោធិ៍សាត់
03/29/2026 05:03 PM
វៀតណាមចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ រូបមកចូលរួមជាមួ​យ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ (AOT) ប្រចាំកម្ពុជាដឹកនាំដោយប្រទេសហ្វីលីពីន
03/29/2026 04:03 PM
អភិបាលខេត្តកំពត៖ ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ គឺជាដំណើរ​ការ​សំខាន់​មួយ​ក្នុង​ការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និង​មាន​ការ​ទទួល​ខុស​ត្រូវខ្ពស់
03/29/2026 04:03 PM
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បន្ត​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ជំនាញ​សុខាភិបាល​ឌីជីថល
03/29/2026 03:03 PM
រាជរដ្ឋាភិបាលសម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញ​ឧបករណ៍​អគ្គិសនី​, ប្រព័ន្ធសូឡា, រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត
03/29/2026 03:03 PM
CDC បានអនុម័តរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំ នៅខេត្តពោធិ៍សាត់
03/29/2026 02:03 PM
ក្រុមហ៊ូទីបើកការវាយប្រហារលើកទីពីរលើអ៊ីស្រាអែលក្នុងពេល២៤ ម៉ោង ខណៈ​ជម្លោះ​នៅ​អាស៊ី​ខាង​លិច​កាន់តែតានតឹង
03/29/2026 02:03 PM
ក្រសួងបរិស្ថាន បង្ហាញការព្រួយបារម្ភចំពោះការផ្សាយដោយយោងទិន្នន័យពី IQAir ថាខ្យល់ពុលនៅកម្ពុជា ឈរលេខរៀងទី២ លើសកលលោក ខណៈគុណភាពខ្យល់នៅកម្ពុជា មានកម្រិតល្អ
03/29/2026 02:03 PM
មេដឹកនាំអ៊ុយក្រែន បដិសេធការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកពីបទកុហក​អំពី​ការធានាសន្តិសុខ
03/29/2026 01:03 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅតំ​បន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
03/29/2026 01:03 PM