មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

ប្រភព៖ ក្រុមប្រទេសសហភាពអឺរ៉ុប បញ្ជាទិញតែគ្រាប់កាំភ្លើងធំចំនួន ៦០.០០០គ្រាប់ សម្រាប់អ៊ុយក្រែនតាមគម្រោងថ្មី

2023/12/07 12:45:07 pm        109
បណ្តាប្រទេសសហភាពអឺរ៉ុប បានដាក់ការបញ្ជាទិញសម្រាប់តែកាំភ្លើងធំចំនួន ៦០.០០០គ្រាប់ ប៉ុណ្ណោះ ក្រោមគម្រោងរបស់សហភាពអឺរ៉ុប ដើម្បីជួយឲ្យទទួលបានគ្រាប់រំសេវចំនួន មួយលានគ្រាប់ ដល់អ៊ុយក្រែន នៅនិទាឃរដូវក្រោយ នេះបើយោងតាមអ្នកដែលបានដឹងច្បាស់ពីតួលេខនេះ។គ្រោងនេះ គឺជាចំណុចសំខាន់នៃគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រដ៏ចាំបាច់ដល់ប្រទេសអ៊ុយក្រែន ដោយអនុញ្ញាតឲ្យប្រទេសនានា ដាក់ការបញ្ជាទិញជាមួយឧស្សាហកម្មតាមរយៈកិច្ចសន្យាដែលបានចរចាដោយទីភ្នាក់ងារការពារអឺរ៉ុប (EDA)របស់ប្លុកនេះ។គំនិតផ្តួចផ្តើមដ៏ទូលំទូលាយដែលបានចាប់ផ្តើមកាលពីខែមីនា បានផ្តល់នូវគ្រោងការណ៍ផ្សេងៗ ដើម្បីទទួលបានគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន មួយលានគ្រាប់ សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។សហភាពអឺរ៉ុប បាននិយាយថា រួមជាមួយគ្នានេះ គម្រោងទាំងនោះ បានផ្តល់គ្រាប់រំសេវប្រហែល ៤៨0.000 គ្រាប់ តិចជាងពាក់កណ្តាលនៃគោលដៅ ដែលមានរយៈពេលប្រហែល៤ខែទៀត។

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់ នៅតំបន់ Arlington ទីក្រុងវ៉ាស៊ីនតោន

2023/12/07 12:35:04 pm        91
ទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវជាច្រើនកន្លែងនៅក្នុងតំបន់ Arlington របស់ទីក្រុងវ៉ាស៊ីនតោន។ វីដេអូទទួលបានពីអាជ្ញាធរអគ្គិភ័យប្រចាំតំបន់ភាគខាងជើង បានបង្ហាញទឹកជំនន់ ជនលិចផ្លូវជាច្រើន និងធ្វើឲ្យពេញហៀរទន្លេស្ទីឡាហ្គូមីស(Stillaguamish) ។ អង្គភាពសេវាអាកាសធាតុជាតិ បានណែនាំដល់ពលរដ្ឋ កុំឲ្យបើកបរលើដងផ្លូវដែលជន់លិចដោយទឹកជំនន់។យោងតាមអង្គភាពសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ប្រព័ន្ធអាកាសធាតុ កំពុងរំកិលទៅភាគខាងត្បូង ដែលកំពុងផ្តល់ភាពធូស្រាលសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈកំពុងឆ្ពោះទៅកាន់រដ្ឋ Oregon និងផ្នែកជាច្រើន នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងជើង។ ទន្ទឹមនឹងនេះ ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស៥នាក់ ដែលជាប់ក្នុងទឹកជំនន់ ក្នុងតំបន់ Rosburg ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណា មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ក្នុងទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ការពីការជន់លិចទន្លេមួយចំនួន អាចកើតមានឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែដំណឹងល្អ គឺថាគ្មានទន្លេណាមួយ ស្ថិតក្នុងដំណាក់កាលជន់លិចខ្លាំងរយៈពេលយូនោះទេ។

មនុស្សយ៉ាងតិច៣នាក់ស្លាប់ ដោយសារអគ្គិភ័យឆេះអគារនៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

2023/12/07 12:21:01 pm        73
ក្រុមមន្ត្រីសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះនៅក្នុងអគារលំនៅឋានពាណិជ្ជកម្មកម្ពស់ច្រើនជាន់មួយកន្លែងនៅទីក្រុង Karachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។វីដេអូដែលត្រូវបានថត បានបង្ហាញពីការកើតឡើងនៃឧបទ្ទវហេតុនេះ ដោយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីពន្លត់អណ្តាតភ្លើង។ អគ្គិភ័យ ដែលចាប់ផ្តើមឆាបឆេះចេញពីជាន់ផ្ទាល់ដី ត្រូវបានគ្រប់គ្រង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរ។ទោះជាយ៉ាងណា ក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះជាបន្តបន្ទាប់ ជនរងគ្រោះស្លាប់ចំនួន៣ នាក់ ត្រូវបានគេរកឃើញនៅក្នុងអគារ ហើយសាកសពរបស់ពួកគេត្រូវបានបញ្ជូនទៅកាន់ទីបញ្ចុះសពរបស់មន្ទីរពេទ្យ។មូលហេតុនៃអគ្គិភ័យនេះ នៅតែមិនទាន់អាចកំណត់បាននៅឡើយ ដែលប្រធានរដ្ឋមន្ត្រីនៃខេត្ត Sindh លោក Maqbool Baqar បញ្ជាឱ្យមានការស៊ើបអង្កេតជាផ្លូវការលើឧបទ្ទវហេតុនេះ។អគ្គិភ័យបានកើតឡើងបន្ទាប់ពីសោកនាដកម្មអគ្គីភ័យកាលពីពេលថ្មីៗមួយផ្សេងទៀតនៅទីក្រុង Karachi ជាកន្លែងដែលមនុស្ស ១១ នាក់បានស្លាប់ក្នុងអគ្គិភ័យឆេះផ្សារទំនើបមួយកន្លែងកាលពីខែមុន។

ប្រមុខ UN ប្រកាសអាសន្នលើការគំរាមកំហែងសន្តិសុខសកលមកពីសង្គ្រាមនៅហ្កាហ្សា

2023/12/07 12:14:01 pm        60
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានចំណាត់ការដ៏កម្រមួយកាលពីថ្ងៃពុធ ដើម្បីព្រមានជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែងជាសកលមកពីសង្គ្រាមនៅហ្កាហ្សា ខណៈបណ្តារដ្ឋអារ៉ាប់ ព្យាយាមប្រើឥទ្ធិពលដែលនឹងជំរុញជាថ្មីឱ្យក្រុមប្រឹក្សាអំពាវនាវឱ្យមានបទឈប់បាញ់។ សហរដ្ឋអាមេរិក ជាប្រទេសមួយក្នុងចំណោមប្រទេសអំណាចប្រើប្រាស់សិទ្ធវ៉េតូចំនួន៥ប្រទេស នៅក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥រូប បានជំទាស់ចំពោះបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយសារតែខ្លួនជឿថា ទង្វើបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ទីក្រុងវ៉ាស៊ីនតោន គាំទ្រការផ្អាកសង្គ្រាមសម្រាប់បុព្វហេតុមនុស្សធម៌ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាស់បានចាប់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ទីក្រុងនេះបានអនុបវាទកាលពីខែមុនក្នុងការអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចដែលអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធ។ លោក Guterres បាននិយាយទៅកាន់ក្រុមប្រឹក្សានៅក្នុងលិខិតមួយថា សង្រ្គាមនៅតំបន់ហ្កាហ្សា «អាចនឹងបង្កការគំរាមកំហែងដែលមានស្រាប់កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។ បេសកជនពិសេសប្រចាំអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតអារ៉ាប់កំពុង «កែសម្រួល» សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់។ សេចក្តីសសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិច៩ សំឡេង ហើយគ្មានការប្រើប្រាស់សិទ្ធិវ៉េតូដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ឬអង់គ្លេស។ លោក Mansour បាននិយាយថា រដ្ឋមន្ត្រីអារ៉ាប់ មានផែនការធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី៧ ខែធ្នូនេះ ហើយនឹងពិភាក្សាអំពីចំណាត់ការនេះជាមួយមន្ត្រីសហរដ្ឋអាមេរិក។ លោកបានប្រាប់អ្នកសារព័ត៌មានថា «នៅលើរបៀបវារៈ គឺ សង្រ្គាមនេះត្រូវតែបញ្ឈប់។ បទឈប់បាញ់ ត្រូវតែកើតមានឡើង ហើយវាត្រូវតែកើតឡើងភ្លាមៗ។

លោក អេរដូហ្គែន៖ ប្រទេសទួរគី បដិសេធផែនការបង្កើត «តំបន់ទ្រនាប់»សម្រាប់តំបន់ហ្កាហ្សា

2023/12/07 11:55:46 am        62
ប្រធានាធិបតីតួកគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី បដិសេធផែនការបង្កើតតំបន់ទ្រនាប់ក្រោយសង្រ្គាម នៅតំបន់ហ្កាហ្សា ព្រោះវានឹងមិនគោរពដល់ប្រជាជនប៉ាឡេស្ទីនទេ។សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា អ៊ីស្រាអែល បានបញ្ជូនផែនការសម្រាប់តំបន់ទ្រនាប់ ទៅកាន់រដ្ឋអារ៉ាប់មួយចំនួន និងប្រទេសទួរគី។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះពីទីក្រុងដូហា (Doha) លោកអេរដូហ្គែន បានថ្លែងថា អភិបាលកិច្ច និងអនាគតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាម នឹងត្រូវសម្រេចដោយប៉ាឡេស្ទីនតែម្នាក់ឯងប៉ុណ្ណោះ។ការិយាល័យរបស់លោកអេដូហ្គែន បានដកស្រង់សម្តីគាត់ ដោយនិយាយថា៖«ខ្ញុំចាត់ទុកការជជែកពិភាក្សាគ្នាអំពីផែនការ (តំបន់ទ្រនាប)នេះថា មិនគោរពចំពោះបងប្អូនប៉ាឡេស្ទីនរបស់ខ្ញុំ។ សម្រាប់ពួកយើង នេះមិនមែនជាផែនការ ដែលអាចត្រូវបានជជែកវែកញែក ពិចារណា ឬពិភាក្សានោះទេ។ដោយអំពាវនាវឲ្យអ៊ីស្រាអែលប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រង និងបញ្ចប់ការតាំងទីលំនៅ ក្នុងទឹកដីទាំងនោះមកវិញ លោក បាននិយាយថា៖«អ៊ីស្រាអែល ត្រូវតែយកក្រុមភេរវករ ដែលខ្លួនបង្ហាញទៅកាន់ពិភពលោកថាជាអ្នកតាំងលំនៅ ចេញពីផ្ទះសម្បែង និងដីទាំងនោះ ហើយគិតអំពីរបៀបដែលវាអាចសាងសង់អនាគតសន្តិភាពជាមួយប្រជាជនប៉ាឡេស្ទីន»។

U.N.៖ មនុស្ស៦សែននាក់ នៅហ្កាហ្សាស្ថិតក្រោមបញ្ជាឲ្យជម្លៀស ខណៈអ៊ីស្រាអែលបញ្ជាឲ្យពលរដ្ឋក្នុងទីក្រុងខាន យូនីស ចាកចេញ

2023/12/07 11:52:35 am        68
យោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ដែលបានព្រមានថាប្រតិបត្តិការមនុស្សធម៌របស់ខ្លួនបានធ្លាក់ក្នុងចំណុចគ្រោះថ្នាក់ មនុស្សជាង៦សែននាក់ នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ត្រូវបានបញ្ជាឲ្យចាកចេញ ដើម្បីបញ្ចៀសការវាយប្រហារដោយថ្មើរជើង និងអាកាសរបស់អ៊ីស្រាអែល ។ ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ លោកហ្វីលីពឡាហ្សារីនី បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា ជិតពាក់កណ្ដាលនៃអ្នកទាំងឡាយដែលស្ថិតក្រោមបញ្ជាឲ្យជម្លៀស ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។លោកបានសរសេរថា ពេលនេះគ្មានកន្លែងមានសុវត្ថិភាពណាមួយត្រូវជ្រើសរើសជាទីជម្រកទេ រួមទាំងទីតាំងរបស់ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិផងដែរ ដែលកំពុងផ្ទុកមនុស្សពេញលើសចំណុះទៅហើយ។ ជំនួយមនុស្សធម៌ដែលបានរឹតត្បិត បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់យើង ។ ការឡោមព័ទ្ធនេះអាចក្លាយជាប្រភពចម្បងនៃការស្លាប់របស់ប្រជាពលរដ្ឋ។ អង្គការសុខភាពពិភពលោក បាននិយាយថាខ្លួនកំពុងមើលឃើញការកើនឡើងនៃជំងឺឆ្លងដោយសារស្ថានភាពរស់នៅរបស់មនុស្សដែលកំពុងជួបប្រទះ ក្នុងនោះមានករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរចំនួន១២.០០០នាក់ និងរាគរូសចន្លោះពី៤០ទៅ៥០ករណី។ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បានចេញបញ្ជាថ្មីឲ្យជម្លៀសចេញកាលពីព្រឹកថ្ងៃពុធ ដោយព្រមានថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការយោធាយ៉ាងប្រុងប្រយ័ត្ន លើក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត នៅក្នុងតំបន់ខាន យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប និងបានណែនាំជនស៊ីវិលឲ្យចាកចេញបន្ទាន់ពីតំបន់នេះ ឆ្ពោះទៅកាន់ភាគខាងលិច វិញ៕

អ្នកនយោបាយអ៊ុយក្រែន ដែលគាំទ្រវិមានក្រឹមឡាំង ត្រូវបានគេធ្វើឃាត នៅជិតទីក្រុងម៉ូស្គូ

2023/12/07 11:49:16 am        84
ទីក្រុងគីវ បាននិយាយថា ខ្លួនបានធ្វើឃាតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្រវិមានក្រឹមឡាំង កាលពីថ្ងៃពុធ បន្ទាប់ពីសាកសពរបស់អតីតសមាជិកសភា ដែលបានចាកចេញពីប្រទេស ចូលទៅប្រទេសរុស្ស៊ី ត្រូវបានរកឃើញ នៅខាងក្រៅទីក្រុងម៉ូស្គូ។ប្រភពនៅក្នុងផ្នែកការពារជាតិរបស់អ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFPថា សេវាសន្តិសុខ SBU របស់ខ្លួន បានធ្វើឃាត លោក Illia Kyva អតីតសមាជិកសភាអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញពីសភា ហើយបានរត់ចោលស្រុកចូលទៅប្រទេសរុស្ស៊ី រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានបើកការវាយលុកយោធារបស់ខ្លួន កាលពីឆ្នាំមុន។ចាប់តាំងពីរុស្ស៊ី បានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន អ៊ុយក្រែន បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការធ្វើឃាត និងការវាយប្រហារជាច្រើនលើជនជាតិរុស្ស៊ីគាំទ្រមសង្រ្គាម និងអតីតមន្ត្រីអ៊ុយក្រែន ដែលបានគាំទ្រសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។សេវាសង្គ្រោះបន្ទាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti ថា សាកសពរបស់លោក Kyva ត្រូវបានរកឃើញ កាលពីថ្ងៃពុធ នៅក្នុងភូមិ Suponevo ក្បែរទីក្រុងម៉ូស្គូ។ថ្លែងតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យចារកម្មយោធារបស់អ៊ុយក្រែន លោក Andriy Yusov បាននិយាយថា៖«យើងអាចបញ្ជាក់បានថា លោកKyva ត្រូវបានធ្វើឃាតរួចហើយ។ ជោគវាសនាបែបនេះ នឹងកើតមានចំពោះជនក្បត់ជាតិអ៊ុយក្រែនដទៃទៀត ក៏ដូចជាក្រុមអ្នកគាំទ្រនយោបាយនៃរបបលោកពូទីនដែរ»។

សហរដ្ឋអាមេរិកប្រកាសថា ភាគីជម្លោះនៅស៊ូដង់ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម

2023/12/07 11:45:44 am        103
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ (០៦ ធ្នូ) បានកំណត់ជាផ្លូវការថាភាគីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម ខណៈទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ឲ្យបញ្ចប់ការប្រយុទ្ធគ្នាដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស។លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានកំណត់ថាកងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិច។ ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា បានជម្លៀសមនុស្សជាង ៦,៥លាននាក់នៅក្នុង និងក្រៅប្រទេសស៊ូដង់ ដោយសម្លាប់មនុស្សជាង ១០.០០០នាក់ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ កងកម្លាំង RSF ត្រូវបានចោទប្រកាន់ពីបទដឹកនាំការសម្លាប់រង្គាលជនជាតិភាគតិចនៅតំបន់ វេស ដាហ្វឺ (West Darfur) ហើយអ្នកស្រុកនៅរដ្ឋធានីខាទុម (Khartoum) បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ាមួយនេះពីបទលួច រំលោភ និងចាប់ឃុំឃាំងជនស៊ីវិល។ ទន្ទឹមនឹងនេះ កងទ័ពស៊ូដង់បានអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំលើសង្កាត់លំនៅដ្ឋាន ដែលកងកម្លាំង RSF បានកាន់កាប់ ដោយក្រុមអ្នកជំនាញនិយាយថាអាចជាការបំពានច្បាប់អន្តរជាតិ៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កំពុងប្រយុទ្ធសមរភូមិមុខចំនួនពីរសម្រាប់ការរស់រានក្នុងឆាកនយោបាយ

2023/12/07 11:37:54 am        57
ជំនាញវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យទីក្រុង តែលអាវីវ (Tel Aviv) ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនមានយុទ្ធសាស្ត្រអ្វីសម្រាប់សង្គ្រាមនោះទេ ក្រៅពីដើម្បីបន្តកាន់អំណាច។ ដោយប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានគេចវេសពីការរិះគន់យ៉ាងទូលំទូលាយ ខណៈកំពុងធ្វើសង្រ្គាមសមរភូមិមុខចំនួនពីរ គឺសង្រ្គាមមួយប្រឆាំងនឹងក្រុមហាម៉ាស និងសង្រ្គាមមួយទៀតសម្រាប់ការរស់រានមានជីវិតក្នុងឆាកនយោបាយផ្ទាល់ខ្លួនរបស់លោក។អ្នកស្រុកនៅទីក្រុងហ្សេរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាពេលវេលានេះគឺជា «ការបញ្ចប់នៃអាជីពរបស់លោក ណេតាន់យ៉ាហ៊ូ ហើយ» ដោយអ្នកខ្លះបានអំពាវនាវឱ្យលោកលាលែងពីតំណែងជាបន្ទាន់ ហើយអ្នកផ្សេងទៀតចង់ឱ្យអាណត្តិរបស់លោកត្រូវបញ្ចប់បន្ទាប់ពីសង្គ្រាម។លោក ណេតាន់យ៉ាហ៊ូ វ័យ ៧៤ឆ្នាំ បានរក្សានូវមុខមាត់ជាប្រមុខសន្តិសុខ ដែលមានភាពតឹងតែងជាមួយអ៊ីរ៉ង់ និងគាំទ្រដោយកងទ័ព ដែលធានាថាជនជាតិជ្វីហ្វ នឹងមិនរងនូវការសម្លាប់រង្គាលទៀតទេ ប៉ុន្តែពេលនេះ រដ្ឋជ្វីហ្វមួយនេះកំពុងជួបប្រទះការបង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ឆ្នាំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក។លោក ណេតាន់យ៉ាហ៊ូ កំពុងទទួលបានប្រយោជន៍ពីសង្រ្គាមដែលពន្យារពេលការកាត់ក្តីអំពើពុករលួយរយៈពេល ៣ឆ្នាំកន្លះរបស់ខ្លួន ហើយបានបិទការស៊ើបអង្កេតដែលរំពឹងទុករបស់រដ្ឋ លើថាហេតុអ្វីបានជាអ៊ីស្រាអែល ស្ថិតក្រោមការដឹកនាំរបស់លោក ត្រូវជួបភាពតានតឹងនិងជម្លោះបែបនេះ។ នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែលរូបនេះបានរួចផុតពីវិបត្តិនយោបាយ និងមានការវិលត្រឡប់មកវិញជាច្រើន ហើយមិនចាំបាច់ប្រឈមមុខនឹងការបោះឆ្នោតសម្រាប់បន្តអាណត្តិរយៈពេលបីឆ្នាំទៀតនោះទេ ប្រសិនបើសម្ព័ន្ធរបស់លោកនៅតែកាន់អំណាច៕

អ្នកស្លាប់ និងរបួសជាច្រើនត្រូវទាញចេញពីគំនរបាក់បែក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ លើលំនៅឋានក្នុងក្រុងព្រំដែនអេហ្ស៊ីប

2023/12/07 11:31:04 am        77
ជនជាតិប៉ាឡេស្ទីន ៩នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសកាលពីថ្ងៃពុធ (០៦ ធ្នូ) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅឋានមួយខ្នងក្នុងទីក្រុងរ៉ាហ្វាហ្វ ដែលជាទីក្រុងនៅចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប នេះបើយោងតាមប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន។ខ្សែវីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញសាកសព និងមនុស្សរងរបួសជាច្រើននាក់ ដោយបុរសម្នាក់ត្រូវកាត់ផ្ដាច់ជើងទាំងពីរត្រឹមខាងក្រោមជង្គង់ ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុ ខណៈមនុស្សម្នាស្វែងរកអ្នកនៅរស់តាមកម្ទេចថ្មដោយប្រើដៃទទេរបស់ពួកគេ។ អគារនេះត្រូវអគ្គិសភ័យឆាបឆេះបន្ទាប់ពីមានការវាយប្រហារ ហើយផ្នែកម្ខាងនៃសំណង់ត្រូវបានបំផ្លាញទាំងស្រុង។ សាក្សីអ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ថាការវាយប្រហារចំនួនបីដងបានវាយប្រហារលំនៅឋានដែលពោរពេញទៅដោយជនភៀសខ្លួនមួយនេះ។អ៊ីស្រាអែល បានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលវាយលុកតាមទីក្រុងនានារបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់ប្រទេសអ៊ីស្រាអែល។ តួលេខពីក្រសួងសុខាភិបាលហ្កាហ្សា បានដាក់តួលេខអ្នកស្លាប់នៅហ្កាហ្សា ចំនួនជាង ១៦.០០០នាក់ ដែលក្នុងនោះមានអ្នកស្លាប់បន្ថែមចំនួន ៤៣នាក់ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយកាលពីថ្ងៃអង្គារ និង ៧៣នាក់ត្រូវបានរាយការណ៍ពីមន្ទីរពេទ្យមួយទៀតកាលពីថ្ងៃពុធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់លើច្បាប់ប្រឆាំង Online Scams និងចាត់​ទុក​ច្បាប់​នេះ​បានចូ​លរួមស្ដារមុខមាត់កម្ពុជា
04/03/2026 01:04 PM
[BREAKING NEWS] ប្រមុខរបបសឹកមីយ៉ាន់ម៉ា ត្រូវបានសភាបោះឆ្នោតជ្រើសតាំងឱ្យក្លាយជាប្រធានាធិបតីជាផ្លូវការ
04/03/2026 01:04 PM
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា និងអាមេរិក ជាពិសេសគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរនាពេលខាងមុខ
04/03/2026 01:04 PM
ក្រសួងមុខងារសាធារណៈរៀបចំវេទិកាផ្ដល់ឱកាសឱ្យសាធារណជនបញ្ចេញទស្សនៈលើការកំណែទម្រង់
04/03/2026 01:04 PM
អ្នកនាំពាក្យ៖ ការចាប់ឃាត់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី អតីតសង្ឃ គឺពាក់ព័ន្ធការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ
04/03/2026 01:04 PM
រដ្ឋមន្រ្តីយុត្តិធម៌៖ ឧក្រិដ្ឋជនឆបោកតាម Online ដែលចាប់បាននៅកម្ពុជា​ភាគច្រើន​ប្រើស៊ីមកាត​បរទេស
04/03/2026 01:04 PM
ច្បាប់ប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន
04/03/2026 01:04 PM
ប្រេងឆៅអាមេរិកកើនឡើងជាង ១១% ខណៈភាគហ៊ុនសកលប្រែប្រួល ក្រោយលោកTrumpគំរាមវាយកម្ទេចអ៊ីរ៉ង
04/03/2026 12:04 PM
អគ្គលេខាធិការរង សមាគមអតីតយុទ្ធជននាំយកអំណោយជូនអតីតយុទ្ធជន និវត្តជន និង​គ្រួសារ​ពលី​មរណៈ ៥០គ្រួសារក្នុងខេត្តកណ្ដាល
04/03/2026 12:04 PM
កូរ៉េខាងត្បូងនិងបារាំង ដំឡើងកម្រិតទំនាក់ទំនង ខណៈវិបត្តិមជ្ឈិមបូព៌ាជះស្រមោលលើទស្សនកិច្ចលោក Macron
04/03/2026 12:04 PM