រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

សន្តិសុខ និង សង្គម

ទីក្រុងរងគ្រោះដោយទឹកជំនន់មួយចំនួនក្នុងប្រទេសអូស្រ្តាលី ជួបការលំបាក ខណៈការផ្គត់ផ្គង់ធ្លាក់ចុះ

2023/12/19 09:07:15 pm        406
ទឹកជំនន់ដ៏ធំនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមធូរស្រាលហើយ ប៉ុន្តែទីក្រុងជាច្រើននៅតែជួបការលំបាក និងស្ថិតនៅឯកោក្នុងទឹកជំនន់ ដែលមានសត្វក្រពើ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។ អាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយអតីតព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) បានធ្វើឱ្យមានភ្លៀងធ្លាក់ដូចនឹងកម្រិតទឹកភ្លៀងរយៈពេលពេញមួយឆ្នាំនៅលើផ្នែកខ្លះនៃរដ្ឋ ឃ្វីនស៍លែន (Queensland)។មនុស្សរាប់រយនាក់នៅតែត្រូវការការជួយសង្គ្រោះ ដែលភាគច្រើននៅក្នុងសហគមន៍ដាច់ស្រយាល។ អាជ្ញាធររដ្ឋ ឃ្វីនស៍លែន និយាយថា ភ្លៀងធ្លាក់កាន់តែតិច ហើយកម្រិតទឹកទន្លេបានចាប់ផ្តើមធ្លាក់ចុះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកត្រូវបានរារាំងដោយសារការបិទអាកាសយានដ្ឋាន ខៃរីនស៍ (Cairns) ជាទីដែលយន្តហោះត្រូវបានលិចទឹកកាលពីថ្ងៃអាទិត្យ។សហគមន៍ជាច្រើនរវាងភូមិ ឃុកថោន (Cooktown) និងភូមិ អ៊ីននីសហ្វែល (Innisfail) នៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយស្តុកអាហារ និងទឹកកំពុងមានកម្រិតទាប។ អតីតអភិបាលក្រុង លោក ដេសម៉ុន ថាយឡេយ (Desmond Tayley) បាននិយាយថា «ដោយមិនមានអគ្គិសនី និងការផ្គត់ផ្គង់ស្ទើរតែអស់ អ្នកស្រុកកំពុងរងភាពអស់សង្ឃឹម និងបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ដែលក្រពើធំៗជាច្រើនក្បាលត្រូវបានគេឃើញ»។ក្រុមមន្ត្រីរដ្ឋបានសន្យាថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីប្រជុំជននានាទូទាំងតំបន់។ នៅពេលដែលតំបន់មួយចំនួនចាប់ផ្តើមសម្អាត អ្នកស្រុកត្រូវបានព្រមានអំពីហានិភ័យ រួមទាំងជំងឺពីទឹកកខ្វក់ និងសត្វព្រៃដែលផ្លាស់ទីជាដើម៕

ក្រុមឧទ្ទាមយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារលើនាវារបស់ន័រវែស នៅសមុទ្រក្រហម

2023/12/19 08:59:11 pm        434
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារលើនាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម រួមទាំងនាវាដែលគ្រប់គ្រងដោយជនជាតិន័រវែស ដែលបដិសេធថា មិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពជ្វីហ្វ។ពួកគេ បានកំណត់អត្តសញ្ញាណពួកវាថា ជានាវា Swan Atlantic និង នាវា MSC Clara ដោយនិយាយថាពួកវាត្រូវបានកំណត់គោលដៅ បន្ទាប់ពីបដិសេធមិនឆ្លើយតបនឹងការហៅទូរស័ព្ទ។ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាដែលចូល សមុទ្រក្រហម ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៥ រួមទាំងក្រុមហ៊ុនធំបំផុតរបស់ពិភពលោកចំនួន២ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរនាវារបស់ពួកគេ ឲ្យឆ្ងាយពីសមុទ្រក្រហម។

ការផ្ទុះជាច្រើននៅព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡា

2023/12/19 08:44:15 pm        402
វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ ការផ្ទុះធំៗជាច្រើន និងផ្សែងហុយ នៅពាសពេញព្រំដែនប្រទេសអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃចន្ទ ខណៈអ៊ីស្រាអែលកំពុងប្រយុទ្ធនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារគោលដៅលើក្រុមហេសបូឡា នៅប្រទេសលីបង់។វីដេអូមួយ ចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញលើអេក្រង់ និយាយពីការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា។ ប៉ុន្តែសារព័ត៌មានReuters មិនអាចកំណត់អត្តសញ្ញាណទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យនោះទេ។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តគ្នានៅតាមបណ្តោយព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងរយៈពេលជាងពីរខែកន្លងទៅនេះ ជាជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីជម្លោះឆ្នាំ ២០០៦។អំពើហឹង្សា ដែលភាគច្រើនត្រូវបានទប់ស្កាត់នៅតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា៩៤ នាក់ និងជនស៊ីវិល ១៧ នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល ជម្លោះនេះបានសម្លាប់ទាហាន៨នាក់ និងជនស៊ីវិល៤នាក់។

បុរសម្នាក់ត្រូវបានចោទពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់បុករថយន្តក្នុងក្បួនរថយន្តលោក Biden

2023/12/19 08:38:27 pm        407
នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា បុរសអាយុ ៤៦ ឆ្នាំម្នាក់ កំពុងប្រឈមមុខនឹងបទចោទប្រកាន់បើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរថយន្តរបស់លោក បានបុករថយន្តអង្គភាពសេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលអមដំណើរក្នុងក្បួនរថយន្តរបស់ប្រធានាធិបតី លោក Joe Biden។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យមានចម្ងាយប្រហែល ៤០ ម៉ែត្រ ពីលោក Biden នៅពេលដែលលោកបានចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកនៅទីក្រុង Wilmington រដ្ឋ Delaware ។នគរបាលនិយាយថា វាគឺជា «ការប៉ះទង្គិចដោយចៃដន្យ» ហើយអ្នកបើកបរជាបុរស នៅទីក្រុងWilmington ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានចោទប្រកាន់ពីបទបើកបររថយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការបើកបរមិនប្រុងប្រយ័ត្ន។បុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី ចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយលោកត្រូវបានគេជូនដំណើរទៅកាន់លំនៅឋានក្នុងតំបន់របស់លោក។

ភ្នំភ្លើងរបស់ប្រទេសអ៊ីស្លង់ បានផ្ទុះបន្ទាប់ពីសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្តាហ៍

2023/12/19 07:49:52 pm        424
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ (១៨ ធ្នូ) នៅភាគនិរតីប្រទេសអ៊ីស្លង់ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ បន្ទាប់ពីសកម្មភាពរញ្ជួយដីដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍ ដែលគំរាមកំហែងដល់ទីក្រុងក្បែរនោះ។ដោយភ័យខ្លាចការផ្ទុះដ៏ខ្លាំងមួយនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ក្រុមអាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត ៤.០០០នាក់នៃទីក្រុងនេសាទ ហ្គ្រីនដាវីក (Grindavik) ហើយបានបិទស្ប៉ាទឹកក្ដៅ ប្លូ ឡាហ្គន (Blue Lagoon) ដ៏ធំនៅក្បែរនោះ។ការិយាល័យឧតុនិយម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ការព្រមាន៖ ការផ្ទុះបានចាប់ផ្តើមនៅភាគខាងជើងនៃទីក្រុង ហ្គ្រីនដាវីក ពីភ្នំហាហ្កាហ្វែល (Hagafell)» ដោយបញ្ជាក់ថាការផ្ទុះបានចាប់ផ្តើមត្រឹមតែចម្ងាយពីរបីគីឡូម៉ែត្រពីទីក្រុងប៉ុណ្ណោះ ហើយស្នាមប្រេះនៅក្នុងដីលាតសន្ធឹងឆ្ពោះទៅភូមិដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) របស់ប្រទេសអ៊ីស្លង់។ការិយាល័យឧតុនិយម បាននិយាយថា កម្អែលភ្នំភ្លើងប្រហែល ១០០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប បានផុសឡើងក្នុងមួយវិនាទី ដែលមានកម្រិតច្រើនដងច្រើនជាងការផ្ទុះពីមុននៅក្នុងតំបន់។ នគរបាលក្នុងតំបន់បាននិយាយថា ពួកគេបានបង្កើនកម្រិតប្រកាសអាសន្នជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងនេះ ហើយទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសនេះបានព្រមានសាធារណជនកុំឱ្យចូលទៅជិតតំបន់នោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានវាយតម្លៃស្ថានភាព៕

សមាជិកសភាគណបក្សប្រជាធិបតេយ្យព្រមានថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅហ្កាហ្សា អាចបរាជ័យ និងធ្វើឲ្យភាពជ្រុលនិយមកើនឡើង

2023/12/19 07:44:55 pm        360
សមាជិកសភាប្រជាធិបតេយ្យមួយចំនួនដែលបានបម្រើការក្នុងជួរយោធា និងនៅក្នុង CIA និយាយថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាកិច្ចខិតខំប្រឹងប្រែងដ៏គ្រោះថ្នាក់ ដើម្បីកម្ចាត់ក្រុម សកម្មប្រយុទ្ធហាម៉ាស ហើយបានអំពាវនាវឲ្យប្រធានាធិបតី ចូ បៃដិន ប្រើ «ឥទ្ធិពលរបស់យើងទាំងអស់» ដើម្បីទទួលបានការផ្លាស់ប្តូរភ្លាមៗ នៅក្នុងវិធីសាស្រ្តរបស់អ៊ីស្រាអែល។នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោកបៃដិន កាលពីថ្ងៃចន្ទ សមាជិកសភា បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះយុទ្ធសាស្ត្រយោធាបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងតំបន់ហ្កាហ្សា។ក្រុមសមាជិកសភានេះ បានសរសេរថា៖«ចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើង និងវិបត្តិមនុស្សធម៌ គឺមិនអាចទទួលយកបាន ហើយមិនសមស្របនឹងផលប្រយោជន៍របស់អាមេរិក។ ពួកគេ ក៏មិនជំរុញបុព្វហេតុសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែលនោះទេ»។លិខិតនោះ បានឲ្យដឹងថា៖«យើងក៏ជឿថា វាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញអង្គការភេរវកម្មហាម៉ាស និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់»។លិខិតនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោកបៃដិន និងអ៊ីស្រាអែល អំពីរបៀបដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សា និងបង្កើនការខកចិត្តក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន នៅក្នុងសភា។ កិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងសមាជិកសភា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានបរាជ័យ ដោយមិនបានធ្វើឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យមានជំនឿទុកចិត្ត។

អ៊ុយក្រែន បង្ខំចិត្តកាត់បន្ថយប្រតិបត្តិការយោធានៅសមរភូមិ ខណៈជំនួយបរទេសជិតអស់

2023/12/19 07:31:45 pm        451
អ៊ុយក្រែន បានព្រមានថា ខ្លួនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន រួចទៅហើយ ដោយសារការធ្លាក់ចុះជំនួយបរទេស។លោក ឧត្តមសេនីយឯក អូឡេកសានឌ័រ តាណាវស្គី (Oleksandr Tarnavskyi) បាននិយាយថា កងទ័ពប្រឈមនឹងកង្វះគ្រាប់រំសេវនៅតាមសមរភូមិជួរមុខទាំងអស់ ដែលបង្កកជាបញ្ហាធំ សម្រាប់ទីក្រុង គីវ (Kyiv) ។ការប្រកាសនេះ កើតឡើងនៅពេលដែលជំនួយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរាប់ពាន់លានដុល្លារត្រូវបានជា់គាំង ស្របពេលមានជម្លោះខាងនយោបាយ។អ៊ុយក្រែនបាននិយាយថា ខ្លួន បានសង្ឃឹមថានឹងជំរុញឧស្សាហកម្មគ្រាប់រំសេវរបស់ខ្លួនដោយមានជំនួយពីលោកខាងលិច។ប៉ុន្តែអ៊ុយក្រែនពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់លោកខាងលិច ជាពិសេសលើការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។ លោកបាននិយាយថា ការកាត់បន្ថយជំនួយយោធាបរទេសកំពុងប៉ះពាល់ដល់សមរភូមិរួចហើយ ហើយបង្ខំឲ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ។ ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះការគាំទ្រទាំងក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកជាលើកដំបូងបានរារាំងកញ្ចប់យោធា ចំនួន ៦០ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅដើមខែនេះ។ អ៊ុយក្រែនកំពុងប្រឈមនឹងកង្វះ គ្រាប់រំសេវរួចទៅហើយ ខណៈមហាអំណាចលោកខាងលិចព្យាយាមបន្តការផ្គត់ផ្គង់។ សហភាពអឺរ៉ុបបានសន្យាថានឹងបញ្ជូនកាំភ្លើងធំមួយលានគ្រាប់នៅខែមីនាឆ្នាំ ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះមានតែ ចំនួន ៤៨០.០០០គ្រាប់ ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅ ឬកំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ចូននៅឡើយ៕

នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងអំពាវនាវឲ្យមានការសម្របសម្រួលអឺរ៉ុប កាន់តែខ្លាំងឡើងលើបញ្ហាតំបន់ហ្កាហ្សា

2023/12/19 06:59:58 pm        333
ការិយាល័យរបស់ខ្លួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron នឹង​អំពាវនាវឲ្យបង្កើនការ​សម្របសម្រួល​រវាងសម្ព័ន្ធ​មិត្តទាំងអស់ ​ដើម្បីដោះស្រាយស្ថានការណ៍​មនុស្សធម៌ «ដ៏អស់សង្ឃឹម» ​នៅតំបន់ហ្កាហ្សា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅថ្ងៃអង្គារនេះ។លោក Cameron អតីតនាយករដ្ឋមន្រ្ដី ដែលបានចូលកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសប្រហែល​មួយខែកន្លងទៅនេះ បាននិយាយថា៖«នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុត​មួយចំនួនចំពោះសន្តិសុខអន្តរជាតិ ការឆ្លើយតបរបស់យើង​ ត្រូវតែមានការរួមកម្លាំង និងកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពីស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹម នៅតំបន់ហ្កា ហ្សា រហូតដល់ភាពឃោរឃៅរបស់ (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ) ពូទីននៅអ៊ុយក្រែន វាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹងសម្ព័ន្ធភាពរបស់យើង និងធ្វើឲ្យប្រាកដថា សំឡេងរបស់យើងត្រូវបានគេឮ»។លោក Cameron គ្រោងនឹងជំរុញឲ្យមានការបន្តគាំទ្រដល់ទីក្រុងទីក្រុង ក្នុងជំនួបជាមួយសមភាគី​បារាំង​លោកស្រី Catherine Colonna និងលោក ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) នៅទីក្រុងប៉ារីស។ ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយថា ក្រុមមេដឹកនាំ នឹង​ពិភាក្សាអំពីអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។

អាមេរិក ជំរុញឲ្យអ៊ីស្រាអែល ប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារជីវិលជនស៊ីវិល ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស

2023/12/19 05:54:22 pm        484
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយអូស្ទីន(Lloyd Austin)បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ថា ការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល គឺមិនងាករេឡើយ ប៉ុន្តែលោកបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល ខណៈសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ា បាននាំមកនូវការស្លាប់រង្គាល និងការបំផ្លិចបំផ្លាញបន្ថែមទៀតដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល លោក ឡយ បាននិយាយថា ក្រុមហាម៉ាសគឺជា ក្រុមភេរវកម្មជ្រុលនិយម ដែលមិនត្រូវឲ្យមានធ្វើការវាយប្រហារលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សាទៀតទេ។ ដំណើរទស្សនកិច្ចរបស់លោក បានកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីបណ្ដារដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិជុំវិញនានា ចំនួនការស្លាប់ក្នុងចំណោមជនស៊ីវិលនៅតំបន់ហ្កាហ្សា ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក៏ដូចជាការកើនឡើងនៃភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា ដែលប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងនៃឆ្នេរសមុទ្រជាលើកដំបូង។ រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអាមេរិកលោក លោកអូស្ទីន នៅទីក្រុង Tel Aviv ថាលោកអាចប្រាប់អ្នកគ្រប់គ្នាថា ឆាប់ៗនេះ យើងនឹងអាចបែងចែករវាងតំបន់ផ្សេងៗគ្នានៅក្នុងតំបន់ហ្កាហ្សា៕

អ៊ីស្រាអែល ផ្ដល់សញ្ញាពីការផ្លាស់ប្តូរបន្តិចម្តងៗ ក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទស្សនកិច្ចពីប្រមុខការពារជាតិអាមេរិក

2023/12/19 05:43:13 pm        496
រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) ថាអ៊ីស្រាអែល នឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) អំពីការប្រយុទ្ធដែលមានកម្រិតទាប និងវិធីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា ប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងហ្កាហ្សា ដែលជាតំបន់មានប្រជាជនច្រើនជាងគេបំផុតនៃតំបន់ហ៊ុមព័ទ្ធមេឌីទែរ៉ាណេ មុនពេលការលុកលុយរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។លោក អស្ទីន និងលោក ហ្កាឡាន់ មិនបានផ្តល់ពេលវេលាសម្រាប់ការផ្លាស់ប្តូរទៅរកអ្វីដែលលោក អស្ទីន ហៅថា «ប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល» នោះទេ។ ភាគច្រើននៃអ្នកស្រុកភាគខាងជើងនៃតំបន់ហ្កាហ្សា បានធ្វើតាមការណែនាំរបស់អ៊ីស្រាអែល ក្នុងការជម្លៀសខ្លួនទៅភាគខាងត្បូង ជាទីដែលយោធាប្រាប់ប្រជាជនឱ្យបន្តជម្លៀសជាប្រចាំ ស្របពេលមានការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាមនិយមមួយនេះ។សម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់បានកើនឡើងយ៉ាងខ្លាំងលើអ៊ីស្រាអែល ជុំវិញការស្លាប់ជនស៊ីវិលជាង ១៩.០០០នាក់ ដែលបណ្តាលមកពីយុទ្ធនាការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាម និងសង្រ្គាមជើងគោកក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងប្រយុទ្ធតាមបែបទ័ពព្រៃពីបណ្តាញផ្លូវរូងក្រោមដីក្នុងទីក្រុងនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM