រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

សន្តិសុខ និង សង្គម

អ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅហ្កាហ្សាភាគខាងត្បូង បន្ទាប់ពីការគំរាមចំណាប់ថ្នូររបស់ក្រុមហាម៉ាស

2023/12/11 07:09:17 pm        183
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើទីក្រុងធំនៅតំបន់ហ្កាហ្សាភាគខាងត្បូង នៅថ្ងៃចន្ទ ទី១១ ខែធ្នូ នេះ បន្ទាប់ពីក្រុមហាម៉ាស បានព្រមានថា គ្មានចំណាប់ថ្នូរអ៊ីស្រាអែលណាម្នាក់នឹងចាកចេញពីដែនដីនេះបានឡើយ លុះត្រាតែការទាមទារឱ្យដោះលែងអ្នកទោសត្រូវបានបំពេញ។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើទីក្រុង Khan Yunis ខណៈក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថាពួកគេបានបំផ្ទុះលំនៅឋានមួយខ្នងជាកន្លែងដែលទាហានអ៊ីស្រាអែល កំពុងស្វែងរកច្រកផ្លូវរូងក្រោមដី។កងទ័ពបានរាយការណ៍ថា មានការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្កាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ និងបាននិយាយថា ការប្រយុទ្ធគ្នាខ្លាំងបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅជុំវិញទីក្រុង ហ្កាហ្សា និងទីក្រុងខាន់យូនីស(Khan Yunis)។ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យបានព្រមានថា អ៊ីស្រាអែល នឹងមិនទទួលបានចំណាប់ថ្នូររបស់ពួកគេនៅរស់ឡើយ បើគ្មានការដោះដូរ ការចរចា និងការបំពេញតាមការទាមទារ។ការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាច្រើនខែមកនេះ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ធ្លាក់ដល់មាត់ជ្រោះនៃការដួលរលំ ដោយមន្ទីរពេទ្យភាគច្រើនលែងដំណើរការ ហើយមនុស្សជិតពីរលាននាក់បានភៀសខ្លួនចេញ។

ប្រមុខទីភ្នាក់ងារជនភៀសខ្លួន UN៖ អ៊ីស្រាអែល ព្យាយាមបង្ខំឲ្យពលរដ្ឋហ្កាហ្សា ចូលទៅក្នុងប្រទេសអេហ្ស៊ីប

2023/12/11 07:06:21 pm        151
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាកំពុងរៀបចំផែនការបណ្តេញពលរដ្ឋហ្កាហ្សា យ៉ាងច្រើនចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលការចោទប្រកាន់នេះ ត្រូវបានអ៊ីស្រាអែលនិយាយថា ជារឿងមិនពិត។ រយៈពេលជាងពីរខែនៃសង្រ្គាមដ៏បង្ហូរឈាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ បានបណ្ដាលឲ្យប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សា ត្រូវរត់ភៀសខ្លួន ប៉ុន្តែប្រជាជនប៉ាឡេស្ទីនភាគច្រើនត្រូវបានរារាំងមិនឱ្យចាកចេញពីដែនដីដ៏តូច ដែលឡោមព័ទ្ធនេះទេ។ នៅក្នុងទស្សនៈមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍នៅក្នុងសារព័ត៌មាន Los Angeles Times ប្រធានទីភ្នាក់ងារការងារ និងផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ(UNRWA) លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បានចង្អុលបង្ហាញពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា និងការប្រមូលផ្តុំកាន់តែច្រើន នៅជិតព្រំដែននៃជនស៊ីវិលដែលចល័តទីលំនៅក្រោយការភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដំបូងនៅភាគខាងជើង និងបន្តទៅភាគខាងត្បូង។ លោក ឡាហ្សារីនី បាននិយាយថា អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានច្រានចោលយ៉ាងដាច់ខាតចំពោះការបណ្តេញពលរដ្ឋហ្កាហ្សាចេញពីតំបន់ហ្កាហ្សាស្ទ្រីប។ប៉ុន្តែស្ថានការណ៍វិវត្តន៍ ដែលយើងកំពុងមើលឃើញ បង្ហាញពីការប៉ុនប៉ងបញ្ជូនពលរដ្ឋប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអេហ្ស៊ីប ដោយពុំគិតពីថាតើពួកគេស្នាក់នៅទីនោះ ឬត្រូវបានតាំងទីលំនៅថ្មីនៅកន្លែងផ្សេងនោះទេ៕

ប្លុក ECOWAS នឹងចរចាជាមួយរបបយោធានីហ្សេ លើការត្រឡប់មកវិញលទ្ធិប្រជាធិបតេយ្យ

2023/12/11 06:47:13 pm        110
សេចក្តីថ្លែងការណ៍មួយបាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំថា ប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច ECOWAS កាលពីថ្ងៃអាទិត្យ បានបង្កើតគណៈកម្មាធិការមានមេដឹកនាំចំនួនបីរូប ដើម្បីចរចាជាមួយរបបយោធាប្រទេសនីហ្សេ ស្តីពីការផ្លាស់ប្តូរទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងដើម្បីពិចារណាលើការបន្ធូរបន្ថយទណ្ឌកម្ម។ នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃអាទិត្យនៅរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា ប្លុក ECOWAS បានសម្រេចបង្កើតគណៈកម្មាធិការមួយមានមេដឹកនាំមកពីប្រទេសតូហ្គោ សៀរ៉ាឡេអូន និងបេនីន ដោយចូលរួមជាមួយរបបយោធាប្រទេសនីហ្សេ ដើម្បីព្រមព្រៀងលើ «ផែនទីបង្ហាញផ្លូវអន្តរកាលមួយ» និងធ្វើការឆ្ពោះទៅរកការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។ ប្លុក ECOWAS បាននិយាយថា ដោយផ្អែកលើលទ្ធផលនៃការចូលរួមដោយគណៈកម្មាធិការនៃប្រមុខរដ្ឋជាមួយរបបយោធានីហ្សេ អាជ្ញាធរនឹងបន្ធូរបន្ថយទណ្ឌកម្មដែលដាក់ទៅលើប្រទេសនីហ្សេ ជាបណ្តើរៗ។ ស្ថាប័នប្រចាំតំបន់មួយនេះ បាននិយាយបន្ថែមថា ប្រសិនបើរបបយោធានីហ្សេ មិនបានអនុវត្តតាមលទ្ធផលនៃការចូលរួម នោះទណ្ឌកម្មនឹងត្រូវបានរក្សាទុករួមទាំងការប្រើប្រាស់កម្លាំងដែលអាចកើតមាន។ ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu ដែលជាប្រធានប្លុក ECOWAS កាលពីពេលមុនបាននិយាយថា ប្លុកនេះនឹងព្យាយាមឲ្យមានការចូលរួមជាថ្មីជាមួយបណ្តាប្រទេសក្នុងតំបន់ ក្រោមការគ្រប់គ្រងរបស់យោធា និងគាំទ្រពួកគេដើម្បីទទួលបានការផ្លាស់ប្តូរ «ជាក់ស្តែង និងឆាប់ៗ» ទៅកាន់លទ្ធិប្រជាធិបតេយ្យ។ លោក Tinubu បាននិយាយថា ប្លុក ECOWAS គួរតែត្រៀមផ្តល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈដល់របបយោធា ដើម្បីទទួលបានគោលដៅនៃការផ្លាស់ប្តូរ។ រដ្ឋាភិបាលយោធាបាននិយាយថា ប្លុក ECOWAS បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ លើរបបយោធាដែលកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកក្រីក្រ ហើយគួរតែត្រូវបានដកចេញ។ ប្រទេសម៉ាលី នីហ្សេ និងបួគីណាហ្វាសូ កាលពីខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ដោយសន្យាថានឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅណាមួយ។

យ៉ាងហោចណាស់មនុស្ស ១៧ នាក់ រងរបួសបន្ទាប់ពីរថភ្លើងបុកគ្នានៅអ៊ីតាលី

2023/12/11 06:43:22 pm        135
អង្គភាពសេវាកម្មពន្លត់អគ្គីភ័យ របស់ប្រទេសអ៊ីតាលី បានឆ្លើយតបទៅនឹងឧបទ្ទវហេតុរវាងរថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសអ៊ីតាលី កាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ដែលបានបណ្តាលឱ្យអ្នកដំណើរច្រើននាក់រងរបួស។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស ១៧នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេចាត់ទុកថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា រថភ្លើងទាំងពីរគ្រឿង កំពុងធ្វើដំណើររវាងស្រុក ហ្វាអង់ហ្សា និងស្រុកហ្វរលី(Faenza – Forli) នៅលើបណ្តាញផ្លូវរថភ្លើង Bologna-Rimini។អ្នកពន្លត់អគ្គីភ័យអ៊ីតាលី បាននិយាយថា ចរាចរណ៍ផ្លូវរថភ្លើងត្រូវបានផ្អាករវាងស្រុក កាស្តែលបូឡុកនីស(Castelbolognese) និងស្រុក Forli ។ពួកគេបាននិយាយផងដែរថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ចប់។

មនុស្ស១២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំអណ្តូងរ៉ែមាសនៅវេណេហ្ស៊ុយអេឡា

2023/12/11 06:39:46 pm        103
រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាការបាក់រលំអណ្តូងរ៉ែមាសសិប្បកម្មមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសវេណេហ្ស៊ុយអេឡា ក្បែរសហគមន៍ជនជាតិដើមភាគតិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។ បំណាក់ដីមួយកន្លែងកាលពីថ្ងៃពុធ បានកប់អណ្តូងរ៉ែ ប៉ារ៉ៃបា ដេសានហូសេ (Paraiba de San Jose) នៅជិតទីប្រជុំជន អ៊ីខាបារុ (Icabaru) ក្នុងរដ្ឋបូលីវ៉ា (Bolivar) របស់វេណេហ្ស៊ុយអេឡា ជិតព្រំដែនរបស់ប្រទេសជាមួយប្រេស៊ីល។ស្របពេលមានការដួលរលំសេដ្ឋកិច្ចដ៏អូសបន្លាយរបស់វេណេហ្ស៊ុយអេឡា ប្រតិបត្តិការរុករករ៉ែក្រៅផ្លូវការបានរីកចម្រើនខ្លាំងនៅក្នុងតំបន់ដាច់ស្រយាល និងសម្បូរទៅដោយសារធាតុរ៉ែនៃប្រទេស ដែលអ្នករុករករ៉ែរាប់ពាន់នាក់ធ្វើការដើម្បីទាញយកលោហៈដែលរកកម្រៃបាន ជាពិសេសធាតុមាស ក្នុងស្ថានភាពមិនមានសុវត្ថិភាព។អណ្តូងរ៉ែដែលងាយរងគ្រោះថ្នាក់ទាំងនោះ គឺដំណើរការដោយការត្រួតពិនិត្យតិចតួច ឬមិនមានការត្រួតពិនិត្យពីអាជ្ញាធរ ទោះបីជារដ្ឋាភិបាលប្រទេសនេះតែងតែកែច្នៃកម្ទេចមាសទៅជាមាសដុំសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ។ ទីភ្នាក់ងារគ្រប់គ្រងហានិភ័យ និងការការពារស៊ីវិលរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាខ្លួនកំពុងផ្តល់អាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលរងផលប៉ះពាល់ ខណៈពេលដែលកំពុងសម្របសម្រួលការផ្ទេរសាកសពទៅកាន់ទីក្រុង ប៉ូអ៊ឺតតូ អរដាស (Puerto Ordaz) ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ទៅភាគខាងជើងនៃប្រទេស៕

ការសន្យារបស់ COP28 រហូតមកដល់ពេលនេះមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការឡើងកម្ដៅផែនដី ១,៥°C ទេ

2023/12/11 06:24:37 pm        97
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាការសន្យាថ្មីដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 លើការកើនឡើងបីដងនៃការប្រប្រាស់ថាមពលកកើតឡើងវិញលើសការបំភាយឧស្ម័នមេតាន នឹងមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដីក្នុងកម្រិត ១,៥អង្សាសេនោះទេ។រហូតមកដល់ពេលនេះ ប្រទេសចំនួន១៣០ បានយល់ព្រមលើការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនបីដង និងបង្កើនអត្រាការកែលម្អប្រសិទ្ធភាពថាមពលទ្វេដង ខណៈដែលក្រុមហ៊ុនប្រេង និងឧស្ម័នចំនួន ៥០ស្ថាប័ន បានយល់ព្រមកាត់បន្ថយការបំភាយឧស្ម័នមេតាន និងលុបបំបាត់ការដុតចំហេះជាទម្លាប់ត្រឹមឆ្នាំ២០៣០ ក្រោមធម្មនុញ្ញកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតពីប្រេង និងឧស្ម័ន។ការវិភាគរបស់ទីភ្នាក់ងារ IEA បាននិយាយថា ប្រសិនបើមនុស្សគ្រប់គ្នាអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ វានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលទាក់ទងនឹងថាមពលពិភពលោកចំនួន ៤ពាន់លានតោននៃឧស្ម័នកាបូនឌីអុកស៊ីតដែលត្រូវការនៅឆ្នាំ២០៣០។ នោះគឺប្រហែលមួយភាគបីនៃគម្លាតនៃការបំភាយឧស្ម័នដែលត្រូវកាត់បន្ថយក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដីកម្រិត ១,៥C លើសកម្រិតមុនសម័យឧស្សាហកម្ម ដូចដែលបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥។បន្ថែមពីលើកំណើនថាមពលកកើតឡើងវិញ ការបង្កើនប្រសិទ្ធភាពថាមពល និងការកាត់បន្ថយឧស្ម័នមេតាន ទីភ្នាក់ងារនេះបាននិយាយថា យន្តការហិរញ្ញប្បទានទ្រង់ទ្រាយធំគឺចាំបាច់សម្រាប់ការវិនិយោគថាមពលស្អាតបីដងនៅក្នុងបណ្ដាប្រទេសក្រីក្រ។ ទីភ្នាក់ងារ IEA ក៏បាននិយាយផងដែរថា ពិភពលោកនឹងត្រូវការប្តេជ្ញាចិត្តចំពោះការថយចុះនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងបញ្ចប់ការអនុម័តថ្មីនៃរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមិនទាន់មានដំណើរការ៕

ទីភ្នាក់ងារនានាព្រមានអំពីស្ថានភាពដ៏មហាវិនាស នៅហ្កាហ្សាភាគខាងត្បូង ខណៈដែលពាក់កណ្តាលនៃចំនួនប្រជាជនកំពុងស្រេកឃ្លាន

2023/12/11 06:03:59 pm        168
បណ្តាទីភ្នាក់ងារជំនួយ បាននិយាយថា ស្ថានការណ៍ នៅហ្គាហ្សា គឺ «ដ៏បំផ្លិចបំផ្លាញ » ដោយមានពាក់កណ្តាលនៃចំនួនប្រជាជនឥឡូវនេះ កំពុងស្រេកឃ្លាន ហើយតម្លៃនៃម្សៅមួយបាវឡើងដល់ ៩៥ ដុល្លារ (៧៦ផោន) នៅតាមផ្នែកមួយចំនួន។ខណៈពេលដែលអ៊ីស្រាអែល និយាយថា ខ្លួនកំពុងធ្វើការ ដើម្បីបង្កើនចំនួនជំនួយចូលទៅក្នុងតំបន់ហ្កា ហ្សា អង្គការសហប្រជាជាតិ បានរាយការណ៍ថា ខ្លួនស្ទើរតែមិនអាចចែកចាយជំនួយបច្ចុប្បន្នរបស់ខ្លួនបានទេ ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង និងការរឹតបន្តឹងនៃការចល័តរបស់ទាហានអ៊ីស្រាអែល។ច្រកឆ្លងកាត់Rafah នៅជិតព្រំដែនប្រទេសអេហ្ស៊ីប គឺជាទីតាំងតែមួយគត់ ដែលការចែកចាយជំនួយ អាចធ្វើទៅបាននាពេលបច្ចុប្បន្ន ប៉ុន្តែបុគ្គលិកជំនួយ បាននិយាយថា ការចែកចាយមានចំនួនតិចតួច ដែលតាមដងផ្លូវ គឺពោរពេញទៅដោយមនុស្សដែលស្វែងរកអាហារហូបចុក។លោក Carl Skau នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោករបស់UN បាននិយាយថា៖ «ប្រតិបត្តិការមនុស្សធម៌ កំពុងដួលរលំ»។ «ពាក់កណ្តាលនៃចំនួនប្រជាជន កំពុងស្រេកឃ្លាន ដោយ ៩នាក់ក្នុងចំណោមមនុស្ស ១០នាក់ មិនបានបរិភោគអាហារ ជារៀងរាល់ថ្ងៃ»។

លោក ពូទីន និង លោកណេតានីយ៉ាហ៊ូ ធ្វើការសន្ទនាតាមទូរស័ព្ទ ចំពេលភាពតានតឹង កើនឡើង ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

2023/12/11 05:57:08 pm        158
លោក វ្ល៉ាឌីមៀ ពូទីន និង លោក បេនចាមីន នេតានីយ៉ាហ៊ូ បាននិយាយគ្នាយ៉ាងយូរ កាលពីថ្ងៃអាទិត្យ ខណៈដែលភាពតានតឹងរវាងមេដឹកនាំទាំងពីរ កើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស និងទំនាក់ទំនងកាន់តែកើនឡើងរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់។សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា នៅក្នុងការហៅទូរសព្ទរយៈពេល ៥០នាទី លោកណេតានីយ៉ាហ៊ូ «បានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏គ្រោះថ្នាក់រវាងរុស្ស៊ី និង អ៊ីរ៉ង់» និង «សម្តែងការមិនពេញចិត្តរបស់លោក ជាមួយនឹងទីក្រុងមូស្គូ ដែលចូលរួមប្រឆាំងនឹងអ៊ីស្រាអែល នៅអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀត។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា៖«លោកនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលនឹងទទួលរងការវាយប្រហារភេរវកម្មឧក្រិដ្ឋកម្មដូចជាអ៊ីស្រាអែល ដែលមានបទពិសោធ នឹងធ្វើសកម្មភាពដោយកម្លាំងមិនតិចជាងនេះទេ»។ទំនាក់ទំនងរវាងរុស្សី និងអ៊ីស្រាអ៊ែល មានភាពរង្គោះរង្គើ ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០នាក់។ អ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់ មានការទទួល ខុសត្រូវខ្លះ ដោយសារតែខ្លួនបានបណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

មនុស្សជិត ៣០០នាក់ស្លាប់ក្នុងពេល ២៤ម៉ោងនៅហ្កាហ្សា ខណៈក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គំរាមដាក់គ្នា

2023/12/11 05:53:11 pm        142
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៣០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា ស្របពេលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានគំរាមដាក់គ្នាទៅវិញទៅមក។ អ៊ីស្រាអែល បានបន្តវាយឆ្មក់ ទូទាំងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ កាលពីថ្ងៃអាទិត្យ រួមទាំងនៅភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលអគារនៅក្នុងភូមិឋានទាំងមូលត្រូវបានបាក់រាបដល់ដីដោយសារតែការវាយប្រហារតាមអាកាស និងជាទីដែលកងកម្លាំងថ្មើរជើង ដែលបានប្រតិបត្តិការអស់រយៈពេលជាង ៦ សប្តាហ៍បន្តប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លាពីក្រុមយុទ្ធជនហាម៉ាស។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra)បានប្រាប់ ទូរទស្សន៍ Al Jazeera ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា មនុស្ស ២៩៧ នាក់បានស្លាប់ និងជាង ៥៥០ នាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅតំបន់ហ្កាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ថ្ងៃទី ៧ ខែតុលា កើនឡើងដល់ជាង ១៨.០០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបន្តដល់ថ្ងៃទី៦៥ កាលពីថ្ងៃអាទិត្យ ដោយក្រុមហាម៉ាស បានព្រមានថាគ្មានអ្នកដែលខ្លួនបានចាប់កាលពីថ្ងៃទី ៧ ខែតុលាណាម្នាក់ នឹងចាកចេញពីតំបន់ហ្កាហ្សាទាំងនៅមានជីវិតឡើយ លុះត្រាតែការទាមទាររបស់ពួកគេត្រូវបានបំពេញជាមុនសិន៕

អាមេរិក អំពាវនាវឲ្យចិន បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង

2023/12/11 05:35:06 pm        162
សហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាព ដ៏គ្រោះថ្នាក់ និងអស្ថិរភាព របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីនាវារបស់ហ្វីលីពីន និងអង្គភាពឆ្មាំសមុទ្រចិន បានបុកគ្នានៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះ។ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកបន្ទាប់ពីឧបទ្ទវហេតុកាលពីព្រឹកថ្ងៃអាទិត្យដែលជាការប្រឈមដាក់គ្នាចុងក្រោយបំផុត នៅក្នុងសមុទ្រដែលមានជម្លោះនេះ។ ការប៉ះទង្គិចគ្នានេះបានកើតឡើង អំឡុងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់មូលដ្ឋានយោធតូចមួយនៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងប្រជុំកោះ ស្ប្រាតលី (Spratly) ដែលជាចំណុចរសើបបំផុត សម្រាប់ទីក្រុងម៉ានីល និងប៉េកាំង ហើយហេតុការណ៍នេះដែរបានកើតឡើងមួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុមួយផ្សេងទៀតនៅជិត តំបន់ថ្មប៉ប្រះទឹកមានជម្លោះScarborough Shoalដែលហ្វីលីពីនអះអាងសិទ្ធិគ្រប់គ្រង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ(Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទាំងពីរនេះ នាវារបស់ប្រទេសចិន បានពង្រាយកាណុងបាញ់ទឹក និងធ្វើសមយុទ្ធដោយខ្វះការប្រុងប្រយ័ត្ន រួមទាំងការប៉ះទង្គិចគ្នានៃនាវារបស់ប្រទេសទាំង២ បណ្តាលឱ្យខូចខាតដល់នាវាហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ជាផ្លូវការទៅកាន់ទីតាំងទាំងនោះ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវិកហ្វីលីពីន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM
ឯកឧត្តម ថោ ជេដ្ឋា៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​ជាមូលដ្ឋាន​សំខាន់​លើក​កម្ពស់​ជីវភាពពលរដ្ឋ
09/06/2026 12:09 PM
វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន
09/06/2026 12:09 PM
ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការ​ងារ​ប្រចាំ​​​ខែ​សីហា
09/06/2026 12:09 PM
លោក Putin៖ ការប្រាស្រ័យទាក់ទងគ្នារវាងអាមេរិក-រុស្ស៊ី គឺមានអត្ថប្រយោជន៍
09/06/2026 11:09 AM
ក្នុងសប្តាហ៍នេះ ក្រុម AOT បានចុះទៅសង្កេតការណ៍ និងរាយការណ៍​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្តកោះកុង
09/06/2026 11:09 AM