សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ប្រេស៊ីលនឹងដាក់ពង្រាយយោធានៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម

2023/11/02 11:29:36 am        82
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលមានការរៀបចំ នៅក្នុងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីន។ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកនៃក្រុមឧក្រិដ្ឋជន បានដុតរថយន្តក្រុងរាប់សិបគ្រឿងក្នុងទីក្រុង Rio de Janeiro ដែលជាក់ស្តែងជាការសងសឹកចំពោះនគរបាលដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំរបស់ពួកគេ។លោក Lula បាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រេស៊ីលយ៉ា ( Brasilia) បន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យនេះថា៖ «យើងបានឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយ ដូច្នេះយើង បានសម្រេចចិត្តឲ្យរដ្ឋាភិបាលសហព័ន្ធចូលរួមយ៉ាងសកម្មជាមួយនឹងលទ្ធភាពទាំងអស់ក្នុងការជួយរដ្ឋាភិបាលរដ្ឋ និងប្រេស៊ីល ខ្លួនឯង ដើម្បីកម្ចាត់ឧក្រិដ្ឋកម្មដែលមានការរៀបចំនេះ»។ប្រទេសប្រេស៊ីល នឹងប្រមូលផ្តុំសមាជិកចំនួន ៣.៦០០នាក់នៃកងទ័ព កងទ័ពជើងទឹក និងទ័ពអាកាស ដើម្បីបង្កើនការល្បាត និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Rio de Janeiro និង Sao Paulo ក៏ដូចជាកំពង់ផែសមុទ្រចំនួនពីរនៅ Rio និងកំពង់ផែ Santos របស់ Sao Paulo ដែលជាកំពង់ផែដ៏មមាញឹកបំផុតនៅអាមេរិកឡាទីន និងជាមជ្ឈមណ្ឌលនាំចេញកូកាអ៊ីន។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ព្រមានប៉ាគីស្ថាន អំពីការនិរទេសដោយបង្ខំពលរដ្ឋអាហ្វហ្គានីស្ថានដែលគ្មានឯកសារ

2023/11/02 11:21:11 am        89
នគរបាល បានចាប់ផ្តើមរុះរើផ្ទះសង់ពីដីល្បប់ នៅក្នុងជំរំពលរដ្ឋអាហ្វហ្គានីស្ថានមួយកន្លែង នៅជាយក្រុងអ៊ីស្លាម៉ាបាដ កាលពីល្ងាចថ្ងៃពុធ ទី១ ខែ វិច្ឆិកា មុនពេលវេលាផុតកំណត់នៅពេលពាក់កណ្តាលអាធ្រាត សម្រាប់ជនភៀសខ្លួនគ្មានឯកសារ ឲ្យចាកចេញ បើមិនដូច្នេះទេត្រូវប្រឈមមុខការបណ្តេញចេញ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងព្រមានថា ការបណ្តេញចេញតាមផែនការរបស់ប្រទេសប៉ាគីស្ថាន នូវជនជាតិបរទេសគ្មានឯកសារជាងមួយលាននាក់ ប្រឈមហានិភ័យ បង្កឲ្យមានមហន្តរាយសិទ្ធមនុស្ស។ កាលពីខែមុន ប្រទេសប៉ាគីស្ថាន បានកំណត់ថ្ងៃទី១ ខែវិច្ឆិកា ចាប់ផ្តើមកាលបរិច្ឆេទ សម្រាប់ការបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារទាំងអស់ រួមមានទាំងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់។ប្រទេសប៉ាគីស្ថាន បានលើកឡើងពីហេតុផលសន្តិសុខ ដោយមិនអើពើចំពោះការអំពាវនាវឲ្យពិចារណាឡើងវិញ ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធមនុស្ស និងស្ថានទូតប្រទេសលោកខាងលិច។ជនភៀសខ្លួននៅជំរំពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានរុះរើ ត្រូវបានគេផ្តល់ពេល២សប្តាហ៍ដើម្បីសម្អាត បានត្អូញត្អែរថា ពួកគេពុំបានផ្តល់ឲ្យពេលវេលាគ្រប់គ្រាន់ឡើយ។ មួយចំនួនក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជាឲ្យចាកចេញ បានចំណាយពេលច្រើនទសវត្សរ៍ នៅក្នុងប្រទេសប៉ាគីស្ថាន។ ក្រសួងមហាផ្ទៃ បាននិយាយថាមនុស្ស១៤០.៣២២ នាក់ បានស្ម័គ្រចិត្តចាកចេញរួចហើយជាច្រើនថ្ងៃមកនេះ ដែលរថយន្តជាច្រើនគ្រឿង បានដាក់ឥវ៉ាន់គរខ្ពស់ និងដាក់ប្រជ្រៀតមនុស្ស ដែលបានធ្វើឲ្យស្ទះចរាចរណ៍ផ្លូវធំៗ ចេញក្រៅប្រទេសនេះ។

អ៊ីរ៉ង់ព្រមានអំពី«ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើការវាយប្រហារនៅតំបន់ហ្កាហ្សា នៅតែបន្ត

2023/11/02 11:17:27 am        157
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានព្រមានកាលពីថ្ងៃពុធអំពី «ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើការវាយប្រហារនៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប ដែលជាការព្រមានចុងក្រោយបង្អស់ពីប្រទេសនេះ ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងកងជីវពល នៅកន្លែងផ្សេងទៀត ក្នុងតំបន់នេះ។លោក បាននិយាយនៅក្នុងទីក្រុងអង់ការ៉ាថា៖«ប្រសិនបើបទឈប់បាញ់ភ្លាមៗ មិនបានកើតឡើងនៅហ្កា ហ្សាស្ទ្រីប ហើយការវាយប្រហារយ៉ាងឆាប់រហ័សដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែលនិយម នៅតែបន្ត នោះផលវិបាក នឹងកាន់តែធ្ងន់ធ្ងរឡើង» ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ធំទូលាយនេឡះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេ បាននិយាយថា ជាការវាយប្រហារដែលមិនបង្កហេតុក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលបានជំរុញឲ្យមានការភ័យខ្លាចថា ជម្លោះតំបន់ហ្កាហ្សា អាចបង្កឲ្យក្លាយជាសង្រ្គាមកាន់តែទូលំទូលាយឡើង។ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីទួរគី លោក អាមីរ៉ាប់ឌូឡាហៀន មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់អ៊ីរ៉ង់ទេ។ប្រទេសនេះ និយាយថា ខ្លួនគាំទ្រក្រុមហាម៉ាស ប៉ុន្តែមិនបានដើរតួនាទីណាមួយក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែលកាលពីខែមុន។ ទាំងខ្លួន និងទួរគី បានថ្កោលទោសការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។

លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Netanyahu ប្រឈមសម្ពាធខ្លាំង ចំពោះមហន្តរាយរបស់ក្រុមហាម៉ាស

2023/11/02 11:14:09 am        111
លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បានសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអ្នកការពារសន្តិសុខដោយពឹងផ្អែកលើតួនាទីរបស់លោកនៅក្នុងអង្គភាពកងកម្លាំងសម្រាំង ដែលបានជួយរំដោះចំណាប់ខ្មាំងដ៏ក្លាហានបំផុតមួយចំនួនរបស់អ៊ីស្រាអែល។កេរដំណែលរបស់លោកជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសនេះ ឥឡូវនេះនឹងត្រូវបានបង្ហាញពីការបរាជ័យផ្នែកសន្តិសុខដ៏អាក្រក់បំផុតមួយដែលលោកបានដឹង និងដោយជោគវាសនានៃចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់មនុស្សជាង១.៤០០នាក់ នៅថ្ងៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេល៧៥ ឆ្នាំ មកនេះ។ ទំហំនៃការសម្លាប់រង្គាល របួស និងរូបភាពនៃអំពើហិង្សាដែលកើតចេញពីសហគមន៍អ៊ីស្រាអែលភាគខាងត្បូងជុំវិញតំបន់ហ្កាហ្សា បានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។ក្នុងអាណត្តិទី៦របស់លោកជានាយករដ្ឋមន្ត្រី លោក Netanyahu វ័យ៧៤ឆ្នាំ ជាប្រធានក្រុមចម្រុះស្តាំនិយមជ្រុលបំផុតមួយរបស់អ៊ីស្រាអែល ហើយបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈភាពតក់ស្លុតដំបូងបានធ្វើឲ្យផ្ទុះកំហឹង ចំពោះការបរាជ័យ ដែលនាំឱ្យមានការវាយប្រហារកើតឡើង។ លោកបានបដិសេធមិនទទួលខុសត្រូវ ដោយគ្រាន់តែនិយាយថា គ្រប់គ្នានឹងត្រូវឆ្លើយសំណួរពិបាកៗ នៅពេលសង្រ្គាមជាមួយក្រុមហាម៉ាសបញ្ចប់ ហើយនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយរបស់លោក លោកបានច្រានចោលសំណួរដែលសួរថាតើរូបលោកនឹងលាលែងពីតំណែងដែរឬទេ។ ការស្ទង់មតិរបស់កាសែត ម៉ារីវ (Maariv) កាលពីថ្ងៃទី ១៨-១៩ ខែតុលា បានបង្ហាញថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក បេនី ហ្គានស៍ (Benny Gantz) ប្រធានគណបក្សប្រឆាំងកណ្តាលនិយមនៅក្នុងរដ្ឋាភិបាលរួបរួមដែលបានបង្កើតថ្មី ក្រុមអ្នកឆ្លើយតបបានបង្ហាញការពេញចិត្ត ចំនួន៤៨% ឲ្យលោកលោកធ្វើជានាយករដ្ឋមន្ត្រី បើធៀបនឹង ២៨% សម្រាប់លោក Netanyahu ៕

មនុស្សជាង១០.០០០នាក់បានស្លាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈសង្រ្គាមនៅតែបន្ត

2023/11/02 11:06:04 am        110
ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានកើនឡើងដល់ជាង ១០.០០០នាក់ កាលពីថ្ងៃពុធ (១ វិច្ឆិកា) ដោយមិនមានសញ្ញាណាមួយនៃការថយចុះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ឡើយចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីខែមុនមក។ ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃដដែលនោះថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីនមួយនេះ បានកើនឡើងដល់ ៨.៧៩៦នាក់ ខណៈភាគីអ៊ីស្រាអែល បានមើលឃើញមនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់។ ទន្ទឹមនឹងនេះដែរ មនុស្សរាប់សិបនាក់មកពីតំបន់ហ្កាហ្សា បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រកព្រំដែនរ៉ាហ្វាហ្វ កាលពីថ្ងៃពុធ នេះបើយោងតាមសារព័ត៌មាន AP ដោយបន្ថែមថា វាហាក់ដូចជាជាលើកដំបូងហើយ ដែលពលេដ្ឋកាន់លិខិតឆ្លងដែនបរទេស ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស លើប្រជាជាតិជ្វីហ្វ មក។ គួររម្លឹកផងដែរថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះ បាននាំឱ្យមានអ្នកស្លាប់ និងរងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕

កូរ៉េខាងត្បូង៖ រុស្ស៊ី ជួយកូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម

2023/11/02 10:59:45 am        118
ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសកូរ៉េខាងជើង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន ហើយឱកាសនៃការប៉ុនប៉ងលើកទីបី មួយនេះ អាចទទួលបានជោគជ័យខ្ពស់ ដោយមានការជួយពីប្រទេសរុស្ស៊ី។សមាជិកនៃគណៈកម្មាការសភារបស់កូរ៉េខាងត្បូង លោក យ៉ូ សាងប៊ុម (Yoo Sang-bum) បាននិយាយដោយដកស្រង់របាយការណ៍របស់ទីភ្នាក់ងារចារកម្មជាតិ (NIS) ថា កូរ៉េខាងជើង ហាក់ដូចជាបានទទួលជំនួយបច្ចេកទេសពីរុស្ស៊ី ហើយទំនងជាកំពុងពិនិត្យមើលម៉ាស៊ីន និងយន្តការបាញ់បង្ហោះរបស់យាននេះ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយសារតែហេតុផលសន្តិសុខ។កូរ៉េខាងជើង ធ្លាប់បានសន្យាថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទីបី នៅក្នុងខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការបង្ហាញណាមួយថា ខ្លួនហៀបនឹងបន្តដំណើរការបាញ់បង្ហោះនោះទេ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ជាទីដែលលោកបានទៅទស្សកិច្ចស្ថានីយបាញ់បង្ហោះយានអវកាសទំនើបរបស់រុស្ស៊ី ដោយជំរុញឱ្យមានការរំពឹងទុកថា ទីក្រុងមូស្គូ នឹងជួយដល់កម្មវិធីអវកាសរបស់កូរ៉េខាងជើង ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធធម្មតាពីប្រទេសផ្ដាច់ខ្លួនមួយនេះដល់រុស្ស៊ី ផងដែរ៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅប្រទេសម៉ិកស៊ិកភាគខាងត្បូង ព្យាយាមទៅដល់ព្រំដែនសហរដ្ឋអាមេរិក

2023/11/02 10:13:58 am        129
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃពុធបានស្នើសុំធ្វើដំណើរឆ្លងកាត់ប្រទេសប្រទេសនេះ ដើម្បីបានទៅដល់ព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក។ភាគច្រើនក្នុងចំណោមជនអន្តោប្រវេសន៍ទាំងនេះ កំពុងធ្វើដំណើរជាមួយក្រុមគ្រួសាររបស់ពួកគេ។ ពួកគេបានមកប្រមូលផ្តុំគ្នានៅទីក្រុង Huixtla ក្នុងរដ្ឋ Chiapas ដើម្បីសម្រាកមុនការធ្វើដំណើរទៅកាន់ភាគខាងជើង។ពួកគេបានប្រាប់សារព័ត៌មានរ៉យទ័រ អំពីភាពក្រីក្រ និងភាពអសន្តិសុខ នៅក្នុងប្រទេសកំណើតរបស់ពួកគេ ដែលបានធ្វើឲ្យេពួកគេសម្រេចចិត្តធ្វើអន្តោប្រវេសន៍។ជនអន្តោប្រវេសន៍ជនជាតិហុងឌុយរ៉ាស់ លោក Eliseo Portillo បាននិយាយថាការធ្វើអន្តោប្រវេសន៍ គឺជាដំណោះស្រាយតែមួយគត់ដែលលោកមាន បន្ទាប់ពីបានបាត់បង់អ្វីគ្រប់យ៉ាង អំឡុងព្យុះសង្ឃរា Eta និង Iota កាលពីឆ្នាំ២០២០។នៅឆ្នាំនេះ បានមើលឃើញពីចំនួនខ្ពស់បំផុតនៃជនអន្តោប្រវេសន៍ឆ្លងកាត់តំបន់ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ានិងប្រទេសកូឡំប៊ី។

សារព័ត៌មាន WSJ៖ ចិន យល់ព្រមចរចាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

2023/11/02 10:08:43 am        241
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក អូបាម៉ា មក។ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ថា ប្រទេសទាំងពីរនឹងរៀបចំ «ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ» នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នាអំពីកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែរ។របាយការណ៍របស់សារព័ត៌មាន WSJ បាននិយាយថា កិច្ចពិភាក្សាអាវុធទាំងនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដឹកនាំដោយលោក ម៉ាឡូរី ស្ទូវើត (Mallory Stewart) មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងលោក ស៊ុន ស៊ាវប៉ូ (Sun Xiaobo) ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលាថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១.០០០គ្រាប់ នៅឆ្នាំ២០៣០ ប៉ុន្តែទីក្រុងប៉េកាំង បានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះរួចទៅហើយ។កិច្ចចរចាអាវុធរវាងប្រទេសទាំងពីរនេះ នឹងកើតឡើងមុនពេលលទ្ធភាពនៃកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកា ខាងមុខនេះ ទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់លោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតសំខាន់ៗមិនទាន់ត្រូវបានគូសបញ្ជាក់នៅឡើយក៏ដោយ៕

អ្នកជម្លៀសខ្លួនដំបូងចាកចេញពីតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលវាយប្រហារលើជំរំជនភៀសខ្លួនជាថ្មីទៀត

2023/11/02 10:05:16 am        159
ក្រុមអ្នកស្រុកនិងជនបរទេសដែលរងរបួសបានរត់គេចពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ ទី ១ ខែវិច្ឆិកា ជាការជម្លៀសដំបូងពីទឹកដីប៉ាឡេស្ទីនរងការហែកហួរដោយសង្រ្គាមដែលត្រូវបានវាយលុកដោយយន្តហោះចម្បាំងអ៊ីស្រាអែល សងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសមិនធ្លាប់មាន ចូលទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ។ អ្នកជម្លៀសត្រូវបានដឹកតាមរថយន្តសង្គ្រោះតាមច្រកព្រំដែនរ៉ាហ្វា(Rafah)។នៅក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអេហ្ស៊ីប អ៊ីស្រាអែល និងក្រុមហាម៉ាស ជនបរទេសមួយចំនួន និងអ្នកដែលរងរបួសធ្ងន់ធ្ងរនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។ អ្នកយកព័ត៌មាន AFP នៅឯព្រំដែនភាគខាងត្បូងតំបន់ហ្កាហ្សា បានឃើញរថយន្តគិលានសង្គ្រោះបន្ទាន់កំពុងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យចល័តរបស់អេហ្ស៊ីប រួមទាំងក្មេងប្រុសម្នាក់ដែលមានរុំបង់ក្នុងស្ថានភាពរបួសធ្ងន់នៅជុំវិញពោះរបស់គេ។ គ្រួសារទាំងអស់ ដែលព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន បានប្រញាប់ប្រញាល់ឆ្លងកាត់ព្រំដែន មានការយាមកាមដ៏រឹងមាំឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប ដែលគេរំពឹងថានឹងទទួលយកអ្នកកាន់លិខិតឆ្លងដែនបរទេសយ៉ាងហោចណាស់៤០០នាក់ និង៩០ នាក់ដែលរងរបួសធ្ងន់ធ្ងរបំផុតនិងមានជំងឺ។ ជំរំចាបាលីយ៉ា (Jabalia បានរងការវាយប្រហារលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃកាលពីថ្ងៃពុធ ដោយរូបភាពីទូរទស្សន៍ AFPTV បង្ហាញពីការខូចខាតដ៏ធ្ងន់ធ្ងរ និងអ្នកជួយសង្គ្រោះ អ្នកកប់ក្រោមកម្ទេចថ្ម ប្រឡាក់ដោយឈាម។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់បានស្លាប់និងរងរបួស ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលចំលើជំរំជនភៀសខ្លួននេះ ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៧ នាក់ ៕

ផ្សារមូលបត្រកម្ពុជា គ្រោងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិន

2023/11/01 03:07:23 pm        162
ភ្នំពេញ៖ ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា​គ្រោង​បង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ​បន្ថែមទៀត ​ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់​អារម្មណ៍​ធ្វើការវិនិយោគកាន់តែកើនឡើង​ថែមទៀត ​ជាពិសេសដើម្បីជំរុញឲ្យមានការ​បោះផ្សាយ​មូលបត្របំណុល តាមរយៈការលក់សញ្ញាបណ្ណបៃតង ​សញ្ញាបណ្ណសង្គម និង​សញ្ញាបណ្ណនិរន្តរភាព។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានមានប្រសាសន៍ថា​ នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រ​នឹងដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានានៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម បានបន្តថា ប្រសិនបើវិនិយោគិន ​ចាប់ផ្ដើមចាប់អារម្មណ៍​ និងចង់បានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុនបោះផ្សាយត្រូវចាប់ផ្ដើមអនុវត្តតាម ​ដោយប្រកាន់យកនូវគោលនយោបាយនានា ដែលគាំទ្រដល់សេដ្ឋកិច្ចបៃតង។ ឯកឧត្តម បន្ថែមថា វិនិយោគិនបច្ចុប្បន្ន ព្រមទទួលយកអត្រាការប្រាក់ទាបជាងមុនបន្តិច ប្រសិន​បើមូលបត្រ​ដែលគេកំពុងពិចារណាវិនិយោគ ជាមូលបត្រដែលបោះផ្សាយ​ដោយក្រុមហ៊ុន​ដែល​ប្រកាន់​យកគោលការណ៍ ESG ច្បាស់លាស់។ ​បន្ថែមពីនេះទៀត​ ផ្សារមូលបត្រកម្ពុជា ក៏បានបង្កើត​នូវ​កម្មវិធីថ្មីមួយទៀតមានឈ្មោះថា CSX Fun Run ដែលជាការផ្គួចផ្តើមឡើង​ក្នុងគោលបំណងលើកសេដ្ឋកិច្ចសង្គម ​និងបរិស្ថាន (ESGs) ផងដែរ បន្ទាប់ពីកម្មវិធី My First Stock។គិតមកដល់បច្ចុប្បន្ននេះ​ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន២០ ​បានចុះបញ្ជីលក់មូលបត្រ ក្នុងនោះ​ក្រុមហ៊ុនចំនួន១១ ​បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ​និងក្រុមហ៊ុនចំនួន៩ បានចុះ​បញ្ជីលក់មូល​បត្រ​បំណុល និង​បានប្រមូល​ទុនពី​សាធារណជន​តាមរយៈផ្សារហ៊ុន​សរុបចំនួន​ប្រមាណ ៣៣០លានដុល្លារអាមេរិក។​ ដោយឡែក​ ចំនួនវិនិយោគិន គណនីជួញដូរមានការ​កើនឡើង​ប្រមាណជាង ​៤៤,០០០គណនី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM
អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា
04/09/2026 07:04 PM