គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

ក្ដីបារម្ភកើនឡើងកាន់តែខ្លាំងខណៈមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារបស់កងជីវពល SDF នៅស៊ីរី

2023/09/08 11:54:55 am        78
ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។  ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។ កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។ អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 11:52:54 am        53
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

តុលាការកំពូលរបស់ម៉ិកស៊ិក បានផ្ដល់ភាពស្របច្បាប់ដល់ការរម្លូតកូន

2023/09/08 11:50:52 am        51
ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។ សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕

អ្នកជំនាញ៖ បើមិនបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទេ នោះកម្ដៅដ៏ខ្លាំងនឹងក្លាយជាបញ្ហាអាកាសធាតុធម្មតា

2023/09/08 11:48:44 am        65
របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 11:46:39 am        94
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់នៅភាគនិរតីប្រទេសកាមេរូន

2023/09/08 11:44:20 am        60
កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។ សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។ អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។ ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 11:41:05 am        190
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសសារធាតុញៀន បានជិត៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់

2023/09/08 11:38:13 am        373
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំង​នគរបាលខេត្តកំពង់ស្ពឺ ​និង​ខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន​បាន​ចំនួន៥នាក់ ដាច់ដោយឡែកពីគ្នាជាមួយសារធាតុញៀនជិត៥គីឡូក្រាម រួមទាំងអាវុធខ្លីមួយដើម។យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ប្រាប់ទូរទស្សន៍BTVនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីប៉ុន្មានថ្ងៃមុននេះកងកម្លាំង​សមត្ថកិច្ច​ជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន​ចំនួន៣នាក់ ​និងខ្មែរម្នាក់​ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង​រឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម ​និងរុក្ខជាតិ​ក្រៀម​ទម្ងន់​ ២០.២៨ក្រាម នៅ​២គោលដៅផ្សេងគ្នា។របាយការណ៍ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះ​ក្រោយមានការស្រាវ និងកំណត់បានគោលដៅច្បាស់លាស់ ​ដោយបង្ក្រាបគោលដៅទី១​ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ​និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុង នោះជនជាតិចិនបីនាក់​ និងខ្មែរម្នាក់។ជនសង្ស័យទាំង៤នាក់នោះរួមមាន ១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។ ៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។ និងទី ៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ​ ព្រមទាំងវត្ថុតាងដែលបានចាប់យកខាងលើ បានកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ​ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទបាន ចក់

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 11:34:47 am        189
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 11:25:14 am        172
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM