សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

សន្តិសុខ និង សង្គម

អ៊ុយក្រែន បញ្ជាឲ្យជម្លៀសជនស៊ីវិលក្នុងតំបន់ខាគីវ (Kharkiv) ខណៈរុស្ស៊ី សម្រុកវាយប្រហារខ្លាំង

2023/08/11 12:24:18 pm        142
អ៊ុយក្រែន៖ ក្រុមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាឲ្យជន្លៀសជាចាំបាច់សម្រាប់ជនស៊ីវិលជិត១២.០០០នាក់ ពីទីប្រជុំជន និងភូមិចំនួន៣៧ ជិតសមរភូមិភាគឦសានខណៈ កងកម្លាំងរុស្ស៊ី បង្កើនការវាយលុកដណ្ដើមដែនដី ដែលធ្លាប់យកបានអំឡុងជម្លោះនេះ។  កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន បានជំរុញជនស៊ីវិលឲ្យជម្លៀសចេញពីតំបន់ខាគីវ (Kharkiv) ភាគខាងកើតប្រទេស ជាទីដែល មានសេចក្ដីរាយការថា កងកម្លាំងរុស្ស៊ី កំពុងបង្កើនកម្លាំងវាយសន្ធាប់នៅសមរភូមិមុខ។ រដ្ឋបាលយោធាប្រចាំតំបន់ក្នុងស្រុកគូភៀនស៍(Kupiansk)របស់តំបន់លខាគីវ បាននិយាយថាប្រជាពលរដ្ឋត្រូវតែស្របតាមបទបញ្ជាជម្លៀស ឬ ចុះហត្ថលេខាលើឯកសារ ដោយនិយាយថា ពួកគេត្រូវទទួលខុសត្រូវគ្រោះថ្នាក់ដោយខ្លួនឯង។  រដ្ឋបាលក្រុង បាននិយាយថា ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងការបាញ់ផ្លោងកាន់តែខ្លាំងឡើងពីកងកម្លាំងរុស្ស៊ី ក្នុងសហគមន៍គូភៀស៍ អ្នកមានឱកាសភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ។ អ្នកនាំពាក្យឆ្មាំជាតិអ៊ុយក្រែន លោករ៉ាស្លែន ម៉ូហ្ស៊ីឆាក់ (Ruslan Muzychuk) បាននិយាយតាមទូរទស្សន៍ជាតិថា រុស្ស៊ី បានផ្ដល់ជំនួយដល់ទាហានរបស់ខ្លួនដោយមានអង្គភាពរថក្រោះ វាយប្រហារតាមអាកាស និងកាំភ្លើងធំនៅក្នុងតំបន់ គូភៀនស៍៕

មនុស្ស២៩នាក់ស្លាប់ និង១៦នាក់បាត់ខ្លួនបន្ទាប់ពីទឹកជំនន់ខ្លាំងនៅក្នុងខេត្ត Hebei ប្រទេសចិន

2023/08/11 12:21:56 pm        82
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅខេត្ត Hebei ប្រទេសចិន ភាគខាងជើង បានកើនឡើងដល់ ២៩នាក់ បន្ទាប់ពីភ្លៀងធ្លាក់ហួសពីកំណត់ត្រាធ្លាក់មកលើតំបន់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីរបស់អាជ្ញាធរថា គិតត្រឹមថ្ងៃទី១០ ខែសីហាមនុស្ស២៩នាក់បានស្លាប់ ដោយសារគ្រោះមហន្តរាយ នៅក្នុងខេត្ត Hebei ដែល៦នាក់ក្នុងចំណោមនេះ បានបាត់ខ្លួនកាលពីពេលមុន។ នៅមានមនុស្ស១៦នាក់ផ្សេងទៀតបាត់ខ្លួន។  អាជ្ញាធរបាននិយាយកាលពីដើមសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់៣៣នាក់ បានស្លាប់នៅក្នុងទីក្រុងប៉េកាំង បណ្តាលមកពីព្យុះភ្លៀងខ្លាំង ដែលបានវាយប្រហារកាលពីចុងខែកន្លងទៅនេះ រួមមានទាំងបុគ្គលិកជួយសង្គ្រោះ២នាក់ ហើយមនុស្សជាង១០នាក់ទៀតបានស្លាប់នៅខេត្ត Jilin ភាគឦសាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពិសប្តាហ៍មុន។នៅតាមដងផ្លូវនានា នៅផ្នែកជាច្រើននៃខេត្ត Hebie ដែលមានព្រំប្រទល់ជាប់រដ្ឋធានីនៅតែមានដីល្បាប់ នៅពេលដែល សារព័ត៌មាន AFP បានចុះទៅដល់កាលពីថ្ងៃពុធ។  ពលរដ្ឋក្នុងតំបន់ កំពុងប្រញាប់ប្រញាល់ស្តារឡើងវិញទ្រព្យសម្បត្តិដែលលិចក្នុងទឹក និងសម្អាតលំនៅឋានដែលត្រូវបានបំផ្លាញ។ មនុស្សរាប់លាននាក់បានទទួលរងដោយព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងនិងរលកកម្តៅដែលបានអូសបន្លាយពេលនៅជុំវិញពិភពលោកនៅក្នុងសប្តាហ៍ថ្មីៗនេះ ជាព្រឹត្តិការណ៍ដែលអ្នកវិទ្យសាស្ត្រនិយាយថាកំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយបម្រែបម្រួលអាកាសធាតុ៕

មនុស្សជាង១៨.០០០នាក់ ត្រូវបានជម្លៀសក្នុងរដ្ឋនៅមីយ៉ាន់ម៉ា បន្ទាប់ពីទឹកទន្លេឡើងលើសកម្រិតគ្រោះថ្នាក់

2023/08/11 12:19:29 pm        72
មីយ៉ាន់ម៉ា៖ បណ្តាញទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍ថា មនុស្សជាង១៨.០០០នាក់ ត្រូវបានជម្លៀស នៅក្នុងរដ្ឋ Kayin សហភាពមីយ៉ាន់ម៉ាភាគខាងត្បូង ដោយសារតែការកើនឡើងកម្រិតទឹកទន្លេហួសពីការកំណត់គ្រោះថ្នាក់។ ការរាយការណ៍របស់ទូរទស្សន៍បានដកស្រង់សម្តីលោក U Saw Khin Maung Myint (អ៊ូ ស ឃីន ម៉ោង ម្យិន) អ្នកនាំពាក្យរបស់រដ្ឋាភិបាលរដ្ឋ Kayin ដែលបាននិយាយថា យើងកំពុងបង្កើតទីជម្រកបន្ថែមក្នុងការឆ្លើយតបទៅនឹងទឹកជំនន់នៅទូទាំងក្រុងចំនួន៦ នៅក្នុងរដ្ឋ Kayin។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ទន្លេនៅក្នុងរដ្ឋ Kayin រួមទាំងទន្លេ Thanlwin ( ថាន់ ល្វីន) បានពេញហៀរច្រាំង ហើយផ្នែកមួយចំនួននៃផ្លូវធំមួយតភ្ជាប់រដ្ឋធានី Hpa-an រដ្ឋKayin និងរដ្ឋធានី Mawlamyine ( ម៉ឡយីម) របស់រដ្ឋ Mon ( មន) ក៏ត្រូវបានជន់លិច។ បន្ថែលលើនេះ ផ្លូវរថភ្លើងមួយចំនួន រវាងទីក្រុង Yangon និងទីក្រុង Mawlamyine ត្រូវបានលុបចោលដោយសារតែទឹកជំនន់នៅតាមកំណាត់ផ្លូវរថភ្លើង រវាងក្រុង Bago និងក្រុង Mawlamyine ។ក្រសួងឧតុនិយមនិងជលវិទ្យារបស់ប្រទេស បានរាយការណ៍ថា ទន្លេចំនួន៦ នៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានឡើងលើសពីកម្រិតគ្រោះថ្នាក់កាលពីរសៀលថ្ងៃពុធ។ នាយកដ្ឋានអាកាសធាតុ បានចេញការព្រមានសម្រាប់ពលរដ្ឋរស់នៅជិតមាត់ទន្លេ ឬតំបន់ទំនាប ឲ្យមានការប្រុងប្រយ៍ត្នចំពោះហានីភ័យទឹកជំនន់កើនឡើងខ្លាំង៕

ការដាំក្បាលចុះមករកសមុទ្រនៃយន្តហោះក្រុមហ៊ុន United គឺជាកំហុសអាកាសយានិក

2023/08/11 12:16:58 pm        145
អាមេរិក៖ ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបាននិយាយថា ឧបទ្ទវហេតុកាលពីឆ្នាំ ២០២២ ដែលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដំាក្បាលចុះ ៧៤៨ហ្វីត មករកមហាសមុទ្រប៉ាស៊ីហ្វិក គឺ បណ្តាលមកពីកំហុសអាកាសយានិក។ នៅក្នុងរបាយការណ៍ចុងក្រោយ ដែលទើបនឹងចេញផ្សាយបានឲ្យដឹងថា គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បានកំណត់មូលហេតុនៃការដាំក្បាលចុះនៃជើងហោះហើរ ១៧២២ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដោយសារការធ្វេសប្រហេសរបស់អ្នកបម្រើការលើយន្តហោះក្នុងការគ្រប់គ្រងផ្លូវហោះហើរតាមខ្សែហោះរបស់យន្តហោះ បន្ទាប់ពីដាច់ទំនាក់ទំនងជាក់ស្តែង រវាងអាកាសយានិកទាំងពីរជុំវិញទីតាំងសន្ទះស្លាបរបស់យន្តហោះ។ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយនាទីបន្ទាប់ពីយន្តហោះ Boeing 777 បានចាកចេញពីអាកាសយានដ្ឋាន Kahului នៅរដ្ឋ Hawaii ក្នុងពេលភ្លៀងធ្លាក់ខ្លាំង និងមានភាពច្របូកច្របល់កាលពីថ្ងៃទី ១៨ ខែធ្នូ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជើងហោះហើរដែលមានអ្នកដំណើរ ២៧១ នាក់នៅលើយន្តហោះបានបន្តទៅកាន់គោលដៅរបស់ខ្លួននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយគ្មានបញ្ហាបន្ថែមទៀតនោះទេ។   គណៈកម្មាធិការ និយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រុមយានិកដែលបានបង្ហាញពីការភាន់ច្រលំជុំវិញការកំណត់សន្ទះស្លាបរបស់យន្តហោះ 777 ដែលជាធម្មតាត្រូវបានពង្រីកសម្រាប់ការហោះហើរ និងបន្ថយវិញ ក្នុងអំឡុងពេលហោះឡើង៕

ទីក្រុងចុងឈីង ប្រទេសចិន មានការជូនដំណឹងអំពីសីតុណ្ហភាពខ្ពស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា

2023/08/11 12:14:14 pm        80
ចិន៖ ក្រុមសង្កេតការណ៍នៃទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន បានបន្តចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់សីតុណ្ហភាពខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីប្រាំជាប់ៗគ្នា។យោងតាមក្រុមសង្កេតការណ៍ក្រុងនោះបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ភាគច្រើននៃទីក្រុងនេះលើសពីកម្រិត៣៧អង្សាសេ ចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដល់យប់ថ្ងៃសុក្រ ដោយសីតុណ្ហភាពនោះត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត៤០អង្សាសេនៅក្នុងតំបន់មួយចំនួនផងដែរ។ទីភ្នាក់ងារនោះបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ទីក្រុងចុងឈីង ភាគខាងលិច និងតំបន់មួយចំនួននៅតាមបណ្តោយទន្លេ Yangtze( យ៉ាងស៊ី) នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ពីចំហេះព្រៃ។ ក្រុមមន្ត្រីអនុរក្សព្រៃឈើក្នុងតំបន់បានបង្កើនការល្បាត និងវីដេអូឃ្លាំមើល ហើយក្រុមជំនាញក៏ត្រូវបានបញ្ជូនទៅកាន់តំពន់ព្រៃឈើផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅក្នុងតំបន់សំខាន់ៗ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

កូរ៉េខាងជើងព្រមានពីការខូចខាតដោយទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិចបានវាយប្រហារកូរ៉េខាងត្បូង និងជប៉ុន

2023/08/11 12:11:45 pm        86
កូរ៉េខាងជើង៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់ទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន ដែលបណ្ដាលឲ្យមានមានអ្នកស្លាប់ និងរបួសមួយចំនួន ដោយធ្វើឱ្យទីក្រុងព្យុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយទឹកជំនន់។ព្យុះនេះបានចុះខ្សោយទៅជាព្យុះទំនាបត្រូពិច ខណៈដែលវាឆ្លងចូលប្រទេសកូរ៉េខាងជើងពេញមួយយប់ ហើយកងកម្លាំងយោធា និងក្រុមមន្ត្រីបក្សកាន់អំណាច ត្រូវបានចល័តដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សជិត១៦.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែលមនុស្សប្រហែល៦០% នៃចំនួននោះ បានត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយជើងហោះហើរប្រហែល៣៥០ជើង និងផ្លូវរថភ្លើងចំនួន៤៥០ខ្សែ ត្រូវបានលុបចោល នេះបើយោងតាមក្រសួងមហាផ្ទៃ។ជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងទប់ទល់នឹងព្យុះនេះ ព្រមទាំងប្រឹងប្រែងទប់ទល់ការខូចខាត និងសង្គ្រោះដំណាំផងដែរ។ សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun របស់បក្សកំពុងកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីត្រូវបានបញ្ជាឱ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការជម្លៀសប្រជាជនផងដែរ៕

សីតុណ្ហភាពឡើងដល់៤៥អង្សាសេ នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ ខណៈអ្នកទេសចរណ៍កំពុងទប់ទល់នឹងកម្ដៅ

2023/08/11 12:09:26 pm        77
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបន្តរងគ្រោះ ដោយសាររលកកម្ដៅលើកទីបីនៃរដូវក្តៅនេះកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ដោយទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឡើងដល់កម្រិត៤០អង្សាសេ (១០៤ហ្វារិនហៃ) នៅក្នុងតំបន់ភាគខាងត្បូង និងមេឌីទែរ៉ាណេមួយចំនួន។ទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឌីជីថល បានកើនឡើងដល់កម្រិត៤៥អង្សាសេ (១១៣ហ្វារិនហៃ) នៅទីក្រុង Cordoba តំបន់ Andalusia ខណៈដែលសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងនេះបានឡើងខ្ពស់ជាង៤១អង្សាសេ ខណៈដែលអ្នកទេសចរទប់ទល់នឹងកម្ដៅដើម្បីរក្សាភាពត្រជាក់ដោយជ្រកក្នុងម្លប់ និងលុបលាងខ្លួនដោយទឹកត្រជាក់ពីប្រភពទឹកជាដើម។បណ្តាប្រទេសនៅអ៊ឺរ៉ុបភាគខាងត្បូងបានកំពុងប្រឈមមុខនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាក្នុងរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ផងដែរ៕

អ្នកជំនាញអាកាសធាតុ៖ គ្រោះរាំងស្ងួតកំពុងបំផ្លិចបំផ្លាញដំណាំនៅតំបន់កណ្ដាលភាគខាងលិចអាមេរិក

2023/08/11 12:06:24 pm        110
អាមេរិក៖ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុកំពុងបង្កបញ្ហាដល់ផលិតកម្មស្បៀងនៅទូទាំងពិភពលោក រួមទាំងនៅតំបន់កណ្តាលភាគខាងលិចរបស់អាមេរិកផងដែរ។ នៅក្នុងរដ្ឋ Wisconsin រដ្ឋ Iowa និងរដ្ឋ Minnesota ដំណាំជាង ៨០% កំពុងប្រឈមមុខនឹងលក្ខខណ្ឌស្ងួតកម្រិតមធ្យម និងខ្លាំង យោងតាមកម្មវិធីត្រួតពិនិត្យគ្រោះរាំងស្ងួតចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (១០ សីហា)។រដ្ឋ Illinois ក៏ត្រូវបានវាយប្រហារដោយគ្រោះរាំងស្ងួតផងដែរ ខណៈកសិករគិតថានោះដោយសារតែបម្រែបម្រួលអាកាសធាតុ។ រដ្ឋនេះមានតំបន់កំពូលចំនួន៥នៅក្នុងប្រទេស សម្រាប់ផលិតកម្មពោតសរុបក្នុងឆ្នាំ២០២២ និងមានតំបន់កំពូលចំនួន១១តំបន់ សម្រាប់ទិន្នផលសណ្តែកសៀង នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។ទោះបីជាក្រសួងកសិកម្មសហរដ្ឋអាមេរិក (U.S.D.A.) បានព្យាករណ៍ពីទិន្នផលពោត និងសណ្តែកសៀងដំបូងក្នុងឆ្នាំ២០២៣ក៏ដោយ ក៏ក្រុមអ្នកជំនាញនិយាយថា ភស្តុតាងដែលបង្ហាញថាការរំពឹងទុករបស់កសិករនៅតំបន់កណ្ដាលភាគខាងលិចមួយចំនួន ប្រហែលជាធ្លាក់ចុះដោយសារតែកត្តាដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ទោះបីជាកសិករនៅតំបន់កណ្ដាលភាគខាងលិច ធ្វើការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះក៏ដោយ ក៏លក្ខខណ្ឌគ្រោះរាំងស្ងួត និងការមិនបន្តធ្លាក់ភ្លៀងធ្លាក់នេះ គឺច្បាស់ណាស់គ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ដោយសារការឡើងកម្ដៅផែនដី៕

ក្រុមហ៊ុនអវកាស Virgin Galactic អាមេរិក បានបញ្ជូនអ្នកទេសចរណ៍ទៅកាន់គែមលំហអាកាសជាលើកដំបូង

2023/08/11 12:03:34 pm        71
អាមេរិក៖ ក្រុមហ៊ុនអវកាស Virgin Galactic បានធ្វើការហោះហើរទៅកាន់គែមនៃអវកាសជាមួយនឹងអ្នកទេសចរណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកដំណើរទាំងនោះរួមមាន អតីតកីឡាករអូឡាំពិកជនជាតិអង់គ្លេសដែលបានទិញសំបុត្រកាលពី១៨ឆ្នាំមុនម្នាក់ ម្តាយនិងកូនស្រីពីរនាក់មកពីសមុទ្រ ការ៉ាអ៊ីប ព្រមទាំងអាកាសយានិករបស់ក្រុមហ៊ុនម្នាក់ផងដែរ។ យានអវកាស VSS Unity ដែលបាញ់បង្ហោះតាមអាកាសបានហោះត្រឡប់ទៅកន្លែងចុះចតនៅទីលានអវកាសអាមេរិក ក្នុងវាលខ្សាច់រដ្ឋ ញ៉ូវម៉ិកស៊ិចកូ បន្ទាប់ពីការហោះហើររយៈពេលខ្លី ដែលផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍គ្មានទំនាញផែនដីរយៈពេលពីរបីនាទីផងដែរ។ការហោះហើររបស់អតិថិជនឯកជនលើកដំបូងនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំ ហើយភាពជោគជ័យរបស់បេសកម្មនេះមានន័យថាក្រុមហ៊ុន Virgin Galactic របស់លោក Richard Branson ឥឡូវនេះអាចចាប់ផ្តើមផ្តល់ការហោះហើរប្រចាំខែ ដល់លោក Jeff Bezos អគ្គនាយករបស់ក្រុមហ៊ុនយានអវកាស Blue Origin និងលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអវកាស SpaceX នៅក្នុងអាជីវកម្មទេសចរណ៍អវកាសនេះផងដែរ។យាន VSS Unity ដើរដោយថាមពលថ្មបានទម្លាក់ពីលើយន្តហោះដឹកអ្នកដំណើរ ពីលើរដ្ឋ ញ៉ូវម៉ិកស៊ិចកូ នៅវេលាម៉ោង ៩:២០នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានដឹកអ្នកដំណើរ៤នាក់នោះ នៅរយៈកម្ពស់ប្រហែល៥៥ម៉ាយ (៨៨,៥១គីឡូម៉ែត្រ)៕

អ្នកព្យាករណ៍៖ ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ មានរហូតទៅដល់៩៥% ខណៈព្យុះសង្ឃរាធំៗមានកំណើនក្នុងឆ្នាំ២០២៣នេះ

2023/08/11 11:58:20 am        70
អាមេរិក៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានឱកាសច្រើនជាង៩៥% ដែលលក្ខខណ្ឌបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងគ្របដណ្ដប់ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើឱ្យហានិភ័យនៃរលកកម្ដៅ និងទឹកជំនន់នៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ។ ទីភ្នាក់ងារនោះក៏រំពឹងថា នឹងមានរដូវព្យុះអាត្លង់ទិកដ៏គ្រោះថ្នាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយបង្កើនចក្ខុវិស័យព្យុះសង្ឃរាអាត្លង់ទិច ដោយសារតែសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រផងដែរ។បាតុភូតអាកាសធាតុ ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃខាងលើមហាសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក កំពុងជំរុញឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោករួចទៅហើយ ដោយហានិភ័យត្រូវបានគេមើលឃើញថាខ្ពស់ជាងមុន សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលប្រឈមនឹងការប្រែប្រួលតម្លៃអាហារ ព្រមទាំងថាមពលផងដែរ។ការរំពឹងទុកចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) បានឡើងខ្ពស់បន្តិចពីខែកក្កដា ដែលពេលនោះទីភ្នាក់ងារនេះព្យាករណ៍ថា មានឱកាស៩០% នៃបាតុភូតនេះបន្តរហូតដល់រដូវរងា។ កាលពីព្រឹកថ្ងៃដដែលនោះ ការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុនបានព្យាករណ៍ថា ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ ឆ្លងកាត់រដូវរងាអឌ្ឍគោលខាងជើងគឺមានកម្រិត៩០%។ អង្គការឧតុនិយមពិភពលោកបានព្រមានកាលពីខែឧសភាថា បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចរួមចំណែកដល់កំណើននៃសីតុណ្ហភាពពិភពលោកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM