កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS

សន្តិសុខ និង សង្គម

ក្រុមបាតុករប្រឆាំងសង្រ្គាមប្រារព្ធខួបលើកទី៧៨ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន

2023/08/07 04:50:05 pm        320
អាមេរិក៖ ក្រុមសកម្មជនប្រឆាំងសង្រ្គាមមួយក្រុមតូចបានធ្វើការតវ៉ានៅទីលានចតុរង្គ Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ទិវាមួយនេះធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងការវាយប្រហារនុយក្លេអ៊ែរលើកទីមួយរបស់ពិភពលោក ខណៈដែលរុស្ស៊ីបានលើកឡើងពីទិដ្ឋភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។សកម្មជនបានកាន់ផ្ទាំងរូបភាពទាមទារឱ្យអង្គការណាតូបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ហើយបានដើរដង្ហែទៅកាន់ទន្លេ Hudson ជាទីដែលពួកគេបានតវ៉ានៅមុខនាវាផ្ទុកយន្តហោះអាមេរិកឈ្មោះ Intrepid ប្រើក្នុងសង្គ្រាមលោកលើកទីពីរ ដែលបច្ចុប្បន្នបម្រើជាសារមន្ទីរ។គ្រាប់បែកដែលត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មានឈ្មោះថា "ក្មេងប្រុសតូច" បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល១៤០.០០០នាក់នៅចុងឆ្នាំនៃការទម្លាក់នោះ។ ទីក្រុងណាហ្គាសាគី ទទួលរងការទម្លាក់គ្រាប់បែករយៈពេល៣ថ្ងៃក្រោយ គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ហើយជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំដដែលនោះ៕

មនុស្សយ៉ាងហោចណាស់៣០នាក់ ស្លាប់ និង៨០នាក់ រងរបួសបន្ទាប់ពីរថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន

2023/08/07 03:27:55 pm        347
ប៉ាគីស្ថាន៖ ស្ថានីយរថភ្លើងប៉ាគីស្ថាននិយាយថា មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ និង៨០នាក់រងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកធ្លាក់ផ្លូវ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  អ្នកនាំពាក្យក្រុមហ៊ុន លោក Babar Raza បានប្រាប់សារព័ត៌មាន CNN កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយ និងសង្រ្គោះ កំពុងបន្ត បន្ទាប់ពីក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Hazara Express បានធ្លាក់ផ្លូវជិតទីក្រុង ណាវ៉ាបសា( Nawabshah) នៅក្នុងភាគខាងត្បូងរបស់ខេត្តស៊ីន (Sindh) របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ។  រថភ្លើងនេះ បានធ្វើដំណើរពីទីក្រុងការ៉ាជី(Karachi) ទៅកាន់ទីក្រុងហាវ៉េលៀន(Havelian)។ យោងតាមលោក Raza មនុស្ស ជាច្រើនត្រូវបានយកចេញពីគំនរកម្ទេចកម្ទីបំណែករថភ្លើង ហើយរថភ្លើងសង្រ្គោះចំនួន២គ្រឿង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។  វិទ្យុរបស់ប៉ាគីស្ថាន បានរាយការណ៍ថា សហប្រតិបត្តិការកំពុងបន្ត ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្បែរនោះ។ យោងតាមរដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន លោក ខាវ៉ាចា សាដ រ៉ាហ្វីក(Khawaja Saad Rafique) មូលហេតុនាំឲ្យមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនឹងនឹងត្រូវបានកំណត់ បន្ទាប់ពីការស៊ើបអង្កេតឲ្យបានម៉ត់ចត់។ ប្រព័ន្ធផ្លូវរថភ្លើងរបស់ប្រទេសប៉ាគីស្ថាន មានកំណត់ត្រាសុវត្ថិភាពទាប ខណៈដែលការកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគេនឹកឃើញដល់សោកនាដកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារសុវត្ថិភាពរបស់ប្រទេសនេះ ៕

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នឹងដកខ្លួនចេញពីប្រទេសកុងហ្គោ នៅឆ្នាំក្រោយ

2023/08/05 11:55:21 pm        341
បេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បាននិយាយថា កងទ័ពរបស់ខ្លួនដែលដាក់ពង្រាយនៅភាគខាងកើតប្រទេសនេះនឹងចាប់ផ្តើមផ្ទេរការទទួលខុសត្រូវរបស់ពួកគេទៅឱ្យរដ្ឋាភិបាល កុងហ្គោ វិញ មុនពេលដកខ្លួនចេញពីប្រទេសនេះ នៅឆ្នាំក្រោយ។ ការសម្រេចចិត្តលើការដកខ្លួននេះបានធ្វើឡើងតាមការអំពាវនាវរបស់រដ្ឋាភិបាល កុងហ្គោ សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញបន្ទាប់ពីការបោះឆ្នោតក្នុងខែធ្នូឆ្នាំនេះ សម្រាប់ការបរាជ័យដែលបានរាយការណ៍របស់ខ្លួនក្នុងការបញ្ឈប់ក្រុមប្រដាប់អាវុធពីការវាយប្រហារលើជនស៊ីវិល។អរិភាពប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបង្កឡើងដោយការងើបឡើងវិញនៃក្រុមឧទ្ទាម M23 កាលពីចុងឆ្នាំ ២០២១។ ការប្រយុទ្ធគ្នាបានឆក់យកជីវិតជាច្រើន និងបង្ខំឲ្យមនុស្សជាច្រើនទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។លោក Bintou Keita ប្រធានក្រុមហ៊ុន MONUSCO បាននិយាយថា "យើងមានចំនួនជនភៀសខ្លួនខាងក្នុងច្រើនជាងគេបំផុតមួយនៅលើទ្វីបនេះ ក្នុងប្រទសកុងហ្គោ ដែលមានមនុស្សដល់ទៅជាង៦,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុងប្រទេស ។ ជនភៀសខ្លួនជាច្រើនរស់នៅក្នុងជំរំដែលមានមនុស្សដ៏ច្រើន ជាកន្លែងដែលជីវិតជួបការលំបាក ជាពិសេសសម្រាប់មនុស្សចាស់ ជនពិការ និងស្ត្រីមានផ្ទៃពោះ៕

ព្យុះទីហ្វុងខានុន (Khanun) បានត្រឡប់ទៅកាន់កោះ អូគីណាវ៉ា និងកោះ អាម៉ាមី របស់ជប៉ុនជាថ្មី

2023/08/05 11:51:49 pm        356
ព្យុះមួយកំពុងខិតមកជិតតំបន់កោះសំខាន់របស់ខេត្តអូគីណាវ៉ា(Okinawa)និងកោះ អាម៉ាមី( Amami) នៃខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន។ ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យរក្សាការប្រុងប្រយត្ន័ ព្រោះព្យុះកំពុងរំកិលយឺតៗ ហើយអាចប៉ះពាល់យូរ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ប៉ាន់ប្រមាណថា គិតត្រឹមម៉ោង២រសៀលថ្ងៃសៅរ៍នេះ ព្យុះ Khanun កំពុងរំកិលទៅទិសខាងកើតយឺតៗលើផ្ទៃទឹកចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងលិចកោះ តូគូណូហ្ស៊ីម៉ា (Tokunoshima) របស់ខេត្ត Kagoshima។ព្យុះនេះកំពុងបក់បោកក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលរបស់វា ដោយមានខ្យល់ខ្លាំងបំផុត រហូតដល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះខ្យល់បោកបក់ខ្លាំង រលកខ្ពស់ៗ និងខ្យល់ព្យុះរហូតដល់ថ្ងៃអាទិត្យ។ពពកនាំទឹកភ្លៀងសកម្មអាចកើតឡើងនៅកោះ អូគីណាវ៉ា និងអាម៉ាមីរហូតដល់ថ្ងៃអាទិត្យ និងនៅភាគខាងត្បូង កោះ គីអ៊ូស៊ូ (Kyushu) ចាប់ពីព្រឹកថ្ងៃអាទិត្យតទៅ។ ក្រុមអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ៕

អំពើហិង្សាថ្មីនៅក្នុងរដ្ឋម៉ានីពួរ របស់ឥណ្ឌា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងរថយន្តជាច្រើនរងការខូចខាត

2023/08/05 11:05:17 pm        465
ក្រុម​សាច់ញាតិ​នៅថ្ងៃសៅរ៍នេះ កំពុងកាន់មរណទុក្ខមនុស្សស្លាប់ចំនួន៣នាក់នៅក្នុងរដ្ឋម៉ានីពួរ (Manipur) របស់ប្រទេសឥណ្ឌា ខណៈអំពើហិង្សាថ្មី បានផ្ទុះឡើងរវាងក្រុមសម្ព័ន្ធ ដែលបានសម្លាប់មនុស្សប្រមាណជាង១៨០នាក់ រួចទៅហើយ ចាប់តាំងពីខែឧសភាមក ។ អ្នកនាំពាក្យនគរបាលបាននិយាយថា មនុស្ស៣នាក់បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់សហគមន៍ម៉ីតី (Meitei) ភាគច្រើននៅក្នុងស្រុក ប៊ីសនុពួរ ( Bishnupur )របស់រដ្ឋនេះ ។អ្នកនាំពាក្យម្នាក់របស់ក្រុមសង្គមស៊ីវិលគូគី (Kuki civil society group) បាននិយាយថា ពុំមានការអត្ថាធិប្បាយភ្លាមៗទេស្ដីពីការស្លាប់ចុងក្រោយទាំងនេះ ។ អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃទី៣ឧសភា ក្នុងរដ្ឋម៉ានីពួរ បន្ទាប់ពីតុលាការបញ្ជាឲ្យរដ្ឋនេះពិចារណា លើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសរបស់ប្រជាជនជនជាតិដើមភាគតិច មីតី (Meitei) ភាគច្រើន និងកូតាក្នុងការងារ និងការអប់រំរបស់រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះត្រូវបានបម្រុងទុកសម្រាប់កុលសម្ព័ន្ធ គូគី (Kuki) ៕

លោកZelenskiy សង្ឃឹមថា ការចរចានៅអារ៉ាប៊ីសាអ៊ូឌីត នឹងបើកទ្វារដល់ជំនួបកំពូលសន្តិភាពពិភពលោក

2023/08/05 11:01:35 pm        404
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែសីហា ថា កិច្ចពិភាក្សាលើការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី៥ និងទី៦ ខែសីហា សប្ដាហ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក កិច្ចប្រជុំកំពូលសន្តិភាពសកល។ អ្នកការទូតអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចប្រជុំនៅទីក្រុង ជេដា (Jeddah) របស់ទីប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីប្រទេសចំនួន៤០ នឹងយល់ព្រមលើគោលការណ៍សំខាន់ៗសម្រាប់ដំណោះស្រាយសន្តិភាពនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោក Zelenskiy និងក្រុមការងាររបស់លោកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្កើតការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ កិច្ចប្រជុំកំពូលសន្តិភាព ដែលនឹងគាំទ្រគោលការណ៍លើដំណោះស្រាយបញ្ចប់សង្រ្គាមនេះ ។ កិច្ចប្រជុំកំពូលនេះនឹងបង្កើតនៅលើផែនការ១០ ចំណុច គូសបញ្ជាក់ដោយទីក្រុង គីវ (Kyiv)កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយលោក Zelenskiy ។ចក្ខុវិស័យរបស់លោកសម្រាប់សន្តិភាព អំពាវនាវឲ្យមានការស្ដារឡើងវិញពេញលេញនៃបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកកងទ័ពរុស្ស៊ីទាំងស្រុង ការការពារសន្តិសុខស្បៀង និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ ការដោះលែងអ្នកទោសទាំងអស់ និងចំណុចផ្សេងៗទៀត៕

ភ្លៀងធ្លាក់ខ្លាំង បានបង្កការបំផ្លិចបំផ្លាញនៅភាគកណ្តាលកោះតៃវ៉ាន់ ក្រោយការវាយុករបស់ព្យុះទីហ្វុង ខានុន (Khanun )

2023/08/05 10:57:41 pm        540
ភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះទីហ្វុង ខានុន (Khanun ) បានបោកបក់លើតំបន់ភ្នំនៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ ទី៥សីហានេះ បង្កឲ្យមានទឹកជំនន់ និងបំណាក់បាក់ដី ដែលបានបិទផ្លូវ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់គាំង ខណៈក្រុមអាជ្ញាធរបានប្រញាប់ប្រញាល់បន្តបណ្តាញដឹកជញ្ជូនឡើងវិញ។ ភ្លៀងបានវាយលុកស្រុក ណានថូវ (Nantou ) ភាគកណ្តាលចាប់តាំងពីព្យុះទីហ្វុង Khanun បានបោកបក់កាត់ភាគខាងជើងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវកម្រិតភ្លៀងធ្លាក់ជាង ១ ម៉ែត្រ ពន្លិច ប្រជុំជន យឹណៃ (Renai) ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ និងបង្កឲ្យមានបំណាក់ដី និងលំហូរល្បប់។ក្រុមអាជ្ញាធរបាននិយាយថា នៅទូទាំងកោះតៃវ៉ាន់ មនុស្សពីរនាក់បានបាត់ខ្លួននិងជាង ៤៦០ នាក់បានជាប់ខ្លួនក្នុងទឹកជំនន់ ​ដែលភាគច្រើននៅតំបន់ភ្នំដាច់ស្រយាល និងបានបន្ថែមថា រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់និងរបួសនៅឡើយទេ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករថានឹងបន្តនៅចុងសប្តាហ៍នេះ បើទោះបីជាក្នុងកម្រិតថយចុះក៏ដោយ ស្របពេលដែលក្រុមអាជ្ញាធរកោះនេះ បានបន្តចេញការព្រមានអំពីបំណាក់ដីសម្រាប់តំបន់ភ្នំភាគកណ្តាល និងភាគខាងត្បូងរបស់កោះតៃវ៉ាន់៕

តំបន់ភាគខាងជើងរបស់ប្រទេសចិន ត្រូវបានទឹកជំនន់ជន់លិច ក្រោយការវាយប្រហារពីព្យុះទីហ្វុងដុកស៊ូរី

2023/08/05 10:52:33 pm        376
ទឹកជំនន់បណ្ដាលមកពីព្យុះទីហ្វុងដុកស៊ូរី (Typhoon Doksuri) បានបន្តពន្លិចកសិដ្ឋាន និងទីក្រុងនានានៅក្នុងភាគខាងជើងរបស់ប្រទេសចិន នៅចុងសប្ដាហ៍នេះ ស្របពេលដែលប្រព័ន្ធសង្រ្គោះគ្រោះមហន្តរាយរបស់ប្រទេសនេះ ព្យាយាមដោះស្រាយការបំផ្លិចបំផ្លាញមួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មានរដ្ឋ ប្រជាពលរដ្ឋជិត១៥.000 នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងស៊ូឡាន (Shulan) ក្នុងខេត្តជីលីន(Jilin) សំបូរដោយដំណាំពោតជាទីដែលមនុស្សម្នាក់បានស្លាប់ និង៤នាក់ បាត់ខ្លួន ។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់នៅក្នុងទីក្រុងស៊ូឡាន ចាប់តាំងពីថ្ងៃទី១ខែសីហាមក ដោយតំបន់មួយចំនួន ទទួលរងទឹកភ្លៀងកម្រិត៤៨៩ មីលីម៉ែត្រ ខ្ពស់ជាង៥ដង ដែលធ្លាប់បានកត់ត្រា។ ស្ពានជាច្រើន ត្រូវបានបាក់រលំ ហើយផ្លូវជាច្រើនទៀត ត្រូវបានរងការខូចខាតទូទាំងទីក្រុង នេះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន បានបង្ហាញរូបភាពនៃផ្លូវនានា ត្រូវបានគ្របដណ្ដប់ដោយទឹកជំនន់ នៅជុំវិញរោងចក្រនិងលំនៅឋានទាំងឡាយក្នុងទីក្រុងស៊ូឡាន ជាទីក្រុងមួយដែលមានប្រជាជនរស់នៅជាង៧សែននាក់។ កម្រិតទឹកភ្លៀងធ្លាក់បំបែកកំណត់ត្រានេះ បានមកដល់កាលពីចុងខែកក្កដា ខណៈដែលសំណល់ពីព្យុះទីហ្វុងដុកស៊ូរី បាន បោកបក់ដល់ដីគោក វាយប្រហារប្រទេសចិនភាគខាងជើង និងបណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់លាននាក់៕

ភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅនីហ្សេ ខណៈ​ឱសានវាទ​បញ្ឈប់រដ្ឋប្រហារកាន់តែជិតមកដល់

2023/08/05 10:48:04 pm        355
ភាពតានតឹងនៅតែក្ដៅនៅឡើយនៅក្នុងប្រទេសនីហ្សេ ជាទីដែលក្រុមមេដឹកនាំរដ្ឋប្រហារបានច្រានចោលការទាមទាររបស់ប្លុកតំបន់អាហ្រ្វិកខាងលិច ឲ្យបញ្ចប់ការដណ្ដើមអំណាចដែលត្រូវផុតឱសានវាទ នៅថ្ងៃអាទិត្យនេះ ។ អង្គភាពយោធាមួយ ដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម( Mohamed Bazoum) ដែលត្រូវបានគាំទ្រដោយលោកខាងលិចចេញពីតំណែង កាលពីថ្ងៃទៅ២៦ខែកក្កដាកន្លងទៅ បានប្រកាសបង្កើតរដ្ឋាភិបាលយោធា។ ភាពចលាចលខាងនយោបាយ បានបង្កឲ្យមានការតវ៉ាប្រឆាំងនឹងប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមរបស់ប្រទេសនេះ ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំយោធា បានប្រកាសលុបចោលជាផ្លូវការនូវសន្ធិសញ្ញាសហប្រតិបត្តិការយោធាជាមួយប្រទេសបារាំង នៅក្នុងបំណងផ្លាស់ប្ដូរ ជំហរគាំទ្រដោយលោកខាងលិចរបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ។ សហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋនៅអាហ្វ្រិកខាងលិច ឬ ហៅកាត់ថា ECOWAS បានថ្កោលទោសរដ្ឋប្រហារនេះ និងបានព្រមានប្រើកម្លាំង ប្រសិនបើមិនប្រគល់អំណាចជូនលោកប្រធានាធិបតីបាហ្សូមវិញ នៅថ្ងៃកំណត់ ។ ECOWAS បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសនីហ្សេ សម្រាប់ការចរចា ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្ដាញសារព័ត៌មានផ្សេងទៀត និយាយថា ក្រុមមន្ត្រីបានចាកចេញអស់ទៅហើយ ដោយសារតែក្រុមមេដឹកនាំយោធាគ្មានបំណងសហការ៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ

2023/08/05 10:24:06 pm        149
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្នុងសំណុំរឿង តូសាខាណា(Toshakhana) ឬការសម្រេចដកសិទ្ធិកាន់តំណែងសាធារណៈនៅថ្ងៃសៅរ៍នេះ ។ តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាប្រធាន គណបក្ស PTI រូបនេះ មានទោសក្នុងករណីនេះ។ ជាលទ្ធផល មេដឹកនាំ PTI រូបនេះ ក៏ត្រូវបានដកហូតសិទ្ធិចូលរួមនយោបាយរយៈពេល ៥ ឆ្នាំ ផងដែរ ជាមួយគ្នានោះ តុលាការក៏បានពិន័យលោក Imran Khan ចំនួនមួយលានរូពីប៉ាគីស្ថានផងដែរ។ មានសេចក្តីរាយការណ៍ថា នរគបាលបានទៅដល់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅ តំបន់ Zaman Parlk ក្នុងទីក្រុងឡាហ័រ ហើយបានចាប់ខ្លួនមេដឹកនាំរូបនេះ ពីនិវេសនដ្ឋានរបស់លោក ។លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានទម្លាក់ចេញពីតំណែង Imran Khan ត្រូវបាន កាត់ទោស​ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆនាំ ជុំវិញ ការចោទប្រកាន់អំពើពុករលួយដែល​លោកបានច្រាន​ចោល​រហូតមក។តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាលោកមានទោសពីបទមិនប្រកាសប្រាក់ ដែលលោករកបានពីការលក់អំណោយរដ្ឋ។ បន្ទាប់ពីបានប្រកាសសាលក្រមតុលាការបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បន្ទាប់ពីបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ។ តុលាការក៏បានបញ្ជាឲ្យនគរបាល ក្រុងនេះ ចាប់ខ្លួនលោក Imran Khan ជាបន្ទាន់ ផងដែរ បន្ទាប់ពីសាលក្រម Toshakhana ឬការសម្រេចដកសិទ្ធិកាន់តំណែងការងារធារណៈ។យោងតាមរបាយការណ៍ នគរបាល ​បានទៅដល់គេហដ្ឋានរបស់ Imran Khan ដើម្បីចាប់ខ្លួន​រូបលោកប៉ុន្មាននាទីបន្ទាប់ពីការប្រកាសសាលក្រម និងចាប់ខ្លួនលោក។សេចក្ដីរាយការណ៍នៅទីនោះបាននិយាយថា ផ្លូវទាំងអស់ដែលឆ្ពោះទៅកាន់ ឧទ្យាន Zaman កំពុងត្រូវបានបិទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
09/23/2026 08:09 PM
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
09/23/2026 08:09 PM
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
09/23/2026 07:09 PM
អ៊ីរ៉ង់ចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា មាន «ស្តង់ដារ ២» ពាក់ព័ន្ធស្ថានការណ៍វិវត្តន៍ ក្នុងតំបន់
09/23/2026 07:09 PM
លោក Xi ចេញ​ដំណើរទៅសហរដ្ឋអាមេរិក សម្រាប់​ទស្សនកិច្ចផ្លូវរដ្ឋ និងជំនួប​កំពូលជាមួយលោក Trump
09/23/2026 06:09 PM
អ៊ីរ៉ង់ បញ្ជាក់​ថា មាន​ការ​ទាក់​ទង​ជាមួយអាមេរិក តាមរយៈកាតា និងបានបញ្ជាក់​ពី​លក្ខខណ្ឌរបស់ខ្លួន
09/23/2026 06:09 PM
អង្គការមនុស្សធម៌របស់UN បង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅប្រទេសស៊ូ ដង់
09/23/2026 06:09 PM
ក្រុមប្រឹក្សាសន្តិភាពរបស់លោក TRUMP នឹងបង្ហាញផែនការស្តារហ្កាហ្សាដែលមានទឹកប្រាក់ ២,៤៥ ពាន់លានដុល្លារ
09/23/2026 06:09 PM
កំណើនសេដ្ឋកិច្ចសកល​ថយចុះ ក្នុង​អំឡុង​ពេលនៃ​ជម្លោះ នៅតំបន់​មជ្ឈិមបូព៌ា
09/23/2026 06:09 PM
ប្រធានកងរក្សាសន្តិភាព៖ UN នៅតែប្តេជ្ញាចំពោះតួនាទីរបស់ខ្លួន នៅលីបង់ ទោះបី UNIFIL បញ្ចប់បេសកកម្មក្តី
09/23/2026 06:09 PM