ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបាននាំចេញពីពន្ធនាគារទៅកាន់អគារដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា

2023/07/28 12:32:48 pm        183
មីយ៉ាន់ម៉ា៖  មន្រ្តីមួយរូបមកពីគណបក្សរបស់លោកស្រី បាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំស៊ីវិលសហភាពមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានគេទម្លាក់ចេញពីអំណាច អំឡុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ត្រូវបានគេនាំចេញពីពន្ធនាគារទៅកាន់អគាររដ្ឋាភិបាល ។  លោកស្រី អ៊ុងសាន ស៊ូជី ទើបតែគេមើលឃើញម្តងគត់នៅក្នុងរូបថតសារព័ត៌មានរដ្ឋ ពីបន្ទប់សវនាការគ្មានមនុស្សក្នុងរដ្ឋធានីណៃពិដោ ចាប់តាំងពីលោកស្រីត្រូវបានគេឃុំឃាំង ក្រោយរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។   យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា រដ្ឋប្រហារយោធា បានរុញច្រានប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងជម្លោះដែលនាំឲ្យមនុស្សជាង ១លាននាក់ រត់ភៀសខ្លួន ។  មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនៅថ្ងៃសុក្រនេះថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំចេញទៅកាន់បរិវេនអគារខ្ពស់មួយកន្លែងកាលពីយប់ថ្ងៃចន្ទ ។  មន្រ្តីគណបក្សរូបនោះ បានបញ្ជាក់ផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយប្រធានសភាមីយ៉ាន់ម៉ា លោក Ti Khun Myat ហើយទំនងជាបានជួបលោក Deng Xijuan(តេង ស៊ីជាន់) ដែលជាប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយនេះ ។  ដោយឡែក ប្រភពព័ត៌មានពីគណបក្សមួយផ្សេងទៀត បានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំទៅកាន់អគារសម្រាប់ភ្ញៀវពិសេស VIPស្ថិតក្នុងទីក្រុងណៃពិដោ ។  គួរឲ្យដឹងថា កាលពីខែកក្កដា កន្លងទៅ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយថា លោកបានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី គឺជាជំនួបលើកដំបូងដែលគេបានដឹងជាមួយប្រេសិតពិសេសបរទេស ចាប់តាំងពីលោកស្រី ត្រូវបានឃុំឃាំង ។  អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា និយាយប្រាប់ AFPថា ជំនួបនោះ មានរយៈពេលជាង ១ម៉ោង ប៉ុន្តែពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតជុំវិញជំនួបនោះឡើយ ។  មាននូវក្តីកង្វល់ផងដែរពីសុខភាពរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ឆ្នាំម្នាក់នេះ ចាប់តាំងពីការឃុំឃាំងរបស់លោកស្រី រួមទាំងអំឡុងពេលការកាត់ទោសរបស់លោកស្រីនៅតុលាការយោធា ដែលត្រូវការឲ្យលោកស្រី ឡើងសវនាការស្ទើតែរាល់ថ្ងៃនោះ ។  សូមបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ លើករណីចោទប្រកាន់ជាច្រើន រួមទាំងករណីអំពើពុករលួយ ការគ្រប់គ្រងវិទ្យុទាក់ទងខុសច្បាប់ ហើយនិងការបំពានលើវិធានការរឹតត្បិតជំងឺ COVID-19 ៕

ជប៉ុនកាន់តែបារម្ភពីកម្លាំងយោធាចិន និងការគំរាមកំហែងខ្លាំងជាងមុនរបស់កូរ៉េខាងជើង

2023/07/28 12:28:20 pm        225
ជប៉ុន៖ នៅក្នុងឯកសារការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា) នេះ ប្រទេសជប៉ុន បានលើកឡើងពីការបារម្ភរបស់ខ្លួន ជុំវិញឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងយោធា ដែលកំពុងកើនឡើងជាមួយប្រទេសរុស្ស៊ី និងការអះអាងសិទ្ធិលើកោះតៃវ៉ាន់របស់ប្រទេសនេះ។ក្នុងសៀវភៅសប្រចាំឆ្នាំរបស់ខ្លួន ពោលគឺជារបាយការណ៍សង្ខេបពីការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាំងក្លាបំផុត និងផែនការដើម្បីធានាស្ថិរភាព ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានលើកយកករណីមួយមក ដើម្បីជាអំណះអំណាងដល់ការដំឡើងការចំណាយលើវិស័យការពារជាតិដ៏សំខាន់ នៅពេលដែលពិភពលោកចូលទៅក្នុង «យុគសម័យថ្មីនៃវិបត្តិ»។ខណៈកម្លាំងយោធារបស់ចិន ដែលកំពុងតែកើនឡើង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការផ្តោតដ៏សំខាន់របស់សៀវភៅសនោះ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានចាត់ទុកថា ជាកង្វល់ដ៏ធំមួយ សម្រាប់ប្រទេសជប៉ុនផងដែរ។ ឯកសារសដែលត្រូវបានអនុម័តដោយខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី លោក Fumio Kishida នៅព្រឹកថ្ងៃសុក្រនេះ កើតមានឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការសាកល្បងបាញ់មីស៊ីលជាញឹកញាប់។យោងតាមរបាយការណ៍កម្រាស់ ៥១០ទំព័រ បានឲ្យដឹងថា ប្រទេសចិន រុស្សី និងកូរ៉េខាងជើង រួមចំណែកដល់ «បរិយាកាសសន្តិសុខធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត គិតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ឯកសារបានបញ្ជាក់ថា ជំហរនៅខាងក្រៅ និងសកម្មភាពយោធារបស់ចិន បានក្លាយជាកង្វល់យ៉ាងធំធេង សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយបានបង្ហាញពី«ការប្រឈមជាយុទ្ធសាស្ត្រមិនធ្លាប់មានពីមុនមក និងធំបំផុត»៕

ព្យុះទីហ្វុងកំណាច Doksuri វាយបក់មកលើកោះតៃវ៉ាន់ភាគខាងត្បូង

2023/07/28 12:16:22 pm        120
តៃវ៉ាន់៖ ព្យុះទីហ្វុងកំណាច Doksuri បានវាយបក់មកលើកោះ Kinmen របស់កោះតៃវ៉ាន់ នៅព្រឹកថ្ងៃសុក្រនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ខណៈព្យុះនេះ បានបក់ឆ្ពោះចុងក្រោយទៅកាន់ប្រទេសចិនភាគអាគ្នេយ៍។ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ព្យុះទីហ្វុងបានផ្តួលរំលំដើមឈើ និងបានកាត់ផ្តាច់ថាមពលអគ្គិសនីដល់លំនៅឋានឋានរាប់ពាន់ខ្នងនៅកោះតៃវ៉ាន់ភាគខាងត្បូង ដែលកំពុងជំរុញឲ្យអាជ្ញាធរបិទអាជីវកម្មសម្រាប់ថ្ងៃទី២។ ជើងហោះហើរទំាងក្នុងស្រុកនិងអន្តរជាតិ ជាង៣០០ ត្រូវបានផ្អាក ហើយសេវាកម្មរថភ្លើង រវាងកោះតៃវ៉ាន់ភាគខាងត្បូងនិងភាគខាងកើត ត្រូវបានបញ្ឈប់។ គិតត្រឹមម៉ោង៧:១៥នាទីព្រឹក ម៉ោងក្នុងតំបន់ កាលពីថ្ងៃព្រហស្បតិ៍ ព្យុះ Doksuri បានប្រែក្លាយកម្រិតព្យុះខ្លាំងបំផុតកម្រិតទី២ ដោយការរិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ ដែលបានបក់ឆ្ពោះទៅកាន់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយមានល្បឿនខ្យល់អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង៕

ការត្រៀមទប់ទល់នៅនាទីចុងក្រោយក្នុងប្រទេសចិន ខណៈព្យុះកំណាច Doksuri ខិតមកដល់

2023/07/28 12:13:34 pm        73
ចិន​​​​​៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរនៅប្រទេសចិនភាគអាគ្នេយ៍ បានត្រៀមទប់ទល់នៅនាទីចុងក្រោយ មុនពេលព្យុះទីហ្វុងកំណាច Doksuri បកមកដល់ដីគោក។ប្រព័នផ្សព្វផ្សាយរដ្ឋ CCTV បានថតវីដេអូ ពីភ្លៀងធ្លាក់ខ្លាំងដែលបានវាយបក់ទៅលើតំបន់ឆ្នេរ រួមជាមួយខេត្ត Fujian របស់ប្រទេសចិននៅព្រឹកថ្ងៃសុក្រនេះ មុនពេលព្យុះ Doksuri វាយបក់។ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរក្នុងតំបន់ បានជម្លៀសអ្នកភូមិពីតំបន់ងាយរងគ្រោះ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅខេត្ត Zhejiang កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅចុងក្រោយ ព្យុះ Doksuri បានបោកបក់មកដល់ដីគោកនៅក្រុង Jinjiang របស់ខេត្ត Fujan នៅអំឡុងម៉ោង ៩:៥៥នាទីព្រឹក ម៉ោងក្នុងតំបន់នៅថ្ងៃសុក្រនេះ ហើយត្រូវបានគេរំពឹងថា នឹងបន្តបក់ឆ្ពោះទៅទិសដៅភាគពាយព្យក្នុងកម្រិតចុះខ្សោយជាបន្តបន្ទាប់។ ព្យុះទីហ្វុងកំណាចនេះ បានបណ្តាលឲ្យមនុសុ្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ នៅទូទាំងប្រទេសហ្វីលីពិនភាគខាងជើង និងកោះតៃវ៉ាន់ភាគខាងត្បូង ហើយមនុស្ស៣៦នាក់បានស្លាប់ អំឡុងដំណើរឆ្លងកាត់របស់ព្យុះ Doksuri នៅប្រទេសហ្វីលីពិន ភាគខាងជើង៕

ការលិចទូកនិងព្យុះ Doksuri នាំឲ្យចំនួនអ្នកស្លាប់នៅហ្វីលីពីន កើនឡើងយ៉ាងហោចណាស់៣០នាក់

2023/07/28 12:07:05 pm        146
ហ្វីលីពីន៖ មន្ត្រីឆ្លើយតបគ្រោះមហន្តរាយបាននិយាយថា ការលិចទូកកាលពីថ្ងៃព្រហស្បតិ៍បាននាំឲ្យចំនួនអ្នកស្លាប់ពីរយៈពេល១សប្តាហ៍នៃអាកាសធាតុមានព្យុះនៅទូទាំងកោះLuzon ដ៏ធំកើនឡើងដល់យ៉ាងហោចណាស់ ៣០នាក់។ មនុស្សយ៉ាងហោចណាស់៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ដោយសារការវាយបក់មកដល់នៃព្យុះ Doksuri ភាគច្រើនដោយសារតែបំណាក់ដី ទឹកជំនន់ និងដើមឈើដែលបាក់រលំ ហើយមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួន។ នគរបាលនិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកដឹកអ្នកដំណើរនៅហ្វីលីពីនមួយគ្រឿង បានក្រឡាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានវាយបក់ដោយខ្យល់បក់ខ្លាំង នៅបឹង Laguna ភាគអាគ្នេយ៍ទីក្រុងម៉ានីល។នគរបាល និយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅបន្ត ប៉ុន្តែពុំបានផ្តល់តួលេខភ្លាមៗសម្រាប់ចំនួនមនុស្សសរុបនៅលើទូក MBCA Aya នៅពេលដែលវា បានក្រឡាប់នៅខេត្ត Rizal នោះទេ។ ឆ្មាំឆ្នេរនិយាយថា ទូកបានក្រឡាប់នៅពេលអ្នកដំណើរនៅលើទូក ផ្លាស់ប្តូរទៅផ្នែកតែម្ខាងក្នុងពេលភ័យស្លន់ស្លោរ ខណៈទូកត្រូវបានវាយបក់ដោយខ្យល់ខ្លាំង មានចម្ងាយប្រមាណ៤៦ម៉ែត្រពីភូមិ Kalinawan ក្នុងក្រុង Binangonan ។ព្យុះកំណាច Doksuri បានបោកបក់ចេញផុត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាយបក់មកលើប្រទេសហ្វីលីពីន ភាគខាងជើង និងបានជំរុញដោយភ្លៀងមូសុងតាមរដូវកាល ដែលបានឆ្លងកាត់មួយទ្រង់ទ្រាយធំមកលើប្រជុំកោះនេះ។ ការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាកនៅតាមកំពង់ផែជាច្រើន អំឡុងការវាយបក់នៃព្យុះ Doksuri ពីថ្ងៃអង្គារដល់ថ្ងៃពុធ ដែលបានធ្វើឲ្យជាប់គាំងអ្នកដំណើររាប់ពនា់នាក់ ព្រមទាំងរថយន្តដឹកទំនិញ៕

សារព័ត៌មានរដ្ឋ៖ ការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជាច្រើននាក់ នៅទីសក្ការៈក្បែររដ្ឋធានីរបស់ស៊ីរី

2023/07/28 10:44:13 am        113
ស៊ីរី ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា គ្រាប់បែកមួយគ្រាប់ដែលដាក់ក្នុងរថយន្ត បានផ្ទុះនៅខាងក្រៅទីក្រុងសក្ការបូជា Sayeda Zeinab ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ (Damascus) ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងរងរបួសជាច្រើននាក់ទៀត។អ្នកយកព័ត៌មានរបស់ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ចំនួនអ្នកបាត់បង់ជីវិតបឋម បានបង្ហាញថា អាចនឹងមានមនុស្សស្លាប់ ៦នាក់។ ស្ថានីយទូរទស្សន៍នេះបានចាក់ផ្សាយវីដេអូពីរូបភាពរថយន្តដែលឆេះខ្លោចផ្នែកខាងមុខ។ អ្នកស្រុកម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅម៉ោងប្រហែល ៥:៣០ល្ងាច (ត្រូវនឹងម៉ោង ១៤:៣០ ម៉ោងសកល) បន្ទាប់មកកងកម្លាំងសន្តិសុខបានបិទតំបន់នោះ។នេះជាការវាយប្រហារលើកទី២ លើទីកន្លែងសក្ការៈ ក្នុងសប្តាហ៍នេះ។ នៅមុននេះ មនុស្ស ២នាក់ បានរងរបួស នៅក្នុងការបំផ្ទុះដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កា)។ នេះគឺជារដូវកាលដ៏ពេញនិយម សម្រាប់ការទៅកាន់ទីកន្លែងសក្ការបូជា ខណៈដែលអ្នកកាន់សាសនាអ៊ីស្លាមស៊ីអ៊ីត (Shi'ite) សម្រុកទៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យកាន់ទុក្ខ Ashura។ភ្លាមៗនេះ នៅមិនទាន់មានការអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ កាលពីថ្ងៃព្រហស្បតិ៍នោះ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងពីការវាយប្រហារកាលពីលើកមុនមកលើទីតាំងសក្ការបូជានេះ។ គួររំលឹកដែរថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបែបនេះ ក្នុងឆ្នាំ២០១៧ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់៕

ខែកក្កដានេះនឹងក្លាយជាខែមានសីតុណ្ហភាពក្ដៅបំផុតរបស់ពិភពលោក ដោយសារបម្រែបម្រួលអាកាសធាតុ

2023/07/28 10:28:57 am        166
ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថាស្របពេលរលកកម្ដៅឡើងកាន់តែខ្ពស់ ប្រាកដណាស់ថា ខែកក្កដានេះ នឹងក្លាយជាខែមានសីតុណ្ហភាពក្ដៅបំផុតរបស់ពិភពលោក។ ខែក្តៅខ្លាំងមកដល់បច្ចុប្បន្ន ដែលក្រុមអ្នកស្រាវជ្រាវមានទំនុកចិត្តថា កំណត់ត្រាឆ្នាំ ២០១៩ នឹងត្រូវបំបែក ទោះបីជានៅសល់ពេលជាច្រើនថ្ងៃទៀតក៏ដោយ។  ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ភពផែនដីកំពុងឈានចូលដល់ សម័យកាលនៃការឡើងកម្ដៅដ៏ពុះកញ្ជ្រោលជាសកល។ក្រុមអ្នកវិទ្យាសាស្ត្រយល់ស្របថាកម្ដៅបន្ថែមត្រូវបានផ្សារភ្ជាប់ជាចម្បងទៅនឹងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានហៅការប្រែប្រួលអាកាសធាតុថាជា ការគំរាមកំហែងដែលមានស្រាប់ ហើយថាគ្មាននរណាម្នាក់អាចបដិសេធផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានទៀតទេ។  ក្រុមអ្នកជំនាញខ្លះជឿថាខែកក្កដាអាចជាខែក្តៅបំផុតក្នុងរយៈពេលជាង ១២០.០០០ ឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមិនភ្ញាក់ផ្អើលទេ ដែលថា ខែកក្កដាត្រូវបានកំណត់ថាជាខែបំបែកកំណត់ត្រាបច្ចុប្បន្នសម្រាប់ខែក្តៅបំផុត ខណៈមានការចង្អុលបង្ហាញជាច្រើននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលថាពិភពលោកកំពុងមើលឃើញកម្រិតកមក្ដៅខ្លាំងជាងនេះ។ យោងតាមសេវាតាមដានបម្រែបម្រួលរអាកាសធាតុកូភើនូគូស( Copernicus) ថ្ងៃក្តៅបំផុតរបស់ពិភពលោកបានកើតឡើងកាលពីថ្ងៃទី ៦ ខែកក្កដា ហើយថ្ងៃក្តៅបំផុតមិនធ្លាប់មានរយៈពេល២៣ថ្ងៃ មានក្នុងកំណត់ត្រាគឺនៅក្នុងខែនេះ ៕

បាតុករកាន់កាប់ព្រៃឈើ ដើម្បីបញ្ឈប់សកម្មភាពពង្រីកអណ្តូងរ៉ែធ្យូងថ្មរបស់ទួរគី

2023/07/28 10:25:00 am        93
ទួរគី៖ ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថាននៅភាគនិរតីនៃប្រទេសទួរគី បានតវ៉ានៅក្នុងព្រៃអស់រយៈពេល៤ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ កក្កដា) ប្រឆាំងនឹងការកាប់ដើមឈើ ដើម្បីបើកផ្លូវសម្រាប់ការពង្រីកអណ្តូងរ៉ែធ្យូងថ្ម ដោយមេធាវីម្នាក់និយាយថា មនុស្ស ១៤នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងសប្តាហ៍នេះ នៅក្នុងការប៉ះទង្គិចជាមួយនគរបាល។ .រថពាសដែកជាច្រើនគ្រឿង និងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ ដើម្បីរារាំងក្រុមបាតុករមិនឲ្យចូលទៅក្នុងព្រៃក្នុងខេត្ត មូឡា ( Mugla) ហើយសកម្មជន បាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកឥតឈប់ ដើម្បីបំបែកពួកគេ ចាប់តាំងពីថ្ងៃចន្ទមក។ក្នុងឆ្នាំ ២០២០ ក្រសួងរុក្ខប្រមាញ់ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនទួរគី YK Energy ពង្រីកអណ្តូងរ៉ែដល់ ៧៨០ ហិកតានៃព្រៃឈើនៅក្នុងតំបន់អាបេឡែន (Akbelen) ។ តុលាការមិនទាន់សម្រេចលើបណ្តឹងដែលប្តឹងរបស់អ្នកស្រុកដែលជំទាស់នឹងការអនុញ្ញាតទាំងនេះ។អ្នកស្រុកបានស្វែងរកដីការក្សាការពារ និងបានចាប់ផ្តើមការប្រុងប្រយ័ត្ននៅក្នុងព្រៃនៅឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ តុលាការ បានដកការផ្អាកប្រតិបត្តិការ នៅឆ្នាំ២០២២ ហើយមន្ត្រីមកពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលពាក់ព័ន្ធ បាននិយាយថា មិនមានឧបសគ្គផ្លូវច្បាប់ចំពោះសកម្មភាពរបស់ពួកគេទេ។

ចំហេះព្រៃបំផ្លាញឃ្លាំងរំសេវ នៅជិតទីក្រុង Volos របស់ប្រទេសក្រិក

2023/07/28 10:20:08 am        333
ក្រិក៖ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បាននិយាយថា ប្រទេសក្រិក ចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលចំហេះព្រៃនៅភាគកណ្តាលនៃប្រទេស បានឆាបឆេះ ដោយបង្ខំឲ្យមានការជម្លៀសកាន់តែច្រើន និងការផ្ទុះនៅឃ្លាំងរំសេវ។ទូរទស្សន៍រដ្ឋក្រិក ERT បានរាយការណ៍ថា សំឡេងផ្ទុះយ៉ាងខ្លាំង ត្រូវបានឮចេញពីឃ្លាំងគ្រាប់រំសេវ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Nea Aghialos។ រូបភាពពីវីដេអូ បានបង្ហាញឲ្យឃើញពីសំណុំផ្សែង ដែលហុយទ្រលោមឡើងទៅលើមេឃ ខណៈដែលឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានប្រឹងប្រែងទម្លាក់ទឹកពីលើដើម្បីពន្លត់ភ្លើង ហើយអ្នកស្រុក បានជម្លៀសចេញពីតំបន់នោះ។ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះ ទូរទស្សន៍ ERT បានឲ្យដឹងថា ឃ្លាំងគ្រាប់រំសេវជារបស់កងទ័ពអាកាសក្រិក ហើយភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីការមានរបួសនោះទេ។ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស ដែលរីករាលដាលកាន់តែឆាប់រហ័ស និងកាន់តែមានឥទ្ធិពលខ្លាំង ដោយសារកម្លាំងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពឡើងខ្ពស់លើសពី ៤០អង្សាសេ បានសម្លាប់មនុស្ស ២នាក់បន្ថែមទៀត នៅកណ្តាលប្រទេសក្រិក កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដោយធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនេះ កើនឡើងដល់ ៥នាក់ហើយ។ចាប់តាំងពីថ្ងៃពុធមក ក្រុមមន្ត្រីបានបញ្ជាឲ្យជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ដែលរងគ្រោះខ្លាំង Magnesia ដែលជាតំបន់ឆ្នេរភាគខាងជើងនៃទីក្រុងអាតែន។ មនុស្សកាន់តែច្រើនត្រូវបានជម្លៀសចេញដោយបង្ខំ កាលពីថ្ងៃព្រហស្បតិ៍ ដោយខ្លះតាមរយៈទូកល្បឿនលឿនឯកជន ហើយធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Volos ដែលនៅជិតនោះ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះឡើងវិញ៕

រថយន្តរាប់រយគ្រឿងរងការជន់លិចក្រោយទឹកទន្លេហូរប្រៀនច្រាំងនៅទីក្រុង Noida ជិតរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា

2023/07/27 01:04:49 pm        295
ឥណ្ឌា៖  រថយន្តជាង ៣៥០គ្រឿង រងការជន់លិចនៅទីក្រុងពាណិជ្ជកម្ម Noidaស្ថិតនៅជាប់នឹងតំបន់ភាគអាគ្នេយ៍រដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ក្រោយទឹកទន្លេ Hindonហូរប្រៀបច្រាំងកាលពីថ្ងៃពុធ ។   រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ ឃើញប្រជាពលរដ្ឋរស់នៅជិតច្រាំងទន្លេ បានផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ហើយសាលារៀនក្បែរនោះ បានបិទទ្វារ ។  ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជន់លិច ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពេលដែលភ្លៀងខ្លាំង នៅតែបន្តស្រោចស្រព នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។  លោក Dilip Gautamគឺជាពលរដ្ឋក្នុងស្រុកមួយរូបរស់នៅក្នុងទីក្រុង Noidaនិយាយថា រដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយចំពោះបញ្ហាជន់លិចនេះ ។ មានសាលារៀននៅក្បែរនោះ ហើយផ្លូវធំទូលាយ ដូច្នេះហើយពួកគេគួរតែស្វែងដំណោះស្រាយលើបញ្ហាមួយនេះ ។  លោកបន្តថា រថយន្តក្រុងដឹកសិស្សសាលា បានខូចតាមផ្លូវ សិស្សសាលាកំពុងប្រឈមបញ្ហានៅទីនោះ ហើយវាគឺជាស្ថានភាពដ៏លំបាកមួយ ពេលដែលទឹកចូលក្នុងម៉ាស៊ីនរថយន្ត ។ រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាមួយនេះ ដែលត្រូវបានប្រឈមដោយពលរដ្ឋសាមញ្ញ ។  សូមបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាពលរដ្ឋជាង ១,៣ពាន់លាននាក់នោះ អាស្រ័យនឹងភ្លៀងធ្លាក់ដើម្បី ទ្រទ្រង់ជីវពលរដ្ឋរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ ហើយភាគច្រើននៃពួកគេពឹងផ្អែកទាំងស្រុងលើការធ្វើកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងច្រើនហួសហេតុពេក ក៏អាចបណ្តាលឲ្យកើតមានទឹកជំនន់ បំណាក់ដី និងជំងឺអាសន្នរោគផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM