ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

នៅថ្ងៃនេះ ​រដ្ឋបាលខេត្ត​រតនគិរី ​ចាប់ផ្តើម​យក​សំណាក​ទ្រង់ទ្រាយ​ធំ​

2021/06/23 02:17:05 pm        436
រតនគិរី ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្ត​រតនគិរី ចាប់ផ្តើម​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ខណៈ​ការឆ្លង​រាលដាល​ជំងឺ​នេះ កំពុង​ហក់​ឡើង​ ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​។លោក ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​រតនគិរី ​បានឱ្យដឹងថា នៅ​ថ្ងៃទី ២៣ ខែមិថុនា​នេះ​ មន្ត្រី​សុខាភិបាល ក៏ដូចជា​មន្ត្រី​ជំនាញ ​ចាប់ផ្តើម​ធ្វើតេស្ត​យក​សំណាក​អ្នកដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ ដោយ​ឧបករណ៍​តេស្ត​រហ័ស​ទ្រង់ទ្រាយ​ធំ តាម​បណ្តា ក្រុង​-​ស្រុក ដែល​ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​។អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ ​បានឱ្យដឹង​ទៀត​ទៀត រដ្ឋបាលខេត្ត​ បាន​ពង្រីក​បន្ថែម​នូវ មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ​ព្រោះថា​តាមរយៈ​ការយក​សំណាក​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃនេះ ដោយ​ឧបករណ៍​តេស្ត​រហ័ស ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​លទ្ធផល​ ព្រោះថា ​ប្រជាពលរដ្ឋ​ដែល​វិជ្ជមាន​កូ​វីដ​-១៩​កន្លងមក ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ច្រើន​។ត្រឹម​រយៈពេល​៦​ថ្ងៃ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៨ ​ខែមិថុនា​នេះ ​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការផ្ទុះ​រាលដាល ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្តរតនគិរី ​រហូតមកដល់​ថ្ងៃទី​២៣ ​ខែមិថុនានេះ រដ្ឋបាលខេត្ត បាន​រក ឃើញ​ករណី​អ្នក​វិជ្ជមាន ​ប្រមាណ​ជា​ជិត​២០០​នាក់​៕​អត្ថបទ​ ៖ ជៀប សម្បត្តិ 

និយ័តករ​មូលប​ត្រ​កម្ពុជា នឹង​ចូលរួម​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​វិនិយោគិន​ក្រុមហ៊ុន GFX

2021/06/23 01:55:24 pm        749
ភ្នំពេញ ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​នឹងចូលរួម​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​វិនិយោគិន​ក្រុមហ៊ុន ​ឈ្មួញ​ជើងសារ GFX ​ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ​ពិនិត្យមើល​ឯកសារ​របស់​វិនិយោគិន​។ អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​នេះ ​គឺធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និង​ក្រុម​វិនិយោគិន​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២២ ខែមិថុនាម្សិលមិញ​។កិច្ចប្រជុំ​កាលពី​ម្សិលមិញ ធ្វើឡើងបន្ទាប់ពី​វិនិយោគិន​ដែល​បាន​បាត់​បង់លុយ​វិនិយោគ​ពី​គណនី​ជាមួយ​ក្រុមហ៊ុន GFX ​បាន​ទាមទារ​ជិត​មួយខែ​ ស្នើ​សុំឱ្យ​ក្រុម​សង​ត្រឡប់​ប្រាក់​វិនិយោគ​ដើម​ដែល​បាត់បង​។លោក ធូ ពន្លឺ វិនិយោគិន​ម្នាក់ ​ដែល​ចូលរួម​ប្រជុំ​ម្សិលមិញ ​បានឱ្យដឹងថា ​ពួកគាត់​បាន​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម ​និងឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ ទៅកាន់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។​ តាមរយៈ​អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ លោក ធូ ពន្លឺ ​លើកឡើងថា​ ក្រុម​វិនិយោគិន​មាន​សង្ឃឹម សំណុំរឿង​ទាមទារ​ប្រាក់​វិនិយោគ​ត្រឡប់ ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ឯកឧត្តម ស៊ូ សុជាតិ ​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ជុំវិញ​រឿងនេះ លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា មកដល់ពេលនេះ ​ក្រុមហ៊ុន​បាន​ជួប​អតិថិជន​ចំនួន​ជាង ៣០​នាក់​ហើយ​ ក្នុងចំណោម​អតិថិជន​សរុប​ប្រមាណ៣​ពាន់​នាក់​។លោក​ ឲ្យ​ដឹង​ទៀតថា​ ជាគោលការណ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​១​លើក​ និង​២​លើក​ហើយ ​ឈរលើ​គោលការណ៍​ក្រុមហ៊ុន​ជា​អ្នករងគ្រោះ​ដូចគ្នា​ ដូច្នេះ​ បាន​ក្រុមហ៊ុន​បើក​ដំណោះស្រាយ ​នឹង​ដើម្បី​ឲ្យ​វិនិយោគិន​ពិនិត្យ ​បើសិនជា​វិនិយោគិន​ពិនិត្យ​លើ​លទ្ធភាព​អំពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន​បាន ​គាត់​នឹង​ទទួល​ទៅជា​សាច់ប្រាក់​។​ ប៉ុន្តែ​បើ​គាត់​អត់​ទទួល​ទេ ​នោះ​ជា​ការ​សម្រេចចិត្ត​របស់​វិនិយោគិន​។ពាក់ព័ន្ធ​ការ​ណាត់ជួប​អតិថិជន​ដើម្បី​ជួបពិភាក្សា​រក​ដំណោះស្រាយ ​លោក​ បាន​ឲ្យ​ដឹងថា​ ក្នុង​១​លើក​មាន​ចំនួន​តែ១៥​នាក់​ប៉ុណ្ណោះ​ ដោយសារ​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។គួររម្លឹកថា ក្រុមហ៊ុន GOLDFX INVESTMENT ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ដែល​សំដៅ​ទៅ​ការជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ មាស និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៥៤៨នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/23 04:35:47 am        439
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៥៤៨នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៥៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៩ ៣១៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៤ ៧១១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជនសង្ស័យ​ ០៣​នាក់ ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន បង្ក​ជនរងគ្រោះ​ស្លាប់​

2021/06/22 06:18:35 pm        901
​​ភ្នំពេញ​៖ ជនសង្ស័យ​ ០៣​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន​បង្ក​ជនរងគ្រោះ​ស្លាប់ បន្ទាប់ពី​រត់គេចខ្លួន​បាន​រយៈពេល​៣​ថ្ងៃ​ ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បានសម្រេច​។ ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង ០៣​​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី ខេត្តតាកែវ​។​​ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​ករ​ណី​ឃាតកម្ម នេះ​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អិន បូរ៉ា អគ្គ​ស្នងការ​រង និង ដឹកនាំ​បញ្ជា​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ​។​​នគរបាល​ជំនាញ​ បានអោយដឹងថា ជនសង្ស័យ​ទាំង​ ៣​នាក់ រួមមាន ទី​១ ឈ្មោះ ម៉​ង សម្បត្តិ ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ទី​២ ឈ្មោះ ម៉​ង សីហា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​ទាំង​ ០២​នាក់​ជា​បងប្អូន​បង្កើត​) និង​ទី​៣ ឈ្មោះ ឌឹ​ម ប្រុស ហៅ រាជ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់​មាន​លំនៅដ្ឋាន​ស្នាក់​ស្ថិតនៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​។ចំណែក​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ មាំ​ង ខែម​រៈ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ស្ថិតនៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ដូចគ្នា​។​​គួរ​រំលឹក​ផងដែរ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ២២​និង​៤០​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើត​ទ្បើង នៅ​ចំណុច​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ បង្កដោយ​ជនសង្ស័យ ០៣​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង និង​ដាច់​កដៃ​ខាងឆ្វេង ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​មុខផ្ទះ​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ទាំងបី​នាក់​បាន​រត់គេច​ខ្លួន​បាត់​។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មាំ​ង ខែម​រៈ បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ទំនាស់​ពាក្យសំដី​ក្នុងពេល​លេង​បាល់ទះ ក៏​ឌឺដង​ដាក់គ្នា​រហូត​ឈាន​ដល់​កាប់សម្លាប់​គ្នា​តែម្ដង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៣​នាក់ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ឲ្យ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​កសាង​សំណុំ​ចាត់​ការ​បន្ត​តាម​នីតិវិធី​៕ អត្ថបទ​៖ កុ​ម្ភៈ​

២០​ថ្ងៃ រកឃើញ​កូ​វីដ​-១៩​លើ​ពលករ​មកពី​ថៃ​តាម​ច្រក​ខេត្តឧត្ដរមានជ័យ ១៧៩​នាក់ ​បីនាក់​ប្រភេទ​ថ្មី​

2021/06/22 03:22:12 pm        478
ឧត្ដរមានជ័យ ៖ ​រយៈពេល​២០​ថ្ងៃ ក្នុង​ខែមិថុនា​នេះ ​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​ចំនួន​១៧៩​នាក់ លើ​ពលករ ខ្មែរ ឆ្លងដែន​មកពី​ថៃ​ តាម​ច្រក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក្នុងនោះ​ អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី ប្រភេទ​B-1-617-2 (Daalta) ​ដែល​ជា​ប្រភេទ​មកពី​ឥណ្ឌា​នោះ ​មាន​ចំនួន​បីនាក់​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ​ពលករ ឆ្លងដែន​មកពី​ថៃ តាម​ច្រក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ខែមិថុនា​នេះ មាន​ចំនួន​កើន​ឡើង​ដល់​៤០៩០​នាក់​។លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា ​ការរកឃើញ​មេរោក​បំប្លែង​ខ្លួន​ថ្មី ​មាន​ប្រភព​មកពី​ឥណ្ឌា​លើ​ពល ករ​មកពី​ថៃ​ គឺជា​ក្ដី​បារម្ភ​មួយ​ថ្មី ដែល​ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​ដែល​កំពុង​ឈរជើង​នៅ​តាម​ច្រក ព្រំដែន​ទាំងអស់ ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​រំហូរ​ចូល​នៃ​ពលករ ​ដោយ​ត្រូវ​ពិនិត្យ​សុខភាព ​ពួកគេ​ឱ្យបាន​ហ្មត់ចត់ ។លោក​ បានស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យបាន​ឆាប់រហ័ស ក្នុងករណី​មាន ការ​ពាក់ព័ន្ធ​នឹង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​អត្ថបទ​៖ ឃិន សារិទ្ធ​

អាជ្ញាធរខេត្ត​រតនគិរី​ ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ ខណៈ​កំពុង​ផ្ទុះ​ការ​ឆ្លង​កូ​វីដ​-១៩

2021/06/22 01:45:42 pm        506
រតនគិរី ៖ អាជ្ញាធរខេត្ត​រតនគិរី​ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ ខណៈ​កំពុង​ផ្ទុះ​ការ​ឆ្លង​កូ​វីដ​-១៩ ដោយ​អំពាវ​ដល់​ពលរដ្ឋ​ថា ​បើ​ពុំ​មាន​ការចាំបាច់ ​កុំ​ធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត ​ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​នេះ​។ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្នុង​ខេត្តរតនគិរី ​កើតមាន​រលក​ចម្លង​ជំងឺ​កូ​វីដ​-១៩​ គួរឱ្យ ព្រួយបារម្ភ ដែល​​នាំឱ្យ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី ​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យធ្វើ ​ការ​រឹតបន្តឹង​ទប់ស្កាត់​ការ​ចម្លង​បន្ត និង​ធ្វើការ​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ ​ដើម្បី​កាត់ផ្ដាច់​ឫសគល់​ចម្លង​។ឯកឧត្តម ថង សាវុន បាន​ឲ្យ​ដឹងថា ស្ថានភាព​នេះ​ អាច​វាយតម្លៃ​បាន​ថា ​អត្រា​ចម្លង បន្ត​ស្ថិតនៅ ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់ ដោយសារ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ ​ដែល​វិជ្ជមាន​កន្លងមក ​មាន​ភាព​ប្រទាក់ក្រឡា​គ្នាច្រើន​។ បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​មន្ត្រី​ជំនាញ ​កំពុង​បន្ត​ស្រាវជ្រាវ ​ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ មក​ធ្វើតេស្ត​សំណាក ​និង​បិទ​តំបន់​ទីតាំង​ប្រឈម​មួយ​ចំនួន ​ដើម្បី​អាច​គ្រប់គ្រង​បាន​នូវ​សភាពការណ៍​នេះ​។ជា​វិធាន​ការបន្ត ​រដ្ឋបាលខេត្ត​រតនគិរី ​ក៏បាន​សម្រេច​ដាក់​បម្រាម​គោចរ​ជា​បណ្ដោះអាសន្ន ​ចាប់ពី ម៉ោង​៨​យប់ ​ដល់​ម៉ោង​៥​ព្រឹក​ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការប្រមូលផ្ដុំ ​ការជួបជុំ ​និង​ផ្អាក​ជា​បណ្ដោះ ​អាសន្ន​នូវ​សកម្មភាព​មុខរបរ ​ឬ​អាជីវកម្ម ​ដែល​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រយៈ ពេល​១៤​ថ្ងៃ ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១​ ខែមិថុនា នេះ រហូតដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ។អភិបាលខេត្ត​រតនគិរី ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ការ​ដាក់​ខ្លួន​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ​តាម ដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ ​ជាពិសេស គឺ​ការអនុវត្ត​វិធានការ ​៣​កុំ ៣​ការពារ​។ ចំពោះ​មធ្យោបាយ​ដឹក ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ​នៅតែ​បន្ត​សកម្មភាព​ជា​ប្រក្រតី ​ព្រមទាំង​អនុវត្តតាម​វិធាន​សុខាភិបាល​ជាប់​ជានិច្ច​។គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ រដ្ឋបាលខេត្ត​រតនគិរី ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​ កូ​វីដ​-១៩ ចំនួន​១៦២ នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៨​នាក់​ និង​កំពុង​សម្រាក​ព្យាបាល ​ចំនួន​១៥៤ នាក់ ដែល​ជា​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍​ដោយសារ​ការផ្ទុះ​រាលដាល​ខ្លាំង​កាលពី​ថ្ងៃទី​១៨ ​ខែមិថុនា​នេះ​៕​អត្ថបទ​៖ ជៀប សម្បត្តិ 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៧៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៧៦៣នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/22 11:47:28 am        362
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៧៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៧៦៣នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦២០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៥៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៥៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៨ ៧៦៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៤ ១២៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជំនាញ ​និង​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម

2021/06/22 11:23:41 am        379
ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​សម្រាប់​ជា​ការ​តម្រង់ទិ​ស​ដើម្បី​កសាង​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ ​បរិវត្ដកម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង​ទាំង​ធុរជន ដើម្បី​ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច​ថ្មី​។អ្នកជំនាញ និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម ​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា ​របស់​រាជរដ្ឋាភិបាល ​ដោយ​លើក​ឡើងថា បរិវត្ត​កម្ម​ឌីជីថល​នឹង​នាំមក​នូវ​បច្ច័យ​វិជ្ជមាន ជា​ចន្ទល់ និង​ជា​ក្បាលម៉ាស៊ីន​កំណើនសេដ្ឋកិច្ច ដែល​នឹង​នាំមក​នូវ​កាលានុវត្តភាព​នៃ​ប្រភព​កំណើន​ថ្មី ​ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច​, ការ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, និង​ការ​បង្កើត​ការងារ​ផ្សេងៗ​។លោក ពេ​ជ សូ​វៀត (CEO) សហ​ស្ថាបនិក​អួត​អេប (Uot App) និង​ជា​សហគមន៍​ទេសចរ​បែប​ឌីជីថល បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ​២០២០ នេះ​ថា ​បច្ចុប្បន្ន​ពិភពលោក​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ជា​យន្តការ និង​សម្រាប់​ការ​ទំនាក់ទំនង ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​, ព្រោះ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ​បាន​កាត់បន្ថយ​ពេលវេលា ការ​ចំណាយ និង​មាន​សុក្រឹតភាព​ជឿជាក់​, ជាក់​ស្តែង​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ចំណែក​លោក ប៉ាត់ ចំណាន នាយក​ក្រុមហ៊ុន ស៊ូ​ភើ អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី ​(Super App Technology plc)​ បាន​លើកឡើងថា ​ពាក់ព័ន្ធ​ការ​បង្កើត​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា​ របស់​រាជ​រដ្ឋាភិបាល ​គឺជា​គោលនយោបាយ​ដ៏​ល្អ ​សម្រាប់​កម្ពុជា ​ជាពិសេស​កសាង​ទំនុក​ចិត្ត​សម្រាប់ធុរកិច្ច​។សូម​បញ្ជាក់ថា "​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​២០២១-២០៣៥”​របស់​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​ រយៈពេល​វែង​សំដៅ​ជំរុញ ​និង​តម្រង់​ទិស​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា ​ឱ្យ​ទទួល​បាន​ជោគជ័យ​ តាមរយៈ​ការកំណត់ និង​ការអនុវត្ត​វិធានការ​គោលនយោបាយ ​ដែល​ឆ្លុះបញ្ចាំង និង​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ​ព្រមទាំង​ស្របតាម​និន្នាការ​តំបន់ និង សកល​។ជាមួយគ្នានេះ ​ក្របខណ្ឌ​វិនិយោគ​គ្រប់​ជ្រុងជ្រោយ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​គាំទ្រ​ដល់​ផែនការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ឌីជីថល ជាពិសេស​ក្រោម​ក្រប​ខណ្ឌ​គោលនយោបាយ​នេះ និង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ឌីជីថល​កម្ពុជា ​ដែល​នឹង​ត្រូវ​បាន​គិតគូរ​រៀបចំ​ក្នុង​ជំហាន​បន្ទាប់ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​ ០៣​នាក់ ​ក្រោម​ការចោទប្រកាន់​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​

2021/06/21 06:45:00 pm        538
​ភ្នំពេញ៖ យុវជន​ ០៣​នាក់ ដែល​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​តុលាកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ហើយ បន្ទាប់ពី​តុលាការ​បាន​សាកសួរ​ជាច្រើន​ថ្ងៃ ទាក់ទិន​នឹង​សកម្មភាព​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​។​​ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​យុវជន​ ០៣​នាក់ ដែលជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ចំនួន​២​បទល្មើស​។ ក្នុង​ដីកា​ចៅក្រម​ស៊ើបសួរ បាន​ចោទប្រកាន់​ឈ្មោះ ស៊ុន រដ្ឋា ភេទ​ស្រី និង​ឈ្មោះ យឹម លាង​ហ៊ី ភេទ​ប្រុស ពីបទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់ តាម​បញ្ញត្តិ​មាត្រា ៤៣៧ ស្ទួន និង​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ម្នាក់ទៀត​ឈ្មោះ លី ចាន់​ដារ៉ាវុត ភេទ​ប្រុស ពីបទរួមគំនិត​ក្បត់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​ក្នុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១​។​​យុវជន​ទាំង​ ០៣​នាក់​ត្រូវបាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ដោយ​យោង​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បង្គាប់​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​យុវជន​ទាំង​៣​នាក់ និង​យោង​លើ​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ និង​តាម​មាត្រា ៣៧ មាត្រា ៩៤ និង​មាត្រា ១១៤ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៧ ដោយសារតែ​ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុសច្បាប់ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​។​​ក្រៅពី​ការចោទប្រកាន់​យុវជន​ទាំង​ ០៣​នាក់ ស្ថាប័ន​តុលា​កាត​ក៏បាន​ធ្វើការ​ចោទប្រកាន់​ឈ្មោះ អា​ឡិច​សង់​ដ្រូ ហ្គ​ន់​ស្សា​ឡេស ឌី​វិ​សុន ជា​ជនជាតិ​អេស្បាញ ដែលជា​អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ ពីបទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​ផងដែរ​។​​សូមបញ្ជាក់ថា អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស សម្រេច​លុបចោល​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​បណ្តេញ លោក​អា​ឡិច ជា​ប្រធាន​អង្គការ ចេញពី​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៥៕​អត្ថបទ៖ ប្រាក់ វ៉ាន់ដា​

កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ ធ្វើឲ្យ​រលំ​ប៉ាណូ​កាត់​ទទឹងផ្លូវ

2021/06/21 12:04:31 pm        83
កំពត ៖ ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ​កាលពី​ព្រឹក​ថ្ងៃទី​២១ខែមិថុនានេះ ​បានធ្វើឱ្យ​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ដួលរលំ​គ្រប​ផ្លូវ​បង្ក​ការ​កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​។ ​ក្នុងស្ថានភាព​បែប​នេះ ​ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​ចុះ​ពិនិត្យ​ផ្ទាល់ ​និង​បញ្ជា​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​កាត់​ផ្តាច់ រួច​ស្ទូច​កំណាត់​ផ្ទាំង​ប៉ាណូ​ចេញ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​។មន្ត្រី​នៃ​អាជ្ញាធរ​ស្រុក​ទឹកឈូ​ បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃទី​២១ ខែមិថុនានេះ ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជុំ​ក្រៀល ​ឃុំ​ត្រពាំង​ធំ និង​ផ្នែក​ខ្លះទៀត​នៃ​ស្រុក​ទឹកឈូ​។ ​ជាមួយ​ហេតុការណ៍​នេះ​ បាន​បណ្តាលឲ្យ​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៣៣ (​កំពត​-​កែប​) ត្រង់​ចំណុច​ព្រំប្រទល់​នៃ​ឃុំ​ជុំ​ក្រៀល ​និង​ឃុំ​ត្រពាំង​ធំ ​បាក់​ដួល​រលំ​បង្ក​ការ​រាំងស្ទះ​សម្រាប់​អ្នកដំណើរ​ទូទៅ​។ ​ទោះបី​មិន​មាន​នរណា​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ក្តី​ តែ​សសរ​ផ្ទាំង​ប៉ាណូ​បាន​សង្កត់​លើ​ដំបូល​ផ្ទះ ​និង​រថយន្ត​អ្នកភូមិ​មួយ​គ្រឿង​ផងដែរ​។មន្ត្រី​ដដែល​ បាន​បញ្ជាក់​ថា ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​អ្នកដំណើរ​ទូទៅ ​ឯកឧត្តម ជាវ តាយ បាន​ចុះ​ពិនិត្យ​ផ្ទាល់ ​រួច​បញ្ជា​ក្រុមការងារ​ជំនាញ​យក​គ្រឿងចក្រ​កាត់ផ្តាច់​ និង​ស្ទូច​កំណាត់​ផ្ទាំង​ប៉ាណូ​ចេញ​ក្នុង​ភាព​បន្ទាន់​បំផុត​៕អត្ថបទ ៖ សារឹម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
05/08/2026 09:05 PM
កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
05/08/2026 09:05 PM
ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
05/08/2026 08:05 PM
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
05/08/2026 08:05 PM
អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
05/08/2026 08:05 PM
ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន
05/08/2026 08:05 PM
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
05/08/2026 08:05 PM
លោក Zelenskiy បំពេញទស្សនកិច្ចទៅកាន់តំបន់ជួរមុខស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន
05/08/2026 08:05 PM
លោក Rubio បញ្ជាក់ថា អាមេរិករំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃសុក្រនេះ
05/08/2026 08:05 PM
យោធា៖ សំឡេងស៊ីរ៉ែនបន្លឺឡើងនៅភាគខាងជើងអ៊ីស្រាអែល ក្រោយមានការបាញ់ផ្លោងពីលីបង់
05/08/2026 07:05 PM