កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ

សន្តិសុខ និង សង្គម

សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បង្ក្រាបឃ្លាំងស្តុកសាច់បង្កក​ពីរទីតាំងម្សិលមិញ​រកឃើញ​សាច់​បង្កករាប់រយតោននាំចូលពីប្រទេសថៃ

2026/06/11 07:02:48 pm        794
សមត្ថកិច្ចចម្រុះ និងអាជ្ញាធររាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបឃ្លាំងស្តុកសាច់បង្កកចំនួន២ទីតាំង ដោយរកឃើញសាច់បង្កកជាច្រើនប្រភេទ និងមានទម្ងន់រាប់រយតោន។កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នជាច្រើន សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ ខណ្ឌមាន​ជ័យ និងខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ​ឃ្លាំង​ស្តុក​សាច់​បង្កក ដែលមានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងសាច់មាន់ទាជាដើម ក្រោយ​សង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. បានប្រាប់ BTV នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ឱ្យដឹងថា ដោយមានការទទួលព័ត៌មាន និងការស្នើសុំកិច្ច​សហការពី​អាជ្ញាធរ​ខណ្ឌសែនសុខ បានស្នើសុំកម្លាំងសហការពីអគ្គនាយដ្ឋាន ក.ប.ប ដោយយករថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ទៅត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកមួយកន្លែងនៅភូមិសំរោង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួមគ្នាសហការជាមួយកម្លាំងចម្រុះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរខណ្ឌនិងមូលដ្ឋាន មន្រ្តីបសុសត្វ ដឹកនាំដោយតំណាងស្ថាប័នអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយការត្រួតពិនិត្យកំពុងដំណើរ​ការឃើញមានទំនិញ​ដែលដាក់​ក្នុង​ឃ្លាំង​មាន​ទូក្លា​ស្សេចំនួន៨ទូ ដោយបានបើកត្រួតពិនិត្យរួមគ្នា ឃើញមានសាច់មាន់ ជង្គង់មាន់ សាច់ទា សាច់​មាន់កិន និងសាច់គោជាដើម។ ឯកឧត្តម គឹម មាសសុខសីហា បានបន្តថា លទ្ធផលបឋម គឺកម្លាំងចម្រុះបានរកឃើញថា មានប្រភពនាំចូលពី៤គោលដៅ គឺប្រទេសប្រស៊ីល ឥណ្ឌា អូស្ត្រាលី និងពីប្រទេសចិន។ ក្រុមការងារកំពុងតែធ្វើការបន្តទៀត មិនទាន់មានរកឃើញប្រភពមកពីកន្លែងគោលដៅផ្សេងណានៅឡើយទេ ដោយមន្ត្រីជំនាញនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប បានកំពុងតែយកគំរូតាមបច្ចេកទេស និងនីតិវិធី។លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា ឃ្លាំងស្តុកសាច់បង្កកដ៏ធំដែលត្រូវបានត្រួតពិនិត្យស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃ្លាំងនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ លោក ជិន ប៊ុនធឿន បន្ថែមថា ទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងត្រួតពិនិត្យ នឹងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណាលោកនឹងជម្រាបជូននាពេលក្រោយ។លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា កម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយលោក គង់ វុធ្ធី អនុប្រធាន ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងបង្កកសាច់ ចំនួន០២ទីតាំង ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែលទ្ធផលបែបណាលោក សេង គន្ធ មិនទាន់បញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ វ៉ាន់ដា

រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ

2026/06/11 01:38:44 am        789
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ លោក ជិន ប៊ុនធឿន បន្ថែមថា ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញកំពុងត្រួតពិនិត្យ នឹងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណាយើងខ្ញុំនឹងជម្រាបជូននាពេលក្រោយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

2026/06/11 12:16:07 am        175
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦។លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងការបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។លោកស្រី ដោ សម្ផស្ស បានបន្តថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល តាមមាត្រា២០ ជំពូកទី៦ ស្តីពីទណ្ឌកម្ម ដោយបានផាកពិន័យសរុបចំនួន ១ទីតាំង មនុស្សចំនួន ៣នាក់ គិតជាថវិកាសរុបបានចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ

2026/06/10 11:34:52 pm        3163
សមត្ថកិច្ចចម្រុះនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕

រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

2026/06/09 11:10:32 pm        131
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាព ស្ថាប័នពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។រដ្ឋបាលខេត្តព្រះសីហនុបានបញ្ចាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងសរុបចំនួន ១៣២១ទីតាំង ក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចំនួន ១០៣ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។ជាលទ្ធផលចំពោះមនុស្ស សម្ភារ និងទីតាំងពាក់ព័ន្ធបទល្មើសខាងលើ ក្រុមការងារចម្រុះមានចំណាត់ការ ដូចខាងក្រោម៖រកឃើញមនុស្សសរុប ៤៨៤១នាក់ (ជនជាតិខ្មែរ ៣៦៩នាក់ និងជនបរទេស ៤៤៧២នាក់ មាន ២៦សញ្ជាតិ) ក្នុងនោះ អ្នកពាក់ព័ន្ធបទល្មើសចំនួន ៣៧៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត, ជនបរទេសចំនួន ៣ ២០៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ និងជនបរទេសចំនួន ៤៣៥នាក់ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាន នគរបាលខេត្ត។រកឃើញសម្ភារជាវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុចំនួន ១៦ ៩១១គ្រឿង កុំព្យូទ័រយួរដៃ ៤០៦ ទូរសព្ទដៃ ៤០ ៨៥២គ្រឿង ម៉ាស៊ីនCPU ៨៩៦គ្រឿង ម៉ូនីទ័រ ១ ២១៦គ្រឿង Tablet ៣៣៨គ្រឿង រថយន្ត ៤០គ្រឿង ម៉ូតូ ៣៤គ្រឿង ទូហ្គេមបាញ់ត្រី ២គ្រឿង អាវុធខ្លី ២ដើម គ្រឿងញៀន ១០កញ្ចប់ ថ្នាំគ្រាប់ ១២២គ្រាប់ ប្រាក់ដុល្លារអាមេរិក ៦៤ ៩៨០ដុល្លារ ប្រាក់បាត ១ ២០០បាត និងប្រាក់រៀល ២៣ ១៦០ ០០០រៀល ត្រូវបានដកហូតដើម្បីបន្តនីតិវិធី។បានផាកពិន័យម្ចាស់ទីតាំងចំនួន ៤៥ទីតាំង ដែលបានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ ថវិកាចំនួន ១ ៩៥២ ៤០០ ០០០រៀល។អយ្យការអមសាលាដំបូងខេត្តបានឃាត់ទុកអចលនវត្ថុចំនួន ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២ គ្រឿង និងដកហូតប្រាក់ដុល្លារអាមេរិក ៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀល ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាត ៥ ១០០បាត និងប្រាក់យ័ន ២ ០០០យ័ន។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារទី២ នៃក្រុមការងារចម្រុះ ចំណុះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងបិទសៀលចំនួន ៦៤ទីតាំង។គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូដែលមានការពាក់ព័ន្ធបទល្មើសចំនួន ១១ទីតាំង។ដើម្បីលើកស្ទួយកិត្តិយសជាតិ និងខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមអំពាវនាវដល់សាធារណជនគ្រប់ មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានសង្ស័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជូនអាជ្ញាធរមានសមត្ថកិច្ចដោយរក្សាការសម្ងាត់ តាមរយៈលេខទូរសព្ទ ០៩២ ៥៥៧ ១១៧។ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងមានការពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា សមត្ថកិច្ចនឹងឃាត់ទុក ឬដកហូតទ្រព្យសម្បត្តិ ហើយពិន័យទៅតាមអនុក្រឹត្យនិងច្បាប់កំណត់ បន្ថែមលើ នោះ ម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ អត្ថបទ៖ វង្ស សុភាព

ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់

2026/06/06 11:29:14 pm        296
ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឈានទៅបង្ក្រាបបាន ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់ជនជាតិចិនដូចគ្នា រួចដឹកសពយកទៅប្លុងចោលក្នុងរថយន្ត នៅក្នុងទឹកដីខណ្ឌដង្កោ កាលពីយប់ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់ BTV ឲ្យដឹងថា ៖ អំពើឃាតកម្មចាក់សម្លាប់នេះ គឺកើតឡើងដោយសារទំនាស់គំនុំគ្នាតាំងពីប្រទេសចិនមក ហើយក្រុមជនសង្ស័យបានមកធ្វើសកម្មភាពរៀបចំគម្រោងចាក់សម្លាប់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ឯកស្នងការ បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន០៤នាក់ហើយ នៅសេសសល់បក្សពួកចំនួន០៤នាក់ទៀត កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនពួកគេដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។គួររំលឹកថា ៖ សពជនរងគ្រោះជាជនជាតិចិនម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញក្នុងរថយន្តព្រូសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1311 កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយឃាតកបានយកទៅប្លុងចោលនៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ៕ លីហេង

ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម

2026/06/06 05:11:47 pm        129
ភ្នំពេញ ៖ រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការបង្ក្រាបគ្រឿងញៀនចំនួន០៥ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយតាមបណ្តាអធិការនគរបាលខណ្ឌពាក់ព័ន្ធ ។ ជនសង្ស័យ២៤នាក់ (ស្រី០៨នាក់) ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ជនជាតិចិន០៦នាក់ តៃវ៉ាន់០៥នាក់ វៀតណាម១២នាក់ និង អង់គ្លេសម្នាក់ ។ ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងញៀនចម្រុះ ទម្ងន់ប្រហែល ៦៦គីឡូ (ក្នុងនោះកញ្ឆាក្រៀម៦៥គីឡូ) , ជញ្ជីង០៦គ្រឿង , ទូរស័ព្ទដៃ២៨គ្រឿង , ម៉ូតូ០៣គ្រឿង ,រថយន្ត០១គ្រឿង , លិខិតឆ្លងដែន១៦ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង

បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល

2026/06/06 05:04:54 pm        153
ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិចិន០៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ធ្វើការឃាត់ខ្លួនភ្លាមៗ គ្រាចុះរដ្ឋបាលពិនិត្យនៅចំណុចទីតាំង ផ្ទះលេខ MH១១០ ផ្លូវលេខ ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ម្នាក់ក្នុងចំណោម០៤នាក់នេះ ជាមុខសញ្ញាដែលហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាពាក់ព័ន្ធនឹងអំពើចាប់ជំរិត និងជាមុខសញ្ញាចាស់ធ្លាប់ធ្វើទារុណកម្មជំរិតទារប្រាក់កាលពីកំឡុងឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ឯក ស្នងការបញ្ជាក់ថា ៖ ក្រុមនេះ បើទប់ស្កាត់បានទាន់ពេលទេ វាអាចនឹងប្រព្រឹត្តិរឿងធ្ងន់ធ្ងរឡើង ។ ជនសង្ស័យទាំង០៤នាក់មាន ទី១ឈ្មោះ WENG SHENG FENG ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិន (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា ) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ ខែ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត(ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់ ) ក្រោយពេលអនុវត្តទោស ១៥ ខែ ជនសង្ស័យត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យខាងលើបានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់ ១២០០ ដុល្លារអាមេរិក)រួចមកស្នាក់នៅទីតាំងខាងលើ ចំពោះអាវុធខ្លី និងវត្ថុតាងប្រព្រឹត្តបទល្មើសផ្សេងទៀតខ្លួន ពុំដឹងថាជារបស់អ្នកណាឡើយ ។ទី២ឈ្មោះ LIAO QUAN WEI ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន មិត្តភក្ត្រ័របស់ឈ្មោះ WENG SHENG FENG )ទី៣ឈ្មោះ SONG SHUAI ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន)ទី៤ឈ្មោះ SHEN WEI JIAN ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិចិន មុខរបរ ម្ចាស់យានដ្ឋានជួសជុលរថយន្ត (អ្នកជួលផ្ទះឲ្យឈ្មោះ SONG SHUAI មានលិខិតឆ្លងដែន)។ក្នុងការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន១ដើម (បង់មួយ )គ្រាប់ចំនួន ៦គ្រាប់ និងខ្នោះដៃចំនួន ០៣ គូរ ។ បច្ចុប្បន្នក្រុមជនសង្ស័យ នឹងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង

សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

2026/06/04 11:30:03 pm        233
ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់)។ ចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបិទទីតាំង(Seal Off) បណ្ដោះអាសន្ន៕

ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់

2026/06/03 11:00:23 pm        394
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុនលើជនរងគ្រោះ០២នាក់ ប្រព្រឹត្តិទៅនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី។ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តប្រតិបត្តិការស្រាវជ្រាវដឹកនាំបង្ក្រាប ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ , ទី២ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ , ទី៣ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន និងទី៤ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។ជនរងគ្រោះក្នុងអំពើទាំង០២បទល្មើសខាងលើមានឈ្មោះ ទី១ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា (ស្លា..ប់) និងម្នាក់ឈ្មោះ អែម គីមស៊្រុន ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តតាក់ស៊ី មានទីលំនៅស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ស្លា ..;ប់)។នៅចំពោះមុខសមត្ថកិច្ច ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលក្រុមជនសង្ស័យបានសម្លាប់ពួកគេនៅខណ្ឌច្បារអំពៅ ហើយដឹកយសពយកទៅកប់នៅខណ្ឌជ្រោយចង្វារ ។ក្នុងការបង្ក្រាប សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដំបងចំនួន០១, ពូថៅចំនួន០១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ០១គ្រឿង ។ បច្ចុប្បន្នក្រុមសង្ស័យ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕ អត្ថបទ៖ ប្រាក់ តារាវុទ្ធី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបង្កើនការយល់ដឹងពីសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
08/21/2026 03:08 PM
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សម្តេចធិបតី បន្តប្រកាន់ខ្ជាប់នូវការទូតពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី
08/21/2026 03:08 PM
ភ្នំពេញក្រោន របូតកៅអីវគ្គចែកពូលពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី ក្រោយបន្ដចាញ់ក្លិប Kaya FC
08/21/2026 03:08 PM
UNIFIL ប្រគល់ទីតាំងមួយនៅភាគខាងត្បូងប្រទេសលីបង់ ទៅឲ្យកងទ័ពលីបង់
08/21/2026 03:08 PM
ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ
08/21/2026 03:08 PM
អគ្គលេខាធិការ UN អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងនៅក្នុងប្រទេសរុស្ស៊ីផងដែរ
08/21/2026 03:08 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំរុស្ស៊ី៖ ជប៉ុនចាប់ផ្តើមកែប្រែនាវាយោធាទៅជានាវាផ្ទុកយន្តហោះ
08/21/2026 03:08 PM
សម្ព័ន្ធមិត្តអាមេរិកមួយចំនួននៅមជ្ឈិមបូព៌ា ប្រកាន់ជំហរពាក់កណ្តាលអព្យាក្រឹតចំពោះអ៊ីរ៉ង់
08/21/2026 02:08 PM
អ៊ីស្រាអែលចោទក្រុមហាម៉ាសថា កំពុងប្រើប្រាស់មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ដើម្បីធ្វើទារុណកម្មពលរដ្ឋប៉ាឡេស្ទីន
08/21/2026 02:08 PM
អេហ្ស៊ីប និងកាតាជំរុញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យវិលត្រឡប់ទៅកាន់ការចរចាសន្តិភាពវិញ
08/21/2026 02:08 PM