បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam

សន្តិសុខ និង សង្គម

សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដោយស្ងាត់ៗឱ្យអ៊ុយក្រែន

2024/04/25 10:46:23 am        371
មន្ត្រីអាមេរិក មួយរូបបាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ដោយស្ងាត់ៗ សម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយមកទល់ពេលនេះអ៊ុយក្រែន បានប្រើប្រាស់វាពីរដងរួចមកហើយ។មន្ត្រីអាមេរិករូបនោះបន្ថែមថា ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ត្រូវបានផ្ទុកនៅក្នុងកញ្ចប់ជំនួយយោធាចំនួន ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានអនុម័តកាលពីថ្ងៃទី១២ ខែមីនា ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបញ្ជូនទៅនោះទេ។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានបញ្ជាក់ថា «ចំនួនដ៏ច្រើន» នៃមីស៊ីលបែបនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែន ហើយថា «អាមេរិកនឹងបញ្ជូនបន្ថែមទៀត»។ លោកបន្ថែមថា អ៊ុយក្រែនបានប្តេជ្ញាថានឹងប្រើអាវុធនេះតែនៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ មិនប្រើនៅក្នុងប្រទេសរុស្ស៊ីទេ។ គោលគំនិតដែលថា តើត្រូវបញ្ជូនប្រព័ន្ធមីស៊ីលតាកទិច ATACMS ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រនេះឱ្យអ៊ុយក្រែន ឬអត់នោះ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលលោក បៃដិន អស់រយៈពេលជាច្រើនខែ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានជំទាស់នឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ដោយបារម្ភថាការបាត់បង់មីស៊ីលពីឃ្លាំងស្តុករបស់អាមេរិក នឹងប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធារបស់ខ្លួន ហើយក៏មានការព្រួយបារម្ភផងដែរថា អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីលទាំងនោះដើម្បីវាយប្រហារគោលដៅជ្រៅចូលក្នុងប្រទេសរុស្ស៊ី៕

មនុស្ស ៦ នាក់ស្លាប់នៅហ្វីលីពីន ដោយសារអាកាសធាតុក្ដៅខ្លាំង

2024/04/25 10:43:42 am        270
ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃពុធ (២៣ មេសា) បាននិយាយថា ខ្លួនបានទទួលយ៉ាងហោចណាស់ ៣៤ ករណីនៃជំងឺទាក់ទងនឹងកម្ដៅ រួមទាំងការស្លាប់ចំនួន ៦ នាក់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំនេះ។ ឧបការីរងក្រសួងសុខាភិបាល DOH លោក អាល់ប៊ឺត ដូមីនហ្គោ (Albert Domingo) បាននិយាយថា «មូលហេតុនៃការស្លាប់ទាំងនោះនៅតែស្ថិតក្នុងការផ្ទៀងផ្ទាត់នៅឡើយ»។ផ្នែកតូចៗចំនួន ១១ នៅក្នុងតំបន់ចំនួន ៥ រួមទាំងទីក្រុងរណប ម៉ានីល បានផ្អាកថ្នាក់រៀនផ្ទាល់កាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានរបស់ការិយាល័យអាកាសធាតុរដ្ឋអំពីសន្ទស្សន៍កម្ដៅឈានដល់កម្រិត «គ្រោះថ្នាក់» លើសពី ៤២ អង្សាសេ។ការិយាល័យនោះព្រមានថា ការប៉ះពាល់នឹងអាកាសធាតុដ៏ក្តៅនេះអាចបង្កឱ្យមានការរមួលក្រពើ (រមួលសាច់ដុំ) អស់កម្លាំងខ្លាំង និងអាចថប់ដង្ហើមសន្លប់ដោយសារកម្ដៅ ឬហៅថាជំងឺសុរិយរោគ។ កាលពីដើមខែ ការិយាល័យបានព្រមានអំពីសន្ទស្សន៍កម្ដៅខ្លាំងរហូតដល់ ៥១ អង្សាសេ នៅក្នុងតំបន់មួយចំនួននៅទូទាំងប្រជុំកោះនេះ ហើយបាននិយាយថាកម្ដៅដ៏ខ្លាំងក្លានឹងនៅតែបន្តកើនឡើងដល់ខែក្រោយ។អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសរៀនតាមអនឡាញ ដើម្បីការពារសិស្សជាពិសេសកុមារពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់ដែលកំពុងវាយលុកប្រទេស។ ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្ដៅខ្លាំង ការិយាល័យបានណែនាំសាធារណៈជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន៕

ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am        280
អ្នកតំណាងមកពីក្រុមពលរដ្ឋជប៉ុន កាលពីថ្ងៃពុធ (២៤ មេសា) បានដាក់ញត្តិដែលមានជាង ១៨០.០០០ ហត្ថលេខាពីប្រជាពលរដ្ឋក្នុងតំបន់ទៅរដ្ឋាភិបាលជប៉ុន ដោយជំរុញឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចូលទៅលក្នុងមហាសមុទ្រ។លោក ហៃជិមី ម៉ាត់ស៊ូគុបុ (Hajime Matsukubo) អគ្គលេខាធិការនៃមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់ប្រជាពលរដ្ឋ ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសជប៉ុន បានបញ្ជូនហត្ថលេខាពលរដ្ឋចំនួន ១៨៤.៧១២ នាក់ជូនតំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងទីក្រុង តូក្យូ។ដោយសង្កត់ធ្ងន់ថា វិធានការត្រឹមត្រូវគឺបញ្ឈប់ការបង្ហូរទឹកសំណល់នោះភ្លាមៗ លោក ម៉ាសាស៊ិ ថានិ (Masashi Tani) អគ្គលេខាធិការសភាជប៉ុនប្រឆាំងគ្រាប់បែកអាតូមិក និងគ្រាប់បែកអ៊ីដ្រូសែន បានគូសបញ្ជាក់អំពីភាពពាក់ព័ន្ធជាសកលនៃបញ្ហានេះ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិភាក្សាយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ទោះបីជាមានការប្រឆាំងខឹងសម្បារទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយទឹកសរុបប្រហែល ៣១.២០០ តោនត្រូវបានបញ្ចេញរួចមកហើយជាបួនដំណាក់កាលក្នុងឆ្នាំសារពើពន្ធ ២០២៣ រហូតដល់ខែមីនា ឆ្នាំនេះ៕

របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ

2024/04/25 09:55:19 am        329
មន្ត្រីជាន់ខ្ពស់នៃចលនានេះ បានប្រាប់សារព័ត៌មាន Al-Araby Al-Jadeed របស់ប្រទេសកាតាថា មេដឹកនាំនៃចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) កាលពីពេលថ្មីៗនេះ បានត្រួតពិនិត្យតំបន់មួយចំនួន ដែលបានឃើញមានការប៉ះទង្គិចគ្នារវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល។ មន្ត្រីរូបនេះ បានអះអាងថា លោក អាល់ស៊ីនវ៉ា បាននិងកំពុងដឹកនាំចលនានេះនៅក្នុងសមរភូមិ ហើយរបាយការណ៍អំពីខ្លួនគាត់ស្ថិតនៅក្នុងភាពឯកោ នៅក្នុងផ្លូវរូងក្រោមដី គឺគ្រាន់តែជាការអះអាងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) និងភ្នាក់ងាររបស់ខ្លួន ដើម្បីបិទបាំងការបរាជ័យរបស់ពួកគេ ក្នុងការសម្រេចបាននូវគោលដៅ ដែលបានប្រកាសទៅកាន់ក្រុមមេដឹកនាំអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រភពនោះ បានបន្ថែមថា កាលពីពេលថ្មីៗនេះ លោក អាល់ស៊ីនវ៉ា បានជួបយុទ្ធជនមួយចំនួននៃចលនានេះ នៅលើដី គឺមិនមែននៅក្នុងផ្លូវរូងក្រោមដីនោះទេ ហើយថែមទាំង បានរាយការណ៍ប្រាប់មេដឹកនាំក្រុមហាម៉ាសនៅក្រៅប្រទេស និងផ្តល់ឲ្យពួកគេនូវ«ចំនួនត្រឹមត្រូវ និងរបាយការណ៍សមរភូមិស្តីពីកម្លាំង និងសមត្ថភាពរបស់កម្លាំងតស៊ូ ដើម្បីប្រឈមមុខនឹងកងកម្លាំងរបស់អ៊ីស្រាអែល។អ៊ីស្រាអែល និយាយថា ខ្លួនជឿជាក់ថា មេដឹកនាំក្រុមហាម៉ាស រួមទាំងលោក អាល់ស៊ីនវ៉ា កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍

2024/04/25 08:27:14 am        376
មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាតំបន់ហ្កាហ្សាស្ទ្រីប អាចឡើងហួសលើសពីកម្រិតទុរ្ភិក្សនៃអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍។លោក ហ្គាន ខារ៉ូ ខើរី (Gian Caro Cirri) នាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុងហ្សឺណែវ បាននិយាយថា «ហ្កាហ្សាកាន់តែខិតទៅជិតស្ថានភាពទុរ្ភិក្សហើយ។ មានភ័ស្តុតាងសមហេតុផលដែលថាកម្រិតទុរ្ភិក្សទាំងបីគឺអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ នឹងត្រូវឡើងហួសបន្ទាត់កំណត់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ»។របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា ទុរ្ភិក្សនៅហ្កាហ្សាជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅខែឧសភា នៅភាគខាងជើង ហើយអាចរីករាលដាលពាសពេញតំបន់នៅខែកក្កដា។ កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើងគឺខ្ពស់ខ្លាំងណាស់។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងបញ្ជូនជំនួយចូលក្នុង និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារនៅតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាមិនបានរារាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទេ ហើយបានស្ដីបន្ទោសទីភ្នាក់ងារជំនួយចំពោះភាពគ្មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការចែកចាយ៕

អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី

2024/04/25 08:23:48 am        350
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សា ភាគខាងជើងអស់រយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ (២៤ មេសា) នៅក្នុងការវាយលុកដ៏ខ្លាំងក្លាមួយ ដែលបានធ្វើឱ្យមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ត្រូវបាត់បង់ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការសម្រាប់ការវាយលុកជើងគោកយ៉ាងខ្លាំងក្លាលើក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូង។បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ភ្លាមៗនៅដើមខែនេះ ប្រជាជនប៉ាឡេស្ទីន នៅចុងទាំងពីរនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រូវរត់ភៀសខ្លួនជាថ្មីម្តងទៀតដើម្បីរួចរស់ជីវិតពីការទម្លាក់គ្រាប់បែក ដែលពួកគេបានពិពណ៌នាថាជាផ្នែកដ៏អាក្រក់បំផុតមួយចំនួននៃសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលកំពុង «ឆ្ពោះទៅមុខ» ជាមួយនឹងផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងគោកលើក្រុង រ៉ាហ្វា ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់មួយនេះ។មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសជនស៊ីវិលមុនពេលការវាយប្រហាររបស់ខ្លួន ហើយបានទិញតង់ចំនួន ៤០.០០០ តង់ដែលអាចស្នាក់នៅបានពីមនុស្ស ១០ ទៅ ១២ នាក់ក្នុងមួយតង់។ គ្រប់យ៉ាងត្រៀមអស់ហើយ នៅចាំតែបញ្ជារបស់លោក ណេតាន់យ៉ាហ៊ូ ប៉ុណ្ណោះ៕

សហគមន៍រងគ្រោះរញ្ជួយដីនៅឧបទ្វីប Noto ប្រឈមការគំរាមកំហែងប្រជាជនរស់នៅតិច

2024/04/24 02:04:04 pm        248
សហគមន៍មួយនៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បច្ចុប្បន្ននេះកំពុងប្រឈមមុខការគម្រាមកំហែងប្រជាជនថយចុះ ខណៈឧបទ្វីបនេះព្យាយាមដើម្បីទទួលបានទឹកស្អាត បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ១ ខែមករា។ ប្រជាជននៅស្រុក Kawachi ក្នុងទីក្រុង Nanao ធ្លាប់ពឹងផ្អែកលើទឹកធម្មជាតិ មានប្រភពមកពីភ្នំក្បែរនោះសម្រាប់ទទួលទាន។ ប៉ុន្តែអគារសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹក ត្រូវបានបំផ្លាញក្នុងគ្រោះរញ្ជួយដី ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រហែលបីខែកន្លងទៅនេះ។ការផ្គត់ផ្គង់ទឹក បានដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីអគារធ្វើប្រព្រឹត្តិកម្មទឹកត្រូវបានជួសជុលឡើងវិញ ប៉ុន្តែអាជ្ញាធរនិយាយថាពួកគេកំពុងរង់ចាំលទ្ធផលតេស្តដើម្បីធានាបានថាវាសមស្របសម្រាប់ការទទួលទាន។ ទន្ទឹមនឹងនេះ ប្រជាជននៅតែពឹងផ្អែកលើឧបករណ៍ចម្រោះទឹក ដែលបានតម្លើងបន្ទាប់ពីរញ្ជួយដី ឬទឹកដប។ មានគ្រួសារចំនួន៤១គ្រួសារ មុនពេលរញ្ជួយដី ប៉ុន្តែប្រហែល ៣០គ្រួសារ ក្នុងចំណោមពួកគេ ឬច្រើនជាង៧០ ភាគរយ បានចាកចេញពីលំនៅឋានរបស់ពួកគេ។ អ្នកជម្លៀស បានផ្លាស់ទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬរស់នៅជាមួយសាច់ញាតិរបស់ពួកគេនៅក្រៅស្រុក។ អ្នកមួយចំនួន បានសម្រេចចិត្តចាកចេញពី ស្រុក Kawachi ដើម្បីសុវត្ថិភាព។ស្ត្រី វ័យ៨០ឆ្នាំម្នាក់ ដែលត្រឡប់ពីកន្លែងស្នាក់នៅបណ្ដោះអាសន្នដើម្បីរៀបចំលំនៅឋានឱ្យបានស្អាតបាននិយាយថា អ្នកជិតខាងរបស់គាត់ទាំងអស់បានចាកចេញពីផ្ទះបន្ទាប់ពីរញ្ជួយដី។ គាត់បាននិយាយថា ខណៈគាត់នឹកផ្ទះ ពុំមានជម្រើសអ្វីក្រៅពីចាកចេញនោះទេ។ ប្រធានសហគមន៍តំបន់ បាននិយាយថា សហគមន៍ទាំងមូលបានផ្លាស់ប្តូរយ៉ាងខ្លាំង។ លោកនិយាយថា ការចាកចេញពីស្រុកគឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនបន្ទាប់ពីគ្រោះរញ្ជួយដី។ ទោះជាយ៉ាងណា លោកសង្ឃឹមថាពួកគេជាច្រើន នឹងត្រលប់មកលំនៅឋានវិញនៅពេលនេះ ដែលការផ្គត់ផ្គង់ទឹកត្រូវបានស្ដារឡើងវិញ ទោះបីជាបានត្រឹមតែផ្នែកខ្លះក៏ដោយ។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និយាយថា ខ្លួនដកថយបណ្ដោះអាសន្នពីភូមិសំខាន់នៅព្រំដែនថៃ

2024/04/24 02:00:59 pm        246
មន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា ក្រុមឧទ្ទាមមីយ៉ាន់ម៉ា មួយក្រុមបានដកកងទ័ពរបស់ខ្លួនចេញពីភូមិមួយនៅតាមបណ្តោយព្រំដែនប្រទេសថៃ បន្ទាប់ពីការវាយបកពីទាហាននៃរបបសឹកដែលកំពុងកាន់អំណាច ក្រោយពីក្រុមឧទ្ទាមបានដណ្ដើមកាន់កាប់ភូមិ និងដណ្តើមបានប៉ុស្តិ៍ពាណិជ្ជកម្មសំខាន់ផ្សេងទៀតក្នុងខែនេះ។អ្នកនាំពាក្យនៃក្រុមសហភាពជាតិការ៉ែន (KNU) បាននិយាយថា «ការដកថយបណ្តោះអាសន្ន» ពីភូមិ មីយ៉ាវ៉ាឌី (Myawaddy) នេះបានកើតឡើងបន្ទាប់ពីការវិលត្រឡប់របស់ទាហានរបបយោធាទៅកាន់តំបន់យុទ្ធសាស្ត្រដ៏សំខាន់ ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មបរទេសប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ។លោក ស ថនី (Saw Taw Nee) បានប្រាប់សារព័ត៌មានរ៉យទ័រ ថា «កងទ័ពក្រុមសហភាពជាតិ ការ៉ែន នឹងបំផ្លាញកងទ័ពរបបយោធា និងកងទ័ពបម្រុងរបស់ពួកគេ ដែលបានសម្រុកទៅកាន់ មីយ៉ាវ៉ាឌី» ដោយសំដៅទៅលើក្រុមប្រដាប់អាវុធរបស់ខ្លួន គឺកងទ័ពរំដោះជាតិ ការ៉ែន ដែលជាកងកម្លាំងប្រយុទ្ធជនជាតិភាគតិចដ៏ចំណាស់បំផុតមួយរបស់សហភាពមីយ៉ាន់ម៉ា។ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនក្នុងភូមិ មីយ៉ាវ៉ាឌី ដោយបង្ខំឱ្យជនស៊ីវិលចំនួន ៣.០០០ នាក់ត្រូវភៀសខ្លួន ខណៈដែលក្រុមឧទ្ទាមបានប្រយុទ្ធដើម្បីបណ្តេញកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃនៅឯស្ពានឆ្លងកាត់ព្រំដែនមួយ៕

ជនស៊ីវិល ១២០ នាក់នៅតំបន់ Belgorod របស់រុស្ស៊ី ត្រូវបានសម្លាប់ក្នុងសង្រ្គាមចាប់តាំងពីឆ្នាំ ២០២២

2024/04/24 01:57:05 pm        228
តំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល ១២០ នាក់ត្រូវបានសម្លាប់នៅទីនោះ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន និងមនុស្ស ៦៥១ នាក់បានរងរបួស ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាងពីរឆ្នាំមុនមក។តំបន់ ប៊ែលហ្គោរ៉ូដ ត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតដោយកាំភ្លើងធំ យានដ្រូន និងក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់អ៊ុយក្រែន កាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ អភិបាលតំបន់ លោក វ្យ៉ាឆេស្លាវ ហ្ក្លាដខូវ (Vyacheslav Gladkov) បាននិយាយថា កុមារ ១១ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ និងកុមារ ៥១ នាក់បានរងរបួស ហើយអ្នកខ្លះត្រូវបាត់បង់អវៈយវៈ។ទីក្រុងគីវ បដិសេធថាមិនបានធ្វើការវាយប្រហារលើជនស៊ីវិលទេ ហើយនិយាយថាខ្លួនមានសិទ្ធិវាយប្រហាររុស្ស៊ី ខណៈក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភថាការវាយប្រហារលើទឹកដីរុស្ស៊ី អាចបង្កឱ្យមានសង្គ្រាមកាន់តែខ្លាំងឡើង ជាមួយនឹងក្រុមប្រូកស៊ីអ៊ុយក្រែន បានព្យាយាមម្តងហើយម្តងទៀតដើម្បីទម្លុះព្រំដែនហើយវាយរុញចូលទៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ។រុស្ស៊ីនិយាយថា ការប្រើប្រាស់អាវុធរបស់លោកខាងលិចដើម្បីវាយប្រហារ ប៊ែលហ្គោរ៉ូដ បង្ហាញថាលោកខាងលិចគឺជាភាគីនៃសង្គ្រាមដ៏សំខាន់រួចទៅហើយ ដែលបានសម្លាប់ និងធ្វើឱ្យទាហានជាច្រើនពាន់នាក់រងរបួស ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែន មិនផ្តល់តួលេខទាហានរងគ្រោះរបស់ពួកគេទេ៕

មនុស្ស ២១នាក់ស្លាប់ និងជាង២០នាក់បាត់ខ្លួន បន្ទាប់ពីលិចទូកនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី

2024/04/24 01:40:50 pm        265
ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាជនអន្តោប្រវេសន៍ចំនួន ២១ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកមនុស្សចំនួន ៧៧ នាក់បានលិចនៅឆ្នេរសមុទ្រប្រទេសជីប៊ូទី ដែលនេះជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) របស់ UN បានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីតំបន់ញកអាហ្វ្រិក ជាពិសេសមកពីប្រទេស អេត្យូពី (Ethiopia) និងសូម៉ាលី បានចាកចេញពីទ្វីបនេះឆ្លងកាត់ជីប៊ូទី ក្នុងគោលបំណងទៅអារ៉ាប់ប៊ី សាអ៊ូឌីត (Saudi Arabia) និងប្រទេសឈូងសមុទ្រផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ។អង្គការ IOM និយាយថាមនុស្សជាច្រើនបរាជ័យក្នុងការធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នេះ ហើយមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងក្នុងប្រទេសយេម៉ែន ជាទីដែលពួកគេរស់នៅក្នុងស្ថានភាពលំបាក។ ការលង់ទឹកគឺជារឿងធម្មតានៅក្នុងដែនទឹកជីប៊ូទី ដោយសារជនអន្តោប្រវេសន៍នាំគ្នាធ្វើដំណើរតាមនោះ។លោកស្រី ថានចា ប៉ាស៊ីហ្វីខូ (Tanja Pacifico) ប្រធានការិយាល័យអង្គការ IOM នៅជីប៊ូទី បាននិយាយថាចំនួនអ្នកស្លាប់នេះបានកើនឡើងពីតួលេខ ១៦ នាក់ដែលបានផ្តល់ឱ្យមុននោះ។ លោកស្រីបន្ថែមថា មនុស្ស ៣៣ នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ ហើយពួកគេ និងអ្នកស្លាប់ទាំងអស់ជាជនជាតិអេត្យូពី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] លោក Anutin ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃឡើងវិញ បន្ទាប់ពីយកឈ្នះគូប្រជែងក្នុងការបោះឆ្នោតសភា
03/19/2026 02:03 PM
ក្រុមអាជីវករ៖ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ត្រីសាច់បន្លែ រក្សាតម្លៃថេរ នៅទីផ្សារទីក្រុងភ្នំពេញ
03/19/2026 01:03 PM
អភិបាលខេត្តបាត់ដំបង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់អតីតយុទ្ធជន និង​និវត្តជនចំនួន ៤៨៤គ្រួសារ
03/19/2026 01:03 PM
Spurs ឈ្នះលើកដំបូងក្រោមការដឹកនាំរបស់ Tudor តែធ្លាក់ត្រឹមវគ្គ ១៦ ក្រុម UCL
03/19/2026 01:03 PM
សម្តេច ម៉ែន សំអន៖ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»
03/19/2026 01:03 PM
ក្រសួងការងារ ជំរុញយុទ្ធនាការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារកម្មករនិយោជិតវ័យក្មេង
03/19/2026 01:03 PM
Liverpool បំបាក់ Galatasaray ជើងទីពីរ ៤-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League
03/19/2026 01:03 PM
ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋស្លូវ៉ាគី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ពិសេស​លើ​វិស័យពាណិជ្ជកម្ម និងវិនិយោគ
03/19/2026 12:03 PM
សម្ដេចធិបតី៖ ទិវាសង្គមកិច្ចជាការបង្ហាញការយកចិត្តទុកដាក់ និងប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​លើ​ការ​ឱ្យសេវាសង្គមកាន់តែល្អប្រសើរឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ
03/19/2026 12:03 PM
Bayern Munich មិនទម្លាក់ដៃបន្តយកឈ្នះ Atalanta ៤-១ សរុបទាំងពីរជើង ១០-២ ឡើងវគ្គ ៨ ក្រុម
03/19/2026 12:03 PM