តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់
តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

សន្តិសុខ និង សង្គម

អ្នកជំនាញអាកាសធាតុអាមេរិកខាងត្បូងមើលឃើញថា ភាពញឹកញាប់នៃបាតុភូត La Nina និង El Nino កើនឡើង

2024/04/26 05:25:28 pm        122
អ្នកជំនាញអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតអាកាសធាតុដែលគេស្គាល់ថា អែលនីញ៉ូ(El Nino) និងឡា នីណា(La Nina) ដែលនាំមកនូវរលកកម្តៅ ភាពត្រជាក់ ភ្លៀងធ្លាក់ ឬគ្រោះរាំងស្ងួត នឹងកាន់តែញឹកញាប់ និងខ្លាំងក្លានៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីអាមេរិកខាងត្បូង ទទួលរងនូវ បាតុភូត អែលនីញ៉ូ(El Nino) ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ មានមូលដ្ឋាននៅប្រទេសអេក្វាឌ័រ និងទីភ្នាក់ងារឧតុនិយមនិងធារាសាស្ត្រប្រទេសប៉េរូ បានឲ្យដឹងថា បាតុភូត El Nino នៅពេលថ្មីៗនេះ ស្ថិតក្នុងចំណោមបាតុភូតចំនួនប្រាំដែលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៥០។បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកជំនាញ មកពីតំបន់ក្នុងទីក្រុង Lima ប្រទេសប៉េរូ ស្តីពីអាកាសធាតុ នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) បាននិយាយថា ការប្រែប្រួលសីតុណ្ហភាពពីបាតុភូតមួយទៅបាតុភូតមួយទៀត នឹងកាន់តែលឿន។ បាតុភូត El Nino និង La Nina បានវាយប្រហារផ្នែកផ្សេងៗនៃពិភពលោកដាច់ដោយឡែកពីគ្នា។ នៅអាមេរិកឡាទីន បាតុភូតនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំដូចជាស្រូវសាលី សណ្ដែក និងពោត ដោយបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់ដែលជារឿយៗពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម។សីតុណ្ហភាព ត្រូវបានសន្និដ្ឋានថាខ្ពស់ជាងកម្រិតធម្មតា ភាគច្រើននៅអាមេរិកខាងត្បូង ទោះបីជាទាបជាងកម្រិតធម្មតានៅឆ្នេរសមុទ្រប្រទេសអេក្វាឌ័រ ប្រទេសប៉េរូភាគខាងជើង ប្រទេសអាហ្សង់ទីន ភាគខាងត្បូង និងប្រទេសឈីលីក៏ដោយ។ ដោយមានបាតុភូត អែលនីញ៉ូ (El Nino) ថ្មីៗនេះ ប្រទេសប៉េរូ មានរដូវរងាដែលក្តៅបំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ នេះបើយោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) ខណៈនៅប្រទេសកូឡុំប៊ី សីតុណ្ហភាពបានឡើងខ្ពស់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេស។

វិមានក្រឹមឡាំង៖ ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកទៅអ៊ុយក្រែន នឹងពុំផ្លាស់ប្ដូរលទ្ធផលសង្រ្គាមឡើយ

2024/04/26 05:21:47 pm        232
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះថា ការបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ(ATACMS) របស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែននឹងមិនផ្លាស់ប្តូរលទ្ធផលរបស់សង្គ្រាមនោះទេ ផ្ទុយទៅវិញនឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ។ មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនដោយស្ងាត់ៗ ដែលរហូតមកដល់ពេលនេះបានប្រើប្រាស់ពីរលើកហើយ។ មន្ត្រីរូបនោះបាននិយាយថាមីស៊ីលទាំងនោះត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែមេសា ដាក់គោលដៅលើអាកាសយានដ្ឋានរុស្ស៊ីនៅ តំបន់គ្រីម៉េ (Crimea) ដែលមានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ពីសមរភូមិជួរមុខរបស់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងលូកដៃចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះ។ ពួកគេកំពុងដើរតាមគន្លងនៃការបង្កើនជួរប្រតិបត្តិការនៃប្រព័ន្ធសព្វាវុធដែលពួកគេផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែន។លោកបានបន្ថែមថា ការបញ្ជូនអាវុធនេះ នឹងមិនផ្លាស់ប្តូរជាមូលដ្ឋានចំពោះលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។ យើងនឹងសម្រេចគោលដៅរបស់យើង។ ប៉ុន្តែសកម្មភាពនេះបានត្រឹមតែបង្កឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់អ៊ុយក្រែនខ្លួនឯងទេ។ កាបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Biden អស់រយៈពេលជាច្រើនខែមកនេះ ។ មីស៊ីលរយៈចម្ងាយមធ្យម ATACMS ត្រូវបានបញ្ជូនទៅអ៊ុយក្រែនកាលពីខែខែកញ្ញា ឆ្នាំមុន ៕

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ចេញសេចក្តីណែនាំអំពីកម្តៅ ខណៈសីតុណ្ហភាពកើនឡើងខ្លាំង

2024/04/26 05:18:04 pm        106
ដោយសារសីតុណ្ហភាពបន្តកើនឡើងនៅទូទាំងសហភាពមីយ៉ាន់ម៉ា ក្រសួងសុខាភិបាលកំពុងណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នដើម្បីការពារសុខុមាលភាពរបស់ពួកគេ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា)។ ការណែនាំរបស់ក្រសួងសុខាភិបាល រួមមានការណែនាំអំពីការរក្សាសុវត្ថិភាពអំឡុងពេលមានកម្ដៅខ្លាំង និងជៀសវាងការប៉ះពាល់នឹងពន្លឺអ៊ុលត្រាពណ៌ស្វាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ គោលការណ៍ណែនាំរបស់ក្រសួងបានបង្ហាញពីគន្លឹះក្នុងការទទួលស្គាល់ និងគ្រប់គ្រងរោគសញ្ញានៃការហត់នឿយដោយកម្ដៅ និងជំងឺសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅ និងវិធានការសង្គ្រោះបឋម។ យោងតាមរបាយការណ៍ឧតុនិយមបានឱ្យដឹងថា តំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា កំពុងជួបប្រទះនឹងការកើនឡើងនៃសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ។លោក អ៊ូ ឡាថុន (U Hla Tun) ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់មីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន ស៊ីនហួរ (Xinhua) កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពទំនងជានឹងកើនឡើងខ្លាំងនៅតំបន់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងតំបន់ដីសណ្តនៅថ្ងៃទី២៨ និង២៩ ខែមេសា ខាងមុខនេះ។ ខែមេសា និងខែឧសភា គឺជាខែដែលក្តៅបំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយសារសីតុណ្ហភាព ការកើនឡើងខ្លាំងនៅមុនរដូវខ្យល់មូសុងចាប់ផ្តើម៕

ការដណ្តើមយកដីរបស់ប្រជាជនអ៊ីស្រាអែល នៅតំបន់វេសបែង កើនឡើងខ្លាំង ក្នុងអំឡុងពេលសង្រ្គាមនៅហ្កាហ្សា

2024/04/26 05:15:42 pm        151
នៅពេលដែលខ្លួនចិញ្ចឹមចៀមដែលមានតម្លៃថ្លៃនោះ កសិករប៉ាឡេស្ទីន លោក Talib Edais សម្លឹងមើលទៅលើភ្នំ ជាទីដែលហ្វូងចៀមរបស់ខ្លួន បានស៊ីស្មៅដោយឥតគិតថ្លៃ រហូតដល់មានការសម្រេចចិត្តរបស់ អ៊ីស្រាអែល កាលពីខែមុន។បុរសមានវ័យ ៦៥ ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន AFP នៅកសិដ្ឋានរបស់ខ្លួន នៅជិតជ្រលងភ្នំហ្ស៊ក ដង់ (Jordan Valley) នៃភូមិជីហ្វលីក( Jiftlik)នៅក្នុងតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែលថា៖«តើអ្នកឃើញរណ្ដៅទាំងនេះទេ? យើងត្រូវលក់ចៀមខ្លះ ដើម្បីចិញ្ចឹមសត្វដទៃ។ ក្នុងរយៈពេលមួយឆ្នាំ យើងនឹងមិនមានចៀមណា នៅសល់ឡើយ។កាលពីខែមីនា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ដីទំហំ ៨.000 ដូណាំ (៨០០ ហិកតា) នៅជាប់នឹងផ្ទះរបស់លោក Edais ជាតំបន់មួយដែលមានទាំងកន្លែងចិញ្ចឹមសត្វចៀមរបស់គាត់ផងនោះ ជាដីរបស់រដ្ឋ ដែលជាចំណាត់ការមួយ នាំឲ្យមានការរឹតបន្តឹងលើការចូលប្រើប្រាស់របស់ពលរដ្ឋប៉ាឡេស្ទីន។អ៊ីស្រាអែលដែលបានកាន់កាប់តំបន់វេសបែង តាំងពីឆ្នាំ ១៩៦៧ និងបានបង្កើតការតាំងទីលំនៅ ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ បានរឹបអូសយកដីជាច្រើនទសវត្សរ៍ នៅក្នុងទឹកដីប៉ាឡេស្ទីន។ប៉ុន្តែយោងទៅតាមក្រុមឃ្លាំមើលការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now ឆ្នាំនេះ បានបំបែកកំណត់ត្រាមួយសម្រាប់ការកាន់កាប់ដីភាគច្រើនរួចហើយ ដែលក្នុងករណីជាច្រើន បាននាំទៅដល់ការពង្រីកការតាំងទីលំនៅ។

ក្រុមហ៊ូទី នៅយេម៉ែន៖ ពួកគេដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden

2024/04/26 05:12:57 pm        148
លោក Yahya Sarea អ្នកនាំពាក្យយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ូទីនៅប្រទេសយម៉ែន បានដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden ខណៈកងកម្លាំងហ៊ូទី បានធ្វើការវាយប្រហារលើការដឹកជញ្ជូននៅ តំបន់សមុទ្រក្រហម រយៈពេលជាច្រើនខែមកនេះ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមហ៊ូទី នៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវានៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។កងកម្លាំងប្រដាប់អាវុធយេម៉ែន នៅតែបន្តប្រតិបត្តិការយោធារបស់ពួកគេ ដោយពង្រឹងការបិទច្រកការធ្វើនាវាចរណ៍របស់អ៊ីស្រាអែលនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ព្រមទាំងធ្វើប្រតិបត្តិការយោធាកាន់តែច្រើនទៅលើគោលដៅសត្រូវអ៊ីស្រាអែលក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនរហូតដល់បទឈប់បាញ់ ត្រូវបានទទួលនៅតំបន់ហ្កាហ្សា ហើយការហ៊ុមព័ទ្ធនៅតំបន់ហ្កាហ្សា ត្រូវតែបានដកចេញ។

ជនជាតិដើមភាគតិចប្រេស៊ីល រាប់ពាន់នាក់ចេញតវ៉ាប្រឆាំងការមិនការពារទឹកដីដូនតា

2024/04/26 04:57:59 pm        92
ក្រុមបាតុករជនជាតិដើមភាគតិចជាច្រើនពាន់នាក់ បានដើរដង្ហែក្បួនតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល ដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការការពារទឹកដីដូនតារបស់ពួកគេ។ព្រឹត្តិការណ៍ដង្ហែក្បួនប្រចាំឆ្នាំនៅឆ្នាំនេះ ផ្តោតទៅលើកំហឹងជនជាតិដើមភាគតិចលើគម្រោងសាងសង់ផ្លូវរថភ្លើងដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីបណ្ដារដ្ឋកសិកម្មទៅកាន់កំពង់ផែតំបន់ព្រៃអាម៉ាហ្សូន (Amazon) សម្រាប់ការនាំចេញ ដែលពួកគេខ្លាចថានឹងបំផ្លាញបរិស្ថាននៃសហគមន៍កុលសម្ព័ន្ធនៅជិតទន្លេ ថាប៉ាហូស (Tapajos)។លោក ឃ្លេប៊ឺ ខារីពូណា (Kleber Karipuna) ប្រធានអង្គការឆ័ត្រជនជាតិដើមភាគតិចដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល (APIB) បាននិយាយថា សហគមន៍មិនត្រូវបានពិគ្រោះយោបល់លើគម្រោងផ្លូវដែកនោះទេ ដែលការប្រកាសដោយរដ្ឋាភិបាលបានធ្វើឱ្យមានរលកនៃការទន្ទ្រានយកដីនៅតាមផ្លូវដែលបានគ្រោងទុក ដោយនោះជាការរំលោភលើទឹកដីដូនតារបស់សហគមន៍។ពាក្យបណ្តឹងចម្បងរបស់ពួកគេ គឺការបរាជ័យរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ដែលមិនបានធានាផ្តល់ការសន្យាទទួលស្គាល់ជាផ្លូវការនូវដីធ្លីរបស់ជនជាតិដើមភាគតិច ដែលបានបញ្ចប់ដំណើរការបោះបង្គោលកំណត់ថាជាដីដូនតា៕

មន្ត្រីក្រុមហាម៉ាសអះអាងថា ក្រុមមានឆន្ទៈក្នុងការរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើង

2024/04/26 04:45:00 pm        189
មន្ត្រីក្រុមហាម៉ាសមួយចំនួន កំពុងផ្តល់សញ្ញាថា ក្រុមសកម្មប្រយុទ្ធ អាចបោះបង់ការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើប៉ាឡេស្ទីនទទួលបានរដ្ឋឯករាជ្យមួយ នៅក្នុងទឹកដីដែលអ៊ីស្រាអែល បានកាន់កាប់ ក្នុងសង្គ្រាមឆ្នាំ ១៩៦៧។សារនេះបង្ហាញពីការបន្ទន់ជំហររបស់ក្រុមហាម៉ាស ខណៈដែលជោគវាសនារបស់ខ្លួន កំពុងប្រឈម ជាមួយនឹងការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលក្រុមហាម៉ាស បានគ្រប់គ្រងមុនសង្គ្រាម។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានអំពាវនាវជាយូរមកហើយឲ្យរដ្ឋជ្វីហ្វនេះ ត្រូវបានបំផ្លាញ។លោក Basem Naim សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមនេះ នឹងយល់ព្រមរំសាយអាវុធ ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ត្រូវបានបង្កើតឡើង។លោកបានបញ្ជាក់ថា៖«ប្រសិនបើរដ្ឋឯករាជ្យមួយដែលមានរដ្ឋធានីរបស់ខ្លួន នៅទីក្រុងហ្ស៊េរុយសាឡឹម ខណៈពេលដែលរក្សាសិទ្ធិនៃការវិលត្រឡប់សម្រាប់ជនភៀសខ្លួន (ត្រូវបានបង្កើតឡើង) កងពលតូច Al Qassam អាចត្រូវបានបញ្ចូលទៅក្នុងកងទ័ពជាតិ ( នាពេលអនាគត)» ដោយសំដៅទៅក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស។ក្រុមហាម៉ាសជាប្រពៃណី បានបដិសេធដំណោះស្រាយរដ្ឋពីរដែលនឹងឃើញរដ្ឋប៉ាឡេស្ទីន ត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ហើយជំនួសឲ្យការតស៊ូមតិការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងប្រវត្តិសាស្ត្រប៉ាឡេ ស្ទីនទាំងអស់ ដែលសព្វថ្ងៃនេះ គ្របដណ្តប់លើអ៊ីស្រាអែល គឺតំបន់វេសបែង ទីក្រុងហ៊្សេរុយសាឡឹមខាងកើតដែលកាប់កាប់ដោយអ៊ីស្រាអែល និងតំបន់ហ្កាហ្សា។

កងទ័ពនៅប្រទេស បួគីណា ហ្វាសូ ប្រហារជីវិតអ្នកភូមិជាង ២២០ នាក់កាលពីខែកុម្ភៈ

2024/04/26 04:40:02 pm        141
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាយោធារបស់ប្រទេស បួគីណា ហ្វាសូ ក្នុងខែកុម្ភៈ បានប្រហារជីវិតអ្នកភូមិប្រហែល ២២៣ នាក់ រួមទាំងកុមារយ៉ាងតិច ៥៦ នាក់ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងជនស៊ីវិល ដែលត្រូវបានចោទប្រកាន់ពីបទសហការជាមួយពួកសកម្មប្រយុទ្ធជីហាដ។ក្រុមឃ្លាំមើលនេះបានធ្វើការអះអាងនៅក្នុងរបាយការណ៍មួយដោយផ្អែកលើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនលើការរាយការណ៍អំពីការប្រហារជីវិតមនុស្សប្រហែល ១៧០ នាក់នៅក្នុងការវាយប្រហារលើភូមិចំនួន ៣ ក្នុងខេត្ត យ៉ាថេនហ្កា (Yatenga) ភាគខាងជើងនៃប្រទេស បួគីណា ហ្វាសូ កាលពីចុងខែកុម្ភៈ។ រដ្ឋអាជ្ញាប្រចាំតំបន់ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី អ័រហ៊ីហ្គួយ៉ា (Ouahigouya) របស់ខេត្ត ជាលើកដំបូងបានលើកឡើងការសម្លាប់នេះក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០១ ខែមីនា។រដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារទៅលើភូមិ ខូមស៊ីលហ្កា (Komsilga) ភូមិ ណូឌីន (Nodin) និងភូមិ សូរ៉ូ (Soro) ត្រូវបានសន្មតថាធ្វើឡើងដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ ដោយបន្ថែមថាការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម។ ដូចករណីមុនៗនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសនេះដែរ គឺមិនមានការរកឃើញផ្លូវការណាមួយត្រូវបានចេញផ្សាយទេ។ក្រុមសិទ្ធិមនុស្សពីមុនបានចោទប្រកាន់យោធានៅក្នុងប្រទេសបួគីណាហ្វាសូ ដែលគ្រប់គ្រងដោយរបបសឹកនេះថាបានវាយប្រហារ និងសម្លាប់ជនស៊ីវិលរាប់រយនាក់ដែលសង្ស័យថាបានសហការជាមួយពួកសកម្មប្រយុទ្ធក្នុងប្រតិបត្តិការសងសឹក៕

មនុស្សជាង ១៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសតង់ហ្សានី

2024/04/26 04:35:43 pm        170
នាយករដ្ឋមន្ត្រីប្រទេសតង់ហ្សានី លោក ខាស៊ីម ម៉ាចាលីវ៉ា (Kassim Majaliwa) បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាទឹកជំនន់ដ៏គំហុកយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្ស ១៥៥ នាក់ស្លាប់ និងមនុស្ស ២៣៦ នាក់ផ្សេងទៀតរងរបួស។ លោក ម៉ាចាលីវ៉ា បានប្រាប់សភានៅរដ្ឋធានី ដូដូម៉ា (Dodoma) ថាទឹកជំនន់ដ៏គំហុកត្រូវបានគេរាយការណ៍ថាកើតមាននៅក្នុងតំបន់ចំនួន ១៤ ក្នុងចំណោមតំបន់ទាំង ២៦ នៅក្នុងប្រទេសតង់ហ្សានីដីគោក ដែលប៉ះពាល់ដល់មនុស្សចំនួន ២០០.០០០ នាក់ និងបំផ្លាញលំនៅឋានចំនួន ១០.០០០ ខ្នង។លោកបន្តថា «ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដំណាំកសិកម្ម ផ្លូវថ្នល់ ស្ពាន មណ្ឌលថែទាំសុខភាព និងបសុសត្វបានរងផលប៉ះពាល់ដោយទឹកជំនន់។ រដ្ឋាភិបាលបានចាត់វិធានការក្នុងគោលបំណងការពារស្ថានភាពមហន្តរាយបន្ថែមទៀត ដូចជាការបញ្ជាឱ្យបិទសាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់»។លោកនាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា ទីភ្នាក់ងារផ្លូវជាតិតង់ហ្សានី, ទីភ្នាក់ងារផ្លូវជនបទ និងទីក្រុង, និងសាជីវកម្មផ្លូវដែក ត្រូវបានបញ្ជាឱ្យធ្វើការវាយតម្លៃជាបន្ទាន់លើផ្លូវថ្នល់ និងផ្លូវដែកដែលរងការខូចខាតសម្រាប់ការជួសជុលជាបន្ទាន់។យោងតាមអាជ្ញាធរឧតុនិយមតង់ហ្សានី បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលរងឥទ្ធិពលដោយលក្ខខណ្ឌអាកាសធាតុ អ៊ែលនីញ៉ូ (El-Nino) បែបនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែឧសភា៕

ប្រជាជនហៃទី និយាយថា សន្តិសុខគឺជាអាទិភាព ខណៈរដ្ឋាភិបាលអន្តរកាលឡើងកាន់អំណាច

2024/04/26 04:30:02 pm        149
ប្រជាជនហៃទីនៅ ទីក្រុង ខេប ហៃទៀន(Cap-Haitien) បានអំពាវនាវឱ្យផ្តល់អាទិភាពចំពោះសន្តិសុខនៅក្នុងប្រទេសនេះ ខណៈក្រុមប្រឹក្សាអន្តរកាល បានចូលកាន់អំណាចនៅប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែ មេសា។ សកម្មភាពដែលមានបំណងនាំត្រឡប់មកវិញនូវស្ថិរភាព ដល់ប្រទេសជាកន្លែងដែលអំពើហិង្សាដោយក្រុមជនអន្ធពាល បានបង្កភាពចលាចល និងទុក្ខព្រួយ ក៏ត្រូវបានគេមើលឃើញថាមានការមន្ទិលសង្ស័យដោយមនុស្សមួយចំនួនដែលបាននិយាយថាមិនទទួលស្គាល់ក្រុមប្រឹក្សានេះទេ ហើយនឹងព្យាយាមជំរុញឲ្យអតីតមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសហៃទី លោក Guy Phillippe ឡើងកាន់តំណែងជាប្រធានាធិបតី។លោក Philippe ដែលបានជួយការដឹកនាំរដ្ឋប្រហារមួយ នៅប្រទេសហៃទី ក្នុងឆ្នាំ ២០០៤ ហើយបានវិលត្រឡប់មកកោះតំបន់សមុទ្រការ៉ាអ៊ីបមួយនេះវិញ កាលពីឆ្នាំមុនបន្ទាប់ពីបានជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ធ្លាប់បាននិយាយថាលោកមានបំណងក្លាយជាប្រធានាធិបតី។ នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានប្រកាសលាលែងពីតំណែងរបស់លោកនៅក្នុងលិខិតមួយ ដែលបានចុះកាលបរិច្ឆេទ ថ្ងៃពុធ ទី២៤ ខែមេសា និងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍។យោងតាមសារព័ត៍មានផ្លូវការរបស់ប្រទេសបានឲ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក Henry លោក មីឈែល ប៉ាទ្រីក ប៉យស្វឺត(Michel Patrick Boisvert) គឺជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។អំពើហិង្សាដោយក្រុមជនអន្ធពាល ជាបញ្ហានៅក្នុងប្រទេសហៃទីជាច្រើនឆ្នាំមកហើយ បានកើនឡើងនៅដើមឆ្នាំនេះ។ ស្ថានភាពសន្តិសុខ បានជម្លៀសប្រជាជនរាប់ពាន់នាក់ និងបានបង្កមហន្តរាយភាពអត់ឃ្លាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនប្តេជ្ញាចិត្តជួយជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា
08/26/2026 12:08 PM
ស្វាយរៀង បន្ថែម ៣ពិន្ទុ ខណៈព្រះសីហនុ ស្គាល់ជ័យជម្នះ ក្នុងជំនួបបញ្ចប់ជុំទី១ នៃសម្ដេចតេជោ-ថ្នាក់ខេត្ដ
08/26/2026 11:08 AM
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា នៅខេត្តព្រះវិហារ
08/26/2026 11:08 AM
ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណូមពរនានា ដើម្បីត្រៀមរបាយការណ៍សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០
08/26/2026 11:08 AM
ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ​របាយការណ៍​វាយ​តម្លៃ​ភាព​រួច​រាល់​នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)
08/26/2026 10:08 AM
កម្ពុជាជំរុញការពង្រឹង​កិច្ចសហប្រតិបត្តិការការងារ​និងការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន
08/26/2026 09:08 AM
អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាអំពីច្រករបៀងបណ្ដោះអាសន្នសមុទ្រ Hormuz ខណៈភាពជាប់គាំងជាមួយអាមេរិកនៅបន្ត
08/26/2026 09:08 AM
ការសន្ទនាច្រកទី៣អាមេរិក-ចិន១,៥ ធ្វើឡើងនៅទីក្រុងប៉េកាំង ផ្តោតលើការជឿទុកចិត្តខាងនយោបាយ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ AI
08/26/2026 09:08 AM
កាណាដាដាក់ពន្ធសងសឹកលើទំនិញអាមេរិកក្នុងទំហំ២០ពាន់លានដុល្លារអាមេរិក ខណៈសង្គ្រាមពាណិជ្ជកម្មកាន់តែក្ដៅ
08/26/2026 09:08 AM
«សាច់បង្កកខុសច្បាប់​ និងខូចគុណភាពប្រមាណជាង ៩តោន នឹងត្រូវ​ដុតកម្ទេចចោល​នៅ​ព្រឹកនេះ​ »
08/26/2026 08:08 AM