សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសង្គ្រោះអ៊ុយក្រែនបញ្ចប់ការស្វែងរក បន្ទាប់ពីការវាយប្រហារដោយយានដ្រូននៅទីក្រុង Odesa សម្លាប់មនុស្ស១២នាក់

2024/03/04 08:27:06 pm        365
ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចប់ប្រតិបត្តិការ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងOdesa ភាគខាងត្បូង ដោយបានរកឃើញសាកសពចំនួន ៤ នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១២ នាក់។ អភិបាលតំបន់ Odesa លោក Oleh Kiper បានសរសេរនៅលើបណ្តាញតេឡេក្រាម ថា ក្រុមសង្គ្រោះ ធ្វើការកាលពីល្ងាចថ្ងៃអាទិត្យ បានរកឃើញសាកសពក្មេងស្រីអាយុ៨ឆ្នាំម្នាក់ នៅក្បែរសាកសពបងប្រុសរបស់នាង ដែលត្រូវបានរកឃើញមុននោះ។ក្រុមអ្នកជួយសង្គ្រោះ នៅពេលមុនថ្ងៃនោះបានរកឃើញសាកសពម្តាយម្នាក់និងទារក។ លោក Kiper បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ ៥ នាក់នៅក្នុងអគារលំនៅឋាន នៅទីក្រុង Odesa គឺជាទារក ក្មេងបំផុតមានអាយុ ៤ខែ។ យានដ្រូន បានធ្លាក់ចូលទៅក្នុងអគារលំនៅឋាននមួយកន្លែងនៅទីក្រុង Odesa កាលពីថ្ងៃសៅរ៍។ ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា ការស្លាប់និងរងរបួសអាចត្រូវបានបញ្ចៀស ប្រសិនបើ អ៊ុយក្រែនមិនប្រឈមមុខទៅនឹងការពន្យារពេល ក្នុងការដឹកជញ្ជូនសព្វាវុធ។រដ្ឋមន្ត្រីមហាផ្ទៃ លោក អ៊ី ហ ក្លីមីនកូ(Ihor Klymenko) បានបង្ហោះតាមបណ្តាញតេឡេក្រាមថា កងកម្លាំងរុស្ស៊ី បានរងរបួស១៦នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកពីលើអាកាស ទៅលើអគារលំនៅឋានមួយកន្លែងនៅភាគខាងកើតទីក្រុង គូរ៉ាខូវ(Kurakhove) ភាគខាងលិចមជ្ឈមណ្ឌលតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ អំពាវនាវឲ្យលោកខាងលិច ស្វែងរកប្រាក់សម្រាប់ទិញគ្រាប់ផ្លោងឲ្យអ៊ុយ ក្រែន «ជាបន្ទាន់»

2024/03/04 07:55:02 pm        291
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Häkkänen អំពាវនាវឲ្យលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងស្វែងរកប្រាក់សម្រាប់ទិញគ្រាប់ផ្លោង «ជាបន្ទាន់» ។លោក Häkkänen បាននិយាយថា អឺរ៉ុបមិនបានដឹងពីភាពធ្ងន់ធ្ងរនៃសង្រ្គាមតាមរយៈប្រវត្តិសាស្ត្រ ហើយមិនបានផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រគ្រប់គ្រាន់នោះទេ។សហភាពអឺរ៉ុប មានបំណងផ្គត់ផ្គង់អ៊ុយក្រែននូវកាំភ្លើងធំមួយលានគ្រាប់នៅឆ្នាំនេះ។ មុននេះ ប្រទេស ឆេក បានរាយការណ៍ថា ខ្លួនបានរកឃើញគ្រាប់កាំភ្លើងធំចំនួន ៨០០.000 គ្រាប់នៅក្នុងបណ្តាប្រទេសក្រៅសហភាពអឺរ៉ុប។ ប្រទេសនេះ បានស្នើឲ្យប្រទេសសហភាពអឺរ៉ុប និងអង្គការណាតូផ្សេងទៀត ជួយ ផ្តល់ហិរញ្ញប្បទានលើលទ្ធកម្មនេះ។ តម្លៃប៉ាន់ស្មាននៃគ្រាប់រំសេវ គឺប្រហែល ១,៣ ពាន់លានអឺរ៉ូ។ ពុំទាន់មានការសម្រេចចិត្តលើការផ្តល់មូលនិធិ ត្រូវបានធ្វើឡើងនៅឡើយទេ។«មូលនិធិសម្រាប់គាំទ្រសព្វាវុធនៅអ៊ុយក្រែន ត្រូវតែរកឲ្យបានជាបន្ទាន់ »។រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើនការផលិតអាវុធ ក្នុងស្រុកនៅក្នុងសហភាពអឺរ៉ុប។ លោក Häkkänen បាននិយាយថា វឌ្ឍនភាពមួយចំនួន ត្រូវបានធ្វើឡើងរួចហើយនៅក្នុងបញ្ហានេះ។លោកបានបន្តថា៖ «បណ្តាប្រទេសនៅអឺរ៉ុប បានគ្រប់គ្រងការបង្កើនផលិតកម្មផ្ទាល់ខ្លួន ហើយពួកគេជិតសម្រេចបានគោលដៅហើយ»។

ហ្វីលីពីន ធ្វើការល្បាតតាមសមុទ្រដើម្បីពិនិត្យវត្តមាននាវាស្រាវជ្រាវរបស់ចិន

2024/03/04 07:30:19 pm        282
ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (០៤ មីនា) នេះបានបញ្ជូននាវាឆ្មាំល្បាតឆ្នេរមួយគ្រឿងដើម្បីបំពេញបេសកកម្មល្បាតរយៈពេលពីរសប្តាហ៍នៅក្នុងដែនទឹកភាគខាងជើង និងខាងកើតនៃប្រទេស ដើម្បីបង្កើនវត្តមានដែនសមុទ្ររបស់ខ្លួន និងត្រួតពិនិត្យលើនាវាស្រាវជ្រាវរបស់ចិន ដែលត្រូវបានគេប្រទះឃើញនៅដែនទឹក បេនហាម រ៉ាយ (Benham Rise)។ដែនទឹក បេនហាម រ៉ាយ ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសហ្វីលីពីន គឺជាតំបន់ដ៏ធំមួយដែលបានប្រកាសដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១២ ថាជាផ្នែកមួយនៃតំបន់បាតសមុទ្រទឹករាក់របស់ប្រទេស ហើយទីក្រុងម៉ានីល ក្នុងឆ្នាំ២០១៧ បានប្តូរឈ្មោះដែនទឹកនេះថា «ហ្វីលីពីន រ៉ាយ»។ឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន (PCG) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវារបស់ខ្លួននឹងល្បាតដែនទឹកដើម្បីធ្វើការស្វែងយល់ពីដែនសមុទ្រ បង្កើនវត្តមានរបស់ខ្លួននៅភាគខាងជើងកោះ លូហ្ស៊ូន (Luzon) និងតាមដានអ្នកនេសាទក្នុងតំបន់។ ដែនទឹក បេនហាម រ៉ាយ ដែលសម្បូរទៅដោយជីវចម្រុះ និងស្តុកត្រី មិនមែននៅក្នុងសមុទ្រចិនខាងត្បូងទេ ហើយទីក្រុងប៉េកាំង ក៏មិនបានទាមទារតំបន់នេះដែរ។ទោះបីជាយ៉ាងណាក៏ដោយ ចិនជាប់ពាក់ព័ន្ធក្នុងជម្លោះដែនទឹកផ្សេងទៀតជាមួយហ្វីលីពីន ជុំវិញប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង បើទោះបីជាមានសេចក្តីសម្រេចឆ្នាំ២០១៦ ដែលថា ការទាមទាររបស់ខ្លួនមិនមានមូលដ្ឋានច្បាប់នៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕

ទាហានកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ជុំវិញការគំរាមកំហែងរបស់កូរ៉េខាងជើង

2024/03/04 07:26:59 pm        259
ក្រុមមន្ត្រីបាននិយាយថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធនានិទាឃរដូវរបស់ពួកគេនៅថ្ងៃចន្ទ (០៤ មីនា) នេះជាមួយនឹងទាហានចូលរួមមានចំនួនពីរដងបើធៀបនឹងឆ្នាំមុន ខណៈដែលសម្ព័ន្ធមិត្តព្យាយាមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។សមយុទ្ធ ខែលការពារសេរីភាព (Freedom Shield) ដែលកំណត់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមីនា នេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងបានធ្វើការសាកល្បងប្រព័ន្ធអាវុធផ្សេងទៀត ហើយសមយុទ្ធនេះគឺជាលើកទីមួយ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កាលពីខែវិច្ឆិកាមក។យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ចំនួនកងទ័ពពីភាគីទាំងសងខាងដែលចូលរួមក្នុងសមយុទ្ធនេះ មានចំនួនពីរដងបើធៀបនឹងឆ្នាំមុន នៅក្នុងការហ្វឹកហ្វឺនរួមគ្នាចំនួន ៤៨ ជុំ រួមទាំងការវាយលុក និងការវាយប្រហារតាមអាកាស។អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ឯក លី សុងជុន (Lee Sung-jun) បាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងជាចម្បងដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំង «កំណត់អត្តសញ្ញាណ និងវាយប្រហារប្រឆាំង» មីស៊ីលតម្រង់គោលដៅ ដែលទីក្រុងព្យុងយ៉ាង បានអះអាងថាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕

អ៊ុយក្រែន ត្រៀមខ្លួនទប់ទល់ការវាយប្រហារព័ត៌មានមិនពិតរបស់រុស្ស៊ី លើលោក Zelensky

2024/03/04 07:24:09 pm        356
អាជ្ញាធរអ៊ុយក្រែន ព្រួយបារម្ភថាប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) មានភាពងាយរងគ្រោះចំពោះយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលនឹងព្យាយាមធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់លោក។ទីក្រុងគីវ កំពុងត្រៀមខ្លួនសម្រាប់ការនិទានរឿងដែលឧបត្ថម្ភដោយវិមានក្រឹមឡាំង ដែលនឹងកេងយកប្រយោជន៍លើមន្ទិលអំពីជំហររបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឱ្យមានអស្ថិរភាពក្នុងទំនុកចិត្តសាធារណៈ ជាពិសេសក្នុងចំណោមកងទ័ពជួរមុខអ៊ុយក្រែន នេះបើយោងតាមប្រភពអនាមិក។បញ្ហានេះកើតឡើងស្របពេលដែលប្រជាប្រិយភាពមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្លាក់ចុះ ខណៈសង្រ្គាមចូលដល់ឆ្នាំទី៣ ហើយកងទ័ពរុស្ស៊ី បានបង្កើនការវាយលុក។ ចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងនេះ គឺដើម្បីលុបបំបាត់ភាពស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យរបស់លោក ហ៊្សេឡិនស្គី នៅក្នុងក្រសែភ្នែកសាធារណៈជន ខណៈដែលអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោកជិតបញ្ចប់ ដោយមិនមានការបោះឆ្នោតឡើងវិញ។មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថាវិមានក្រឹមឡាំងនឹងកេងប្រយោជន៍លើបញ្ហានេះ ទោះបីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមីនា រៀបចំការបោះឆ្នោតដែលលទ្ធផលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយអាជ្ញាធររុស្ស៊ី ដើម្បីបន្តការគ្រប់គ្រងជិតមួយសតវត្សរបស់ខ្លួនក៏ដោយ៕

លោក Turner៖ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយឥឡូវនេះទេ ពួកគេនឹងចាញ់សង្គ្រាម

2024/03/04 07:12:27 pm        226
ប្រធានគណៈកម្មាធិការចារកម្មសភា លោក Mike Turner បានជំរុញកាលពីថ្ងៃអាទិត្យថា សភាត្រូវតែអនុម័តជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ ប៉ុន្តែលោក បានបង្ហាញក្តីសង្ឃឹមថា សភានឹងផ្លាស់ប្តូរ «យ៉ាងឆាប់រហ័ស» បើទោះជាមានការជំទាស់ពីក្នុងគណបក្សរបស់លោកក៏ដោយ។លោក Turner សមាជិកសភាបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយ៉ូ (Ohio) បាននិយាយនៅលើកម្មវិធី «Face the Nation»របស់សារព័ត៌មានCBS NEWS កាលពីថ្ងៃអាទិត្យថា៖«នេះ គឺជារឿងសំខាន់។ យើងត្រូវតែគាំទ្រពួកគេឥឡូវនេះ បើមិនដូច្នេះទេពួកគេ នឹងចាញ់សង្គ្រាមនេះ»។អនាគតនៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានចោទជាសំណួរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តកញ្ចប់ថវិកាបន្ថែម ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រធានសភា Mike Johnson បានបដិសេធមិនបង្កើតច្បាប់សម្រាប់ការបោះឆ្នោត នៅក្នុងសភាជាន់ទាប ដោយជំរុញឲ្យសភា នឹងស្វែងរកផ្លូវឆ្ពោះទៅមុខ។ទោះបីជាការគាំទ្រសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន នៅតែរឹងមាំក្នុងចំណោមអ្នកប្រជាធិបតេយ្យ និងសមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋក៏ដោយ ក៏អ្នកអភិរក្សសភាមួយចំនួន ត្រូវបានជំទាស់យ៉ាងដាច់អហង្ការ។ ការជំទាស់នេះ បានដាក់សម្ពាធលើលោក Johnson ដែលត្រូវតែដោះស្រាយបញ្ហាខ្វែងគំនិតគ្នាតិចតួច ហើយជារឿយៗត្រូវបានបែងចែកសំឡេងភាគច្រើន នៅក្នុងសភានេះ។ ប៉ុន្តែលោក Turner បានបញ្ជាក់ថា លោក Johnson ឥឡូវនេះ មានច្រកចេញ និងភាពបត់បែន ដើម្បីលើកយកច្បាប់ជំនួយបរទេសសម្រាប់ការបោះឆ្នោត។

ថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបក្រុមអ្នកជំនួញជាបន្តបន្ទាប់នៅប្រទេសអូស្រ្ដាលី

2024/03/04 06:44:39 pm        110
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃនេះបា​ន​បន្ត​ជួប​ក្រុម​អ្នក​ជំនួញ​អូស្រ្ដាលីជា​បន្តបន្ទាប់ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Peter Fox ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Linfox ។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ដែល​មាន​បទ​ពិសោធន៍ ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ ទសវត្សរ៍មកហើយ។ ក្រុមហ៊ុននេះ គឺ​ជា​ក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងមាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និង​អាស៊ី​អាគ្នេយ៍​។បន្ទាប់មកសម្ដេចធិបតី បានជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការ​កាត់​បន្ថយ​ការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បី​ផ្តល់​នូវ​ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការ​បង្កើត​ថាមពល​ស្អាត​។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបជាមួយ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ខណៈក្រុមហ៊ុន SunRice Group ជាក្រុម​ហ៊ុន​ឈាន​មុខ​ក្នុង​ការ​នាំ​ចេញ​អាហារ​របស់​ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និង​មជ្ឈិម​បូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនក៏មានប្រតិបត្តិការ និង​ទីផ្សារ​ជុំវិញ​ពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។សម្ដេចធិបតីក៏បានជួបជាមួយ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ផងដែរ។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្ម​ក្នុង​វិស័យ​សុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ចំណែក​ក្រុម​ហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម ហើយ​ក្រុម​ហ៊ុន​បាន​ផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៦ ខែមីនា​នេះ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេសអូស្រា្តលី។ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី បានទទួល​ជួប​ជាមួយ​ក្រុម​អ្នក​ជំនួញ វិនិយោគិនអូស្រ្ដាលីជាបន្តបន្ទាប់ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតីក៏មានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន​មួយ​ចំនួន​ទៀត​ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីផងដែរ៕

សម្តេចធិបតី៖ ការដែលកម្ពុជាបង្កើនការអភិវឌ្ឍដឹកជញ្ជូនតាមផ្លូវទឹក គឺដើម្បីប្រកួតប្រជែង​ជាមួយប្រទេសក្នុងតំបន់

2024/03/04 06:08:48 pm        403
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និង​នូវែល​ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីក្រុងម៉ែលប៊ន ប្រទេស​អូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​អភិវឌ្ឍ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយសម្តេចអះអាងថា​ការ​អភិវឌ្ឍ​នូវ​កំពង់ផែនេះ​គឺ​ដើម្បី​ប្រកួត​ប្រជែង​ការ​ដឹកជញ្ជូន​ជាមួយប្រទេសក្នុងតំបន់ ខណៈបច្ចុប្បន្នកប៉ាល់ដឹកទំនិញ អន្តរជាតិ​គេទៅ​ហួ​ស​មក​ហួស​ដោយសារតែកំពង់ផែកម្ពុជាយើងមានជម្រៅរាក់។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «កាលពីខែ១២​ឆ្នាំ​២០២៣​កន្ល​ង​ទៅ​ខ្ញុំ​បាន​បុក​គ្រឹះ​ដើម្បី​ជំរុ​ញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើងឥឡូវផែរបស់យើងវានៅទួចពេក អញ្ចឹង​ហើយ​ក​ប៉ាល់ ដែលចូលមកយើងហ្នឹងត្រូវស្តារទំនិញនៅខាងក្រៅ ចូលបានតែជាង១០ភាគរយ ហើយ​អាជាង៨០ភាគ រយត្រូវយកកប៉ាល់ទៅសាង ដូច្នេះហើយវាថ្លៃ តែពេល​ណា​ថ្លៃ​គេ​មិន​សូវ​ចូល​យើង​គេ​ទៅចូលនៅសិង្ហបូរី ចូលទៅថៃជាដើម។ អញ្ចឹងហើយយើងត្រូវបុកធ្វើវា អញ្ចឹងបន្ទាប់​ពី​ធ្វើហើយ​ដំណាក់កាលទី១នេះកប៉ាល់ ជាង៨០ភាគរយនៃទំនិញវាអាចចូលបាន ហើយ​បន្ទាប់​ពី​ដំណាក់​កាល​ទី៣ កប៉ាល់​មួយរយភាគរយវានឹង ចូលបាននៅកន្លែងយើង ដូច្នេះហើយយើង​លែង​មាន​បញ្ហា​បន្ត​ទៅទៀតហើយ អញ្ចឹងកន្លែងយើងគឺជា កន្លែងប្រកួតប្រជែងទៅខាងមុខ ដោយ​ការ​ដឹក​ជញ្ជូន​កាន់តែថោក កាន់តែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែ យើងកាន់តែរីកចម្រើន»។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា នៅថ្ងៃទី ៦ ខែ៦ខាងមុខនេះសម្តេចនឹងអញ្ជើងញទៅសម្ពោធកំពង់ផែទឹកជ្រៅនៅខេត្តកំពត ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុងពិនិត្យមើលនៅកំពង់ផែទឹកសាបផងដែរ ដោយក្នុងនោះ​គម្រោង​ដែល​ធំ​ជាង​គេ​ដែល​រាជរដ្ឋាភិបាលកំពុង ព្យាយាមធ្វើការដឹកជញ្ជូនពីទឹកសាបទៅទឹកប្រៃ ដោយមាន​ការ​ជីកព្រែក​មួយ​ដែលហៅថា«ព្រែកជីកហ្វូណនតេជោ» ដោយធ្វើការតពីសមុទ្រនៅខេត្តកំពត ភ្ជាប់​នឹង​ទន្លេបាសាក់​។សម្តេចបានបញ្ជាក់បន្ថែមថា ក្រោយគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ»រួចហើយនោះ ការដឹក ជញ្ជូន​របស់ប្រជាពលរដ្ឋខ្មែរតាមកប៉ាលនឹងកាន់តែងាយស្រួល ហើយមានតម្លៃថោក និង​ពិសេស​ទៅ​ទៀត​ នោះប្រជាពលរដ្ឋ​ដែល​រស់នៅតាម​មាត់​ទឹក​នៅ​ពេល​ក្រោយ​នឹង​ក្លាយ​ទៅ​ជាតំប​ន់​ឧស្សាហកម្ម​ច្រើន ហើយ ប្រជាជននឹងមានការងារធ្វើច្រើន ចំណូលចូលកាន់តែច្រើនផងដែរ។ នេះហើយជាដង្ហើមសេដ្ឋកិច្ចដ៏ធំ របស់កម្ពុជាក្រោយធ្វើការដឹកជញ្ជូនផ្លូវទឹកនេះរួចជាស្ថាពរនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃ​សាធារណរដ្ឋមីយ៉ាន់ម៉ា

2024/03/04 05:30:46 pm        315
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ច សូ មីន (Kyaw Soe Min) ឯក​អគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមាន​ព្រឹទ្ធសភា​។ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ច សូ មីន ដែលត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច​ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​យូរលង់មកហើយ ប្រទេស និងប្រជាជន​ទាំងពីរ​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ដូចគ្នា​។សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជន​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃ​កម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បី​លើក​កម្ពស់​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផល​ប្រយោជន៍​ដ៏​ធំធេង​ទៅ​វិញ​ទៅ​មក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្ដម ច សូ មីន បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាម​រយៈ​បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​នឹង​ខិតខំ​រួម​ចំណែក​ពង្រឹង​ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត៕

លោក ហ្សេបាស ហ្សារីហ្វ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈពលរដ្ឋមើលមិនឃើញការផ្លាស់ប្ដូរ

2024/03/04 05:15:26 pm        525
កាលពីថ្ងអាទិត្យ សភាទើបបង្កើតថ្មីរបស់ប៉ាគីស្ថាន បានតែងតាំងលោក លោក ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) ជានាយករដ្ឋមន្ត្រីជាលើកទី២ ៣សប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកលមិនច្បាស់លាស់បណ្ដាលឲ្យមានការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ លោកបានផ្ដួល លោក អូម៉ា អាយ៉ុប (Omar Ayub) បេក្ខជនគាទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក អ៊ីម រ៉ានខាន់(Imran Khan)ដែលឈ្នះសំឡេងគាំទ្រចំនួន៩២អាសនៈ។ ពលរដ្ឋប៉ាគីស្ថានតាមដងផ្លូវនានានៃទីក្រុងការ៉ាជី (Karachi) និងឡាហ័រ (Lahore) បានបង្ហាញក្ដីបារម្ភអំពីជីវភាពរស់នៅរបស់ពួកគេ និងស្ថានភាពដ៏យ៉ាប់យ៉ឺនមួយចំនួន ដែលភាគច្រើននិយាយថា នាយករដ្ឋមន្ត្រីថ្មីនឹងមិនអាចកែប្រែស្ថានភាពឲ្យប្រសើរឡើងបានទេ។ ការប្រកាសនេះក៏បាននាំឲ្យមានការតវ៉ាដ៏ខ្លាំងក្លាពីគណបក្សក្រុមប្រឹក្សាអ៊ីតេហាដស៊ុនី(Sunni Ittehad Council)គាំទ្រដោយលោកខាន់។ក្រុមអ្នកតំណាងរាស្ត្របានអំពាវនាវឲ្យដោះលែងលោកខាន់ និងបានស្រែកពាក្យស្លោកចោទប្រកាន់លោកហ្សារីហ្វ ពីបទក្ដាប់អំណាចតាមរយៈការលួចបន្លំការបោះឆ្នោតកាលពីថ្ងៃទី៨កុម្ភៈ។ លោកហ្សារីហ្វ គឺជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី៣ជំនាន់ លោក ណាវ៉ាស់ ហ្សារីហ្វ និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីខែមេសាឆ្នាំ២០២២ ដល់ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីលោកខាន់ ត្រូវបានដកចេញពីតំណែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
09/27/2026 01:09 PM
ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
09/27/2026 01:09 PM
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
09/27/2026 12:09 PM
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
09/27/2026 12:09 PM
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង
09/27/2026 12:09 PM
លោក Trump បដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា
09/27/2026 11:09 AM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅទីក្រុងបាងកក ជំរុញ​ឱ្យ​ជម្លៀសប្រជាជន ខណៈ​មាន​អ្នក​ស្លាប់ ២នាក់​
09/27/2026 11:09 AM
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត
09/27/2026 11:09 AM
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ
09/27/2026 10:09 AM
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា ជម្លោះកម្ពុជា-ថៃធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង
09/27/2026 10:09 AM